ខេត្តនៃកម្ពុជា
From Wikipedia, the free encyclopedia
កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី១។រាជធានីភ្នំពេញមិនមែនជាខេត្តទេតែជាតំបន់រដ្ឋបាលពិសេសហើយត្រូវបានគេចាត់ទុកថាជាខេត្តដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល កំពង់ធំ កំពង់ស្ពឺ កោះកុង តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី និង ឧត្តរមានជ័យ ចេញ។
ភ្នំពេញមានសន្ទភាពនិងប្រជាជនខ្ពស់បំផុត។ខេត្តដែលមានទំហំផ្ទៃដីធំជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តមណ្ឌលគីរីហើយខេត្តដែលមានទំហំផ្ទៃដីតូចជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តកែប។កែបមានអត្រាប្រជាជនទាបបំផុតស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដូចគ្នាដែរ(ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។
កម្ពុជាត្រូវបានបែងចែកជាបន្តបន្ទាប់ទៀតទៅជា ស្រុក ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី២ ចំណែកឯ ខណ្ឌ មានតែនៅរាជធានីភ្នំពេញទេ។ចំនួន ស្រុក / ខណ្ឌ ក្នុងខេត្ត-រាជធានីនីមួយៗមានចំនួនខុសៗគ្នារាប់ចាប់តាំងពីខេត្តតូចៗរហូតដល់ខេត្តធំៗ។ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរហៅថាក្រុង(ទីរួមខេត្ត)លើកលែងតែខេត្តកណ្តាល កំពង់ស្ពឺ កំពត ខេត្តបន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង និង សៀមរាប ដែលមានក្រុងច្រើន(ចាប់ពី ២ ឡើងទៅ)។ ឃុំ / សង្កាត់ គឺជាបំណែងចែករដ្ឋបាលថ្នាក់ទី៣ និងចុងក្រោយបង្អស់គឺ ភូមិ ដែលជាបំណែងចែករដ្ឋបាលថ្នាក់ទី៤។នៅភ្នំពេញគ្មាន ឃុំ នោះទេដោយប្រើប្រាស់ សង្កាត់ ជំនួសឲ្យ ឃុំ វិញ។
បញ្ជីរាជធានី-ខេត្ត

ល.រ | អក្សរឡាតាំង | អក្សរកាត់ | អក្សរខ្មែរ | អក្សរកាត់ខ្មែរ | ទីរួមខេត្ត-រាជធានី |
អក្សរឡាតាំង |
---|---|---|---|---|---|---|
០១ | Phnom Penh | PP | រាជធានីភ្នំពេញ | ភព | ដូនពេញ | Doun Penh |
០២ | Banteay Meanchey | BMC | ខេត្តបន្ទាយមានជ័យ | បមជ | ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ | Krong Poipet, Krong Serei Saophoan |
០៣ | Battambang | BB | ខេត្តបាត់ដំបង | បប | ក្រុងបាត់ដំបង | Krong Battambong |
០៤ | Kampong Cham | KC | ខេត្តកំពង់ចាម | កច | ក្រុងកំពង់ចាម | Krong Kampong Cham |
០៥ | Kampong Chhnang | KCH | ខេត្តកំពង់ឆ្នាំង | កឆ | ក្រុងកំពង់ឆ្នាំង | Krong Kampong Chhnang |
០៦ | Kampong Speu | KS | ខេត្តកំពង់ស្ពឺ | កស | ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ | Krong Chbar Mon, Krong Odongk Meae Chey |
០៧ | Kampong Thom | KT | ខេត្តកំពង់ធំ | កធ | ក្រុងស្ទឹងសែន | Krong Stueng Saen |
០៨ | Kampot | KP | ខេត្តកំពត | កព | ក្រុងកំពត ក្រុងបូកគោ | Krong Kampot, Krong Bokor |
០៩ | Kandal | KD | ខេត្តកណ្ដាល | កណ | ក្រុងតាខ្មៅ ក្រុងសំពៅពូន ក្រុងអរិយក្សត្រ | Krong Ta Khmau, Krong Sampov Poun, Krong Arey Ksat |
១០ | Koh Kong | KK | ខេត្តកោះកុង | កក | ក្រុងខេមរភូមិន្ទ | Krong Khemarak Phoumin |
១១ | Kep | KEP | ខេត្តកែប | កែប | ក្រុងកែប | Krong Kep |
១២ | Kratíe | KRC | ខេត្តក្រចេះ | ក្រច | ក្រុងក្រចេះ | Krong Kratíe |
១៣ | Mondulkiri | MK | ខេត្តមណ្ឌលគីរី | មគ | ក្រុងសែនមនោរម្យ | Krong Senmonorom |
១៤ | Oddar Meanchey | OMC | ខេត្តឧត្តរមានជ័យ | ឧមជ | ក្រុងសំរោង | Krong Samraong |
១៥ | Pailin | PL | ខេត្តប៉ៃលិន | បល | ក្រុងប៉ៃលិន | Krong Pailin |
១៦ | Preah Sihanouk | SN | ខេត្តព្រះសីហនុ | សន | ក្រុងកំពង់សោម ក្រុងកោះរ៉ុង ក្រុងព្រះសីហនុ | Krong Kampong Som, Krong Koh Rong, Sihanoukville(Krong Preah Sihanouk) |
១៧ | Preah Vihear | PV | ខេត្តព្រះវិហារ | ពវ | ក្រុងព្រះវិហារ | Krong Preah Vihear |
១៨ | Pursat | PS | ខេត្តពោធិ៍សាត់ | ពស | ក្រុងពោធិ៍សាត់ | Krong Pursat |
១៩ | Prey Veng | PRV | ខេត្តព្រៃវែង | ព្រវ | ក្រុងព្រៃវែង | Krong Prey Veng |
២០ | Ratanakiri | RK | ខេត្តរតនគីរី | រគ | ក្រុងបានលុង | Krong Banlung |
២១ | Siem Reap | SR | ខេត្តសៀមរាប | សរ | ក្រុងរុនតាឯកតេជោសែន ក្រុងសៀមរាប | Krong Run Ta EK Techo Sen, Krong Siem Reap |
២២ | Stung Treng | ST | ខេត្តស្ទឹងត្រែង | សត | ក្រុងស្ទឹងត្រែង | Krong Stung Treng |
២៣ | Svay Rieng | SVR | ខេត្តស្វាយរៀង | ស្វរ | ក្រុងបាវិត ក្រុងស្វាយរៀង | Krong Bavet, Krong Svay Rieng |
២៤ | Takéo | TK | ខេត្តតាកែវ | តក | ក្រុងដូនកែវ | Krong Doun Kaev |
២៥ | Tbong Khmum | TKH | ខេត្តត្បូងឃ្មុំ | តឃ | ក្រុងសួង | Krong Suong |
អភិបាលកិច្ច
រដ្ឋបាលរាជធានី-ខេត្តនីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ/សង្កាត់ដែលឲ្យឈ្មោះថាក្រុមប្រឹក្សារាជធានី-ខេត្ត។ក្រុមប្រឹក្សារាជធានី-ខេត្តគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី-ខេត្ត។គណៈអភិបាលរាជធានី-ខេត្តត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមរសំណើពីនាយករដ្ឋមន្ត្រីនៃកម្ពុជានិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។គណៈអភិបាលរាជធានី-ខេត្តត្រូវមានអភិបាលមួយរូបមាននាទីដឹកនាំរួមនិងអភិបាលរង(តាមការកំណត់របស់ក្រសួងមហាផ្ទៃ)ជាជំនួយការដឹកនាំអភិបាលលើជំនាញវិស័យនានាក្នុងរាជធានី-ខេត្ត។
រដ្ឋបាលរាជធានី-ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការរបស់ក្រុមប្រឹក្សារាជធានី-ខេត្តតាមលក្ខខ័ណ្ឌនៃច្បាប់ដើម្បីធានាការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ដើម្បីសម្របសម្រួលលើវិស័យ ជំនាញក៏ត្រូវឲ្យមានការបង្កើតគណៈបញ្ជាការឯកភាពរាជធានី-ខេត្តមានសមាសភាពពីមន្ទីរអង្គភាពនានាទាំងអស់ក្នុងដែនរាជធានី-ខេត្តសាមីដែលអភិបាលរាជធានី-ខេត្តជាប្រធាន។
ប្រវត្តិ
សម័យនគរវ្នំ ឬ ហ្វូណន
ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដីតួយ៉ាងដូចជាព្រះបាទហ្វាន់ឆេម៉ាន់បានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មន ខ្លះ ចាម ឬ ម៉ាឡេយូ។ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយទើបយើងហៅអាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជា មហារាជ ឬជា សាវ៌កៅ (ស្ដេចចក្រវាឡ)។រដ្ឋដែលឋិតក្រោមអំណាចរបស់អាណាចក្រវ្នំទាំងនោះមានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយសារអាករមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំរដ្ឋនេះគេហៅថា សាមន្តរាជ្យ។ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ ឬ ព្រះញាតិវង្សរបស់ស្ដេចអាណាចក្រវ្នំគេហៅថា វិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ប៉ុន្តែ តរូវរំលាយចោលវិញដោយព្រះបាទហ៊ុនប៉ានហួងវិញ។គួរកត់សំគាល់ផងដែរថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ណាស់គឺដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជ្យ មួយចំនួននឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋ ចេនឡានៅស.វទី៦។
សម័យនគរកម្វុជ ឬ ចេនឡា
ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទ្រង់បានតាំងរាជធានីនៅឦសានបុរៈហើយមានគ្រួសារ ២០០០ នាក់រស់នៅ។នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនាការនិងជួបជុំពួកមន្ត្រី សេនាបតី។នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតហើយក្រុងនីមួយៗមានគ្រួសារជាច្រើនពាន់នាក់រស់នៅហើយគ្រប់គ្រងដោយអភិបាលម្នាក់។ [១]
សម័យអង្គរ(ចក្រភពខ្មែរ)
ប្រមាណ
បច្ចេកពាក្យ “ប្រមាន-ប្រមាណ” បានត្រូវប្រើប្រាស់នៅសម័យអង្គរដើម្បីឲ្យឈ្មោះដល់បំណែងចែកទឹកដីដ៏ធំៗ ឬ មួយភូមិភាគ នៃកម្ពុជទេស។តាមសិលាចារឹក(អក្សរសិលាចារឹកទំព័រ ៤៧ ៤៨ និង ៤៩)យើងបានឃើញដែនដី ប្រមាណ ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗ នៃប្រទេស។
នៅក្នុងសិលាចារឹកវត្តព្រៃវែងក្នុងសម័យសតវត្សទី ៧(សិលាចារឹកអ្នកតា)មានសរសេរឈ្មោះពាក្យថា ប្រមាណមហាត្មល ។
តើភូមិភាគនេះនៅឯណា?ឬមួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ។នៅក្នុងសិលាចារឹកនេះទៀតក៏មានសរសេរឈ្មោះព្រះបាទឦសានវរ្ម័នដែលជាព្រះមហាក្សត្រលើមហាក្សត្រសាមន្តរាជ នៃភូមិភាគទាំងបី។
តើ ប្រមាណមហាត្មល ជាភូមិភាគមួយក្នុងបណ្ដាភូមិភាគ(ឬទីក្រុង)ទាំងបីកន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែងដែលឬទេ?
ក្នុងបណ្ដាភូមិភាគ ប្រមាណ ៥ ដែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះយើងអាចសង្កេតឃើញថាភូមិភាគ “ប្រមាណ“( ប្រមាណ ពាក្យនេះមានន័យ ២ មានន័យថា រង្វាស់និងការប៉ាន់ស្មាន)មួយចំនួនមានដើមកំណើតពីពាក្យខ្មែរហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត។
ម្យ៉ាងវិញទៀតបើតាមសិលាចារឹក K.៩៨៩ ភូមិភាគ ប្រមាណមួយមានឈ្មោះថា សតគ្រាម ដែលមានន័យថា “ភូមិចំនួនមួយរយ” បានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាមដែលបានប្រើប្រាស់ពាក្យ ប្រមាណ នៅខាងដើម។ នៅក្នុងសិលាចារឹកនៃប្រទេសចម្ប៉ានាសម័យអង្គរក៏មានការប្រើប្រាស់ ប្រមាណ សម្រាប់សំគាល់នូវភូមិភាគផ្សេងៗនៃប្រទេសចម្ប៉ាផងដែរ។
វិសយ
វិសយ ពាក្យសំស្ក្រឹត មានន័យថា តំបន់ ខេត្ត
ពាក្យ “វិសយ” សម្រាប់សំគាល់នូវបំណែងចែកទឹកដីរដ្ឋការឬក៏បំណែងចែករាជការមួយៗដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ។ តាមសិលាចារឹកនានាពាក្យ វិសយ (Visaya)សំគាល់នូវទីរួមខេត្តដែលនៅក្នុងនោះមានស្ថាប័នរាជការផ្សេងៗខាងគ្រហស្ថ និងសាសនា។
វិសយ នីមួយៗស្ថិតនៅក្រោមការត្រួតត្រារបស់ ខ្លោញវិសយ(ស្ដេចត្រាញ់ ឬ ចៅហ្វាយខេត្ត)។
រាជការដែលធ្វើការអម “ខ្លោញវិសយ” គឺមាន ខ្លោញវលវិសយ (Khlon Vala Visaya K.២២១)។ ខ្លោញទទួលបន្ទុកខាងកិច្ចការធញ្ញជាតិគឺមានស្រូវអង្ករជាអាទិភាព។ខ្លោញទទួលបន្ទុកខាងកិច្ចការទារប្រេងមានប្រេងធ្វើអំពីរុក្ខជាតិនិងប្រេងធ្វើអំពីខ្លាញ់គោ(សិលាចារឹក ទំព័រ ៥១) វ្រីហិបយ៌្យនវិសយ (Vrihi paryyan Visaya K.៤៤៤)ព្រមទាំងមានខ្លោញឬមួយក៏អធិបតីទទួលបន្ទុកតុលាការដែលនៅតាមសិលាចារឹកថា សភាវិសយ។
បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្នពាក្យ វិសយ មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាលដូចជាខេត្តដែរ(សិលាចារឹក ទំព័រ ៥១)។
គួរកត់សំគាល់ថាមានឈ្មោះស្ថាននាមខ្លះដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ប្រមាណ ផង និងពាក្យ វិសយ ផង។
ឧទាហរណ៍ៈ (សិលាចារឹក ទំព័រ ៥១)
ស្រេស្ឋបុរៈ = បុរីដ៏ល្អ ដ៏ប្រសើរ គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេសគឺនៅតំបន់វត្តភូឬហៅថាតំបន់បាសាក់នៅខាងភូមិភាគឧត្ដរ។
តាមមតិអ្នកស្រាវជ្រាវខ្លះ ស្រេស្ឋបុរ គឺជារាជធានីចាស់នៃប្រទេសចេនឡាហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះ ព្រះនាមថា ព្រះបាទស្រេស្ឋវរ្ម័ន។
សន្ទុក = ប្រហែលជាចេញមកពីពាក្យ ស្ទុក ស្ដុក មានន័យថា ធំ មាំមួន ប៉ុន្តែន័យរបស់ពាក្យនេះម្យ៉ាងទៀតគឺ “បឹង” ។
សព្វថ្ងៃមានពាក្យ “ភ្នំសន្ទុក” ដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹកក៏មានសរសេរអំពី Mahanasa = អ្នកធ្វើម្ហូបអាហារនៅ វិសយសន្ទុក(Visaya Sanduk)។
ប្រសិនបើពាក្យ ស្រេស្ឋបុរៈ និង សន្ទុក បានត្រូវប្រើប្រាស់សម្រាប់សំគាល់ភូមិភាគផងខេត្តផងគេអាចសន្និដ្ឋានថានៅតាមសិលាចារឹកមានពាក្យសំគាល់ភូមិភាគដទៃទៀតដែលត្រូវប្រើសម្រាប់សំគាល់ខេត្ត។យើងបានរកឃើញប្រមាណប្រហែលចំនួន ២០ ហើយក្នុង ប្រមាណ នីមួយៗមាន វិសយ គឺខេត្តច្រើន។ដូច្នេះ វិសយ នៅសម័យបុរាណជាពិសេសនៅសម័យអង្គរមានមិនតិចជាងពាក្យរបស់ “ជីវ តាក្វាន់” ដែលបានសរសេរថានៅប្រទេសកម្ពុជាមានខេត្តច្រើនជាង ៩០។ [២]
សម័យចតុមុខ-លង្វែក
នៅសម័យនោះប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ។ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យ ស្រុកអយុធ្យា ស្រុកលពបុរី ស្រុកគោត្របូរ(ភិម៉ាយ)ត្រូវបាត់បង់អស់ទៅហើយឯប្រទេស សាមន្តរាជ ដូច ចាម្ប៉ា អណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ។ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ។ព្រះនគរខាងលិចទល់នឹង បស្ចឹមបុរី និង រយ៉ង ខាងពាយ័ព្យទល់នឹងស្រុកនាងរង នគររាជ ខាងកើតទល់នឹងប្រទេសចម្ប៉ាខាងត្បូងទល់នឹងសមុទ្រចិននិងឈូងសមុទ្រសៀម។
បើតាមពង្សាវតាររាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រហ្មទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ ព្រះសួគ៌ា អូរកាប់ ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ។ល។
គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង។ល។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញដូចជា ខេត្តមង្គលបុរី ខេត្តស្ទោង ខេត្តជីក្រែង ខេត្តរលួស ខេត្តទឹកជោរ។ល។ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។
ខេត្តនីមួយៗត្រូវបែងចែកជាស្រុកហើយស្រុកនីមួយៗត្រូវបែងចែកជាឃុំនិងភូមិជាច្រើនទៅទៀត។ប៉ុន្តែខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗដែលគេអោយឈ្មោះថា "ដី"។
ដី>រាជធនី-ខេត្ត>ស្រុក/ខណ្ឌ>ឃុំ/សង្កាត់>ភូមិ
សម័យឧដុង្គ
នៅសម័យឧដុង្គឃើញមានខេត្តដូចតទៅ៖ កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ច័ន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ ព្រះសួគ៌ា អូរកាប់ ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង។
សម័យអាណានិគមនិយមបារាំង
កាលពីក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្តនិងភូមិភាគដូចតទៅ៖
ខេត្ត
ភូមិភាគរដ្ឋបាល
នៅគ.ស១៩៤៧ មានព្រះរាជ្យក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖
- ភូមិភាគរដ្ឋបាលទី១: ខេត្តបាត់ដំបង និង សៀមរាប
- ភូមិភាគរដ្ឋបាលទី២: ខេត្តពោធិសាត់ និង កំពង់ឆ្នាំង
- ភូមិភាគរដ្ឋបាលទី៣: ខេត្តកំពង់ធំ និង កំពង់ចាម
- ភូមិភាគរដ្ឋបាលទី៤: ខេត្តក្រចេះ និង ស្ទឹងត្រែង
- ភូមិភាគរដ្ឋបាលទី៥: ខេត្តព្រៃវែង និង ស្វាយរៀង
- ភូមិភាគរដ្ឋបាលទី៦: ខេត្តកណ្ដាល និង កំពង់ស្ពឺ
- ភូមិភាគរដ្ឋបាលទី៧: ខេត្តតាកែវ និង កំពត
សម័យសង្គមរាស្ត្រនិយម ឬ ព្រះរាជាណាចក្រកម្ពុជាទី១
ប្រទេសកម្ពុជាបានបន្សល់ទុកនូវខេត្តដែលសេសសល់ស្រាប់នៅក្នុងសម័យអាណានិគមនិយមបារាំងរហូតមកដល់សម័យសង្គមរាស្ដ្រនិយមមានខេត្តកណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង។
នៅសម័យសង្គមរាស្ដ្រនិយមខេត្ដចំនួន ៥ ត្រូវបានបង្កើតឡើងបន្ថែមទៀតនិងក្រុងចំនួន ៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប) ខេត្តកោះកុង និង ក្រុងព្រះសីហនុ(១៩៥៧) ក្រុងកែប និង ក្រុងបូកគោ(១៩៥៩) និងក្រុងគីរីរម្យ។សរុប ១៩ ខេត្ត និង ៣ ក្រុង ។
សម័យសាធារណរដ្ឋខ្មែរ ឬ លន់ នល់
ខេត្តនិងក្រុងសល់ពីជំនាន់សង្គមរាស្ត្រនិយមមានខេត្ត កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែងខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប)ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧ ដល់សាធារណរដ្ឋខ្មែរ ឬ សម័យលន់ នល់ ក្រុងកំពង់សោម) ក្រុងកែប និង ក្រុងបូកគោ(១៩៥៩) និង ក្រុងគីរីរម្យ។
នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត ១១ និង ខេត្ត ១ ដូចខាងក្រោម ៖
- អនុខេត្តកំពង់សិលា (ស្រុកស្រែអំបិល)
- អនុខេត្តផ្ការំចេក (ស្រុកមេមត់)
- អនុខេត្តភ្នំដិល (ស្រុកបាធាយ)
- អនុខេត្តថ្មពួក (ស្រុកសិរីសោភ័ណ)
- អនុខេត្តស្រកានាគ (តាកែនកោះស្លាស្រកានាគ ស្រុកឈូក)
- អនុខេត្តថ្មកែវ (ជិតគីរីរម្យ)
- អនុខេត្តវិហារសួគ៌ (វិហារសួគ៌)
- អនុខេត្តកំចាយមារ (កំចាយមារ ព្រៃវែង)
- អនុខេត្តអន្លង់វែង (ជិតសៀមរាប)
- អនុខេត្តទន្លេសាប (ទីតាំងសាលាខេត្តនៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់)
- អនុខេត្តប៉ៃលិន ក្រោយមកដាក់ជាខេត្តប៉ៃលិនក្រោយមកទៀតកែដាក់ថា “ក្រុងប៉ៃលិនមង្គល”
- ខេត្តឧត្ដុង្គមានជ័យ (តាំងនៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ)។ សរុប ២១ ខេត្ត ក្រោយមក ២០ ខេត្ត ក្រុង ៣ ក្រោយមក ក្រុង ៤ និង អនុខេត្ត ១១ ក្រោយមក ១០។[៣]
សម័យកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត
ក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ជំនួសឲ្យខេត្ត កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបែងចែកទៅជា ៧ ភូមិភាគគឺភូមិភាគពាយ័ព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល។
ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកឧត្តមសេនីយ៍លន់ នល់។[៤]
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា
ល.រ | ជាឡាតាំង | ឈ្មោះ | ទីរួមខេត្ត-រដ្ឋធានី (អាសនៈ) |
ជាអក្សរឡាតាំង |
---|---|---|---|---|
១ | Phnom Penh | ភ្នំពេញ | ដូនពេញ | Doun Penh or Daun Penh |
២ | Banteay Meanchey | បន្ទាយមានជ័យ | សិរីសោភ័ណ | Serei Saophoan |
៣ | Battambang | បាត់ដំបង | បាត់ដំបង | Battambong |
៤ | Kampong Cham | កំពង់ចាម | កំពង់ចាម | Kampong Cham |
៥ | Kampong Chhnang | កំពង់ឆ្នាំង | កំពង់ឆ្នាំង | Kampong Chhnang |
៦ | Kampong Speu | កំពង់ស្ពឺ | កំពង់ស្ពឺ | Kampong Speu |
៧ | Kampong Thom | កំពង់ធំ | កំពង់ធំ | Kampong Thom |
៨ | Kampot | កំពត | កំពត | Kampot |
៩ | Kandal | កណ្ដាល | តាខ្មៅ | Ta Khmau |
១០ | Koh Kong | កោះកុង | កោះកុង | Koh Kong |
១១ | Kratié | ក្រចេះ | ក្រចេះ | Kratié |
១២ | Mondulkiri | មណ្ឌលគីរី | សែនមនោរម្យ | Saen Monourom |
១៣ | Siem Reap-Oddar Meanchey | ខេត្តសៀមរាប ឧត្តរមានជ័យ | សៀមរាប | Siem Reap |
១៤ | Kampong Saom | កំពង់សោម | កំពង់សោម | Kampong Saom |
១៥ | Preah Vihear | ព្រះវិហារ | ភ្នំត្បែងមានជ័យ | Phnom Thbeng Meanchey |
១៦ | Pursat | ពោធិ៍សាត់ | ស្រុកពោធិ៍សាត់ | Pursat |
១៧ | Prey Veng | ព្រៃវែង | ព្រៃវែង | Prey Veng |
១៨ | Ratanakiri | រតនគីរី | លំផាត់ | Lumphat |
១៩ | Stung Treng | ស្ទឹងត្រែង | ស្ទឹងត្រែង | Stung Treng |
២០ | Svay Rieng | ស្វាយរៀង | ស្វាយរៀង | Svay Rieng |
២១ | Takéo | តាកែវ | តាកែវ | Takéo |
សម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្នុងឆ្នាំ២០០៨
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុ ទៅជាខេត្តវិញនិងបានកែសម្រួលព្រំប្រទល់សីមាខេត្តជាច្រើន។[៥]
សម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្នុងឆ្នាំ២០១៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ព្រះបាទនរោត្តម-សីហមុនីទ្រង់បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយដោយបានបំបែកខេត្តកំពង់ចាមទៅជា ២ ខេត្ត: កំពង់ចាម(ត្រើយខាងលិចទន្លេមេគង្គ) និង ត្បូងឃ្មុំ(ត្រើយខាងកើតទន្លេមេគង្គ)។[៦]
ឯកសារយោង
តំណខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.