From Wikipedia, the free encyclopedia
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើមហៅថា សុវណ៌្ណបុរ នៃដែនដីសុវណ៌្ណភូមិ កម្វុជទេឝ (ប្រាសាទបុរាណខ្មែរសាងច្រើនពីឥដ្ឋលាយថ្មភក់ ក្នុងសម័យហ្វូណន និងដើមសម័យចេនឡា) និងអាចតាមអ្នកស្រុកថា ឆ្ទិងតេង តាមភាសាសំស្ក្រឹត (ភាសាលាវថា សៀងតេង) ដែលមានព្រះសិវលិង្គរកឃើញចំនួន២គឺ វ្រះ ឝិវលិង្គ សុវណ៌្ណេឝ្វរ និងវ្រះឝិវលិង្គ សុវណ៌្ណលិង្គ និងមានទន្លេមេគង្គត្រូវហៅឈ្មោះដើមថា ទន្លេកម្វុជ / កម្ពុជា ហៅតាមសំស្ក្រឹតថា មហាតីថ៌ ហើយក្រុងស្ទឹងត្រែងត្រូវប្រសព្វទន្លេជាច្រើនខ្សែហៅថា តីថ៌ (តីថ៌ ត្រូវចាត់ជាទន្លេលាងបាប និងមានមន្តសិរីជ័យមង្គលដល់អ្នកស្រុក)។ ទីក្រុងរបស់ខេត្តស្ទឹងត្រែងមានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ខេត្តមួយនៃប្រទេសកម្ពុជានៅភាគឦសាន។ ដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីនៅខាងកើត ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះនៅខាងត្បូង និងខេត្តកំពង់ធំនិងខេត្តព្រះវិហារ នៅខាងលិច ខេត្តនេះមានព្រំប្រទល់ខាងជើងជាប់នឹងព្រំដែនអន្តរជាតិឡាវ។ ក្នុងខេត្តនេះមានទន្លេមេគង្គហូរកាត់ខេត្ត។ ខេត្តនេះភាគច្រើនគ្របដណ្តប់ដោយព្រៃឈើ និងធនធានជលផលមានសភាពសម្បូរបែប។
ខេត្តស្ទឹងត្រែង | |
---|---|
ខេត្ត | |
ទឹកជ្រោះសុភ័ក្ត្រមិត្ត | |
ផែនទីប្រទេសកម្ពុជារំលេចពណ៌ក្រហមជាខេត្តស្ទឹងត្រែង | |
ប្រទេស | កម្ពុជា |
អភិបាលខេត្ត | សរ សុពុត្រា(គបក) |
ទីរួមខេត្តស្ទឹងត្រែង | ក្រុងស្ទឹងត្រែង |
ផ្ទៃក្រឡា | |
• សរុប | ១១០៩២ គម2 (៤២៨៣ ម៉ាយ ការ) |
ប្រជាជន (២០១៩)[1] | |
• សរុប | ១៦៥,៧១៣ |
• សន្ទភាព | ០.០១៥/km2 (០.០៣៩/sq mi) |
ល្វែងម៉ោង | UTC+០៧ |
លេខក្រមហៅទូរស័ព្ទ | +៨៥៥១២៣២៣១៥៨ (មួយខ្សែទៀត) +៨៥៥៥១៣៦១០៨ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៩ |
ស្រុកស្ទឹងត្រែង | ៥ |
៣៤ | ឃុំស្រះឫស្សី |
ខេត្តស្ទឹងត្រែង កាលពីដើមឡើយមានឈ្មោះថា "ទន្លេរពៅ" កំណើតខេត្តស្ទឹងត្រែងកើតឡើងដោយសារព្រះសង្ឈមួយអង្គ (ជានេនលាចាកសិក្ខាបទ) ព្រះនាម សៀង ប៉េង មកពីស្រុកវៀងច័ន្ទ បានលើកដែនសារទឹងទែងនេះថ្វាយមកព្រះករុណាក្រុងកម្ពុជា ។ ព្រះករុណាក្រុងកម្ពុជាទ្រង់ទទួលដង្វាយនេះ ហើយទ្រង់បានតែងតាំងលោក ប៉េង ជាចៅហ្វាយខេត្ត នៅក្នុងអំណាចព្រះចៅក្រុងកម្ពុជា ។ បន្ទាប់ពីត្រូវព្រះរាជាតែងតាំងជាចៅហ្វាយខេត្ត លោកឧកញ៉ា ប៉េង បាននាំសួយសារអារកទៅថ្វាយព្រះចៅក្រុងកម្ពុជាបានរយៈពេល៣ឆ្នាំ ទើបគិតដោះខ្លួនចេញពីអំណាចខ្មែរ ហើយបានរត់ចាកចោលដែនសារទឹងទែងទៅរស់នៅស្រុកវ៉ើនសៃវិញ ។ ក្រោយពីលោកឧកញ៉ា ប៉េង បានរត់ចាកចោលដែនសារទឹងទែង កូនប្រុសរបស់លោកឈ្មោះថា ជា ប៉េងញ៉ាសំ ក៏ត្រូវបានទទួលងារជាចៅហ្វាយខេត្តបន្តពីលោក។ ជា ប៉េងញ៉ាសំ បានរួមគំនិតឃុបឃិតជាមួយរាស្ត្រក្នុងខេត្តរបស់ខ្លួនចូលទៅជ្រកកោនក្រោមម្លប់ព្រះចៅនគរសៀម សៀមបានតែងតាំងងារ ជា ប៉េងញ៉ាសំ ទៅជាចៅមឿងសៀងទែង ។ ដូច្នេះឈ្មោះ សៀង ទែង ជាភាសាឡាវប្រែថា លោកនេនដែលលាចាកសិក្ខាបទបានកសាងឡើង ។ យូរមកប្រជាជនខ្មែរយើងហៅក្លាយនាម សៀង ទែងនោះទៅជា ឈ្មោះស្ទឹងត្រែងវិញ រហូតមកដល់បច្ចុប្បន្ន គឺមានន័យថា ស្រុកមានស្ទឹងដុះស្មៅត្រែង។[2]
ខេត្តស្ទឹងត្រែងមានរឿងភ្ជាប់ទៅនឹងពង្សាវតាតាំងពីយូរលង់ណាស់មកហើយរវាង៦០០គ.ស ក្នុងរាជ្យព្រះបាទឥសានវ័រ្មន និងព្រះបាទជ័យវ័រ្មន ដោយពេលនោះក្រុងកម្ពុជា ត្រូវបានចែកចេញជា២នគរ ។ នគរមួយមានទីក្រុងឈ្មោះ ភវបុរ (ភវបុរៈ) មួយទៀតឈ្មោះទីក្រុង សម្ភុបុរ (សម្ភុបុរ = ស្រុកសំបូរសព្វថ្ងៃ)ហើយខេត្តស្ទឹងត្រែង គឺស្ថិតនៅក្នុងក្រុងទី២នេះ ហើយរហូតដល់ ៩០០គ.ស នគរទាំងពីរបានបង្រួបបង្រួមគ្នាទៅជាក្រុងកម្ពុជាតែមួយ និងបានលើកទីក្រុងទៅតាំងនៅអង្គរវិញ ។ នៅគ្រិស្តសករាជ១៤០០ កាលបែកបន្ទាយសង្វែក ដោយសារកងទ័ពសៀម ពេលនោះព្រះបាទសុទ្ធាភាស ព្រះអង្គបានរត់ទៅពួននៅស្ទឹងត្រែង ។ ក្នុងកំឡុងសករាជនេះទ័ពសៀម និងទ័ពលាវបានលុកលុយចូលក្រុងកម្ពុជាខាងជើង កងទ័ពទាំងនេះបានយកខេត្តស្ទឹងត្រែង រួចមកទ័ពទាំងនោះបានធ្វើដំណើរលុកលុយចុះតាមទន្លេធំ រហូតដល់កំពង់ចាមទើបកងទ័ពខ្មែរវាយបកដេញទ័ពសៀម និងទ័ពលាវខ្ចាត់ខ្ចាយចេញទៅវិញអស់ ។
ក្រោយមកនៅគ្រិស្តសករាជ១៦០០ប្លាយ យួនចាប់ផ្តើមចូលលុកលុយយកខេត្តស្ទឹងត្រែង ប៉ុន្តែគ្រានោះទ័ពសៀមបានវាយចាញ់យួនទៅវិញនៅវេលាចំបាំងខេត្តស្ទឹងត្រែងចំណុះឱ្យខេត្តចំប៉ាសាក់ ឯខេត្តចំប៉ាសាក់ចំណុះឱ្យស្រុកសៀមទៀត ។ នៅឆ្នាំ១៨១៤ ទ័ពសៀមបានលុកលុយចូលនគរខ្មែរចាប់តាំងពីព្រំខេត្ត ព្រំទេពទៅដល់ភ្នំដងរែក ទ័ពសៀមបន្តលុកលុយយកខេត្តម្លូព្រៃ ខេត្តទន្លេពៅ កាលណោះទ័ពសៀមបានឈ្នះសឹកដោយងាយ។បន្ទាប់មកទៀតពួកគេបានបន្តឆ្លងទន្លេ ហើយចូលលុកលុយយកខេត្តស្ទឹងត្រែងជាថ្មី បញ្ចូលទៅក្រុងសៀម លុះខេត្តស្ទឹងត្រែងធ្លាក់ទៅជាខេត្តសៀម គ្រានោះព្រះករុណាក្រុងកម្ពុជាបានផ្តាច់ការទំនាក់ទំនងជាមួយប្រទេសលាវ ដោយសារខេត្តស្ទឹងត្រែងឃាំងជាប់ទៅនឹងស្រុកសៀម ។ បន្ទាប់ពីក្រុងកម្ពុជាគំលាតនៃការទំនាក់ទំនងជាមួយប្រទេសលាវយូរឆ្នាំ រហូតដល់ឆ្នាំ១៨៦៣ គ្រាដែលបារាំងបានមកតាំងអាណាព្យាបាលនៅក្រុងកម្ពុជា។នៅឆ្នាំ១៨៦៤ ក្រុងសៀមជាប់សញ្ញានិងក្រុងបារាំងសែស ហើយក្រុងកម្ពុជា ពេលនោះសៀមបានប្រគល់ខេត្តទន្លេពៅ ម្លូព្រៃ ស្ទឹងត្រែង សៀមប៉ាងមកឱ្យកម្ពុជាវិញ ប៉ុន្តែសៀមគ្មានប្រាថ្នានឹងឱ្យមកវិញទាល់តែសោះ តែសៀមទាល់តម្រិះដោយសារជាប់កិច្ចសញ្ញា។ បន្ទាប់ពីសង្គ្រាមបារាំង-សៀម ឆ្នាំ១៨៩៣ ស្ទឹងត្រែងត្រូវបានគ្រប់គ្រងដោយឡាវក្រោមបារាំងពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៩០៤ ។ នៅឆ្នាំ១៨៩៣ បារាំងបានបង្ខំសៀមដោយថ្វីដៃ ដើម្បីឱ្យសៀមបង្វែរខេត្តខ្មែរមកឱ្យក្រុងកម្ពុជាវិញខ្លះដូចជា៖ខេត្តស្ទឹងត្រែង ជាដើម ។ គ្រានោះសៀមភិតភ័យចុះសិទ្ធិសញ្ញានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៨៩៣ ដោយសុខចិត្តលះបង់ចោលដីខេត្ត ហើយទឹកដីប៉ែកត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ឱ្យបារាំងសែសវិញ ។ពេលនោះខេត្តស្ទឹងត្រែង សៀមប៉ាង ត្រូវចំណុះក្រុងលាវ ហេតុដូច្នេះក្រុងសៀមបានប្រគល់តែខេត្តទន្លេពៅ និងខេត្តម្លូព្រៃ តាមសិទ្ធិសញ្ញារបស់បារាំង ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។ នៅឆ្នាំ១៩០៤ ឡាវក្រោមបារាំងបានដោះដូរខេត្តនេះទៅអាណាព្យាបាលបារាំងនៃកម្ពុជាជាថ្នូរនឹងតំបន់ខ្លះនៃខេត្តចំប៉ាសាក់ ដោយបន្សល់ទុកជនជាតិភាគតិចឡាវមួយនៅក្នុងប្រទេសកម្ពុជា។ ក្រោយមកមានសន្ធិសញ្ញាបារាំងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១៤ បានដាក់ខេត្តស្ទឹងត្រែង និងសៀមប៉ាងបញ្ចូលមកក្នុងក្រុងកម្ពុជាវិញ ។ ខេត្តស្ទឹងត្រងក៏រើកែប្រែថ្មី គឺមានរាជការគ្រប់គ្រងរដ្ឋបាល២ខេត្ត គឺខេត្តស្ទឹងត្រែង១ និងខេត្តមូលពូមោក១(ស្រុកវ៉ើនស៊ី)។ ដោយសារទីតាំងព្រំដែនរបស់នៃខេត្តផង និងភ្នំព្រៃនៅភាគឦសាននៃខេត្តផងទៀត ខេត្តក្លាយកន្លែងក្តៅគគុកនៃសកម្មភាពបះបោរកុម្មុយនិស្ត និងជាគោលដៅសម្រាប់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៩៦០និង៧០។ ការបះបោរបានបន្តពីការជ្រៀតចូលរបស់វៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៥០ រហូតដល់ចុងឆ្នាំខ្មែរក្រហម។[3]
ខេត្តស្ទឹងត្រែង ដោយមានផ្ទៃដី១១.០៩២ គីឡូម៉ែត្រក្រឡា គឺជាខេត្តមួយដាច់ស្រយាលជាប់ព្រំដែនប្រទេសឡាវ និងមានប្រជាជនរស់នៅតិចតួចនៅឯភូមិភាគឦសាននៃប្រទេសកម្ពុជា។ ហើយមានព្រំប្រទល់ជាប់ប្រទេសឡាវ នៅផ្នែកខាងជើង ខេត្តរតនគិរីនៅខាងកើត ខេត្តព្រះវិហារនៅខាងលិច និង ខេត្តក្រចេះ និងខេត្តកំពង់ធំនៅខាងត្បូង។ ខេត្តចែកចេញជា ១ក្រុង ៥ស្រុក ៣៤ ឃុំ និង ១២៨ ភូមិ។
ខេត្តស្ទឹងត្រែងជាខេត្តដែលមានតែមួយគត់ខុសពីខេត្តផ្សេងទៀតរបស់កម្ពុជានៅក្នុងអាងនៃទន្លេមេគង្គ។ ព្រៃឈើធំទូលាយ ទន្លេ និងស្ទឹងប្រសព្វគ្នា និងដង់ស៊ីតេប្រជាជនទាបជាលក្ខណៈរបស់ខេត្ត។ ខេត្តស្ទឹងត្រែងរួមបញ្ចូលផងដែរនូវកំណាត់ខាងលិចនៃឧទ្យានជាតិវីរជ័យដ៏ធំ ដែលអាចចូលទៅដល់ពីខេត្តសៀមរាប។ ខេត្តនេះក៏មានទន្លេធំៗចំនួនបួនផងដែរ គឺ ទន្លេស្រែពក ទន្លេកុង ទន្លេសាន និងទន្លេមេគង្គ ដែលមានកោះតូចៗរាប់រយដែលរាយប៉ាយនៅលើទន្លេដែលលាតសន្ធឹងក្នុងខេត្តស្ទឹងត្រែង។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២២ ជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនដែលអ្នកអាចឃើញផ្សោតដ៏កម្រ និងជិតផុតពូជនៅក្នុងព្រៃក្បែរព្រំដែនឡាវ ស្រុកបូរីអូរស្វាយសែនជ័យ និងអន្លង់ឈើទាលក្នុងខេត្តស្ទឹងត្រែង។
នៅខេត្តស្ទឹងត្រែង រដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង រដូវប្រាំងមានពពកច្រើនផ្នែកហើយក្តៅពេញមួយឆ្នាំ។ ក្នុងអំឡុងពេលនៃឆ្នាំ សីតុណ្ហភាពជាធម្មតាប្រែប្រួលពី ២០°C (៦៧°F) ដល់ ៣៨ °C (១០០°F) ហើយកម្រទាបជាង ១៦°C (៦១°F) ឬលើសពី ៤០°C (១០៥°F)។
ខេត្តស្ទឹងត្រែង រួមមាន ១ក្រុង ៥ស្រុក ក្នុងនោះរួមមាន ៣០ឃុំ និង ៤សង្កាត់ ។
កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
---|---|---|
១៩០១ | សេសាន | Sesan |
១៩០២ | សៀមបូក | Siem Bouk |
១៩០៣ | សៀមប៉ាង | Siem Pang |
១៩០៤ | ស្ទឹងត្រែង | Stueng Traeng |
១៩០៥ | ថាឡាបរិវ៉ាត់ (ធារាបរិព័ទ្ធ) | Thala Barivat |
១៩០៦ | បុរីអូរស្វាយសែនជ័យ | Borey O'svay sen Chey |
អត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មាន ការ ថយចុះ ពី ២៧ភាគរយ ក្នុងឆ្នាំ២០១៦ មកត្រឹម ២៤ភាគរយ ក្នុងឆ្នាំ២០១៩ ដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់កើនឡើងពី ១.១៥០ ដុល្លារក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ ១.៥០០ ដុល្លារក្នុង ឆ្នាំ ២០១៩។ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសមានចម្ងាយ ៤៥៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មាន ប្រជាពលរដ្ឋសរុប ១៥៩៥៦៥នាក់ (ស្រី ៧៦៤៧២នាក់) ដែលស្មើនឹង ៣៤៦២៧គ្រួសារ។ ខេត្តស្ទឹងត្រែង មានការរីកចម្រើនខ្ពស់ ផ្នែកកសិកម្ម ឧស្សាហកម្ម ដែលបានកសាងប្រព័ន្ធស្រោចស្រព ចំនួន១១ កន្លែង ប្រវែង ១១.២៨៨ ម៉ែត្រ អាងស្តុកទឹកមានបរិមាណ ២៨ លាន ម៉ែត្រគូប ទំនប់ទ្វារទឹក ការពារទឹកជំនន់ ៤កន្លែង ក្នុងក្រុងស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ខេត្តស្ទឹងត្រែង បានឱ្យដឹងថាផលិតផល និង ផលិតកម្មកសិកម្មសម្រេចបានមានផ្ទៃដី ស្រូវស្រែ និង ស្រូវចម្ការចំនួន ២៨.០០០ ហិកតា និង ផ្ទៃដីដាំដំណាំកសិឧស្សាហកម្ម មានកៅស៊ូ ២០.០០០ ហិកតា ស្វាយចន្ទី ២០.០០០ ហិកតា ស្វាកែវល្មៀត ៣.០០០ ហិកតា ចេកអំបូងលឿង ៨០០ ហិកតា ដំឡូងមី ១២.០០០ ហិកតា ព្រមទាំងផ្ទៃដីដាំដំណាំកសិឧស្សាហកម្មផ្សេងទៀត ដែលមានដូចជា ម្នាស់ ល្ង និង សណ្តែកសៀង ជាដើម។ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ប្រមាណជា៨០ភាគរយ ប្រកបរបរកសិកម្មដូចជា ផ្លែចេកដំបូង ស្វាយកែវល្មៀត ដំណាំស្រូវ ស្វាយចន្ទី កៅស៊ូ ម្នាស់ទឹក ឃ្មុំ ផ្លែធូរ៉េន ខេត្តស្ទឹងត្រែងក៏មានការចិញ្ចឹមគោ ក្របី ជ្រូក មាន់ និង ទាជាដើមដែល មានសត្វគោ ប្រមាណជិត ៣០ម៉ឺន ក្បាល ក្របី ៣៥ម៉ឺន ក្បាល ជ្រូក ៣០ម៉ឺន និង សត្វបក្សី ១៤០ពាន់ ក្បាល។[4]
សេដ្ឋកិច្ចខេត្តស្ទឹងត្រែងពឹងផ្អែកលើវិស័យកសិកម្មតែប៉ុណ្ណោះ។ ចម្ការផ្សេងៗដូចជាឈើ កៅស៊ូ និងគ្រាប់ប្រាក់ត្រូវបានគេសាងសង់ពាសពេញខេត្ត។ ៨៥% នៃប្រជាជនរស់នៅក្នុងតំបន់ជនបទនៃខេត្ត ហើយពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ប្រភពចំណូលរបស់ពួកគេ។ ការចិញ្ចឹមសត្វ ការនេសាទ និងការតម្បាញសូត្រក៏ជាឧស្សាហកម្មសំខាន់នៅក្នុងខេត្តផងដែរ។ សាជីវកម្មជាតិប្រេង ឧស្ម័ន និងលោហធាតុរបស់ប្រទេសជប៉ុនបានរកឃើញខ្សែក្រវាត់រ៉ែទង់ដែង និងស័ង្កសីនៅក្នុងខេត្តក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបង្កើនការរុករកបន្ថែមទៀតជាមួយដៃគូជប៉ុនដើម្បីទាញយករ៉ែ។ ទីតាំងរុករករ៉ែនេះមានចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ។
ផ្សារ៖ សៀមប៉ាង ស្ទឹងត្រែង អឹមផ្វូន
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.