ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម From Wikipedia, the free encyclopedia
ពាម ជាដីខែ្មរមួយភាគ នៃអាណាចក្រនគរភ្នំ និងក្រោយមកក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ៦ នៅដែនដី កម្ពុជាក្រោម, ក្នុងសម័យស្តេចយួនឈ្មោះ ម៉ិញ-ម៉ាង ( Minh Mạng ) នាឆ្នាំ ១៨៣៤ , និងក្រោយមកទៀតក្លាយជាខេត្តខ្មែរមួយ ក្នុងចំណោមខេត្តទាំង ១៩ នៅក្នុងសម័យសាធារណរដ្ឋកូស័ងស៊ីន (ភាសាបារាំង៖ République de Cochinchine), និងចាប់ពីឆ្នាំ ១៩៤៥ ដល់ ១៩៧៥ ពាម ជាខេត្តមួយ ក្នុងចំណោមខេត្តទាំង ២១ នៅដែនដីកម្ពុជាក្រោម ដោយមានការបែងចែកខេត្តពីរបបសាធារណរដ្ឋវៀតណាម ។
បច្ចុប្បន្ន ពាម ត្រូវបានរដ្ឋាភិបាលវៀតណាម ដាក់បញ្ចូលជាទីរួមខេត្តរបស់ខេត្តក្រមួនស (Kiên Giang) ។
ពាម (អក្សរខ្មែរ៖ ពាម អក្សរយួន៖ Hà Tiên) ពាម នៅក្នុងសម័យគ្រប់គ្រង របស់ឧកញ៉ាម៉ាក-គូ (យួន៖ Mạc Cửu, ឡាតាំង៖ Mo Jiu) គេហៅថា ខេត្តខម ឬ មឿងខម ចំណែកពួកជនជាតិអណ្ណាម ឬ យួន គេហៅ ពាម ថា ម៉ាងខាម (អក្សរយួន៖Mán Khảm) ពាក្យថា Mán មានន័យថា ខ្មែរ Khảm មានន័យថា ពាម គឺជា ពាមរបស់ខ្មែរ។
អំពីអត្ថន័យពាក្យថា «ពាម»៖
យោងតាមវចនានុក្រុមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ( ជោតញ្ញាណោ ) ដែលបានបោះពុម្ពនៅឆ្នាំ ១៩៦៧ បានពន្យល់អំពីពាក្យ «ពាម» មានន័យពីរយ៉ាងថា៖
ពាម ទីមួយ ជា នាម មានន័យថា មាត់ព្រែក ឬ មាត់ស្ទឹងដែលបែកចេញពីទន្លេទៅ, មាត់ទន្លេ ដែលជាប់ចូលទៅនឹងសមុទ្រ ដូចយ៉ាង, ពាមផ្កាយម្រេច, ពាមរ; ឬ ពាមសែន ; ពាមកញ្ជើ ( នៅកម្ពុជា ក្រោម ) ជាដើម ។
ពាម ទីពីរ ជា នាម មានន័យថា ឈ្មោះខែត្រ មួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះ ដាក់ជាស្រុក ហៅថា ស្រុកកំពង់ត្រាច នៅក្នុងអំណាចខេត្រកំពត។
ពាម ទិសពាយព្យជាប់ព្រំប្រទល់នឹងខេត្តក្រមួនស, ខាងកើតនិងខាងត្បូងជាប់នឹងស្រុកភ្នំម្លូ (Kiên Lương) នៃខេត្តក្រមួនស, ទិសខាងកើតជាប់ នឹងសមុទ្រ, ទិសខាងជើងជាប់ព្រំប្រទល់នឹង ប្រទេសកម្ពុជា។
ខេត្តពាម ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តពាម ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
(នៅមានឯកសារបន្តទៀត)
ខេត្ត ពាម មានផ្ទៃដី ៨៨.៥១៥ Km2 ក្នុងនោះ មានតំបន់វាលទំនាប ភ្នំ ភ្នំថ្ម រូង សមុទ្រ បឹង និងកោះជាដើម។
ពាម ជាអតីតដែនដីនៃអាណាចក្រនគរភ្នំ។ ក្រោយឆ្នាំ ១៦៤៥ សន្តតិវង្សម៉េង (អក្សរចិន៖ 明 朝 ) ដែលបានត្រួតត្រាប្រទេសចិនចាប់ពីឆ្នាំ ១៣៦៨ ដល់ ១៦៤៤ ត្រូវបានដួលរលំ ម៉ាក គូ (យួន ៖ Mạc Cửu) ( ១៦៥៥ – ១៧៣៥ ) ជាជនជាតិចិន មិនចង់រស់នៅក្រោមការត្រួតត្រារបស់រាជវង្ស ឈីង ក៏បានភៀសខ្លួនចេញពីខែត្រកង់តុង នៃប្រទេសចិនមកសុំសិទ្ធិរស់ នៅលើទឹកដីខ្មែរត្រង់ខេត្តពាមបច្ចុប្បន្ន។ ក្រោយមកព្រះមហាក្សត្រខ្មែរ បានផ្តល់មុខងារដល់ ម៉ាក-គូ ជាឧកញ៉ា ដើម្បីអភិបាលខេត្តមួយនេះ។
ក្រោយពីបានគ្រប់គ្រងនៅដំបន់ពាម នេះ ត្រកូលម៉ាក បានបើកឲ្យមានផ្សារ កំពង់ផែ ផ្លូវថ្នល់ ព្រែកជីក និង ការផ្លាស់ប្តូរទីផ្សារគ្នានៅក្នុងតំបន់ជាដើម។
ឆ្នាំ ១៧១៤ ម៉ាក-គូ បានចូលខ្លួនសុំធ្វើជាចំណុះស្តេចយួនត្រកូលង្វៀងវិញ។
ឆ្នាំ១៨៣២ ស្តេចយួនឈ្មោះ ម៉ិញ-ម៉ាង បានប្តូរភូមិសាស្ត្រទាំង ៦ ខេត្តនៅកម្ពុជាក្រោមឲ្យទៅជាភាសាយួន ក្នុងនោះខេត្តពាមត្រូវបានយួនប្តូរឈ្មោះទៅជាហាតៀង (Hà Tiên)។
ថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ១៨៦៧ បា រាំងបានចូលត្រួតត្រាដល់ខែត្រពាម។ ឆ្នាំ ១៨៧៦ បារាំង បានចែកភូមិសាស្ត្រកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ និងនៅក្នុងតំបន់រដ្ឋបាល នីមួយៗបានបែងចែកជានិគមតូចៗ ក្នុងនោះខេត្តពាម ត្រូវបានចែកចេញជា ២ និគមគឺ និគមពាម (Hà Tiên) និង និគមក្រមួនស (Kiên Giang) ។
តំបន់ពាមត្រូវបានគេចាត់ចូលនៅក្នុងតំបន់បាសាក់។
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមពាមត្រូវបានក្លាយជាខេត្ត តាមកិច្ចព្រមព្រៀងចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពីនិគម ទៅជាខេត្ត ។
ឆ្នាំ ១៩០៣ កោះត្រល់ ត្រូវបានដាក់ឲ្យឋិតនៅក្រោមការអំណាចប្រធានតំណាងនៃខេត្តពាម ហើយទីរួមខេត្តរបស់ខេត្តពាម គឺទីរួមខេត្តពាម។
ចាប់ពីឆ្នាំ១៩១៣ដល់ ឆ្នាំ ១៩២៤ ខេត្តពាម ត្រូវបានដាក់បញ្ចូលទៅក្នុងខេត្តមាត់ជ្រូក (Châu Đốc) ។
ឆ្នាំ ១៩២១ ខេត្តពាមត្រូវបានបែងចែកចេញជា ៤ និគម និងដល់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៩២៤ ពាមត្រូវបានក្លាយជាខេត្តដាច់ដោយឡែកមួយ។
ក្នុងរបបសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ពាមគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៧ នៃខេត្តក្រមួនស (Kiên Giang ។
ដើមឆ្នាំ ១៩៧៦ ខេត្តក្រមួនស ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ដាក់ឈ្មោះជាភាសាយួនថា Kiên Giang ។
បច្ចុប្បន្ន ពាម គឺជាទីរួមខេត្តរបស់ខេត្តក្រមួនស (Kiên Giang) ។
ភូមិសាស្ត្រនៃខេត្តពាមពីមុន គឺស្រុកភ្នំម្លូ (Kiên Lương) និងទីរួមខេត្ត ពាម បច្ចុប្បន្ន ៕
ដោយ ថាច់ ប្រីជា គឿន
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.