From Wikipedia, the free encyclopedia
កោះ ជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ កោះច្រើនផ្ដុំគ្នាបង្កើតបានជាក្រុមកោះឬហ្វូងកោះ និងជាប្រជុំកោះឬកំរងកោះ។
យើងបានអោយនិយមន័យកោះថាជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែផ្នែកនៃទឹកត្រង់នេះជាទូទៅគេមិនគិតទេ បើវាជាទន្លេ ស្ទឺង ឬ ព្រែក (តែក៏មានករណីលើកលែងដែរ)។ ឧទាហរណ៍ដូចជានៅបារាំង ព្រែកឌុយមីឌីភ្ជាប់ទន្លេហ្គារ៉ូនទៅសមុទ្រមេឌីទែរ៉ានេ ហេតុនេះមហាសមុទ្រអាត្លង់ទិកនិងសមុទ្រមេឌីទែរ៉ានេភ្ជាប់គ្នាដោយខ្សែទឹក។ តាមលក្ខណៈបច្ចេកទេស ផ្នែកដីរបស់បារាំងដែលខាងត្បូងទន្លេហ្គារ៉ូននិងព្រែកឌុយមីឌីរួមទាំងឧបទ្វីបអ៊ីបេរីហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែគេមិនអាចហៅផ្នែកនៃដីនេះថាជាកោះទេ។ ក៏ប៉ុន្តែបើសំរាប់ចំរៀកដីតូចៗដែលហ៊ុំព័ទ្ធដោយទន្លេឬស្ទឹង គេអាចហៅថាជាកោះបាន។
មូលហេតុដូចគ្នានេះដែរ ក្នុងការដែលគេហៅទ្វីបអាស៊ីនិងអាហ្វ្រិកជាសន្ទះដីជាប់គ្នាតែមួយ (ជាកោះធំជាងគេលើលោក) ទោះបីជាតាមលក្ខណៈបច្ចេកទេសមានព្រែកជីកស៊ុយអេខណ្ឌចែកជា២ក៏ដោយ។ អូស្ត្រាលីជាញឹកញាប់ត្រូវគេចាត់ទុកជាកោះធំជាងគេព្រោះវាមានទឹកសមុទ្រព័ទ្ធជុំវិញគ្រប់ជ្រុង និងមិនមានភ្ជាប់ទៅផ្ទៃដីផ្សេងទៀត។
ផ្ទុយទៅវិញ កោះមួយនៅតែមានឈ្មោះជាកោះដដែលទោះបីជាមានស្ពានដីភ្ជាប់ទៅផ្ទៃដីដ៏ទៃក៏ដោយ។ ដូចក្នុងករណីកោះសិង្ហបុរីដែលភ្ជាប់ទៅឧបទ្វីបម៉ាឡេដោយផ្លូវថ្នល់ចាក់សសរក៏ដោយ។ ជួនកាលគេរក្សាការហៅឈ្មោះកោះមួយជាកោះដដែលទៅជាភ្ជាប់ទៅដីទ្វីបហើយក៏ដោយ ដោយសារមូលហេតុប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រ។
តាមលក្ខណៈភូមិវិទ្យា គេចែកប្រភេទកោះជា២គឺកោះទ្វីបនិងកោះសមុទ្រ។ តាមកំនកំនើត គេក៏អាចចែកជាកោះធម្មជាតិនិងកោះសិប្បនិម្មិតផងដែរ។
កោះទ្វីបជាកោះដែលស្ថិតនៅលើធ្នើទ្វីបនៃជាយទ្វីបមួយ។ ឧទហរណ៍មានដូចជា ហ្គ្រីនលែន និង កោះសាប្លឹ នៅអាមេរិកខាងជើង , កោះបាបាដូស និង កោះទ្រីនីដាដ នៅអាមេរិកខាងត្បូង , កោះចក្រភពអង់គ្លេស កោះអាយអឺលែន និង កោះស៊ីស៊ីលី នៅអឺរ៉ុប , កោះស៊ូម៉ាត្រា កោះបរនេអូ និង កោះជ្វា នៅអាស៊ី , កោះកង់ហ្គូរូ នៅអូស្ត្រាលី ជាដើម។
ប្រភេទពិសេសមួយរបស់កោះទ្វីបគឺកោះមីក្រូទ្វីប ដែលជាប្រភេទកោះកើតពីបំនែកនៃដីទ្វីប។ តួយ៉ាងដូចជា កោះម៉ាដាហ្គាស្កា និង កោះសុកុត្រា នៅអាហ្វ្រិក , ញូហ្សៀលែន ជាដើម។ ប្រភេទពិសេសមួយទៀតគឺកោះឬរបារដែលកើតឡើងពីបន្សំថ្មតូចៗនាំមកដោយចរន្តទឹកដែលបាត់ថាមពលរបស់វានាកាលណាមួយ។ តួយ៉ាងដូចជាកោះទាំងឡាយដែលកើតនៅតំបន់ដីសណ្ដររបស់ទន្លេធំៗ។
កោះសមុទ្រជាកោះដែលមិនស្ថិតនៅលើធ្នើទ្វីប។ ភាគច្រើននៃកោះប្រភេទនេះកើតពីភ្នំភ្លើង បាតុភូតតិចតូនិច និងចលនាផ្លាក។
ប្រភេទកោះសមុទ្រភ្នំភ្លើងមួយដែលគេឃើញមាននៅ ធ្នូកោះភ្នំភ្លើង កើតឡើងពីភ្នំភ្លើងដែលផុសឡើងត្រង់កន្លែងដែលផ្លាកតិចតូនិចមួយរអិលចូលក្រោមផ្លាកមួយទៀត។ មានដូចជា កំរងកោះម៉ារីយ៉ាណាជាដើម។
ប្រភេទមួយទៀតរបស់កោះសមុទ្រភ្នំភ្លើងកើតឡើងពេលដែលទ្រនុងមហាសមុទ្រងើបមកប៉ះផ្ទៃទឹក។ មានដូចជា អាយស្លេន (កោះភ្នំភ្លើងធំជាងគេលើលោក) និង កោះជេនម៉ាយិន។
ប្រភេទទី៣កើតមកពីចំនុចក្ដៅ។ ចំនុចក្ដៅជាទូទៅផ្លាស់ប្ដូរទីតាំងតាមផ្លាកតិចតូនិចដែលនៅពីលើវា។ ហេតុនេះពេលដែលផ្លាកនោះរំកិល កោះមួយខ្សែកើតឡើងតាមទិសដៅរបស់ចលនាផ្លាកនោះ។ ឧទាហរណ៍ កំរងកោះហាវ៉ៃ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.