តៃវ៉ាន់
From Wikipedia, the free encyclopedia
តៃវ៉ាន់ (ចិនសម័យ៖ 台湾; ចិនបុរាណ៖ 臺灣/台灣; ភិងអ៊ិង៖ Táiwān) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន[ស 3], គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។[16][17] រដ្ឋប្រទេសជិតខាងរបស់តៃវ៉ាន់មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិននៅទិសពាយព្យ ប្រទេសជប៉ុននៅទិសឥសាន្ត និងប្រទេសហ្វីលីពីននៅទិសខាងត្បូង។ កោះចម្បងរបស់តៃវ៉ាន់មានក្រឡាផ្ទៃសរុប ៣៥,៨០៨ គីឡូម៉ែត្រការ៉េដោយមានជួរភ្នំគ្របដណ្តប់លើតំបន់ពីរភាគបីនៃទិសខាងកើត និងមានតំបន់ទំនាបនៅទិសខាងលិចដែលជាតំបន់សម្បូរទៅដោយប្រជាជនរស់នៅកុះករ។ រដ្ឋធានីរបស់តៃវ៉ាន់គឺទីក្រុងតៃប៉ិ ហើយបូករួមជាមួយទីក្រុងតៃប៉ិថ្មីនិងគីឡុងបានបង្កើតចេញជាទីក្រុងមាតុបុរៈធំជាងគេប្រចាំប្រទេសតៃវ៉ាន់។ ដោយមានប្រជាជនចំនួន ២៣.៩ លាននាក់ តៃវ៉ាន់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានបណ្តុំចំនួនប្រជាជនច្រើនបំផុត។
中華民國 (ភាសាចិន) Zhōnghuá Mínguó (ភិងអ៊ិង) | |
---|---|
ទីតាំងប្រទេសតៃវ៉ាន់នៅលើភូគោល | |
រដ្ឋធានី | តៃប៉ិ[1] 25°04′N 121°31′E |
ទីក្រុងធំបំផុត | តៃប៉ិថ្មី |
ភាសាផ្លូវការ | ចិនស្តង់ដារ[ស 1][4] |
អក្សរផ្លូវការ | អក្សរចិនបុរាណ[5] |
ភាសាជាតិ |
|
ក្រុមជនជាតិ (ឆ្នាំ ២០១៦)[6] | ៩៥–៩៧% ហានតៃវ៉ាន់ ២.៣% ជនជាតិដើម/ភាគតិច ០.៧–២.៧% ជនជាតិផ្សេងៗទៀត |
សាសនា (ឆ្នាំ ២០២០)[7] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រកាន់ ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី |
- ប្រធានាធិបតី | ត្សៃ អ៊ីងវិន |
- អនុប្រធានាធិបតី | ឡៃ ឈីងទឿ |
- នាយករដ្ឋមន្ត្រី | ឆិន ជានយឺន |
- ប្រធានអង្គនីតិបញ្ញត្តិយាន | យូ ស៊ីគុន |
នីតិបញ្ញត្តិ | អង្គនីតិបញ្ញត្តិយាន |
និម្មិតកម្ម | |
- សាធារណរដ្ឋចិនត្រូវបានប្រកាសបង្កើតឡើង | ១០ តុលា ១៩១១[ស 2] |
- តៃវ៉ាន់ និងផឹងហ៊ូត្រូវបានស្តារជាកម្មសិទ្ធិរបស់សាធារណរដ្ឋចិន | ២៥ តុលា ១៩៤៥ |
- រដ្ឋាភិបាលបច្ចុប្បន្នត្រូវបានស្ថាបនាឡើង | ២០ ឧសភា ១៩៤៨ |
- រដ្ឋាភិបាលប្តូរទៅតៃប៉ិ | ៧ ធ្នូ ១៩៤៩ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៦,១៩៧ គ.ម២ [8][9] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ២៣,៨៩៤,៣៩៤[10] (ទី៥៦) |
- ជំរឿន (ឆ្នាំ ២០១០) | ២៣,១២៣,៨៦៦[11] |
- ដង់ស៊ីតេ | ៦៥០ នាក់/គ.ម២ (ទី១០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១.៦៥៨ ទ្រីលានដុល្លារ[12] (ទី២០) |
- ក្នុងម្នាក់ | ៧២,៤៨៥ ដុល្លារ[12] (ទី១៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៧៥១.៩៣០ ពាន់លានដុល្លារ[12] (ទី២១) |
- ក្នុងម្នាក់ | ៣២,៣៣៩ ដុល្លារ[12] (ទី៣០) |
ជីនី (២០១៧) | ៣៤.១[13] មធ្យម |
HDI (២០២១) | ០.៩២៦[14] ខ្ពស់ណាស់ · ទី១៩ |
រូបិយវត្ថុ | ដុល្លារតៃវ៉ាន់ថ្មី (NT$) (TWD) |
ល្វែងម៉ោង | UTC+៨ (ម៉ោងស្តង់តាជាតិ) |
កូដហៅទូរស័ព្ទ | +៨៨៦ |
ដែនកម្រិតខ្ពស់ |
|
កោះតៃវ៉ាន់ត្រូវបានមនុស្សឡើងមករស់នៅតាំងប្រហែល ២៥,០០០ ឆ្នាំមុន។ បុព្វបុរសនៃជនជាតិដើមកោះតៃវ៉ាន់បានមកតាំងទីលំនៅលើកោះមួយនេះនៅប្រហែល ៦,០០០ ឆ្នាំមុន។ នៅអំឡុងសតវត្សទី១៧ ជនជាតិហានជាច្រើននាក់បាននាំគ្នាធ្វើអន្តោប្រវេសន៍មករស់នៅលើកោះនេះដែលកាលនុះកំពុងស្ថិតនៅក្រោមអាណានិគមហុល្លង់ ហើយដំណើរអន្តោប្រវេសន៍នូវតែបន្តទៀតនៅក្រោមព្រះរាជាណាចក្រទុងនីង។ កោះមួយនេះត្រូវបានធ្លាក់ក្នុងដៃរាជវង្សឈីងនៃប្រទេសចិននៅអំឡុងឆ្នាំ១៦៨៣ ហើយបានប្រគល់មកឱ្យចក្រភពជប៉ុនកាន់កាប់នៅក្នុងឆ្នាំ១៨៩៥។ នៅក្រោយសង្គ្រាមលោកលើកទី២ ពោលគឺបន្ទាប់ពីជប៉ុនបានទទួលចុះចាញ់ កោះតែវ៉ាន់ត្រូវបានប្រគល់មកឱ្យសាធារណរដ្ឋចិននៅក្នុងឆ្នាំ១៩៤៥។ សង្គ្រាមស៊ីវិលចិនបានផ្ទុះឡើងបន្តទៀតហើយសាធារណរដ្ឋចិនខណៈកំពុងតែបាត់បង់ចិនដីគោកបន្តិចម្តងៗទៅកងកម្លាំងកុម្មុយនីស្តចិន រួចទីបំផុតក៏បានដកថយមកលើកោះតៃវ៉ាន់នៅក្នុងឆ្នាំ១៩៤៩។ ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ សាធារណរដ្ឋចិនបានកាន់កាប់លើកោះតៃវ៉ាន់និងបណ្តុំកោះតូចៗនៅជុំវិញនោះ។
នៅដើមទស្សវត្តឆ្នាំ១៩៦០ តៃវ៉ាន់បានឈានចូលក្នុងសម័យកាលនៃកំណើនសេដ្ឋកិច្ចនិងឧស្សាហូបនីយកម្មដោយគេបានសម្តៅលើសម័យនេះថា"មហស្ចារ្យតៃវ៉ាន់"។ នៅចុងទស្សវត្តឆ្នាំ១៩៨០ និងដើមឆ្នាំ១៩៩០ សាធារណរដ្ឋចិនបានផ្លាស់ប្តូររបបនយោបាយពីរដ្ឋដែលប្រកាន់របបសឹកផ្តាច់ការឯកបក្សមករកប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ សេដ្ឋកិច្ចឧស្សាហកម្មរបស់តៃវ៉ាន់គឺផ្តោតលើការនាំចេញហើយសព្វថ្ងៃ តៃវ៉ាន់មានសេដ្ឋកិច្ចធំជាងគេទី ២១ (គិតជាមធ្យម) ហើយបើគិតជា យអទ គឺមានទំហំធំជាងគេទី ២០ ដោយខ្លួនបាននាំចេញនូវផលិតផលធំៗដូចជា ដែកថែប គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងកម្មន្តសាលកម្មគីមីផ្សេងៗ។ តៃវ៉ាន់គឺជាប្រទេសអភិវឌ្ឍន៍[18][19] ដែលជាប់ចំណាត់ថ្នាក់លេខ ១៥ ក្នុង ផសស សម្រាប់មនុស្សម្នាក់ៗ។ ប្រទេសនេះមានចំណាត់ថ្នាក់ខ្ពស់ខ្លាំងខាងសេរីភាពនយោបាយ និងស៊ីវិល[20] ការអប់រំ ការថែទាំសុខភាព[21] និងការអភិវឌ្ឍន៍មនុស្ស។[22]
ស្ថានភាពនយោបាយរបស់ប្រទេសតៃវ៉ាន់គឺនូវមានវិវាទច្រើន។ សាធារណរដ្ឋចិនបានបាត់បង់ឈ្មោះជារដ្ឋតំណាងប្រទេសចិននៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ បន្ទាប់ពីប្រជាជាតិលើពិភពលោកភាគច្រើនបានបោះឆ្នោតទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន (សបច) ជាតំណាងនៃប្រជាជាតិចិន។ ចាប់តាំងពីពេលនោះមក សាធារណេរដ្ឋចិនតែងតែបន្តអះអាងខ្លួនថាជារដ្ឋាភិបាលស្របច្បាប់នៃប្រជាជាតិចិនទាំងមូល។ ចំណែកឯសាធារណរដ្ឋប្រជាមានិតចិនវិញបានអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួនហើយនឹងមិនព្រមបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋប្រទេសណាដែលទទួលស្គាល់តៃវ៉ាន់ឡើយ។ តៃវ៉ាន់បានរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋចំនួន ១១ នៅក្នុងចំណោមរដ្ឋជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន ១៩៣[23][24] ខណៈដែលប្រទេសជាច្រើនផ្សេងៗទៀតបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយតៃវ៉ាន់តាមរយៈការិយាល័យតំណាងនិងស្ថាប័នដែលដើរតួនាទីជាស្ថានទូតនិងស្ថានកុងស៊ុល។ នៅក្នុងអង្គការអន្តរជាតិដែលមាន សបច ជាសមាជិក តៃវ៉ាន់ត្រូវបានគេបដិសេដសមាជិកភាពជារឿយៗឬអនុញ្ញាតឱ្យខ្លួនចូលរួមតែក្នុងលក្ខខណ្ឌមិនមែនរដ្ឋក្រោមឈ្មោះផ្សេងៗ។ ក្នុងប្រទេសវិញ ជម្លោះនយោបាយដ៏ធំរវាងភាគីទាំងពីរគឺការគាំទ្រការបង្រួបបង្រួមប្រជាជាតិចិនទាំងមូលនិងការលើកកម្ពស់អត្តសញ្ញាណជនជាតិចិនតែមួយផ្ទុយពីអ្នកដែលប្រាថ្នាចង់បានការទទួលស្គាល់ជាអន្តរជាតិជាផ្លូវការនិងអ្នកដែលលើកកម្ពស់អត្តសញ្ញាណតៃវ៉ាន់។[25][26]