From Wikipedia, the free encyclopedia
ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន បានចាប់ផ្តើមនៅក្រោយរបបរាជវង្សឈីងក្នុងឆ្នាំ១៩១២ ពោលគឺនៅពេលដែលបដិវត្តន៍ស៊ីនហៃបានផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ ក្រោយពីបានប្រកាសបង្កើតឡើងមក សាធារណរដ្ឋមួយនេះបានឆ្លងកាត់វិបត្តិបញ្ហា និងពលវទុក្ខជាច្រើនរួមមាន វិបត្តិស្តេចត្រាញ់ដែលតែងតែចង់ដណ្តើមអំណាចនិងទឹកដីគ្រប់គ្រង និងអំណាចបរទេសចូលមកជ្រៀតជ្រែកជាដើម។
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
អត្ថបទទាក់ទង
ប្រវត្តិលេខន៍ចិន | |||||||
នៅឆ្នាំ១៩២៨ សាធារណរដ្ឋចិនត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំរបស់គណបក្សគួមីនតាង (ឬអាចហៅបានថា "គណបក្សជាតិនិយមចិន") បន្ទាប់ពីបានបញ្ចប់បេសកកម្មភាគខាងជើង និងកំពុងឈានចូលដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប៉ុន្តែក៏ត្រូវរំខានដោយជម្លោះផ្ទៃក្នុងរដ្ឋាភិបាល សង្គ្រាមជាមួយចក្រភពជប៉ុន និងការខ្វែងគំនិតគ្នារវាងបក្សកុម្មុយនីស្តចិន និងមេទ័ពក្នុងស្រុក។ រាល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសដែលផ្តួចផ្តើមដោយគួមីនតាងត្រូវបានបញ្ឈប់នៅពេលដែលសង្រ្គាមចិន-ជប៉ុនលើកទីពីរបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ហើយក្រោយមកទៀតក៏កើតមានទំនាស់រវាងបក្សគួមីនតាង និងបក្សកុម្មុយនីស្តដែលជាហេតុនាំឱ្យរដ្ឋាភិបាលចម្រុះមិនអាចបង្កើតឡើង និងទីបំផុតក៏កើតចេះជាសង្រ្គាមស៊ីវិលចិន។
ការធ្វេសប្រហែសផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាជាបន្តបន្ទាប់គ្នាបាននាំទៅដល់ការបរាជ័យរបស់បក្សគួមីនតាងរហូតដល់ការដកថយទៅលើកោះតៃវ៉ាន់ (អតីត "ហ្វរម៉ូសារ") ក្នុងឆ្នាំ១៩៤៩ ហើយក៏បានបង្កើតចេញជារដ្ឋឯកបក្សផ្តាច់ការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យស/ប្រធានាធិបតី ឈៀង កៃសេក។ ចាប់តាំងពីពេលនោះរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋនេះបានចាត់ទុក និងតែងអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូលដោយចង្អុលសម្តៅទៅលើរដ្ឋាភិបាល ឬ "របប" កុម្មុយនីស្តថាមិនស្របច្បាប់ ហើយ "សាធារណរដ្ឋប្រជាមានិតចិន" ដែលបានប្រកាសនៅទីក្រុងប៉េកាំងដោយម៉ៅ សេទុងក្នុងឆ្នាំ១៩៤៩ នោះគឺជា "ចោរកុម្មុយនីស្ត" នៅចិនដីគោក។ សាធារណរដ្ឋចិនត្រូវបានគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ និងទសវត្សរ៍ ដោយប្រជាជាតិជាច្រើន ជាពិសេសគឺសហរដ្ឋអាមេរិកដែលបានបង្កើតសន្ធិសញ្ញាការពារអាញ់មាញ់ក្នុងឆ្នាំ១៩៥៤។ បន្ទាប់ពីសេរីភាវូបនីយកម្មនយោបាយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទីបំផុតសាធារណរដ្ឋប្រជាមានិតចិនក៏ទទួលបានចម្លើយយល់ព្រមនៅឆ្នាំ១៩៧១ ដើម្បីកាន់កាប់អាសនៈ "ប្រទេសចិន" នៅក្នុងមហាសន្និបាត ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវបានអង្គុយជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់ពីត្រូវច្រានចោលដោយអតីតសម្ព័ន្ធមិត្ត និងការធ្វើសេរីភាវូបនីយកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីរដ្ឋាភិបាលផ្តាច់ការជាតិនិយម និងបន្ទាប់ពីមរណភាពរបស់ឈៀង កៃសេក សាធារណរដ្ឋចិនក៏បានផ្លាស់ប្តូរទៅជារដ្ឋពហុបក្ស ប្រជាធិបតេយ្យតំណាងនៅលើកោះតៃវ៉ាន់ និងថែមទាំងផ្តល់តំណាងភាពបន្ថែមឱ្យជនជាតិដើមតៃវ៉ាន់ទៀតផង ដែលបុព្វបុរសរបស់ពួកគេមានវត្តមាននៅលើកោះតៃវ៉ាន់នោះតាំងពីមុនការមកដល់នៃរដ្ឋាភិបាលសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ ម៉្លេះ។
នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ រាជវង្សឈីងត្រូវប្រឈមមុខនឹងភាពចលាចលផ្ទៃក្នុង និងការលុកលុយពីបរទេស ពិសេសគឺចាប់តាំងពីចប់សង្គ្រាមចិន-ជប៉ុនបានបញ្ចប់នៅក្នុងឆ្នាំ១៨៩៥ មក។ ការបះបោរផ្ទៃក្នុង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរបាននាំមកនូវវិនាសកម្មដល់ប្រជាជនចិនរាប់លាននាក់ ហើយជម្លោះជាមួយមហាអំណាចអឺរ៉ុបខាងលិចបាននាំឱ្យកើតមានសន្ធិសញ្ញាដ៏អយុត្តិធម៌ជាច្រើនបូករួមជាមួយសំណងសង្គ្រាមដែលក្លាយជាបន្ទុកក្នុងប្រព័ន្ធសារពើពន្ធ និងការបាត់បង់បូរណភាពទឹកដីរបស់ប្រទេស។ មតិដ៏ពេញនិយមក្នុងចំណោមជនជាតិហាននាពេលនោះបានលេចឡើងថា អំណាចនយោបាយគួរតែត្រឡប់ទៅរកជនជាតិហានវិញដែលជាក្រុមជនជាតិភាគច្រើនជាជាងបន្សល់ទុកឱ្យជនជាតិម៉ាន់ជូជាអ្នកកាន់កាប់ដោយក្រុមពួកនេះគ្រាន់តែជាជនជាតិភាគតិចនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់ពីការបះបោរអ្នកប្រដាល់ និងការលុកលុយពីអំណាចចក្រពត្តិនិយមដើម្បីបញ្ឈប់សកម្មភាពបះបោរទាំងនោះ តុលាការរាជាធិរាជឈីងក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ស្ថាប័ន និងនយោបាយមូលដ្ឋានដូចជា ការលុបចោលប្រព័ន្ធត្រួតពិនិត្យរបស់ព្រះអធិរាជនៅឆ្នាំ១៩០៥ ការចេញសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩០៦ ការបង្កើតនីតិបញ្ញត្តិតាមបណ្ដាខេត្តក្នុងឆ្នាំ១៩០៩ និងការត្រៀមរៀបចំការបោះឆ្នោតសភាជាតិនៅឆ្នាំ១៩១០។ ក៏ប៉ុន្តែ ក្រុមអ្នកអភិរក្សនិយមម៉ាន់ជូនៅក្នុងតុលាការឈីងបាននាំគ្នាគិតថា កំណែទម្រង់ទាំងនេះគឺវាហួសហេតុជ្រុលពេក ចំណែកឯអ្នករិះគន់ក៏គិតថាកំណែទម្រង់នូវមិនទាន់ស៊ីជម្រៅនៅឡើយ។ ការខ្វែងគំនិតគ្នាបែបនេះបាននាំឱ្យមានការចាប់ឃុំឃាំងអ្នកកែទម្រង់ ឬកាត់ទោសប្រហារជីវិតតែម្តង។ ការបរាជ័យរបស់តុលាការរាជាធិរាជក្នុងការអនុវត្តសេរីភាវូបនីយកម្មនយោបាយ និងទំនើបភាវូបនីយកម្មបានបណ្ដាលឱ្យអ្នកកំណែទម្រង់បំបែរខ្លួនមកដើរលើមាគ៌ាបដិវត្តន៍។
ក្រុមបដិវត្តន៍ជាច្រើនបានលេចខ្លួនឡើង ប៉ុន្តែក្រុមដែលមានការរៀបចំល្អបំផុតនោះគឺជាក្រុមដែលបង្កើតឡើងដោយលោកស៊ុន យ៉ាតសេន (ចិន៖ 孫逸仙) ដែលលោកជាសកម្មជននិយមសាធារណរដ្ឋមួយរូប និងមាននិន្នការប្រឆាំងនឹងរបបឈីង។ ពេលនោះ ប្រជាប្រិយភាពរបស់លោកក៏បានកើនឡើងដោយទទួលបានការគាំទ្រពីសំណាក់និស្សិតចិននៅក្រៅប្រទេស និងបរទេស ជាពិសេសនៅឯប្រទេសជប៉ុន។ នៅឆ្នាំ១៩០៥ គាត់បានបង្កើតចលនាថុងម៉េងហួយឡើងនៅទីក្រុងតូក្យូ ជាមួយនឹងលោកហ័ង ស៊ីង ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងចលនាបដិវត្តន៍ចិននៅប្រទេសជប៉ុន។
ចលនានេះបានទទួលការគាំទ្រដោយមូលនិធិចិននៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះ វាក៏ទទួលបានទាក់ទាញការគាំទ្រផ្នែកនយោបាយផងដែរដោយមានការចូលរួមពីមន្ត្រីយោធាក្នុងតំបន់ និងអ្នកនិយមកំណែទម្រង់មួយចំនួនដែលបានភៀសខ្លួនចេញពីប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កំណែទម្រង់រយថ្ងៃ។ ទស្សនៈនយោបាយរបស់លោកស៊ុនបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៨៩៧ ហើយត្រូវបានបង្ហាញជាសាធារណៈនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩០៥ និងបានឆ្លងកាត់កំណែប្រែខ្លះៗនៅដើមទសវត្សរ៍ឆ្នាំ១៩២០។ ទស្សនៈលោកបានផ្តោតលើគោលការណ៍ទាំងបីរបស់ប្រជាជនគឺ "ជាតិនិយម ប្រជាធិបតេយ្យ និងជីវភាព របស់ប្រជាជន"។
គោលការណ៍ជាតិនិយមបានអំពាវនាវឱ្យផ្ដួលរំលំរដ្ឋអំណាចម៉ាន់ជូ និងបញ្ចប់អនុត្តរភាពបរទេសលើប្រទេសចិន។ គោលការណ៍ទីពីរគឺប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់ពីគោលដៅរបស់ស៊ុនក្នុងការបង្កើតទម្រង់រដ្ឋាភិបាលសាធារណរដ្ឋ និងការផ្លាស់ប្តូរមួយចំនួនដូចជាកំណែទម្រង់ដីធ្លីជាដើម។
សម័យសាធារណរដ្ឋនៃប្រទេសចិនបានចាប់ផ្តើមជាមួយនឹងការផ្ទុះឡើងនៃបដិវត្តន៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១១ នៅក្នុងទីក្រុងវូឆាង នៃខេត្តហ៊ូប៉ី។ ព្រឹត្តិការណ៍ដំបូងនេះត្រូវបានគេស្គាល់ថា ការបះបោរវូឆាង ដោយសព្វថ្ងៃបានក្លាយជាទិវាជាតិនៅតៃវ៉ាន់។ សកម្មភាពបះបោរបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីប្រជុំជនជិតខាង ហើយសមាជិកនៃចលនាថុងម៉េងហួយនៅទូទាំងប្រទេសក៏បានក្រោកឈរឡើងគាំទ្រកងកម្លាំងបដិវត្តន៍ក្រុងវូឆាង។ នៅថ្ងៃទី១២ ខែតុលា ក្រុមបដិវត្តន៍បានទទួលជោគជ័យក្នុងការកាន់កាន់ក្រុងហាន់ខូវ និងហាន់យ៉ាង។ ទោះយ៉ាងណាក្តី ការអបអររបស់មហាជនចំពោះជ័យជម្នះទាំងនេះមិនមានរយៈពេលវែងទេព្រោះនៅថ្ងៃទី២៧ ខែតុលា លោកយ័ន ស៊ីខាយត្រូវបានតែងតាំងឡើងវិញដោយតុលាការ ឈីងដើម្បីដឹកនាំកងទ័ពថ្មី ហើយកងកម្លាំងស្មោះស្ម័គ្រនៅក្រោមបញ្ជាការលោកហ្វឹង គួចាង និងលោកឌូអាន ស៊ីរួយ បានផ្លាស់ទីទៅភាគខាងត្បូងដើម្បីដណ្តើមយកទីក្រុងអ៊ូហានមកវិញ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅអំឡុងខែវិច្ឆិកា កងទ័ពបដិវត្តន៍ដែលមានកម្លាំងមនុស្សនិងអាវុធតិចជាងត្រូវបានកម្លាំងរដ្ឋាភិបាលរុញច្រានចេញពីក្រុងហាន់ខូវនិងហាន់យ៉ាង ហើយបានបន្តដកថយទៅដល់វូឆាង ភាគខាងត្បូងទន្លេយ៉ង់សេ។ ខណៈពេលដែលសមរភូមិយ៉ាងស្យាកំពុងសន្ធោសកម្ម ខេត្តចំនួន ១៥ នៃខេត្តសរុប ២៤ បានប្រកាសឯករាជ្យចេញពីចក្រភពឈីង។ លោកយ័ន ស៊ីខាយក៏បញ្ឈប់សកម្មភាពរុលទៅកាន់វូឆាង ហើយបានចាប់ផ្តើមធ្វើការចរចាជាមួយក្រុមបដិវត្តន៍។ មួយខែក្រោយមក លោកស៊ុន យ៉ាតសេនបានត្រឡប់មកកាន់ប្រទេសចិនវិញពីសហរដ្ឋអាមេរិកក្រោយពីបានរៃអង្គាសបានថវិកាខ្លះៗពីចំណោមប្រជាជនអាមេរិក និងចិនអាមេរិកាំង។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ប្រតិភូមកពីខេត្តឯករាជ្យទាំងប៉ុន្មានបានបោះឆ្នោតជ្រើសរើសលោកស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៃសាធារណរដ្ឋចិន។ លោកយ័ន ស៊ីខាយបានយល់ព្រមទទួលយករបបសាធារណរដ្ឋថ្មី រួចក៏បានបង្ខំចៅអធិរាជចុងក្រោយនៃប្រទេសចិនព្រះនាមភូយីឱ្យដាក់រាជ្យនៅថ្ងៃទី១២ ខែកុម្ភៈ។ ព្រះអធិរាជិនីឡុងយូជាអ្នកចុះហត្ថលេខាលើឯកសារដាក់រាជ្យ។ សម្រាប់ព្រះចៅភូយីវិញ ទ្រង់ត្រូវបានគេអនុញ្ញាតឱ្យបន្តគង់នៅក្រុងហ្សឺជីនឆឹង។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ លោកស៊ុនបានប្រកាសបង្កើតសាធារណរដ្ឋចិនជាផ្លូវការ ហើយបានទទួលតំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៅទីក្រុងណានជីង។ ប៉ុន្តែ អំណាចនៅទីក្រុងប៉េកាំងបានធ្លាក់ទៅក្នុងដៃលោកយ័ន ស៊ីខាយរួចទៅហើយ ដោយលោកជាមេដឹកនាំនៃកងទ័ពប៉ីយ៉ាង ដែលពេលនោះត្រូវជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន។ ដើម្បីទប់ស្កាត់កុំឱ្យកើតមានសង្គ្រាមស៊ីវិល និងអន្តរាគមន៍បន្តពីបរទេសដែលអាចបំផ្លាញរបបសាធារណរដ្ឋដ៏ក្មេងខ្ចីនេះបាន លោកស៊ុនបានយល់ព្រមតាមការទាមទាររបស់យ័នឱ្យប្រទេសចិនរួបរួមគ្នាក្រោមរដ្ឋាភិបាលទីក្រុងប៉េកាំងដែលដឹកនាំដោយយ័នផ្ទាល់។ នៅថ្ងៃទី១០ ខែមីនា នៅទីក្រុងប៉េកាំង លោកយ័ន ស៊ីខាយបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីពីរនៃសាធារណរដ្ឋចិន។
សាធារណរដ្ឋដែលលោកស៊ុន យ៉ាតសេន និងសហការីស្រមៃបានវិវត្តន៍ទៅមុខយឺតៗ។ ទោះបីជាមានគណបក្សនយោបាយជាច្រើនប្រជែងគ្នាដណ្តើមអំណាចកំពូលនៅក្នុងសភាក៏ដោយ ប៉ុន្តែពួកគេទាំងនោះនូវខ្វះកម្លាំងទ័ព ហើយមិនយូរប៉ុន្មានអំណាចរបស់យ័ន ស៊ីខាយបានកើនលើសពីសភាទៅទៀត។ យ័នបានកែប្រែរដ្ឋធម្មនុញ្ញដោយខ្លួនឯង ហើយគំនិតផ្តាច់ការរបស់លោកបានចាប់ផ្តើមលេចឡើងបន្តិចម្តងៗ។ នៅខែសីហា ឆ្នាំ១៩១២ គណបក្សគួមីនតាង (គណបក្សជាតិនិយម) ត្រូវបានបង្កើតឡើងដោយលោកស៊ុង ចែវរ៉េន ដែលជាសហការីម្នាក់របស់ស៊ុន យ៉ាតសេន។ គណបក្សថ្មីមួយនេះបានបង្កើតឡើងដោយការផ្គុំបញ្ចូលគ្នានៃបក្សនយោបាយតូចៗដោយមានរួមទាំងចលនាថុងម៉េងហួយរបស់ស៊ុនផងដែរ។ នៅក្នុងការបោះឆ្នោតជាតិដែលបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ១៩១៣ ដើម្បីជ្រើសរើសសមាជិកថ្មីសម្រាប់សភាទាំងពីរក្នុងប្រទេស លោកស៊ុងបានធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋបាលយ័នដែលនៅពេលនោះតំណាងដោយគណបក្សសាធារណរដ្ឋក្រោមការដឹកនាំដោយលាំង ឈីឆាវ។ ដោយសមត្ថភាពប៉ិនប្រសប់របស់ស៊ុងជាអ្នកធ្វើយុទ្ធនាការ ជាលទ្ធផល គណបក្សគួមីនតាងក៏បានឈ្នះអាសនៈភាគច្រើន។
ស៊ុងត្រូវបានគេធ្វើឃាតនៅខែមីនា ឆ្នាំ១៩១៣។ មនុស្សមួយចំនួនជឿថា យ័ន ស៊ីខាយគឺជាអ្នកនៅពីក្រោមឃាតកម្មនេះ ប៉ុន្តែគ្មានភស្តុតាងអ្វីអាចបញ្ជាក់ច្បាស់លាស់បានឡើយ។ សេចក្តីមិនពេញចិត្ត និងពិរោធន៍របស់មហាជនចំពោះយ័នក៏បានកើនឡើង។ នៅខែមេសា គាត់បានធានាប្រាក់កម្ចីរៀបចំឡើងវិញចំនួន ២៥ លានផោនពីធនាគារចម្រុះពីចក្រភពអង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងជប៉ុន ដោយមិនពិគ្រោះជាមួយសភាជាមុន។ ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់កងទ័ពប៉ីយ៉ាងរបស់ខ្លួន។
នៅថ្ងៃទី២០ ខែឧសភា យ័នបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលផ្តល់សិទ្ធិពិសេសដល់រុស្ស៊ីនៅតំបន់ម៉ុងហ្គោលជាយ និងរឹតត្បិតសិទ្ធិរបស់ចិនក្នុងការដាក់ពង្រាយទ័ពនៅទីនោះ។ សមាជិកសភាគួមីនតាងបានចោទប្រកាន់យ័នពីបទរំលោភសិទ្ធិអំណាចខ្លួន ហើយបានអំពាវនាវឱ្យដកលោកចេញតំណែង។ ប៉ុន្តែនៅម្ខាងទៀត គណបក្សវឌ្ឍនភាពដែលមានសមាជិកជាពួករាជានិយម និងគាំទ្រគោលនយោបាយយ័ន បានធ្វើការចោទប្រកាន់បក្សគួមីនតាងថាមានបំណងញុះញុងឱ្យមានកុបកម្ម។ យ័នក៏បានសម្រេចចិត្តប្រើកម្លាំងយោធាប្រឆាំងនឹងក្រុមគួមីនតាង។
នៅខែកក្កដា ឆ្នាំ១៩១៣ ខេត្តភាគខាងត្បូងចំនួនប្រាំពីរបានធ្វើការបះបោរប្រឆាំងនឹងលោកយ័ន ហើយបដិវត្តន៍លើកទីពីរក៏ផ្ទុះឡើង។ ប៉ុន្តែសម្រាប់បក្សគួមីនតាង បដិវត្តន៍លើកទីពីរនេះមិនបានផ្តល់ផលល្អអ្វីដល់ពួកគេនោះទេ។ កម្លាំងយោធាគួមីនតាងនៃខេត្តជាំងស៊ីត្រូវបានកងកម្លាំងរបស់យ័នវាយបង្ក្រាបនៅថ្ងៃទី១ ខែសីហា ហើយក្រុងណានឆាងដែលជាទីរួមខេត្តជាំងស៊ីក៏ត្រូវដួលរលំផងដែរ។ នៅថ្ងៃទី១ ខែកញ្ញា ណានជីងត្រូវបានកងកម្លាំងយោធាយ័នចូលកាន់កាប់។ ពេលដែលឧទ្ទាមកម្មត្រូវបានបង្ក្រាបអស់ លោកស៊ុន និងសម្ព័ន្ធមិត្តផ្សេងទៀតក៏បានភៀសខ្លួនរត់ទៅប្រទេសជប៉ុន។ នៅខែតុលា ឆ្នាំ១៩១៣ សភាបានជ្រើសតាំងយ័ន ស៊ីខាយជាប្រធានាធិបតីផ្លូវការនៃសាធារណរដ្ឋចិនដោយបង្ខំ ហើយមហាអំណាចក្រៅប្រទេសបានចាប់ផ្តើមទទួលស្គាល់ដល់រដ្ឋាភិបាលរបស់លោក។ លោកឌូអាន ស៊ីរួយ និងរួមទាំងឧត្តមសេនីយ៍ដឹកនាំកងទ័ពប៉ីយ៉ាងផ្សេងទៀតត្រូវបានយ័ន ស៊ីខាយតែងតាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ត្រី។
ចលនាមហាជនបានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដោយមានការគាំទ្រពីក្រុមអ្នកបដិវត្តន៍ស៊ុន យ៉ាតសេន។ ចលនាបះបោរដែលមានឈ្មោះថា បៃឡាង បានវាយបំផ្លាញផ្នែកជាច្រើននៃភាគកណ្តាលប្រទេសចិនមុនពេលចលនានេះត្រូវបានកងទ័ពប៉ីយ៉ាងកម្ចាត់ចោល។
នៅក្នុងខែវិច្ឆិកា លោកយ័ន ស៊ីខាយដែលជាប្រធានាធិបតីស្របច្បាប់ បានបញ្ជាឱ្យរំលាយគណបក្សគួមីនតាងចោល និងដកសមាជិកគួមីនតាងចេញពីសភាជាបន្ទាន់។ ដោយសារតែសមាជិកភាគច្រើននៅក្នុងសភាជាឥស្សរជនគួមីនតាង ដូច្នេះ សភាក៏ត្រូវប្រឈមនឹងចំនួនកូរ៉ុម ហើយកិច្ចប្រជុំក៏មិនអាចប្រព្រឹត្តិទៅបាន។ នៅខែមករា ឆ្នាំ១៩១៤ យ័នបានប្រកាសព្យួរសភាជាផ្លូវការ។ នៅខែកុម្ភៈ លោកបានកោះប្រជុំដើម្បីត្រួតពិនិត្យកែរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននៃសាធារណរដ្ឋចិន។ កំណែប្រែនោះបានធ្វើឱ្យអំណាចយ័នកើនឡើងកាន់តែខ្លាំងដោយលោកមានសិទ្ធិប្រកាសសង្គ្រាម ចុះហត្ថលេខាលើសន្ធិសញ្ញា និងតែងតាំងមន្ត្រីនានាដោយមិនចាំបាច់ទទួលការយល់ស្របពីសភាជាមុន។ នៅខែធ្នូនៃឆ្នាំ១៩១៤ យ័នបានកែប្រែច្បាប់បន្ថែមទៀត ហើយបានពន្យារអាណត្តិប្រធានាធិបតីរហូតដល់ទៅដប់ឆ្នាំ ដោយគ្មានកំណត់អាណត្តិកាន់អំណាចឡើយ។
ចំណែកឯក្រុមអ្នកតស៊ូប្រឆាំងវិញ ចាប់តាំងពីបដិវត្តន៍ទីពីរបានទទួលបរាជ័យមក លោកស៊ុន យ៉ាតសេន និងសម្ព័ន្ធមិត្តបានព្យាយាមកសាងចលនាបដិវត្តន៍ឡើងវិញ។ នៅខែកក្កដា ឆ្នាំ១៩១៤ ស៊ុនបានបង្កើតគណបក្សបដិវត្តន៍ចិនឡើង (ភាសាចិន៖ 中華革命黨)។ លោកបានចាប់មានអារម្មណ៍ថា មូលហេតុដែលខ្លួនមិនអាចរចនាចលនាបដិវត្តន៍ដ៏ជាប់លាប់មួយបានព្រោះដោយសារតែសមាជិកខ្លះមានកង្វះភាពស្អិតរមួត។ ជាចុងក្រោយ ស៊ុនក៏តម្រូវឱ្យសមាជិកបក្សទាំងអស់ត្រូវមានភក្តីភាពស្មោះត្រង់ចំពោះរូបគាត់ និងអនុវត្តតាមក្រមច្បាប់ដ៏តឹងរ៉ឹង។ សហការីចាស់ៗរបស់លោកមួយចំនួនដូចជាលោកហ័ង ស៊ីងជាដើម បានសម្តែងចេញនូវក្តីមិនពេញចិត្តចំពោះគំនិតបែបផ្តាច់ការនិយមរបស់ស៊ុន ហើយបានបដិសេធមិនចូលរួមជាមួយស៊ុនទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនូវតែយល់ស្របនឹងគ្នាថា សាធារណរដ្ឋថ្មីនោះមិនអាចវិលត្រឡប់ទៅកាន់អំណាចចក្រពត្តិនិយមទៀតជាដាច់ខាត។
ក្រៅពីក្រុមបដិវត្តន៍ដែលមានទំនាក់ទំនងជាមួយស៊ុន ក៏មានក្រុមជាច្រើនទៀតដែលមានបំណងផ្តួលរំលំរបបយ័ន ស៊ីខាយដែរ។ ក្នុងចំណោមក្រុមទាំងនោះមាន គណបក្សវឌ្ឍនភាពចិន ដែលធ្លាប់មានទំនោរប្រឆាំងនឹងគួមីនតាងកាលពីអំឡុងបដិវត្តន៍លើកទីពីរផ្ទុះឡើង។ គណបក្សវឌ្ឍនភាពបានផ្លាស់ប្តូរគោលជំហររបស់ពួកគេភាគច្រើនដោយសារតែទង្វើមិនគប្បីរបស់យ័នមកលើសភាជាតិ។ ក្រុមសំខាន់ទីពីរគឺអភិបាលខេត្តដែលធ្លាប់បានប្រកាសឯករាជ្យចេញពីរដ្ឋអំណាចឈីងកាលពីឆ្នាំ១៩១២ ដោយពួកគេមើលឃើញថាគំនិតគាំទ្ររបបរាជាធិរាជមួយទៀតគឺមិនសមគួរទាល់តែសោះ។ បន្ថែមពីនេះ សាធារណជនបានចាប់ផ្តើមមានគំនិតអវិជ្ជមានចំពោះការដឹកនាំរបស់យ័ន។
នៅពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើងក្នុងឆ្នាំ១៩១៤ ប្រទេសជប៉ុនបានចូលប្រយុទ្ធក្នុងនាមជាសមាជិកមួយនៃខាងភាគីសម្ព័ន្ធមិត្ត ហើយបានដណ្តើមកាន់កាប់ទឹកដីអាល្លឺម៉ង់តូចមួយនៅក្នុងខេត្តសានទុង។ នៅឆ្នាំ១៩១៥ ជប៉ុនបានកំណត់ទៅរដ្ឋាភិបាលទីក្រុងប៉េកាំងនូវអ្វីដែលគេហៅថា តម្រូវការម្ភៃមួយ ក្នុងគោលបំណងធានានូវអំណាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ជប៉ុនក្នុងប្រតិបត្តិការផ្លូវដែក និងការជីកយករ៉ែនៅសានទុង ម៉ាន់ជូរគ និងហ្វូជាន។ លើសពីនេះ ជប៉ុនក៏បានជំរុញឱ្យលោកយ័ន ស៊ីខាយតែងតាំងទីប្រឹក្សាជប៉ុនឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលចិនផងដែរ។ តម្រូវការដែលជប៉ុនបានកំណត់មកលើរដ្ឋាភិបាលចិនគឺនឹងធ្វើឱ្យប្រទេសចិនក្លាយជារដ្ឋក្រោមអាណាព្យាបាលរបស់ជប៉ុនដោយផ្ទាល់។ រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលតម្រូវការមួយចំនួននោះ ប៉ុន្តែបានអនុញ្ញាតឱ្យជប៉ុនបន្តរក្សាទឹកដីសានទុង។ ក្រុងប៉េកាំងក៏បានទទួលស្គាល់សិទ្ធិអំណាចក្រុងតូក្យូលើតំបន់ម៉ាន់ជូរីភាគខាងត្បូង និងតំបន់ភាគខាងកើតនៃម៉ុងហ្គោលីនាយផងដែរ។ សកម្មភាពព្រមទទួលយកសំណើទាមទាររបស់ជប៉ុនដោយយ័នបានធ្វើឱ្យប្រជាជនជាច្រើនកើតក្តីខកបំណងជាខ្លាំងតែទោះបីជាយ៉ាងណា យ័ននូវតែបន្តរបៀបវារៈបែបរាជានិយមរបស់គាត់។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩១៥ បន្ទាប់ពីមានការគាំទ្រពីកូនប្រុសរបស់គាត់ យ័នបានប្រកាសខ្លួនលោកផ្ទាល់ជាព្រះចៅអធិរាជនៃចក្រភពចិនថ្មី។ ដំណឹងនេះបានធ្វើឱ្យប្រទេសចិនទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយការបះបោរក៏ផ្ទុះឡើងនិងរាលដាលទៅតាមខេត្តជាច្រើន។ នៅថ្ងៃទី២៥ ខែធ្នូ អតីតអភិបាលខេត្តយូណានព្រមទាំងអតីតអភិបាលខេត្តជាំងស៊ី និងឧត្តមសេនីយ៍ប្រចាំខេត្តយូណានបានរួមគ្នាបង្កើតកងទ័ពការពារជាតិឡើង និងថែមទាំងប្រកាសខេត្តយូណានជាតំបន់ឯករាជ្យផ្តាច់ចេញពីប្រទេសចិន។ ដូចនេះ សង្គ្រាមការពារជាតិក៏បានចាប់ផ្តើម។
ការប្រកាសពីឯករាជ្យភាពរបស់ខេត្តយូណានបានជំរុញឱ្យខេត្តភាគខាងត្បូងផ្សេងទៀតសម្រេចប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីចិនដូចគ្នាដែរ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័នបានបោះបង់ចោលនូវគំនិតរាជានិយម ហើយបានចុះចេញពីតំណែងជាអធិរាជ។ គាត់បានទទួលមរណភាពនៅថ្ងៃទី៦ ខែមិថុនា នៃឆ្នាំដដែរនោះ។ អនុប្រធានាធិបតីលោកលី យានហុងបានឡើងកាន់តំណែងជាប្រធានាធិបតី និងបានតែងតាំងឧត្តមសេនីយ៍ប៉ីយ៉ាងលោកឌួអាន ស៊ីរួយជានាយករដ្ឋមន្ត្រី។ មហិច្ឆតារបស់"អធិរាជ"យ័ន ស៊ីខាយទីបំផុតបានបញ្ចប់ដោយការវិលត្រឡប់មកវិញនៃរដ្ឋាភិបាលសាធារណរដ្ឋ។
បន្ទាប់ពីមរណភាពរបស់យ័ន ស៊ីខាយ សម្ព័ន្ធភាពរវាងស្តេចត្រាញ់នៅតាមតំបន់នីមួយៗក៏បែកបាក់ ហើយពួកគេបានបែរមកប្រយុទ្ធគ្នាដើម្បីដណ្ដើមការគ្រប់គ្រងលើរដ្ឋាភិបាលក្រុងប៉េកាំង។ ថ្វីដ្បិតតែមានស្តេចត្រាញ់មួយចំនួនបានឡើងគ្រប់គ្រងរដ្ឋាភិបាលនៅក្រុងប៉េកាំងបានដោយជោគជ័យក៏ពិតមែន ប៉ុន្តែសង្គ្រាមមិនបានចុះស្ងប់ទៅវិញនោះទេពីព្រោះស្តេចត្រាញ់ជាច្រើនផ្សេងទៀតមិនបានប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីនោះឡើយ។ រដ្ឋាភិបាលនិយមយោធាទាំងប៉ុន្មាននោះត្រូវបានគេស្គាល់ជាសមូហភាពថា រដ្ឋាភិបាលប៉ីយ៉ាង។ សម័យស្តេចត្រាញ់ត្រូវបានប្រវត្តិវិទូខ្លះចាត់ទុកថាបានបញ្ចប់នៅក្នុងឆ្នាំ១៩២៧។
ក្រោយពីមរណភាពរបស់យ័ន ស៊ីខាយ លោកលី យានហុងក៏បានឡើងកាន់តំណែងជាប្រធានាធិបតីខណៈដែលលោកដួអាន ស៊ីរួយបានក្លាយជានាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ រដ្ឋធម្មនុញ្ញបណ្ដោះអាសន្នត្រូវបានគេយកមកអនុវត្តឡើងវិញហើយសភាក៏បានគេកោះប្រជុំជាថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់វិញនោះគឺមេដឹកនាំទាំងពីរនាក់មានចក្ខុវិស័យខុសពីគ្នាច្រើន ជាពិសេសគឺការដឹកនាំប្រទេសចូលប្រឡូកក្នុងសង្គ្រាមលោកលើកទី១។ ប្រទេសចិនបានរក្សាភាពអព្យាក្រឹតចាប់តាំងពីសង្គ្រាមលោកបានចាប់ផ្តើមមកម៉្លេះខណៈដែលសហរដ្ឋអាមេរិកបានព្យាយាមអូសទាញរដ្ឋអព្យាក្រឹតទាំងឡាយឱ្យចុះចូលបក្សសម្ព័ន្ធមិត្តបន្ទាប់ពីអាល្លឺម៉ង់បានរំលោភលើការប្រើប្រាស់នាវាមុជទឹក។ នាយករដ្ឋមន្ត្រីដួអាន ស៊ីរួយមានចំណាប់អារម្មណ៍ពិសេសក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តដើម្បីធានានូវប្រាក់កម្ចីពីប្រទេសជប៉ុនដែលនឹងជួយដល់កងទ័ពបក្ខសម្ព័ន្ធរបស់ខ្លួនផ្ទាល់។ ក្រុមទាំងពីរបានចូលរួមក្នុងការជជែកវែកញែកដេញដោលយ៉ាងកក្រើកពេញសភាទាក់ទងនឹងការចូលរួមក្នុងសង្គ្រាម ហើយនៅខែឧសភា ឆ្នាំ១៩១៧ លោកលី យានហុងបានបណ្តេញដួអាន ស៊ីរួយចេញពីរដ្ឋាភិបាលរបស់គាត់។
ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបសប្រធានាធិបតី អភិបាលខេត្តដែលមានភក្តីភាពនឹងដួអានបាននាំគ្នាប្រកាសឯករាជ្យ និងអំពាវនាវឱ្យលី យានហុងចុះចេញពីតំណែងជាប្រធានាធិបតី។ ក្រោយពីឮបែបនេះ លោកលីបានកោះហៅចាង ស៊ុនដើម្បីរិះរកវិធីសម្របសម្រួលស្ថានភាព។ ចំណែកឯលោកចាង ស៊ុនវិញ គាត់ធ្លាប់ជាឧត្តមសេនីយ៍បម្រើការឱ្យរដ្ឋអំណាចឈីង ហើយក៏បានកើតគំនិតចង់ឃើញព្រះចៅភូយី (អធិរាជស៊ានថុង) ឡើងសោយរាជ្យជាលើកទីពីរ។ លោកចាងក៏ត្រូវបានអាល្លឺម៉ង់លួចគាំទ្រពីក្រោយទាំងផ្នែកហិរញ្ញវត្ថុ និងសព្វាវុធក្នុងគោលបំណងរក្សាអព្យាក្រឹតភាពរបស់ចិន។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩១៧ លោកចាងបានប្រកាសស្ដាររាជវង្សឈីងជាផ្លូវការ ហើយបានស្នើឱ្យប្រធានាធិបតីលី យានហុងបោះបង់តំណែងរបស់គាត់ចោល ប៉ុន្តែវាត្រូវបានលីបដិសេធភ្លាមៗ។ ឃើញដូច្នេះ ដួអាន ស៊ីរួយក៏បានដឹកនាំកងទ័ពរបស់ខ្លួនទៅកម្ចាត់កងកម្លាំងរបស់ចាងនៅទីក្រុងប៉េកាំង។ នៅថ្ងៃទី១២ ខែកក្កដា កងទ័ពរបស់ចាងដែលនៅសេសសល់ទាំងប៉ុន្មានត្រូវបានរំលាយចោលខណៈដែលដួអានបានប្រឡប់ចូលទីក្រុងប៉េកាំងវិញ។
បន្តិចក្រោយមក លោកអនុប្រធានាធិបតី ហ្វឹង គ័រចាង ហើយក៏ត្រូវជាឧត្តមសេនីយ៍ប៉ីយ៉ាងមួយរូបបានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋចិន ហើយបានស្បថចូលកាន់តំណែងនៅក្រុងណានជីង រីឯលោកដួអានវិញបានបន្តបម្រើការជានាយករដ្ឋមន្ត្រី។ បក្ខសម្ព័ន្ធហ្ស៊ីលីក្រោមហ្វឹង គ័រចាង និងបក្ខសម្ព័ន្ធអាន់ហួយក្រោមដួអាន ស៊ីរួយបានលេចខ្លួនឡើងក្លាយជាក្រុមបក្ខសម្ព័ន្ធដ៏មានអំណាចខ្លាំងបំផុតក្នុងប្រទេសចិននាពេលនោះ។
ពេលមកដល់ក្រុងប៉េកាំង ដួអានបានរំលាយសភាចោល ហើយក៏សម្រេចចិត្តប្រកាសសង្គ្រាមលើអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩១៧។ ជនជាតិអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីទាំងប៉ុន្មានដែលមានវត្តមាននៅលើទឹកដីចិនត្រូវបានចាប់ខ្លួនហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវរឹបអូស។ កម្មករចិនប្រហែល ១៧៥,០០០ នាក់បានស្ម័គ្រចិត្តចូលបម្រើការជាក្នុងកងវរសេនាតូចបន្ទាប់ពីត្រូវអាជ្ញាធរយកប្រាក់មកទិញទឹកចិត្ត ហើយពួកគេទាំងនោះត្រូវបានបញ្ជូនទៅជួរប្រយុទ្ធនៅអឺរ៉ុប អាហ្រ្វិកខាងកើត និងតំបន់មេសូប៉ូតាមី ហើយខ្លះទៀតបានបម្រើការនៅលើនាវាផ្គត់ផ្គង់។ល។ ជាលទ្ធផល កម្មករយោធាចិនប្រមាណ ១០,០០០ នាក់បានស្លាប់ ហើយនាវា/ទូកប្រមាណ ៥០០ គ្រឿងត្រូវបាននាវាមុជទឹកសត្រូវបាញ់ពន្លិច។
នៅខែកញ្ញា ភាពមិនខ្វល់ខ្វាយនិងការមិនគោរពរបស់ដួអានចំពោះរដ្ឋធម្មនុញ្ញបានជំរុញឱ្យលោកស៊ុន យ៉ាតសេន លោកឆិន ឈុនឈាន និងសមាជិកសភាដែលត្រូវបានទម្លាក់ទាំងប៉ុន្មានរួមចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្នុងទីក្រុងក្វាងចូវ និងព្រមទាំងបង្កើតកងទ័ពការពាររដ្ឋធម្មនុញ្ញ (ភាសាចិន៖ 護法軍) ដើម្បីប្រឆាំងនឹងដួអាន។ ក្រោយមក ខេត្តភាគខាងត្បូងចំនួនប្រាំមួយផ្សេងទៀតក៏បានយល់ព្រមចុះចូលជាមួយរដ្ឋាភិបាលយោធារបស់ស៊ុននៅក្វាងចូវ។
សង្គ្រាមការពាររដ្ឋធម្មនុញ្ញបានប្រព្រឹត្តិទៅរយៈពេលមួយឆ្នាំពេញ។ សមាជិកជាច្រើននៅក្នុងរដ្ឋាភិបាលក្វាងចូវចាប់មានអារម្មណ៍ថាស៊ុនដូចជាមានអំណាចឯកសិទ្ធិពិសេសតែឯង ដូច្នេះពួកគេក៏បានអំពាវនាវឱ្យមានប្រព័ន្ធគណៈរដ្ឋមន្ត្រីដើម្បីប្រជែងនឹងអំណាចផ្ដាច់មុខរបស់ស៊ុន។ ជាលទ្ធផល រដ្ឋាភិបាលក្វាងចូវក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយមានប្រព័ន្ធគណៈរដ្ឋមន្ត្រី មានសមាជិកចំនួនប្រាំពីររូប ដែលត្រូវបានគេស្គាល់ថាគណៈកម្មាធិការគ្រប់គ្រង។ បន្ទាប់ពីត្រូវគេជម្រុះចេញពីអំណាច ស៊ុនក៏បានដកខ្លួនទៅរស់នៅទីក្រុងស៊ាងហៃ។ ចំណែកនៅទីក្រុងប៉េកាំងវិញ រដ្ឋាភិបាលរបស់ដួអានក៏ជួបវិបត្តិបញ្ហាផ្ទៃក្នុងខ្លះៗដែរ។ មេយោធាមួយចំនួននៅក្នុងបក្ខសម្ព័ន្ធដួអាន និងហ្ស៊ីលីមិនចង់ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមខេត្តភាគខាងត្បូងនោះទេដោយពួកគេគិតថាមានតែការចរចាប៉ុណ្ណោះដែលអាចបង្រួបបង្រួមជាតិទាំងមូលបាន។ ទីបំផុត មេយោធាទាំងនោះបានបង្ខំឱ្យដួអានចុះចេញពីតំណែងនៅក្នុងខែតុលា។
អាណត្តិរបស់ប្រធានាធិបតីហ្វឹង គ័រចាងក៏បានចូលមកទីបញ្ចប់ហើយលោកស៊ូ ស្ស៊ីឆាងក៏បានឡើងស្នងតំណែងបន្ត។ នៅខែកុម្ភៈ ឆ្នាំ១៩១៩ គណៈប្រតិភូមកពីខេត្តភាគខាងជើង និងភាគខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងស៊ាងហៃដើម្បីពិភាក្សាអំពីស្ថានការណ៍ប្រទេសជាតិក្រោយសង្គ្រាម។ រឿងខ្ចីប្រាក់របស់ដួអានពីជប៉ុនដើម្បីចិញ្ចឹមទ័ពអាន់ហួយបាននាំឱ្យមានការខ្វែងគំនិតគ្នាជាច្រើន ហើយការព្យាយាមបន្ថែមក្នុងការចរចាបន្តបន្ទាប់ត្រូវបានរារាំងដោយចលនាបួនឧសភា។ សង្គ្រាមការពាររដ្ឋធម្មនុញ្ញនេះបានធ្វើឱ្យប្រជាជាតិចិនទាំងមូលបែងបាក់ជាពីរនៅតាមបណ្តោយព្រំដែនខាងជើង-ត្បូង។
ប្រទេសចិនបានប្រកាសសង្រ្គាមទៅលើអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩១៧ ដោយសង្ឃឹមថានឹងអាចយកខេត្តដែលខ្លួនបានបាត់បង់ទៅជប៉ុនមកវិញ។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ បាតុកម្មនិស្សិតដ៏ធំសន្ធឹកសន្ធាប់មួយបានផ្ទុះឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសជប៉ុន។
ចលនាបួនឧសភានេះបានវិវត្តបន្តពីចលនាវប្បធម៌ថ្មីដែលកើតមានឡើងនៅរវាងឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២៣។ បាតុកម្មរបស់និស្សិតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ គឺជាចំណុចកំពូលនៃចលនាវប្បធម៌ថ្មី ហើយពាក្យនេះត្រូវបានគេប្រើជាញឹកញាប់ដោយមានអត្ថន័យស្រដៀងៗគ្នា។ អ្នកតំណាងចិនបានបដិសេធមិនហ៊ានចុះហត្ថលេខាលើសន្ធិសញ្ញាវែសៃ ដោយសារតែសម្ពាធដ៏តានតឹងពីក្រុមបាតុករនិស្សិតនៅក្នុងប្រទេស និងមតិសាធារណៈ។
នៅឆ្នាំ១៩១៧ លោកស៊ុន យ៉ាតសេនបានក្លាយជាអគ្គមេបញ្ជាការនៃរដ្ឋាភិបាលយោធាមួយនៅក្វាងទុងដោយចាប់ដៃសហការជាមួយមេដឹកនាំខេត្តភាគខាងត្បូង។ នៅខែតុលា ឆ្នាំ១៩១៩ លោកបានបង្កើតបក្សគួមីនតាងឡើងវិញ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
នៅឆ្នាំ១៩២១ ស៊ុនបានក្លាយជាប្រធាននៃរដ្ឋាភិបាលខាងត្បូង។ បន្ទាប់ពីមិនបានទទួលសំឡេងគាំទ្រអ្វីពីបស្ចិមលោក ស៊ុនក៏បានបង្វែរខ្លួនទៅសុំជំនួយពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩២០។ សូវៀតបានយល់ព្រមផ្តល់ជំនួយហើយបានចេញគោលការណ៍គាំទ្រទាំងរដ្ឋាភិបាលរបស់ស៊ុន និងគណបក្សកុម្មុយនីស្តចិនដែលទើបបង្កើតឡើងថ្មីៗ។
នៅឆ្នាំ១៩២២ សម្ព័ន្ធភាពរវាងគួមីនតាងនិងស្ដេចត្រាញ់នៅក្វាងចូវបានបែកបាក់ ហើយស៊ុនក៏បានរត់ភៀសខ្លួនទៅទីក្រុងសៀងហៃ។ ពេលទៅដល់ក្រុងសៀងហៃ ស៊ុនក៏យល់ឃើញថា ដើម្បីបំពេញតម្រូវការរបស់ខ្លួនបានទាន់តែត្រូវមានជំនួយពីសហភាពសូវៀត។ ក្នុងឆ្នាំ១៩២៣ សេចក្តីថ្លែងការណ៍រួមមួយបានប្រកាសដោយស៊ុន និងតំណាងសូវៀតនៅទីក្រុងសៀងហៃដោយក្នុងនោះ បក្សទាំងពីរបានសន្យាទទួលយកជំនួយសូវៀតដើម្បីបង្រួបបង្រួមប្រជាជាតិចិន។ នៅឆ្នាំដដែរ ទីប្រឹក្សាសូវៀតបានចាប់ផ្តើមចុះមកប្រទេសចិនដើម្បីជួយរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបង្រួបបង្រួមបក្សគួមីនតាង តាមមាគ៌ារបស់បក្សកុម្មុយនីស្តនៃសហភាពសូវៀត និងបង្កើតរណសិរ្សរួបរួមទីមួយឡើង។
បក្សកុម្មុយនីស្តចិនគឺនៅមានទំហំតូចនៅឡើយ (សមាជិកចំនួន ៣០០ នាក់នៅឆ្នាំ១៩២១ និងត្រឹម ១,៥០០ នាក់នៅឆ្នាំ១៩២៥ ប៉ុណ្ណោះ) ដូច្នេះ ទីប្រឹក្សាសូវៀតក៏បានណែនាំឱ្យចងសម្ព័ន្ធភាពជាមួយបក្សគួមីនតាងដែលមានសមាជិករហូតដល់ទៅ ១៥០,០០០ នាក់ឯណោះក្នុងឆ្នាំ១៩២២។ មិនតែប៉ុណ្ណោះ ទីប្រឹក្សាសូវៀតបានក៏បានជួយបង្កើតវិទ្យាស្ថាននយោបាយគួមីនតាងដើម្បីបណ្តុះបណ្តាលអ្នកឃោសនានយោបាយឱ្យចេះពីបច្ចេកទេសប្រមូលចលនាមហាជន ហើយនៅឆ្នាំ១៩២៣ ពួកគេបានបញ្ជូនលោកឈៀង កៃសេក ដែលត្រូវជាអតីតអនុសេនីយ៍ម្នាក់របស់ស៊ុន ទៅសិក្សាផ្នែកយោធា និងនយោបាយនៅទីក្រុងម៉ូស្គូរយៈពេលបីទៅបួនខែ។ បន្ទាប់ពីបានវិលត្រឡប់មកវិញនៅចុងឆ្នាំ១៩២៣ ឈៀងបានចូលរួមបង្កើតបណ្ឌិរសភាយោធាវាំប៉ូអានៅក្រៅទីក្រុងក្វាងចូវ ដែលជាទីអាសនៈរបស់រដ្ឋាភិបាលក្រោមសម្ព័ន្ធភាពគួមីនតាង–បក្សកុម្មុយនីស្តចិន។ នៅឆ្នាំ១៩២៤ ឈៀងបានក្លាយជាប្រមុខនៃបណ្ឌិតសភានោះ ហើយប្រជាប្រិយភាពរបស់លោកក៏បានលេចឡើងដែលជាហេតុនាំឱ្យឈៀងអាចឡើងជាអ្នកស្នងតំណែងរបស់ស៊ុនក្នុងនាមជាប្រមុខនៃបក្សគួមីនតាង និងអ្នកបង្រួបបង្រួមប្រទេសចិនទាំងមូលឱ្យស្ថិតនៅក្រោមរដ្ឋាភិបាលជាតិនិយម។
ស៊ុន យ៉ាតសេន បានទទួលមរណៈភាពដោយជំងឺមហារីកនៅទីក្រុងប៉េកាំងក្នុងខែមីនា ឆ្នាំ១៩២៥ ខណៈដែលចលនាជាតិនិយមរបស់លោកកំពុងបន្តរំលេចខ្លួនជាកម្លាំងដ៏ខ្លាំងក្លាមួយនៅចិន។ នៅអំឡុងនិទាឃរដូវនៃឆ្នាំ១៩២៥ ឈៀងក្នុងនាមជាអគ្គមេបញ្ជាការនៃកងទ័ពបដិវត្តន៍ជាតិ បានលើកទ័ពផ្ដើមបេសកកម្មភាគខាងជើងប្រឆាំងនឹងពួកស្ដេចត្រាញ់ដែលមានទីមូលដ្ឋាននៅភាគខាងជើងប្រទេសចិន។ ត្រឹមរយៈប្រាំមួយខែប៉ុណ្ណោះ ទឹកដីប្រទេសចិនជាងពាក់កណ្ដាលបានស្ថិតនៅក្រោមការកាន់កាប់របស់គួមីនតាង។ ប៉ុន្តែនៅក្នុងឆ្នាំ១៩២៦ គួមីនតាងបានបាត់បង់សាមគ្គីភាពផ្ទៃក្នុង ហើយត្រូវបានបែងចែកជាពីរបក្សពួក ពោលគឺក្រុមឆ្វេងនិយម និងស្ដាំនិយម ខណៈដែលប្លុកកុម្មុយនីស្ដកំពុងកើនប្រជាប្រិយភាព។
នៅខែមីនា ឆ្នាំ១៩២៦ ឈៀងបានបណ្តេញទីប្រឹក្សាសូវៀតភ្លាមៗ និងថែមទាំងដាក់កំហិតលើសមាជិកបក្សកុម្មុយនីស្តចិនក្នុងគោលបំណងមិនចង់ឱ្យពួកគេក្លាយជាសមាជិកនៃថ្នាក់ដឹកនាំកំពូលគួមីនតាង។ សហភាពសូវៀតនៅតែសង្ឃឹមថាខ្លួននឹងអាចការពារសម្ព័ន្ធភាពគួមីនតាង-កុម្មុយនីស្តមិនឱ្យបែកបាក់បាន ដូច្នេះក៏បានបញ្ជាឱ្យក្រុមកុម្មុយនីស្តសម្ងាត់ចេញមុខជួយគាំទ្រដល់បេសកកម្មភាគខាងជើង។
នៅដើមឆ្នាំ១៩២៧ ស្ថានភាពនៅក្នុងសម្ព័ន្ធភាពគួមីនតាង-កុម្មុយនីស្តកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ បក្សកុម្មុយនីស្តចិន និងក្រុមឆ្វេងនិយមនៃបក្សគួមីនតាងបានសម្រេចចិត្តផ្លាស់ប្តូរទីអាសនៈនៃរដ្ឋាភិបាលជាតិនិយមខ្លួនពីទីក្រុងក្វាងចូវទៅក្រុងអ៊ូហាន។ ដោយឃើញថាបេសកកម្មភាគខាងជើងរបស់ខ្លួនបានកំពុងទទួលបានផ្លែផ្កាល្អ ឈៀងក៏បានលើកកងកម្លាំងគួមីនតាងទៅកម្ទេចក្រុមកុម្មុយនីស្តនៅឯទីក្រុងស៊ាងហៃ និងបង្កើតរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅក្រុងណានជីង។ នៅវេលានោះ រដ្ឋធានីក្នុងប្រទេសចិនក៏បានកើនឡើងរហូតដល់ទៅបី៖ ទីមួយគឺរបបស្ដេចត្រាញ់នៅប៉េកាំងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ឯទីពីរគឺ របបកុម្មុយនីស្តនិងឆ្វេងនិយមនៅអ៊ូហាន និងទីបីគឺរបបស៊ីវិល-យោធាស្តាំនិយមនៅណានជីង។
គោលនយោបាយថ្មីមួយដែលប្រកាសដោយអង្គការកូមីនទើនបានអំពាវនាវដល់បក្សកុម្មុយនីស្តចិនឱ្យជួយជំរុញចលនាបះបោរទាំងក្នុងទីក្រុង និងទីជនបទ។ ជាលទ្ធផល សកម្មភាពបះបោរជាច្រើនបានកើតមានឡើងនៅតាមទីក្រុងមួយចំនួន និងតាមជនបទ ប៉ុន្តែសុទ្ធតែទទួលបរាជ័យ។
នៅឆ្នាំ១៩២៨ ប្រទេសចិនទាំងមូលត្រូវបានប្រកាសក្រោមការគ្រប់គ្រងរបស់ឈៀង ហើយរដ្ឋាភិបាលក្រុងណានជីងបានត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់តែមួយនៃប្រទេសចិន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលគួមីនតាងបានប្រកាសថា ដោយអនុលោមតាមរូបមន្តរបស់ស៊ុន យ៉ាតសេន សម្រាប់ដំណាក់កាលបដិវត្តន៍ចំនួនបី (គឺការបង្រួបបង្រួមដោយប្រើអំណាចយោធា ការបង្រួបបង្រួមនយោបាយ និងស្ថាបនាសង្គមប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ) ប្រទេសចិនបានឈានដល់ដំណាក់កាលទីមួយ ហើយនឹងចាប់ផ្តើមដំណាក់កាលទីពីរ ដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់គួមីនតាងសុទ្ធសាទ។
"ទសវត្សរ៍ណានជីង" នៃឆ្នាំ១៩២៨-៣៧ គឺជាដំណើរបង្រួបបង្រួម និងជាសមិទ្ធិផលមួយក្រោមការដឹកនាំរបស់ក្រុមជាតិនិយម ដោយក្នុងទសវត្សរ៍នេះ ប្រទេសចិនបានខិតខំប្រឹងអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម លទ្ធិប្រជាធិបតេយ្យ និងការច្នៃប្រឌិតវប្បធម៌របស់ខ្លួន។ ទិដ្ឋភាពដ៏អាក្រក់មួយចំនួននៃសម្បទាន និងឯកសិទ្ធិបរទេសនៅក្នុងប្រទេសចិន ត្រូវបានសម្របសម្រួលតាមរយៈការទូត។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជាតិនិយមថែមទាំងបានធ្វើទំនើបកម្មប្រព័ន្ធច្បាប់ និងព្រហ្មទណ្ឌ ស្ថិរភាពតម្លៃ រំលោះបំណុល កែទម្រង់ប្រព័ន្ធធនាគារ និងរូបិយប័ណ្ណ សាងសង់ផ្លូវដែក និងមហាវិថីនានា កែលម្អសុខូបត្ថម្ភវត្ថុសុខភាពសាធារណៈ ច្បាប់ប្រឆាំងចរាចរណ៍គ្រឿងញៀន និងបង្កើនផលិតកម្មឧស្សាហកម្ម និងកសិកម្ម។ល។ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៣៥ កំណែទម្រង់រូបិយវត្ថុហ្វីអាតបានធ្វើឱ្យតម្លៃផលិតផលក្នុងស្រុកនានាមានស្ថិរភាពភ្លាមៗ និងថែមទាំងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលផងដែរ។ លើសពីនេះ រដ្ឋាភិបាលជាតិនិយមឈៀងក៏បានធ្វើកំណែទម្រង់លើវិស័យអប់រំទៀងផង ហើយដើម្បីជួយបង្រួបបង្រួមសង្គមចិនទាំងមូល អាជ្ញាធរបានប្រកាសពីកម្មវិធីផ្សព្វផ្សាយភាសាចិនបែបទំនើបទៅទូទាំងគ្រប់ផ្ទៃប្រទេស។
ច្បាប់មួយចំនួនត្រូវបានអនុម័តដើម្បីលើកកម្ពស់សិទ្ធិនារី ហើយភាពងាយស្រួលនិងល្បឿននៃការទំនាក់ទំនងបានជួយឱ្យរដ្ឋាភិបាលផ្តោតលើបញ្ហាសង្គមនានា រួមទាំងនៅតាមតំបន់ជនបទផងដែរ។ ក្រៅពីនេះ សេរីភាពនយោបាយត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងដោយសារតែគោលនយោបាយរបស់គួមីនតាង ហើយជារឿយៗ រដ្ឋអំណាចតែងប្រើអំពើហិង្សាដើម្បីបង្ក្រាបចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល។
នៅសម័យនេះ ជម្លោះប្រដាប់អាវុធមួយចំនួនបានកើតឡើងនៅប៉ែកខាងលិចប្រទេសចិនដូចជា៖ ការបះបោរគូមូល សង្រ្គាមចិន-ទីបេ និងការឈ្លានពានរបស់សូវៀតលើស៊ីនជាំង។ ទោះបីជារដ្ឋាភិបាលកណ្តាលត្រូវបានប្រកាសជាអ្នកគ្រប់គ្រងដឹកនាំប្រទេសទាំងមូលក្ដី ប៉ុន្តែតំបន់ជាច្រើននៃប្រទេសចិននៅតែស្ថិតក្រោមអំណាចស្វយ័តរបស់ស្ដេចត្រាញ់ក្នុងតំបន់ មេដឹកនាំយោធាថ្នាក់ខេត្ត ឬសម្ព័ន្ធភាពស្ដេចត្រាញ់ផ្សេងៗ។ រដ្ឋាភិបាលជាតិនិយមចិនមានអំណាចគ្រប់គ្រងក្នុងតំបន់ភាគខាងកើតនៅជុំវិញរដ្ឋធានីណានជីងខ្លាំងបំផុត ប៉ុន្តែមេយោធាដូចជា ហ្វឹង យូស៊ាំង និងយិន ស៊ីសានបានបន្តរក្សាសិទ្ធិអំណាចក្នុងតំបន់រៀងៗខ្លួន។
ដោយត្រូវការវត្ថុធាតុដើមជាចាំបាច់ និងសម្ពាធនៃកំណើនប្រជាជន ចក្រភពជប៉ុនបានប្រកាសចូលវាយកាន់កាប់តំបន់ម៉ាន់ជូរីនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣១ ហើយបានតម្លើងអតីតព្រះអធិរាជនៃរាជវង្សឈីងព្រះនាមភូយីជាព្រះប្រមុខរដ្ឋនៃរដ្ឋអាយ៉ងម៉ាន់ជូគួនៅក្នុងឆ្នាំ១៩៣២។ ការបាត់បង់ទឹកដីម៉ាន់ជូរី និងផលប្រយោជន៍ឧស្សាហកម្មរបស់វា បានប៉ះពាល់ដល់សេដ្ឋកិច្ចគួមីនតាងយ៉ាងធ្ងន់ធ្ងរ។
កងទ័ពជប៉ុនបានចាប់ផ្តើមវាយចេញពីភាគខាងត្បូងនៃមហាកំផែងចិនចូលក្នុងតំបន់ភាគខាងជើងប្រទេសចិន និងបណ្ដាខេត្តជាប់មាត់សមុទ្រ។ ក្រោយពីបានទ្រាំទ្រនឹងជម្លោះសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកនេះ កំហឹងរបស់ប្រជាជនចិនបានរុលឆេះកាន់តែសន្ធោសន្ធៅដោយពួកគេមិនត្រឹមតែសម្តែងការមិនពេញចិត្តស្អប់ខ្ពឹមចំពោះប្រទេសជប៉ុនតែមួយនោះទេតែថែមទាំងដល់រដ្ឋាភិបាលក្រុងណានជីងទៀតដែរ ព្រោះរដ្ឋាភិបាលឈៀងបានផ្តោតលើការបង្ក្រាបក្រុមបះបោរកុម្មុយនីស្តក្នុងស្រុកច្រើនជាជាងទប់ទល់ប្រឆាំងនឹងការឈ្លានពានពីបរទេស។ ឧប្បត្តិហេតុស៊ីអានក្នុងឆ្នាំ១៩៣៦ បានបង្ខំឱ្យឈៀងចងសម្ព័ន្ធភាពជាមួយបក្សពួកកុម្មុយនីស្តក្នុងស្រុកដើម្បីប្រឆាំងនឹងការចូលឈ្លានពានរបស់ជប៉ុន។
ទីបំផុតនៅក្រោយថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៣៧ ចិនបានពង្រឹងការតបទល់ប្រឆាំងនឹងជប៉ុនបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងចិន និងជប៉ុននៅខាងក្រៅទីក្រុងប៉េកាំង ពោលគឺនៅក្បែរស្ពានម៉ាកូប៉ូឡូ។ ចំណែកឯទីក្រុងស៊ាងហៃវិញបានដួលរលំបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបីខែដោយខាងភាគីជប៉ុនបានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងជួរកងទ័ពដីគោកនិងទ័ពជើងទឹក។ រដ្ឋធានីណានជីងបានដួលរលំនៅក្នុងខែធ្នូ ឆ្នាំ១៩៣៧ ហើយជាលទ្ធផល ទាហានជប៉ុនបានប្រើយុទ្ធសាស្ត្រសម្លាប់រង្គាលើប្រជាជនក្នុងក្រុង ដែលគេច្រើនស្គាល់ថា វិនាសការណានជីង។ រដ្ឋធានីជាតិក៏បានផ្លាស់ប្តូរទៅក្រុងអ៊ូហានមួយរយៈពេលខ្លី បន្ទាប់មកទៅទីក្រុងឆុងឈីងរហូតដល់ឆ្នាំ១៩៤៥។ នៅឆ្នាំ១៩៤០ របបថ្មីមួយត្រូវបានប្រកាសបង្កើតនៅទីក្រុងណានជីងដោយបានអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់នៃសាធារណរដ្ឋចិន ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលជីងវៃមិនត្រូវបានគេទទួលស្គាល់ឡើយព្រោះដោយសារសាមីខ្លួនជារដ្ឋអាយ៉ងរបស់ជប៉ុន។
រណសិរ្សរួបរួមជាតិបានផ្តល់ផលប្រយោជន៍ជាច្រើនដល់បក្សកុម្មុយនីស្តចិន។ នៅក្រោយឆ្នាំ១៩៤០ ជម្លោះរវាងបក្សសម្ព័ន្ធទាំងពីរបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន។ ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមប៉ាស៊ីហ្វិកក្រោយឆ្នាំ១៩៤១ បានផ្លាស់ប្តូរទំនាក់ទំនងរបស់គូបក្សសម្ព័ន្ធនេះទាំងស្រុង។ ក្រុមកុម្មុយនីស្តបានខិតខំពង្រីកឥទ្ធិពលរបស់ពួកគេនៅរាល់ទីកន្លែងណាដែលខ្លួនគិតថាអាចមានឱកាសផ្សព្វផ្សាយពីលទ្ធិកុម្មុយនីស្តតាមរយៈអង្គការមហាជន កំណែទម្រង់រដ្ឋបាលនិងដីធ្លី និងពន្ធអនុគ្រោះដល់កសិករ ខណៈដែលបក្សគួមីនតាងវិញបានព្យាយាមទប់ទល់នឹងការរីករាលដាលនៃឥទ្ធិពលកុម្មុយនីស្តក្នុងស្រុក។
នៅឆ្នាំ១៩៤៥ សាធារណរដ្ឋចិនបានងើបខ្លួនចេញពីសង្រ្គាមក្នុងនាមជាមហាអំណាចយោធាមួយ ប៉ុន្តែតាមការពិត ចិនកាលនុះជារដ្ឋដែលមានសេដ្ឋកិច្ចខ្សោយដុនដាប និងនិងកំពុងស្ថិតក្នុងកាលបុរេសង្រ្គាមស៊ីវិល។ សេដ្ឋកិច្ចបន្តដាំក្បាលចុះដោយតម្រូវការផ្នែកយោធានៃសង្គ្រាមនៅបរទេស វិវាទផ្ទៃក្នុង កំណើនអតិផរណា និងដោយការកេងប្រវ័ញ្ចផ្សេងៗរបស់អ្នកនយោបាយជាតិនិយម។ ភាពអត់ឃ្លានបានកើតមានឡើងបន្ទាប់ពីសង្គ្រាម ហើយមនុស្សរាប់លាននាក់បានបាត់បង់ផ្ទះសម្បែងដោយគ្រោះទឹកជំនន់ និងស្ថានភាពផ្សេងៗដែលពិបាកដោះស្រាយនៅក្នុងផ្នែកជាច្រើននៃប្រជាជាតិចិន។ ស្ថានការណ៍ក្នុងស្រុកកាន់តែមានភាពស្មុគស្មាញជាមុន នៅពេលដែលសន្និសិទទីក្រុងយ៉ាល់តាបានចុះនៅខែកុម្ភៈ ឆ្នាំ១៩៤៥ ដែលបានអនុញ្ញាតឱ្យកងទ័ពសូវៀតបម្លាស់ចូលមកក្នុងតំបន់ម៉ាន់ជូរីដើម្បីពន្លឿនការបញ្ចប់សង្គ្រាមជាមួយជប៉ុន។ ថ្វីត្បិតតែមិនមានវត្តមាននៃគណៈប្រតិភូចិននៅទីក្រុងយ៉ាល់តាក្ដី ក៏ថ្នាក់ដឹកនាំចិនបានទទួលការប្រឹក្សា និងបានយល់ព្រមជាមុនឱ្យសូវៀតចូលប្រឡូកក្នុងសង្រ្គាមដោយជឿថាសហភាពសូវៀតនឹងដោះស្រាយបញ្ហាតែជាមួយរដ្ឋាភិបាលគួមីនតាងប៉ុណ្ណោះ។
ក្រោយសង្គ្រាមបានបញ្ចប់នៅខែសីហា ឆ្នាំ១៩៤៥ រដ្ឋាភិបាលជាតិនិយមបានផ្លាស់រដ្ឋធានីត្រឡប់មកទីក្រុងណានជីងវិញ។ ដោយមានជំនួយពីសហរដ្ឋអាមេរិក កងទ័ពជាតិនិយមបានចល័តទៅទទួលស្គាល់ការចុះចាញ់របស់ជប៉ុននៅប៉ែកខាងជើងប្រទេសចិន។ ដោយជាប់ជាមួយកិច្ចព្រមព្រៀងក្រុងយ៉ាល់តា សហភាពសូវៀតបានរុះរើ និងរឹបអូសឧបករណ៍ឧស្សាហកម្មដែលបន្សល់ទុកដោយជប៉ុនជាងពាក់កណ្តាល។ មិនតែប៉ុណ្ណោះ វត្តមានរបស់សូវៀតនៅភាគឦសាននៃប្រទេសចិនបានអនុញ្ញាតឱ្យយុទ្ធជនកុម្មុយនីស្តចិនចូលទៅតំបន់ម៉ាន់ជូរីដើម្បីប្រមូលគ្រឿងសឹកដែលនៅសេសសល់ពីកងទ័ពជប៉ុន។ ក្រៅពីនេះទៀតនោះ រដ្ឋាភិបាលគួមីនតាងបានព្យាយាមស្តារស្ថេរភាពនៅរាល់តំបន់ដែលធ្លាប់ស្ថិតក្រោមការកាន់កាប់របស់ជប៉ុន និងកសាងប្រទេសជាតិឡើងវិញពីមហន្តរាយនៃសង្រ្គាមដែលបានអូសបន្លាយក្នុងរយៈពេលយ៉ាងយូរកន្លងមក។
នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានលេចខ្លួនឡើងជាតួអង្គដ៏សំខាន់នៅក្នុងកិច្ចការប្រទេសចិន។ ក្នុងនាមជាសម្ព័ន្ធមិត្តមួយ នៅចុងឆ្នាំ១៩៤១ អាមេរិកបានចេញប្រតិបត្តិកម្មវិធីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់រដ្ឋាភិបាលជាតិនិយមចិនដែលកំពុងរងសម្ពាធដ៏ធ្ងន់ធ្ងរពីសង្គ្រាម។ នៅខែមករា ឆ្នាំ១៩៤៣ សហរដ្ឋអាមេរិក និងអង់គ្លេសបានរួមគ្នាត្រួតពិនិត្យរាល់សន្ធិសញ្ញាជាមួយប្រទេសចិនក្នុងគោលបំណងបញ្ចប់នូវសន្ធិសញ្ញាវិសមភាពកន្លងមករវាងលោកខាងលិច និងប្រជាជាតិចិន។ ក្នុងរយៈពេលពីរបីខែក្រោយមក កិច្ចព្រមព្រៀងថ្មីមួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិនដើម្បីបញ្ឈរជើងកងទ័ពអាមេរិកនៅក្នុងទឹកដីប្រទេសចិនតបទល់នឹងជប៉ុន។ នៅខែធ្នូ ឆ្នាំ១៩៤៣ ច្បាប់បណ្ដេញជនជាតិចិននៃទសវត្សរ៍ឆ្នាំ១៨៨០ និងរាល់ច្បាប់ដែលរឹតបន្តឹងជនអន្តោប្រវេសន៍ចិនចូលមករស់នៅសហរដ្ឋអាមេរិកត្រូវបានលុបចោលទាំងស្រុង។
គោលនយោបាយសម័យសង្គ្រាមរបស់សហរដ្ឋអាមេរិកដំបូងគឺការជួយប្រទេសចិនឱ្យក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាកម្លាំងស្ថិរភាពមួយនៅអាស៊ីបូព៌ាក្រោយពេលសង្រ្គាមបានបញ្ចប់។ ក៏ប៉ុន្តែនៅពេលជម្លោះរវាងបក្សគួមីនតាង និងក្រុមកុម្មុយនីស្តផ្ទុះឡើង សហរដ្ឋអាមេរិកបានទទួលបរាជ័យក្នុងការសម្របសម្រួលភាគីទាំងពីរឱ្យផ្តោតលើការតបទល់នឹងជប៉ុន។ នៅចុងសង្រ្គាម កងកម្លាំងជើងទឹកអាមេរិកបានទទួលបញ្ជាឱ្យការពារទីក្រុងប៉េកាំង និងធានជីនដោយខ្លាចថាកងទ័ពសូវៀតអាចនឹងជ្រុលវាយមកដល់រដ្ឋធានីជាតិចិន ហើយការសម្រួលដឹកជញ្ជូនយោធាផ្សេងៗដល់កងកម្លាំងគួមីនតាងនៅភាគខាងជើង និងភាគឦសាននៃប្រទេសចិន។
ដោយទទួលឥទ្ធិពលពីសហរដ្ឋអាមេរិក យុទ្ធវិស្រមយោធាមួយត្រូវបានចុះនៅខែមករា ឆ្នាំ១៩៤៦ ប៉ុន្តែទោះជាយ៉ាងណា ការប្រយុទ្ធគ្នានូវតែបន្តទៅមុខដដែរ។ អសមត្ថភាពរដ្ឋបាលរបស់រដ្ឋាភិបាលសាធារណរដ្ឋចិនត្រូវបានលើកយកមកពិភាក្សាជាច្រើនដងដោយប្រជារាស្ដ្រចិន និងដោយមានការញុះញង់ពីបក្សកុម្មុយនីស្តបន្ថែមទៀតនោះ និស្សិតទូទាំងប្រទេសក៏បានចេញធ្វើបដិវាទកម្មប្រឆាំងនឹងគួមីនតាង។ ដោយយល់ដឹងថាខ្លួនមិនអាចបញ្ឈប់សង្រ្គាមប្រដាប់អាវុធស៊ីវិលចិនបាន សហរដ្ឋអាមេរិកក៏សម្រេចដកបេសកកម្មដែលដឹកនាំដោយឧត្តមសេនីយ៍ចច ម៉ាសាល់ចោលនៅដើមឆ្នាំ១៩៤៧។ សង្គ្រាមស៊ីវិលកាន់តែរីករាលដាលធំៗឡើង ហើយការប្រយុទ្ធគ្នានេះមិនត្រឹមតែសម្រាប់តែដើម្បីដណ្ដើមកាន់កាប់ទឹកដីតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ដណ្ដើមភក្ដីភាពប្រជាជនផងដែរ។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់បក្សជាតិនិយមជាថវិកាកម្ចី និងគ្រឿងសឹកជាច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមិនបានផ្តល់ជំនួយជាកម្លាំងប្រយុទ្ធអ្វីនោះឡើយ។
រដ្ឋាភិបាលនៃសាធារណរដ្ឋចិនបានខិតខំប្រឹងប្រែងទាក់ទាញការគាំទ្រតាមរយៈការធ្វើកំណែទម្រង់ផ្ទៃក្នុងផ្សេងៗ។ តែទោះជាយ៉ាងនេះក្តី ការព្យាយាមរបស់គួមីនតាងក្នុងដំណាក់កាលនេះមិនបានផ្តល់ប្រយោជន៍អ្វីនោះទេ ព្រោះដោយសារតែកំណើនអំពើពុករលួយក្នុងជួររដ្ឋាភិបាល និងភាពវឹកវរផ្នែកនយោបាយ និងសេដ្ឋកិច្ច។ នៅចុងឆ្នាំ១៩៤៨ គោលជំហរគួមីនតាងបានស្រុតចុះបន្តិចម្តងៗ។ កងទ័ពគួមីនតាងមិនមានចិត្តមានះ និងវិន័យច្បាស់លាស់នោះទេ បើប្រៀបទៅនឹងកងទ័ពក្រហមចិនដែលមានការជំរុញជម្រែង និងវិន័យតឹងរឹង។
ថ្វីបើពួកគួមីនតាងមានគុណសម្បត្តិច្រើនដូចជា ចំនួនទាហាននិងសព្វាវុធ ការគ្រប់គ្រងលើទឹកដីនិងចំនួនប្រជាជនធំជាងសត្រូវ និងការទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងច្រើនកុះករក៏ពិតមែន ប៉ុន្តែពួកគេបានខ្សត់កម្លាំងជាធំដោយសារតែសង្រ្គាមដ៏យូរអន្លាយជាមួយជប៉ុន និងការឈ្លោះប្រកែកគ្នាក្នុងចំណោមមេទ័ពមួយចំនួន។ ម៉្យាងវិញទៀតនោះ ពួកគេបានកំពុងតែចាញ់សង្រ្គាមឃោសនាទៅលើបក្សកុម្មុយនីស្តចិន ដោយប្រជាជនមានការនឿយហត់នឹងអំពើពុករលួយរបស់គួមីនតាង និងប្រាថ្នាចង់បានសន្តិភាព។
នៅអំឡុងខែមករា ឆ្នាំ១៩៤៩ ទីក្រុងប៉េកាំងត្រូវបានកងយោធាកុម្មុយនីស្តចូលកាន់កាប់។ នៅចន្លោះខែមេសា ដល់ខែវិច្ឆិកា ទីក្រុងធំៗជាច្រើនបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត ដោយមិនសូវមានការតបទល់បង្ហូរឈាមគ្នាច្រើន។ ទីបំផុតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ពួកកុម្មុយនីស្តក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើង។
នៅក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ លោកឈៀង កៃសេក រួមជាមួយកងទ័ពសាធារណរដ្ឋចិនប្រមាណពីរបីសែននាក់ និងជនភៀសខ្លួនចំនួនពីរលាននាក់ទៀតដែលពួកគេភាគច្រើនជាមន្ត្រីរដ្ឋាភិបាល និងធុរកិច្ចជន បាននាំគ្នាភៀសខ្លួនពីចិនដីគោកទៅកាន់កោះតៃវ៉ាន់។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៩ ឈៀងបានប្រកាសទីក្រុងតៃប៉ិជារដ្ឋធានីបណ្តោះអាសន្ននៃសាធារណរដ្ឋចិន។
ក្នុងអំឡុងសង្គ្រាមស៊ីវិល ទាំងភាគីជាតិនិយម និងកុម្មុយនីស្តបានប្រព្រឹត្តអំពើឃោរឃៅកាប់សម្លាប់មនុស្សរាប់លាននាក់ដូចៗគ្នាដោយក្នុងនោះរួមមានទាំងជនស៊ីវិលផង។[1] លោកបេនចាមីន វ៉ាឡិនទីណូបានប៉ាន់ប្រមាណថា សង្គ្រាមស៊ីវិលចិនបានបង្កឱ្យមានមនុស្សស្លាប់ចន្លោះពី ១.៨ លាននាក់ទៅ ៣.៥ លាននាក់នៅរវាងឆ្នាំ១៩២៧ និងឆ្នាំ១៩៤៩។ ករណីស្លាប់ទាំងនោះច្រើនកើតមានឡើងលើទាហានកេណ្ឌ និងដោយសារការសម្លាប់រង្គាលនានា។[2]
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៤៥ នៅឯសាវនដ្ឋានចុងសាន រដ្ឋាភិបាលជប៉ុននៅតៃវ៉ាន់បានទទួលចុះចាញ់ចំពោះលោកឆិន យីដែលត្រូវជាតំណាងនៃសាធារណរដ្ឋចិន និងតំណាងនៃមហាអំណាចសម្ព័ន្ធមិត្ត។[3] ក្រោយមក សាធារណរដ្ឋចិនក៏ដាក់តៃវ៉ាន់ក្រោមអំណាចរដ្ឋបាលរបស់ខ្លួន។ នៅឆ្នាំ១៩៥១ ប្រទេសជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាទីក្រុងសានហ្វ្រានស៊ីស្កូ ប៉ុន្តែដោយសារតែស្ថានភាពមិនច្បាស់លាស់នៃសង្រ្គាមស៊ីវិលនៅចិន សន្ធិសញ្ញាសន្តិភាពមួយនេះមិនបានចង្អុលបង្ហាញដោយលម្អិតថា អធិបតេយ្យភាពរបស់តៃវ៉ាន់ជារបស់នរណាឱ្យប្រាកដឡើយ។ នៅក្នុងមាត្រាទីពីរនៃសន្ធិសញ្ញាទីក្រុងតៃប៉ិឆ្នាំ១៩៥២ ជប៉ុនបានរំលឹកឡើងវិញនូវការបំបង់ចោលអធិបតេយ្យភាពរបស់ខ្លួនលើតៃវ៉ាន់។
នៅខែតុលា ឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិន (សបច) បានព្យាយាមវាយដណ្តើមយកកោះគីនមិនរបស់សាធារណេដ្ឋចិន (សច) តែមិនបានទទួលជោគជ័យឡើយដែលនាំឱ្យដំណើរឈ្លានពានតៃវ៉ាន់ផ្អាកដំណើរការមួយរយៈខ្លី។ ទោះជាយ៉ាងណា ប្រតិបត្តិការតាមផ្លូវសមុទ្ររបស់ចិនកុម្មុយនីស្តនៅឆ្នាំបន្ទាប់បានទទួលនូវលទ្ធផលជោគជ័យយ៉ាងខ្លាំង៖ សបច បានលើកទ័ពទៅវាយកោះហៃណាននៅខែមេសា ឆ្នាំ១៩៥០ ហើយបានវាយយកប្រជុំកោះវ៉ានសាន (ឧសភា–សីហា ១៩៥០) និងកោះជូសាន (ឧសភា ១៩៥០)។[4]
នៅខែមិថុនា ឆ្នាំ១៩៤៩ សាធារណរដ្ឋចិនបានប្រកាស"បិទ"កំពង់ផែចិនដីគោកទាំងអស់ ហើយបញ្ជាឱ្យកងទ័ពជើងទឹករបស់ខ្លួនចេញស្ទាក់ចាប់រាល់នាវាបរទេសទាំងអស់ក្នុងតំបន់។ ការបិទផ្លូវទឹកនេះបានរាប់ចាប់ពីចំណុចប៉ែកខាងជើងនៃមាត់ទន្លេមីនក្នុងខេត្តហ្វូជៀនរហូតដល់មាត់ទន្លេលីអាវនៅម៉ាន់ជូរី។[5] ខណៈដែលបណ្តាញផ្លូវដែកនៅចិនដីគោកនៅមានកម្រិតអភិវឌ្ឍតិចតួច ដូច្នេះពាណិជ្ជកម្មខាងជើង-ត្បូងត្រូវពឹងផ្អែកលើផ្លូវសមុទ្រស្ទើរទាំងស្រុង។
បន្ទាប់ពីបាត់បង់ចិនដីគោកទៅពួកកុម្មុយនីស្ដ ក្រុមទាហានគួមីនតាងប្រមាណ ១២,០០០ នាក់បានរត់ទៅកាន់ប្រទេសភូមា ហើយនៅទីនោះ ពួកគេបានបើកការវាយប្រហារបែបទ័ពព្រៃចូលទៅក្នុងតំបន់ខាងត្បូងប្រទេសចិន។ មេដឹកនាំរបស់ក្រុមនេះគឺឧត្តមសេនីយ៍លី មី ត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋចិន និងផ្តល់ងារជាអភិបាលខេត្តយូណាន។ ដំបូងឡើយ សហរដ្ឋអាមេរិកបានគាំទ្រក្រុមយុទ្ធជនទាំងនេះដោយផ្ដល់ជំនួយតាមរយៈទីភ្នាក់ងារស៊ើបការណ៍កណ្តាល (សេអ៊ីអា)។ ក៏ប៉ុន្ដែ បន្ទាប់ពីរដ្ឋាភិបាលភូមាបានអំពាវនាវពីរឿងនេះទៅកាន់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៥៣ សហរដ្ឋអាមេរិកក៏ចាប់ផ្តើមដាក់សម្ពាធលើសាធារណរដ្ឋចិនឱ្យដកក្រុមកុបកម្មខ្លួនចេញពីភូមា។ នៅចុងឆ្នាំ១៩៥៤ ទាហានជិត ៦,០០០ នាក់បានលើកចេញពីប្រទេសភូមា ហើយលី មីបានប្រកាសថាកងទាហានរបស់លោកត្រូវបានរំសាយចោលទាំងស្រុង។ ទោះយ៉ាងណា ទាហានរាប់ពាន់នាក់នៅតែបន្ដមានវត្តមាននៅភូមា ហើយសាធារណរដ្ឋចិននៅតែបន្តគាំទ្រ និងឱ្យបញ្ជាពួកគេដោយសម្ងាត់។
សាធារណរដ្ឋចិនបានចាត់ទុកកោះដែលនៅសេសសល់របស់ខ្លួនទាំងប៉ុន្មានក្នុងខេត្តហ្វូជៀនជាភោគទ្រព្យដ៏សំខាន់សម្រាប់ដំណើរការយុទ្ធនាការយោធាណាមួយនាពេលអនាគតដើម្បីកម្ចាត់ សបច និងដណ្តើមយកចិនដីគោកមកវិញ។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៥៤ វិបត្តិច្រកសមុទ្រតៃវ៉ាន់ដំបូងបានផ្ទុះឡើងនៅពេលដែលកងទ័ពរំដោះប្រជាជនចិនបានចាប់ផ្តើមបាញ់កាំភ្លើងធំផ្លោងទៅលើប្រជុំកោះគីនមិន ហើយបានគំរាមកំហែងដណ្តើមយកប្រជុំកោះដាឆិន។[5] នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ កងទ័ពរំដោះប្រជាជនបានកាន់កាប់កោះជាំងសានក្បែរនោះ ដោយទាហានសាធារណរដ្ឋចិនប្រមាណ ៧២០ នាក់ត្រូវបានស្លាប់ ឬទទួលរងរបួស។ នៅថ្ងៃទី២៤ ខែមករា នៃឆ្នាំដដែល សភាសហរដ្ឋអាមេរិកបានអនុម័តដំណោះស្រាយហ្វរម៉ូសា ដែលបានអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកមានអាជ្ញាការពារបណ្ដុំកោះនៃសាធារណរដ្ឋចិន។[5] វិបត្តិច្រកសមុទ្រតៃវ៉ាន់ដំបូងនេះបានបញ្ចប់នៅខែមីនា ឆ្នាំ១៩៥៥ នៅពេលដែលកងទ័ពរំដោះប្រជាជនបានបិទបញ្ចប់យុទ្ធនាការទម្លាក់គ្រាប់បែកលើសាធារណរដ្ឋចិន ហើយបានបញ្ចប់ជាផ្លូវការនៅក្នុងសន្និសីទបានឌុង។[5]
ទូទៅ៖
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.