សង្គ្រាមលោកលើកទី២
From Wikipedia, the free encyclopedia
សង្គ្រាមលោកលើកទី២ (ភាសាអង់គ្លេស៖ World War II ឬ Second World War) គឺជាសង្គ្រាមសកលដែលបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥។ ប្រទេសភាគច្រើននៅលើពិភពលោកត្រូវបានធ្លាក់ចូលក្នុងសង្គ្រាមនេះ (រួមទាំងប្រទេសមហាអំណាចផងដែរ) ដោយរួមគ្នាបង្កើតបានសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ វាត្រូវជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោកដោយមានមនុស្សជាង ១០០ លាននាក់បានចូលរួមដោយផ្ទាល់មកពីប្រទេសជាង ៣០ និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណពី ៥០–៨៥ លាននាក់ និងជាជម្លោះយោធាដ៏សាហាវបំផុតនៅក្នុងប្រវត្តិមនុស្សជាតិ។ ក្នុងនោះ មនុស្សចំនួនរាប់សិបលាននាក់បានក្ស័យជីវិតដោយសារការប្រល័យពូជសាសន៍ ស្លាប់ដោយសារការអត់ឃ្លាន ការសម្លាប់រង្គាល និងជំងឺរាតត្បាតជាដើម។ យន្ដហោះបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមនេះដូចជា ការទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រនិងវឌ្ឍកម្មនៃអាវុធនុយក្លេអ៊ែរ។
សង្គ្រាមលោកលើកទី២ World War II | |||||||
---|---|---|---|---|---|---|---|
(រូបពីឆ្វេងទៅស្តាប់ចុះក្រោម)
| |||||||
| |||||||
ភាគីសង្គ្រាម | |||||||
សម្ព័ន្ធមិត្ត | អ័ក្ស | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
មេដឹកនាំប្រទេសសម្ព័ន្ធមិត្តសំខាន់ៗ
|
មេដឹកនាំប្រទេសអ័ក្សសំខាន់ៗ
| ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|
ជាទូទៅ គេបានចាត់ទុកថាសង្គ្រាមលោកលើកទី២ បានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ បន្ទាប់ពីអាល្លឺម៉ង់បានឈ្លានពានប្រទេសប៉ូឡូញនិងការប្រកាសសង្គ្រាមរបស់អង់គ្លេសនិងបារាំងមកលើអាល្លឺម៉ង់នៅថ្ងៃទី៣។ នៅរវាងឆ្នាំ១៩៣៩ និងឆ្នាំ១៩៤១ ទ្វីបអឺរ៉ុបស្ទើរទាំងអស់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់ហើយមិនត្រឹមតែប៉ុណ្ណោះ អាល្លឺម៉ង់បានថែមទាំងចងសម្ព័ន្ធភាពជាមួយអ៊ីតាលី ជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀតផង។ នៅក្រោមកត្តិកសញ្ញាទ្វេភាគីនៃឆ្នាំ១៩៣៩ អាល្លឺម៉ង់និងសហភាពសូវៀតបានវាយយកនិងបែងចែកទឹកដីប្រទេសជិតខាងរបស់ពួកគេមានដូចជា៖ ប្រទេសប៉ូឡូញ ហ្វាំងឡង់ រ៉ូម៉ានី និងរដ្ឋបាលទិក។ ប្រទេសបារាំងបានដួលរលំនៅពាក់កណ្តាលឆ្នាំ១៩៤០ ដែលបន្សល់ឱ្យចក្រភពអង់គ្លេសតែមួយបន្តទប់ទល់នឹងការឈ្លានពានរបស់អាល្លឺម៉ង់។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់បានដឹកនាំកម្លាំងអ័ក្សចូលឈ្លានពានសហភាពសូវៀត, ប្រវត្តិវិទូជាច្រើនបានចាត់ទុកវាថាជាការឈ្លានពានដ៏ធំបង្អស់នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម។
ប្រទេសជប៉ុនដែលមានបំណងចង់ត្រួតត្រាលើទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក បានចូលឈ្លានពានប្រទេសចិននៅក្នុងឆ្នាំ១៩៣៧។ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានធ្វើការវាយលុកលើទឹកដីអង់គ្លេសនិងអាមេរិកនៅតាមតំបន់អាស៊ីអាគ្នេយ៍និងនៅសមុទ្រប៉ាស៊ីហ្វិកហើយក្នុងនោះរួមមានការវាយប្រហារលើភើលហារប៊័រផងដែរ។ ដោយឃើញបែបនេះ អាមេរិកក៏សម្រេចចិត្តប្រកាសសង្គ្រាមមកលើជប៉ុនហើយមិនយូរប៉ុន្មាន មហាអំណាច់អ័ក្សនៅអឺរ៉ុបក៏បានប្រកាសសង្គ្រាមមកលើអាមេរិកវិញ។ ក្រោយបន្តិចមក ជប៉ុនបានចូលត្រួតត្រាលើតំបន់កោះប៉ាស៊ីហ្វិកខាងលិចបានដោយជោគជ័យហើយបានបន្តពង្រីកអំណាចគ្រប់គ្រងរបស់ខ្លួនឆ្ពោះទៅទិសខាងកើតប៉ុន្តែវាត្រូវបានបញ្ឈប់នៅក្នុងឆ្នាំ១៩៤២ បន្ទាប់ពីជប៉ុនបានទទួលបរាជ័យនៅក្នុងសមរភូមិមីតវេ។ ចំណែកឯអាល្លឺម៉ង់និងអ៊ីតាលីវិញបានទទួលរងនូវសេចក្តីអាម៉ាស់ដ៏ធំនៅពេលដែលពួកគេបានចាញ់សង្គ្រាមនៅទ្វីបអាហ្វ្រិកនិងនៅទីក្រុងស្តាលីនក្រាដ (សហភាពសូវៀត)។ នៅឆ្នាំ១៩៤៣ មហាអំណាចអ័ក្សបានទទួលរងនូវការបរាជ័យឥតឈប់ឥតឈរនៅតាមជួរប្រយុទ្ធខាងកើតបូករួមទាំងការឈ្លានពានរបស់ក្រុមសម្ព័ន្ធមិត្តមកលើតំបន់ស៊ីស៊ីលីនិងទឹកដីអ៊ីតាលីដីគោក និងការវាយបកមកវិញរបស់ក្រុមសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក។ នៅឆ្នាំ១៩៤៤ ក្រុមសម្ព័ន្ធមិត្តបានវាយចូលប្រទេសបារាំង (ស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់) ខណៈដែលសូវៀតបានដណ្តើមទឹកដីរបស់ខ្លួនបានមកវិញនិងត្រៀមវាយលុកបន្តចូលក្នុងប្រទេសអាល្លឺម៉ង់។ នៅរវាងឆ្នាំ១៩៤៤ និងឆ្នាំ១៩៤៥ ជប៉ុនបានទទួលរងការបរាជ័យខ្លះៗនៅអាស៊ីដីគោកហើយទឹកដីដែលខ្លួនដណ្តើមបានទាំងប៉ុន្មាននៅតំបន់ប៉ាស៊ីហ្វិកត្រូវបានក្រុមសម្ព័ន្ធមិត្តចូលកាន់កាប់បន្តិចម្តងៗ។
សង្គ្រាមនៅអឺរ៉ុបត្រូវបានបញ្ចប់បន្ទាប់ពីក្រុមសម្ព័ន្ធមិត្តបានវាយចូលទឹកដីអាល្លឺម៉ង់និងត្រួតត្រារដ្ឋធានីប៊ែរឡាំង អត្តឃាតកម្មរបស់ហ៊ីត្លែរ និងការទទួលចុះចាញ់របស់អាល្លឺម៉ង់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។ បន្ទាប់ពីព្រឹត្តិការណ៍សេចក្តីប្រកាសទីក្រុងផតស៍ដាមដោយក្រុមសម្ព័ន្ធមិត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៥ និងការមិនព្រមទទួលចុះចាញ់របស់ជប៉ុន អាមេរិកបានសម្រេចទម្លាក់គ្រាប់បែកបរិមាណូដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមកលើទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ និងទីក្រុងណាកាសាគីនៅថ្ងៃទី៩ ខែសីហា។ ដោយហេតុនេះ ជប៉ុនក៏បានសុំទទួលចុះចាញ់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ (ដោយចុះហត្ថលេខាលើឯកសារសុំចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥) ហើយសង្គ្រាមនៅទ្វីបអាស៊ីក៏បានបញ្ចប់។ ខណៈដែលជប៉ុននិងអាល្លឺម៉ង់កំពុងស្ថិតនៅក្រោមការត្រួតត្រារបស់សម្ព័ន្ធមិត្ត តុលាការឧក្រិដ្ឋកម្មសង្គ្រាមក៏ត្រូវបង្កើតឡើងនិងអនុវត្តលើមេដឹកនាំអាល្លឺម៉ង់និងជប៉ុន។
សង្គ្រាមលោកលើកទី២ បានផ្លាស់ប្តូរតម្រឹមនយោបាយនិងរចនាសម្ព័ន្ធសង្គមនៅលើពិភពលោក។ អង្គការសហប្រជាជាតិ (អសប) ត្រូវបានបង្កើតឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងទប់ស្កាត់រាល់ជម្លោះនាពេលអនាគតហើយប្រទេសមហាអំណាចដែលទទួលបានជ័យជំនះដូចជា ចិន បារាំង សហភាពសូវៀត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខពិភពលោក។ សហភាពសូវៀតនិងសហរដ្ឋអាមេរិកបានលេចឡើងក្លាយជាគូប្រជែងមហាអំណាចថ្មីដែលបានវិវដ្តទៅជាជម្លោះជិតកន្លះមួយសតវត្សហៅថាសង្គ្រាមត្រជាក់។ សង្គ្រាមបានធ្វើឱ្យប្រទេសអឺរ៉ុបទទួលរងនូវការអន់ថយខាងឥទ្ធិពលនិងអំណាចដែលជាហេតុនាំឱ្យពួកគេបាត់បង់ទឹកដីអាណានិគមនៅទ្វីបអាស៊ីនិងអាហ្វ្រិក។ បណ្តាប្រទេសភាគច្រើនដែលឧស្សាហកម្មរបស់ខ្លួនត្រូវរងនូវការបំផ្លិចបំផ្លាញបានចាត់អភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឱ្យរីកចម្រើនឡើងវិញ។ ការធ្វើសមាហរណកម្មនយោបាយជាពិសេសនៅទ្វីបអឺរ៉ុបបានចាប់ផ្តើមជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះនាពេលអនាគត កម្ចាត់អមិត្តភាពមុនពេលមានសង្គ្រាមធំផ្ទុះឡើង និងការបង្កើតអត្តសញ្ញាណតែមួយ (ការបង្កើតឡើងនូវសហភាពអឺរ៉ុប)។