អាហ្វ្រិក
From Wikipedia, the free encyclopedia
អាហ្វ្រិក (ភាសាអង់គ្លេស៖ Africa, ភាសាបារាំង៖ Afrique) គឺជាទ្វីបធំជាងគេទីពីរនៅលើភពផែនដី និងជាទ្វីបដែលមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពី ទ្វីបអាស៊ី។ ទ្វីបអាហ្វ្រិកមានផ្ទៃក្រឡាប្រហែល ៣០.៣ លានគីឡូម៉ែត្រការ៉េ (ដោយរួមបញ្ចូលទាំងបណ្ដាកោះនៅជុំវិញផង) ដែលគ្របដណ្ដប់ប្រមាណ ៦% នៃផ្ទៃផែនដី និង ២០% នៃផ្ទៃដីពិភពលោក។[3] ប្រជាជនប្រមាណ ១.៤ ពាន់លាននាក់[1][2] (គិតត្រឹមឆ្នាំ២០២១) មានវត្តមានរស់នៅលើទ្វីបមួយនេះ ដែលស្មើនឹង ១៤.២% នៃចំនួនប្រជាជនសរុបលើពិភពលោក។ ទោះបីមានឈ្មោះជាទ្វីបដែលសម្បូរធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលមានភោគទ្រព្យតិចតួចបំផុតបើគិតក្នុងមនុស្សម្នាក់ៗ និងមានភោគទ្រព្យសរុបតិចបំផុតទីពីរ ដោយនៅពីក្រោយតែទ្វីបអូសេអានីប៉ុណ្ណោះ។ វិជ្ជាករបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធនិយម[4] អាណានិគមនិយម សង្គ្រាមត្រជាក់[10] អាណានិគមនិយមបែបថ្មី កង្វះលទ្ធិប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។[4] ថ្វីត្បិតជាដីមានភោគសម្បត្តិទាបមែន តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកបច្ចុប្បន្ន។
ផ្ទៃក្រឡា | ៣០,៣៧០,០០០ គម២ (ទី២) |
---|---|
ចំនួនប្រជាជន | ១,៣៩៣,៦៦៦,៤៤៤[1][2] (២០២១, ទី២) |
សន្ទភាពប្រជាជន | ៤៦.១/គម២ (២០២១) |
ប្រទេស | ៥៤+២*+៥** (*ជម្លោះ) (**ដែនដី) (list of countries) |
Dependencies | ដែនដីក្រៅ (៥)
|
ភាសា | ១២៥០–៣០០០ ភាសា |
ល្វែងម៉ោង | UTC-១ ទៅ UTC+៤ |
ទីក្រុងសំខាន់ៗ | ទីប្រជុំជនធំៗប្រចាំទ្វីប៖ គែរ • ឡាកូស • គីនស្យាសា • ចូហានណេសបួរ • លូអង់ដា • ខាទូម • ដាអេសសាឡាម • អាប៊ីច្សង់ • អាឡិចសង់ឌ្រី • គីហ្កាលី • ណៃរ៉ូប៊ី • អាល់ហ្សែរ • កាប់ថោន • កាណូ • ដាការ • កាសាប្លង់កា • អាឌីសអាបាបា • កំប៉ាឡា |
ទ្វីបនេះត្រូវបានព័ទ្ធជុំវិញដោយសមុទ្រមេឌីទែរ៉ាណេនៅប៉ែកខាងជើង ព្រែកជីកស៊ុយអេ និងសមុទ្រក្រហមនៅភាគឦសាន្ត មហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍ និង មហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច។ ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន ៥៤ ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្កាស្កា និងប្រជុំកោះចំណុះជាច្រើនទៀត។ អាល់ហ្សេរីគឺជាប្រទេសធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ាជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតប្រចាំទ្វីបនេះ។ បណ្ដាប្រទេសនៃទ្វីបអាហ្វ្រិកចូលសហការគ្នាតាមរយៈអង្គការសហភាពអាហ្វ្រិកដែលមានទីស្នាក់ការនៅទីក្រុងអាឌីសអាបាបា។
អាហ្រ្វិកជាទ្វីបតែមួយគត់ដែលស្ថិតនៅលើខ្សែអេក្វាទ័រ និងមេឌីរីយាងតែមួយ ហើយក៏ជាទ្វីបតែមួយដែរដែលលាតសន្ធឹងពីតំបន់អាកាសធាតុភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។[11] មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជើង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង។ មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី និងអេហ្ស៊ីប ចុងខាងជើងនៃប្រទេសម៉ូរីតានី និងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក ស៊ីអ៊ូតា មេលីឡា និងប្រទេសទុយនីស៊ី ដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិចកក្កដានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងជើង។ ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្វ្រិកខាងត្បូង ទឹកដីទាំងមូលនៃរដ្ឋឡេសូតូ និងអេស្វាទីនី និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិក និងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចមករានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងត្បូង។
ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ និងជាទ្វីបដែលមានមហាសត្តនិករច្រើនជាងគេ។ ក៏ប៉ុន្តែ ទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ វាលលំហកម្ម ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។ ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុកំពុងតែរីកសកម្មនៅទូទាំងសកលលោក។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។[12][13]
ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗមិនសូវត្រូវបានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។[14] តំបន់អាហ្រ្វិកខាងកើតត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុមអូមីនីដេ។ មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានឧប្បតិដ្ឋាននៅប្រមាណ ៧ លានឆ្នាំមុន (សូមអានអត្តបទអំពី មនុស្ស)។ សំណល់គ្រោងឆ្អឹងអូម៉ូសាព្យាងបុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្វ្រិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយអូម៉ូសាព្យាងជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។[21] ទ្វីបអាហ្រ្វិកក៏ត្រូវបាននរវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ដែលជាលទ្ធផលនៃវត្តមានមនុស្សរស់នៅយូរជាងគេ។
អរិយធម៌មនុស្សសម័យដើមដូចជា អេហ្ស៊ីបបុរាណ និងការតាចបានលេចឡើងនៅតំបន់អាហ្វ្រិកខាងជើង។ ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។ ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិកក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។ ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពី និងលីបេរីយ៉ាប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។[22] រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីដំណើរដកអាណានិគមកិច្ចក្រោយចប់សង្គ្រាមលោកលើកទី២។