បារាំង
From Wikipedia, the free encyclopedia
ប្រទេសបារាំង (បារាំង: France ហ្វ្រង្សិ៍) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋបារាំង គឺជាប្រទេសឆ្លងទ្វីបមួយដែលមានទឹកដីចម្បងស្ថិតនៅតំបន់អឺរ៉ុបខាងលិចនិងមានទឹកដីក្រៅស្រុកមួយចំនួនស្ថិតនៅតាមទ្វីបអាមេរិកខាងត្បូង និងរួមទាំងមហាសមុទ្រអាត្លង់ទិក មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ តំបន់មាតុបុរៈរបស់ប្រទេសនេះលាតសន្ធឹងពីតំបន់រ៉ាំងនៅភាគខាងកើតទៅដល់មហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច និងពីសមុទ្រមេឌីទែរ៉ានេនៅភាគខាងត្បូងដល់ផ្លូវទឹកអង់គ្លេស និងសមុទ្រខាងជើង។ ទឹកដីក្រៅប្រទេសរួមមាន៖ គុយយ៉ានបារាំងនៅអាមេរិកខាងត្បូង សង់ព្យែរនិងមីកូឡុងនៅសមុទ្រអាត្លង់ទិកខាងជើង ឥណ្ឌីបារាំងខាងលិច និងបណ្តុំកោះជាច្រើនទៀតនៅទ្វីបអូសេអានី និងមហាសមុទ្រឥណ្ឌា។ ដោយសារតែមានទឹកដីជាប់មាត់សមុទ្រច្រើន ប្រទេសបារាំងមានតំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំបំផុតលើពិភពលោក។ នៅប៉ែកអឺរ៉ុប បារាំងមានព្រំប្រទល់ជាប់នឹងប្រទេសបែលហ្សិក លុចសំបួ អាល្លឺម៉ង់ ស្វីស ម៉ូណាកូ អ៊ីតាលី អង់ដូរ៉ា និងប្រទេសអេស្ប៉ាញ រីឯនៅទ្វីបអាមេរិកវិញ វាមានព្រំប្រទល់ជាប់ប្រទេសហុល្លង់ ស៊ូរីណាម និងប្រទេសប្រេស៊ីល។ បារាំងមានតំបន់អាំងតេក្រាលចំនួនដប់ប្រាំបី (ប្រាំនៅក្រៅប្រទេស) ដែលលាតសន្ធឹងលើផ្ទៃដីសរុប ៦៤៣,៨០១ គីឡូម៉ែត្រក្ររ៉េ និងមានប្រជាជនជាង ៦៧ លាននាក់ (គិតត្រឹមខែឧសភា ឆ្នាំ២០២១)។[9] ប្រទេសបារាំងគឺជាសាធារណរដ្ឋឯកភូតប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម ដែលមានរដ្ឋធានីឈ្មោះថាប៉ារីសដោយវាត្រូវជាទីក្រុងធំបំផុតក្នុងប្រទេស និងជាមជ្ឈមណ្ឌលវប្បធម៌ និងពាណិជ្ជកម្មដ៏សំខាន់។ តំបន់ទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ លីយ៉ុង ម៉ាសែល ធូលូស ប័រដូ លីល និងនីស។
អត្ថបទនេះត្រូវការបកប្រែទៅជាភាសាខ្មែរ។ អត្ថបទនេះត្រូវបានសរសេរជាភាសាផ្សេង ដែលមិនមែនជាភាសាខ្មែរ។ បើសិនជាអត្ថបទទុកសម្រាប់អ្នកអានមកពី សហគមន៍នៃភាសាមួយនេះ វាគួរតែចែកចាយទៅវិគីភីឌាជាភាសានោះ។ សូមមើល បញ្ជីនៃគម្រោងវិគីភីឌាទាំងអស់។ សូមមើល ច្រកចូលអត្ថបទនេះ លើក្រុមទំព័រដែលត្រូវការបំណកប្រែទៅជាភាសាខ្មែរ ដើម្បីពិភាក្សា ។ ប្រសិនបើ អត្ថបទមិនត្រូវបានសរសេរជាភាសាខ្មែរឡើងវិញទេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត អត្ថបទនឹងត្រូវចុះបញ្ជីដើម្បីលុបចោល និង/ឬ ប្ដូរវាទៅកាន់វិគីភីឌាជាភាសាដើមរបស់វាវិញ ។ បើសិនជាលោកអ្នក គ្រាន់តែចង់បិទស្លាកទំព័រនេះត្រូវការបំណកប្រែ សូមបញ្ចូល {{អាទេស.:ត្រូវការបកប្រែ | ទំ. = បារាំង | ភាសា = មិនស្គាល់ | ផ្ដល់យោបល់ = }} ~~~~ ទៅខាងក្រោម នៃផ្នែក នៃក្រុមទំព័រនេះត្រូវការបំណកប្រែទៅជាភាសាខ្មែរ ។ |
République française (ភាសាបារាំង) | |
---|---|
បាវចនា "Liberté, égalité, fraternité" "សេរីភាព សមភាព ភាតរភាព" | |
ភ្លេងជាតិ "La Marseillaise" | |
ទីតាំងប្រទេសបារាំង (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៉ារីស 48°51′N 2°21′E |
ភាសាផ្លូវការ | ភាសាបារាំង[សម្គាល់ 1] |
សាសនា (ឆ្នាំ ២០២២) |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម |
- ប្រធានាធិបតី | អេម៉ានុយអែល ម៉ាក្រុង |
- នាយករដ្ឋមន្ត្រី | អេលីហ្សាប៊េត ប៊ន |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | រដ្ឋសភា |
និម្មិតកម្ម | |
- រាជាណាចក្រហ្វ្រង់ស៊ា (បង្រួបបង្រួមដោយស្តេចក្លូវីសទី១) | ៤៨១ |
- សន្ធិសញ្ញាវែរដុង | សីហា ៨៤៣ |
- ព្រះរាជាណាចក្រ | ៣ កក្កដា ៩៨៧ |
- ប្រកាសជាសាធារណរដ្ឋ | ២២ កញ្ញា ១៧៩២ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៤ តុលា ១៩៥៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៤០,៦៧៩ គ.ម២ (ទី៤២) |
- ផ្ទៃទឹក (%) | ០.៨៦ (ត្រឹមឆ្នាំ២០១៥)[2] |
- បារាំងដីគោក (IGN) | ៥៥១,៦៩៥ គម២[សម្គាល់ 2] (ទី៥០) |
- បារាំងដីគោក (កាដាស្ត្រេ) | ៥៤៣,៩៤០ គម២[សម្គាល់ 3][3] (ទី៥០) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦៧,៤១៣,០០០[4] (ទី២០) |
- ដង់ស៊ីតេ | ១១៦ នាក់/គ.ម២ (ទី៨៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.២៣២ ទ្រីលានដុល្លារ[5] (ទី៩) |
- ក្នុងម្នាក់ | ៤៩,៤៩២ ដុល្លារ[6] (ទី២៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២.៩៣៨ ទ្រីលានដុល្លារ[5] (ទី៧) |
- ក្នុងម្នាក់ | ៤៤,៩៩៥ ដុល្លារ[5] (ទី២៤) |
ជីនី (២០១៩) | 29.2[7] ទាប |
HDI (២០១៩) | 0.901[8] ខ្ពស់ណាស់ · ទី២៦ |
រូបិយវត្ថុ |
|
ល្វែងម៉ោង | UTC+១ (ម៉ោងអឺរ៉ុបកណ្តាល) |
- រដូវក្តៅ (DST) | UTC+២ (ម៉ោងរដូវក្តៅអឺរ៉ុបកណ្តាល) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (គ.ស.) |
បណ្ដាញចែកចាយអគ្គិសនី | 230 V–50 Hz |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | ៣៣ |
ដែនកម្រិតខ្ពស់ | .fr |
ទឹកដីបារាំងសព្វថ្ងៃបានទទួលវត្តមានមនុស្សដំបូងៗតាំងពីស័កប៉ាលេអូលីទិកមកម្លេះ ហើយទឹកដីមាតុបុរៈបារាំងត្រូវកុលសម្ព័ន្ធសែលតិកមួយក្រុមដែលគេស្គាល់ថា"ហ្គោល"ចូលមកតាំងទីលំនៅក្នុងអំឡុងយុគដែក។ ពួករ៉ូមបានកាត់តំបន់នេះបញ្ចូលជាផ្នែកមួយនៃទឹកដីខ្លួននៅក្នុងឆ្នាំ ៥១ មុន គ.ស ដែលជាហេតុនាំឱ្យវប្បធម៌ហ្កាល់ឡូ-រ៉ូម៉ាំងលេចឡើង និងត្រូវជាមូលដ្ឋានគ្រឹះនៃភាសាបារាំង។ ពួកហ្វ្រង់ដែលជាក្រុនជនជាតិជឺម៉ាំងមួយបានបង្កើតព្រះរាជាណាចក្រហ្វ្រង់ស៊ា ហើយបានក្លាយជាមាតុបេះដូងនៃចក្រភពការអូលីនជាន។ សន្ធិសញ្ញាវ៉ែដុងនៃឆ្នាំ ៨៤៣ បានបែងចែកចក្រភពនោះដោយមានរដ្ឋហ្វ្រង់ស៊ាខាងលិចក្លាយទៅជាព្រះរាជាណាចក្របារាំងនៅក្នុងឆ្នាំ៩៨៧។ នៅយុគសម័យកណ្តាល បារាំងបានក្លាយជាអាណាចក្រសក្តិភូមិដ៏មានឥទ្ធិពលមួយ ហើយមានវិមជ្ឈការខ្ពស់។ ស្តេចហ្វីលីពទី២ បានពង្រឹងអំណាចរាជវង្សប្រកបដោយជោគជ័យ ហើយបានកម្ចាត់ចោលនូវគូប្រជែងរបស់ទ្រង់ដើម្បីបង្កើនវិសាលភាពរាជ្យទឹកដីបារាំង។ នៅចុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសបារាំងបានក្លាយទៅជារដ្ឋដ៏មានឥទ្ធិពលបំផុតនៅទ្វីបអឺរ៉ុប។ ចាប់ពីពាក់កណ្តាលសតវត្សទី១៤ ដល់ពាក់កណ្តាលសតវត្សទី១៥ ប្រទេសបារាំងបានធ្លាក់ចូលទៅក្នុងជម្លោះរាជវង្សជាបន្តបន្ទាប់ដែលមានប្រទេសអង់គ្លេសជាប់ពាក់ព័ន្ធ គេតែងសម្តៅលើជម្លោះនេះថាសង្រ្គាមមួយរយឆ្នាំ ហើយអត្តសញ្ញាណរបស់បារាំងថ្មីបានលេចឡើងជាលទ្ធផល។ នៅក្នុងសម័យបុនវុឌ្ឍិសិល្បៈ (Renaissance) ប្រទេសបារាំងបានឆ្លងកាត់វឌ្ឍនភាពសិល្បៈនិងវប្បធម៌ ជម្លោះជាមួយរាជត្រកូលហាបស្បួក និងនិម្មិតកម្មនៃចក្រភពអាណានិគមលំដាប់ពិភពលោកដែលដល់សតវត្សទី២០ វាក៏ក្លាយជាចក្រភពមហាអំណាចធំទីពីរនៅលើភពផែនដី។[10] នៅពាក់កណ្តាលទីពីរនៃសតវត្សទី១៦ បារាំងត្រូវប្រឈមនឹងសង្រ្គាមស៊ីវិលសាសនារវាងអ្នកកាន់និកាយកាតូលិកនិងពួកហ៊ូហ្គូណូដែលជាហេតុនាំឱ្យប្រទេសចុះទន់ខ្សោយយ៉ាងខ្លាំង។ ប្រទេសបារាំងបានលេចចេញជាមហាអំណាចសារជាថ្មីនៅអឺរ៉ុបក្នុងសតវត្សទី១៧ ក្រោមការដឹកនាំរបស់ស្តេចនាមល្វីទី១៤ បន្ទាប់ពីទ្រង់បានបិទបញ្ចប់ឆាកសង្រ្គាមសាមសិបឆ្នាំ។[11] កង្វះគោលនយោបាយសេដ្ឋកិច្ច ពន្ធវិសមភាព និងសង្រ្គាមជាញឹកញាប់ (ជាពិសេសការបរាជ័យនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ និងការចូលធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមឯករាជ្យអាមេរិក) បាននាំឱ្យព្រះរាជាណាចក្រធ្លាក់ក្នុងស្ថានភាពសេដ្ឋកិច្ចមិនជាក់លាក់នៅចុងសតវត្សទី១៨។ បញ្ហាទាំងនេះបានធ្វើឱ្យបដិវត្តន៍បារាំងផ្ទុះឡើងនៅក្នុងឆ្នាំ១៧៨៩ ដែលជាលទ្ធផល របបចាស់ (Ancien Régime) ត្រូវបានគេផ្តួលរំលំ និងការបង្កើតនូវសេចក្តីប្រកាសសិទ្ធិមនុស្ស ដែលបង្ហាញពីឧត្តមគតិរបស់ប្រទេសនេះរហូតមកដល់ពេលបច្ចុប្បន្ន។
ប្រទេសបារាំងបានឈានដល់ចំណុចកំពូលខាងផ្នែកនយោបាយ និងយោធានៅដើមសតវត្សទី១៩ ក្រោមការដឹកនាំរបស់ណាប៉ូលេអុងបូណាប៉ារត៍ ដោយពេលនោះបារាំងបានដណ្តើមកាន់កាប់ទឹកដីមួយភាគធំនៃទ្វីបអឺរ៉ុប ហើយបានបង្កើតចក្រភពបារាំងទីមួយឡើង។ បដិវត្តន៍បារាំង និងសង្គ្រាមណាប៉ូលេអូនិកបានផ្លាស់ប្តូររូបរាងដំណើរប្រវត្តិសាស្ត្រអឺរ៉ុប និងពិភពលោកទាំងមូល។ ការដួលរលំនៃចក្រភពទីមួយបាននាំឱ្យឥទ្ធិពលបារាំងធ្លាក់ចុះជាបន្តបន្ទាប់ ដែលក្នុងនោះប្រទេសបារាំងត្រូវប្រឈមនឹងវិបត្តិរដ្ឋាភិបាលរហូតដល់ការបង្កើតឡើងនៃសាធារណរដ្ឋបារាំងទីបីនៅក្រោយសង្គ្រាមបារាំង-ព្រុសក្នុងឆ្នាំ១៨៧០។ នៅក្នុងទសវត្សរ៍បន្ទាប់ៗ គេបានឆ្លងកាត់សម័យសុទិដ្ឋិនិយមនៅបារាំងដូចជា ការរីកចម្រើនផ្នែកវប្បធម៌ និងវិទ្យាសាស្ត្រ ក៏ដូចជាភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ចដែលគេនិយមស្គាល់ថា "សម័យសោភ័ណ" (Belle Époque)។ ប្រទេសបារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមក្នុងសង្គ្រាមលោកលើកទី១ ដោយជាលទ្ធផល វាបានទទួលបានជ័យជម្នះតែត្រូវបាត់បង់ជីវិតមនុស្ស និងសេដ្ឋកិច្ចជាច្រើន។ ប្រទេសនេះក៏ជាប្រទេសមួយក្នុងចំណោមមហាអំណាចសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី២ ផងដែរប៉ុន្តែមិនយូរប៉ុន្មានវាក៏ត្រូវទទួលរងការត្រួតត្រាពីសំណាក់សត្រូវរបស់ខ្លួនហៅ មហាអំណាចអ័ក្ស នៅក្នុងឆ្នាំ១៩៤០។ បន្ទាប់ពីបានរំដោះនៅឆ្នាំ១៩៤៤ សាធារណរដ្ឋទីបួនដែលមានអត្ថិភាពដ៏ខ្លីត្រូវបានបង្កើតឡើង ហើយក្រោយមកត្រូវបានរំលាយនៅក្នុងដំណើរនៃសង្គ្រាមអាល់ហ្សេរី។ សាធារណរដ្ឋទីប្រាំបច្ចុប្បន្នត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨ ដោយមហាវីរបុរសបារាំងគឺលោកសាល ដឺ ហ្គោល។ អាល់ហ្សេរី និងរួមទាំងទឹកដីអាណានិគមបារាំងភាគច្រើនបានទទួលឯករាជ្យនៅទសវត្សរ៍ឆ្នាំ១៩៦០ ដោយភាគច្រើនបានរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងយោធាយ៉ាងជិតស្និទ្ធជាមួយបារាំងមកដល់សព្វថ្ងៃ។
ប្រទេសបារាំងរក្សាបាននូវឋានៈជាមជ្ឈមណ្ឌលសិល្បៈ វិទ្យាសាស្ត្រ និងទស្សនវិជ្ជាសកល។ វាជាប្រទេសដែលមានចំនួនបេតិកភណ្ឌពិភពលោកច្រើនបំផុតទីប្រាំរបស់អង្គការយូណេស្កូ និងជាគោលដៅទេសចរណ៍ឈានមុខគេរបស់ពិភពលោកដោយទទួលបានភ្ញៀវទេសចរបរទេសជាង ៨៩ លាននាក់នៅក្នុងឆ្នាំ២០១៨។[12] ប្រទេសបារាំងគឺជាប្រទេសអភិវឌ្ឍមួយដែលមានសេដ្ឋកិច្ចធំជាងគេទី ៧ នៅលើពិភពលោកបើគិតតាមផលិតផលក្នុងស្រុកសរុបជាមធ្យម និងធំជាងគេទី ៩ បើគិតតាមយុគភាពនៃអំណាចទិញ។ បើនិយាយពីទ្រព្យសម្បត្តិសរុបតាមគ្រួសារ វាជាប់ចំណាត់ថ្នាក់ទីបួននៅលើពិភពលោក។[13] ប្រទេសបារាំងមានកម្រិតអប់រំ ការថែទាំសុខភាព អាយុសង្ឃឹមរស់ និងការអភិវឌ្ឍមនុស្សខ្ពស់។[14][15] បារាំងនៅតែអាចរក្សាតំណែងជាមហាអំណាចមួយបាននៅក្នុងកិច្ចការពិភពលោក[16] ដោយជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋអាវុធនុយក្លេអ៊ែរផ្លូវការមួយផងដែរ។ ប្រទេសបារាំងគឺជាសមាជិកស្ថាបនិក និងឈានមុខគេនៃសហភាពអឺរ៉ុប និងតំបន់អឺរ៉ូ[17] ក៏ដូចជាសមាជិកសំខាន់នៃក្រុមប្រាំពីរ (G7) អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អូតង់ ឬណាតូ) អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និង ហ្វ្រង់កូហ្វូនី (Francophonie)។