អាល្លឺម៉ង់
From Wikipedia, the free encyclopedia
ប្រទេសអាល្លឺម៉ង់ (ភាសាអាល្លឺម៉ង់៖ Deutschland) ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់៖ Bundesrepublik Deutschland) គឺជាប្រទេសមួយស្ថិតនៅអនុតំបន់អឺរ៉ុបកណ្ដាលនៃទ្វីបអឺរ៉ុប។ អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទីពីរប្រចាំទ្វីបអឺរ៉ុបដោយនៅពីក្រោយតែប្រទេសរុស្ស៊ីប៉ុណ្ណោះ។ ប្រទេសអាល្លឺម៉ង់មានផ្ទៃក្រឡាសរុប ៣៥៧,០២២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៣ លាននាក់។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសដាណឺម៉ាកនៅភាគខាងជើង ប្រទេសប៉ូឡូញនិងសាធារណរដ្ឋឆេកនៅភាគខាងកើត អូទ្រីសនិងស្វីសនៅភាគខាងត្បូង ហើយបារាំង លុចសំបួរ បែលហ្សិក និងហុល្លង់នៅភាគខាងលិច។ ទីក្រុងប៊ែរឡាំងគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតរបស់អាល្លឺម៉ង់ចំណែកឯមជ្ឈមណ្ឌលហិរញ្ញវត្ថុគឺនៅទីក្រុងហ្វ្រាំងហ្វឺត ហើយតំបន់ទីប្រជុំជនធំបំផុតគឺរួហរ៍។
Bundesrepublik Deutschland (ភាសាអាល្លឺម៉ង់) | |
---|---|
ទីតាំងប្រទេសអាល្លឺម៉ង់ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប៊ែរឡាំង 52°31′N 13°23′E |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអាល្លឺម៉ង់ |
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធអាស្រ័យសភា |
- ប្រធានាធិបតី | ហ្វ្រង់-វ៉លទ័រ ស្តែនម៉េយើរ |
- អធិការបតី | អូឡាហ្វ ស្ហុលស៍ |
នីតិបញ្ញត្តិ | |
ប៊ុនដេសរ៉ាត | |
- សភាជាន់ទាប | ប៊ុនដេស្តាក |
និម្មិតកម្ម | |
- បង្រួបបង្រួម | ១៨ មករា ១៨៧១ |
៩ វិច្ឆិកា ១៩១៨ | |
២៣ មីនា ១៩៣៣ | |
- បែកជារដ្ឋខាងកើតនិងខាងលិច | ២៣ ឧសភា ១៩៤៩ |
- បង្រួបបង្រួមឡើងវិញ | ៣ តុលា ១៩៩០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៥៧,០២២ គ.ម២ (ទី៦៣) |
- ផ្ទៃទឹក (%) | ១.២៧ (គិតត្រឹមឆ្នាំ២០១៥)[1] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៨៣,១៩០,៥៥៦[2] (ទី១៨) |
- ដង់ស៊ីតេ | ២៣២ នាក់/គ.ម២ (ទី៥៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៤.៧៤៣ ទ្រីលានដុល្លារ[3] (ទី៥) |
- ក្នុងម្នាក់ | ៥៦,៩៥៦ ដុល្លារ[3] (ទី១៥) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៤.៣១៩ ទ្រីលានដុល្លារ[3] (ទី៤) |
- ក្នុងម្នាក់ | ៥១,៨៦០ ដុល្លារ[3] (ទី១៥) |
ជីនី (២០១៩) | ២៩.៧[4] ទាប |
HDI (២០១៩) | ០.៩៤៧[5] ខ្ពស់ណាស់ · ទី៦ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទិសបើកបរ | ស្តាំ |
ដែនកម្រិតខ្ពស់ | .de |
កុលសម្ព័ន្ធចឺម៉ានិកជាច្រើនបាននាំគ្នាមកតាងទីលំនៅនៅតំបន់ភាគខាងជើងនៃទឹកដីអាល្លឺម៉ង់សព្វថ្ងៃតាំងពីសម័យបុរាណកាលមកម្លេះ។ តំបន់នេះត្រូវបានគេហៅតាមឈ្មោះក្រុមកុលសម្ព័ន្ធទាំងនោះដែរថាចឺម៉ានីហើយវាត្រូវបានកត់ត្រាទុកក្នុងឯកសារប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១០០ មុន គ.ស. ឯណោះ។ នៅអំឡុងសតវត្សទី១០ ទឹកដីអាល្លឺម៉ង់ត្រូវបានគ្របដណ្តប់ដោយនគរតូចធំដែលជាផ្នែកនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅដើមសតវត្សទី១៩ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយចោលដែលជាលទ្ធផលនៃសង្រ្គាមណាប៉ូឡេអូនិកហើយសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងឆ្នាំ១៨៧១ រដ្ឋអាល្លឺម៉ង់ទាំងអស់បានបង្រួបបង្រួមគ្នាឡើងក្លាយជាប្រទេសជាតិរួមមួយហៅថាចក្រភពអាល្លឺម៉ង់ដោយមានព្រុសជាអ្នកដឹកនាំ។ នៅក្រោយសង្គ្រាមលោកលើកទី១ និងបដិវត្តន៍អាល្លឺម៉ង់ឆ្នាំ១៩១៨–១៩១៩ ប្រទេសមួយនេះបានក្លាយជាសាធារណរដ្ឋដែលគេតែងនិយមស្គាល់ថាសាធារណរដ្ឋវ៉ៃម៉ា។ នៅឆ្នាំ១៩៣៣ ប្រទេសអាល្លឺម៉ង់បានធ្លាក់នៅក្រោមរបបផ្តាច់ការនិយមមួយដែលមានបក្សណាស៊ីជាក្បាលដឹកនាំ ប៉ុន្មានឆ្នាំក្រោយមកសង្គ្រាមលោកលើកទី២ ក៏បានផ្ទុះឡើងដែលបង្កឱ្យកើតមានហាយនភាពនៅស្ទើរគ្រប់ផ្នែកនៃទ្វីបអឺរ៉ុប។ បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ អាល្លឺម៉ង់ត្រូវធ្លាក់ក្រោមការត្រួតត្រាដោយក្រុមសម្ព័ន្ធមិត្តអស់មួយរយៈពេលខ្លីមុនពេលត្រូវបានបែងចែកជារដ្ឋចំនួនពីរដាច់ពីគ្នាគឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងលិច និងសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ដែលគេតែងនិយមហៅថាអាល្លឺម៉ង់ខាងកើត។ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់គឺជាសមាជិកស្ថាបនិកនៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុបហើយនិងសហភាពអឺរ៉ុបខណៈដែលសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានក្លាយជារដ្ឋកុម្មុយនិស្តប្លុកខាងលិចនិងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ បន្ទាប់ពីការដួលរលំនៃលទ្ធិកុម្មុយនិស្តនៅឆ្នាំ១៩៨៩–៩០ រដ្ឋអាល្លឺម៉ង់ទាំងពីរក៏បានបង្រួបបង្រួមគ្នាឡើងវិញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ ដោយក្លាយជាសាធារណរដ្ឋសហព័ន្ធអាស្រ័យសភារហូតមកដល់សព្វថ្ងៃ។
បច្ចុប្បន្ន អាល្លឺម៉ង់គឺជាប្រទេសមហាអំណាចមួយដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីមួយប្រចាំទ្វីបអឺរ៉ុបនិងសេដ្ឋកិច្ចធំបំផុតទីបួននៅលើពិភពលោក (គិតជាមធ្យម) និងនៅលំដាប់ទីប្រាំ (យអទ)។ ក្នុងនាមជាប្រទេសនាំមុខក្នុងវិស័យឧស្សាហកម្មផ្សេងៗរួមជាមួយនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផង អាល្លឺម៉ង់គឺជាប្រទេសនាំចូលនិងនាំចេញទំនិញធំជាងគេលំដាប់ទីបីនៅលើពិភពលោក។ លើសពីនេះ អាល្លឺម៉ង់គឺជាប្រទេសអភិវឌ្ឍដែលជាប់លំដាប់ថ្នាក់យ៉ាងខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយវាបានផ្តល់ប្រជាជនខ្លួននូវសន្តិសុខសង្គម ប្រព័ន្ធថែទាំសុខភាពសកល ការការពារបរិស្ថាន និងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ អាល្លឺម៉ង់គឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ៧ ហ្សេ២០ និង OECD។ល។ ប្រទេសនេះមានតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូច្រើនបំផុតទីបួន។