គ.ស. ២០២០ ត្រូវនឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធ នៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ ។
ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០ , ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក [1] ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ [2] និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ[3]
សរុបមាន ៣៦៦ ថ្ងៃ
ពីឆ្វេងទៅស្ដាំតាមទ្រនិចនាឡិកា៖ សំណល់នៃយន្តហោះអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ដែលត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ , សកម្មភាពរដ្ឋប្រហារ លើរដ្ឋាភិបាលម៉ាលី ដោយកងកម្លាំងប្រដាប់អាវុធម៉ាលី , ទិដ្ឋភាពហាយននៅក្រុងហ្កាន់ហ្សា ដែលបង្កឡើងដោយគ្រាប់មីស៊ីលក្នុងអំឡុងសង្គ្រាមណាហ្គ័រណូ-ការ៉ាបាក់លើកទី២ , ទិដ្ឋភាពខ្ទិចខ្ទាំហេដ្ឋារចនាសម្ព័ន្ធក្រោយបាតុកម្មចច ហ្វ្លយ , រូបភាពទីក្រុងម៉េកេលេ ក្រោយរងការវាយប្រហារតាមផ្លូវអាកាសក្នុងអំឡុងសង្គ្រាមធីក្រេ , ទិដ្ឋភាពនៅកំពង់ផែបៃរូត នៃប្រទេសលីបង់ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះនៃសារធាតុអាម៉ូញ៉ូមនីត្រាត ដែលបានសម្លាប់មនុស្សចំនួន ២១៨ នាក់, មហាជនប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពឧត្តមសេនីយ៍អ៊ីរ៉ង់កាស៊ឹម សូលីម៉ានី បន្ទាប់ពីលោកត្រូវបានគេធ្វើឃាតដោយប្រើដ្រូនឃាតកម្ម, មីក្រូក្រាហ្វអេឡិចត្រុងចម្លងពណ៌នៃមេរោគសារស៍-កូវ-២ ដែលជាវីរុសបង្កឱ្យមានជំងឺរាតត្បាតសកលកូវីដ-១៩ ។
ព័ត៌មានសង្ខេប ឆ្នាំ ២០២០ ក្នុងប្រតិទិនផ្សេងៗ ...
ឆ្នាំ ២០២០ ក្នុងប្រតិទិនផ្សេងៗ
ពុទ្ធសករាជ
២៥៦៤
ប្រតិទិនហ្គ្រេហ្គោរៀន
២០២០
MMXX
Ab urbe condita
២៧៧៣
ប្រតិទិនអាមេនី
១៤៦៩
ԹՎ ՌՆԿԹ
ប្រតិទិនអាសស៊ើរ
៦៧៧០
ប្រតិទិនបាហៃ
១៧៦–១៧៧
ប្រតិទិនសាកាបាលី
១៩៤១–១៩៤២
ប្រតិទិនបេងហ្គាល់
១៤២៧
ប្រតិទិនប៊ឺរប៊ឺរ
២៩៧០
ឆ្នាំរជ្ជកាលរបស់អង់គ្លេស
៦៨ Eliz. ២ – ៦៩ Eliz. ២
ប្រតិទិនភូមា
១៣៨២
ប្រតិទិនប៊ីហ្សីនទីន
៧៥២៨–៧៥២៩
ប្រតិទិនចិន
己亥年 (កុរ ធាតុផែនដី)
៤៧១៦ ឬ ៤៦៥៦
— ដល់ —
庚子年 (ជូត ធាតុដែក)
៤៧១៧ ឬ ៤៦៥៧
ប្រតិទិនកូបទិក
១៧៣៦–១៧៣៧
ប្រតិទិនឌីសកូរឌៀន
៣១៨៦
ប្រតិទិនអេត្យូពី
២០១២–២០១៣
ប្រតិទិនហេព្រើរ
៥៧៨០–៥៧៨១
ប្រតិទិនហិណ្ឌូ
២០៧៦–២០៧៧ (វិក្រមសម្វត )
១៩៤១–១៩៤២ (សកសម្វត )
៥១២០–៥១២១ (កលិយុគ )
ប្រតិទិនហូឡូសេន
១២០២០
ប្រតិទិនអ៊ីកបូ
១០២០–២០២១
ប្រតិទិនអ៊ីរ៉ង់
១៣៩៨–១៣៩៩
ប្រតិទិនឥស្លាម
១៤៤១–១៤៤២
ប្រតិទិនជប៉ុន
សករាជរេវ៉ា ២
(令和3年)
ប្រតិទិនជ្វា
១៩៥៣–១៩៥៤
ប្រតិទិនជូឆេ
១០៩
ប្រតិទិនជូលៀន
ហ្គ្រេហ្គោរៀនដក ១៣ ថ្ងៃ
ប្រតិទិនកូរ៉េ
៤៣៥៣
ប្រតិទិនមីនគួ
ROC ១០៩
民國109年
ប្រតិទិននានក្សាហី
៥៥២
ប្រតិទិនសុរិយគតិថៃ
២៥៦៣
ប្រតិទិនទីបេ
阴土猪年
(កុរ ញីធាតុផែនដី)
២១៤៦ ឬ ១៧៦៥ ឬ ៩៩៣
— ដល់ —
阳金鼠年
(ជូត ឈ្មោលធាតុដែក)
២១៤៧ ឬ ១៧៦៦ ឬ ៩៩៤
ម៉ោងយូនីក
១៥៧៧៨៣៦៨០០ – ១៦០៩៤៥៩១៩៩
បិទ
នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាព នៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។[4] Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ " ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង ។[5] ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។[6]
អត្ថបទដើមចំបង: បញ្ជីមេដឹកនាំបរទេស ឆ្នាំ ២០២០
មករា
១ មករា
២ មករា – កងទ័ពអាកាស និងកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានបញ្ជូនចុះទៅកាន់រដ្ឋញូវសោតថ៏វ៉ែលស៍ និងវិចតូរីយ៉ា ដើម្បីជួយជម្លៀសប្រជាជនអូស្ត្រាលីចេញពីតំបន់ឆេះព្រៃ ។[9]
៣ មករា – ដ្រូនឃាតកម្មរបស់សហរដ្ឋអាមេរិកបានធ្វើសកម្មភាពវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ ដោយក្នុងនោះរួមមានបុគ្គលតម្រុយពីរនាក់គឺឧត្តមសេនីយ៍អ៊ីរ៉ង់ លោកកាស៊ឹម សូលីម៉ានី និងមេដឹកនាំយោធាកំពូលអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់-មូហានឌីស ។[10]
៥ មករា
សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២ ៖ ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន បានប្រកាសបញ្ជូនកងទ័ពតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងនាមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ។[11]
ការបោះឆ្នោតប្រធានាធិបតីក្រូអាតឆ្នាំ២០១៩–២០ ៖ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង ហើយលោកហ្សូរ៉ាន មីឡាណូវិច នៃគណបក្សសង្គមប្រជាធិបតេយ្យក្រូអាត បានផ្តួលប្រធានាធិបតីកាន់អំណាច លោកកូលីនដា ក្រាបា-គីតារ៉ូវិច ។[12]
៨ មករា
អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិក ទៅកាន់មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរកន្លែងដែលមានវត្តមានទាហានអាមេរិក ដោយបានបង្ករបួសដល់មនុស្សជាង ១០០ នាក់។[13]
យន្តហោះអ៊ុយក្រែនអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេហេរ៉ង់អ៊ីម៉ាម ខូម៉ីនី ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៧៦ នាក់។[14]
៩ មករា – ក្រុមរដ្ឋឥស្លាមនៅតំបន់សាហារ៉ា បានធ្វើការវាយប្រហារលើមូលដ្ឋានយោធានីហ្សេរីយ៉ានៅឈីណាគោត្រា ដោយបានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ៨៩ នាក់។[15]
១០ មករា – ហៃថាម ប៊ិន តារីគ បានឡើងសោយរាជ្យជាព្រះចៅស៊ុលតង់នៃរដ្ឋអូម៉ង់ ស្នងបន្តពីព្រះចៅកាប៊ូស ប៊ីន សាអ៊ីដ ។[16]
១១ មករា – ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិ ត្រូវបានធ្វើឡើងនៅប្រទេសតៃវ៉ាន់ ។ ប្រធានាធិបតីកាន់អំណាចគឺលោកស្រីត្សៃ អ៊ីងវិន បានជាប់ឆ្នោតបន្តមួយអាណត្តិទៀត ខណៈគណបក្សរបស់លោកស្រីគឺគណបក្សប្រជាធិបតេយ្យចម្រើននិយម បានដណ្ដើមអាសនៈចំនួន ៦៧ ក្នុងចំណោមអាសនៈសរុប ១១៣ នៅក្នុងអង្គនីតិប្បញ្ញត្តិយាន ។[17] [18]
១២ មករា – ភ្នំភ្លើងតាអាល់ នៅប្រទេសហ្វីលីពីន បានបំផ្ទុះបែកកម្អែលភ្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧។[19]
១៦ មករា – រឿងជំនុំជម្រះដកតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានចាប់ផ្តើមនៅក្នុងស្ថាប័នព្រឹទ្ធសភាអាមេរិក ។ តែលោកត្រូវបានរួចពីទោសចោទប្រកាន់នៅថ្ងៃទី៥ ខែកុម្ភៈ។[20]
១៨ មករា – សង្គ្រាមស៊ីវិលយេម៉ែន ៖ ទាហានយេម៉ែនចំនួន ១១១ នាក់ និងជនស៊ីវិល ៥ នាក់ទៀតត្រូវបានបាត់បង់ជីវិតបន្ទាប់ពីរងការវាយប្រហារដោយដ្រូនពិឃាដ និងមីស៊ីលនៅក្នុងជំរុំយោធាមួយក្បែរទីក្រុងម៉ារីប ។[21]
២០ មករា – ជំងឺរាតត្បាតកូវីដ ១៩ ៖ អាជ្ញាធរចិនបានចេញបញ្ជាក់ជាសាធារណៈនូវការចម្លងពីមនុស្សទៅមនុស្សដោយកូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ ។[22]
២២ មករា – សភាអេលេនិក បានជ្រើសតាំងលោកស្រីកាតេរីណា សាគែលឡារ៉ូពូលូ ជាប្រធានាធិបតី នៃប្រទេសក្រិក ។[23]
២៣ មករា – ជំងឺរាតត្បាតកូវីដ ១៩ ៖ ទីក្រុងអ៊ូហាន នៃប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនបិទខ្ទប់ដោយផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងជើងហោះហើរអន្តរក្រុង។[24]
២៦ មករា
ការបោះឆ្នោតសភាប៉េរូឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៣០ រូប។[25]
កីឡាករបាល់បោះដ៏ល្បីម្នាក់ឈ្មោះ ខូប៊ី ប្រាយអាន បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រញ៉ា ។[26]
២៩ មករា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក–ម៉ិកស៊ិក–កាណាដា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មីជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។[27]
៣០ មករា – ជំងឺរាតត្បាតកូវីដ ១៩ ៖ អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថាជាស្ថានភាពអាសន្នសុខភាពសាធារណៈដែលត្រូវការយកចិត្តទុកដាក់ជាអន្តរជាតិ។[28]
៣១ មករា – ចក្រភពអង់គ្លេស និងជីប្រាល់តា បានប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប ដោយចាប់ផ្តើមអន្តរកាលរយៈពេល ១១ ខែ។[29]
កុម្ភៈ
៦ កុម្ភៈ – រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងមីឡាន ទៅក្រុងសាលែរណូ បានផ្ដាច់ចេញពីផ្លូវដែកនៅក្រុងលីវរ៉ាហ្គា តំបន់លុមបាឌី ប្រទេសអ៊ីតាលី និងបណ្ដាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់ និងរបួស ៣១ នាក់ទៀត។[30]
៨ កុម្ភៈ – ការបោះឆ្នោតសកលអៀរឡង់ឆ្នាំ២០២០ បានធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៦០ រូបនៃដែល ដែលត្រូវជាសភាជាន់ទាបនៃអ៊ុយរាជឆ្តា ។[31]
១១ កុម្ភៈ – ជំងឺរាតត្បាតកូវីដ ១៩ ៖ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យជំងឺនេះថា កូវីដ-១៩ ។[32]
២៤ កុម្ភៈ – រដ្ឋាភិបាលចម្រុះប៉ាកាតានហារ៉ាប៉ាន នៃប្រទេសម៉ាឡេស៊ី ដួលរលំ ហើយត្រូវបានជំនួសដោយសម្ព័ន្ធភាពជាតិ ។ លោកមូហ៊ីឌីន យ៉ាស្ស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីទីប្រាំបីនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១ ខែមីនា។[33]
២៧ កុម្ភៈ – ការជាប់គាំងទីផ្សារភាគហ៊ុនឆ្នាំ២០២០ ដែលបង្កឡើងដោយភាពភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសន្ទស្សន៍ Dow Jones Industrial Average (DJIA) ធ្លាក់ចុះដោយ ១,១៩០.៩៥ ពិន្ទុ ឬ ៤.៤% មកនៅត្រឹម ២៥,៧៦៦.៦៤ ដោយនេះត្រូវជាចំណុះចុះដ៏ទាបបំផុតសម្រាប់រយៈពេលមួយថ្ងៃនៅពេលនោះ។ មិនតែប៉ុណ្ណោះ សន្ទស្សន៍មួយនេះបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាបន្តបន្ទាប់ទៀត។[34]
២៨ កុម្ភៈ – សង្គ្រាមស៊ីវិលស៊ីរី ៖ អង្គការណាតូ បានសម្តែងពីសាមគ្គីភាពជាមួយប្រទេសតួកគី បន្ទាប់ពីទាហានតួកគីចំនួន ៣៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសពីកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។[35]
២៩ កុម្ភៈ – កិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌ មួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងតាលីបង់ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកទ័ពជាបណ្តើរៗចេញពីប្រទេសអាហ្វហ្កានីស្ថាន ចាប់ពីថ្ងៃទី១០ ខែមីនា តទៅ។[36]
មីនា
៥ មីនា – តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានអនុញ្ញាតឱ្យបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមអាហ្វហ្កានីស្ថាន ដោយនេះជាលើកដំបូងដែលមានអ្នកជាប់សញ្ជាតិអាមេរិកត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបែបនេះ។[37]
៩ មីនា
ជំងឺរាតត្បាតកូវីដ ១៩ ៖ អ៊ីតាលី បានក្លាយជាប្រទេសដំបូងគេដែលអនុវត្តយុទ្ធនាការបិទខ្ទប់នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។[38] [39]
តម្លៃភាគហ៊ុនអន្តរជាតិបានបន្តធ្លាក់ចុះយ៉ាងគំហុកបន្ថែមបន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត និងជំងឺកូវីដ-១៩។ DJIA បានធ្លាក់ចុះច្រើនជាង ២,០០០ ពិន្ទុ ដែលត្រូវជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រដល់ត្រឹមចំណុចនេះ។[40] មួយវិញទៀត តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ៣០% ក្នុងជំនួញដើមឆ្នាំដំបូង ដែលជាការធ្លាក់ចុះដ៏ទាបបំផុតផងដែរចាប់តាំងពីឆ្នាំ១៩៩១។[41] [42]
១១ មីនា – ជំងឺរាតត្បាតកូវីដ ១៩ ៖ អង្គការសុខភាពពិភពលោក បានប្រកាសជំងឺកូវីដ-១៩ ថាជាជំងឺរាតត្បាត សកល។[43]
១២ មីនា – ទីផ្សារភាគហ៊ុនសកលបានដួលរលំដោយសារជំងឺរាតត្បាតកូវីដ ១៩ និងបម្រាមហាមឃាត់ការធ្វើដំណើរពីសហរដ្ឋអាមេរិកទៅតំបន់ស្សិនគែន ។ DJIA បានបន្តដំណើរធ្លាក់ចុះសេរីដល់ប្រមាណជាង -២,៣០០ ពិន្ទុ ដែលជាអសារបង់ដ៏អាក្រក់បំផុតសម្រាប់សន្ទស្សន៍មួយនេះចាប់តាំងពីឆ្នាំ១៩៨៧។[44]
១៣ មីនា – ជំងឺរាតត្បាតកូវីដ ១៩ ៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់ បានប្រកាសថាបិទភ្នំអេវឺរេស ពីភ្ញៀវទេសចរ និងសាធារណជនទាំងអស់ពេញមួយរដូវកាល ដោយសារក្តីបារម្ភពីជំងឺរាតត្បាតកូវីដ-១៩ នៅទ្វីបអាស៊ី ។[45]
១៦ មីនា – DJIA បានធ្លាក់ពិន្ទុចុះប្រមាណ ២,៩៩៧.១០ ពិន្ទុដែលជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ និងការធ្លាក់ចុះជាភាគរយទាបបំផុតទីពីរដែលមិនធ្លាប់មាន (១២.៩៣%) ពោលគឺទាបជាងព្រឹត្តិការណ៍ដួលរលំផ្សារហ៊ុនវ៉លស្ទ្រីតឆ្នាំ១៩២៩ ទៅទៀត។ ហេតុការណ៍ទាំងអស់នេះក៏បណ្ដាលមកពីការប្រកាសកាត់បន្ថយគោលដៅអត្រាការប្រាក់ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក មកត្រឹម ០–០.២៥% ដែរ។[46]
១៧ មីនា
ជំងឺរាតត្បាតកូវីដ ១៩ ៖
ព្រំដែនខាងក្រៅ និងតំបន់ស្សិនគែន របស់សហភាពអឺរ៉ុប ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសម្រាប់រយៈពេល ៣០ ថ្ងៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។[47]
ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបឆ្នាំ២០២០ និងកូប៉ាអាមេរិកាឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់រដូវក្តៅនៃឆ្នាំ២០២១ ដោយសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់នៃទ្វីបទាំងពីរ។[48] [49]
១៨ មីនា
ជំងឺរាតត្បាតកូវីដ ១៩ ៖
ការប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២០ ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុប ដោយនេះជាការលុបចោលកម្មវីធីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំរបស់វា។[50]
អង្គការសុខភាពពិភពលោក បានប្រកាសឧបត្ថម្ភទៅពិសោធន៍សូលីដារីធី ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលប្រឆាំងនឹងជំងឺកូវីដ-១៩។[51]
២០ មីនា
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់នៅទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០,០០០ នាក់ ខណៈចំនួនករណីឆ្លងសរុបបានកើនដល់មួយភាគបួននៃខ្ទង់មនុស្សមួយលាននាក់។[52]
ឧទ្យានសូរិយាបាដឡា ត្រូវបានបើកឱ្យដំណើរការ ហើយក៏ក្លាយជាឧទ្យានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើពិភពលោក។ [53]
២៤ មីនា
ជំងឺរាតត្បាតកូវីដ ១៩៖
ឥណ្ឌា និងសហរាជាណាចក្រ បានប្រកាសបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំនួនមនុស្សសរុបនៅលើពិភពលោកដែលប្រឈមមុខនឹងការរឹតបន្តឹង ឬបិទខ្ទប់ដោយសារជំងឺនេះបានកើនលើសពី ២.៦ ពាន់លាននាក់ ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនពិភពលោក។[54]
នាយករដ្ឋមន្ត្រីចិន លោកលី ខឹឈាន បានរាយការណ៍ថា ជំងឺរាតត្បាតចម្លងក្នុងស្រុកឥឡូវត្រូវស្ថិតក្រោមការគ្រប់គ្រងហើយ។[55] ពីរថ្ងៃក្រោយមក ចិនបានប្រកាសផ្អាកសិទ្ធិចូលក្នុងប្រទេសជាបណ្ដោះអាសន្នសម្រាប់ជនបរទេសដែលមានទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅ ដោយចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រក្នុងថ្ងៃទី២៨ ខែមីនា។[56]
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងប្រទេសជប៉ុន បានពន្យារព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ទៅឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែមីនា កាលបរិច្ឆេទនៃការប្រកួតត្រូវបានបញ្ជាក់ជាថ្មី ពោលគឺចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។[57] [58]
២៦ មីនា
ជំងឺរាតត្បាតកូវីដ ១៩៖
របាយការណ៍បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនលើស ៥០០,០០០ នាក់ និងករណីស្លាប់បានឈានជិត ២៣,០០០ នាក់។[59] សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន និងអ៊ីតាលី ក្នុងករណីឆ្លងសរុប ដោយមានចំនួនយ៉ាងតិច ៨១,៣២១ ករណី និងមានអ្នកស្លាប់ជាង ១,០០០ នាក់។[60]
ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសហ្វីលីពីន ស៊ីរី យេម៉ែន និងលីប៊ី បានប្រកាសយល់ស្របចំពោះការអំពាវនាវពីបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស ដោយក្រុមខ្លះបានព្រមទទួលយកជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ខ្លួនផ្ទាល់ និងជនស៊ីវិលនៅក្នុងសហគមន៍របស់ពួកគេ។ ប្រទេសកូឡុំប៊ី និងវេណេស៊ុយអេឡា បានរួមគ្នាពិភាក្សាអំពីដំណោះស្រាយចំពោះជំងឺរាតត្បាតសកល ខណៈអេមីរ៉ាតអារ៉ាប់រួម បានទម្លាក់ជំនួយមនុស្សធម៌ទៅប្រទេសអ៊ីរ៉ង់ តាមផ្លូវអាកាស។[61]
២៧ មីនា – ម៉ាសេដ្វានខាងជើង បានក្លាយជាសមាជិកទី៣០ នៃអង្គការណាតូ ។[62]
២៩ មីនា – សង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត ៖ តម្លៃប្រេងឆៅប្រិនត៍ (Brent) បានធ្លាក់ចុះប្រមាណ ៩% ពោលគឺមកត្រឹម ២៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតតម្លៃទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២ មក។[63]
មេសា
១ មេសា
ជំងឺរាតត្បាតកូវីដ ១៩៖
ចិន បានរាយការណ៍ពីករណីគ្មានរោគសញ្ញានៃជំងឺកូវីដ-១៩ ចំនួន ១៣០ ករណី ដែលជាករណីគ្មានរោគសញ្ញាដំបូងបង្អស់ដែលគេរកឃើញ។[64]
រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៃប្រទេសយេម៉ែន បានសម្រេចដោះលែងអ្នកទោសខ្លួនជាង ៤៧០ នាក់ ខណៈពេលមានក្ដីបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបណ្ដាពន្ធនាគារយេម៉ែនដែលមានអ្នកទោសច្រើនកកកុញ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលយេម៉ែនដោះលែងអ្នកទោសនយោបាយទាំងអស់។[65]
២ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ១ លាននាក់នៅទូទាំងពិភពលោក។[66]
៥ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ករណីឆ្លងជំងឺកូវីដ-១៩ ដំបូងនៅក្នុងសួនសត្វមួយត្រូវបានគេរកឃើញនៅក្នុងសត្វខ្លាម៉ាឡេយ៉ា ញីអាយុ ៤ ឆ្នាំមួយក្បាលក្នុងសួនសត្វប៊្រុងស៍ នៃទីក្រុងញូវយ៉ក ។[67]
៧ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ជប៉ុន បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានលុបចោលកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១០៨ ពាន់ពាន់លានយ៉េន (៩៩០ ពាន់លានដុល្លារ) ដែលស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។[68]
៨ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ សម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសបទឈប់បាញ់ជាឯកតោភាគីសម្រាប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងហ៊ូទី នៅប្រទេសយេម៉ែន ស្របទៅតាមកិច្ចខិតខំប្រឹងប្រែងដោយអង្គការសហប្រជាជាតិ។[69]
១០ មេសា
រោគរាតត្បាតគីវូអ៊ីបូឡា ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍អំពីករណីដំបូងនៃជំងឺអ៊ីបូឡា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ បន្ទុះនៃជំងឺនេះបានសម្លាប់មនុស្សសរុបជាង ២,២០០ នាក់ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។[70]
យានអង្កេតអវកាសឈ្មោះបេពីកូឡុំបូ របស់ ESA /JAXA បានធ្វើជំនួយទំនាញ ចុងក្រោយរបស់វាជុំវិញភពផែនដី មុនពេលបន្តដំណើរទៅកាន់ភពសុក្រ ដែលជាភពដែលវានឹងធ្វើចលនាជំនួយទំនាញជាច្រើនជុំទៀត មុននឹងទៅដល់ភពពុធ នៅក្នុងឆ្នាំ២០២៥។[71]
ជំងឺរាតត្បាតកូវីដ ១៩៖
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០០,០០០ នាក់នៅទូទាំងពិភពលោក ច្រើនជាងដប់ដងបើប្រៀបកាលពីថ្ងៃទី២០ ខែមីនា។[72]
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ថវិកាកម្ចីចំនួន ៥៤០ ពាន់លានអឺរ៉ូ ដើម្បីត្រៀមផ្គត់ផ្គងតំហយសេដ្ឋកិច្ចបង្កឡើងដោយជំងឺរាតត្បាតសកល។[73]
១២ មេសា – អង្គការប្រទេសនាំចេញប្រេងកាត (OPEC) និងសម្ព័ន្ធមិត្តបានសម្រេចកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកាត់បន្ថយដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភាទៅ។[74]
១៤ មេសា
១៥ មេសា
ជំងឺរាតត្បាតកូវីដ ១៩៖
ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ២ លាននាក់នៅទូទាំងពិភពលោក។[77]
ធួរដេហ្វ្រង់ស៍ឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់ខែសីហា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតសកល។[78]
ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិករដ្ឋសភា ទាំង ៣០០ រូប។ គណបក្សវេទិកា ដែលជាសម្ព័ន្ធភាពនយោបាយដឹកនាំដោយគណបក្សប្រជាធិបតេយ្យកូរ៉េ បានឈ្នះអាសនៈចំនួន ១៨០ ក្នុងចំណោម ៣០០ អាសនៈសរុប។[79]
១៧ មេសា
គណៈកម្មការនិយតកម្មមូលបត្រចិន បានអនុម័តលើប្រតិបត្តិការមួយដែលអនុញ្ញាតឱ្យក្រេឌីតស្វីស (Credit Suisse) កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនមូលបត្រចិនមួយ។ សកម្មភាពនេះបានធ្វើឱ្យក្រេឌីតស្វីសក្លាយជាធនាគារបរទេសដំបូងគេដែលកាន់កាប់ភាគហ៊ុនធំនៃក្រុមហ៊ុនចិនចាប់តាំងពីការបន្ធូរបន្ថយច្បាប់កម្មសិទ្ធិបរទេសនៅក្នុងឆ្នាំ២០១៨ មក។[80]
ជំងឺរាតត្បាតកូវីដ ១៩
ចិនបានធ្វើកំណែប្រែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងអ៊ូហាន ដោយលើកនេះបានរកឃើញថាមានអ្នកស្លាប់បន្ថែមចំនួន ១,២៩០ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅចិនកើនឡើងដល់ ៤,៦៣២ នាក់។[81]
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅទ្វីបអឺរ៉ុប បានកើនលើសពី ១០០,០០០ នាក់។[82]
១៨ មេសា – បុគ្គលសង្ស័យជាសមាជិកចលនាបូកូហារ៉ាំ ចំនួន ៤៤ នាក់ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងពន្ធនាគារមួយកន្លែងនៅរដ្ឋធានីអ៊ិនចាមេណា នៃប្រទេសឆាដ ដោយករណីពុលស្លាប់។[83]
១៩ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ភាពចលាចលបានផ្ទុះឡើងនៅទីក្រុងប៉ារីស ប៊ែរឡាំង និងវ៉្លាឌីកាហ្វកាស ចំពេលការបិទខ្ទប់ដោយសារកូវីដ-១៩ បានកំពុងរឹតបន្តឹងខ្លាំងជាងមុន។[84]
២០ មេសា – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូ និងមេដឹកនាំសម្ព័ន្ធខៀវនិងស លោកបេននី ហ្កានស៍ បានយល់ស្របគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ដោយបញ្ចប់វិបត្តិជាប់គាំងនយោបាយរយៈពេលជាងមួយឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងនេះ លោកនេតាញ៉ាហ៊ូនឹងកាន់តំណែងរយៈពេល ១៨ ខែបន្ថែមទៀត មុនពេលលោកហ្កានស៍ឡើងកាន់បន្ត។[85]
២១ មេសា – នគរបាលនៃប្រទេសម៉ូសំប៊ិក បានថ្លែងថា អ្នកភូមិដែលមានភេទប្រុស ចំនួន ៥២ នាក់ត្រូវបានពួកសកម្មប្រយុទ្ធជ្រុលនិយមឥស្លាម សម្លាប់ចោលកាលពីដើមខែនេះនៅក្នុងស្រុកមុយដុំបេ ខេត្តកាបូឌែលហ្កាដូ បន្ទាប់ពីពួកគេបានបដិសេធមិនចូលក្នុងជួររបស់ក្រុមនោះ។[86]
២២ មេសា – កងឆ្មាំបដិវត្តន៍ឥស្លាម នៃប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណបយោធាដំបូងបង្អស់របស់ប្រទេសទៅក្រៅភពផែនដី។[87]
២៥ មេសា
សង្គ្រាមស៊ីវិលយេម៉ែន ៖ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង បានប្រកាសពីការបង្កើតរដ្ឋបាលគ្រប់គ្រងផ្ទាល់ខ្លួននៅភាគខាងត្បូងនៃប្រទេសយេម៉ែន រួចក៏បានដាក់ពង្រាយកងកម្លាំងខ្លួននៅទីក្រុងអាតាក ។[88] ប៉ុន្តែក្រោយពីរងការរិះគន់ និងប្រឆាំងពីរដ្ឋបាលផ្សេងៗក្នុងតំបន់ ក្រុមប្រឹក្សាមួយនេះក៏យល់ព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពក្រោមជំនួយពីអារ៉ាប៊ីសាអ៊ូឌីត ហើយបានបោះបង់ចោលនូវបំណងគ្រប់គ្រងផ្ទាល់ខ្លួន។[89]
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីអ្នកស្លាប់នៅទូទាំងពិភពលោកបានកើនលើសពី ២០០,០០០ នាក់[90] ខណៈចក្រភពអង់គ្លេសបានក្លាយជាប្រទេសទីប្រាំដែលមានអ្នកស្លាប់ច្រើនជាង ២០,០០០ នាក់ដោយសារជំងឺកូវីដ-១៩។[91]
២៦ មេសា – ព្រះចៅសាល់ម៉ាន នៃអារ៉ាប៊ីសាអ៊ូឌីត បានចេញព្រះរាជក្រឹត្យមួយប្រកាសថា បុគ្គលដែលជាប់ទោសឧក្រិដ្ឋកម្មក្នុងនាមជាអនីតិជននឹងលែងត្រូវយកទៅប្រហារជីវិតទៀតហើយ។[92]
២៧ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងបានកើនលើសពី ៣ លាននាក់នៅទូទាំងពិភពលោក ខណៈដែលចំនួនករណីឆ្លងនៅសហរដ្ឋអាមេរិកបានកើនផុតពី ១ លាននាក់។[93] [94]
២៨ មេសា – ប្រទេសកូឡុំប៊ី បានចូលជាសមាជិកផ្លូវការទី៣៧ នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។[95]
៣០ មេសា – ណាសា បានជ្រើសរើស SpaceX , Blue Origin និង Dynetics ជាដៃគូផ្លូវការសម្រាប់សាងសង់យានចុះចតលើឋានព្រះច័ន្ទ ត្រៀមបេសកកម្មដឹកអវកាសយានិកអាមេរិកទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ២០២៤ ។[96]
ឧសភា
១ ឧសភា
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបបានកើនដល់ ១ លាននាក់នៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យចនស៍ហប់ឃីនស៍ ។[97]
កុប្បកម្មក្នុងពន្ធនាគារក្វាណារ៉េ ៖ កុប្បកម្ម និងការប៉ុនប៉ងរត់គេចខ្លួនរបស់ឈ្លើយពន្ធនាគារបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤៧ នាក់ និងរបួស ៧៥ នាក់បន្ថែមនៅក្នុងមជ្ឈមណ្ឌលពន្ធនាគារដេឡូសយ៉ាណូស នៅទីក្រុងក្វាណារ៉េ ប្រទេសវេណេស៊ុយអេឡា ។[98]
២ ឧសភា – អង្គការសហប្រជាជាតិ បានបោះផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថា ការទម្លាក់គ្រាប់បែកមិនរើសមុខដោយរុស្ស៊ីទៅលើជនស៊ីវិលនៅក្នុងប្រទេសស៊ីរី គឺជាឧក្រិដ្ឋកម្មសង្គ្រាម។[99] [100] [101]
៣–៤ ឧសភា – ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា និងក្រុមហ៊ុនយោធាឯកជនអាមេរិកខាងជើងមួយ ឈ្មោះ Silvercorp USA បានព្យាយាមលបចូលប្រទេសវេណេស៊ុយអេឡាដើម្បីដកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ ចេញពីតំណែង ប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីអាជ្ញាធរវេណេស៊ុយអេឡារកឃើញ។[102]
៤ ឧសភា – ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស និងកេនយ៉ា បានប្រកាសពីការរកឃើញ "មីក្រូស្ពរីឌីយ៉ា អ៊ឹមប៊ី" (Microsporidia MB) ដែលជាអតិសុខុមប្រាណប៉ារ៉ាសិតនៅក្នុងក្រុមផ្សិតមីក្រូស្ពរីឌីយ៉ា ដែលមានសមត្ថភាពរារាំងសត្វមូស ពីការចម្លងជំងឺគ្រុនចាញ់ ពោលការរកឃើញនេះអាចត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងជំងឺគ្រុនចាញ់នាពេលអនាគត។[103]
៥ ឧសភា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនអ្នកស្លាប់នៅចក្រភពអង់គ្លេសដោយសារកូវីដ-១៩ (៣២,៣១៣) គឺជាអត្រាអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅទ្វីបអឺរ៉ុប ខណៈអត្រាអ្នកស្លាប់នៅអ៊ីតាលីបានចុះមកនៅចំណាត់ថ្នាក់លេខពីរ (២៩,០២៩)។[104]
៦ ឧសភា
ក្រុមតារាវិទូមួយបានប្រកាសពីការរកឃើញនូវប្រហោងខ្មៅ ដំបូងបង្អស់ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយដែលអាចមើលឃើញដោយភ្នែកទទេបាន។[105]
ជំងឺរាតត្បាតកូវីដ-១៩៖ ភ័ស្តុតាងថ្មីបានបង្ហាញថា អ្នកនេសាទបារាំងដើមកំណើតអាល់ហ្សេរីម្នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតជំងឺរលាកទងសួត ដែលមិនស្គាល់ប្រភពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានគេកំណត់សារជាថ្មីថាជាជំងឺកូវីដ-១៩ ទៅវិញទោះបីជាបុរសម្នាក់នោះគ្មានប្រវត្តិធ្វើដំណើរទៅប្រទេសចិន ហើយមិនដែលមានទំនាក់ទំនងជាមួយជនជាតិចិនណាមួយនោះក្ដី។[106]
៩ ឧសភា – ទាហានចិន និងឥណ្ឌាជាច្រើននាក់បានទទួលរងរបួសនៅក្នុងការប៉ះទង្គិចតាមព្រំដែននៅចំណុចច្រកឆ្លងនធុលា ។ ទាហានទាំងសងខាងសរុបប្រហែល ១៥០ នាក់បានចូលរួមក្នុងជម្លោះព្រំដែនមួយនេះ ដោយប្រើដៃវាយគ្នា និងការគប់ដុំថ្មទៅវិញទៅមក។[107]
១០ ឧសភា — ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហាន បានរាយការណ៍ពីករណីឆ្លងវីរុសដំបូងក្នុងក្រុងបន្ទាប់គ្មានដំណឹងអំពីករណីឆ្លងអស់រយៈពេលជាងមួយខែ។ បុរសអាយុ ៨៩ ឆ្នាំម្នាក់ត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែភរិយារបស់គាត់ និងរួមជាមួយសមាជិកមួយចំនួននៃសហគមន៍ដែលគាត់រស់នៅ ត្រូវបានអាជ្ញាធរសម្គាល់ថាកើតជាករណីគ្មានរោគសញ្ញា។[108]
១១ ឧសភា – វិទ្យាស្ថានម៉ាក្ស ផ្លុងក៍សម្រាប់នរវិទ្យានិវត្តន៍ បានចេញផ្សាយលទ្ធផលនៃការវិភាគវិទ្យុកាបូន និងដេអ៊ិនអាលើហ្វូស៊ីលដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំបាឆូគីរ៉ូ នៃប្រទេសប៊ុលហ្ការី ។ លទ្ធផលបានបង្ហាញអត្តសញ្ញាណហ្វូស៊ីលនោះថាជាអំបូរអូម៉ូសាព្យាង និងមិនមែនជាពូជនេអង់ឌែតាល់ ទេ។ របកគំហើញថ្មីនេះអាចជាភ័ស្តុតាងបញ្ជាក់បានថាមនុស្សសម័យបច្ចុប្បន្នអាចប្រហែលជាបានឆ្លងចូលទ្វីបអឺរ៉ុបតាំងពីរាប់ពាន់ឆ្នាំមុនជាងការគិតទៅទៀត។[109]
១៤ ឧសភា
ជំងឺរាតត្បាតកូវីដ ១៩៖
ចំនួនអ្នកស្លាប់ពីកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនលើសពី ៣០០,០០០ អ្នក។[110]
អង្គការសហប្រជាជាតិ បានកើនរំលឹកអំពីវិបត្តិសុខភាពផ្លូវចិត្ត សកល ដែលបណ្តាលមកពីភាពឯកោ ការភ័យខ្លាច ភាពមិនប្រាកដប្រជា និងវិបត្តិសេដ្ឋកិច្ចពិភពលោក។[111]
១៥ ឧសភា – ក្រុមអ្នកស្រាវជ្រាវបានប្រកាសថា ហ្វូស៊ីល ម្រើមព្រះ ប្រវែង ២.៥ សង់ទីម៉ែត្រនៃអំបូរកម្ពេការីស ដែលត្រូវបានរកឃើញនៅលើកោះកេរេរ៉ា នៃប្រទេសស្កុតឡិន គឺត្រូវជាសត្វលើគោកដ៏ចំណាស់បំផុតដែលគេស្គាល់ ដោយវាធ្លាប់មានជីវិតរស់នៅកាលពីប្រមាណ ៤២៥ លានឆ្នាំមុនក្នុងយុគសម័យស៊ីល័រ ។[112]
១៦ ឧសភា – ពាណិជ្ជករសញ្ជាតិរ៉្វាន់ដា លោកហ្វេលីស៊ីអង់ កាប៊ូហ្កា ដែលធ្លាប់ចូលដៃគាំទ្រការប្រល័យពូជសាសន៍រ៉្វាន់ដា ត្រូវបានចាប់ខ្លួននៅអានីអ៊ែរ-ស៊ួស-ស៊ែន ប្រទេសបារាំង បន្ទាប់ពីរត់គេចខ្លួនពីអាជ្ញាធររ៉្វាន់ដាអស់រយៈពេល ២៦ ឆ្នាំ។[113]
១៨ ឧសភា
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានប្រកាសថា មនុស្សជិតមួយលាននាក់ត្រូវបានរងផលប៉ះពាល់ ហើយមនុស្សយ៉ាងតិចចំនួន ២៤ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលបានវាយប្រហារទីក្រុងបេលេដ្វេន និងចូហារ ប្រទេសសូម៉ាលី ។[114]
ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អង្គការសុខភាពពិភពលោក បានរៀបចំសន្និបាតសុខភាពពិភពលោក ប្រចាំឆ្នាំរបស់ខ្លួនតាមរយៈវីដេអូអនឡាញជំនួសឱ្យការប្រជុំដោយផ្ទាល់។[115]
១៩ ឧសភា – ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ះមូដ អាបាស់ បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ រួមទាំងផ្នែកសន្តិសុខជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងផែនការរបស់អ៊ីស្រាអែលក្នុងការកាត់បញ្ចូលជ្រលងទន្លេហ្សកដានី ជាកម្មសិទ្ធិខ្លួន។[116]
២១ ឧសភា
ព្យុះស៊ីក្លូនអាំផាន បានវាយបោកបក់តំបន់ភាគខាងកើតប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងបង្ខំមនុស្សជាងបួនលាននាក់ផ្លាស់ប្តូរទីលំនៅ។ ព្យុះនេះបានបង្កឱ្យមានការខូចខាតជាទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យវាក្លាយជាព្យុះស៊ីក្លូនដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងមហាសមុទ្រឥណ្ឌាខាងជើង ដោយបានបំបែកកំណត់ត្រាព្យុះស៊ីក្លូនណាហ្គីស កាលពីឆ្នាំ២០០៨។[117]
សហរដ្ឋអាមេរិកបានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញាបើកមេឃ នៅក្នុងរយៈពេលប្រាំមួយខែ ដោយចោទប្រកាន់ពីការបំពានសន្ធិសញ្ញាជាបន្តបន្ទាប់ដោយប្រទេសរុស្ស៊ី។[118]
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងបានកើនឡើងដល់ ៥ លានករណីនៅទូទាំងពិភពលោក ដោយមានករណីថ្មីចំនួន ១០៦,០០០ ករណីបន្ថែមទៀតដែលបានរកឃើញនៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយនាំឱ្យវាក្លាយជាកំណត់ត្រាតួលេខឆ្លងខ្ពស់បំផុតសម្រាប់រយៈពេលមួយថ្ងៃ។[119]
២២ ឧសភា
ជើងហោះហើរ PK8303 ដែលជាយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ក្នុងតំបន់ប្រជាជនរស់នៅមួយកន្លែងនៅជិតទីក្រុងការ៉ាជី នៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៩៧ នាក់ក្នុងចំណោមមនុស្សសរុប ៩៩ នាក់នៅលើយន្តហោះ និងបង្ករបួសដល់មនុស្សរាប់សិបនាក់ទៀតនៅក្បែរកន្លែងកើតហេតុ។[120]
ជំងឺរាតត្បាតកូវីដ ១៩៖ ប្រទេសប្រេស៊ីលបានវ៉ាដាច់រុស្ស៊ី ក្លាយខ្លួនជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេទីពីរ ដោយមានករណីឆ្លងសរុបជាង ៣៣០,០០០ ករណី។ ប្រធានាធិបតីស៊ែរ បុលសូណារ៉ូ បានបន្តច្រានចោលនូវហានិភ័យរបស់មេរោគនេះ។[121]
២៣ ឧសភា – ជំងឺរាតត្បាតកូវីដ ១៩៖ ប្រទេសចិនបានរាយការណ៍ពីអវត្តមាននៃករណីឆ្លងថ្មីជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតមួយនេះបានផ្ទុះឡើងមក បើយោងទៅតាមគណៈកម្មការសុខភាពជាតិ ។[122]
២៤ ឧសភា – ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែល-ស៊ីស៊ី បានលើកលែងទោសឱ្យអ្នកជាប់ពន្ធនាគារចំនួន ៣,១៥៧ នាក់ដើម្បីប្រារព្ធពិធីបុណ្យអៃឌែលហ្វីតរ៍ ហើយពីរថ្ងៃក្រោយមក ប្រធានាធិបតី ប្រទេសហ្សំប៊ី លោកអេដហ្ការ លូងហ្គូ ក៏បានលើកលែងទោសឱ្យអ្នកជាប់ពន្ធនាគារជិត ៣,០០០ នាក់ដែរ ដើម្បីរំលឹកទិវាសេរីភាពអាហ្វ្រិក ។[123] [124]
២៥ ឧសភា – ការបោះឆ្នោតសកលស៊ូរីណាមឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ៥១ រូបនៃរដ្ឋសភាស៊ូរីណាម ។[125]
២៦ ឧសភា
បាតុកម្ម ដែលបង្កឡើងដោយឃាតកម្ម លើបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះចច ហ្វ្លយ បានផ្ទុះឡើងនៅតាមទីប្រជុំជនជាច្រើននៅសហរដ្ឋអាមេរិក[126] និងព្រមទាំងផ្នែកខ្លះនៃពិភពលោកផងដែរ។[127] ការបាតុកម្មតវ៉ាចំពោះរឿងនេះបានឈានដល់ដំណាក់កាលតានតឹងខ្លាំងបន្ថែមនៅថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីមហាជនបានចេញមុខតវ៉ាចំពោះករណីរើសអើងជាតិសាសន៍ និងអំពើឃោរឃៅរបស់កម្លាំងនគរបាលនៅជុំវិញសកលលោក។[128]
កូស្តារីកា បានក្លាយជាប្រទេសនៅតំបន់អាមេរិកកណ្តាល ដំបូងគេ ដែលអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកភេទដូចគ្នាដោយស្របទៅតាមច្បាប់។[129]
ក្រុមហ៊ុនអាកាសចរណ៍ឡាតាំ (LATAM) ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅអាមេរិកឡាទីន បានចុះឯកសារប្រកាសក្ស័យធនក្នុងជំពូក ១១។[130]
២៧ ឧសភា
សមាជជាតិប្រជាជន ចិនបានបោះឆ្នោតគាំទ្រច្បាប់សន្តិសុខជាតិដែលអនុញ្ញាតឱ្យអាជ្ញាធរចិនដាក់ទោសទណ្ឌ "អបគមន៍" "វិទ្ធង្សនា" "អំពើភេរវកម្ម" និងការជ្រៀតជ្រែកពីបរទេសនៅទីក្រុងហុងកុង [131] ពោលច្បាប់នេះបានផ្តល់អំណាចយ៉ាងទូលំទូលាយដល់រដ្ឋាភិបាលកណ្តាលចិន ដើម្បីគាបសង្កត់ចលនាប្រជាធិបតេយ្យហុងកុង ដូចជា ការហាមប្រាមក្រុមសកម្មជននានា និងកាត់បន្ថយសេរីភាពស៊ីវិលជាដើម។[132] រដ្ឋាភិបាលអាមេរិកបានឆ្លើយតបទៅសកម្មភាពរបស់ចិនដោយប្រកាសទីក្រុងហុងកុងថាលែងមានស្វ័យភាពដូចមុនទៀតហើយនៅក្រោមច្បាប់គោលនយោបាយសហរដ្ឋអាមេរិក-ហុងកុង ។[133]
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនលើសពី ១០០,០០០ នាក់ ដោយត្រូវជាចំនួនច្រើនលើសលប់ជាងចំនួននៃទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្គ្រាមវៀតណាម និងសង្គ្រាមកូរ៉េ បូកបញ្ចូលគ្នាទៅទៀត ហើយស្ទើរស្មើនឹងចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតកាលពីសង្រ្គាមលោកលើកទី១ (១១៦,០០០ នាក់) ទៅហើយ។[134] ចំនួនករណីឆ្លងសរុបនៅអាមេរិកនៅតែបន្តកើនឡើង ប៉ុន្តែសន្ទុះនៃកំណើនឆ្លងបានរាថយច្រើនបើប្រៀងធៀបទៅនឹងប៉ុន្មានខែមុន។[135]
មិថុនា
១ មិថុនា — រោគរាតត្បាតគីវូអ៊ីបូឡា៖ អង្គការសុខភាពពិភពលោក បានរាយការណ៍ះអំពីករណីថ្មីចំនួនប្រាំមួយនៃអ្នកឆ្លងជំងឺអ៊ីបូឡា ខណៈអង្គការយូនីសេហ្វ បានរាយការណ៍ពីករណីអ្នកស្លាប់ចំនួន ៥ នាក់បន្ថែមទៀតនៅក្រុងអ៊ឹមបង់ដាកា ខេត្តអេក្វាទ័រ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។[136]
៣ មិថុនា
នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោកបូរីស ចនសុន បាននិយាយថាប្រទេសលោកនឹងកែប្រែច្បាប់អន្តោប្រវេសន៍ដើម្បីជាមធ្យោបាយផ្តល់សញ្ជាតិអង់គ្លេសដល់ប្រជាជនហុងកុងទាំងឡាយដែលមានសិទ្ធិទទួលបានសញ្ជាតិអង់គ្លេសក្រៅស្រុក ប្រសិនបើរដ្ឋាភិបាលចិនដាក់អនុវត្តច្បាប់សន្តិសុខថ្មីនៅទីក្រុងហុងកុង។[137]
SpaceX បានបាញ់បង្ហោះ និងពង្រាយផ្កាយរណប ស្តារលីង (Starlink) ចំនួន ៦០ គ្រឿងទៅក្នុងគន្លងផែនដីកម្រិតទាបបានដោយជោគជ័យ ដោយនាំឱ្យចំនួនផ្កាយរណបស្តារលីងសរុបនៅក្នុងគន្លងកើនឡើងដល់ចំនួន ៤៨២ គ្រឿង។[138]
ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីប្រេងកាតប្រមាណ ២០,០០០ តោនបានលេចធ្លាយចូលទៅក្នុងទន្លេអាំបាណាយ៉ា នៅក្បែរទីក្រុងណូរីលស្ក៍ នៃតំបន់ស៊ីបេរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។[139]
៤ មិថុនា – រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ នៅប្រទេសលីប៊ីបានថ្លែងថា ពួកគេកំពុងកាន់កាប់រដ្ឋធានីទ្រីប៉ូលី ទាំងស្រុង បន្ទាប់ពីបានវាយបណ្ដេញកងកម្លាំងនៃកងទ័ពជាតិលីប៊ី ចេញពីទីក្រុង។[140]
៥ មិថុនា – ការបោះឆ្នោតសកលសាំងគីត និងណឺវីសឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៥ រូបនៃរដ្ឋសភា ប្រទេសសាំងគីត និងណឺវីស ។[141]
៧ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់ទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ៤០០,០០០ នាក់។[142]
៨ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានឈានដល់ ៧ លានករណីនៅជុំវិញពិភពលោក។[143]
៩ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩ ៖ ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យហាវើដ បានឱ្យដឹងថា ជំងឺកូវីដ-១៩ អាចទំនងជាចាប់ផ្តើមរាលដាលដំបូងនៅក្នុងប្រទេសចិនតាំងពីដើមខែសីហា ឆ្នាំ២០១៩ មកម៉្លេះ នេះបើផ្អែកតាមការសង្កេតឃើញពីបម្រើបម្រាស់ចំណតរថយន្តតាមមន្ទីរពេទ្យ និងលទ្ធផលរាវរកព័ត៌មានតាមបណ្ដាញអ៊ីនធឺណិតរបស់ប្រជាជនចិន។[144]
១៥ មិថុនា
ទាហានឥណ្ឌាប្រមាណ ២០ នាក់ និងកងកម្លាំងចិនជាង ៤០ នាក់ត្រូវបាត់បង់ជីវិត ឬទទួលរងរបួសនៅអំឡុងការប៉ះទង្គិចប្រដាប់អាវុធនៅឯជ្រលងភ្នំកាល់វ៉ាន ។ ការប៉ះទង្គិចគ្នានេះត្រូវបានគេចាត់ទុកថាជាឧប្បត្តិហេតុជម្លោះដ៏ធំបំផុតដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនចិន-ឥណ្ឌា ក្នុងរយៈពេលប្រាំទសវត្សរ៍ចុងក្រោយ។[145]
កងកម្លាំងតួកគី និងអ៊ីរ៉ង់ បានចាប់ដៃគ្នាវាយប្រហារតាមរយៈផ្លូវអាកាស និងដោយការប្រើប្រាស់កាំភ្លើងធំប្រឆាំងនឹងកងកម្លាំងនៃគណបក្សពលករឃឺដ នៅក្នុងតំបន់ឃឺឌីស្ថាននៃប្រទេសអ៊ីរ៉ាក់ ។ ប្រទេសតួកគីចាប់ផ្តើមចេញប្រតិបត្តិការដីគោក នៅក្នុងតំបន់នោះនៅថ្ងៃទី១៧ ខែមិថុនា។[146]
១៦ មិថុនា
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនឡើងដល់ ៨ លានករណីនៅទូទាំងពិភពលោក។[147]
កូរ៉េខាងជើង បានបំផ្ទុះកម្ទេចចោលនូវការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងក្រុងគែសង់ ។ អគារដែលបានកម្ទេចចោលនោះត្រូវបានសាងសង់ឡើង និងបើកសម្ពោធនៅក្នុងឆ្នាំ២០១៨ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។[148]
២១ មិថុនា
សូរ្យគ្រាសចិញ្ចៀនភ្លើង បានកើតឡើង។[149]
ការបោះឆ្នោតសភាស៊ែប៊ីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិករដ្ឋសភា ប្រទេសស៊ែប៊ី ទាំង ២៥០ រូប។ បក្សកាន់អំណាចគឺសម្ព័ន្ធភាពដើម្បីកូនៗរបស់យើង បានដណ្ដើមឈ្នះអាសនៈចំនួន ១៨៨ ក្នុងចំណោមអសនៈសរុប ២៥០។[150]
២២ មិថុនា
ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានហក់ឡើងដល់ ៩ លានករណីនៅទូទាំងពិភពលោក។[151]
ការបោះឆ្នោតប្រធានាធិបតីគីរីបាទីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកតាណេទី ម៉ាអាម៉ាវ បានជាប់ឆ្នោតបន្តជាប្រធានាធិបតីមួយអាណត្តិទៀត។[152]
ការបោះឆ្នោតប្រធានាធិបតីម៉ាឡាវីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ លោកឡាហ្សារូស ឆាឃ្វេរ៉ា នៃគណបក្សសមាជម៉ាឡាវី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មី ។[153]
២៤ មិថុនា – ការបោះឆ្នោតនីតិបញ្ញត្តិម៉ុងហ្គោលីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកនៃមហាសភារដ្ឋ ។ បក្សកាន់អំណាចគឺគណបក្សប្រជាជនម៉ុងហ្គោលី បានឈ្នះអាសនៈចំនួន ៦២ ក្នុងចំណោមអសនៈសរុបទាំងអស់ ៧៦។[154]
២៧ មិថុនា
លោកមីឈីអាល់ ម៉ាទីន បានឡើងស្នងតំណែងបន្តពីលោកលីអូ វ៉ារ៉ាដការ ជាតាវអ៊ីស៊ីជ នៃប្រទេសអៀរឡង់ ខណៈលោកវ៉ារ៉ាដការវិញបានក្លាយជាតានីយស្ត៍ ក្នុងរដ្ឋាភិបាលចម្រុះបីបក្សសម្ព័ន្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។[155]
ការបោះឆ្នោតប្រធានាធិបតីអ៊ីស្លង់ឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកហ្គូដនី ថូរឡាស៊ូស ចូអានេសុន បានជាប់ឆ្នោតបន្តជាប្រធានាធិបតីមួយអាណត្តិទៀត។[156]
២៨ មិថុនា
ជំងឺរាតត្បាតកូវីដ ១៩៖
ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនលើសពី ១០ លានករណីនៅទូទាំងពិភពលោក។[157] សហរដ្ឋអាមេរិកបានបន្តក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងច្រើនបំផុតជាងប្រទេសដទៃៗ ដោយមានករណីឆ្លងសរុប ២.៥ លានករណីដែលត្រូវជាមួយភាគបួននៃករណីសរុបទាំងអស់នៅទូទាំងពិភពលោក។[158]
ចំនួនករណីស្លាប់ពីជំងឺកូវីដ-១៩ នៅលើសកលលោកបានកើនលើសពី ៥០០,០០០ ករណី។[159]
៣០ មិថុនា – ចិនបានអនុម័តច្បាប់សន្តិសុខជាតិហុងកុង ដែលអនុញ្ញាតឱ្យចិនអាចបង្ក្រាបរាល់សកម្មភាពប្រឆាំងទាំងឡាយលើរដ្ឋធានីប៉េកាំងទាំងក្នុង និងក្រៅប្រទេស។[160]
កក្កដា
១ កក្កដា – ប្រជាជនរុស្ស៊ីបានសម្ដែងការគាំទ្រចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញ ថ្មីដែលអនុញ្ញាតឱ្យលោកវ៉្លាឌីមៀរ ពូទីន បន្តកាន់អំណាចរយៈពេលពីរអាណត្តិបន្ថែម ពោលលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦។[161]
៥ កក្កដា
ការបោះឆ្នោតសភាក្រូអាតឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៥១ រូប។[162]
ការបោះឆ្នោតសកលនៃសាធារណរដ្ឋដូមីនិកឆ្នាំ២០២០ ៖ បេក្ខភាពនៃគណបក្សបដិវត្តន៍សម័យ លោកល្វី អាប៊ីណាដឺរ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតី ថ្មីនៃសាធារណរដ្ឋដូមីនិក ។[163]
៧ កក្កដា
បាតុកម្មប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅក្នុងប្រទេសប៊ុលហ្ការី ទាមទារឱ្យគណៈរដ្ឋមន្ត្រីបូរីសូហ្វ និងប្រធានរដ្ឋអាជ្ញាលោកអ៊ីវ៉ាន ជេស៊ែហ្វ ចុះចេញពីតំណែង។[164]
ជំងឺរាតត្បាតកូវីដ ១៩៖ មនុស្សរាប់ពាន់នាក់បានចេញតវ៉ាប្រឆាំងនៅមុខអគាររដ្ឋសភា ក្នុងទីក្រុងបែលក្រាដ នៃប្រទេសស៊ែប៊ី ទាក់ទិននឹងវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីលោកអាឡិចសាន់ដឺ វូសីជ ក្រោយពីករណីឆ្លងបានផ្ទុះឡើងនៅក្នុងរដ្ឋធានី។[165]
៨ កក្កដា – សាកសពប្រមាណ ១៨០ ត្រូវបានគេរកឃើញនៅក្នុងមហាសុសានមួយកន្លែងនៅក្រុងជីប៊ូ ប្រទេសបួគីណាហ្វាសូ ដែលធ្លាប់ត្រូវជាទីសមរភូមិប្រយុទ្ធប្រឆាំងនឹងចលនាជីហាដ។ គេបានកើតការសង្ស័យពីករណីប្រហារជីវិតក្រៅប្រព័ន្ធតុលាការដោយកម្លាំងរដ្ឋាភិបាល។[166]
១០ កក្កដា
ធនាគារកណ្ដាលអឺរ៉ុប បានទទួលស្គាល់ប្រទេសប៊ុលហ្ការី និងក្រូអាត ចូលក្នុងយន្តការអត្រាប្តូរប្រាក់អឺរ៉ុប (ERM II) ដែលជាដំណាក់កាលចាំបាច់សម្រាប់ប្រទេសដែលមានបំណងចង់ប្រើប្រាស់លុយអឺរ៉ូ ។[167]
ការបោះឆ្នោតសកលសិង្ហបុរីឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ៩៣ រូប។ គណបក្សសកម្មភាពប្រជាជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលី ស៊ានឡុង បានដណ្ដើមអាសនៈចំនួន ៨៣ ក្នុងចំណោមអាសនៈសរុប ៩៣ នៅក្នុងសភា ។[168]
១២ កក្កដា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីប៉ូឡូញឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកំពុងកាន់អំណាចលោកអង់ដ្រេជ៍ ឌូដា បានជាប់ឆ្នោតបន្តមួយអាណត្តិទៀត។[169]
១៩ កក្កដា – គ្រោះទឹកជំនន់នៅតាមបណ្តោយទន្លេព្រហ្មបុត្រ បានសម្លាប់មនុស្សអស់ចំនួន ១៨៩ នាក់ និងនាំឱ្យប្រជាជនប្រមាណ ៤ លាននាក់បាត់បង់ផ្ទះសម្បែងរស់នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់។[170]
២១ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ ថ្នាក់ដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតមូលនិធិសង្គ្រោះចំនួន ៧៥០ ពាន់លានអឺរ៉ូ (៥៨៨ ពាន់លានដុល្លារ) ដើម្បីកសាងសេដ្ឋកិច្ចនៃសហភាពអឺរ៉ុបចំពេលកំពុងរងវិបត្តិជំងឺកូវីដ-១៩។[171]
២២ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនដល់ ១៥ លានករណីនៅជុំវិញសកលលោក។[172]
២៥ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋាភិបាលរបស់លោក រួចក៏ប្រកាសជាអាសន្ន និងបានបញ្ជាឱ្យបិទខ្ទប់ទីក្រុងគែសង់ បន្ទាប់ពីមានករណីសង្ស័យធ្វើដំណើរត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង វិញ។ បើជាករណីឆ្លងពិតមែននោះ វានឹងក្លាយជាករណីកូវីដ-១៩ ដំបូងបង្អស់ដែលបានទទួលស្គាល់ជាផ្លូវការដោយប្រទេសកូរ៉េខាងជើង។.[173]
៣០ កក្កដា – អង្គការណាសា បានបាញ់បង្ហោះបេសកកម្មយានអវកាសទៅភពអង្គារ ម៉ារស៍ ២០២០ (Mars 2020) របស់ខ្លួនបានដោយជោគជ័យ ក្នុងគោលបំណងស្វែងរកសញ្ញានៃជីវិតបុរាណ នៅលើភពអង្គារ និងប្រមូលសំណាកត្រឡប់មកផែនដីវិញ។ បេសកកម្មនេះផងដែរបានបង្ហាញពីបច្ចេកវិទ្យាថ្មីត្រៀមសម្រាប់នាំមនុស្សទៅភពអង្គារ នាថ្ងៃអនាគត។[174]
សីហា
១ សីហា – រោងចក្រថាមពលនុយក្លេអ៊ែរបារ៉ាកា នៅអេមីរ៉ាតអារ៉ាប់រួម បានបើកដំណើរការបន្ទាប់ពីត្រូវពន្យារប្រតិបត្តិការចាប់តាំងពីឆ្នាំ២០១៧ មក។ វាត្រូវជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មដំបូងគេបង្អស់ប្រចាំពិភពអារ៉ាប់ ។[175]
៤ សីហា – ការរក្សាទុកសារធាតុអាម៉ូញ៉ូមនីត្រាតមិនបានល្អបាននាំឱ្យកើតមានហេតុការណ៍ផ្ទុះ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅកំពង់ផែ នៃទីក្រុងបៃរូត ប្រទេសលីបង់ និងនាំឱ្យស្លាប់មនុស្សយ៉ាងតិចចំនួន ២១៨ នាក់ និងរងរបួសប្រមាណរាប់ពាន់នាក់ទៀត។ ថ្លៃនៃការខូចខាតទាំងឡាយត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនពី ១០ ទៅ ១៥ ពាន់លានដុល្លារអាមេរិក ហើយមនុស្សប្រមាណ ៣០០,០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ នៅថ្ងៃបន្ទាប់ រដ្ឋាភិបាលលីបង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលពីរសប្តាហ៍។[176] [177]
៥ សីហា – រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សនៃសហរដ្ឋអាមេរិក លោកអាឡិច អាហ្សារ បានធ្វើដំណើរទៅកាន់តៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចផ្លូវការខ្ពស់បំផុតរបស់មន្ត្រីអាមេរិកមកកាន់ប្រទេសនេះក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ជាលទ្ធផល ចិន បានចេញថ្កោលទោសដំណើរទស្សនកិច្ចនេះ។[178]
៩ សីហា – ប្រធានាធិបតីកាន់អំណាច លោកអាឡិចសានដឺ លូកាឆេនកូ បានជាប់ឆ្នោតបន្តជាប្រធានាធិបតីបេឡារុស ប្រាំមួយអាណត្តិជាប់ៗគ្នា ដែលបង្កឱ្យមានបាតុកម្មតវ៉ាផ្ទុះឡើងនៅទូទាំងប្រទេស ខណៈបេក្ខភាពប្រឆាំងចម្បងគឺលោកស្រីស៊្វែតឡាណា ធិកាណូហ្វស្កាយ៉ា បានច្រានចោលលទ្ធផលបោះឆ្នោតនេះ។ ប្រាំពីរថ្ងៃក្រោយមក ដំណើរហែក្បួននយោបាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសបេឡារុសបានលេចឡើង ដោយមានមនុស្សចូលរួមប្រមាណ ៣០០,០០០ នាក់នៅរដ្ឋធានីមីនស្កឹ និងចំនួន ២០០,០០០ ទៀតនាក់នៅតាមទីក្រុង និងទីប្រជុំជនដទៃ។[179]
១០ សីហា
ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនករណីឆ្លងបានកើនលើសពី ២០ លាននាក់នៅទូទាំងសកលលោក។[180]
ការបោះឆ្នោតសកលទ្រីនីតេ និងតូបាគោឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្រ្ត ទាំង ៤១ រូប។ គណបក្សចលនាជាតិប្រជាជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឃីថ រោលី បានឈ្នះអាសនៈចំនួន ២២ ក្នុងចំណោមអាសនៈសរុប ៤១។[181]
១១ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីបានទទួលស្គាល់វ៉ាក់សាំងកូវីដ-១៩ ដំបូងគេបង្អស់។[182]
១៣ សីហា – អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងធ្វើនិយតកម្មទំនាក់ទំនង ទ្វេភាគី ដែលនាំឱ្យកើតជាកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-អារ៉ាប់ទីបី ។[183]
១៥ សីហា – នាវាដឹកទំនិញជប៉ុនឈ្មោះ វ៉ាកាស៊ីអុ ដែលបានជាប់គាំងនៅលើថ្មប៉ប្រះទឹកក្នុងប្រទេសម៉ូរីស កាលពីមួយខែមុននេះ បានបាក់ដាច់ចេញជាពីរផ្នែក។ ជាលទ្ធផល ប្រេងប្រហែល ១,០០០ តោនត្រូវកំពប់ចូលទៅក្នុងទឹកសមុទ្រ ដោយបង្កជាគ្រោះមហន្តរាយបរិស្ថាន ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសម៉ូរីស។[184]
១៨ សីហា – សង្កុបកម្មនៅក្នុងមូលដ្ឋានយោធាដោយពលទាហាននៃកងកម្លាំងប្រដាប់អាវុធម៉ាលី បានវិវត្តក្លាយទៅជារដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ។ លោកប្រធានាធិបតីអ៊ីប្រាហ៊ីម ប៊ូបាកា គីយតា និងនាយករដ្ឋមន្ត្រីប៊ូប៊ូ ស៊ីសេ រួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងយោធាផ្សេងៗទៀតត្រូវបានចាប់ខ្លួន។ នៅថ្ងៃបន្ទាប់ លោកគីយតាបានប្រកាសលាលែងពីតំណែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។[185] [186]
១៩ សីហា – តុលាការពិសេសសម្រាប់លីបង់ បានកាត់ទោសសមាជិកជាន់ខ្ពស់នៃក្រុមហេសបុលឡា ម្នាក់ឈ្មោះសាលីម អៃយ៉ាស ដោយអវត្តមាន ពីបទធ្វើឃាតកម្មអតីតនាយករដ្ឋមន្ត្រីលីបង់ លោករ៉ាហ្វិក ហារីរី កាលពីឆ្នាំ២០០៥។[187]
២២ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនអ្នកស្លាប់ទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនឡើងលើសពី ៨០០,០០០ នាក់។[188]
២៥ សីហា – ទ្វីបអាហ្រ្វិក ត្រូវបានប្រកាសថាលែងមានជំងឺគ្រុនស្វិតដៃជើង ធម្មជាតិទៀតហើយ ដោយវាត្រូវជាវីរុសទីពីរប៉ុណ្ណោះដែលត្រូវបានកម្ចាត់ចោលចេញពីទ្វីបនេះចាប់តាំងពីជំងឺអុតស្វាយកាលពី ៤០ ឆ្នាំមុន។[189] [190]
២៨ សីហា – នាយករដ្ឋមន្ត្រី កាន់អំណាចយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន គឺលោកស៊ីនហ្សូ អាបេ បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពីបញ្ហាសុខភាព។[191]
៣០ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនលើសពី ២៥ លាននាក់នៅទូទាំងពិភពលោក ខណៈប្រទេសឥណ្ឌាបានបន្តកត់ត្រាកំណើនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។[192]
កញ្ញា
៣ កញ្ញា – នាយករដ្ឋមន្ត្រីស៊ូដង់ លោកអាប់ដាល់ឡា ហាំដុក និងមេដឹកនាំនៃចលនារំដោះប្រជាជនស៊ូដង់-ជើង លោកអាប់ដេឡាស៊ីស អាល់-ហ៊ីលូ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរប្រទេសទៅជាអសាសនរដ្ឋ ។ កិច្ចព្រមព្រៀងនេះបានកើតឡើងរយៈពេលបីថ្ងៃក្រោយការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលអន្តរកាលស៊ូដង់ និងរណសិរ្សបដិវត្តន៍ស៊ូដង់ ដែលចលនារបស់លោកហ៊ីលូមិនព្រមចូលរួម។ ប៉ុន្មានសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី៣ ខែតុលា រដ្ឋាភិបាលអន្តរកាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមសំខាន់ៗ រួមទាំងចលនារំដោះប្រជាជនស៊ូដង់ផងដែរ បន្ទាប់ពីក្រុមនេះបានបដិសេ ធមិនចូលរួមក្នុងកិច្ចចរចាមុនៗ។[193] [194]
៤ កញ្ញា
សម្ដេចប៉ាបព្រះបេណេឌីកទី១៦ បានក្លាយជាសម្តេចប៉ាបដែលមានព្រះជន្មាយុវែងបំផុតដោយព្រះអង្គមានអាយុ ៩៣ ឆ្នាំ ៤ ខែ និង ១៦ ថ្ងៃ។[195]
ប្រទេសកូសូវ៉ូ និងស៊ែប៊ី បានប្រកាសពីការធ្វើនិយតកម្មទំនាក់ទំនងសេដ្ឋកិច្ច ជាមួយគ្នា។ ប្រទេសទាំងពីរបានប្ដូរទីតាំងស្ថានទូតអ៊ីស្រាអែល រៀងៗខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម ដោយក្លាយខ្លួនជាប្រទេសទីបី និងទីបួនប៉ុណ្ណោះដែលទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។[196] [197]
ប្រទេសបារ៉ែន និងអ៊ីស្រាអែលបានព្រមព្រៀងធ្វើនិយតកម្មទំនាក់ទំនងទ្វេភាគី ដែលនាំឱ្យកើតជាកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-អារ៉ាប់ទីបួន ។[198]
៦ កញ្ញា – ព្យុះទីហ្វុងហៃសិន បានបោកគួចចូលទឹកដីប្រទេសជប៉ុន និងកូរ៉េខាងត្បូង មុនពេលបន្តចូលទៅក្នុងប្រទេសកូរ៉េខាងជើង បង្កជាគ្រោះទឹកលិចជាច្រើនកន្លែង។[199]
១៤ កញ្ញា
ឈ្មោះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ត្រូវបានចុះបញ្ជីនៅក្នុងប្រព័ន្ធទិន្នន័យរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី អំពីជនល្មើសអំពើពុករលួយដែលត្រូវបានកាត់ទោសនៅក្នុងស្រុក។[200]
សមាគមន៍ភូមិន្ទតារាសាស្ត្រ បានប្រកាសអំពីការរកឃើញនៃសារធាតុផូស្វីន នៅក្នុងបរិយាកាសភពសុក្រ ដោយនេះត្រូវជាសារធាតុបញ្ជាក់ពីវត្តមានរបស់អតិសុខុមជីវិត។[201]
១៦ កញ្ញា
បេសកកម្មស្វែងរកការពិតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចោទប្រកាន់រដ្ឋាភិបាលវេណេស៊ុយអេឡា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងករណីសម្លាប់ ការធ្វើទារុណកម្ម អំពើហិង្សាចំពោះក្រុមបក្សប្រឆាំងនយោបាយ និងការបាត់ខ្លួនឥស្សរជនមួយចំនួនចាប់តាំងពីឆ្នាំ២០១៤។ លោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ និងរួមទាំងមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាផ្សេងទៀតគឺស្ថិតនៅក្នុងចំណោមអ្នកដែលជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់នេះ។[202]
លោកយ៉ូស៊ីហ៊ីដិ ស៊ូហ្កា បានក្លាយខ្លួនជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន ដោយឡើងកាន់តំណែងបន្តពីលោកស៊ីនហ្សូ អាបេ ។[203]
ព្យុះវេរម្ភវាតសាល់លី បានបោកបក់សម្រុកចូលតំបន់ឆ្នេរនៃរដ្ឋអាឡាបាម៉ា ដោយបានបង្កឱ្យមានការខូចខាតជាទឹកប្រាក់សរុបជាង ៨ ពាន់លានដុល្លារអាមេរិក និងបានសម្លាប់មនុស្សចំនួន ៨ នាក់។
១៧ កញ្ញា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនលើសពី ៣០ លានករណី។[204]
២០ កញ្ញា – សារព័ត៌មាន Buzzfeed និងសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ) បានចេញផ្សាយឯកសារហ៊្វីនសិន (FinCEN) ដែលជាបណ្ដុំឯកសារចំនួន ២,៦៥៧ ពណ៌នាអំពីប្រតិបត្តិការមន្ទិលជាង ២០០,០០០ ករណីដែលបានកើតឡើងនៅរវាងឆ្នាំ១៩៩៩ និងឆ្នាំ២០១៧ នៅតាមស្ថាប័នហិរញ្ញវត្ថុសកលជាច្រើន ដោយបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលមានតម្លៃសរុបជាង ២ ពាន់ពាន់លានដុល្លារអាមេរិក។[205]
២១ កញ្ញា – ក្រុមហ៊ិនមីក្រូសូប បានព្រមព្រៀងទិញក្រុមហ៊ុនគ្រប់គ្រងហ្គេមវីដេអូ ZeniMax Media រួមទាំង Bethesda Softworks និងព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតម្លៃ ៧.៥ ពាន់លានដុល្លារអាមេរិក ដោយវាបានក្លាយជាការទិញកាន់កាប់ដ៏ធំបំផុត និងថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មហ្គេមវីដេអូ។[206]
២៧ កញ្ញា – សង្គ្រាមណាហ្គ័រណូ-ការ៉ាបាក់លើកទី២ បានផ្ទុះឡើងរវាងប្រទេសអាមេនី និងអាស៊ែបៃសង់ ។ ប្រទេសទាំងពីរ និងរួមទាំងសាធារណរដ្ឋអាតសាក់ បានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅក្នុងទឹកដីរៀងៗខ្លួន និងថែមទាំងចាប់ផ្ដើមកេណ្ឌពលកម្លាំងត្រៀមប្រយុទ្ធ។[207]
២៩ កញ្ញា
ជំងឺរាតត្បាតកូវីដ-១៩៖ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងលើសពី ១ លានករណី។[208]
ព្រះអេមារនៃរដ្ឋគុយវ៉ែត ព្រះចៅសាបា អាល់-សាបា បានចូលព្រះទិវង្គតក្នុងព្រះជន្មាយុ ៩១ ព្រះវស្សា។ ព្រះរជ្ជទាយាទ ព្រះអង្គណាវ៉ាហ្វ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា បានឡើងសោយរាជ្យបន្តពីព្រះរាជបិតាទ្រង់។[209] [210]
តុលា
៥ តុលា – ជំងឺរាតត្បាតកូវីដ-១៩៖ ករណីឆ្លងនៃជំងឺកូវីដ-១៩ នៅជុំវិញសកលលោកបានកើនលើសពី ៣៥ លានករណី។ ព័ត៌មាននេះបានចេញចំពេលអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ប៉ាន់ស្មាន់ថាករណីសរុបសកលអាចមានចំនួន ៧៦០ លានករណី ដែលស្មើនឹងមួយភាគដប់នៃចំនួនប្រជាជនពិភពលោក។[211]
១៥ តុលា
បាតុកម្មថៃឆ្នាំ២០២០ ៖ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន "ធ្ងន់ធ្ងរ" ដោយហាមប្រាមការប្រមូលផ្តុំមនុស្សចាប់ពី ៥ នាក់ឡើងទៅ ខណៈការបង្រ្កាបលើបាតុករកំពុងចាប់ផ្ដើមមមាញឹក និងការដាក់ពិរុទ្ធកម្មប្រព័ន្ធផ្សព្វផ្សាយ។[212]
ប្រធានាធិបតីកៀគីស្ថាន លោកស៊ូរូនប៊េ ជីនបេកូហ្វ បានលាចុះពីតំណែងក្រោយពីមានបាតុកម្មធំៗ បានផ្ទុះឡើងប៉ុន្មានសប្តាហ៍នេះដែលជាឆ្លើយតបទៅនឹងលទ្ធផលការបោះឆ្នោតសភាកាលដើមខែតុលា ។ ប្រធានបក្សប្រឆាំង លោកសាឌីវ ចាប៉ារូហ្វ បានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីនៃប្រទេសកៀគីស្ថាន ។[213]
Main pages: ចំណាត់ថ្នាក់ក្រុម:ថ្ងៃកំណើតក្នុងឆ្នាំ ២០២០ and មរណភាពក្នុងឆ្នាំ ២០២០