From Wikipedia, the free encyclopedia
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ភាសាបារាំង៖ République démocratique du Congo (RDC)) ឬអាចហៅក្រៅផ្លូវការបានថា កុងហ្គោគីនស្យាសា ឬ កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ភាគពាយ័ព្យជាប់នឹងសាធារណរដ្ឋកុងហ្គោ នៅភាគខាងជើងជាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅភាគឦសានជាប់ស៊ូដង់ខាងត្បូង នៅប៉ែកខាងកើតមានជាប់ប្រទេសអ៊ូកង់ដា រ៉្វាន់ដា និងប៊ូរុនឌី ភាគខាងត្បូងនិងភាគអាគ្នេយ៍ជាប់ប្រទេសសំប៊ី ភាគនិរតីជាប់អង់កូឡា ភាគខាងលិចជាប់មហាសមុទ្រអាត្លង់ទិកខាងត្បូងនិងតំបន់កាប៊ីនដារបស់អង់កូឡា។ បើគិតជាផ្ទៃដីសរុប វាត្រូវជាប្រទេសធំជាងគេបំផុតទីពីរប្រចាំទ្វីបអាហ្វ្រិក និងជាប្រទេសធំបំផុតទី១១ នៅលើពិភពលោក។ ដោយមានប្រជាជនរស់នៅប្រមាណ ១០៨ លាននាក់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាប្រទេសដែលមានប្រជាជននិយាយភាសាបារាំងច្រើនជាងគេផងដែរនៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា គីនស្យាសា ហើយទីក្រុងនេះក៏ត្រូវជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសផងដែរ។
République démocratique du Congo (បារាំង) Repubilika ya Kôngo ya Dimokalasi (គីទូបា) Republíki ya Kongó Demokratíki (លីនហ្កាឡា) Jamhuri ya Kidemokrasia ya Kongo (ស្វាហ៊ីលី) Ditunga dia Kongu wa Mungalaata (លូបា-លូលូអា) | |
---|---|
ភ្លេងជាតិ Debout Congolais (បារាំង) "ក្រោកឈរឡើងកុងហ្គោ" | |
ទីតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | គីនស្យាសា 4°19′S 15°19′E |
ភាសាផ្លូវការ | ភាសាបារាំង |
ភាសាជាតិ |
|
សាសនា (ឆ្នាំ ២០២០)[1] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី |
- ប្រធានាធិបតី | ហ្វីលីក ត្ស៊ីសេកេឌី |
- នាយករដ្ឋមន្ត្រី | ហ្សង់-មីឆែល សាម៉ា លូខុនដេ |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | រដ្ឋសភា |
និម្មិតកម្ម | |
- ធ្លាក់ក្រោមអាណានិគម | ១៧ វិច្ឆិកា ១៨៧៩ |
- រដ្ឋសេរីកុងហ្គោ | ១ កក្កដា ១៨៨៥ |
- កុងហ្គោបែលហ្ស៊ិក | ១៥ វិច្ឆិកា ១៩០៨ |
៣០ មិថុនា ១៩៦០[2] | |
- សាធារណរដ្ឋហ្សាអៀ | ២៧ តុលា ១៩៧៦ |
- សង្គ្រាមកុងហ្គោទី១ | ១៧ ឧសភា ១៩៩៧ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១៨ កុម្ភៈ ២០០៦ |
[[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ២,៣៤៥,៤០៩ គ.ម២ (ទី១១) |
- ផ្ទៃទឹក (%) | ៣.៣២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ១០៨,៤០៧,៧២១[3] (ទី១៤) |
- ដង់ស៊ីតេ | ៤៦.៣ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៦៣.៩១ ពាន់លានដុល្លារ[4] (ទី៩០) |
- ក្នុងម្នាក់ | ១,៣២៨ ដុល្លារ[4] (ទី១៨៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១២៨.៥៤ ពាន់លានដុល្លារ[4] (ទី៨៦) |
- ក្នុងម្នាក់ | ៦៦០ ដុល្លារ[4] (ទី១៩០) |
ជីនី (២០១២) | ៤២.១[5] មធ្យម |
HDI (២០២១) | ០.៤៧៩[6] ទាប · ទី១៧៩ |
រូបិយវត្ថុ | ហ្វ្រង់កុងហ្គោ (CDF) |
ល្វែងម៉ោង | UTC+១ ទៅ +២ (WAT និង CAT) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ dd/mm/yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +២៤៣ |
កូដ ISO 3166 | CD |
ដែនកម្រិតខ្ពស់ | .cd |
ដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលអាងទឹកកុងហ្គោ ទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានមនុស្សចូលមករស់នៅជាលើកដំបូងប្រមាណ ៩០,០០០ ឆ្នាំមុន ហើយត្រូវបានជនជាតិបង់ធូផ្លាស់ទីមករស់នៅប្រហែល ៣,០០០ ឆ្នាំមុន។ នៅប៉ែកខាងលិច ព្រះរាជាណាចក្រកុងហ្គោបានគ្រប់គ្រងទឹកដីនៅជុំវិញមាត់ទន្លេកុងហ្គោនៅវាងសតវត្សទី១៤ ដល់ទី១៩។ ចំណែកនៅភូមិភាគឦសាន កណ្តាល និងកើតវិញត្រូវស្ថិតនៅក្រោមការកាន់កាប់របស់ព្រះរាជាណាចក្រអាហ្សង់ដេ លូបា និងលូនដាពីសតវត្សទី១៦ និងទី១៧ រហូតដល់សតវត្សទី១៩។ ព្រះបាទលេអូប៉ូលទី២ នៃព្រះរាជាណាចក្របែលហ្ស៊ិកបានទទួលសិទ្ធិគ្រប់គ្រងលើទឹកដីកុងហ្គោជាផ្លូវការនៅក្នុងឆ្នាំ១៨៨៥ ហើយបានប្រកាសទឹកដីនេះជាកម្មសិទ្ធិឯកជនរបស់ទ្រង់ ដោយបានប្រទានឈ្មោះថា រដ្ឋសេរីកុងហ្គោ។ ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៩០៨ កម្លាំងយោធាអាណានិគមរបស់ព្រះអង្គបានចាប់បង្ខំប្រជាជនក្នុងតំបន់ឱ្យផលិតដំណាំកៅស៊ូ និងបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន។ នៅឆ្នាំ១៩០៨ ព្រះបាទលេអូប៉ូលបានសម្រេចព្រះទ័យប្រទានទឹកដីកុងហ្គោមកឱ្យរដ្ឋ ដែលកាលនុះវាត្រូវបានគេស្គាល់ថា ទឹកដីអាណានិគមបែលហ្ស៊ិក។
កុងហ្គោបានទទួលឯករាជ្យពីប្រទេសបែលហ្ស៊ិកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦០ ហើយខ្លួនត្រូវបានប្រឈមនឹងចលនាអបគមន៍ភ្លាមៗ ហើយជាលទ្ធផល លោកម៉ូប៊ូធូ សេសេ សេកូបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ១៩៦៥។ ម៉ូប៊ូធូបានប្តូរឈ្មោះប្រទេសទៅហ្សាអៀនៅឆ្នាំ១៩៧១ ហើយបានបង្កើតរបបផ្តាច់ការបែបបុគ្គលនិយមរហូតដល់ឆ្នាំ១៩៩៧ ជាពេលដែលរបបលោកត្រូវបានផ្តួលរំលំនៅក្នុងសង្រ្គាមកុងហ្គោទីមួយ។ ក្រោយមក ប្រទេសមួយនេះក៏បានប្តូរឈ្មោះទៅឈ្មោះដើមវិញ ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវប្រឈមមុខនឹងសង្គ្រាមជាថ្មីទៀតនៅរវាងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥.៤ លាននាក់។[7][8][9][10] សង្រ្គាមដ៏រ៉ាំរ៉ៃបានបញ្ចប់នៅក្នុងអាណត្តិប្រធានាធិបតីយ៉ូសែហ្វ កាប៊ីឡា ដែលលោកបានដឹកនាំប្រទេសពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ប៉ុន្តែក្រោមរដ្ឋបាលរបស់លោក កំណត់ត្រាសិទ្ធិមនុស្សនៅក្នុងប្រទេសនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រជាជនមានភាពក្រីក្រយ៉ាងដំណំ។ បន្ថែមទៀតនោះ ករណីរំលោភបំពានគ្រប់រូបភាពបានកើតឡើងជាញឹកញាប់ដូចជា ការបាត់ខ្លួនដោយកំបាំង ការធ្វើទារុណកម្ម ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត និងការរឹតបន្តឹងលើសេរីភាពស៊ីវិលជាដើម។[11] នៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ អំណាចនយោបាយត្រូវបានផ្ទេរទៅកាន់មេដឹកនាំថ្មីដោយសន្តិវិធី ជាលើកដំបូងបង្អស់ចាប់តាំងពីបានបានទទួលឯករាជ្យមក ដោយលោកកាប៊ីឡាត្រូវបានស្នងតំណែងជាប្រធានាធិបតីដោយលោកហ្វីលីក ត្ស៊ីសេកេឌី។[12] ចាប់តាំងពីឆ្នាំ២០១៥ មក នៅភាគខាងកើតប្រទេសបានក្លាយជាទីតាំងនៃជម្លោះយោធាដែលនៅតែបន្តរហូតដល់សព្វថ្ងៃ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ប៉ុន្តែធនធានទាំងនោះត្រូវទទួលរងគ្រោះដោយសារអស្ថិរភាពនយោបាយ កង្វះហេដ្ឋារចនាសម្ព័ន្ធ អំពើពុករលួយ និងការទាញយកផលចំណេញផ្នែកពាណិជ្ជកម្មនិងការធ្វើអាណានិគមពីបរទេសអស់ជាច្រើនសតវត្ស ហើយក្រោយឯករាជ្យបានជាង ៦០ ឆ្នាំ ប្រទេសនេះបានត្រឹមតែអាចអភិវឌ្ឍន៍ខ្លួនបានតិចតួចប៉ុណ្ណោះ។[13] ក្រៅពីរដ្ឋធានីគីនស្យាសា ទីក្រុងធំៗបន្ទាប់ពីរគឺ លូប៊ូមបាស្យី និង អ៊ឹមប៊ូជីម៉ាយី គឺជាសហគមន៍រុករករ៉ែទាំងពីរ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោច្រើននាំចេញរ៉ែឆៅទៅបរទេស ដោយមានប្រទេសចិនជាអ្នកទទួលផលិតផលនាំចេញរបស់ខ្លួនជាង ៥០% នៅក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ដដែរ កម្រិតអភិវឌ្ឍន៍មនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៧៥ ក្នុងចំណោមប្រទេសចំនួន ១៨៩ ដែលជាការវាស់ស្ទង់ដោយសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។[14] គិតត្រឹមឆ្នាំ២០១៨ បន្ទាប់ពីរការឆាបឆេះនៃសង្រ្គាមស៊ីវិលអស់ជាងពីរទសវត្សរ៍ និងជម្លោះផ្ទៃក្នុងជាបន្តបន្ទាប់ ជនភៀសខ្លួនរបស់កុងហ្គោប្រមាណ ៦០០,០០០ នាក់នៅតែបន្តរស់នៅក្នុងប្រទេសជិតខាង។[15] កុមារចំនួនពីរលាននាក់ត្រូវប្រថុយនឹងការអត់ឃ្លាន ហើយសង្គ្រាមបង្ហូរឈាមគ្នាបានបង្ខំឱ្យមនុស្សចំនួន ៤.៥ លាននាក់ផ្លាស់ទីជម្រករបស់ខ្លួន។ [16] បច្ចុប្បន្ន ប្រទេសនេះជាសមាជិកនៃអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ សហភាពអាហ្វ្រិក សហគមន៍អាហ្វ្រិកខាងកើត កូមេសា សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាលជាដើម។ល។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.