ចក្រភពខ្មែរ, រដ្ឋដែលមានអំណាចជាងគេនៅអាស៊ីអាគ្នេយ៍ដីគោកពីសតវត្សទី៨ ដល់សតវត្សទី១៣ From Wikipedia, the free encyclopedia
ទំព័រគំរូ:Infobox Former Countryសុតសុភក្រ្ត័
កម្វុជទេឝ (អានថា:កាំវុជៈទេស)រឺ សម័យអង្គរ គឺជាសម័យកាលមួយ ដែលកម្ពុជាគឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ ដោយបានលូតលាស់ចេញពីអតីតនគរកម្វុជ(ចេនឡា)។ ក្នុងកំឡុងពេលមួយនៃសម័យនេះដែរ អាណាចក្រខែ្មរបានគ្រប់គ្រងដោយផ្ទាល់់ និងដាក់់ជាចំណុះ លើប៉៉ែកធំនៃអាស៊ីអាគ្នេយ៍៍ដីគោក ដោយរួមបញ្ចូលនូវទឹកដីនៃប្រទេស លាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា បច្ចុប្បន្ន និងផ្នែកមួយនៃចិនភាគខាងត្បូង។[1] កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតមួយរបស់អាណាចក្រនេះគឺតំបន់់អង្គរ ដែលជារាជធានីនៃយុគមាស នៃកម្វុជទេឝ។ ប្រាសាទបុរាណដូចជាអង្គរវត្ត និងបាយ័នជាភស្តុតាងនៃភាពស្ដុកស្ដម្ភនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ការរីកចម្រើនលើសិល្បៈ វប្បធម៌ និងស្ថាបត្យកម្ម ក៏ដូចជា ជំនឿនិងសាសនាផ្សេងៗដែលត្រូវបានលើកស្ទួយកាលពីរជ្ជកាលមួយទៅរជ្ជកាលមួយ។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាមហាយាន ក្រោយមកព្រះពុទ្ធសាសនាថេរវាទត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងចំណោមវណ្ណៈជាន់ទាប បន្ទាប់ពីថេរវាទត្រូវបាននាំចូលមកពីស្រីលង្កាមកនៅក្នុងសតវត្សទី១៣។[2] តាមការស្រាវជ្រាវដោយប្រើផ្កាយរណប បានបង្ហាញថាអង្គរគឺជាតំបន់ប្រមូលផ្ដុំទីប្រជុំជនធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម។[3]
ប្រវត្តិនៃតំបន់អង្គរធ្លាប់ជាផ្ទៃដីកណ្ដាលនៃអាណាចក្រកម្វុជទេឝក្នុងប្រវត្តិសាស្ត ហើយក៏ជាសម័យកាលប្រវត្តិសាស្ត្ររបស់ខ្មែរចាប់ពីសតវត្សទី៩ដល់ទី១៣ដែរ។[4]
ពួកអ្នកនិពន្ធអារ៉ាប់វែកញែកពីអឺរ៉ុបនៅសតវត្សទី៩និងទី១០ស្ទើរតែគ្មានចន្លោះចំពោះអ្វីៗជាច្រើនលើសពីភាពអន់ថយរបស់អឺរ៉ុប ប៉ុន្តែអ្នកទាំងនោះក៏បានចាត់ទុកថាស្ដេចអាល់-ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំៗទាំង៤អង្គលើលោក។[5] អ្នកដឹកនាំនៃរាជវង្សរាស្ត្រកូដត្រូវបានគេពិពណ៌នាថាជាស្ដេចធំបង្អស់នៃអាល់ហិណ្ឌ ប៉ុន្តែបន្ថែមពីនោះ ពួកស្ដេចដែលតូចៗជាងអាល់ហិណ្ឌរួមមានស្ដេច ជ្វា ភូមានៃបាកាន និង ស្ដេចខ្មែរត្រូវបានពិពណ៌នាជានិច្ចដោយពួកអារ៉ាប់ថាជាស្ដេចដែលមានអំណាចក្រៃលែង និងមានកងទ័ព មនុស្ស សេះ ដ៏ច្រើនសន្ធឹកសន្ធាប់ និងជាញឹកញយមានទ័ពដំរីរាប់ពាន់ក្បាល។ បណ្ដាស្ដេចទាំងនេះត្រូវបានស្គាល់ដោយសារភាពស្ដុកស្ដម្ភនៃមាសប្រាក់ដ៏ច្រើនក្រាស់ក្រែល។[6]
ចេញមកពីកម្វុជ - និងមកពីតំបន់អង្គរដូចគ្នា - គ្មានកំណត់ត្រាដែលបាននៅគង់វង្សក្រៅតែពីសិលាចារឹកទេ។ ដូច្នេះហើយចំណេះដឹងថ្មីៗអំពីអរិយធម៌ខ្មែរតាមរយៈប្រវត្តិសាស្ត្រត្រូវទាញចេញតាំងពីដើមមកពី៖
ការចាប់ផ្ដើមសម័យអាណាចក្រខ្មែរត្រូវបានគេសន្មតចុះកាលបរិច្ឆេទនៅឆ្នាំ ៨០២ គ.ស.។ នៅឆ្នាំនោះ ព្រះបាទជយវម៌្មទី២បានប្រកាសខ្លួនថាជាចក្រវរ្តិន៑ (ស្ដេចនៃលោក រឺ ស្ដេចនៃស្ដេច) នៅលើភ្នំគូលែន។
ទិន្នន័យដំបូងអំពីព្រះបាទជយវម៌្មទី២បានមកពីសិលាចារឹក K.២៣៥នៅលើគោលចារឹកមួយនៅប្រាសាទស្ដុកកក់ធំ តំបន់ឦសាន ប្រទេសថៃ។ ដោយចុះកាលបរិច្ឆេទ ១០៥៣ គ.ស. ត្រូវបានគេរាប់ត្រឡប់ទៅពីរសតវត្សកន្លះវិញនៃការបំរើរបស់សមាជិកគ្រួសារស្ថាបនាប្រាសាទរហូតដល់រាជវាំងខ្មែរដ៏សំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ។[7]
តាមរយៈការពិពណ៌នាដ៏វែងឆ្ងាយ ព្រះបាទជយវម៌្មទី២ត្រូវគេសន្មតថាជាព្រះអង្គម្ចាស់មួយអង្គដែលបានរស់នៅរាជវាំងនៃរាជវង្សសៃលេន្ទ្រនៅប្រទេសជ្វា (ឥណ្ឌូណេស៊ីសម័យសព្វថ្ងៃនេះ) ហើយបាននាំមកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្វុជទេឝវិញ។[8] ទ្រឹស្ដីបុរាណនេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោកក្លូដ-ហ្សាក់ (Claude Jacques)[9] និងលោកម៉ៃខឺល-វីខ្ខឺរី (Michael Vickery) ដែលបានកត់សំគាល់ថាខ្មែរបានហៅថា ជ្វា គឺជាពួកចាម ប្រទេសជិតខាងរបស់ខ្លួនទៅវិញទេ។[10] លើសពីនេះទៅទៀត ជីវិតនយោបាយរបស់ព្រះបាទជយវម៌្មបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាភាគខាងកើត ដែលបង្កើតឲ្យមានទំនាក់ទំនងរយៈពេលយ៉ាងយូរជាមួយពួកនោះ (ត្បិតនៅមានការប្រទាញប្រទង់គ្នា ដូចដែរសិលាចារឹកមួយចំនួនបានលើកឡើង) ច្រើនជាងការគង់នៅយ៉ាងយូរនៅជ្វាដ៏ឆ្ងាយនោះទៅទៀត។[11] នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើននៅលើភ្នំគូលែនបង្ហាញនូវឥទ្ធិពលចាម (ឧ.ប្រាសាទដំរីក្រាប) និងជ្វា (ឧ.ប្រាសាទភ្នំដើមដំបូង គឺប្រាសាទអារាមរោងចិន និង ប្រាសាទថ្មដាប់) ទោះបីយ៉ាងណា ការរៀបចំខុសប្លែករបស់ប្រាសាទហាក់បីដូចជាតាមបែបផែនខ្មែរ។[12]
បន្ទាប់ពី ព្រះអង្គនៅទីបញ្ចប់បានត្រឡប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរកម្វុជ ព្រះអង្គភ្លាមៗក៏បានកសាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យជាបន្តបន្ទាប់នឹងស្ដេចដែលកំពុងប្រណាំងប្រជែងនឹងទ្រង់ ហើយនៅឆ្នាំ ៧៩០ គ.ស. ព្រះអង្គបានក្លាយជាព្រះមហាក្សត្រនៃនគរមួយហៅថា កម្វុជទេឝ របស់ជាតិខ្មែរ។ នៅប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ព្រះអង្គបានពង្រីកទឹកដីរបស់ទ្រង់និងទីបញ្ចប់បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរទីប្រជុំជនមួយនៅរលួសក្នុងប្រទេសខ្មែរ។ ដោយហេតុនេះហើយទើបទ្រង់បានពង្រីកវិសាលភាពការស្ថាបនាអង្គរ ដែលចាប់ពីប្រមាណ ១៥ គ.ម. ទៅទិសពាយព្យ។ នៅឆ្នាំ ៨០២ ទ្រង់បានប្រកាសព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុងក្បួនរីត៍ដែលយកតាមប្រពៃណីឥណ្ឌា។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែបានតែងតាំងដោយទេវៈប៉ុណ្ណោះទេ និងក៏ជាអ្នកដឹកនាំដែលគ្មានគូប្រៀប ក៏ប៉ុន្តែក្នុងពេលដំណាលគ្នាដែរ ទ្រង់ក៏បានប្រកាសឯករាជ្យព្រះនគររបស់ព្រះអង្គពីជ្វាផងដែរ។ ព្រះបាទជយវម៌្មទី២បានសោយទិវង្គតនៅឆ្នាំ ៨៣៤ នៃ គ.ស ហើយព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជយវម៌្មទី៤។[13] ព្រះបាទជយវម៌្មទី៤បានសោយទិវង្គតនៅឆ្នាំ ៨៧៧ នៃ គ.ស ហើយត្រូវបានស្នងរាជ្យបន្តដោយព្រះបាទឥន្ទ្រវម៌្មទី១។
ស្ដេចសោយរាជ្យបន្តបន្ទាប់ពីព្រះបាទជយវម៌្មទី២បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់។ ព្រះបាទឥន្ទ្រវម៌្មទី១ (រជ្ជកាល គ.ស ៨៧៧-៨៨៩) បានចាត់ចែងពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយព្រះអង្គបានចាប់ផ្ដើមគំរោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យដែលបានមកតាមរយៈពាណិជ្ជកម្ម និង កសិកម្ម។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថប្រព័ន្ធធារាសាស្ត្រ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវម៌្មទី១ (សោយរាជ្យ គ.ស ៨៨៩-៩១៥) បានបង្កើតរាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ។
ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើភ្នំបាខែង កូនភ្នំដែលផុសឡើង ៦០ ម លើវាលទំនាបដែលតាំងនៅអង្គរ។ ក្រោមការដឹកនាំរបស់ព្រះបាទយសោវម៌្មទី១ បារាយណ៍ខាងកើតក៏ត្រូវបានបង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ ៧,៥ គុណនឹង ១,៨ គ.ម។
ចាប់ផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់ផ្ទៃក្នុង។ ព្រះបាទជយវម៌្មទី៥បានបង្កើតរាជធានីថ្មីនៅឆោកគគីរ (លិង្គបុរ) នៅចំងាយ ១០០ គ.ម បន្តិចនៅភាគឦសាននៃអង្គរ។ មានតែព្រះបាទរាជេន្ទ្រវម៌្មទី២មួយអង្គទេ (សោយរាជ្យ៩៤៤-៩៦៨ គ.ស) ដែលបានរើរាជវាំងត្រឡប់ទៅយសោធរបុរៈវិញ។ ព្រះអង្គបានបង្កើតគ្រោងការសំណង់ដ៏ស្កឹមស្កៃម្ដងទៀតក្នុងចំណោមស្ដេចដំបូងៗទាំងនោះ និងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតនោះទេ ប្រាសាទពុទ្ធនិយមនិងវត្តជាច្រើនក៏បានកសាងឡើងផងដែរ។ នៅឆ្នាំ ៩៥០ នៃ គ.ស សង្គ្រាមលើកទីមួយ បានកើតមានឡើងរវាងកម្ពុជា និងនគរចាម្ប៉ានៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។
ចាប់ពីឆ្នាំគ.ស ៩៦៨ ដល់ ១០០១ ត្រូវបានបន្តទៅឱ្យព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវម៌្មទី២គឺព្រះបាទជយវម៌្មទី៦។ បន្ទាប់ពីព្រះអង្គបានតែងតាំងព្រះអង្គឯងក្លាយជាស្ដេចថ្មីលើព្រះអង្គម្ចាស់ដទៃៗមក ការគ្រប់គ្រងរបស់ព្រះអង្គគឺជាសម័យកាលមានសន្តិភាពយ៉ាងខ្លាំង ដែលបានកត់សំគាល់ដោយភាពរុងរឿង និងការរីកស្គុះស្គាយនៃវប្បធម៌។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែរយសោធរបុរ ជយេន្ទ្រនគរី។ នៅក្នុងរាជវាំងនៃព្រះបាទជយវម៌្មទី៦ មានពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បកររស់នៅ។ ប្រាសាទថ្មីៗក៏ត្រូវបានគេកសាងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនោះគឺបន្ទាយស្រី ត្រូវបានចាត់ទុកថាជាប្រាសាទមួយនៅអង្គរស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជាប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់។ ជំលោះមួយទសវត្សបានបន្ត បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទជយវម៌្មទី៦។ ពួកស្ដេចដែលបានសោយរាជ្យបន្តបានត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយអំពើហិង្សាជាបន្តបន្ទាប់ដោយអ្នកស្នងរាជ្យរបស់ព្រះអង្គរហូតនៅទីបំផុត ព្រះបាទសូរ្យវម៌្មទី១ (សោយរាជ្យគ.ស ១០១០-១០៥០) បានទទួលបានរាជ្យបល្លង្ក។ ក្រោមការដឹកនាំរបស់ព្រះអង្គត្រូវបានកត់សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ តាមរយៈការសញ្ជ័យយោធាជាច្រើនលើក។ នៅភាគខាងលិច ព្រះអង្គបានពង្រីកនគរទៅកាន់លវបុរីស្ថិតក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាប់ផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវម៌្មទី១ ជាអាងទឹកដ៏ធំទីពីរ (៨ គុណនឹង ២.២ គ.ម) បន្ទាប់ពីបារាយណ៍ខាងកើត។ គ្មាននរណាម្នាក់ដឹងថាតើព្រះអង្គមានបុត្រ រឺក៏ ព្រះមហេសីទេ។
សតវត្សទី១១គឺជាសម័យកាលនៃជំលោះនិងការដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ។ មានតែព្រះបាទសូរ្យវម៌្មទី២មួយអង្គគត់ (សោយរាជ្យ ១១១៣-១១៥០) ដែលធ្វើឱ្យនគរបានបង្រួបបង្រួមផ្ទៃក្នុងប្រទេសនិងបានពង្រីកទឹកដីទៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏ធំបំផុតនៅអង្គរត្រូវបានសាងសង់ឡើងក្នុងរយៈកាល ៣៧ ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ។ ព្រះបាទសូរ្យវម៌្មទី២ បានសញ្ជ័យនគរមនហរិបុញ្ជ័យនៅខាងលិច (ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ) និងតំបន់ភាគខាងលិចសែនឆ្ងាយដល់ព្រំដែននគរបាកាន (ភូមាសម័យទំនើប) នៅប៉ែកខាងត្បូងដល់ទៀបកោះម៉ាឡេ (ស្ទើរកោះម៉ាឡេ) ចុះមកដល់នគរក្រហិ (ដែលប្រហែលត្រូវគ្នានឹងចង្វាតនគរស្រីធម្មរាជ ថៃសម័យទំនើប) នៅខាងកើតបណ្ដាខេត្តភាគច្រើននៃចាម្ប៉ា និងប្រទេសមួយចំនួននៅភាគខាងជើងរហូតដល់ព្រំដែនភាគខាងត្បូងនៃលាវសម័យទំនើប។ ព្រះបាទសូរ្យវម៌្មទី២បានបញ្ជូនគណៈប្រតិភូមួយទៅកាន់រាជវង្សចោលនៅឥណ្ឌាភាគខាងត្បូង និងបានថ្វាយថ្មមានតំលៃដល់មហារាជកុលោត្តុង្គចោលទី១នៅ គ.ស ១១១៤។[14] ការសោយទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២នៅតែស្រពិចស្រពិលនៅឡើយ។ សិលាចារឹកចុងក្រោយបង្អស់ បានរំលឹកដល់ព្រះនាមរបស់ព្រះអង្គក្នុងការជាប់ទាក់ទងជាមួយការលុកលុយយួនដែលបានរៀបចំតាមផែនការរួចហើយ គឺចាប់ពីឆ្នាំ ១១៤៥។ ព្រះអង្គបានសុគតកំឡុងបេសនកម្មយោធាបានបរាជ័យនៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ ១១៤៥ និង ១១៥០។
នឹងហើយ សម័យកាលបន្តបន្ទាប់មួយទៀតក្នុងនោះ ពួកស្ដេចដែលបានសោយរាជ្យបន្តក្នុងរយៈពេលខ្លី និងត្រូវបានផ្ដួលរំលំដោយអំពើហិង្សាដោយសារស្ដេចស្នងរាជ្យបន្តរបស់ទ្រង់។ នៅទីបំផុតនៅឆ្នាំ ១១៧៧ កម្វុជត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹកនៅបឹងទន្លេសាបដោយសារកងទ័ពចាម និងត្រូវបានបញ្ចូលជាខេត្តមួយរបស់ចាម្ប៉ា។
តាមសិលាចារឹកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់។ ពីព្រោះតែនៅអាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរនិងចាមប៉ុណ្ណោះ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា។
ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេនិងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹងនិងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត (សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ាដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ។[15]
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោមឬឡើងទៅលើឡើយ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរៈចុះមកតាំងទីនៅឯបណ្ឌុរង្គ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី២ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្មបានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តីដែលធ្វើអំពីមាស។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។[16]
អនាគតព្រះមហាក្សត្រ ព្រះបាទជយវម៌្មទី៧ (សោយរាជ្យគ.ស ១១៨១-១២១៩) គឺជាមេទ័ពស្រាប់ត្រូវជាព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះអង្គបានប្រមូលកងទ័ពនិងដណ្ដើមយកមករាជធានី យសោធរបុរមកវិញ។ នៅឆ្នាំ ១១៨១ ព្រះអង្គបានឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈពេល ២២ ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើឱ្យចាម្ប៉ាបរាជ័យនៅឆ្នាំ ១២០៣ និងបានសញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា។
ព្រះបាទជយវម៌្មទី៧ឈរជាស្ដេចចុងក្រោយបង្អស់ក្នុងចំណោមស្ដេចធំៗនៃអង្គរ មិនត្រឹមតែធ្វើសង្គ្រាមនឹងចាមបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គគឺជាអ្នកដឹកនាំដែលមិនចេះឆ្លៀតឱកាសក្នុងសភាពការណ៍ដើម្បីបានសោយរាជ្យភ្លាមៗឡើយ ដោយហេតុនេះហើយព្រះអង្គក៏បានបង្រួបបង្រួមអាណាចក្រ និងលើសពីនោះ គំរោងសំណង់របស់ស្ដេចអង្គមុនបានបន្តក្រោមរាជ្យរបស់ព្រះអង្គដដែល។ រាជធានីថ្មីបច្ចុប្បន្នហៅថា អង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានកសាងឡើង។ នៅចំកណ្ដាល ព្រះមហាក្សត្រ (ព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន) បានសាងសង់ជាប្រាសាទរដ្ឋបាយ័ន ដែលមានប្រាង្គមានព្រះភក្ត្រនៃពោធិសត្វអវលោកេស្វរ ដែលប្រាង្គនីមួយៗមានកំពស់ច្រើនមាត្រ ឆ្លាក់ចេញពីថ្ម។ ប្រាសាទសំខាន់ៗថែមទៀតត្រូវបានកសាងក្រោមរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨ គឺតាព្រហ្ម បន្ទាយក្ដី និង នាគព័ន្ធ ដូចគ្នាដែរក៏មានអាងផ្ទុកទឹកស្រះស្រង់។ ស្របគ្នាដែរ បណ្ដាញផ្លូវធំមួយចំនួនត្រូវបានគេក្រាល ដែលភ្ជាប់ទៅកាន់ក្រុងនីមួយៗនៃអាណាចក្រ។ សាលាសំណាក់ ១២១ នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើងសំរាប់ពួកឈ្មួញ មន្ត្រីរាជការនិងអ្នកដំណើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ ថែមទៀតផង។
បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៧ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវម៌្មទី២ (សោយរាជ្យ ១២១៩-១២៤៣) បានឡើងសោយរាជ្យបន្ត។ ដូចព្រះបិតារបស់ព្រះអង្គដែរ ទ្រង់ក៏ជាពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់ដែលចាប់ផ្ដើមសង់ឡើងក្រោមរជ្ជកាលបិតារបស់ព្រះអង្គ។ ជាអ្នកចំបាំងមួយអង្គ ទ្រង់មានជ័យជំនះតិចណាស់។ នៅឆ្នាំ ១២២០ ក្រោមការដាក់សំពាធពីដាយវៀតដែលអំណាចកាន់តែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់យួន ខ្មែរបានដកទ័ពចេញពីខេត្តមួយចំនួនដែលសញ្ជ័យបានពីចាម្ប៉ាកាលពីមុន។ នៅភាគខាងលិច ពួកសៀមដែលជាអ្នកនៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរសៀមទីមួយនៅសុខោទ័យនិងបានរុញច្រានខ្មែរឲ្យត្រឡប់មកវិញ។
នៅក្នុងរយៈពេល ២០០ ឆ្នាំបន្តបន្ទាប់ ពួកសៀមបានក្លាយជាសត្រូវធំនៃកម្ពុជា។ ព្រះបាទឥន្ទ្រវម៌្មទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជយវម៌្មទី៩ (សោយរាជ្យ ១២៤៣-១២៩៥)។ ផ្ទុយនឹងស្ដេចសោយរាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនានិងក៏ជាអ្នកប្រឆាំងរុកគួនដល់ពុទ្ធសាសនា[ត្រូវការអំណះអំណាង]ដែរ។ ព្រះអង្គបានបំផ្លិចបំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យាបានប៉ាន់ប្រមាណចំនួនជាង ១០០០០ ដែលក្នុងនោះមានស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយបានប្រែប្រាសាទពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនាវិញ។[ត្រូវការអំណះអំណាង] ពីខាងក្រៅ អាណាចក្ររងការគំរាមកំហែងនៅឆ្នាំ ១២៨៣ ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំរបស់មេទ័ពសាហ្កាទូ ជាមេទ័ពម្នាក់របស់គូប៊ីឡៃខាន់ ដែលជួនកាលត្រូវគេស្គាល់ថាជា សុហ្គេទូ រឺ សូឌុ ហើយក៏ជាចៅហ្វាយខេត្តគ័ងចូវ ប្រទេសចិនដែរ។[17] គឺជាទលសេនាតូចចេញពីយុទ្ធនាការធំប្រឆាំងនឹងចាម្ប៉ានិងដាយវៀត។ ព្រះមហាក្សត្របានបញ្ចៀសសង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពលរបស់ព្រះអង្គដែលនៅពេលនោះបានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅកាន់ព្រះចៅគូប៊ីឡៃខាន់។[17] ការគ្រប់គ្រងរបស់ព្រះបាទជយវម៌្មទី៩បានបញ្ចប់នៅឆ្នាំ ១២៩៥ ដែលនៅពេលនោះព្រះអង្គត្រូវបានទំលាក់ដោយព្រះរាជសណិសាររបស់ទ្រង់ គឺព្រះបាទស្រេន្ទ្រវម៌្មទី២ (ឥន្ទ្រវម៌្មទី៣) (សោយរាជ្យ ១២៩៥-១៣០៩)។ ព្រះមហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធសាសនាថេរវាទ ជាសាខាពុទ្ធសាសនាដែលបាននាំមកដល់អាស៊ីអាគ្នេយ៍ពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងតំបន់ភាគច្រើន។
នៅខែសីហា ១២៩៦ អ្នកការទូតចិនជីវ-តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រេន្ទ្រវម៌្មរហូតដល់ ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយ ហើយក៏មិនមែនជាអ្នកតំណាងប្រទេសចិនចុងក្រោយដែលបានមកទស្សនកិច្ចកម្ពុជានោះទេ។ យ៉ាងណាមិញ ការស្នាក់នៅរបស់គាត់គឺគួរឲ្យកត់សំគាល់ពីព្រោះតែជីវ-តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិតអំពីការរស់នៅ នៅអង្គរ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺជាប្រភពមួយក្នុងចំណោមប្រភពដ៏សំខាន់បំផុតពេលសព្វថ្ងៃនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រអង្គរ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទធំៗជាច្រើន (បាយ័ន បាពួន អង្គរវត្ត ក្នុងនោះយើងត្រូវតែអរគុណដល់លោកចំពោះព័ត៌មាន ថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស) អត្ថបទនេះក៏ផ្ដល់នូវព័ត៌មានដ៏មានតំលៃផងដែរ ចំពោះជីវភាពប្រចាំថ្ងៃនិងទំលាប់នៃពួកអ្នកស្រុកអង្គរផងដែរ។
មានកំណត់ត្រាប្រវត្តិសាស្ត្រតិចតួចពីសម័យបន្តបន្ទាប់ពីរជ្ជកាលព្រះបាទស្រេន្ទ្រវម៌្ម។ សិលាចារឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយពីឆ្នាំ ១៣២៧។ គ្មានប្រាសាទធំៗបន្ថែមទៀតទេត្រូវបានគេកសាង។
ពួកអ្នកប្រវត្តិវិទូសង្ស័យលើការជាប់ទាក់ទងជាមួយការកាន់ពុទ្ធសាសនាថេរវាទរបស់ព្រះរាជា៖ ដូច្នេះ ពួកព្រះរាជាទាំងនោះលែងរាប់អាន ទេវរាជទៀតហើយ ហើយគ្មានតំរូវឱ្យសង់ប្រាសាទធំៗសំរាប់ព្រះរាជាទៀតទេ រឺក៏សំរាប់ទេវអង្គណាក្រោមការអភិរក្សរបស់ពួកទ្រង់ដើម្បីឲ្យទេវៈទាំងនោះឈរជាតំណាងឡើយ។ ការដកចេញនូវគំនិតទេវរាជ ប្រហែលជាមកពីការបាត់បង់អំណាចអាជ្ញារបស់ព្រះរាជានិងក៏ដោយហេតុថាកង្វះពលករ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹកក៏បានចុះអន់ថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយសារទឹកជំនន់ រឺ គ្រោះរាំងស្ងួត។ កាលពីមុនទិន្នផលស្រូវបីដងក្នុងមួយឆ្នាំអាចទៅរួច— គឺជាការរួមចំណែកដ៏សំខាន់លើភាពរុងរឿងនិងឥទ្ធិពលរបស់កម្វុជទេឝ - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲ្យអាណាចក្រនេះចុះអន់ថយទៅៗ។
ប្រទេសជិតខាងនៅខាងលិចនៃអាណាចក្រ គឺនគរសៀមដំបូង សុខោទ័យ ក្រោយមកបានវាយរុញច្រានអនុត្តរភាពរបស់អង្គរ អាណាចក្រខ្មែរក៏ត្រូវបានសញ្ជ័យដោយនគរសៀមមួយទៀត នៅភាគខាងក្រោមអាងទន្លេចៅព្រះយា គឺអយុធ្យានៅឆ្នាំ ១៣៥០។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យាបានក្លាយជាសត្រូវនៃអង្គរ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើមការវាយលុកជាច្រើនលើក។ ជាចុងក្រោយនិយាយរួមទៅ អង្គរត្រូវបានដាក់ជាប្រទេសចំណុះ។ កងទ័ពសៀមបានដកថយទៅវិញបន្សល់ទុកអង្គរឱ្យគ្រប់គ្រងដោយពួកអភិជនក្នុងស្រុក ដែលមានស្វាមីភ័ក្តទៅនឹងអយុធ្យា។ រឿងរ៉ាវនៃសម័យអង្គរបានសាបរលាបពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះមក។
មានភស្តុតាងថាមរណៈងងឹត មានផលប៉ះពាល់លើស្ថានភាពដែលបានរៀបរាប់ខាងលើ គឺជំងឺបេស្ត៍លើកដំបូងបានលេចឡើងនៅប្រទេសចិននៅប្រហែលឆ្នាំ ១៣៣០ និងរាលដាលទៅដល់អឺរ៉ុបនៅក្បែរឆ្នាំ ១៣៤៥។ កំពង់ផែសមុទ្រភាគច្រើននៅស្របនឹងខ្សែធ្វើដំណើរពីចិនទៅអឺរ៉ុបបានដួលរលំដោយសារឥទ្ធិពលនៃជំងឺនេះ ក្នុងនោះមានការប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយលើការរស់នៅនៅអាស៊ីអាគ្នេយ៍ទាំងមូល។
មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯទិសនិរតី នៅឧត្តុង្គក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ។ យ៉ាងណាមិញ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ។ ខ្សែស្រឡាយស្ដេចខ្មែរប្រហែលជានៅទីនោះ រីឯខ្សែទី២បានរើទៅភ្នំពេញដើម្បីបង្កើតនគរមួយស្របពេលគ្នា។ ការធ្លាក់អង្គរចុងក្រោយ ប្រហែលជាក្រោយមកដោយសារតែបន្ទេរនៃសេដ្ឋកិច្ច - ហើយនិងភាពចាំបាច់នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមដងទន្លេមេគង្គ។ គំរោងសំណង់ចំណាយខ្ពស់និងជំលោះដណ្ដើមអំណាចរវាងព្រះញាតិវង្សបានបិទបញ្ចប់សម័យអាណាចក្រខ្មែរ។
ការស្រុតចុះខាងបរិស្ថានវិទ្យា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធគឺជាចំលើយផ្សេងថ្មីមួយទៀតឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ។ ពួកអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការលើ គំរោងមហាអង្គរមានជំនឿថាខ្មែរមានប្រព័ន្ទផ្ទុកទឹកនិងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សំរាប់ពាណិជ្ជកម្ម ការធ្វើដំណើរនិងការបញ្ចេញបញ្ចូលទឹក។ ប្រឡាយប្រើសំរាប់ការដាំដុះស្រូវ។ ដោយសារអត្រាប្រជាជនបានកើនឡើង ការទាញយកទឹកប្រើប្រាស់កាន់តែច្រើនពីប្រព័ន្ធធារាសាស្ត្រនេះ។ ការចុះអន់ថយទាំងប៉ុន្មានរួមផ្សំដោយសារកង្វះទឹកនិងទឹកជំនន់។ ដើម្បីសំរបតាមកំណើនប្រជាជនកំពុងតែកើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែននិងឆ្ការចេញដើម្បីបង្កើនផ្ទៃដីស្រែបន្ថែមទៀត។ ហេតុនឹងហើយបានធ្វើឱ្យមានចំរោះទឹកភ្លៀងនាំទៅដល់អវសាននៃប្រព័ន្ធបង្ហូរទឹក។ ការបំផ្លាញណាមួយទៅដល់ប្រព័ន្ធធារាសាស្ត្រប្រហែលជាបានបន្សល់ទុកនូវផលវិបាកដ៏ធំធេង។1
ក្នុងព្រឹត្តិការណ៍នីមួយៗ មានភស្តុតាងអំពីសម័យកាលក្រោយមកទៀតអំពីការប្រាស្រ័យទាក់ទងនឹងរមណីយស្ថានអង្គរ។ ក្រោមរបបនៃព្រះបាទស្រីសុរិយោពណ៌ទី២ (ព្រះញាយ៉ាត) ទ្រង់បានស្នងរាជ្យជាបណ្ដោះអាសន្នដើម្បីរុញច្រានពួកសៀមឱ្យចាកចេញ ព្រះរាជវាំងក៏ត្រូវបានរើត្រលប់ទៅអង្គរវិញមួយរយៈកាលខ្លី។ ចាប់ពីសតវត្សទី១៧មក មានសិលាចារឹកខ្លះដែរ ផ្ដល់សក្ខីកម្មអំពីការតាំងលំនៅរបស់ជនជាតិជប៉ុនស្របពេលនោះ ក៏មានខ្មែររស់នៅទីនោះដែរ។ រឿងនិទានល្បីបំផុតរបស់យូកុនដាភ្វូ-កាហ៊្សូភ្វូសាក ដែលលោកជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ ១៦៣២។
នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កំរិតកំពូលនៅសតវត្សទី៩ដល់ទី១៣។ ភាពរុងរឿងនេះគេអាចសំគាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹងទាំងអស់នៃផ្ទៃដីឥណ្ឌូចិនទាំងមូលដោយប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកបដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែងផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និងខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នាដោយរូបបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសដោយបរិក្ខាសង្ខរណ ដែលមានសេសសល់រហូតមកដល់សព្វថ្ងៃដូចជា បារាយណ៍ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗរហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ ដោយព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត)។ តទៅនេះយើងសាកល្បង បង្ហាញរូបភាព (តាមដែលអាចធ្វើបាន) នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ។[18]
ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្កវាឡទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទិវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ដែលបានមកទស្សនាប្រទេសខ្មែរនៅចុងសតវត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅមុខក្បួនដង្ហែមានពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយនាក់ មានសំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាសនិងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែង និង ខែល។ តមកទៀតគឺរទេះពពែ រទេះសេះដែលសុទ្ធសឹងតុបតែងដោយគ្រឿងមាស។ ពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើលពីចំងាយមកឃើញតែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និង ដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស។ ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខ័ឌ្គ។ ភ្លុកដំរីនេះសុទ្ធសឹងតែស្រោបមាសដែរ។ ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់សចំរុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាលដល់ដី។[19]
ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ ការប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជាអគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូតបរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី (ប្រសិនបើរាស្ត្រណាចង់) ជាមេសាសនា (តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅនិងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុង។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំទ័ពចេញទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះគុណសម្បត្តិយោធារបស់ព្រះរាជាថា សុទ្ធសឹងតែមានតេជៈដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជាតំរាប់ល្អមួយសំរាប់ពលទាហានដែលកាន់តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចំបាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវរាជក្ដី។ រូបចំលាក់លើជញ្ជាំងប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមាន ពលថ្មើរជើង ពលសេះ ពលដំរី និង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀតបើតាមរូបចំលាក់ដដែលនោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលាចារឹកវិញបានបញ្ជាក់ថាការបះបោរទាំងឡាយត្រូវបានបង្ក្រាបយ៉ាងតឹងរឹងជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជកទាំង៤របស់ស្រីន្ទកុមារ បុត្រជយវម៌្មទី៨) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌។ សិលាចារឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវម៌្មទី១ថា: ស្រីឥន្ទ្រវម៌្មធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយដោយការប្រតិបត្តិនូវវិន័យទាំង ៣ ប្រការ។ ចំពោះប្រជារាស្ត្រ ព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តានិងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជយវម៌្មទី៨ទ្រង់បានខិតខំធ្វើឱ្យបានសំរេចឧត្តមគតិនេះដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណៈនេះហើយជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់។[20]
បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេញាតិណាម្នាក់អាចឡើងសោយរាជ្យបាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹងព្រះរាជាទើបអាចឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញ ប៉ុន្តែបានបញ្ជាក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេចមុន ឬ ត្រូវយកក្សត្រីស្ត្រីណាមួយក្នុងគ្រួសារស្ដេចមុន ទើបអាចទទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។[21]
រូបចំលាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវម៌្មទី២ គង់លើបល្ល័ង្កទទួលគារវកិច្ចពីពួកបរិវារដែលមានជាអាទិពួករាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាន និងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។ ព្រះរាជាគង់ក្នុងរាជវាំងសង់ពីឈើ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿងនិងប្រណីតភាពនៃរាជវាំងនេះ ជាពិសេសចំពោះសាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា។ល។[22]
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជាបុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិតាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញ្ញវន្តនិងជាតំណាងអរិយធម៌ឥណ្ឌា។ វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនការពីរដងក្នុងមួយថ្ងៃ សំរាប់ដោះស្រាយកិច្ចការរដ្ឋ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី។ ពេលដែលព្រះអង្គយាងមកដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យហើយអោនក្បាលដល់ដី។ នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗនៅក្នុងវាំងឬកាន់ទ័ពនិងឈរត្រួតនៅតាម ខេត្ត ខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ហើយមាននាទីនៅបំរើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់)។
នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ (អាជ្ញាហ្លួង?) ចៅហ្វាយខេត្ត មេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ល។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរា ខ្លះទៀតធ្វើជាចៅក្រមក្នុងរាជវាំង។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធានការទូទៅឬគ្រាន់តែជាមធ្យោបាយសំរាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់?[23]
គេអាចដឹងអំពីខ្មែរបុរាណតាមរយៈសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ-តាក្វាន់។ ខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្មដាំស្រូវ។ ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាបនិងនៅតាមទីទួលនានាពេលដែលមានទឹកជំនន់។ ស្រែចំការស្រោចស្រពដោយទឹកបានពីបារាយណ៍ អាងស្ដុកទឹកធំៗនិងអូរប្រឡាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោត ដើមឈើហូបផ្លែ និងបន្លែបង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ ប្រជាជនកែច្នៃត្រីជាប្រហុក ឬអាំង ដុត ចំហុយត្រីដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូក មាន់ទានៅក្រោមផ្ទះ ព្រោះផ្ទះគេច្រើនសង់ជាជើងសសរខ្ពស់ៗដើម្បីការពារទឹកជំនន់។ ផ្ទះរបស់កសិករសង់នៅក្បែរវាលស្រែតាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើងសសរ។ ផ្ទះត្រូវបានចែកជា ៣ ផ្នែកដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់ឪពុកម្ដាយ មួយផ្នែកជាបន្ទប់កូនស្រី និងមួយផ្នែកធំជាងគេជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅក្នុងបន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិងពួកអភិជនរស់នៅក្នុងវាំងនិងគេហដ្ឋានធំៗនៅទីក្រុង។ វាំងឬគេហដ្ឋានទាំងនោះធ្វើឡើងពីសារធាតុដូចគ្នានឹងផ្ទះប្រជាជនសាមញ្ញដែរ តែខុសត្រង់ថាគេប្រើក្បឿងធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំងមានបន្ទប់ច្រើន។ ប្រជារាស្ត្រសាមញ្ញស្លៀកសំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពីរនិងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវាត់។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អៗប្រណិតថ្លៃៗ។ ស្ត្រីៗពាក់ចំរៀកកំណាត់ដើម្បីដណ្ដប់ដើមទ្រូង រីឯស្ត្រីអភិជនមានកំណាត់វែងដែលគ្របដល់ស្មា។ បុរស និងស្ត្រីបង់ក្រមា។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ។ ព្រះវិស្ណុ និង ព្រះសិវគឺជាពួកទេវៈដែលគេនិយម។
នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺតែងតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោកស៊ីលវែង-ឡឺវី ថាគឺកើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញដែលគេចាត់ទុកដូចទំនិញដែលគេនាំចូលឬជាវប្បធម៌ថ្លៃថ្នូរសំរាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែលនៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវ-តាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមានមនុស្សគោរពដុំថ្មដែលលោកប៉ូល-ប៉េលល្យ៉ូត ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់១១ គណៈសិវនិយមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសំរាប់រដ្ឋដោយការប្រារព្ធធ្វើពិធីទេវរាជព្រះរាជាមានឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកល់ក្នុងប្រាសាទភ្នំ។ ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឫទ័យទុកដាក់ និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែលបានរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម៌្មទី២ដែលមានការបះបោរបីលើក ហើយដែលគេឃើញពួកបះបោរដើរវាយកំទេចសិវលិង្គនិងទេវបដិមាចោល។ នៅសតវត្សទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសូរ្យវម៌្មទី២ គោរពរាប់អានសំបើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសំរាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធតែទៅតាមបែបវិស្ណុនិយមទាំងអស់ (រូបចំលាក់ រឿងរាមកេរ្តិ៍ រឿងមហាភារតៈ រឿងកូរសមុទ្រទឹកដោះ។ល។)។ ហេតុបានជាដូច្នេះ ព្រោះក្នុងពេលជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មានការនិយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យកម្វុជ (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវម៌្មទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសំរាប់រដ្ឋតែម្ដង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងនេះ? ត្រង់នេះគួរគប្បីជ្រាបថា ការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ.ស ១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូងមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួកព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជយវម៌្មទី៨ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះ (មិនអាចកំចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុសិវនិយមខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលា ដើម្បីស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍ឆ្នាំ ១១៧៧។ ដែលព្រះបាទជយវម៌្មទី៨ ហ៊ានយកលទ្ធិនេះមកប្រើព្រោះពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ហើយដើម្បីបង្ហាញអោយឃើញនូវព្រះហឫទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ ១០២ សំរាប់ជនទាំង៤វណ្ណៈចូលព្យាបាលជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេ គឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។ តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត។ ព្រះបាទជយវម៌្មទី៩ត្រឡប់ទៅរកសិវនិយមវិញដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីពួកព្រាហ្មណ៍ប្រឆាំងនឹងពុទ្ធសាសនារហូតដល់មានការវាយកំទេច ឬកោសលុបព្រះពុទ្ធបដិមាចោល។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃរហូតដល់បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយកពុទ្ធសាសនាហីនយានមកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។[24]
ពីស.វ.ទី៩ ដល់ស.វ.ទី១២ គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែនតំណាងទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើងដោយការផ្សំនាមផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវីឬពោធិសត្វ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុងរឿងយ៉ាងខ្លាំងនៅចុងស.វ.ទី១២។ យ៉ាងណាមិញ សិលាចារឹកភិមានកាសបាននិយាយថាព្រះនាងជយទេវីទី២ អគ្គមហេសីរបស់ព្រះបាទ ជយវម៌្មទី៨ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតា ព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទិវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវីទី២ បានសាងរូបបដិមារបស់ព្រះនាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង។
លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេ ព្រះអង្គនៅជាមួយមនុស្សហើយមានការមើលសុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គមានមហិទ្ធិរឹទ្ធិខ្លាំងពូកែសមឋានៈជាអាទិទេពមែននោះព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់នូវភាពសំបូរសប្បាយរុងរឿងយ៉ាងពិតប្រាកដ។ ដោយហេតុនោះ ព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយមានទឹកបរិបូរមិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការនេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផង រំដោះប្រទេសជាតិអោយរួចផុតពីបរទេសផង។ បើតាមលោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ។ លោកហ្រង់រី-ស្ទៀរលីង អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថា នៅលើផ្ទៃដី ១០០០ គ.ម ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល ១៥០០០០ តោនដែលអាចចិញ្ចឹមប្រជាជនបានដល់ទៅ ៨០០០០០ នាក់ ហើយនៅសល់ ៤០% ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។ គឺការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួមក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ស្ថាបត្យកម្មខ្មែរ |
កំឡុងពេលបង្កើតចក្រភពនេះ ខ្មែរបានបិទខ្ទប់ទំនាក់ទំនងវប្បធម៌ នយោបាយ និង ពាណិជ្ជកម្មជាមួយ ជ្វា[26] និងក្រោយមកជាមួយចក្រភពស្រីវិជយដែលតាំងនៅខាងក្រៅសមុទ្រខ្មែរខាងត្បូង។ ព្រះមហាក្សត្រខ្មែរបានបង្កើតទំនាក់ទំនងជាមួយរាជវង្សចោលរបស់ឥណ្ឌាខាងត្បូង[27] និងចិនផងដែរ។ ចក្រភពនេះក៏បានជាប់ដៃនឹងសង្គ្រាមជាតំណគ្នានិងរដ្ឋសត្រូវដោយមាននគរជិតខាង ចាម្ប៉ា តម្ព្រលិង្គ មហាវៀត សុខោទ័យ និង អយុធ្យា។
ពួកស្មេរអារ៉ាប់នៅសតវត្សទី៩ និងទី១០ កំរវែកញែកអឺរ៉ុបក្រៅពីអ្វីដែលជាភាពអន់ថយរបស់អឺរ៉ុបណាស់ ប៉ុន្តែពួកគេក៏បានចាត់ទុកក្សត្រនៃអាល់ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំទាំងបួនក្នុងលោក។[28] ព្រះមហាក្សត្រនៃរាជវង្សរាឝ្ដ្រកូដត្រូវបានពិពណ៌នាជាក្សត្រអាល់ហិណ្ឌធំបំផុត ប៉ុន្តែរាប់ទាំងក្សត្រតូចៗនៃអាល់ហិណ្ឌរួមមានពួកក្សត្រនៃ ជ្វា បាកាន និង ពួកក្សត្រខ្មែរនៅកម្វុជទេឝត្រូវបានពិពណ៌នាមិនឈប់ឈរដោយពួកអារ៉ាប់ថាជាក្សត្រប្រកបដោយមហាឫទ្ធានុភាព និង បំពាក់ដោយកងទ័ពមនុស្ស សេះ យ៉ាងក្រាស់ក្រែល និងដំរីរាប់ម៉ឺន។ ក្សត្រទាំងអំបាលម៉ាននោះត្រូវបានស្គាល់ដោយសារតែមានភោគទ្រព្យជាមាស និងប្រាក់យ៉ាងច្រើនក្រៃលែង។[29]
លេខរៀង | ព្រះមហាក្សត្រ | ព្រះនាមផ្ទាល់ | រជ្ជកាល | |
១ | ជយវម៌្មទី៣ | មិនស្គាល់ | ៨០២-៨៥០ | |
២ | ជយវម៌្មទី៤ | មិនស្គាល់ | ៨៥០-៨៧៧ | |
៣ | រុទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ?-? | |
៤ | ប្ឫថិវេន្ទ្រវម៌្ម | ឥន្ទ្រវម៌្ម | ?-? | |
៥ | ឥន្ទ្រវម៌្មទី១ | ឥន្ទ្រវម៌្ម | ៨៧៧-៨៨៩ | |
៦ | យឝោវម៌្មទី១ | យឝោវធ៌ន | ៨៨៩ | |
៧ | ហឝ៌វម៌្មទី២ | ហឝ៌វម៌្ម | ៨៨៩-៩២៥ | |
៨ | ឦឝានវម៌្មទី២ | ឦឝានវម៌្ម | ៩២៥-៩២៨ | |
៩ | ជយវម៌្មទី៥ | ជយវម៌្ម | ៩២៥-៩៤១ | |
១០ | ហឝ៌វម៌្មទី៣ | ហឝ៌វម៌្ម | ៩៤១-៩៤៤ | |
១១ | រាជេន្ទ្រវម៌្មទី២ | រាជេន្ទ្រវម៌្ម | ៩៤៤-៩៦៨ | |
១២ | ជយវម៌្មទី៦ | ជយវម៌្ម | ៩៦៨-១០០១ | |
១៣ | ឧទយាទិត្យវម៌្មទី១ | ឧទយាទិត្យវម៌្ម | ១០០១-១០០២ | |
១៤ | ជយវីរវម៌្ម | ជយវីរវម៌្ម | ១០០២-១០០៨ | |
១៥ | សូយ៌្យវម៌្មទី១ | សូយ៌្យវម៌្ម | ១០០២-១០៥០ | |
១៦ | ឧទយាទិត្យវម៌្មទី២ | ឧទយាទិត្យវម៌្ម | ១០៥០-១០៦៦ | |
១៧ | ហឝ៌វម៌្មទី៤ | ហឝ៌វម៌្ម | ១០៦៦-១០៨៥ | |
១៨ | ន្ឫបតេន្ទ្រវម៌្មទី២ | ន្ឫបតេន្ទ្រវម៌្ម | ១០៨៥-១១១៣ | |
១៩ | ជយវម៌្មទី៧ | ជយវម៌្ម | ១០៨០-១១០៧ | |
២០ | យុវរាជទី២ | មិនស្គាល់ | ១១០៧-? | |
២១ | ធរណេន្ទ្រវម៌្មទី២ | ធរណេន្ទ្រវម៌្ម | ១១០៧-១១១៣ | |
២២ | សូយ៌្យវម៌្មទី២ | សូយ៌្យវម៌្ម | ១១១៣-១១៥០ | |
២៣ | ហឝ៌វម៌្មទី៥ | ធរណេន្ទ្រវម៌្ម | ១១៥០-១១៥១ | |
២៤ | ធរណេន្ទ្រវម៌្មទី៣ | ធរណេន្ទ្រវម៌្ម | ១១៥១-១១៦? | |
២៥ | យឝោវម៌្មទី២ | យឝោវម៌្ម | ១១៦?-១១៦៥ | |
២៦ | ត្រិភុវនាទិត្យវម៌្ម | ត្រិភុវនាទិត្យវម៌្ម | ១១៦៥-១១៧៧ | |
ការលុកលុយរបស់ចាម: ១១៧៧-១១៨១ | ||||
២៧ | ជយវម៌្មទី៨ | ជយវធ៌ន | ១១៨១-១២១៨ | |
២៨ | ឥន្ទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ១២២០-១២៤៣ | |
សៀមបានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវម៌្មដោយ ពុកឃុន ស្រីឥន្ទ្រាទិត្យនៅសុខោទ័យ មួយក្នុងចំណោមខេត្តខ្មែរ ។ | ||||
២៩ | ជយវម៌្មទី៩ | ជយវម៌្ម | ១២៤៣-១២៩៥ | |
៣០ | ស្រេន្ទ្រវម៌្មទី២ | ឥន្ទ្រវរម៌្មទី៣ | ១២៩៥-១៣០៨ | |
៣១ | ស្រេន្ទ្រជយវម៌្ម | ឝ្រីជយវម៌្ម | ១៣០៨-១៣២៧ | |
៣២ | ជយវម៌្មទី១០ | សីហនុរាជ | ១៣២៧-១៣៣? | |
៣៣ | អង្គជ័យ | ពញាជ័យ | ១៣៣៦-១៣៤០ | |
៣៤ | និព្វានបាទ | និព្វានចក្រ | ១៣៤០-១៣៤៦ | |
៣៥ | សិទ្ធានរាជា | ១៣៤៦-១៣៤៧ | ||
៣៦ | លំពង្សរាជា | លំពង្សរាជា | ១៣៤៧-១៣៥៣ | |
ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧ | ||||
៣៧ | បាសាត | ១៣៥៣-១៣៥៥ | ||
៣៨ | បាអាត | ១៣៥៥-១៣៥៥ | ||
៣៩ | កំបង់ពិសី | ១៣៥៥-១៣៥៧ | ||
៤០ | ស្រីសុរិយោវង្ស រឺ ស្រីសុរិយោទ័យទី១ | ១៣៥៧-១៣៦៦ | ||
៤១ | បរមរាមាធិបតី | បរមរាមា | ១៣៦៦-១៣៧៣ | |
៤២ | ធម្មាសោករាជ រឺ បរមសោករាជ | ធម្មាសោក | ១៣៧៣-១៣៩៤ | |
ការលុកលុយរបស់សៀម: ១៣៩៤ (៥ខែ) ។ | ||||
៤៣ | ឥន្ទរាជា | ពញាព្រែក | ១៣៩៤-១៤០១ | |
៤៤ | ស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី២ | ពញាយ៉ាត | ១៤០១-១៤៦៣ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.