From Wikipedia, the free encyclopedia
ហរិហរាល័យជាទីក្រុងបុរាណរបស់ខ្មែរ ដែលកសាងឡើងនៅក្រោយពេលដែល ព្រះបាទជ័យវរ្ម័នទី២ ទ្រង់យាងត្រឡប់មកពី ប្រទេសជ្វាចូលកម្ពុជទេសវិញ និងរំដោះប្រទេសខ្មែរចេញពីនឹមត្រួតត្រារបស់ពួកជ្វា នៅខាងដើមសតវត្សទី៩នៃគ្រិស្តសករាជ។ បច្ចុប្បន្ននេះរាជធានីហរិហរាល័យត្រូវបានគេហៅថា តំបន់រលួស ដែលមានក្រុមប្រាសាទ៣នៅទីនោះ គឺប្រាសាទព្រះគោជាស្នាព្រះហស្ថរបស់ ព្រះបាទឥន្រ្ទវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ និងបុព្វការីជនរបស់ទ្រង់ រួមជាមួយ ព្រះបាទឥន្រ្ទវរ្ម័នទី១ស្ថាបនិកហរិហរាល័យផងដែរ។ ប្រាសាទមួយទៀតឋិតនៅខាងត្បូងប្រាសាទព្រះគោ កសាងក្រោយប្រាសាទព្រះគោប្រមាណ២ឆ្នាំដោយព្រះបាទឥន្រ្ទវរ្ម័នទី១ដូចគ្នា គឺប្រាសាទបាគងដែលជាប្រភេទប្រាសាទភ្នំទីមួយដែលមានរូបរាងច្បាស់លាស់ សាងឡើងលើខឿន៣ជាន់ និងមាន៥ជាន់។ ប្រាសាទមួយទៀតសាងឡើងនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាកគឺប្រាសាទលលៃ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី១សាងឡើងជាប្រាសាទភ្នំ សម្រាប់តម្កល់សិវលិង្គ។ បារាយណ៍ឥន្ទ្រតដាកនេះក៏ជាស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ផងដែរនៅក្នុងតំបន់រលួស មានទំហំ៣០០០ម៉ែត្រ និងទទឹង៨០០ម៉ែត្រអាចផ្ទុកទឹកបានប្រមាណ៦លានម៉ែត្រគូប[1] សម្រាប់ស្រោចស្រពដំណាំរបស់ប្រជាកសិករខ្មែរ ប៉ុន្តែបច្ចុប្បន្ននេះបារាយណ៍នេះបានរីងស្ងួតអស់ទៅហើយ។
ពាក្យហរិហរាល័យ ក្លាយមកពីពាក្យហរិហរៈ ដែលជាការផ្សំគ្នារវាងពាក្យហរិ គឺសំដៅដល់ព្រះវិស្ណុ និងហរៈគឺព្រះឥសូរ(ហរិ+ហរៈ)។ ហរិហរៈគឺមានតាំងពីសម័យមុនអង្គរមកម្ល៉េះ ជាការផ្សំនិកាយពីររបស់សាសនាហិណ្ឌូ។ អាចនិយាយបានថាពាក្យហរិហរៈនេះជាសក្ខីភាពមួយ នៃការបង្រួមបង្រួមសាសនាហិណ្ឌូឱ្យមានឯកភាពគ្នាក្នុងទឹកដីរបស់ ខ្មែរសម័យនោះ មានន័យថាដើម្បីទប់ស្កាត់វិបត្តិសាសនារវាងពួកអ្នកគោរពលើព្រះ វិស្ណុ និងអ្នកគោរពព្រះសិវៈ។ ភស្ដុតាងនៃការរួមផ្សំនិកាយទាំងពីរនេះមាននៅលើរូបសំណាក ដែលគេហៅថាជារូបព្រះហរិហរៈ គឺមានរូបព្រះវិស្ណុម្ខាង និងរូបព្រះសិវម្ខាងនៅលើរូបតែមួយ។ គេសម្គាល់បានថាជាព្រះវិស្ណុ និងព្រះសិវតាមរយៈគ្រឿងតុបតែងខ្លួន និងសស្ត្រា វុធ ដែលមានលក្ខណប្លែកគ្នារវាងទេវៈទាំងពីរនេះ។
ទីក្រុងនេះគេពុំទាន់កំណត់កាលបរិច្ឆេទបាននៅឡើយទេថាបង្កើតឡើងនៅ ឆ្នាំណាឱ្យពិតប្រាកដ ប៉ុន្តែគេបានដឹងថាជាសមិទ្ធផលរបស់ព្រះបាទជ័យវរ្ម័នទី២ក្នុងសតវត្ស ទី៩ ហើយបញ្ចប់ទៅវិញនៅក្នុងសតវត្សទី៩ដដែលក្នុងរាជព្រះបាទយសោវរ្ម័នទី១ ដោយទ្រង់ផ្លាស់ទៅរកទីតាំងថ្មីដើម្បីកសាងរាជធានី នៅត្រង់ទីក្រុងអង្គរសព្វថ្ងៃដោយមានភ្នំបាខែងឬភ្នំកណ្ដាលជាផ្ចិត នៃរាជធានីថ្មីនោះ។ ដូចនេះការតាំងរាជធានីនៅក្នុងតំបន់រលួសនេះគឺប្រមាណជិត១សតវត្ស ប៉ុណ្ណោះ ត្រូវបានព្រះរាជាខ្មែរបោះបង់ចោល រួចទៅរកទីតាំងថ្មីជំនួសកន្លែងនេះទៅវិញ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.