ប្រាសាទស្ដុកកក់ធំ

ប្រាសាទខ្មែរនៅខេត្តស្រះកែវ From Wikipedia, the free encyclopedia

ប្រាសាទស្ដុកកក់ធំ

ប្រាសាទស្ដុកកក់ធំ មានទីតាំងស្ថិតនៅភូមិណងយ៉ាកែវ ឃុំគោកសិង្ហ ស្រុកគោកសិង្ហ ខេត្តស្រះកែវ

ព័ត៌មានសង្ខេប ប្រាសាទស្ដុកកក់ធំ, ឈ្មោះ: ...
ប្រាសាទស្ដុកកក់ធំ
Thumb
ឈ្មោះ:
ប្រាសាទស្ដុកកក់ធំ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ពាក់កណ្ដាលសតវត្សរ៍ទី ១១
ឧទ្ទិសថ្វាយ: ព្រះសិវៈ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ភូមិណងយ៉ាកែវ ឃុំគោកសិង្ហ ស្រុកគោកសិង្ហ ខេត្តស្រះកែវ
បិទ

ប្រវត្តិប្រាសាទ

ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកគោកសិង្ហ ខេត្តស្រះកែវ ប្រទេសសៀមដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែនខ្មែរ-សៀមជាប់ជាមួយខេត្តបន្ទាយមានជ័យ។ប្រាសាទនេះធ្វើពីថ្មភក់និងថ្មបាយក្រៀមកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ១១ ពោលគឺឆ្នាំ ១០៥២ សម្រាប់ឧទ្ទិសដល់ព្រះឥសូរដែលស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ (១០៥០-១០៦៦)តាម រចនាបថឃ្លាំង និង រចនាបថបាពួន។ប្រាសាទស្តុកកក់ធំមិនមែនព្រះរាជាជាអ្នកកសាងទេប៉ុន្តែអ្នកកសាងគឺជាគ្រួសារមន្ត្រីម្នាក់ដែលអះអាងថាគេជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ សិវកៃវល្យ ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់(កាលពី ២៥០ ឆ្នាំមុន)ធ្លាប់ធ្វើពិធីទេវរាជថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៌ត(ភ្នំគូលេន)។សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរអ្នកណាក៏ស្គាល់ឈ្មោះប្រាសាទនេះដែរបើទោះបីពួកគេបានទៅដល់ឬមិនបានទៅដល់ប្រាសាទនេះក៏ដោយ។[]

សិលាចារឹក

ដោយសារឈ្មោះដ៏ល្បីល្បាញនៃសិលាចារឹកដែលបានរកឃើញនៅក្នុងប្រាសាទនេះនាចុងសតវត្សរ៍ទី ១៩ គឺ"សិលាចារឹកស្ដុកកក់ធំ" K-២៣៥ នេះឯង។សិលាចារឹកនេះអាចចាត់ទុកជាសិលាចារឹកដែលវែងជាងគេនិងបានផ្តល់ទិន្នន័យជាច្រើន ជាងគេដល់ប្រវត្តិវិទូ បុរាណវិទូ និង អ្នកសិលាចារឹក ក្នុងការសិក្សាវិភាគនិងចងក្រងប្រវត្តិសាស្ត្ររបស់ខ្មែរនៅសម័យមហានគរដែលមាន ៣៤០ បន្ទាត់ចារឹកនៅក្នុងឆ្នាំ ១០៥២ នៃគ.ស ជាពីរភាសាគឺភាសាសំស្ក្រឹតនិងភាសាខ្មែរបុរាណដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នាអស់រយៈកាលជាង ២៥០ ឆ្នាំ ពោលគឺចាប់ពីព្រះបាទជ័យវរ្ម័នទី ២ នៅស.វទី៩ រហូតដល់រាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ នៅពាក់កណ្តាលសតវត្សរ៍ទី ១១។គួរបញ្ជាក់ផងដែរថាអត្ថន័យសិលាចារឹកស្ដុកកក់ធំ K-២៣៥ ដែលបានចារឹកឡើងដោយគ្រួសារមន្ត្រីជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ឈ្មោះ សិវកៃវល្យ នេះបានរៀបរាប់ត្រឡប់ថយក្រោយ ២៥០ ឆ្នាំវិញថាគឺព្រាហ្មណ៍ឈ្មោះ សិវកៃវល្យ នេះហើយដែលជាអ្នកដែលធ្វើពិធីទេវរាជជាមួយព្រាហ្មណ៍ជនបទម្នាក់ទៀតឈ្មោះ ហិរណ្យទាម ថ្វាយដល់ ព្រះបាទជ័យវរ្ម័នទី ២ ក្នុងឆ្នាំ ៨០២ នៃគ.សនៅលើភ្នំមហេន្ទ្របព៌ត(ភ្នំគូលែន)ដើម្បីកុំឲ្យប្រទេសកម្ពុជាធ្លាក់ជាចំណុះជ្វាតទៅទៀត។ ខាងក្រោមនេះជាសេចក្តីដកស្រង់ឃ្លាដែលទាក់ទងនឹងពិធីទេវរាជ្យនៅលើភ្នំគូលែននៅឆ្នាំ ៨០២ មនវ្រាហ្មណជ្មះហិរណ្យទាមប្រាជ្ញសិទ្ធិវិទ្យា មោកអំវិជនបទ បិវ្រះបាទបរមេឝ្វរអញ្ជេញថ្វេវិធិលេហ លេងកំបិកម្វុជទេឝនេះអាយត្តតជវាលេយ។លេងអាច្តិកម្រតេងផ្ទៃករោំម្វាយគុះតជាចក្រវត៌ិ្ត។វ្រាហ្មណនោះថ្វេវិធិតោយវ្រះវិនាឝិខ។ប្រតិឞ្ឋាកម្រតេងជគតតរាជ។ការបកប្រែកែសម្រួលជាភាសាខ្មែរទំនើបមានន័យថា ខណៈនោះ ព្រាហ្មណ៍ឈ្មោះ ហិរណ្យទាម ជាអ្នកប្រាជ្ញខាងវិជ្ជាមន្តអាគមមកពីស្រុកជនបទ(តំបន់ប្រាសាទខ្នារ ស្រុកជាំក្សាន្តសព្វថ្ងៃ)ដ្បិតព្រះបាទបរមេសូរ(ជ័យវរ្ម័នទី២)បានអញ្ជើញមកធ្វើពីធីលេហ “សូមកុំឲ្យកម្ពុជទេសនេះ(អាច)ចំណុះជ្វាបានឡើយ” គឺសូមឲ្យមានតែអម្ចាស់ផែនដីមួយអង្គប៉ុណ្ណោះអាចជាស្តេចចក្រពត្តិបាន”។ព្រាហ្មណ៍នោះធ្វើពិធីតាមគម្ពីរព្រះវិនាសិខៈប្រតិស្ថានអាទិទេពដ៏ជាធំជាងគេ(ព្រះសិវលិង្គ)។តាមអត្ថន័យខាងលើយើងអាចសន្និដ្ឋានថាពិធីនេះគ្រាន់តែជាពិធីសែកមន្តគាថា”បង្ការ”កុំឲ្យកម្ពុជាអាចធ្លាក់ជាចំណុះជ្វាដែលពេលនោះនគរជ្វាកំពុងមានការរីកចម្រើន។មិនដូចការបកស្រាយពិធី លេហ នេះថាជាពិធីទេវរាជរំដោះកម្ពុជាពីការត្រួតត្រារបស់ជ្វានោះទេគឺជារឿងបំផ្លើស បន្ថែមបន្ថយរបស់អ្នកស្រាវជ្រាវពីអតីតកាលប៉ុណ្ណោះ។លើសពីនេះទៀតពាក្យ កម្ពុជទេស ជាពាក្យសំស្រ្តឹតដែលមានន័យថា ប្រទេសកូនចៅនៃមហាឥសីកម្វុ ហើយពាក្យនេះត្រូវបានចារនៅក្នុងសិលាចារឹកជាភាសាខ្មែរនៅវត្តសំរោង ស្រុកបាភ្នំ ខេត្តព្រៃវែង លេខ K-៩៥៦ និងនៅក្នុងសិលាចារឹកស្តុកក់ធំខេត្តស្រះកែវឆ្នាំ ១០៥២ នៃគ.ស លេខ K-២៣៥ គឺជាឈ្មោះប្រទេសកម្ពុជាដែលយើងប្រើប្រាស់សព្វថ្ងៃនេះហើយ[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.