ខេត្តសៀមរាប
ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ទីរួមខេត្តរបស់ខេត្តសៀមរាបគឺក្រុងសៀមរាប។ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បីរំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្សរ៍ទី ១៦។សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជាដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងប្រាសាទបុរាណដទៃទៀតជាច្រើន។ថ្មីៗនេះក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឲ្យវិស័យទេសចរណ៍។រមណីយដ្ឋានបុរាណផ្សេងទៀតដែលនៅក្នុងក្រុងសៀមរាបនិងក្រៅក្រុងមានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទព្រះបាលីឡៃ ប្រាសាទតានៃ ប្រាសាទតាសោម ប្រាសាទតាកែវ ប្រាសាទធម្មនន្ទ ប្រាសាទព្រះគោ ប្រាសាទព្រះពិធូរ ប្រាសាទនាគព័ន្ធ ប្រាសាទសួព្រ័ត្រ ប្រាសាទបី ប្រាសាទព្រហ្មកិល ប្រាសាទរោងល្មុង ប្រាសាទតុប ប្រាសាទក្រវ៉ាន់ ប្រាសាទថ្មបាយក្អែក ប្រាសាទបន្ទាយសំរែ ប្រាសាទបន្ទាយក្តី ប្រាសាទក្រោលគោ ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ប្រាសាទបាគង ប្រាសាទបេងមាលា ប្រាសាទលលៃ ប្រាសាទមេបុណ្យខាងលិច ប្រាសាទមេបុណ្យខាងកើត ប្រាសាទទេពប្រណម ប្រាសាទទទឹងថ្ងៃ ប្រាសាទព្រៃមន្ទីរ ប្រាសាទព្រៃក្មេង ប្រាសាទបាតជុំ ប្រាសាទគោកត្រាង ប្រាសាទត្រពាំងផុង ប្រាសាទបន្ទាយធំ ប្រាសាទលាក់នាង ប្រាសាទចៅសាយទេវតា ប្រាសាទប្រែរូប លានស្តេចគំលង់ លានជល់ដំរី ប្រាសាទអកយំ ប្រាសាទគោគពោធិ៍ ប្រាសាទគោកគ្រញូង ប្រាសាទចៅស្រីវិបុលកេរ្តិ៍ ប្រាសាទត្រពាំងខ្យង ប្រាសាទផ្ទី ប្រាសាទទន្លេស្ងួត ប្រាសាទបន្ទាយធំ ប្រាសាទព្រៃប្រាសាទ និង ប្រាសាទរាប់រយផ្សេងទៀត។តំបន់អង្គរត្រូវបានរងនូវការលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់ចោលនៅឆ្នាំ ១៤៣១។គួររំលឹកផងដែរថារាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចបន្តទៅរាជធានីលង្វែក និង រាជធានីឧដុង្គ ហើយត្រឡប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ជនជាតិបទេសដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំងលោក ហង់រី មូហូ ក្នុងឆ្នាំ ១៨៦០ (នាសម័យលង្វែកនាសតវត្សរ៍ទី ១៦ ក៏មានជនបរទេសខាងបស្ចឹមលោកក៏បានមកមើលប្រាសាទអង្គររួចមកហើយដែរ)[១]។តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោកហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើនអនែកដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។
ខេត្តសៀមរាប Siem Reap Province | |
---|---|
ខេត្ត | |
![]() | |
រហស្សនាម: ទីក្រុងអង្គរ | |
![]() | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ក្រុងសៀមរាប និង ក្រុងរុនតាឯក |
រដ្ឋាភិបាល | |
• គណៈអភិបាលខេត្ត | ប្រាក់ សោភ័ណ |
ផ្ទៃក្រឡា | |
• សរុប | ១០២៩៩ គម2 (៣៩៧៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ១០ |
ប្រជាជន [២] | |
• សរុប | ១,១១៤,៦១៦ |
• ចំណាត់ថ្នាក់ | ០៤ |
• សន្ទភាព | ៩៨/km2 (២៥០/sq mi) |
• ចំណាត់ថ្នាក់សន្ទភាព | ១៣ |
ល្វែងម៉ោង | UTC+០៧ |
លេខកូដទូរស័ព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១៧ |
ក្រុង និង ស្រុក | ១២ |
សង្កាត់ និង ឃុំ | ១០០ |
ភូមិ | ៩០៧ |
គេហទំព័រ | siemreap.gov.kh |
ខេត្តសៀមរាប គឺជាខេត្តធំទី ១០ ក្នុងប្រទេសកម្ពុជា។ចំនួនប្រជាជននៅក្នុងខេត្តនេះកើនឡើងដល់ខ្ទង់លាននាក់ហើយជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសកម្ពុជា។មួយផ្នែកធំនៃព្រំដែនភាគខាងត្បូងនៃខេត្តសៀមរាបជាប់នឹងបឹងទន្លេសាបដូច្នេះហើយបានជាខេត្តសៀមរាបជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលបង្កើតបានជាតំបន់ទន់បម្រុងជីវមណ្ឌលបឹងទន្លេសាប។នាពេលបច្ចុប្បន្នខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃប្រាសាទអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនិងជាអច្ឆរិយវត្ថុរបស់ពិភពលោកផងដែរ។ ហើយក៏ជាទីតាំងប្រាសាទល្បាញល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជាប្រាសាទបន្ទាយស្រី ប្រាសាទបេងមាលា ប្រាសាទបាគង ប្រាសាទបាយ័ន ប្រាសាទព្រះខ័ននានាដែលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ។ឧទ្យានជាតិភ្នំគូលែន គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិល្បីល្បាញមួយដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តមិនអាចរំលងបាន។
ឈ្មោះនៃខេត្ត
ខេត្តសៀមរាបជាអតីតខេត្តខ្មែរមួយឈ្មោះថា ខេត្តមហានគរ។ការប្ដូរឈ្មោះជាខេត្តសៀមរាបនេះក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។នៅក្នុងឆ្នាំ ១៥៣០ គ.ស(តាមពង្សាវតា)មូលហេតុបានជាផ្លាស់ប្ដូរឈ្មោះខេត្តនេះបានបញ្ជាក់ថានៅឆ្នាំ ១៥៣០ គ.ស ស្ដេចអយុធ្យាបានបញ្ជាឲ្យកងទ័ពខ្លួនវាយលុកកម្ពុជានៅខេត្តមហានគរដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា។ទ័ពសៀមដណ្ដើមខេត្តមហានគរមួយរយៈហើយមេដឹកនាំបានទៅទស្សនាប្រាសាទគួរឲ្យយ៉ាងស្ងប់ស្ងែង។បន្ទាប់មកទ័ពស្ដេចសៀមនេះបានជួបនឹងទ័ពស្ដេចខ្មែរនៅតំបន់អង្គរហើយបានប្រយុទ្ធគ្នាធ្វើឲ្យកងទ័ពសៀមទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។ក្រោយពីទទួលបានជ័យជំនះមកព្រះបាទចន្ទរាជាបានបរិញ្ញាតិ្តឲ្យប្ដូរឈ្មោះខេត្តមហានគរនេះទៅជាខេត្តសៀមរាបវិញដែលមានន័យថា "ទ័ពសៀមត្រូវបង្ក្រាបឲ្យរាប" នៅទីនេះ។
អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានពន្យល់ប្រហាក់ប្រហែលគ្នាថាពាក្យ សៀម គឺទាក់ទងនឹងជាតិសាសន៍មួយដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជា ថៃ ទៅហើយ។រីឯពាក្យថា រាប គឺមានន័យថា ចាញ់ខ្លបខ្លាច។
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាលោក សំបូរ មាណ្ណារ៉ា បានពន្យល់ថាចាប់ពីសតវត្សរ៍ទី ៩ និងទី ១០ នៃគ្រិស្តសករាជខេត្តសៀមរាបត្រូវបានគេប្រើឈ្មោះជាទីក្រុងយសោធបុរៈដោយសារតែព្រះមហាក្សត្រខ្មែរព្រះនាមព្រះបាទយសោវរ្ម័នទី ១ ជាអ្នកបានកសាង។ក៏ប៉ុន្តែក្រោយមកត្រូវបានគេហៅថាអាណាចក្រអង្គរវិញ។នៅក្នុងរជ្ជកាលនៃព្រះរាជាក្រោយៗមកទៀតដែលបានផ្លាស់ប្ដូររាជធានីទៅតាំងនៅភាគខាងត្បូងនិងទួលបាសានរហូតដល់ចតុមុខជាដើមគឺទីក្រុងអង្គរត្រូវបានបោះបង់ចោលមួយរយៈ។ជាច្រើនឆ្នាំក្រោយមកទើបមានការចាប់ផ្ដើមគ្រប់គ្រងជារាជធានីនេះឡើងវិញ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានពន្យល់ទៀតថាបន្ទាប់ពីមានការគ្រប់គ្រងជារដ្ឋបាលឡើងវិញនោះគឺតំបន់អង្គរត្រូវបានទ័ពសៀមនៃនគរស្រីអយុធ្យាចូលមកលុកលុយជាច្រើនលើកចាប់តាំងពីសតវត្សរ៍ទី ១៤ នៃគ្រិស្តសករាជ។នៅក្នុងសតវត្សរ៍ទី ១៥ ដល់ ១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាមព្រះបាទច័ន្ទរាជាបានធ្វើចម្បាំងជាមួយកងទ័ពសៀមដើម្បីបណ្ដេញឱ្យពួកសៀមចេញពីតំបន់អង្គរ។នៅក្នុងការធ្វើសង្គ្រាមកាលនោះគឺកងទ័ពខ្មែរទទួលបានជោគជ័យយ៉ាងធំំធេងហើយពាក្យថា សៀមរាប (អានថា:សៀមម៉ារាប) គឺត្រូវបានគេដាក់ឈ្មោះបន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម៖ «ពាក្យថា សៀមរាប គឺមានន័យថា សៀម បានខ្លបខ្លាចលោក បានចាញ់លោក បានអស់ឫទ្ធានុភាព ចាញ់រាបដលដី។ដូច្នេះគេឲ្យឈ្មោះថាតំបន់សៀមរាបនេះជាទស្សនៈរបស់ជាតិខ្មែររបស់អ្នកដែលបានលើកឡើងក្នុងដំណែលប្រវត្តិសាស្ត្រនេះផងដែរ។ចំណុចនេះហើយ បានជាចាប់ផ្ដើមមានពាក្យថា សៀមរាប»។
ការអធិប្បាយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះគឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀតផងដែរ។
សៀវភៅប្រវត្តិសាស្ត្រខ្មែរសង្ខេបមួយដែលសរសេរដោយលោក នួន សុធិមន្ត ដែលបច្ចុប្បន្នជាមន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រីបានអធិប្បាយថានៅឆ្នាំ ១៥២៥ ព្រះមហាក្សត្រខ្មែរព្រះនាមព្រះបាទច័ន្ទរាជាបានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានឲ្យបរាជ័យយ៉ាងអាម៉ាស់នៅតំបន់អង្គរ។ដូច្នេះហើយបានជាព្រះអង្គបានដាក់ឈ្មោះថា សៀមរាប គឺមានន័យថា ទ័ពសៀមចាញ់រាបដូចជាកន្ទេល ឬ ទ័ពសៀមចាញ់រាបដល់ដី។
បច្ចុប្បន្ននេះខេត្តសៀមរាបមិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏កំពុងនាំប្រទេសកម្ពុជាឲ្យទទួលបាននាមថ្មីមួយទៀតគឺព្រះរាជាណាចក្រអច្ឆរិយដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។[៣]
ប្រវត្តិសាស្ត្រ
មុនសម័យអង្គរ






អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យានិងបុរាណវិទ្យាជាច្រើនបានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាបអង្គរបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ២ ក្រោយពីព្រះមហាក្សត្រអង្គនេះបានយាងមកពីប្រទេសជ្វានៅក្នុងឆ្នាំ ៨០០ នៃគ្រិស្តសករាជ។តាមឯកសារខាងលើបានឲ្យដឹងថាព្រះបាទជ័យវរ្ម័នទី ២ កាលនៅក្នុងដំណាក់កាលទី ២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅខេត្តកំពង់ចាមបន្ទាប់មកទ្រង់គង់នៅលើភ្នំគូលែន(មហិន្ទ្របព៌ត)និងចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យ ឬ ទីក្រុងរលួស ដែលជារាជធានីដើមនាសម័យអង្គរ។លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងថាវប្បធម៌អង្គរបានផ្តើមឡើងនៅក្នុងឆ្នាំ ៨០២ នៃគ្រិស្តសករាជគឺនៅពេលដែលព្រះបាទជ័យវរ្ម័នទី ២ បានអភិសេកជាព្រះមហាក្សត្រនៅលើភ្នំគូលែន(មហិន្រ្ទបព៌ត)។ការអភិសេករបស់ព្រះអង្គគឺឈរនៅលើមូលដ្ឋាននៃពិធីទេវរាជដែលបានផ្តល់ចំពោះព្រះអង្គនូវមហិទ្ធិប្ញទ្ធិដើម្បីធ្វើការបង្រួបបង្រួមជាតិ។ការអះអាងក៏បានបង្អាញឲ្យដឹងទៀតថាវប្បធម៌សម័យបុរេអង្គរ(មុនអង្គរ)គឺឯកសារមួយចំនួនបាន ផែ្អកតាមកំណត់ហេតុរបស់ចិន។ឯកសាររបស់គេបានសំអាងលើកំណត់ត្រាផងនិងស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង។រីឯព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ជាខ្លាំងមួយទៀតគឺក្នុងអំឡុងសម័យចេនឡានៅលើទឹកដីបវរនៃខេត្តសៀមរាបអង្គរ។កំណត់ហេតុចិនបានឲ្យដឹងថាទីក្រុងដំបូងបំផុតនៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិចនិងបារាយណ៍ខាងកើតនៃតំបន់សៀមរាបអង្គរ។សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅនគរគម្ពីរនេះគឺព្រះបាទចន្រ្ទវរ្ម័ន។លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថាកាលពីសម័យបុរេអង្គរនាអំឡុងឆ្នាំ ៨០២ នេះសេដ្ឋកិច្ចនិងបរិយាកាសង្គមរបស់តំបន់សៀមរាបអង្គរមានការវិវឌ្ឍជាវិជ្ជមាន។គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុងតំបន់នីមួយៗនៃខេត្តនេះយ៉ាងច្បាស់លាស់ទៅហើយចាប់តាំងពីចុងសតវត្សរ៍ទី ៦ នៃដើមសតវត្សរ៍ទី ៧ នៃគ្រិស្តសករាជ។ជនជាតិខែ្មរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រនិងពួកព្រាហ្មបុរោហិតបានចាប់ផ្តើមគម្រោងការសាងសង់ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ៍ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ៍ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និង ប្រាសាទព្រៃប្រាសាទជាដើម។រីឯវិស័យសង្គមកិច្ចវិញគេបានដឹងថាបុព្វការីជនខែ្មរចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗបឹងទនេ្លសាបកែ្បរអូរស្ទឹងធម្មជាតិជាដើម។ការកសាងប្រាសាទក៏ដូច្នោះដែរគឺបុព្វការីជនខែ្មរតែងតែជ្រើសរើសរកទីតាំងណាខ្ពស់មិនលិចទឹកនៅរដូវវស្សាគំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់សម្រាប់ការកសាងសំណង់ផេ្សងៗជាប្រយោជន៍រួមគឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ [៤]។
សម័យអង្គរ


ខ្មែរបានជ្រើសរើសទីតាំងតំបន់អង្គរធ្វើជារាជធានីព្រោះស្ថិតនៅចំណុចកណ្ដាលនៃអាណាចក្រខ្មែរនិងទីប្រជុំនៃជំនួញទាំងពីរគឺជើងគោកនិងជើងទឹកហើយសម្បូរទៅដោយធនធានធម្មជាតិសព្វគ្រប់ដូចជា ត្រីក្នុងបឹងទន្លេសាប ព្រៃឈើ និងថ្មភក់សម្រាប់សំណង់ប្រាសាទ និង ដីមានជីវជាតិផងដែរខេត្តសៀមរាបនៅសតវត្សរ៍ទី ៩ ដល់សតវត្សរ៍ទី ១៥ បានបម្រើការរាជធានីជាមជ្ឈមណ្ឌលដ៏សំខាន់នៃអំណាចនយោបាយ វប្បធម៌និងសាសនារបស់អាណាចក្រខ្មែរ។ ភាពថ្កើងថ្កានរបស់ទីក្រុងគឺជារាជធានីនៃអាណាចក្រខ្មែរដែលគ្រប់គ្រងដោយស្តេចដែលមានអំណាចបន្តបន្ទាប់គ្នា។ខេត្តសៀមរាបមានទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្ដាលនៃអាណាចក្រហើយមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងត្រួតត្រានិងគ្រប់គ្រងទឹកដីដ៏ធំធេងមួយនេះ។ទីក្រុងនេះបានរីកចម្រើនក្លាយជាទីក្រុងដែលមានភាពអ៊ូអរបម្រើជាមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ច និង សាសនានៃតំបន់។ខេត្តសៀមរាបមានចំណុចគួរឲ្យទាក់ទាញជាច្រើនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ជាដើម។នៅសម័យអង្គរខ្មែរបានអនុវត្តនយោបាយវាតទីទឹកដី ពង្រឹងអរិយធម៌ឲ្យរីកចម្រើនរុងរឿង និង កសាងសំណង់ប្រាសាទល្បីល្បាញមួយចំនួនទាំងធំទាំងតូចដែលបង្ហាញអំពីតម្លៃវប្បធម៌អរិយធម៌ខ្មែរពាសពេញអាណាចក្រខ្មែរ។តំបន់សៀមរាបត្រូវបានបម្រើការជារាជធានីអស់រយៈពេល ៦ សតវត្សរ៍មកហើយ។នៅតំបន់សៀមរាបមានការអភិវឌ្ឍរីកចម្រើនលូតលាស់គ្រប់វិស័យនិងមានភាពសម្បូរសប្បាយប្រជាជនខ្មែររស់នៅតំបន់សៀមរាបអង្គរភាគច្រើនប្រកបមុខរបរកសិកម្មនិងនេសាទជាធំ។តំបន់ជុំវិញបឹងទន្លេសាបជាដីដ៏សម្បូរជីវជាតិ។គេអាចធ្វើស្រែនៅតំបន់នេះប្រហែលជាពីរទៅបីដងក្នុងមួយឆ្នាំដូច្នេះហើយបានជាយើងឃើញមានប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។
សម័យក្រោយអង្គរ

បើយោងតាមឯកសារក្រោយពីទ័ពខ្មែររបស់ព្រះបាទច័ន្ទរាជាបានទទួលជ័យជម្នះលើកងទ័ពសៀមឈ្លានពានជាស្ថាពរនៅព្រះរាជនគរគឺអង្គរធំពោលគឺបានវាយកម្ទេចទ័ពសៀមរាបស្មើនឹងដីបានជាខ្មែរដាក់ឈ្មោះថាខេត្តសៀមរាប។ស្ថានការណ៍បែបនេះបានធ្វើឲ្យយើងយល់ថាជាដើមកំណើតនៃការកកើតឈ្មោះខេត្តសៀមរាបតាំងពីរជ្ជកាលរបស់ព្រះបាទច័ន្ទរាជាមកទល់នឹងសព្វថ្ងៃនេះបើទោះបីជាព្រះរាជពង្សាវតារខ្មែរច្បាប់ឧកញ៉ាព្រះឃ្លាំង(នង)មិនបាននិយាយដោយចំហក៏ដោយ។ប្រសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខ្មែរខាងលើមកមើលយើងពិតជាស្លុតចិត្តដោយហេតុថាកងទ័ពសៀមបានឈ្លានពានរុករានប្រទេសកម្ពុជាឥតឈប់ឈរជាច្រើនលើក។ពួកវាក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួនដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីសៀមរួចទៅហើយនោះក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តងគឺទីក្រុងមហានគរដែលស្ថិតក្នុងខេត្តសៀមរាបតែពីមុនហៅថាស្រុកនគរវត្តដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ប៉ុន្តែលើកនេះពួកវាត្រូវបង្ខំចិត្តរត់ត្រឡប់ទៅក្រុងអយុធ្យាវិញក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនឹងឆ្នាំ ១៥៤១ នៃគ.ស។កាលបើពិនិត្យលើទំព័រប្រវត្តិសាស្ត្រចាស់ដែលបានកើតឡើងនៅលើទឹកដីបវរដែលជាទីតាំងនៃព្រះរាជនគរយើងបានឲ្យដឹងថាក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៨ និងដើមរាជ្យរបស់ព្រះបាទស្រីឥន្ទ្រវរ្ម័នរវាងឆ្នាំ ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើមនៅក្នុងខេត្តសៀមរាបក្នុងបំណងយកប្រទេសកម្ពុជាធ្វើជាស្រុកឬនគរចំណុះរបស់ខ្លួនហើយមហិច្ឆតានេះពួកវាបានសម្រេចជាស្ថាពរព្រោះថាអាណាខេត្តមួយចំនួនដែលស្ថិតក្នុងភូមិភាគកណ្តាលដូចជាខេត្តសុខោទ័យ កំពែងពេជ្រ និង ខេត្តរណបនៃខេត្តទាំងនោះព្រមទាំងអាណាខេត្តដទៃៗឯទៀតដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាមដូចជាខេត្តអយុធ្យា និង សុផាន់បុរី ។បន្ទាប់ពីបានទទួលជ័យជម្នះលើខេត្តទាំងឡាយនោះ ពួកវាក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន។សង្គ្រាមឈ្លានពានមួយដែលគេត្រូវកត់សម្គាល់ដែលបានកើតឡើងជាលើកដំបូងបង្អស់នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជានៅឆ្នាំ ១៣៥២។ចំពោះចម្បាំងនេះច្បាប់ពង្សាវតារខ្មែរបានបញ្ជាក់ថាគឺភាគីឈ្លានពានសៀមបានទទួលជ័យជម្នះលើទ័ពខ្មែរដោយពួកវាបានកាន់កាប់ទីក្រុងអង្គរធំនៅឆ្នាំ ១៤៣១ ។មុននឹងដកថយចេញពួកគេបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់នាំទៅកាន់ប្រទេសសៀម។ក្នុងឱកាសនោះដែរពួកវាក៏បានលួចប្លន់យកទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទនៅឆ្នាំ ១៤៣១ គឺជាឆ្នាំដែលកំណត់នូវឱនភាពខ្មែរដែលប្រឈមនិងការវាតទីនិយមរបស់សៀមដែលគ្មានទីបញ្ចប់។ពិតណាស់ទោះបីជាភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តីក៏ប៉ុន្តែវាបានបន្សល់ទុកនូវស្លាកស្នាមរបួសដ៏ឈឺចាប់នៅក្នុងផ្នត់គំនិតខ្មែរគ្មានថ្ងៃបំភ្លេចបាន។បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរគឺក្នុងរាជ្យរបស់ព្រះបាទច័ន្ទរាជា(១៥១៦ ដល់ ១៥៥៥ នៃគ.ស)កងទ័ពសៀមមកឈ្លានពានខ្មែរត្រូវបានបង្ក្រាបរាបស្មើទល់នឹងដីនៅត្រង់ស្ទឹងអង្គរនៅឆ្នាំ ១៥៤១ ដោយហេតុនេះហើយបានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះជា «តំបន់សៀមរាប» ដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរអំពីជ័យជម្នះដ៏ត្រចះត្រចង់នេះមុនទីតាំងនេះបានក្លាយទៅជាស្រុកហើយបន្ទាប់មកទៀតក្លាយជាខេត្តនាសម័យអាណាព្យាបាលបារាំង។ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួនដែលព្រះបាទសុរិយាវរ្ម័នទី ២ មិនទាន់ឆ្លាក់រួច។ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តីទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយហើយអំពើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។នៅឆ្នាំ ១៥៩៤ ទីក្រុងលង្វែកត្រូវដណ្តើមបានពីខ្មែរដោយស្តេចសៀម «ព្រះបាទនរិន្ទសួន»។ចំពោះបរាជ័យនៃកងទ័ពសៀមដែលដឹកនាំដោយស្តេចសៀមដែលបានយកលេសថាដោយសារព្រះបាទច័ន្ទរាជាមិនបានប្រគល់ដំរីសមួយក្បាលបានជាមកវាយលុកទីក្រុងអង្គរធំ។បើតាមប្រសាសន៍របស់លោក ហ្គ្រោរីយេ បានបញ្ជាក់ថាព្រះបាទច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរដោយហេតុថាស្តេចអង្គនេះមិនគ្រាន់តែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះទេក៏ប៉ុន្តែទ្រង់ថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួនក្នុងប្រទេសសៀមបច្ចុប្បន្នដូចជា ខេត្តនគររាជសីមា ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសង្គឹត ខេត្តគោកខ័ណ្ឌ ខេត្តសិរីសាកេត ខេត្តសុវណ្ណភូមិ ខេត្តឧប្បលរាជធានី ខេត្តច័ន្ទបុរី ខេត្តត្រាច ខេត្តស្រះកែវ ខេត្តស្ទឹងជ្រៅ ខេត្តរយ៉ង ខេត្តបស្ចឹមបុរី ជាដើមដែលសៀមបានដណ្តើមបានពីមុនមក។មានហេតុផលជាច្រើនដើម្បីបញ្ជាក់ថាហេតុដូចម្តេចបានជាក្នុងព្រះរាជពង្សាវតារសៀមដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្នតែងឡើងនៅព.ស ២៤២០ ត្រូវនឹងគ.ស ១៨៧៧ បានប្រើពាក្យ «សៀមរ៉៉ាដ្ឋ» ជំនួសពាក្យសៀមរាបទៅវិញ។តាមពិតទៅការប្រើពាក្យសៀមរ៉ាដ្ឋ(សៀមម៉ារ៉ាត)ដើម្បីហៅទីប្រជុំជនមួយដែលពីមុនគឺជាសមរភូមិឬទីលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរនិងសៀមស្ថិតនៅក្នុងស្រុកនគរវត្តគឺបណ្តាលមកពីអាជ្ញាធរសៀមនៅក្នុងរជ្ជកាលរបស់ព្រះបាទព្រះចៅថាយស្រះមិនចង់រំឭកនូវភាពបរាជ័យដ៏អាម៉ាស់មុខរបស់កងទ័ពឈ្លានពានសៀមខ្លួនតែប៉ុណ្ណោះបើទោះបីជាសម័យនោះទ្រង់បានត្រួតត្រាព្រះរាជាណាចក្រកម្ពុជាក៏ដោយ។យ៉ាងណាមិញគឺដោយសារតែហេតុការណ៍នេះហើយទើបព្រះបាទព្រះចោមក្លាវចៅយូហួដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយអាណ្ណាមទ្រង់ក៏បានប្រើពាក្យស្រុកឬមឿងព្រះនគរវត្តជំនួសពាក្យស្រុកឬមឿងសៀមម៉ារ៉ាតផងដែរ។គ្មានឯកសាររបស់សៀមណាមួយដែលបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្តទៅជាសៀមរាបនោះទេហើយបើមានក៏អាចស្ថិតក្នុងដើមសម័យរជ្ជកាលទី ៣ ដែលជាសម័យបាងកកដែលគេហៅថា រតនកោសិន្ទ្រ។ប៉ុន្តែចំពោះជនជាតិខ្មែរវិញឈ្មោះសៀមរាបពិតជាត្រូវបានផ្តើមឡើងក្នុងរជ្ជកាលរបស់ព្រះបាទច័ន្ទរាជាយ៉ាងពិតប្រាកដឥតក្លែងក្លាយបើទោះបីជាទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយព្រោះថាការតាំងឈ្មោះសៀមរាបនេះមិនមែនជារឿងចៃដន្យឬជំនឿលេងសើចនោះទេជាពិសេសនៅក្នុងសម័យកាលមួយដែលខ្មែរនិងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ដូច្នេះការចង់យល់ឲ្យលម្អិតអំពីប្រវត្តិពិតនៃឈ្មោះសៀមរាបតម្រូវឲ្យយើងស្គាល់ពីបរិបទសង្គមនយោបាយហើយអំពើនេះគឺជាការចាំបាច់បំផុត។បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររៀបរៀងដោយលោក នួន សុធិមន្ត បានអធិប្បាយថានៅឆ្នាំ ១៥២៥ នៃគ្រឹស្ដសករាជព្រះបាទច័ន្ទរាជាបានវាយបង្ក្រាបកងទ័ពសៀមដែលឈ្លានពានឲ្យបរាជ័យនៅតំបន់អង្គរ។ដូច្នេះហើយបានជាព្រះអង្គបានដាក់ឈ្មោះថា «សៀមរាប» គឺមានន័យថាទ័ពសៀមចាញ់រាបដូចកន្ទេល។
ព្រះរាជដំណាក់ ឬ វាំងចាស់
ព្រះរាជដំណាក់ ឬ វាំងចាស់ នៅក្រុងសៀមរាបគឺជាទីកន្លែងបណ្ដោះអាសន្នរបស់អតីតព្រះមហាក្សត្រនៃយើងគឺព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ និង ព្រះរាជអគ្គមហេសី។ព្រះរាជដំណាក់នេះជាទីដែលព្រះអង្គស្នាក់នៅអាស្រ័យពេលស្ដេចយាងមកកាន់ទីក្រុងសៀមរាប។បើយើងធ្វើដំណើរពីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ០៦ ក្រុងសៀមរាបមើលមកខាងស្ដាំដៃយើងនឹងឃើញអគារពណ៌សមួយអមដោយរបងនិងដើមឈើត្រឈឹងត្រឈៃនិងបរិវេណស្រស់ស្រាយដែលមានសួនច្បារធំនៅខាងមុខ(សួនព្រះរាជដំណាក់ឬបឹងកាឡូ)នោះហើយជាព្រះរាជដំណាក់។
ព្រះរាជដំណាក់នេះត្រូវបានសាងសង់ឡើងក្នុងសម័យបារាំងដាក់អាណានិគមនៅកម្ពុជាអំឡុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣។ព្រះរាជដំណាក់នៅក្នុងសម័យព្រះបាទស៊ីសុវត្ថិគឺស្ថិតនៅវត្តដំណាក់ហើយវត្តដំណាក់គឺជាវត្តមួយដែលស្ថិតនៅខាងកើតដងស្ទឹងសៀមរាបចំកណ្ដាលបេះដូងនៃក្រុងសៀមរាបតែម្ដង។វត្តដំណាក់ពីមុនជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។លុះក្រោយមកព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេកព្រះអង្គចមវិញ។ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំងទីធ្លាបរិវេណព្រះរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាទីវត្តអារាមព្រះពុទ្ធសាសនាម្ដងវិញ។ជាអកុសលនៅក្នុងរបបខ្មែរក្រហមវត្តដំណាក់ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។បច្ចុប្បន្ននេះមិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃគង់នៅបដិបត្តិធម៌និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេតែវត្តនេះក៏ជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃផងដែរ ដោយសារតែនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រភាសាបាលី ភាសាសំស្ក្រឹត និង ព្រះធម៌នានា។លើសពីនេះនៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រផងដែរ។បន្ថែមពីលើនេះជារៀងរាល់ថ្ងៃតែងតែមានជនានុជនជាច្រើនបានអានសៀវភៅឬធ្វើកិច្ចការសាលានៅទីនោះ។ដោយឡែកនៅក្នុងវត្តក៏មានបណ្ណាល័យមួយហៅថាបណ្ណាល័យខេមរៈសិក្សាដែលបានប្រើសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សាស្រាវជ្រាវឯកសារនិងអានសៀវភៅនានាយ៉ាងសម្បូរបែប។នៅតាមដងផ្លូវក្នុងវត្តមានរៀបចំពាក្យស្លោកនិងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយជាកន្លែងថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជា។វត្តនេះក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាផងដែរ។
ថ្មីៗនេះមានហេតុការណ៍ដ៏គួរឲ្យរន្ធត់និងសោកស្ដាយជាពន់ពេក ដោយកាលពីវេលាម៉ោងប្រមាណជា ១០ និង ០៥ នាទីយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ អគ្គិភ័យបានឆាបឆេះអគារមួយនៃព្រះរាជដំណាក់សៀមរាបដែលជាកន្លែងទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
រូបសំណាកមេទ័ពពីសម័យអង្គរចំនួន ១២ រូបត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាបដែលសុទ្ធតែជាមេទ័ពនិងរាជវង្សសានុវង្សដ៏អង់អាចក្លាហាននិងមានស្នាព្រះហស្ថយ៉ាងធំធេងចំពោះព្រះនគរកម្ពុជាដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបបានស្គាល់។រូបចម្លាក់ចំនួន ១២ រូបនេះធ្វើពីលោហៈស្ពាន់សុទ្ធមានកំពស់ជាង ០២ ម៉ែត្រ ០១ តឹកដូចៗគ្នាដោយមិនគិតពីជើងទម្រនិងមានទម្ងន់ពី ២០០ ទៅ ៣០០ គ.ក្រទាំងរូបរាង សម្លៀកបំពាក់ ម៉ូដសក់ និង អាវុធបរិក្ខានៃមេទ័ពទាំង ១២ ត្រូវបានស្មូនរចនាតុបតែងឡើងទៅតាមលំនាំសម័យកាលនីមួយៗនៃមេទ័ពនោះហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូននិងច្នៃឡើងតាមទម្រង់មុខអត្តចរិតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅនិងបម្រើការរាជការតាមរយ:រូបភាពនិងចម្លាក់នៅលើជញ្ជាំងប្រាសាទ។លោកជំទាវគង់ បញ្ញារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងមានប្រសាសន៍ថារូបសំណាកមេទ័ពខ្មែរសម័យអង្គរទាំង ១២ រូបនេះត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិស្នាដៃរួមទាំងរចនាបថដោយដកស្រង់ចេញអំពីសិលាចារឹកផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើនមុននឹងត្រូវបានសាងសង់ចេញជារូបសំណាកនៅក្នុងនោះមានមេទ័ពជាង ៣០ រូបដែលបានបម្រើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់និងប្រមូលទិន្នន័យ។លោកជំទាវក៏បានឲ្យដឹងទៀតថាការកំណត់យកចំនួនមេទ័ពទាំង ១២ រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់និងតំណាងឲ្យនគរទាំង ១២ នៅសម័យបាពួន សម័យអង្គរ និង សម័យបាយ័ន។បើទោះបីនេះជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មីប៉ុន្តែស្នាដៃដែលលេចឡើងនេះត្រូវបានរក្សានិងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ចដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រនោះឡើយ។រូបសំណាកមេទ័ពខ្មែរទាំង ១២ រូបដែលបានស្ថាបនាឡើងនោះរួមមាន ៖
- ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវរ្ម័ន ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ១(គ.ស.១០០៦-១០៥០)។ព្រះស្រីលក្ស្មីបតីវរ្ម័នក៏ជាអ្នកជាប់ខ្សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ(ស្រុកបាភ្នំ ខេត្តព្រៃវែង)ផងដែរហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ(ក្រុងអង្គរ)ឲ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារវតី្តរបស់ពួករាមន្យ(ជនជាតិមន)។គួរជម្រាបថា «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលាការ បុព្វជិតសាសនាជាដើម
- មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី ២(គ.ស.១០៥០-១០៦៦)ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ដូនតាវង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការនិងកងទ័ពច្រើនជំនាន់មកហើយពោលគឺតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី ២(គ.ស.៨០២-៨៣៤)មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ។
- ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវរ្ម័ន ជាអ្នកសញ្ជកកវីស្វរៈនិងជាមេទ័ពដែលមានតួនាទីនិងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២(គ.ស.១១១៣-១១៥០)។គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រីដែលមានន័យថា «ព្រះបាទ»។ ពាក្យ «កម្រតេងអញ» ជាពាក្យខ្មែរបុរាណដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់» រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ» ដូច្នេះពាក្យ «កម្រតេងអញ» គឺមានន័យថា «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»
- ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវរ្ម័ន ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ(?)និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស.១១១៣-១១៥០)រហូតដល់រាជ្យព្រះបាទជ័យវរ្ម័នទី ៧(គ.ស.១១៨១-១២១៨)
- ព្រះកម្រតេងអញ ស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី ៧(គ.ស.១១៨១-១២១៨)ជាមួយព្រះនាងជ័យរាជទេវី។ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា(កាលមិនទាន់សោយរាជ្យ)នៅក្នុងការទប់ទល់នឹងកងទ័ពចាមនិងបានច្បាំងតទល់នឹងជនក្បត់ភរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី ២(គ.ស.១១៦០-១១៦៥)ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀតផងដែរ។ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះទើបព្រះបាទជ័យវរ្ម័នទី ៧បានត្រាស់បង្គាប់ឲ្យកសាងប្រាសាទបន្ទាយឆ្មារ(ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ)ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឲ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោកតម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ
- ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវរ្ម័នទី ២(គ.ស.១១១៣-១១៥០)។អ្នកសញ្ជក អជ៌នបានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវរ្ម័នទី ២(គ.ស.១១៦០-១១៦៥)ទប់ទល់នឹងពួកក្បត់ដឹកនាំដោយភរតរាហូរហូតដល់ពលីបាត់បង់ជីវិត។ ដោយសារការពលីការពារព្រះនគរនេះហើយទើបព្រះបាទជ័យវរ្ម័នទី ៧(គ.ស.១១៨១-១២១៨)បានប្រទានងារដល់លោកជា «អំតេង» និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងជគតអជ៌នទេវ» តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនិងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ក្រុងសៀមរាប ខេត្តសៀមរាប។គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬ អ្នកសញ្ជក អជ៌ន នេះនៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្តនេះបញ្ជាក់ថាលោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ ផងដែរ។គួរជម្រាបថា «អំតេង» ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ សតវត្សរ៍ទី ១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរនិងរាជបល្ល័ង្កស្របច្បាប់
- អ្នកសញ្ជក ស្រីវទ៌្ធន ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស.១១១៣-១១៥០)។គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ(ភ្នំព្រះនេត្រព្រះ)និងនៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២។អ្នកសញ្ជក ស្រីវទ៌្ធន មានបងប្អូនម្នាក់ឈ្មោះ ស្រីទេវ ហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមរហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ» តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ
- អ្នកសញ្ជក ស្រីទេវ ជាមេទ័ពនិងជាបងប្អូនរបស់មេទ័ព ស្រីវទ៌្ធន ដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ា រហូតដល់ពលីបាត់បង់ជីវិត។ព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» ដូចបងប្អូនរបស់លោកដែរនិងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងអញជគតស្រីទេវ» ជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ
- អ្នកសញ្ជក ស្រីធរទេវបុរ ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌នចេញច្បាំងទប់ទល់នឹងពួកក្បត់ភរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី ២។នៅក្នុងសង្គ្រាមការពារព្រះនគរនេះអ្នកសញ្ជក ស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។ដោយសារស្នាដៃនិងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយទើបព្រះបាទជ័យវរ្ម័នទី ៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីធរទេវបុរ» ជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។គួរជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យជាជំនិតរបស់ព្រះរាជាដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជាតួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម
- ព្រះកម្រតេងអញ ស្រីជយសិង្ហវរ្ម័ន ជាមេទ័ពជាប់ខ្សែស្រឡាយព្រះរាជវង្សនិងមានគោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ(ទ្វារវតី្ត)
- ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវរ្ម័ន ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល(?)ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២(គ.ស.១១១៣-១១៥០)ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលចុះពីភ្នំសិវបាទ(ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)
- ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវរ្ម័ន
ស្ទឹងសៀមរាប

ស្ទឹងសៀមរាប ត្រូវបានគេចាត់ទុកថាជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។តាមពិតទៅស្ទឹងសៀមរាបគឺជាស្ទឹងសិប្បនិមិត្តដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។គ្មានឯកសារបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឲ្យជាក់លាក់នោះទេប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថាវាត្រូវគេបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅសម័យអង្គរ។ស្ទឹងសៀមរាបកកើតឡើងដោយសារការប្រសព្វគ្នារវាងអូរធំៗចំនួន ០២ គឺអូរធំនិងអូរក្បាលស្ពាន។ស្ទឹងសៀមរាបស្ថិតនៅក្នុងចំណោមស្ទឹងសំខាន់ៗទាំងបីដែលហូរកាត់តំបន់អង្គរ ដោយធ្វើដំណើរពីជើងទៅត្បូង។ស្ទឹងនេះស្ថិតនៅខាងកើតស្ទឹងពួកនិងខាងលិចស្ទឹងរលួស។យោងតាមឯកសាររបស់លោកអ៊ឹម សុខរិទ្ធីអនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានសរសេរថាស្ទឹងសៀមរាបដែលគេឃើញសព្វថ្ងៃចាប់ពីចំណុចបំពេញរាជមកជាសមិទ្ធិផលនៃស្នាដៃមនុស្សបង្កើតក្នុងសម័យអង្គរ។ស្ទឹងនេះកើតពីអូរតូចៗដែលហូរពីភ្នំផ្សេងៗដែលស្ថិតនៅខាងជើងវាលរាបអង្គរបន្ទាប់មកវាជួបគ្នានៅច្រកមួយមុននឹងហូរធ្លាក់ទៅកាន់វាលរាប។ក្នុងនោះក៏មានដៃអូរតូចៗជាច្រើនបានហូរមកភ្ជាប់បន្ថែមទៀតដែលប្រភព ០២ សំខាន់ៗដែលគេស្គាល់ច្បាស់នោះគឺអូរធំនិងអូរក្បាលស្ពាន។អូរធំមានប្រភពពីភ្នំគូលែនដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទិសឦសាននៃរមណីយដ្ឋានអង្គរ។ លោក អ៊ឹម សុខរិទ្ធី បានលម្អិតក្នុងឯកសាររបស់លោកបន្ថែមទៀតថាភ្នំគូលែនដែលមានលក្ខណៈខ្ពង់រាបមានបណ្តោយ ២៥ គីឡូម៉ែត្រលាតសន្ធឹងពីទិសពាយ័ព្យមកទិសអាគ្នេយ៍និងមានទទឹង ១៥ គីឡូម៉ែត្រពីទិសនិរតីមកឦសាននិងមានកម្ពស់ ៣០០ ម៉ែត្រទៅ ៤៥០ ម៉ែត្រប្រៀបនឹងវាលទំនាបជុំវិញ។ ជ្រលងចុងខាងកើតនៃខ្ពង់រាបគូលែនមានជប់ធំមួយដែលឲ្យកំណើតទៅផ្លូវទឹកសំខាន់ៗពីរគឺអូរថ្មដាប់និងអូរធំ។ចេញពីជប់អូរធំហូរធ្លាក់ចុះមកពីទិសពាយ័ព្យដោយទទួលទឹកពីអូរតូចៗជាច្រើនបត់បែនតាមជ្រលងថ្មហើយប្រមាណ ១៥ គីឡូម៉ែត្រពីប្រភពទើបទៅដល់ទឹកធ្លាក់ម្តុំព្រះអង្គធំ។ជាបន្តបន្ទាប់វាបន្តដំណើរហូរទៅមុខហូរចុះយ៉ាងឆ្ងាយទើបទៅដល់ជើងភ្នំហប់ផ្នែកខាងកើត។ចុងក្រោយអូរធំហូរចុះមកខាងលិច ប្រសព្វនឹងស្ទឹងឫស្សីហើយហូរចុះមកត្បូងរួមគ្នាបង្កើតជាស្ទឹងសៀមរាប។ចំណែកអូរក្បាលស្ពានវិញអូរនេះមានប្រភពពីភ្នំក្បាលស្ពាននិងភ្នំក្រោល។ក្បាលស្ពានស្ថិតនៅភូមិឃុនរាម ស្រុកបន្ទាយស្រីមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រទិសឦសានពីប្រាសាទបន្ទាយស្រី។ឯកសាររបស់លោក អ៊ឹម សុខរិទ្ធី បានលម្អិតទៀតថាអូរក្បាលស្ពានស្ថិតនៅលើកម្ពស់ប្រមាណ ២០០ ម៉ែត្រពីផ្ទៃទឹកសមុទ្រហូរចុះពីទិសពាយ័ព្យមកអាគ្នេយ៍បង្កើតជាទឹកធ្លាក់មួយមានកម្ពស់ពី ០៥ ទៅ ០៦ ម៉ែត្ររួចចូលទៅក្នុងអូរឫស្សីនិងបន្តហូរទៅជួបអូរធំស្ថិតនៅជើងភ្នំហប់។អូរធំនិងអូរឫស្សីក៏ហូរចូលគ្នាបង្កើតជាស្ទឹងតែមួយគឺស្ទឹងសៀមរាប ដែលហូរចុះទៅខាងត្បូងស្រោចស្រពតំបន់អង្គរមុននឹងហូរចាក់ទៅបឹងទន្លេសាប។ទឹកដែលហូរតាមអូរធំនិងអូរក្បាលស្ពានទទួលមន្តពីចម្លាក់ជាច្រើនមានដូចជាសហស្រលិង្គហៅថាលិង្គមួយពាន់ដែលត្រូវបានឆ្លាក់នៅឆ្នាំ ១០៥៤ នៃគ.សក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ១។ទឹកនេះហូរធ្លាក់ចូលទៅស្ទឹងសៀមរាបបន្តកាត់តាមអង្គរនិងធ្លាក់ចូលបឹងទន្លេសាប។តាមអ្នកមានជំនឿទឹកនេះជាប្រភពនៃសេចក្តីចម្រុងចម្រើននិងត្រជាក់ត្រជុំ។
ស្ទឹងសៀមរាប ប្រៀបដូចជាទន្លេគង្គានៅក្រុងពារាណសី ប្រទេសឥណ្ឌា។ទន្លេគង្គាមានប្រភពពីភ្នំហិមពាន្ត។តាមសាសនាព្រាហ្មណ៍ទន្លេនេះមានកំណើតនៅឋានសួគ៌។ទន្លេគង្គាហូរធ្លាក់មកលើដីមានរូបរាងជាភ្លៀងរួចជ្រាបចូលទៅក្នុងដីនិងចុងបញ្ចប់ហូរចេញមកវិញផ្តល់ជាប្រភពទឹកទៅស្ទឹងទន្លេទាំងឡាយ។ភ្នំនៅក្បែរវាលនិងភ្នំហិមពាន្តទទួលទឹកភ្លៀងនៅរដូវវស្សាជាមួយគ្នាគឺរដូវមូសុងវស្សាភ្នំទាំងនោះជាអាងទឹកធម្មជាតិនិងជាប្រភពនៃស្ទឹងនិងទន្លេទាំងពូងដែលហូរមកកាន់តំបន់ទំនាប។បន្ទាប់មកមនុស្សបានចាត់ចែងរៀបចំយកទឹកស្ទឹងទន្លេទាំងនោះមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។នៅស្រុកខ្មែរគ្មានទន្លេគង្គាដូចឥណ្ឌាទេ។ដូច្នេះហើយខ្មែរបានកែច្នៃរៀបចំប្រភពស្ទឹងដើម្បីប្រដូចទៅនឹងទន្លេគង្គា។ដូចជានៅភ្នំគូលែននិងក្បាលស្ពានខ្មែរបានឆ្លាក់លិង្គនិងរូបទេពផ្សេងៗនៅតាមបណ្តោយអូរធំនិងអូរក្បាលស្ពាន។អូរទាំងពីរនេះជាប្រភពនៃស្ទឹងសៀមរាប។ទឹកហូរកាត់តាមលិង្គប្រៀបដូចជាភ្លៀងធ្លាក់មកពីភ្នួងព្រះកេសាព្រះឥសូរ។ហេតុនេះហើយដែលគេថាស្ទឹងសៀមរាបប្រៀបដូចនឹងទន្លេគង្គា។
ប្រជាសាស្រ្ត
ខេត្តសៀមរាប មានប្រជាជនសរុប ១,១១៤,៦១៦ ជាប់ចំណាត់ថ្នាក់លេខ ០៤ ជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ខេត្តសៀមរាបមានផ្ទៃដីចំនួន ១០២៩៩ គីឡូម៉ែត្រការ៉េជាខេត្តដែលមានផ្ទៃដីធំជាងគេលំដាប់ទី ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុងចំនួន ០២ ស្រុកមានចំនួន ១១ ឃុំមានចំនួន ៨៦ សង្កាត់ចំនួន ១៤ និងភូមិចំនួន ៨៧៥[៥]។ប្រជាជនដែលរស់នៅទីក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីខេត្តផ្សេងៗនិងពីស្រុកជនបទផ្សេងៗពីគ្នានៅក្នុងប្រទេសកម្ពុជា។ខេត្តសៀមរាបគឺជាតំបន់គោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជាចម្បង។
លក្ខណៈភូមិសាស្ត្រ
ខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យនៃប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ ០៦ ដែលមានចម្ងាយប្រវែង ៣១៤ គ.ម ពីរាជធានីភ្នំពេញមានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង បឹងទន្លេសាប។ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតជាប់នឹងស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់នេះគឺមានសីតុណ្ហភាព ក្ដៅហួតហែង រាំងស្ងួត មានសំណើម និង មានទឹកជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន ៦៩ ឃុំ និង ផ្នែកខាងក្រោមជាប់នឹងបឹងទន្លេសាបមាន ១៨ ឃុំ។តំបន់ខាងលើសម្បូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទួលឬខ្ពង់រាបខ្វះខាតទឹកនិងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់។តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយនិងមានលំនៅឋានតបស់ប្រជាជនច្រើនព្រមទាំងប្រាង្គប្រាសាទនានានិងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ពេលណាគ្មានភ្លៀងស្ងួតហួតហែងមានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គីឡូម៉ែត្រការេចែកចេញជា ១២ ក្រុងនិងស្រុក ១០០ សង្កាត់និងឃុំ និង ៩០៧ ភូមិ ដោយមានប្រជាជនសរុប ១,១១៤,៦១៦ នាក់ ត្រូវនឹង ៦,៣២% នៃប្រជាជនសរុបទូទាំងប្រទេស។មុខរបរសំខាន់ៗនៃតំបន់ទាំងបីនេះមានភាពខុសៗគ្នាពោលគឺ ៖
- ក. ផ្នែកខាងលើធ្វើស្រូវចម្ការនិងរុករកអនុផលព្រៃឈើ
- ខ. ផ្នែកកណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ
- គ. ផ្នែកខាងក្រោមធ្វើស្រែនិងចម្ការដំំណាំតាមរដូវនិងប្រកបអាជីវកម្មនេសាទ។
ជាទូទៅខេត្តសៀមរាបជាតំបន់ជនបទ។ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីទីក្រុងដែលពឹងផ្អែកលើមុខរបរកសិកម្មជាអាជីព។ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់នឹងបឹងទន្លេសាបពឹងផ្អែកលើអាជីវកម្មនេសាទនិងធ្វើចម្ការដំណាំផ្សេងៗនិង ១២% ទៀតរស់នៅតាមទីប្រជុំជននិងទីក្រុងដែលមានមុខរបរជាពាណិជ្ជកម្ម ទេសចរណ៍ និង បុគ្គលិករដ្ឋជាដើម។

ភ្នំនៅក្នុងក្រុង-ស្រុកទាំង ១២ របស់ខេត្តសៀមរាបមានចំនួនសរុបប្រមាណ ៤១ ភ្នំហើយមានភ្នំជាច្រើនទៀតដែលមិនបានទៅដល់ចំណែកភ្នំមួយចំនួននៅតាមបណ្តាក្រុង-ស្រុកទាំង ១២ នោះមានវត្តនៅពីលើនិងមានប្រាសាទបុរាណជាច្រើនដែលនៅសល់តាំងពីសម័យសង្គ្រាម ព្រមទាំងមានរមណីយដ្ឋានធម្មជាតិមួយចំនួនដែលនៅជាប់ជើងភ្នំកំពុងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលមកទស្សនានៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ហើយមានផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតជើងភ្នំទាំងនោះដែលប្រកបមុខរបរលក់ដូរនិងធ្វើស្រែចម្ការគ្រាន់បានចំណូលយកមកចិញ្ចឹមក្នុងក្រុមគ្រួសារចៀសវាងចេញទៅធ្វើចំណាកស្រុកនៅក្រៅប្រទេសផងដែរ។តាមរបាយការណ៍ពីអធិការក្រុង-ស្រុកទាំង ១២ បានរៀបរាប់ប្រាប់ឲ្យដឹងអំពីភ្នំនីមួយៗរបស់ក្រុង-ស្រុកថាភ្នំចំនួន ៤១ ភ្នំនៅខេត្តសៀមរាបនោះមានដូចជា ៖
- ក្រុងសៀមរាបមានភ្នំចំនួន ០២ ភ្នំគឺភ្នំក្រោមមានប្រាង្គប្រាសាទបុរាណនៅលើកំពូលភ្នំមានវត្តអារាមនៅលើកំពូលភ្នំនិងមានវត្តនៅតាមចំរ៉ាក់ជើងភ្នំក្រោមហើយមានផ្សារលក់ដូរព្រមទាំងមានទេសភាពស្រស់បំព្រងមើលពីលើភ្នំមកគួរឲ្យទាក់ទាញអារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិផងដែរហើយដែលបាននាំគ្នាបើកឡានជិះម៉ូតូកង់ឡើងទៅដល់កំពូលភ្នំដើម្បីថតផ្តិតយករូបភាពពីលើកំពូលភ្នំទៅបឹងទន្លេសាបនិងទេសភាពនៅជុំវិញបរិវេណជើងភ្នំផងដែរដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប និង ភ្នំបាក់ខែងមានប្រាសាទបុរាណជាច្រើននៅលើកំពូលភ្នំដែលភ្ញៀវបរទេសនាំគ្នាឡើងទៅមើលថ្ងៃរះពេលព្រលឹមនៅពេលល្ងាចនាំគ្នាឡើងទៅមើលថ្ងៃលិចហើយនៅខាងក្រោមទល់មុខប្រាសាទមានអ្នកលក់ដូរជាច្រើនស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
- ស្រុកជីក្រែង មានភ្នំចំនួន ០៧ ភ្នំគឺភ្នំរ៉ុន ភ្នំពើង ភ្នំបាក់រទេះមានវត្តនៅពីលើ ភ្នំក្បាលខ្មោច ភ្នំអាចម៍ស្រមោច ភ្នំខ្ទុំ និង ភ្នំល្អាង មានទីតាំងជាប់នឹងព្រំប្រទល់ស្រុកគូលែន ខេត្តព្រះវិហារហើយភ្នំទាំង ០៧ នោះគឺស្ថិតនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង។
- ស្រុកសូទ្រនិគមមានភ្នំចំនួន ០២ គឺភ្នំចង្ហា និង ភ្នំកង្ហិតស្ថិតនៅក្នុងភូមិស្រាស្ត្រឃុំពពែល ស្រុកសូត្រនិគម។
- ស្រុកស្វាយលើមានភ្នំចំនួន ០៥ ភ្នំគឺភ្នំគូលែនមានវត្តនៅលើកំពូលភ្នំគឺព្រះអង្គធំនិងមានប្រាសាទបុរាណជាច្រើនព្រមទាំងមានរមណីយដ្ឋានថែមទៀតផងដែរ ភ្នំរាមមានព្រៃសហគមន៍ ភ្នំទំពូងនៅមានគ្រឹះថ្មប្រាសាទបុរាណដែលនៅសេសសល់ពីសង្គ្រាមហើយភ្នំទាំង ០៣ នេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយលើ ភ្នំតាវ៉ាស្ថិតនៅភូមិសាស្ត្រឃុំតាសៀម និង ភ្នំខ្យងស្ថិតនៅឃុំកន្ទួត។
- ស្រុកស្រីស្នំមានភ្នំចំនួន ០៥ ភ្នំគឺភ្នំតាស ភ្នំតាប៉ែន ភ្នំធំ ភ្នំព្រះច្បារ និង ភ្នំមហាឥសី ពុំមានវត្តឬប្រាសាទបុរាណនៅទីនោះឡើយដែលមានទីតាំងស្ថិតនៅស្លែងស្ពានស្រុកស្រីស្នំ។
- ស្រុកអង្គរធំមានភ្នំចំនួន ០៤ ភ្នំគឺភ្នំដីស្ថិតនៅក្នុងឃុំលាងដៃ ភ្នំឆ្កែកូនមានវត្តនៅពីលើ ភ្នំតាទូស ស្ថិតនៅក្នុងឃុំពាក់ស្នែង និង ភ្នំកងរីមានវត្តនៅពីលើហើយមានប្រាសាទបុរាណបាក់បែកផងដែរដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំជប់តាត្រាវនិងមានភ្នំជាច្រើនទៀតដែលយើងទៅមិនដល់។
- ស្រុកអង្គរជុំមានភ្នំចំនួន ០២ ភ្នំគឺភ្នំពើងតានន់ដែលមានសម្រស់ទេសភាពស្រស់ស្អាតជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំដែលមានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបតាមផ្លូវទៅផ្សារពាក់ស្នែង និង ភ្នំម្រេចស្ថិតនៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ។
- ស្រុកវ៉ារិន មានភ្នំចំនួន ០៤ ភ្នំគឺភ្នំចង្ក្រានរយមានវត្តនៅពីលើហើយមានរមណីយដ្ឋានទឹកធ្លាក់ដែលមើលទៅគួរជាទីគយគន់ផងដែរស្ថិតនៅឃុំស្វាយសរ ភ្នំសង្កែ ភ្នំបាយដុតស្ថិតនៅឃុំល្វាវក្រាំង និង ភ្នំអាជ្ញារាមស្ថិតនៅឃុំប្រាសាទ។
- ស្រុកក្រឡាញ់មានភ្នំចំនួន ០១ ភ្នំគឺភ្នំទ្រង់បាតដែលមានប្រាសាទតូចៗនិងមានអាស្រមនៅពីលើផងដែរមានភូមិសាស្ត្រស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
- ស្រុកពួកមានភ្នំចំនួន ០២ ភ្នំគឺភ្នំរ៉ូងមានវត្តនៅពីលើស្ថិតនៅភូមិដូនកែវ និង ភ្នំដីដែលមានទីតាំងស្ថិតនៅជាប់បឹងទន្លេសាប។
- ស្រុកបន្ទាយស្រីមានភ្នំចំនួន ០៥ ភ្នំគឺភ្នំដីស្ថិតនៅឃុំខ្នារសណ្តាយ ភ្នំហប់មានវត្តនៅពីលើស្ថិតនៅឃុំខ្នារសណ្តាយ ភ្នំក្បាលស្ពានមានប្រាសាទបុរាណជាច្រើននិងមានរមណីយដ្ឋានផងដែរស្ថិតនៅក្នុងឃុំឃុនរាម ភ្នំទេវៈស្ថិតនៅក្នុងឃុំរំចេក និង ភ្នំគូលែនជាប់ចំរ៉ាក់ជើងភ្នំស្ថិតនៅក្នុងឃុំត្បែងហើយក៏ជាភ្នំមួយដែលជាប់ពាក់កណ្តាលម្ខាងម្នាក់ នឹងស្រុកស្វាយលើផងដែរ។
- ស្រុកប្រាសាទបាគងមានតែប្រាសាទបុរាណជាច្រើនដូចជាប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទចៅស្រីវិបុលកេរ្តិ៍ ជាដើមហើយនៅមានវត្តចាស់ៗដល់បច្ចុប្បន្នហៅថាវត្តត្រាច។
- ក្រុងរុនតាឯកមានភ្នំចំនួន ០១ ភ្នំគឺភ្នំបូកមានវត្តនិងប្រាសាទបុរាណនៅពីលើស្ថិតនៅសង្កាត់រុនតាឯក ក្រុងរុនតាឯក។
រដ្ឋបាល
ខេត្តសៀមរាប ចែកចេញជា ១២ ក្រុង/ស្រុក ១០០ សង្កាត់/ ឃុំ និង ៩០៧ ភូមិ[៦]៖
លេខកូដក្រុងនិងស្រុក | ក្រុងនិងស្រុក | ឈ្មោះក្រុងនិងស្រុកជាអក្សរឡាតាំង | ផែនទីក្រុងនិងស្រុក |
---|---|---|---|
១៧០១ | ស្រុកអង្គរជុំ | Angkor Chum | ![]() |
១៧០២ | ស្រុកអង្គរធំ | Angkor Thum | ![]() |
១៧០៣ | ស្រុកបន្ទាយស្រី | Banteay Srei | ![]() |
១៧០៤ | ស្រុកជីក្រែង | Chi Kraeng | ![]() |
១៧០៦ | ស្រុកក្រឡាញ់ | Kralanh | ![]() |
១៧០៧ | ស្រុកពួក | Puok | ![]() |
១៧០៩ | ស្រុកប្រាសាទបាគង | Prasat Bakong | ![]() |
១៧១០ | ក្រុងសៀមរាប | Siem Reab | ![]() |
១៧១១ | ស្រុកសូទ្រនិគម | Soutr Nikom | ![]() |
១៧១២ | ស្រុកស្រីស្នំ | Srei Snam | ![]() |
១៧១៣ | ស្រុកស្វាយលើ | Svay Leu | ![]() |
១៧១៤ | ស្រុកវ៉ារិន | Varin | ![]() |
ក្រុងរុនតាឯក | Run Ta Ek | ||
អាកាសយានដ្ឋានអន្តរជាតិ
អាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺជាអាកាសយានដ្ឋានអន្តរជាតិដែលបម្រើឲ្យខេត្តសៀមរាបទឹកដីអង្គរវាមានទីតាំងស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។វាត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ ១៩៣២ និងបានបិទទៅវិញនៅក្នុងឆ្នាំ ២០២៣ នៅពេលដែលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លូវការ។វាជាអាកាសយានដ្ឋានដែលមមាញឹកជាងគេទី ០២ នៅប្រទេសកម្ពុជាបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិដែលមានទីតាំងនៅស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាបដែលបម្រើឲ្យក្រុងសៀមរាប ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រភាគឦសានឃុំដំដែក ស្រុកសូទ្រនិគម ៤០ គីឡូម៉ែត្រខាងកើតប្រាសាទអង្គរវត្ត និង ៥០ គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។អាកាសយានដ្ឋានសៀមរាប-អង្គរ គ្របដណ្តប់លើផ្ទៃដី ៧០០ ហិកតានិងមានផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ។
តំបន់ទេសចរណ៍ខេត្តសៀមរាប
តាមប្រវត្តិសាស្ដ្រទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សរ៍ទី ៩ ដល់សតវត្សរ៍ទី ១៣។ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានសំណង់ប្រាសាទបុរាណយ៉ាងច្រើននៅពាសពេញទឺកដីដ៏បវរនៃខេត្តសៀមរាបនេះ។ប្រាសាទទាំងឡាយនៅតំបន់អង្គរដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាបដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។សព្វថ្ងៃប្រាសាទចំនួនត្រូវបានរកឃើញជាបន្តបន្ទាប់។ប្រាសាទទាំងឡាយត្រូវបានកសាងឡើងរវាងសតវត្សរ៍ទី ៩ និងទី ១៣។កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ខ្ជាប់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ដែលអាចប្រៀបធៀបបានទៅនឹងសំណង់ប្រាសាទពីរ៉ាមីតដែលកសាងដោយព្រះចៅផារ៉ាអុងនិងសំណង់ប្រាសាទដទៃទៀតនៅក្នុងប្រទេសអេហ្សីប។ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះដោយប្រើកម្លាំងកម្មករយ៉ាងច្រើនតាមការប៉ាន់ស្មានការធ្វើសំណង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០០០០ នាក់ក្នុងអំឡុងសតវត្សរ៍ទី ១២ និង ១៣ ។ទោះបីជាបន្សល់ទុកនូវប្រាសាទជាច្រើនក៏ដោយសព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចប៉ុណ្ណោះចំពោះមនុស្សដែលមករស់នៅពិតប្រាកដនៅទីក្រុងដ៏ចំណាស់មួយនេះកាលពីអតីតកាល។អ្នកធ្វើដំណើរជនជាតិព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនជាតិបស្ចឹមប្រទេសដំបូងគេដែលបានសម្លឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរនៅពេលទៅទស្សនាក្នុងអំឡុងសតវត្សរ៍ទី ១៦។ទោះបីជាយ៉ាងណាក៏ដោយកិត្តិយសធំបំផុតចំពោះការរកឃើញប្រាសាទអង្គរវត្តដ៏អស្ចារ្យបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ ១៨៦០ ដែលបានតម្កល់ទុកនូវឯកសារនៅឯទីក្រុងប៉ារីសក្រោយមរណភាពនៅក្នុងឆ្នាំ ១៨៦៨។ក្នុងសតវត្សរ៍ទី ១៩ និង ២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទបុរាណនិងធ្វើការកាប់ឆ្ការសម្អាតព្រៃពីប្រាសាទហើយបានប្រមូលនូវឯកសារបានយ៉ាងច្រើន។នៅក្នុងឆ្នាំ ១៩០៧ ប្រទេសសៀមបានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញដោយសារបារាំងគាបសង្កត់ខ្លាំងពេកហើយនៅក្នុងនោះបាននាំមកនូវភ្ញៀវទេសចរណ៍ឲ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនៅលើទឹកដីអង្គរ។ភ្ញៀវទេសចរអាចជ្រើសរើសទស្សនាតាមវង់តូចដែលរួមមានទីក្រុងដ៏ល្បីល្បាញរបស់ព្រះរាជាគឺអង្គរធំនិងអង្គរតូចដែលមានប្រាសាទជាច្រើនប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ស្រះស្រង់និងរមណីយដ្ឋានជាច្រើនទៀត។ភ្ញៀវទេសចរអាចបន្តដំណើរទៅទស្សនានៅវង់ធំនោះគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ប្រសិនបើមានពេលវេលាភ្ញៀវទេសចរអាចទៅទស្សនាប្រាសាទល្បីល្បាញផ្សេងទៀតដូចជាប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបេងមាលា ប្រាសាទលលៃ ជាដើមដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។
ឯកសារពិគ្រោះ
Wikiwand - on
Seamless Wikipedia browsing. On steroids.