កាល់ ម៉ាក្ស
From Wikipedia, the free encyclopedia
កាល់ ហ៊ែនរីច ម៉ាក្ស (៥ ឧសភា ១៨១៨ – ១៤ មីនា ១៨៨៣) គឺជាទស្សនវិទូ សេដ្ឋវិទូ អ្នកកាសែត ប្រវត្តិវិទូ សង្គមវិទូ ទ្រឹស្តីវិទូនយោបាយ និងជាអ្នកបដិវត្តន៍សង្គមនិយមជនជាតិអាល្លឺម៉ង់ម្នាក់។ ម៉ាក្សបានចាប់កំណើតក្នុងទីក្រុងទ្រីអ៊ឺរនៃប្រទេសអាល្លឺម៉ង់ ហើយបានចាប់ផ្តើមរៀនវិជ្ជាច្បាប់និងទស្សនវិជ្ជានៅឯសាកលវិទ្យាល័យប៊ុននិងប៊ែរឡាំង។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជននយោបាយម្នាក់ឈ្មោះជេននី វ៉ន វេសផាលិននៅក្នុងឆ្នាំ១៨៤៣។ ដោយសារតែសកម្មភាពបោះពុម្ភផ្សព្វផ្សាយរឿងនយោបាយរបស់គាត់ ម៉ាក្សត្រូវក្លាយជាបុគ្គលគ្មានសញ្ជាតិហើយបានទៅរស់នៅនិរទេសក្រៅស្រុកជាមួយភរិយានិងកូនៗរបស់គាត់នៅទីក្រុងឡុងដ៍អស់ជាច្រើនទស្សវត្ត។ ទោះបីរស់បែបនិរទេសក្តី ម៉ាក្សនូវតែបន្តការនិពន្ធជាមួយនឹងទស្សនវិទូអាល្លឺម៉ង់ម្នាក់ទៀតឈ្មោះហ្វ្រ៊ីឌ្រិច អង់ហ្គែល ហើយអ្នកទាំងពីរក៏ចាប់ផ្តើមនិពន្ធសៀវភៅរួមគ្នាដែលភាគច្រើនជាសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម។ ស្នាដៃដ៏មានប្រជាប្រិយភាពបំផុតរបស់ម៉ាក្សគឺ គោលគំនិតកុម្មុយនីស្ត (១៨៤៨) និងដាសកាពីតាល់ (១៨៦៧–១៨៨៣)។ ទស្សនៈនយោបាយរបស់ម៉ាក្សបានជះឥទ្ធិពលយ៉ាងខ្លាំងលើបញ្ញវ័ន សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រនយោបាយនៅជំនាន់ក្រោយៗ។
កាល់ ម៉ាក្ស | |
---|---|
រូបលោកកាល់ ម៉ាក្ស, ថតនៅក្នុងឆ្នាំ១៨៧៥ | |
កើត | កាល់ ហ៊ែនរីច ម៉ាក្ស ៥ ឧសភា ១៨១៨ ទ្រីអ៊ឺរ, ព្រុស, សហព័ន្ធអាល្លឺម៉ង់ |
ស្លាប់ | ១៤ មីនា ១៨៨៣ (អាយុ ៦៤) ទីក្រុងឡុងដ៍, អង់គ្លេស |
សញ្ជាតិ |
|
ការអប់រំ | សាកលវិទ្យាល័យប៊ុន សាកលវិទ្យាល័យប៊ែរឡាំង សាកលវិទ្យាល័យជេណា (បណ្ឌិតទស្សនវិជ្ជា, ១៨៤១) |
គណបក្សនយោបាយ | គណៈកម្មាធិការតថានុរូបកុម្មុយនិស្ត (ត្រឹមឆ្នាំ១៨៤៧) សម្ព័ន្ធកុម្មុយនិស្ត (១៩៤៧–១៩៥២) សមាគមពលករអន្តរជាតិ (១៨៦៤–១៨៧២) |
ពន្ធភាព | ជេននី វ៉ន វេសផាលិន (រ.ក ១៨៤៣; ស. ១៨៨១) |
កូន | ៧ នាក់ |
សាច់ញាតិ |
|
ហត្ថលេខា |
ទ្រឹស្តីនិងគំនិតរបស់ម៉ាក្សអំពីសង្គម សេដ្ឋកិច្ច និងនយោបាយត្រូវបានគេស្គាល់ថាម៉ាក្សនិយម ឬ"លទ្ធិម៉ាក្ស"។ ទ្រឹស្តីរបស់គាត់ក៏ជាការរិះគន់នឹងសង្គមមនុស្សកាលពីសម័យនោះផងដែរដោយពោលថាសង្គមមនុស្សបានអភិវឌ្ឍន៍ទៅមុខតាមរយៈជម្លោះនៃវណ្ណៈ។ នៅក្នុងសង្គមមូលធន វណ្ណៈដឹកនាំ (ឬវណ្ណៈគហបតី) គឺជាអ្នកគ្រប់គ្រងលើមធ្យោបាយផលិតកម្ម រីឯវណ្ណៈកម្មករ (ឬវណ្ណៈពលជីវី) គឺជាអ្នកលក់កម្លាំងកាយឱ្យទៅគេដើម្បីទទួលបានប្រាក់ឈ្នួលមកវិញ។[1] ម៉ាក្សបានទាយថា មូលធននិយមកំពុងបង្កើតឱ្យមានភាពតានតឹងផ្ទៃក្នុងដូចជាប្រព័ន្ធសង្គមសេដ្ឋកិច្ចមុនៗអញ្ចឹងដែរហើយយូរៗទៅវានឹងវិនាសរលាយដោយសារខ្លួនឯងនិងត្រូវជំនួសមកវិញនូវប្រព័ន្ធថ្មីហៅថាផលិតកម្មសង្គមនិយម។ ចំពោះម៉ាក្ស ការប្រឆាំងនឹងថ្នាក់វណ្ណៈក្រោមរបបមូលធននឹងបង្កបង្កើតឱ្យមានវិបត្តិនិងអស្ថិរភាពសេដ្ឋកិច្ចខ្ពស់បន្ទាប់មកវានឹងពង្រឹងស្មារតីអ្នកវណ្ណៈពលជីវី កម្មករ ទាសករ ហើយមិនយូរប៉ុន្មាន ស្មារតីក្នុងការឡើងកាន់កាប់អំណាចនយោបាយនឹងជ្រាបចូលរួចទីបំផុតសង្គមកុម្មុយនីស្តដែលគ្មានការបែងចែកថ្នាក់វណ្ណៈនឹងត្រូវបានបង្កើតឡើង។[2] ម៉ាក្សតែងតែជម្រុញឱ្យវាកើតមានឡើងដោយលើកយកហេតុផលថា វណ្ណៈកម្មករគួរតែចាប់អនុវត្តសកម្មភាពបដិវត្តន៍ដើម្បីផ្តួលរំលំមូលធននិយមនិងនាំមកនូវការរំដោះសេដ្ឋកិច្ចសង្គម។[3]
ម៉ាក្សត្រូវបានគេចាត់លោកថាជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកហើយស្នាដៃនិងការងាររបស់គាត់ត្រូវបានទទួលទាំងការកោតសរសើរផងនិងការរិះគន់ផង។[4] ការងាររបស់គាត់នៅក្នុងផ្នែកសេដ្ឋកិច្ចបានម្តល់មូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងជាច្រើននៃកម្លាំងពលកម្មបច្ចុប្បន្ននិងទំនាក់ទំនងរបស់វាទាក់ទងនឹងមូលធននិងគំនិតសេដ្ឋកិច្ចជាបន្តបន្ទាប់។[5][6][7] បញ្ញវ័ន សហជីព សិល្បករ និងគណបក្សនយោបាយជាច្រើនទូទាំងពិភពលោកបានប្រកាន់យកនូវគំនិតរបស់ម៉ាក្សជាគោលដោយកែប្រែឬសម្របសម្រួលគំនិតរបស់គាត់បន្តិចបន្តួច។ ជាធម្មតា ម៉ាក្សត្រូវបានគេលើកឡើងថាជាស្ថាបត្យករសំខាន់ម្នាក់នៃវិទ្យាសាស្ត្រសង្គមទំនើប។[8][9]