From Wikipedia, the free encyclopedia
នៅខែមីនា និងខែមេសា ឆ្នាំ២០២១ ប្រធានាធិបតីប្រទេសរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ជាឱ្យកងកម្លាំងយោធារុស្ស៊ីចាប់ផ្តើមប្រមូលផ្តុំទាហាន និងឧបករណ៍យោធារាប់រយរាប់ពាន់ដើមបញ្ជូនទៅតំបន់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងគ្រីមៀ។[33][34] សកម្មភាពនេះបានបង្កឱ្យមានវិបត្តិអន្តរជាតិមួយផុសឡើង និងបង្កើតក្តីបារម្ភជុំវិញការប៉ិនប៉ងឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ រូបភាពពីផ្កាយរណបបានបង្ហាញពីចលនារថយន្តយោធា មីស៊ីល និងអាវុធធុនធ្ងន់ជាច្រើនដែលបានកំពុងផ្តូកផ្តុំគ្នានៅក្បែរព្រំដែនរុស្ស៊ី–អ៊ុយក្រែន។[35][36] នៅអំឡុងខែមិថុនា ឆ្នាំ២០២១ កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានដកថយចេញវិញ[37] ប៉ុន្តែនៅក្នុងខែតុលា និងខែវិច្ឆិកានៃឆ្នាំដដែរ វិបត្តិនេះក៏បានត្រឡប់មកសារជាថ្មីម្តងទៀតនៅពេលដែលកងទ័ពរុស្ស៊ីជាង ១០០,០០០ នាក់បានប្រមូលផ្តុំគ្នានៅជុំវិញទឹកដីអ៊ុយក្រែនទាំងបីទិស។[38] ទោះបីជាមានការប្រមូលផ្តុំកងយោធារបស់រុស្ស៊ីក្តី ក៏មន្ត្រីរុស្ស៊ីនៅចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ តែងតែចេញបដិសេធម្តងហើយម្តងទៀតថា ប្រទេសគេមិនមានផែនការឈ្លានពានអ៊ុយក្រែនឡើយ។[39][40]
វិបត្តិរុស្ស៊ី–អ៊ុយក្រែន | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមរុស្ស៊ី–អ៊ុយក្រែន | |||||||
ការប្រមូលផ្ដុំកងកម្លាំងយោធារុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
ប្រទេសជួយផ្គត់ផ្គង់អាវុធ៖
ប្រទេសផ្ដល់ជំនួយយោធាមិនប៉ះពាល់ដល់ជីវិត៖
| |||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
វ៉្លាឌីមៀរ ពូទីន មីខាអ៊ីល មីឈូសទីន ស៊ែរជី ឡាហ្វរូវ ស៊ែរជី សូយហ្គូ អាឡិចសាន់ដឺ លូកាសិនកូ រ៉ូម៉ាំង ហ្កូលូវឆិនកូ ដេនីស ពូហ្ស៊ីលីន វ៉្លាឌីមៀរ បាសកូវ លេអូនីដ ប៉ាសេឆ្មីគ ស៊ែរជី កូហ្សលូវ |
វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដេនីស ស្មីហាល ឌីមីត្រូ គូលេបា អូលេកស៊ី រ៉េស្មីកូវ អង់ឌ្រី តារ៉ាន់ អូលេកស៊ី ដានីលូវ វ៉ាឡេរី ហ្សាលូហ្សីនី ស៊ែរហ៊ី សាប់តាឡា រូស្លង់ ឃុំឆាក់ | ||||||
កម្លាំង | |||||||
រុស្ស៊ី៖
បេឡារុស៖
ស.ប. ដូណេតស្ក៍៖
ស.ប. លូហ្កានស្ក៍៖
|
អ៊ុយក្រែន៖
|
វិបត្តិនេះបានកើតចេញពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយនិងកំពុងបន្ត បូករួមទាំងសង្រ្គាមនៅដុនបាស ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១៤។ នៅខែធ្នូ ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានចេញសេចក្តីព្រាងសន្ធិសញ្ញាចំនួនពីរដែលមានសំណើហៅថា "ការធានាសុវត្ថិភាព" រួមទាំងកិច្ចសន្យាស្របច្បាប់មួយថា អ៊ុយក្រែននឹងមិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក៏ដូចជាការកាត់បន្ថយកងទ័ពណាតូ និងជំរុំអយោម័យយោធារបស់ពួកគេដែលឈរជើងនៅតំបន់អឺរ៉ុបខាងកើត ហើយថែមទាំងបានគំរាមកំហែងអ៊ុយក្រែនទៀតថា រុស្ស៊ីនឹងឆ្លើយតបដោយប្រើកម្លាំងយោធា ប្រសិនបើការទាមទារទាំងនោះមិនត្រូវបានបំពេញជាក់លាក់។ អង្គការណាតូបានច្រានចោលសំណើទាំងនេះ ហើយសហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីអំពីទណ្ឌកម្មសេដ្ឋកិច្ចដ៏"រហ័ស និងធ្ងន់ធ្ងរ" ប្រសិនបើខ្លួនហ៊ានឈ្លានពានប្រទេសអ៊ុយក្រែន។[41] វិបត្តិនេះត្រូវបានអ្នកអត្ថាធិប្បាយជាច្រើននាំគ្នាចាត់ទុកថាជាវិបត្តិដ៏ព្រឺព្រួចបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។[42][43][44]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការនូវតំបន់ផ្តាច់ខ្លួនចំនួនពីរនៅភាគខាងកើតប្រទេសអ៊ុយក្រែន ពោលគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ ជារដ្ឋឯករាជ្យ ហើយបានដាក់ពង្រាយទ័ពនៅតំបន់ដុនបាស។[45][46] បន្ទាប់មកនៅថ្ងៃទី២២ ខែកុម្ភៈ លោកពូទីនបាននិយាយថា កិច្ចព្រមព្រៀងទីក្រុងមីនស្កឹ គឺលែងមានសុពលភាពទៀតហើយ។[47] នៅក្នុងថ្ងៃដដែរ សភាជាន់ខ្ពស់ប្រទេសរុស្ស៊ីគឺក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតជាឯកច្ឆ័ន្ទឱ្យប្រើប្រាស់កម្លាំងយោធានៅក្នុងទឹកដីទាំងនោះ។[48]
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកពូទីនបានប្រកាសថា រុស្ស៊ីកំពុងចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" នៅក្នុងតំបន់ដុនបាស រួចបន្តិចមក លោកក៏បានបើកការឈ្លានពានយ៉ាងពេញទំហឹងចូលទៅក្នុងទឹកដីអ៊ុយក្រែន។
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបាននូវតែបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានចុះហត្ថលេខាលើអនុស្សារណៈនាទីក្រុងប៊ុយដាប៉ែស ស្តីអំពីការធានាសន្តិសុខជាតិក្នុងលក្ខខណ្ឌដែលរុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងចេញការធានាប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយប្រទេសអ៊ុយក្រែន។ ប្រាំឆ្នាំក្រោយមក រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋដែលចូលរួមនីមួយៗ និងមានសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរការរៀបចំសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ដូចដែលពួកគេវិវត្តន៍"។[49]
ថ្វីបើជាប្រទេសឯករាជ្យដែលត្រូវបានទទួលស្គាល់តាំងពីឆ្នាំ១៩៩១ មែនប៉ុន្តែកាលពីនៅជាអតីតសាធារណរដ្ឋនៃសហភាពសូវៀត អ៊ុយក្រែនត្រូវបានមេដឹកនាំរុស្ស៊ីជាច្រើនយល់ឃើញថាជាផ្នែកមួយនៃដែនឥទ្ធិពលរបស់គេ។ នៅឆ្នាំ២០០៨ ប្រធានាធិបតីរុស្ស៊ីគឺលោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយប្រឆាំងនឹងសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ។[50][51]
បន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ដែលជាផ្នែកមួយនៃចលនាអ៊ឺរ៉ូម៉ីដាន (២០១៣–២០១៤) ប្រធានាធិបតីអ៊ុយក្រែនលោកវិចទ័រ យ៉ានូកូវិច និងមេដឹកនាំនៃក្រុមប្រឆាំងសភាអ៊ុយក្រែននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះស្រាយមួយដែលអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃបន្ទាប់ ប្រធានាធិបតីដែលគាំទ្ររុស្ស៊ីរូបនេះបានភៀសខ្លួនចេញពីរដ្ឋធានីកៀវ មុនពេលការបោះឆ្នោតទម្លាក់លោកចេញពីអំណាចជាប្រធានាធិបតីត្រូវដំណើរការ។[52][53][54] ថ្នាក់ដឹកនាំនៃតំបន់ភាគខាងកើតអ៊ុយក្រែនដែលសម្បូរដោយប្រជាជននិយាយភាសារុស្សី បានរួមគ្នាប្រកាសបន្តភក្ដីភាពចំពោះលោកយ៉ានូកូវិច[55] ដែលជាហេតុបង្កឱ្យមានបាតុកម្មគាំទ្ររុស្ស៊ីផ្ទុះឡើងនៅក្នុងតំបន់ទាំងនោះ។[56] សភាពការណ៍នៅក្នុងតំបន់ក៏កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីរុស្ស៊ីបានកាត់ឧបទ្វីបគ្រីមៀចូលជាទឹកដីខ្លួននៅក្នុងខែមីនា ឆ្នាំ២០១៤ និងសង្រ្គាមនៅតំបន់ដុនបាសដែលបានផ្ទុះឡើងនៅខែមេសា ឆ្នាំ២០១៤ ហើយក្រោមក រដ្ឋចំនួនពីរក៏បានផុសឡើងដែលមានការគាំទ្រពីរុស្ស៊ីគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍។[57][58]
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអនុម័តយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់អ៊ុយក្រែន "ដែលនឹងផ្តល់ការអភិវឌ្ឍនៃភាពជាដៃគូពិសេសជាមួយអង្គការណាតូ រួមជាមួយនឹងគោលបំណងចូលជាសមាជិកនៃអង្គការមួយនេះ"។[59][60][61] នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកហ្សេឡេនស្គីបានចុះហត្ថលេខាលើក្រឹត្យលេខ ១១៧/២០២១ ដែលអនុម័ត "យុទ្ធសាស្រ្តនៃការដកហូតការកាន់កាប់និងការធ្វើសមាហរណកម្មឡើងវិញនៃទឹកដីកាន់កាប់បណ្តោះអាសន្ននៃសាធារណរដ្ឋស្វយ័តគ្រីមៀ និងទីក្រុងសេវាស្តូប៉ូល"។[62]
នៅខែកក្កដាឆ្នាំ២០២១ លោកពូទីនបានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការរួបរួមជាប្រវត្តិសាស្ត្ររបស់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន" ដោយក្នុងនោះលោកបានអះអាងឡើងវិញនូវទស្សនៈរបស់គាត់ថារុស្ស៊ីនិងអ៊ុយក្រែនគឺជា "ប្រជាជនតែមួយ"។[63] អ្នកសង្កេតការណ៍ផ្សេងៗបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរុស្ស៊ីគឺមានទស្សនៈឆ្គងខ្លាំងចំពោះប្រទេសអ៊ុយក្រែនសម័យ និងប្រវត្តិសាស្ត្ររបស់វា។[64][65][66]
រុស្ស៊ីបាននិយាយថា សេណារីយ៉ូអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ និងការពង្រីកឥទ្ធិពលរបស់ណាតូជាទូទៅគឺជាសកម្មភាពគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។[67][68][69] ជាការឆ្លើយតប អ៊ុយក្រែន និងប្រទេសអឺរ៉ុបផ្សេងទៀតដែលស្ថិតនៅជាប់ប្រទេសរុស្ស៊ី បានរួមគ្នាចោទប្រកាន់លោកពូទីនពីការប៉ុនប៉ងចង់ស្តារចក្រភពរុស្ស៊ី/សហភាពសូវៀតឡើងវិញ និងបន្តគោលនយោបាយយោធានិយមឈ្លានពានរបស់ខ្លួន។[70][71][72][73][74]
យោងតាមការវិភាគរបស់ទស្សនាវដ្តីថែមស៍ (Times) ដែលបានចេញផ្សាយនៅដើមខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា កំណើនវត្តមានយោធារបស់រុស្ស៊ីនៅតាមបណ្ដោយព្រំដែនរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ២០២១ គឺមានប្រភពចេញពីការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី២១ ខែកុម្ភៈ ទាក់ទងនឹងការដាក់ពង្រាយទាហានឆ័ត្រយោងចំនួន ៣,០០០ នាក់នៅក្បែរព្រំដែនដើម្បីធ្វើ"សមយុទ្ធទ្រង់ទ្រាយធំ"។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីនោះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានចាប់ខ្លួនលោកវិចទ័រ មេដវេដឈូក ដែលត្រូវជាអ្នកនយោបាយបក្សប្រឆាំងនៅអ៊ុយក្រែន មានទំនោរទៅខាងរុស្ស៊ីដ៏ប្រជាប្រិយ និងព្រមទាំងជាមហាសេដ្ឋីម្នាក់ផងដែរដោយគេបានចោតលោកថាមានទំនាក់ទំនងជិតស្និទ្ធផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន។[75]
ចាប់ពីថ្ងៃទី១៦ ខែមីនា អង្គការណាតូបានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ដែលត្រូវបានគេស្គាល់ថា Defender Europe 2021។ វាជាសមយុទ្ធយោធាដ៏ធំបំផុតមួយដែលដឹកនាំដោយណាតូនៅទ្វីបអឺរ៉ុប រួមមានប្រតិបត្តិការជិតដំណាលគ្នានៅទូទាំងតំបន់ហ្វឹកហ្វឺនជាង ៣០ នៅក្នុងប្រទេសចំនួន ១២ និងមានការចូលរួមពីទាហានចំនួន ២៨,០០០ នាក់មកពី ២៧ ប្រទេស។[76][77] ដោយឃើញដូច្នេះ ប្រទេសរុស្ស៊ីក៏បានចេញមុខរិះគន់អង្គការណាតូសម្រាប់ការប្រតិបត្តិ Defender Europe 2021[78] ហើយខ្លួនបានដាក់ពង្រាយកងទ័ពសម្រាប់ធ្វើសមយុទ្ធយោធានៅតាមព្រំដែនភាគខាងលិចដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ណាតូ។ ការប៉ាន់ស្មានដោយអ៊ុយក្រែនបានបង្ហាញថា រុស្ស៊ីបានដាក់ពង្រាយកម្លាំងប្រមាណ ៤០,០០០ នាក់សម្រាប់តំបន់គ្រីមៀ និងទឹកដីផ្នែកខាងកើតនៃព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ រដ្ឋាភិបាលអាល្លឺម៉ង់បានថ្កោលទោសការដាក់ពង្រាយទ័ពរុស្ស៊ីនេះថាជាការចង់បង្កបញ្ហានៅក្នុងតំបន់។[79]
នៅថ្ងៃទី៣០ ខែមីនា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនគឺលោករូស្លង់ ឃុំឆាក់បានបង្ហាញពីវត្តមានក្រុមយុទ្ធវិធីកងវរសេនាតូចរុស្ស៊ីចំនួន ២៨ ក្រុមស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាចម្បងគឺនៅគ្រីមៀ រ៉ូស្តូវ ប៊្រីយ៉ានស្ក៍ និងវ៉ូរ៉ូនេហ្ស៍។ គេប៉ាន់ប្រមាណថា ទាហានរុស្ស៊ីប្រមាណ ៦០,៧០០ នាក់បានឈរជើងនៅតំបន់គ្រីមៀ និងដុនបាស ជាមួយនឹងទីប្រឹក្សាយោធា ២,០០០ នាក់នៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោកឃុំឆាក់បានឱ្យដឹងថា ការប្រមូលផ្តុំយោធាសំទុះនេះនឹងអាចធ្វើឱ្យក្រុមយុទ្ធវិធីកងវរសេនាតូចកើនឡើងដល់ ៥៣ ក្រុម ហើយអាចបង្ក "ការគំរាមកំហែង" ដល់សន្តិសុខយោធារបស់អ៊ុយក្រែន។[80] លោកឌីមីឌ្រី ប៉េស្កូវ ដែលជាអ្នកនាំពាក្យរបស់វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់អ៊ុយក្រែនដោយអះអាងថា ចលនាយោធារបស់រុស្ស៊ី "មិនគួរជាការព្រួយបារម្ភអ្វីឡើយ" ដល់ប្រទេសជិតខាង។ ផ្ទុយទៅវិញ សេចក្តីសម្រេចត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហា "សន្តិសុខជាតិ"។[81]
នៅចន្លោះចុងខែមីនា និងដើមខែមេសា បរិមាណនៃអាវុធ និងឧបករណ៍យោធាសំខាន់ៗមកពីតំបន់ផ្សេងៗនៃប្រទេសរុស្ស៊ី រួមទាំងតំបន់ឆ្ងាយស្រយាលដូចជាស៊ីបេរីជាដើម ត្រូវបានគេដឹកជញ្ជូនឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន និងចូលទៅក្នុងតំបន់គ្រីមៀ។[82][83]
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានធ្វើការចោទប្រកាន់កាលពីថ្ងៃទី៣ ខែមេសា ថាការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានបណ្ដាលឱ្យក្មេងម្នាក់បានស្លាប់នៅក្នុងតំបន់ដុនបាសដែលកំពុងស្ថិតក្រោមកាន់កាប់ដោយរុស្ស៊ី។ ប៉ុន្តែទោះយ៉ាងណា ព័ត៌មានលម្អិតបន្ថែមជុំវិញឧបទ្ទវហេតុមួយនេះមិនបានផ្សាយចេញបន្តទេ។ លោកវីច្ឆេស្លាវ វ៉ូឡូឌីន ប្រធានសភាឌូម៉ារបស់រុស្ស៊ីបានជឿថា មេដឹកនាំអ៊ុយក្រែនគួរតែ "ចេញមុខទទួលខុសត្រូវចំពោះករណីស្លាប់នេះ" ខណៈពេលដែលកំពុងស្នើសុំឱ្យដកប្រទេសអ៊ុយក្រែនចេញពីក្រុមប្រឹក្សាអឺរ៉ុប។[84] នៅថ្ងៃទី៥ ខែមេសា តំណាងអ៊ុយក្រែននៃមជ្ឈមណ្ឌលគ្រប់គ្រង និងសម្របសម្រួលរួម (JCCC) បានផ្ញើខ្លឹមសារពន្យល់ទៅកាន់បេសកកម្មត្រួតពិនិត្យពិសេសនៃអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន ទាក់ទងនឹងចេតនាក្រុមគាំទ្ររុស្ស៊ីក្នុងការក្លែងបន្លំការចោទប្រកាន់នេះ។[85] នៅថ្ងៃបន្ទាប់ បេសកកម្មបានបញ្ជាក់ពីការស្លាប់របស់កុមារម្នាក់នៅក្នុងទឹកដីដុនបាសដែលកំពុងកាន់កាប់ដោយរុស្ស៊ី ប៉ុន្តែ គេបានបរាជ័យក្នុងការបង្កើតទំនាក់ទំនងរវាង "ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន" និងករណីស្លាប់របស់កុមារម្នាក់នោះ។[86]
នៅថ្ងៃទី១០ ខែមេសា អ៊ុយក្រែនបានអំពាវនាវកថាខ័ណ្ឌទី ១៦ នៃឯកសារទីក្រុងវីយែន ហើយបានផ្តួចផ្តើមកិច្ចប្រជុំមួយនៅក្នុងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ស្តីពីកំណើនកងទ័ពរុស្ស៊ីនៅតំបន់ក្បែរព្រំដែនរុស្ស៊ី–អ៊ុយក្រែន និងតំបន់គ្រីមៀរបស់រុស្ស៊ី។[87] គំនិតផ្តួចផ្តើមរបស់អ៊ុយក្រែនត្រូវបានគាំទ្រដោយប្រទេសមួយចំនួន ប៉ុន្តែគណៈប្រតិភូរុស្ស៊ីមិនបានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំនោះទេ ហើយបានបដិសេធមិនផ្តល់សេចក្តីពន្យល់ថែមទៀតផង។[88]
នៅថ្ងៃទី១៤ ខែមេសា នៅក្នុងកិច្ចប្រជុំមួយនៅតំបន់គ្រីមៀ លោកនីកូឡៃ ប៉ាទ្រូឆេវ ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ី (SCRF) បានចោទប្រកាន់សេវាពិសេសរបស់អ៊ុយក្រែនពីការព្យាយាមរៀបចំ "ការវាយប្រហារភេរវកម្ម និងអនត្ថការ" នៅលើឧបទ្វីបនេះ។[89]
នៅយប់រវាងថ្ងៃទី១៤ និង ១៥ ខែមេសា ការប្រឈមមុខដាក់គ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានកើតឡើងនៅសមុទ្រអាសូវ ចម្ងាយ ៤០ គីឡូម៉ែត្រពីច្រកសមុទ្រគើច្ឆ រវាងកប៉ាល់កាំភ្លើងធំ Gyurza-M-class របស់អ៊ុយក្រែនចំនួនបីគ្រឿង និងនាវាចំនួនប្រាំមួយគ្រឿងរបស់ឆ្មាំឆ្នេរសមុទ្ររុស្ស៊ី។ កប៉ាល់កាំភ្លើងធំអ៊ុយក្រែនកំពុងអមដំណើរកប៉ាល់ស៊ីវិលនៅពេលហេតុការណ៍នោះបានកើតឡើង។ វាត្រូវបានគេរាយការណ៍ថា កប៉ាល់អ៊ុយក្រែនបានគំរាមប្រើប្រាស់អាវុធអាកាស ដើម្បីបន្លាចនាវាឆ្មាំរុស្ស៊ី។ ហេតុការណ៍នេះបានបញ្ចប់ដោយមិនមានអ្នកស្លាប់ឡើយ។[90]
នៅថ្ងៃបន្ទាប់ ក្រសួងការបរទេសអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានប្រកាសបិទផ្នែកខ្លះនៃសមុទ្រខ្មៅពីនាវាចម្បាំង និងនាវាធម្មតានៃប្រទេសផ្សេងៗរហូតដល់ខែតុលា ក្រោមហេតុផលថាធ្វើសមយុទ្ធយោធា។ ក្រសួងអ៊ុយក្រែនបានថ្កោលទោសសេចក្តីសម្រេចនេះថាជា "ការរំលោភលើសិទ្ធិសេរីភាពនាវាចរណ៍" ដែលធានាដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ យោងតាមអនុសញ្ញានេះ រុស្ស៊ីមិនត្រូវ "រារាំងការឆ្លងកាត់ដែនសមុទ្រតាមច្រកអន្តរជាតិទៅកាន់កំពង់ផែ" នៅក្នុងសមុទ្រអាសូវឡើយ។[91]
យោងតាមលោកចន កឺរប៊ី ដែលត្រូវជាលេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណបានអះអាងថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពច្រើនបន្តិចម្តងៗនៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែនជាងកាលពីឆ្នាំ២០១៤ មកម្លេះ។[92] តាមសេចក្តីរាយការណ៍ រុស្ស៊ីបានដាក់កម្រិតបណ្តោះអាសន្នលើជើងហោះហើរលើផ្នែកខ្លះនៃតំបន់គ្រីមៀ និងសមុទ្រខ្មៅចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែមេសា ឆ្នាំ២០២១ ដូចដែលបានចែងក្នុងរបាយការណ៍អន្តរជាតិសម្រាប់អ្នកបើកបរយន្តហោះ។[93]
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីគឺលោកស៊ែរជី សូយហ្គូបានប្រកាសដកសមយុទ្ធយោធាដោយបញ្ជាឱ្យកងទ័ពមកពីកងពលលេខ ៥៨ និង ៤១ និងកងពលការពារអាកាសទី៧ ៧៦ និង ៩៨ ត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញនៅថ្ងៃទី១ ខែឧសភា បន្ទាប់ពីការចុះត្រួតពិនិត្យនៅមូលដ្ឋានយោធាភាគខាងត្បូង និងខាងលិច។ ឧបករណ៍ផ្សេងៗនៅឯទីកន្លែងហ្វឹកហ្វឺនប៉ូកូណូវ៉ូគឺត្រូវបានរក្សាទុកសម្រាប់សមយុទ្ធយោធាប្រចាំឆ្នាំជាមួយប្រទេសបេឡារុស ដែលបានគ្រោងទុកនៅអំឡុងខែកញ្ញា ឆ្នាំ២០២១។[82]
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឌីមីទ្រី មេដវេដេវដែលត្រូវជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ីបានចេញផ្សាយអត្ថបទមួយនៅក្នុងកាសែត"កុំមែរសង់" (Kommersant) ដោយគាត់បានអះអាងថា អ៊ុយក្រែនគឺជា"ប្រទេសចំណុះ"របស់លោកខាងលិចហើយបន្តថា ដូច្នេះវាគ្មានន័យទេសម្រាប់ប្រទេសរុស្ស៊ីក្នុងការប៉ងបើកកិច្ចសន្ទនាជាមួយអាជ្ញាធរអ៊ុយក្រែន ដែលគាត់បានសម្ដៅលើថា "ខ្សោយ" "ល្ងង់" និង "មិនគួរទុកចិត្ត"។ លោកមេដវេដេវបានសន្និដ្ឋានថា រុស្ស៊ីមិនគួរធ្វើអ្វីដែលអបជាមួយនឹងអ៊ុយក្រែនឡើយ ហើយរង់ចាំរហូតដល់រដ្ឋាភិបាលអ៊ុយក្រែនថ្មីមួយ ដែលមានចំណាប់អារម្មណ៍ពិតប្រាកដក្នុងការកែលម្អទំនាក់ទំនងជាមួយរុស្ស៊ី ដោយបន្ថែមថា "រុស្ស៊ីដឹងពីរបៀបរង់ចាំ។ ពួកយើងជាក្រុមមនុស្សដែលអត់ធ្មត់"។[94] ក្រោយមក វិមានក្រឹមឡាំងបានបញ្ជាក់ថា អត្ថបទរបស់លោកមេដវេដេវគឺមាន"ដំណើរស្រប"ជាមួយនឹងទស្សនៈរបស់រុស្ស៊ីចំពោះរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន។[95]
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនូវសកម្មភាពដាក់ពង្រាយនាវាចម្បាំងអាមេរិកនៅឯសមុទ្រខ្មៅថាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងស្ថិរភាពជាយុទ្ធសាស្ត្រ។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលដៅពិតប្រាកដនៅពីក្រោយសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រខ្មៅគឺការរុករកឆាកប្រតិបត្តិការក្នុងករណីដែលទីក្រុងកៀវព្យាយាមដោះស្រាយជម្លោះនៅតំបន់ភាគអាគ្នេយ៍ដោយប្រើប្រាស់កម្លាំង"។[96]
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកបានរាយការណ៍កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ថា រុស្ស៊ីបានដកទ័ពតែពីរបីពាន់នាក់ប៉ុណ្ណោះ ចាប់តាំងពីការប្រមូលផ្តុំយោធាលើកមុន។ ទោះបីជាមានការដកអង្គភាពរុស្ស៊ីជាច្រើនត្រឡប់ទៅបន្ទាយដើមរបស់ពួកគេវិញក៏ដោយ ប៉ុន្តែរថយន្ត និងឧបករណ៍យោធាផ្សេងៗគឺមិនត្រូវបានដកចេញទេ ដែលនាំឱ្យមានការភ័យខ្លាចពីលទ្ធភាពនៃការដាក់ពង្រាយទ័ពឡើងវិញ។[97] មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកកាលពីដើមខែឧសភា បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីជាង ៨០,០០០ នាក់នៅតែបន្តឈរជើងនៅព្រំដែនរុស្ស៊ី-អ៊ុយក្រែនដដែរ។[97]
នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ របាយការណ៍នៃការបង្កើនយោធារបស់រុស្ស៊ីបានជំរុញឱ្យមន្ត្រីអាមេរិកព្រមានសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនថា រុស្ស៊ីអាចកំពុងពិចារណាអំពីសក្តានុភាពឈ្លានពានទៅលើអ៊ុយក្រែន ខណៈដែលអ្នកជំនាញនិងអ្នកអត្ថាធិប្បាយមួយចំនួនជឿថាលោកពូទីនកំពុងស្វែងរកដៃខ្លាំងសម្រាប់ការចរចាបន្ថែមទៀតជាមួយលោកខាងលិច។[98][99] ភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន (HUR MOU) បានប៉ាន់ប្រមាណថា តួលេខនៃវត្តមានយោធារុស្ស៊ីបានកើនឡើងដល់ ៩០,០០០ នាក់ត្រឹមថ្ងៃទី២ ខែវិច្ឆិកា ដោយបូកបន្ថែមនូវកងកម្លាំងមកពីឆ្មាំទី ៨ និងទី ២០ និងកងទ័ពការពារអាកាសទី ៤ និងទី ៦។[100]
នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានប្រកាសថា ប្រទេសរុស្ស៊ីបានប្រមូលកងទ័ពប្រមាណ ១០០,០០០ នាក់ឱ្យឈរជើងក្បែរព្រំដែនរុស្ស៊ី-អ៊ុយក្រែន[101] ដែលជាតួលេខខ្ពស់ជាងការវាយតម្លៃរបស់អាមេរិកប្រហែល ៧០,០០០ នាក់។[102] នៅថ្ងៃដដែរនោះ នៅក្នុងបទសម្ភាសន៍ស្តីពី Russia-1 លោកពូទីនបានបដិសេធនូវលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ទុកសម្តីលោកខាងលិចថាជា "អ្នកនាំបង្អើល" ខណៈចោទប្រកាន់អង្គការណាតូថាបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅលើសមុទ្រខ្មៅដោយមិនបានគ្រោងទុកមុន។[103] ប្រាំបីថ្ងៃក្រោយមក ប្រធាន HUR MOU គឺលោកគីរីឡូ ប៊ូដាណូវបានធ្វើសេចក្តីអត្ថាធិប្បាយថា ការដាក់ពង្រាយកងទ័ពរុស្ស៊ីបានឈានដល់ ៩២,០០០ នាក់ហើយ។[104] លើសពីនេះ ប៊ូដាណូវបានចោទប្រកាន់រុស្ស៊ីបន្ថែមថាជាអ្នកនៅពីក្រោយហេតុការណ៍តវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឯរដ្ឋធានីកៀវ ដើម្បីធ្វើឱ្យប្រទេសអ៊ុយក្រែនមានអស្ថិរភាពសង្គម។[105]
នៅចន្លោះចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២១ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការដាក់ពង្រាយកងទ័ពរៀងៗខ្លួននៅក្នុងតំបន់ដុនបាស។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូបេឡាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានក្រើនរំលឹករុស្ស៊ីអំពី"ការវាយប្រហារថ្មីលើអ៊ុយក្រែន"ដោយគាត់បាននិយាយថា "វានឹងធ្វើឱ្យ [រុស្ស៊ី] បាត់បង់ច្រើនធ្ងន់ធ្ងរ"។[106][107] អ្នកនាំពាក្យនៃវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវ នៅថ្ងៃទី២១ ខែវិច្ឆិកា បានហៅការចោទប្រកាន់នេះថាជា"ការក្រេវក្រោធឥតហេតុ" ហើយលោកគិតថា ភាគីអ៊ុយក្រែនទេដែលកំពុងរៀបចំផែនការសកម្មភាពឈ្លានពានប្រឆាំងនៅតំបន់ដុនបាស។[108][109]
នៅថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកអូលេកស៊ី រ៉េស្មីកូវ បានប៉ាន់ប្រមាណថា វត្តមានយោធារុស្ស៊ីបានកើនឡើងដល់ ៩៤,៣០០ នាក់។[110][111] កងកម្លាំងរុស្ស៊ីបន្ថែមត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរទៅកាន់តំបន់គ្រីមៀ និងព្រមទាំងកងនាវា និងជើងគោករុស្ស៊ីបន្ថែមទៀតផងដែលត្រូវបានដាក់ពង្រាយនៅទីនោះរួចជាស្រេច។[112] មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា រុស្ស៊ីកំពុងរៀបចំផែនការវាយលុកយោធាដ៏ធំនាពេលខាងមុខចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចនឹងធ្វើឡើងនៅអំឡុងខែមករា ឆ្នាំ២០២២។[113]
រុស្ស៊ីបានចាប់ផ្តើមជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួននៅឯទីក្រុងកៀវបន្តិចម្តងៗ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២។[114] នៅពាក់កណ្តាលខែមករា ក្រសួងការពារជាតិអ៊ុយក្រែនបានប៉ាន់ប្រមាណថា រុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួនក្នុងការបញ្ចប់ការប្រមូលផ្ដុំយោធានៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយប្រមូលបានកងទ័ពសរុប ១២៧,០០០ នាក់។ ក្នុងចំណោមកងទ័ពទាំងនោះ មាន ១០៦,០០០ នាក់ជាកងកម្លាំងជើងគោក ហើយកម្លាំងដែលនៅសល់ទាំងប៉ុន្មានគឺសុទ្ធតែជាកងកម្លាំងជើងទឹក និងទ័ពអាកាស។ ជាងនេះទៅទៀត ក៏មានវត្តមាននៃកងកម្លាំងមកពីរដ្ឋផ្តាច់ខ្លួនទាំងពីរនោះផងដែរដែលមានចំនួន ៣៥,០០០ នាក់ និងបូករួមជាមួយកងកម្លាំងរុស្ស៊ីប្រមាណ ៣,០០០ នាក់ថែមទៀតផង នៅតំបន់ភាគខាងកើតអ៊ុយក្រែន។[115]
នៅចុងខែមករា ឆ្នាំ២០២២ អង្គភាពយោធាសំខាន់ៗរបស់រុស្ស៊ីត្រូវបានផ្លាស់ប្តូរទីតាំង និងដាក់ពង្រាយនៅប្រទេសបេឡារុសវិញ ដូចអ្វីដែលបានគ្រោងទុកកាលពីឆ្នាំមុនថា រុស្ស៊ីនឹងធ្វើសមយុទ្ធយោធារួមជាមួយបេឡារុស។[116] មន្ត្រីអ៊ុយក្រែន និងអាមេរិកជឿថា រុស្ស៊ីព្យាយាមប្រើប្រាស់បេឡារុសជាវេទិកាសម្រាប់ការវាយប្រហារលើអ៊ុយក្រែនពីភាគខាងជើង ដោយសារតែវាមានទីតាំងព្រំដែនបេឡារុស–អ៊ុយក្រែនស្ថិតនៅជិតទីក្រុងគៀវ។[117][118]
នៅថ្ងៃទី៨ ខែកុម្ភៈ នាវាចម្បាំងកាលីនីនក្រាដ និងរួមជាមួយនឹងកងនាវារបស់រុស្ស៊ីចំនួនប្រាំមួយផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានកំពុងធ្វើដំណើរទៅកាន់សមុទ្រខ្មៅដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹក។ ពីរថ្ងៃក្រោយមក កងនាវាទាំងនោះក៏បានមកដល់ក្រុងសេវាស្តូប៉ូល។[119] កាលពីថ្ងៃទី១០ ខែកុម្ភៈ រុស្ស៊ីបានប្រកាសធ្វើសមយុទ្ធយោធាធំៗចំនួនពីរ។ សមយុទ្ធទីមួយគឺជាសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រខ្មៅ[120] ដែលត្រូវបានប្រឆាំងដោយអ៊ុយក្រែនព្រោះវាតម្រូវឱ្យរុស្ស៊ីបិទផ្លូវទឹកនៅច្រកសមុទ្រគើច្ឆ សមុទ្រអាសូវ និងសមុទ្រខ្មៅ។[121][122] សមយុទ្ធទីពីរគឺពាក់ព័ន្ធនឹងសមយុទ្ធយោធារួមរវាងប្រទេសបេឡារុស និងរុស្ស៊ី ដែលធ្វើឡើងនៅតំបន់ជិតព្រំដែនបេឡារុស–អ៊ុយក្រែន ដោយមានការចូលរួមពីទាហានរុស្ស៊ីចំនួន ៣០,០០០ នាក់ និងកងកម្លាំងប្រដាប់អាវុធបេឡារុសស្ទើរទាំងអស់។[123] ជាការឆ្លើយតបនឹងសមយុទ្ធរុស្ស៊ីទីពីរ អ៊ុយក្រែនក៏បានផ្តើមធ្វើសមយុទ្ធយោធារៀងខ្លួនដោយមានការចូលរួមពីទាហានអ៊ុយក្រែនចំនួន ៣០,០០០ នាក់។ សមយុទ្ធធំៗរបស់រុស្ស៊ីទាំងពីរខាងលើត្រូវបានកំណត់រយៈពេល ១០ ថ្ងៃ។[124]
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចេញផ្សាយរបាយការណ៍ជាច្រើនដោយផ្អែកលើសារព័ត៌មានសម្ងាត់របស់អាមេរិកដែលសម្តៅទៅប្រាប់សម្ព័ន្ធមិត្តខ្លួនមួយចំនួនដោយមានឯកសារបញ្ជាក់ថា ថ្ងៃទី១៦ ខែកុម្ភៈ អាចជាកាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការឈ្លានពានដីគោក។[125][126] ក្រោយពីការប្រកាសទាំងនេះ សហរដ្ឋអាមេរិកបានបញ្ជាឱ្យបុគ្គលិកការទូតរបស់ខ្លួនមួយភាគធំ និងអ្នកជំនាញយោធាទាំងអស់នៅអ៊ុយក្រែនឱ្យចាកចេញ។[127] ប្រទេសជាច្រើន រួមមានប្រទេសជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី និងអ៊ីស្រាអែលជាដើម ក៏បានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីអ៊ុយក្រែនជាបន្ទាន់ដែរ។[128]
នៅថ្ងៃទី១៤ ខែកុម្ភៈ ឧត្តមសេនីយ៍រុស្ស៊ីលោកសូយហ្គូ បាននិយាយថាអង្គភាពមកពីមូលដ្ឋានយោធាភាគខាងត្បូង និងខាងលិចបានចាប់ផ្តើមត្រឡប់ទៅបន្ទាយរបស់ពួកគេរៀងៗខ្លួនវិញហើយបន្ទាប់ពីបានបញ្ចប់ "ការបង្ហាត់ហ្វឹកហ្វឺន" នៅជិតប្រទេសអ៊ុយក្រែន។[129] ទោះជាយ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃបន្ទាប់ លោកបៃដិនបានអត្ថាធិប្បាយថា ពួកលោកមិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានទេ។[130] នៅថ្ងៃទី១៦ ខែកុម្ភៈ អគ្គលេខាធិការអង្គការណាតូ លោកយែន ស្តុលតិនប៊ឺកបានបដិសេធអំណះអំណាងរបស់រុស្ស៊ី ហើយបាននិយាយថា រុស្ស៊ីបាននូវតែបន្តការប្រមូលផ្តុំយោធាដដែរ។[131] នៅថ្ងៃទី១៨ ខែកុម្ភៈ លោកបៃដិនបានប្រកាសថា លោកមានជំនឿថា លោកពូទីនបានសម្រេចចិត្តឈ្លានពានអ៊ុយក្រែនរួចទៅហើយ។[132] កាលពីថ្ងៃទី១៩ ខែកុម្ភៈ ទាហានអ៊ុយក្រែនពីរនាក់ត្រូវបានសម្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីរងគ្រាប់កាំភ្លើងធំពីក្រុមផ្តាច់ខ្លួននិយម។[133]
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការពារជាតិបេឡារុសបានប្រកាសបន្តសមយុទ្ធយោធាសម្ព័ន្ធមិត្តហៅ Resolve 2022 ក្រោមការសម្រេចចិត្តពីប្រធានាធិបតីបេឡារុស លោកអាឡិចសាន់ដឺ លូកាសិនកូ និងលោកពូទីន។ យោងតាមក្រេនីន (Khrenin) សមយុទ្ធយោធានេះបានប្រព្រឹត្តិធ្វើឡើងដោយសារតែ "កំណើនសកម្មភាពយោធានៅតាមព្រំដែនខាងក្រៅនៃរដ្ឋសហភាព និងស្ថានភាពដុនដាបនៅតំបន់ដុនបាស"។[134][135] នៅថ្ងៃដដែរនោះ សារព័ត៌មានជាច្រើនបានរាយការណ៍ពីការប៉ាន់ប្រមាណដោយអង្គភាពស៊ើបការណ៍សម្ងាត់អាមេរិកថា មេបញ្ជាការរុស្ស៊ីត្រូវបានថ្នាក់លើបញ្ជាឱ្យបើកដំណើរការការឈ្លានពានរួចទៅហើយ។[136][137]
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកហ្សេឡេនស្គីបានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ី និងមហាសេដ្ឋីអ៊ុយក្រែនឈ្មោះរីណាត់ អាខ្មេតូវ ពីការគាំទ្រផែនការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។[138] ក្រោយមក រុស្ស៊ីក៏បានចេញមុខបដិសេធចំពោះការចោទប្រកាន់នេះ។[139][140] នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អ៊ុយក្រែនត្រូវបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាហេតុនាំឱ្យមានការប៉ះពាល់ដល់គេហទំព័រផ្លូវការរបស់ក្រសួងរដ្ឋាភិបាលអ៊ុយក្រែនមួយចំនួន។ ក្រោយមក គេបានសង្ស័យថា ជនខិលខូច (Hacker) របស់រុស្ស៊ីអាចជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។[141]
កាលពីថ្ងៃទី២២ ខែមករា រដ្ឋាភិបាលអង់គ្លេសបានថ្លែងថា រុស្ស៊ីកំពុងរៀបចំផែនការដករដ្ឋាភិបាលអ៊ុយក្រែនចេញតាមរយៈការប្រើកម្លាំងយោធា និងតម្លើងរដ្ឋបាលអាយ៉ងគាំទ្ររុស្ស៊ីមួយនៅក្នុងប្រទេស ដែលអាចដឹកនាំដោយលោកយ៉េវហេនីវ មូរាយ៉េវ ដែលត្រូវជាអតីតសមាជិកសភាអ៊ុយក្រែន។[142][143] ទាំងលោកមូរាយ៉េវ និងរដ្ឋាភិបាលរុស្ស៊ីបានបដិសេដការចោទប្រកាន់នេះ។[144][145] កាលពីថ្ងៃទី៣ ខែកុម្ភៈ សហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីកំពុងរៀបចំផែនការប្រើប្រាស់វីដេអូប្រឌិតដែលបង្ហាញពី "ការវាយប្រហារ" របស់អ៊ុយក្រែន ជាលេសសម្រាប់ការឈ្លានពានលើអ៊ុយក្រែន។[146][147] រដ្ឋាភិបាលរុស្ស៊ីបានបដិសេធរាល់ផែនការរៀបចំយកលេសសម្រាប់ធ្វើការឈ្លានពាន។[148]
ប្រភពស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានកាលពីពាក់កណ្តាលខែកុម្ភៈថា រុស្ស៊ីបានចងក្រងនូវ "បញ្ជីឥស្សរជននយោបាយអ៊ុយក្រែន និងបុគ្គលលេចធ្លោផ្សេងទៀត ដែលត្រូវកំណត់គោលដៅសម្រាប់ការចាប់ខ្លួន ឬធ្វើឃាត" ក្នុងករណីមានការឈ្លានពាន។[149] ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ លោកបាតសេបា នែល ក្រុកកឺបានសរសេរទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រីមីឈែល បាឆេលេត ថា សហរដ្ឋអាមេរិកមាន "ព័ត៌មានជាក់លាក់ដែលបង្ហាញថាកងកម្លាំងរុស្ស៊ីកំពុងបង្កើតបញ្ជីកំណត់អត្តសញ្ញាណជនជាតិអ៊ុយក្រែនដែលត្រូវចាប់យកទៅសម្លាប់ ឬបញ្ជូនទៅជំរុំឃុំឃាំងបន្ទាប់ពីមានការកាន់កាប់ដោយយោធា" ហើយបានបន្ថែមថា រុស្ស៊ីអាច"ទំនងនឹងប្រើវិធានការអមនុស្សធម៌ដើម្បីបំបែកការតវ៉ាដោយសន្តិវិធី...ពីប្រជាជនស៊ីវិល"។[150]
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកពូទីនបានបកស្រាយអំពីការរើសអើងប្រឆាំងនឹងអ្នកនិយាយភាសារុស្ស៊ីនៅក្រៅប្រទេសរុស្ស៊ីដោយប្រាប់ថា "ខ្ញុំត្រូវតែនិយាយថា ការស្អប់ខ្ពើមរុស្ស៊ីគឺជាជំហានដំបូងឆ្ពោះទៅរកការប្រល័យពូជសាសន៍រុស្ស៊ី។ អ្នកហើយនិងខ្ញុំគឺដឹងអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងតំបន់ដុនបាស។ វាមើលទៅដូចត្រូវនឹងករណីប្រល័យពូជសាសន៍ច្បាស់ណាស់"។[151][152] ក្រៅពីនេះ រុស្ស៊ីក៏បានចេញថ្កោលទោសច្បាប់ភាសាអ៊ុយក្រែនផងដែរ។[153][154][155] នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបានប្រាប់សារព័ត៌មានបន្ថែមថា "អ្វីដែលកំពុងកើតឡើងនៅដុនបាសគឺពិតជាអំពើប្រល័យពូជសាសន៍មែន"។[156] ក៏ប៉ុន្តែ អង្គការអន្តរជាតិខ្លះ និងរួមទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)[157][158] បេសកកម្មត្រួតពិនិត្យពិសេស OSCE ទៅកាន់អ៊ុយក្រែន[159] និងក្រុមប្រឹក្សាអឺរ៉ុបគឺពុំបានរកឃើញភស្តុតាងអ្វីដែលគាំទ្រការអះអាងរបស់រុស្ស៊ីនោះទេ។[160] ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ត្រូវបានច្រានចោលដោយគណៈកម្មការអឺរ៉ុបថាជាព័ត៌មានមិនពិតរបស់រុស្ស៊ី។[161]
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកនេដ ផ្រាយស៍ បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីបានបញ្ចេញការអះអាងទាំងនេះឡើងគឺព្រោះតែពួកគេចង់យកវាធ្វើជា"លេសសម្រាប់ការឈ្លានពានប្រទេសអ៊ុយក្រែន"។[156]
ក្នុងការរៀបចំទប់ទល់នឹងការឈ្លានពានរបស់រុស្សីដែលអាចកើតមានឡើងជាថ្មីម្តងទៀត កងកម្លាំងជើងគោកអ៊ុយក្រែនបានប្រកាសធ្វើកិច្ចប្រជុំមួយនៅក្នុងខែមេសា ឆ្នាំ២០២១ ទាក់ទងនឹងយុទ្ធសាស្ត្រការពារទឹកដី ដើម្បីពង្រឹង និងការពារព្រំដែនរបស់ប្រទេសជាតិ និងកន្លែងសំខាន់ៗ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍នៅភាគខាងត្បូងប្រទេស។[162] នៅក្នុងខែដដែរ លោកហ្សេឡេនស្គីបានចុះទៅមើលទីតាំងការពាររបស់អ៊ុយក្រែននៅដុនបាស។[163] យោងតាមប្រភពពីរុស្ស៊ី ប្រទេសអ៊ុយក្រែនបានដាក់ពង្រាយទាហានចំនួន ១២៥,០០០ នាក់នៅក្នុងតំបន់ជម្លោះដុនបាសនាអំឡុងខែធ្នូ ឆ្នាំ២០២១។[164]
នៅក្នុងខែធ្នូដដែរ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា រុស្ស៊ីអាចប្រមូលផ្តុំកងទ័ពជាង ១៧៥,០០០ នាក់ដើម្បីត្រៀមឈ្លានពានអ៊ុយក្រែន។[165] រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកអូលេកស៊ី រ៉េស្មីកូវបាននិយាយថា "យើងមានមន្ត្រីចំនួន ២៥០,០០០ នាក់...ដោយពួកគេសុទ្ធតែជាសមាជិកនៃកងទ័ពរបស់យើង។ បូកទាំងអ្វីដែលខ្ញុំបាននិយាយ ពោលគឺយើងមានអតីតយុទ្ធជនចូលរួមចំនួន ៤០០,០០០ នាក់និង ២០០,០០០ នាក់ទៀតជាកម្លាំងបម្រុង។ ចំនួនត្រឹម ១៧៥,០០០ នាក់ប៉ុណ្ណឹង (គឺ) មិនគ្រប់គ្រាន់ដើម្បីតបទល់ជាមួយអ៊ុយក្រែនឡើយ"។[166] រ៉េស្មីកូវបានបន្តអះអាងទៀតថា រុស្ស៊ីអាចបើកការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ុយក្រែននៅចុងខែមករានៃឆ្នាំ២០២២ នេះ។[167]
អង់ឌ្រី ហ្សាហូរូដនីគ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរកាលពីខែមករាថា នៅក្នុងករណីនៃការឈ្លានពានរបស់រុស្ស៊ី កងកម្លាំងរុស្ស៊ីទំនងជានឹងបំផ្លាញ"ចំណុចសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន" ហើយនឹងអាច"ឈានចូលទៅជ្រៅក្នុងទឹកដីអ៊ុយក្រែន"ទៀតផង ប៉ុន្តែវានឹងពិបាកសម្រាប់ពួកគេក្នុងការគ្រប់គ្រងទឹកដីទាំងអស់នោះ។ លោកហ្សាហូរូដនីគបាននិយាយបន្ថែមទៀតថា "កងកម្លាំងកាន់កាប់របស់រុស្ស៊ីនឹងប្រឈមមុខនឹងគូប្រជែងដែលមានកម្លាំងចិត្តតស៊ូប្រយុទ្ធខ្ពង់ខ្ពស់នៅក្នុងតំបន់ដែលពួកគេធ្លាប់ចូលពីមុនមក"។[168]
រដ្ឋាភិបាលហុល្លង់ និងអេស្បាញបានដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅតាមតំបន់ក្បែរប្រទេសអ៊ុយក្រែន ដើម្បីជាការគាំទ្រដល់អង្គការណាតូ។[170] នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញគឺលោកស្រីម៉ារការីតា រ៉ូប្លេស បានប្រកាសថា កងនាវាអេស្ប៉ាញកំពុងតែត្រូវបានដាក់ពង្រាយនៅក្នុងសមុទ្រខ្មៅ។[171] លោកស្រីក៏បានប្រកាសដែរថា រាជរដ្ឋាភិបាលអេស្ប៉ាញកំពុងពិចារណាដាក់ពង្រាយកងកម្លាំងអាកាសអេស្ប៉ាញទៅកាន់ប្រទេសប៊ុលការី។[171] ចំណែកឯប្រទេសហុល្លង់វិញបាននិយាយថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង F-35 ចំនួនពីរគ្រឿងទៅកាន់ប្រទេសប៊ុលការីដើម្បីចូលរួមក្នុងបេសកកម្មឃ្លាំមើលដែនអាកាសរបស់អង្គការណាតូ។[172][173]
កាលពីថ្ងៃទី៥ ខែកុម្ភៈ ទាហានអាមេរិកថ្មីៗចំនួន ២,០០០ នាក់បានមកដល់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ដែលជាផ្នែកមួយដើម្បីពង្រឹងការពារតំបន់ប៉ែកខាងកើតរបស់អង្គការណាតូ ខណៈដែលរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងបន្ថែមទៀតនៅតាមព្រំដែនអ៊ុយក្រែន។[174]
នៅថ្ងៃទី១១ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសដាក់ពង្រាយកម្លាំងទាហានចំនួន ៣,០០០ នាក់បន្ថែមទៀតនៅប្រទេសប៉ូឡូញ ហើយបានបញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់ប្រទេសរ៉ូម៉ានី។[175]
ការប្រយុទ្ធគ្នានៅដុនបាសបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ខណៈពេលដែលចំនួននៃការវាយប្រហារប្រចាំថ្ងៃក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ២០២២ គឺមានចាប់ពី ២ ទៅ ៥ ដង[176] ប៉ុន្តែនៅថ្ងៃទី១៧ ខែកុម្ភៈ យោធាអ៊ុយក្រែនបានរាយការណ៍ថាមានការវាយប្រហារដល់ទៅ ៦០ ដងឯណោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីក៏បានរាយការណ៍ផងដែរនូវការវាយប្រហារដោយកាំភ្លើងធំជាង ២០ លើកនៅលើទីតាំងផ្តាច់ខ្លួនអ៊ុយក្រែនក្នុងថ្ងៃតែមួយ។[176]
នៅថ្ងៃបន្ទាប់ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ បានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលពីរដ្ឋធានីរៀងៗខ្លួន ដោយគេបានកត់សម្គាល់ឃើញថា ការជម្លៀសជនស៊ីវិលចេញទាំងស្រុងនឹងចំណាយពេលជាច្រើនខែដើម្បីសម្រេចបាន។[177][178][179] ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការបាញ់ផ្លោងដោយក្រុមសកម្មប្រយុទ្ធដឹកនាំដោយរុស្ស៊ីនៅតំបន់ដុនបាស ហើយបានចាត់ទុកសកម្មភាពនេះជាការប៉ុនប៉ងញុះញង់ឱ្យកងទ័ពអ៊ុយក្រែនវាយបកវិញ។[180][181]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ រោងចក្រថាមពលកម្តៅនៅសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ ត្រូវបានរងការបាញ់ផ្លោងពីកងកម្លាំងអនាមិក។[182] ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែនបានបញ្ជាក់ថា អាជ្ញាធរត្រូវបង្ខំចិត្តបិទរោងចក្រនោះជាលទ្ធផល។[183]
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ គណបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ីបានប្រកាសតាមរយៈកាសែតប្រាវដាថា សមាជិកសភារបស់ខ្លួននឹងណែនាំដំណោះស្រាយមួយនៅក្នុងសភាឌូម៉ា ដោយសុំឱ្យប្រធានាធិបតីពូទីនទទួលស្គាល់ជាផ្លូវការនូវរដ្ឋផ្តាច់ខ្លួននិយមនៃសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍។[184][185] ដំណោះស្រាយនេះត្រូវបានទទួលអនុម័តដោយសភាឌូម៉ានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងលទ្ធផលបោះឆ្នោត ៣៥១–១៦ ដោយមានសម្លេងអនុប្បវាទមួយ។ វាត្រូវបានគាំទ្រដោយបក្សកាន់អំណាច សហរុស្ស៊ី បក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ី គណបក្សយុត្តិធម៌រុស្ស៊ី — ដើម្បីការពិត និងគណបក្សប្រជាធិបតេយ្យសេរី ប៉ុន្តែត្រូវបានប្រឆាំងដោយគណបក្សប្រជាជនថ្មី។[186][187]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំនៃរដ្ឋផ្តាច់ខ្លួនទាំងពីរ ពោលគឺលោកដេនីស ពូហ្ស៊ីលីន និងលេអូនីដ ប៉ាសេឆ្មីគបានរួមគ្នាស្នើសុំឱ្យប្រធានាធិបតីពូទីនទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់សាធារណរដ្ឋរៀងៗខ្លួន។ មេដឹកនាំទាំងពីរក៏បានស្នើចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។[188] នៅពេលបញ្ចប់សម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលបានធ្វើឡើងនៅថ្ងៃនោះ លោកពូទីនបាននិយាយថាការសម្រេចចិត្តលើការទទួលស្គាល់នូវរដ្ឋទាំងពីរនឹងត្រូវធ្វើឡើងភ្លាមៗ។[189]
សំណើនេះត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស៊ែរជី សូយហ្គូ។[190] នាយករដ្ឋមន្ត្រីរុស្ស៊ី លោកមីខាអ៊ីល មីឈូសទីនបាននិយាយថា រដ្ឋាភិបាលបានរៀបចំមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពបែបនេះ"អស់ជាច្រើនខែមកហើយ"។[191] ក្រោយមកនៅថ្ងៃដដែរនោះ លោកពូទីនបានចុះហត្ថលេខាលើក្រឹត្យស្តីពីការទទួលស្គាល់រដ្ឋនោះ។ លើសពីនេះទៀត សន្ធិសញ្ញា"ស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ" រវាងរុស្ស៊ី និងសាធារណរដ្ឋទាំងពីរក៏ត្រូវបានចុះផងដែរ។[192]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ ប្រធានាធិបតីពូទីនបានបញ្ជាឱ្យកងទ័ពរុស្ស៊ីបន្ថែមចូលទៅក្នុងតំបន់ដុនបាសក្នុងអ្វីដែលរុស្ស៊ីហៅថា"បេសកកម្មរក្សាសន្តិភាព"។[193][194][195] ក្រោយមកនៅថ្ងៃដដែរ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនបានអះអាងថា កងកម្លាំងរុស្ស៊ីគឺកំពុងចូលទៅក្នុងតំបន់ដុនបាសពិតមែន។[196][197][198] នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានប្រកាសសម្ដៅលើសកម្មភាពនេះថាជា"ការឈ្លានពាន"។[199] នៅថ្ងៃដដែរ ក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតជាឯកច្ឆ័ន្ទឱ្យលោកពូទីនប្រើប្រាស់កម្លាំងយោធានៅក្រៅទឹកដីប្រទេសរុស្ស៊ី។[48]
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា "៨០ ភាគរយ" នៃកងកម្លាំងរុស្ស៊ីដែលត្រូវបានចាត់តាំង និងដាក់ពង្រាយនៅតាមបណ្តោយព្រំដែនអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រយុទ្ធ ហើយសកម្មភាពឈ្លានពានដីគោកអាចនឹងផ្ទុះឡើងនៅពេលណាមួយជាក់ជាមិនខាន។[200] នៅថ្ងៃដដែរនោះ សភាអ៊ុយក្រែនបានអនុម័តក្រឹត្យរបស់ប្រធានាធិបតីវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីម៉ោង ០០:០០ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តទៅនៅទូទាំងទឹកដីនៃប្រទេសអ៊ុយក្រែនទាំងអស់ លើកលែងតែតំបន់ដូណេតស្ក៍ និងលូហ្កានស្ក៍ សម្រាប់រយៈពេល ៣០ ថ្ងៃ។[201] ក្រសួងការបរទេសអ៊ុយក្រែន បានផ្តល់អនុសាសន៍សូមឱ្យពលរដ្ឋអ៊ុយក្រែនជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ហើយអ្នកដែលរស់នៅក្នុងប្រទេសរុស្ស៊ីសូមឱ្យចាកចេញពីប្រទេសនោះ"ជាបន្ទាន់"។[202][203]
ប្រហែលម៉ោង ៤ ទៀបភ្លឺ ម៉ោងនៅទីក្រុងម៉ូស្គូ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីពូទីនបានប្រកាសចាប់ផ្តើម"ប្រតិបត្តិការយោធាពិសេស"នៅក្នុងតំបន់ដុនបាស។[204][205][206] មិនយូរប៉ុន្មាន រលកដំណឹងអំពីការផ្ទុះធំៗបានហូរចេញមកពីទីក្រុងជាច្រើននៅភាគកណ្តាល និងភាគខាងកើតអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ និងទីក្រុងការគីវ ខណៈដែលកងទ័ពជើងទឹករុស្ស៊ីជាច្រើនបានចូលចតនៅទីក្រុងអូដេហ្សា។[207][208] ក្រោយដំណឹងឈ្លានពានបានផ្ទុះឡើង សហរដ្ឋអាមេរិកក៏បានចេញប្រកាសភ្លាមៗថាខ្លួននឹងមិនបញ្ជូនទាហានប្រយុទ្ធចូលទៅក្នុងប្រទេសអ៊ុយក្រែននោះទេ។[209] ដោយសហរដ្ឋអាមេរិកបានប្តេជ្ញាថានឹងមិនបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន បូករួមទាំងការភ័យខ្លាចកើតសង្គ្រាមលោកលើកទី៣ រុស្ស៊ីក៏បន្តមហិច្ឆតាយោធារបស់ខ្លួនដោយនិទណ្ឌភាព ទោះបីជាជួបនឹងចលនាប្រឆាំងក្នុងតំបន់កម្រិតណាក៏ដោយ។ អ្នកសង្កេតការណ៍ជាច្រើនជឿថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹងនាំទៅដល់ការកាន់កាប់នូវរដ្ឋាភិបាលអ៊ុយក្រែន ហើយអធិបតេយ្យភាពជាតិអ៊ុយក្រែនអាចនឹងឈានដល់ទីបញ្ចប់។[210][211]
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង Libération ក្នុងខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូលេបាបាននិយាយថា ការប្រមូលផ្ដុំកម្លាំងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនភាគខាងជើង–កើតជាមួយអ៊ុយក្រែន តំបន់សង្រ្គាមភាគខាងកើតរបស់អ៊ុយក្រែន និងនៅគ្រីមៀ និងស្ថានការណ៍ដ៏យ៉ាប់យ៉ឺននៅភាគខាងកើតអ៊ុយក្រែន គឺជារឿងដ៏ធ្ងន់ធ្ងរមួយរាប់ចាប់តាំងពីមានការវាយប្រហារលើក្រុមនាវិកអ៊ុយក្រែននៅឯច្រកសមុទ្រកើច្ឆកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ មក។[212]
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានអំពាវនាវឱ្យលោកខាងលិចឈប់បង្ក"ការភ័យស្លន់ស្លោ"នៅក្នុងប្រទេសរបស់គាត់ចំពោះរឿងលទ្ធភាពលុកលុយរបស់រុស្ស៊ីដោយបន្ថែមថាការព្រមានជាប់ៗគ្នានៃការឈ្លានពាន"អច្ចាសន្នភាព" គឺកំពុងតែធ្វើឱ្យសេដ្ឋកិច្ចអ៊ុយក្រែនដាំក្បាលចុះ។[213][214] កាលពីថ្ងៃទី២ ខែកុម្ភៈ សេតវិមានអាមេរិកបាននិយាយថា ខ្លួននឹងលែងសម្តៅលើសក្តានុភាពលុកលុយថាជា"អច្ចាសន្នភាព"ទៀតហើយ។[215]
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោកហ្សេឡេនស្គី បាននិយាយអំពីសកម្មភាពព្រមានរបស់សេតវិមានចំពោះការលុកលុយ"អច្ចាសន្នភាព"ដោយរុស្ស៊ីថា "មិត្តល្អបំផុតរបស់សត្រូវយើងគឺការភ័យស្លន់ស្លោនៅក្នុងប្រទេស។ ហើយព័ត៌មានទាំងអស់នេះគ្រាន់តែបង្កឱ្យមានការភ័យស្លន់ស្លោ ហើយមិនបានជួយអ្វីដល់យើងសោះ"។[125]
នៅថ្ងៃទី១៩ ខែកុម្ភៈ នៅឯសន្និសិទសន្តិសុខទីក្រុងមុយនិចឆ្នាំ២០២២ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបាននិយាយរិះគន់ "គោលនយោបាយការលួងលោម"នៃប្រទេសរុស្ស៊ីហើយបានហៅបណ្តាប្រទេសលោកខាងលិចឱ្យជួយអ៊ុយក្រែន។[216] នៅថ្ងៃទី២២ ខែកុម្ភៈ លោកហ្សេឡេនស្គីបាននិយាយថា លោកនឹងពិចារណាពីលទ្ធភាពផ្តាច់ទំនាក់ទំនងការទូតអ៊ុយក្រែនជាមួយរុស្ស៊ី។[217]
ទោះបីជាមានភស្តុតាងនិងការអះអាងជាច្រើនអំពីការប្រមូលផ្ដុំយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនក៏ដោយ ក៏មន្ត្រីរុស្ស៊ីតែងតែចេញមកបដិសេធម្តងហើយម្តងទៀតថា រុស្ស៊ីមិនមានផែនការឈ្លានពានអ៊ុយក្រែនអ្វីទេ។[39][40][218][219] នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបាននិយាយថា វាជាអាកប្បកិរិយាដ៏"បង្អើល"មួយដែលសម្តៅមកលើរុស្ស៊ីថាកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន។[98]
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោកស៊ែរជី ណារីសគីន ដែលជាប្រមុខសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីបានថ្លែងទាក់ទិននឹងការចោទប្រកាន់អំពីផែនការឈ្លានពានអ៊ុយក្រែនថា "ខ្ញុំសូមធានាចំពោះអ្នកទាំងអស់គ្នាថា រឿងបែបនេះនឹងមិនកើតឡើងទេ" ហើយលោកបានបន្ថែមថា "វាគ្រាន់តែជាការឃោសនាព្យាបាទរបស់ក្រសួងការបរទេសអាមេរិកប៉ុណ្ណោះ"។[220] កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក ពូទីនបានបញ្ជាក់ថា ស្ថានភាពប្រទេសរុស្ស៊ីនឹងឈានហួសបន្ទាត់ក្រហម ប្រសិនបើអង្គការណាតូនូវតែបន្តពង្រីកឥទ្ធិពលទៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពអាចបាញ់កម្ទេចទីក្រុងនានារបស់រុស្ស៊ីបាន ឬប្រព័ន្ធការពារមីស៊ីលស្រដៀងគ្នានៅក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ។[221][222][223]
នៅចុងខែមករា ឆ្នាំ២០២២ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកនីកូឡៃ ប៉ាត្រូឆេវ បាននិយាយថា គំនិតដែលថារុស្ស៊ីបាន"គំរាមកំហែងអ៊ុយក្រែន" គឺ "គួរឱ្យអស់សំណើច" ហើយបានបន្ថែមថា "យើងមិនចង់បានសង្រ្គាមទេ។ យើងគឺមិនត្រូវការវាទាល់តែសោះ"។[224] រុស្ស៊ីក៏បានចោទអ៊ុយក្រែនដែរថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្កឹ ដែលត្រូវបានចុះកាលពីឆ្នាំ២០១៥ ក្នុងគោលបំណងស្ដារសន្តិភាពនៅដុនបាស។[225]
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ថា "គំនិត និងសំណើមួយចំនួនរបស់គាត់ [ម៉ាក្រុង] អាចជាគ្រឹះមូលដ្ឋានសម្រាប់បោះជំហានទៅមុខបន្ថែមទៀត។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរកវិធីសម្របសម្រួលដែលមានភាពស៊ីជម្រៅសម្រាប់ភាគីទាំងអស់"។[226] នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរជី ឡាហ្វរូវ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា បានធ្វើយុទ្ធនាការ"ឃោសនា"ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។[227] លោកបានសម្ដៅលើ "ការទាមទារដកកងទ័ពរុស្ស៊ីចេញពីទឹកដីរុស្ស៊ី"របស់លោកខាងលិច ថាជា"អំពើវិប្បដិសារៈ"។[228]
នៅថ្ងៃទី២០ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោកអាណាតូលី អង់តូនូវបាននិយាយថា កងកម្លាំងរុស្ស៊ី "មិនបានគំរាមកំហែងនរណាម្នាក់ ... មិនមានការឈ្លានពាន។ [ដូច្នេះ] មិនដែលមានផែនការបែបនេះឡើយ"។[40] នៅថ្ងៃទី២១ ខែកុម្ភៈ ប្រធានាធិបតីពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយដោយទទួលស្គាល់សាធារណរដ្ឋផ្តាច់ខ្លួនទាំងពីរនៅតំបន់ដុនបាស ជារដ្ឋឯករាជ្យ។[192]
អ្នកតំណាងអង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅទីក្រុងកៀវបានរាយការណ៍ពីចលនាបម្លាស់ទីលំនៅរបស់ប្រជាជនអ៊ុយក្រែននៅពេលការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។[273] ដោយហេតុនេះ ប្រទេសដូចជា៖ ម៉ុលដាវី ស្លូវ៉ាគី និងប៉ូឡូញបានសន្យារក្សាការបើកចំហនូវព្រំដែនរបស់គេសម្រាប់ទទួលជនភៀសខ្លួនអ៊ុយក្រែន។[273]
ក្នុងអំឡុងថ្ងៃដំបូងនៃការលុកលុយ រដ្ឋាភិបាលម៉ុលដាវីបានរាយការណ៍អំពី ជនភៀសខ្លួនអ៊ុយក្រែនចំនួន ៤,០០០ នាក់ដែលបានចូលមកក្នុងប្រទេសរបស់ពួកគេ។[274] នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ុលដាវី បានរាយការណ៍ថា ប្រជាពលរដ្ឋអ៊ុយក្រែនប្រមាណ ១៥,៨០០ នាក់បានឆ្លងព្រំដែនចូលក្នុងប្រទេសម៉ុលដាវី។
ប្រទេសរូម៉ានីក៏បានទទួលជនភៀសខ្លួនអ៊ុយក្រែននៅក្នុងទឹកដីរបស់គេដែរ។[275] ក្រសួងមហាផ្ទៃនៃរ៉ូម៉ានីបានរាយការណ៍អំពីវត្តមានជនភៀសខ្លួនអ៊ុយក្រែនប្រហែល ១០,០០០ នាក់នៅក្នុងទឹកដីរបស់ពួកគេនៅពេលប្រតិបត្តិការឈ្លានពានបានចាប់ផ្តើម។ នៅរ៉ូម៉ានី ក្នុងចំណោមជនភៀសខ្លួនអ៊ុយក្រែនប្រមាណ ១០,០០០ នាក់ មានតែ ១១ នាក់ប៉ុណ្ណោះដែលបានដាក់ពាក្យសុំឋានៈជាជនភៀសខ្លួន ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការសម្រេចចិត្តរបស់ជនភៀសខ្លួនភាគច្រើនដែលមានគោលដៅឆ្ពោះទៅសាធារណរដ្ឋឆែក និងប្រទេសប៉ូឡូញ ជំនួសឱ្យការបន្តស្នាក់នៅក្នុងប្រទេសម៉ុលដាវី និងរូម៉ានី។[276]
នៅឯប្រទេសប៉ូឡូញវិញ អ្នកនយោបាយឈ្មោះ ប៉ាវែល ស្ហេហ្វែរណេកឺរ បាននិយាយថា មនុស្សប្រហែល ១០០,០០០ នាក់បានឆ្លងកាត់ព្រំដែនប៉ូឡូញ–អ៊ុយក្រែនត្រឹមរយៈពេលតែពីរថ្ងៃដំបូងប៉ុណ្ណោះ។ ប៉ូឡូញក៏កំពុងតែទទួលយកកុមារៗពីអ៊ុយក្រែនតាមរយៈការទទួលពិនិត្យសំបុត្រកំណើតជំនួសឱ្យលិខិតឆ្លងដែន។[277] ក្នុងរយៈពេលពីរសប្តាហ៍ ប៉ូឡូញបានទទួលជនភៀសខ្លួនមិនតិចជាងមួយលាននាក់ទេ។[278]
គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ជនភៀសខ្លួនជាងកន្លះលាននាក់បានចាកចេញពីអ៊ុយក្រែន។ តួលេខត្រូវបានចែកចាយមានដូចជា៖ ២៨១,០០០ នៅក្នុងប្រទេសប៉ូឡូញ, ៨៤,៥០០ នាក់នៅហុងគ្រី, ៣៦,៤០០ នាក់នៅម៉ុលដាវី, ៣២,៥០០ នាក់នៅរ៉ូម៉ានី និង ៣០,០០០ នាក់នៅប្រទេសស្លូវ៉ាគី។[279] ក្នុងរយៈពេល ១០ ថ្ងៃ (៦ មីនា) ជនភៀសខ្លួនអ៊ុយក្រែនសរុបមាន ១.៥ លាននាក់។[280] នៅថ្ងៃទី១២ (៨ មីនា) មនុស្សជាង ២ លាននាក់បានចាកចេញពីអ៊ុយក្រែន។[278]
ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិជនភៀសខ្លួនមក ទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានទទួលយកជនភៀសខ្លួនតិចតួចបំផុត ខណៈដែលទ្វីបអឺរ៉ុបត្រូវដោះស្រាយផលវិបាកពីការជម្លៀសចេញយ៉ាងច្រើននៅក្នុងតំបន់សង្រ្គាម។ បច្ចុប្បន្ននេះ មានតែជនជាតិអ៊ុយក្រែនដែលមានសមាជិកគ្រួសាររស់នៅក្នុងចក្រភពអង់គ្លេសមុនទេ ទើបរដ្ឋាភិបាលអាចផ្តល់សិទ្ធិជាជនភៀសខ្លួននៅចក្រភពអង់គ្លេសបាន។ ដូចគ្នានេះដែរ សហរដ្ឋអាមេរិកបានទទួលយកជនភៀសខ្លួនត្រឹមតែ ៤,២៦៤ នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ពីអ៊ុយក្រែន ដោយសារតែពួកគេភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូល និងដោយសារពិធីការនៃការដាក់ពាក្យសុំអន្តោប្រវេសន៍រយៈពេលដ៏យូរ។[281][282]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.