អ៊ុយក្រែន
រដ្ឋនៅអឺរ៉ុបកណ្តាល និងខាងកើត From Wikipedia, the free encyclopedia
រដ្ឋនៅអឺរ៉ុបកណ្តាល និងខាងកើត From Wikipedia, the free encyclopedia
ប្រទេសអ៊ុយក្រែន (ភាសាអ៊ុយក្រែន ៖ Україна, អ៊ុ-ក្រៃ-យី-ណា) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនគឺជាប្រទេសធំបំផុតទីពីរនៅទ្វីបអឺរ៉ុប ដោយនៅពីក្រោយតែរុស្ស៊ីប៉ុណ្ណោះ។[11] ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយរុស្ស៊ីនៅភាគខាងកើតនិងឦសាន្ត បេឡារុសនៅភាគខាងជើង ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីនៅភាគខាងលិច រូម៉ានី និងម៉ុលដាវីនៅភាគខាងត្បូង[ស 1] និងមានបណ្ដោយឆ្នេរជាប់សមុទ្រអាសូវ និងសមុទ្រខ្មៅ។[ស 2] កៀវគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសអ៊ុយក្រែន។ ភាសាអ៊ុយក្រែនគឺជាភាសាផ្លូវការ និងភាសាជាតិ ខណៈដែលភាសារុស្ស៊ីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ពិសេសនៅផ្នែកខាងកើត និងត្បូងនៃប្រទេស។
Україна (ភាសាអ៊ុយក្រែន) | |
---|---|
ទីតាំងប្រទេសអ៊ុយក្រែន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | កៀវ 49°N 32°E |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអ៊ុយក្រែន[1] |
ក្រុមជនជាតិ (ឆ្នាំ ២០០១)[2] |
|
សាសនា (ឆ្នាំ ២០១៨)[3] |
|
រដ្ឋាភិបាល | សាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | វ៉ូឡូឌីមៀរ ហ្សេឡេនស្គី |
- នាយករដ្ឋមន្ត្រី | ដេនីស ស្មីហាល |
- ប្រធានសភា | រូស្លង់ ស្តេហ្វានឈូគ |
នីតិបញ្ញត្តិ | វែរឃូវណារ៉ាដា |
និម្មិតកម្ម | |
- រូសកៀវ | ៨៧៩ |
- ហ្កាលីស៊ី–វ៉ុលហ៊ីនី | ១១៩៩ |
- ហេតម៉ាណាកខូសាក់ | ១៨ សីហា ១៦៤៩ |
- សាធារណរដ្ឋប្រជាមានិត | ១០ មិថុនា ១៩១៧ |
- សូវៀតចូលត្រួតត្រា | ១៩៣៩–១៩៤០ |
- បន្ទេរតំបន់គ្រីមៀ | ២៦ មេសា ១៩៥៤ |
- ប្រកាសឯករាជ្យពីសហភាពសូវៀត | ២៤ សីហា ១៩៩១ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២៨ មិថុនា ១៩៩៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦០៣,៦២៨ គ.ម២ [4] (ទី៤៥) |
- ផ្ទៃទឹក (%) | ៣.៨ [5] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៣៦,៧៤៤,៦៣៦[6] (ទី៤១) |
- ដង់ស៊ីតេ | ៧៣.៨ នាក់/គ.ម២ (ទី១១៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤៤១.០៧៥ ពាន់លានដុល្លារ[7] |
- ក្នុងម្នាក់ | ១២,៦៦០ ដុល្លារ[7] (ទី១០៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១៥១.១ ពាន់លានដុល្លារ[7] |
- ក្នុងម្នាក់ | ៤,៣៤៩ ដុល្លារ[7] |
ជីនី (២០២០) | ២៥.៦[8] ទាប |
HDI (២០២១) | ០.៧៧៣[9] ខ្ពស់ · ទី៧៧ |
រូបិយវត្ថុ | ហរីវីញ្ញា (₴) (UAH) |
ល្វែងម៉ោង | UTC+២[10] (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៨០ |
កូដ ISO 3166 | UA |
ដែនកម្រិតខ្ពស់ | .ua .укр |
ក្នុងអំឡុងមជ្ឈិមសម័យ អ៊ុយក្រែនគឺជាទីកន្លែងនៃការពង្រីកឥទ្ធិពលរបស់ជនជាតិស្លាវដើម ហើយក្រោយមកបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់នៃជនជាតិស្លាវខាងកើតក្រោមមហារដ្ឋរូសកៀវ ដែលបានលេចឡើងនៅសតវត្សទី៩។ មហារដ្ឋនោះបានបន្ដដួលរលំ និងបែងចែកទៅជារដ្ឋអំណាចតូចៗក្នុងតំបន់ ហើយទីបំផុតត្រូវបានវាយឈ្លានពានដោយចក្រភពម៉ុងហ្គោលនៅសតវត្សទី១៣។ ក្រោយបានរំដោះពីឥទ្ធិពលម៉ុងហ្គោល ទឹកដីអ៊ុយក្រែនត្រូវបានបន្ដបែងចែក និងគ្រប់គ្រងដោយមហាអំណាចខាងក្រៅអស់រយៈពេលជាង ៦០០ ឆ្នាំ ដូចជា៖ សហធនរដ្ឋប៉ូឡូញ-លីទុយអានី ចក្រភពអូទ្រីស ចក្រភពអូតូម៉ង់ និងអាណាចក្រត្សាររុស្ស៊ី។ ហេតម៉ាណាកខូសាក់បានលេចរូបរាងឡើងនៅលើទឹកដីភាគកណ្តាលអ៊ុយក្រែនក្នុងសតវត្សទី១៧ ប៉ុន្តែត្រូវបានបែងចែករវាងរុស្ស៊ី និងប៉ូឡូញ ហើយចុងក្រោយត្រូវបានកាន់កាប់ដោយចក្រភពរុស្ស៊ីទាំងស្រុង។ ជាតិនិយមអ៊ុយក្រែនបានចាប់ផ្ដើមវិវត្ដ ហើយនៅក្រោយបដិវត្តន៍រុស្ស៊ីនៃឆ្នាំ១៩១៧ សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនក៏ត្រូវបានបង្កើតឡើង។ ចលនាបុលសេវិកបានបង្រួបបង្រួមអំណាចគ្រប់គ្រងរបស់ខ្លួនលើអតីតចក្រភពរុស្ស៊ី ហើយបានបង្កើតសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនឡើងដែលត្រូវជាសាធារណរដ្ឋធម្មនុញ្ញនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះហូឡូដូម័រ ដែលជាគ្រោះទុរ្ភិក្សបង្កឡើងដោយមនុស្ស។ នៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមលោកលើកទី២ អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយជនស៊ីវិលប្រមាណ ៧ លាននាក់ត្រូវបានសម្លាប់ រួមទាំងជនជាតិជ្វីហ្វអ៊ុយក្រែនមួយភាគធំផងដែរ។
អ៊ុយក្រែនបានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៩១ ក្រោយរំលាយសហភាពសូវៀត ហើយបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត។[12] រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៩៦។ មហាបាតុកម្មដែលគេស្គាល់ថា អឺរ៉ូម៉ីដាន បាននាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងឆ្នាំ២០១៤។ រុស្ស៊ីបានកាត់ផ្ដាច់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដើម្បីបញ្ចូលជាទឹកដីរបស់ខ្លួន ខណៈកុបកម្មគាំទ្ររុស្ស៊ីបាននាំឱ្យកើតសង្រ្គាមនៅតំបន់ដុនបាស រវាងក្រុមផ្តាច់ខ្លួននិយមគាំទ្រដោយរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រជាជាតិអ៊ុយក្រែន។ ចាប់តាំងពីការផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក អ៊ុយក្រែនបានបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ។[13][14][15]
អ៊ុយក្រែនជាឯកត្តរដ្ឋដែលប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ ទោះជាមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍក្ដី ប៉ុន្តែវាមានចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតនៅទ្វីបអឺរ៉ុបដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ[16] ចំណែកអំពើពុករលួយនៅតែជាបញ្ហាដ៏សំខាន់។[17][18] ប្រទេសអ៊ុយក្រែនគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុបជាដើម។ សព្វថ្ងៃ អ៊ុយក្រែនកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចូលជាសមាជិកនៃសហភាពអឺរ៉ុប ហើយថែមទាំងបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូទៀតផង។[19]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.