លីប៊ី
From Wikipedia, the free encyclopedia
ប្រទេសលីប៊ី (ភាសាអារ៉ាប់៖ ليبيا) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋលីប៊ី (អារ៉ាប់៖ دولة ليبيا)[7][8][9][10] គឺជាប្រទេសមួយស្ថិតនៅតំបន់ម៉ាហ្គ្រីបនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសអេហ្ស៊ីបនៅភាគខាងកើត ស៊ូដង់នៅភាគអាគ្នេយ៍ ឆាដនៅភាគខាងត្បូង នីហ្សេនៅទិសនិរតី អាល់ហ្សេរីនៅភាគខាងលិច ទុយនេស៊ីនៅទិសពាយព្យ និងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង។ រដ្ឋអធិបតេយ្យមួយនេះបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្ត្រចំនួនបីគឺ៖ ទ្រីប៉ូលីតានី ហ្វីហ្សង់ និងស៊ីរ៉ែណែក៍។ ប្រទេសលីប៊ីមានទំហំផ្ទៃដីជិត ១.៨ លានគីឡូម៉ែត្រការ៉េដោយធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទីបួននៅទ្វីបអាហ្វ្រិក លំដាប់ទីពីរនៅក្នុងពិភពអារ៉ាប់ និងទី ១៦ នៅលើពិភពលោក។[11] ទ្រីប៉ូលីគឺជារដ្ឋធានីនិងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេសដោយមានប្រជាជនរស់នៅជាងបីលាននាក់។[12]
دولة ليبيا (ភាសាអារ៉ាប់) | |
---|---|
ភ្លេងជាតិ ليبيا ليبيا ليبيا "លីប៊ី លីប៊ី លីប៊ី" | |
ទីតាំងនៃប្រទេសលីប៊ី (ពណ៌ក្រហម) នៅក្នុងតំបន់អាហ្វ្រិកខាងជើង | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ទ្រីប៉ូលី[1] 32°52′N 13°11′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[b] |
ភាសានិយាយ |
|
ក្រុមជនជាតិ | ជនជាតិអារ៉ាប់-ជនជាតិប៊ែប៊ែរ ៩៧%[2] ជនជាតិផ្សេងៗ ៣%[2] |
សាសនា | ៩៧% ឥស្លាមសាសនា (ផ្លូវការ) ២.៧% គ្រិស្តសាសនា ០.៣% សាសនាផ្សេងៗ |
រដ្ឋាភិបាល | រដ្ឋឯកភូតក្រោមរដ្ឋាភិបាលរួបរួមបណ្តោះអាសន្ន |
- ប្រធានក្រុមប្រឹក្សាប្រធានាធិបតី | មហាម៉េដ អាល់មិនហ្វី[3] |
- អនុប្រធាននៃក្រុមប្រឹក្សាប្រធានាធិបតី | មូសា អាល់កូនី |
- នាយករដ្ឋមន្ត្រី | អាប់ឌុល ហាមីដ ឌីបីបេ[3] |
- ប្រធានសភាតំណាងរាស្ត្រ | អាហ្គីឡា សាឡា អ៊ីសា |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- រាជាណាចក្រលីប៊ូ | ប្រ. សតវត្សទី១៣ មុន គ.ស. |
- ច្បាប់សេនូស៊ីបានបង្កើត | ១៨៣៧ |
- ទទួលឯករាជ្យពីអ៊ីតាលី | ១០ កុម្ភៈ ១៩៤៧ |
- ប្រកាន់របបរាជានិយម | ២៤ ធ្នូ ១៩៥១ |
- រដ្ឋប្រហារ | ១ កញ្ញា ១៩៦៩ |
- ចាម៉ាហ៊ីរីយ៉ាអារ៉ាប់សង្គមនិយមប្រជាមានិតលីប៊ី | ២ មីនា ១៩៧៧ |
- បដិវត្តន៍ | ១៧ កុម្ភៈ ២០១១ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,៧៥៩,៥៤១ គ.ម២ (ទី១៦) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦,៩៩២,៧០១[4] (ទី១០៤) |
- ជំរឿន (ឆ្នាំ ២០០៦) | ៥,៦៧០,៦៨៨ |
- ដង់ស៊ីតេ | ៣.៧៤ នាក់/គ.ម២ (ទី២១៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១២៨.២៨១ ពាន់លានដុល្លារ[5] (ទី៩២) |
- ក្នុងម្នាក់ | ១៨,៣៤៥ ដុល្លារ[5] (ទី១២១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៥០.៣២៦ ពាន់លានដុល្លារ[5] (ទី៩០) |
- ក្នុងម្នាក់ | ៧,១៩៧ ដុល្លារ[5] (ទី១៤៦) |
HDI (២០១៩) | ០.៧២៤[6] ខ្ពស់ · ទី១០៥ |
រូបិយវត្ថុ | ឌីណាលីប៊ី (LYD) |
ល្វែងម៉ោង | UTC+២ (EET) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +២១៨ |
ដែនកម្រិតខ្ពស់ | .ly ليبيا. |
|
ជនជាតិប៊ែប៊ែរបានមកតាំងទីលំនៅលើទឹកដីលីប៊ីចាប់តាំងពីចុងយុគសំរឹទ្ធមកម្លេះដោយពួកនេះមានដើមកំណើតមកពីក្រុមវប្បធម៌អ៊ីបេរ៉ូម៉ារូស៊ីនិងកាបស៊ាន។[13] ជនជាតិភេនីស៊ីបានបង្កើតទីតាំងពាណិជ្ជកម្មនៅភាគខាងលិចទឹកដីលីប៊ី ហើយពួកអាណានិគមក្រិកបុរាណបានបង្កើតរដ្ឋបុរីនៅឯភាគខាងកើតលីប៊ី។ ផ្នែកជាច្រើននៃលីប៊ីត្រូវស្ថិតក្រោមគ្រប់គ្រងរបស់ពួកការតាជីណ័ស ពែក្ស និងជនជាតិអេហ្ស៊ីបមុនពេលដែលតំបន់ទាំងមូលត្រូវបង្រួមក្លាយជាផ្នែកមួយនៃចក្រភពរ៉ូម។ លីប៊ីគឺជាមជ្ឈមណ្ឌលដំបូងនៃសាសនាគ្រិស្ត។ បន្ទាប់ពីការដួលរលំនៃចក្រភពរ៉ូម៉ាំងខាងលិច តំបន់លីប៊ីភាគច្រើនត្រូវធ្លាក់ក្រោមការកាន់កាប់របស់ពួកវ៉ាន់ដាលរហូតដល់សតវត្សទី៧ នៅពេលដែលពួកឥស្លាមបានចូលលុកលុយមកក្នុងតំបន់នេះ។ នៅសតវត្សទី១៦ ចក្រភពអេស្ប៉ាញបានចូលត្រួតត្រាក្រុងទ្រីប៉ូលីមុនពេលប្រគល់វាទៅឱ្យពួកអូតូម៉ង់កាន់កាប់នៅក្នុងឆ្នាំ១៥៥១។ លីប៊ីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមបារបារីនៅក្នុងសតវត្សទី១៨ និងទី១៩។ របបអូតូម៉ង់បានបន្តរហូតដល់សង្គ្រាមតួកគី-អ៊ីតាលីផ្ទុះឡើងហើយជាលទ្ធផល តំបន់លីប៊ីត្រូវបានប្រគល់មកឱ្យអ៊ីតាលីកាន់កាប់ រួចក៏បានវិវត្តទៅជាទឹកដីអាណានិគមមួយរបស់អ៊ីតាលី។
នៅអំឡុងសង្គ្រាមលោកលើកទី២ លីប៊ីគឺជាសមរភូមិនៃសឹកសង្គ្រាមដែលជាផ្នែកនៃយុទ្ធនាការអាហ្វ្រិកខាងជើង។ ក្រោយមក ចំនួនជនជាតិអ៊ីតាលីនៅក្នុងតំបន់ក៏បានធ្លាក់ចុះជាលំដាប់។ លីប៊ីបានទទួលឯករាជ្យជារដ្ឋរាជានិយមមួយនៅក្នុងឆ្នាំ១៩៥១។ នៅក្នុងឆ្នាំ១៩៦៩ រដ្ឋប្រហារយោធាមួយដែលដឹកនាំដោយវរសេនីយ៍ឯកមូអាំម៉ា កាដាហ្វីបានផ្តួលរំលំស្តេចអ៊ីឌ្រីសទី១ និងបង្កើតជារបបសាធារណរដ្ឋ។[14] កាដាហ្វីក៏បានក្លាយជាមេដឹកនាំថ្មីនិងបន្តដឹកនាំប្រទេសលីប៊ីរហូតដល់ឆ្នាំ២០១១ ពោលគឺនៅពេលដែលរបបរបស់លោកត្រូវបានផ្តួលរំលំនៅក្នុងសង្គ្រាមស៊ីវិល ហើយអំណាចប្រទេសត្រូវបានប្រគល់មកឱ្យក្រុមប្រឹក្សាជាតិសកល។ ត្រឹមឆ្នាំ២០១៤ អាជ្ញាធរចំនួនពីរបានចេញមុខអះអាងថាខ្លួនគឺជារដ្ឋាភិបាលនៃប្រទេសលីប៊ី[15][16][17] ហើយមិនយូរប៉ុន្មាន ជម្លោះថ្មីក៏បានផ្ទុះឡើងនិងបន្តវិវត្តទៅជាសង្គ្រាមស៊ីវិលទីពីរ។[18] នៅទីបំផុត ភាគីទាំងសងខាងក៏សម្រេចចិត្តចុះហត្ថលេខាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ហើយរដ្ឋាភិបាលរួបរួមជាតិមួយក៏បានឡើងកាន់អំណាចដឹកនាំប្រទេស។[19]
ប្រទេសលីប៊ីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ (ចាប់តាំងពីឆ្នាំ១៩៥៥) ចលនាមិនចូលបក្សសម្ព័ន្ធ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ សាសនាផ្លូវការរបស់ប្រទេសនេះគឺសាសនាឥស្លាមដែលមានប្រជាជនប្រមាណ ៩៦,៦% ជាមូស្លីមនិកាយស៊ុននី។