រដ្ឋប៉ាឡេស្ទីន
From Wikipedia, the free encyclopedia
ប៉ាឡេស្ទីន (ភាសាអារ៉ាប់៖ فلسطين), មានឈ្មោះជាផ្លូវការថា រដ្ឋប៉ាឡេស្ទីន[lower-alpha 4] គឺជារដ្ឋអធិបតេយ្យមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ រដ្ឋនេះត្រូវបានគ្រប់គ្រងជាផ្លូវការដោយអង្គការរំដោះប៉ាឡេស្ទីន (PLO) និងមានទឹកដីទាមទារនៅវ៉េសប៊ែង និងដែនជ្រោយកាសា។ បរិពន្ធភូមិចំនួន ១៦៥ នៅតំបន់វ៉េសប៊ែង ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) ខណៈដែលតំបន់កាសាកំពុងស្ថិតនៅក្រោមក្រុមហាម៉ាស។[lower-alpha 2] បើទោះបីជាប៉ាឡេស្ទីនបានអះអាងក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់ខ្លួនពិតក៏មែនក្តីប៉ុន្តែទីក្រុងនេះសព្វថ្ងៃគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ីស្រាអែល។ ការទាមទារអះអាងរបស់ភាគីទាំងពីរចំពោះទីក្រុងយេរូសាឡឹមគឺមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។ ទឹកដីទាំងប៉ុន្មានដែលរដ្ឋប៉ាឡេស្ទីនកំពុងទាមទារគឺត្រូវបានអ៊ីស្រាអែលកាន់កាប់តាំងពីបញ្ចប់សង្គ្រាមប្រាំមួយថ្ងៃនៅក្នុងឆ្នាំ១៩៦៧ មកម្លេះ។[5][29] ប៉ាឡេស្ទីនសព្វថ្ងៃមានប្រជាជនចំនួន ៥,០៥១,៩៥៣ នាក់បើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី ១២១ នៅលើពិភពលោក។[30]
دولة فلسطين (ភាសាអារ៉ាប់) | |
---|---|
ទឹកដីដែលអះអាងថាជារបស់ប៉ាឡេស្ទីន (បៃតង)[2] ទឹកដីដែលអះអាងថាជារបស់អ៊ីស្រាអែល (បៃតងខ្ចី) | |
ស្ថានភាព | {{#if: | |រដ្ឋទទួលស្គាល់ខ្លះៗ រដ្ឋសង្កេតការណ៍ អសប ទទួលស្គាល់ដោយរដ្ឋសមាជិក អសប ចំនួន ១៣៨ |
រដ្ឋធានី | យេរូសាឡឹម (ការទទួលស្គាល់មានកំណត់)[lower-alpha 1] |
មជ្ឈមណ្ឌលរដ្ឋបាល | រ៉ាំអាឡា |
ទីក្រុងធំបំផុត | ទីក្រុងកាសា |
ភាសាផ្លូវការ | ភាសាអារ៉ាប់ |
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម[3] |
- ប្រធានាធិបតី | ម៉ះមូដ អាបាស់a |
- នាយករដ្ឋមន្ត្រី | មហាម៉ាដ ស្តៃយ៉េ |
- ប្រធានសភា | សាលីម សានូន |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាជាតិ |
និម្មិតកម្ម | |
- ប្រកាសឯករាជ្យ | ១៥ វិច្ឆិកា ១៩៨៨ |
- សេចក្តីសម្រេចក្លាយជារដ្ឋសង្កេតការណ៍ អសប | ២៩ វិច្ឆិកា ២០១២ |
- ជម្លោះអធិបតេយ្យភាពជាមួយអ៊ីស្រាអែល | កំពុងកើតមានb[lower-alpha 2][4][5] |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦,០២០ គ.ម២ (ទី១៦៣) |
- ផ្ទៃទឹក (%) | ៣.៥[6] |
- វ៉េសប៊ែង | ៥,៦៥៥ គម២ |
៣៦៥ គម២[7] | |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៥,១៥៩,០៧៦[8] (ទី១២១) |
- ដង់ស៊ីតេ | ៧៣១ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ២៦.៤៧៨ ពាន់លានដុល្លារ[9] (–) |
- ក្នុងម្នាក់ | ៥,៧៩៥ ដុល្លារ[10] (–) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ១៤.៦១៦ ពាន់លានដុល្លារ[11] (–) |
- ក្នុងម្នាក់ | ៣,១៩៩ ដុល្លារ[12] (–) |
ជីនី (២០១៦) | 33.7[13] មធ្យម |
HDI (២០១៩) | 0.708[14] ខ្ពស់ · ទី១១៥ |
រូបិយវត្ថុ |
|
ល្វែងម៉ោង | UTC+២ (ម៉ោងស្តង់ដាប៉ាឡេស្ទីន) |
- រដូវក្តៅ (DST) | UTC+៣ (ម៉ោងរដូវក្តៅប៉ាឡេស្ទីន) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៧០ |
កូដ ISO 3166 | PS |
ដែនកម្រិតខ្ពស់ | .ps |
|
នៅក្រោយសង្គ្រាមលោកលើកទី២ នៅក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានអនុម័តផែនការបែងចែកទឹកដីម៉ាន់ដាតប៉ាឡេស្ទីនដោយផ្តល់អនុសាសន៍ឱ្យបង្កើតរដ្ឋអារ៉ាប់និងជ្វីហ្វឯករាជ្យពីរនិងទឹកដីអន្តរជាតិមួយនៅក្រុងយេរូសាឡឹម។[31] ផែនការបែងចែកទឹកដីនេះត្រូវបានទទួលស្គាល់ដោយជនជាតិយូដា (ជ្វីហ្វ) ប៉ុន្តែត្រូវបានបដិសេធដោយពួកអារ៉ាប់។ ភ្លាមៗបន្ទាប់ពីការអនុម័តសេចក្តីសម្រេចចប់ដោយមហាសន្និបាត អសប សង្រ្គាមស៊ីវិលមួយក៏បានផ្ទុះឡើង[32] ហើយផែនការនេះក៏ត្រូវបានដកលែងអនុវត្តវិញ។[33] រយៈពេលមួយថ្ងៃបន្ទាប់ពីបានបង្កើតរដ្ឋអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨[34][35][36] កងទ័ពរួមអារ៉ាប់ជិតខាងបានសម្រុកចូលឈ្លានពានអតីតម៉ាន់ដាតរបស់អង់គ្លេស និងបានប្រឈមប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល។[37][38] ក្រោយមក រដ្ឋាភិបាលប៉ាឡេស្ទីនរួមត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៨ ដើម្បីគ្រប់គ្រងតំបន់បរិពន្ធភូមិកាសា។ រដ្ឋាភិបាលនោះត្រូវបានទទួលស្គាល់ដោយសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់ លើកលែងតែត្រង់ហ្សកដានី។ ទោះបីជាយុត្តាធិការរបស់វាត្រូវបានប្រកាសថាគ្របដណ្តប់លើម៉ាន់ដាតប៉ាឡេស្ទីនទាំងមូលមែន ប៉ុន្តែតាមការពិតយុត្តាធិការរបស់វាត្រូវបានកំណត់តែចំពោះតំបន់ដែនជ្រោយកាសាប៉ុណ្ណោះ។[39] អ៊ីស្រាអែលក្រោយមកបានដណ្តើមកាន់កាប់តំបន់ដែនជ្រោយកាសា និងឧបទ្វីបស៊ីណៃពីប្រទេសអេហ្ស៊ីប តំបន់វ៉េសប៊ែង (រួមទាំងក្រុងយេរូសាឡឹមខាងកើត) ពីហ្សកដានី និងកំពូលហ្កូឡានពីប្រទេសស៊ីរីនៅក្នុងខែមិថុនា ឆ្នាំ១៩៦៧ នៃអំឡុងសង្គ្រាមប្រាំមួយថ្ងៃ។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅទីក្រុងអាល់ហ្សែរ លោកយ៉ាសែរ អារ៉ាហ្វាត់ ប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) បានប្រកាសពីការបង្កើតរដ្ឋប៉ាឡេស្ទីនឡើង។ មួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងអូស្លូនៅក្នុងឆ្នាំ១៩៩៣ អាជ្ញាធរជាតិប៉ាឡេស្ទីនក៏បានបង្កើតឡើងដើម្បីគ្រប់គ្រង (ក្នុងកម្រិតផ្សេងៗគ្នា) តំបន់ A និង B នៅវ៉េសប៊ែងដែលរួមមាន"កោះ"ចំនួន ១៦៥ និងដែនជ្រោយកាសាទាំងមូល។ បន្ទាប់ពីក្រុមហាម៉ាសបានក្លាយជាគណបក្សឈានមុខគេនៅក្នុងសភា PNA នៅក្នុងការបោះឆ្នោតថ្មីៗបំផុត (២០១៦) ជម្លោះថ្មីមួយក៏បានផ្ទុះឡើងរវាងខ្លួននិងគណបក្សហ្វាតា ដែលជាហេតុនាំឱ្យកាសាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅក្នុងឆ្នាំ២០០៧ (ពោលគឺពីរឆ្នាំបន្ទាប់ពីការផ្តាច់ខ្លួនចេញរបស់អ៊ីស្រាអែល)។
រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋចំនួន ១៣៨ នៅក្នុងចំណោមរដ្ឋសមាជិកសរុប ១៩៣ របស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០១២ មក វាមានស្ថានភាពជារដ្ឋអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រជាជាតិ។[40][41][42] ប៉ាឡេស្ទីនជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម ហ្សេ ៧៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏ដូចជាអង្គការយូណេស្កូ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។[43]