From Wikipedia, the free encyclopedia
Script error: No such module "SDcat".
ហ្វារ័វ ဝါရီရူး | |||||
---|---|---|---|---|---|
ក្សត្រនៃហង្សាវត្តី | |||||
រជ្ជកាល | ៤ មេសា ១២៨៧ – មករា ១៣០៧ | ||||
រាជាភិសេក | ១៩ មករា ១២៨៨ | ||||
អង្គមុន | គ្មាន | ||||
អង្គក្រោយ | ឃុនល | ||||
ប្រសូត | ២០ មីនា ១២៥៣ ថ្ងៃអង្គារ ៤ រោជ ចុងតាហ្គូ ៦១៤ ស.ម.[កំណត់ 1] សុធម្ម | ||||
សុគត | មករា ១៣០៧ (ព្រះជន្ម ៥៣) ថ្ងៃសៅរ៍ តាបូដវេ ស.ម. ៦៦៨[កំណត់ 2] មុំហ៍ | ||||
ជាយា | ម្នាងសយដាវ | ||||
| |||||
វង្ស | ហ្វារ្យូ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ហ្វារ័វ រឺ វារីរូៈ (ភូមា: ဝါရီရူး, បញ្ចេញសំឡេង [wàɹíjú]; ១២៥៣–១៣០៧) ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ (មីយ៉ាន់ម៉ា)។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជធានីដំបូងគេនៅមុំហ៍ក៏ដោយ។ ដោយប្រើប្រាស់ជំនាញខាងការទូតនិងយោធា សាមញ្ញជនដែលជាបច្ឆាញាតិនៃពួកឝាន និងមន បានឆ្លាក់ចេញជារូបរាងនូវនគរមួយឱ្យជនជាតិមននៅភូមាក្រោមបន្តបន្ទាប់ពីការស្រុតចុះនៃចក្រភពបាកាននៅឆ្នាំ១២៨៧។ ហ្វារ្យូធ្លាប់ជាសាមន្តរាជនៃព្រះបិតាក្មេករបស់ទ្រង់ដែលមានតែឈ្មោះ បិតាក្មេកទ្រង់មានព្រះនាមថា រាមកំហែងនៅសុខោទ័យ និង ក៏ជាសាមន្តរាជរបស់ពួកម៉ុងហ្គោលដែរ ហើយទ្រង់ក៏បានវាយរុញច្រានការវាយប្រហារពីបងប្អូនឝានទាំងបីនៃម្យិនហ្សែនដោយទទួលបានជោគជ័យនៅឆ្នាំ១២៨៧ និង ១២៩៤។
ព្រះហ្វារ្យូត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់នៅខែមករា ១៣០៧ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ឃុនល។ សមិទ្ធិផលដ៏ធំបំផុតក្នុងរាជ្យព្រះអង្គគឺព្រះតំរិះផ្ដួចផ្ដើមចាត់តាំងឱ្យមានគណៈកម្មាការដើម្បីចងក្រងធម្មសាស្ត្រ ក្រមច្បាប់ដែលមានគង់វង្សនៅភូមា;[1]:២១០ និងការស្ថាបនានគរមនឱ្យបានរុងរឿងថ្កុងថ្កើងអស់រយៈពេលពីរសតវត្សកន្លះតទៅមុខទៀត។
ព្រះនាមមនរបស់ទ្រង់គឺ ម៉ាហ្កាឌូ (ថៃ: มะกะโท, ព.ប.ប.ស.ថ: Makatho, ការបញ្ចេញសំឡេងសៀម: [mä˥.kä˩.tʰoː˧]) ខ្មែរ (មគទោ) និង គោរម្យងារជាភាសាឝានត្រូវបានគេកត់ត្រាថា វ៉ារ៉ូ /waraʊ/; ថៃ: วาโร, ព.ប.ប.ស.ថ: Waro, ការបញ្ចេញសំឡេងសៀម: [wäː˧.roː˧]) ដោយសារតែគោរម្យងារនេះទើបព្រះនាមនេះបានវិវត្តជាព្រះនាម ហ្វារ្យូ។ [2]
ព្រះនាមទ្រង់ត្រូវបានកត់ត្រាជាភាសាសៀមថា ចៅហ៊្វារួ (เจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [t͡ɕäːw˥˩ fäː˥.ruːä˥˩]) រឺ ព្រះចៅហ៊្វារួ (พระเจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [pʰrä˥.t͡ɕäːw˥˩ fäː˥.ruːä˥˩])។[3][1]:២០៥-២០៦ ឯកសារប្រវត្តិសាស្ត្រសៀមពោលថា ព្រះបាទរាមកំហែងបានប្រទានព្រះនាម ហ៊្វារួ ដែលមានន័យថា "ធ្លាក់ពីលើមេឃ" ពីព្រោះទ្រង់មានគុណបំណាច់ធំធេងហាក់បីដូចជាលេចចេញពី រឺ ចុះពីលើមេឃ។[4][5]
ទ្រង់ត្រូវបានគេកត់ត្រាជាភាសាឝានថា សៅផា (អ.ស.អ.: /saʊpa/) ដែលត្រូវគ្នានឹងគោរម្យងារសៀម ចៅហ៊្វា (เจ้าฟ้า, "ម្ចាស់មេឃ")។ [ត្រូវការអំណះអំណាង] សៅ និង ចៅ ពាក្យទាំងពីរក្លាយចេញមកខុសប្លែកពីគ្នាតែមានឫសគល់ចេញពីភាសាចិនថា ម្ចាស់ ដូចគ្នា។[ត្រូវការអំណះអំណាង]
មគទោបានប្រសូតនៅក្បែរសុធម្មដែលមានបិតាជាតិជាឝាន និងមាតាជាមន។[6] ទ្រង់ជាបុត្រច្បង និងមានតែព្រះភាតាពីរអង្គ និងព្រះភគិនីមួយអង្គ។ ជាយុវរាជមួយអង្គ ព្រះមគទោបានក្លាយជាពាណិជ្ជករមួយរូបដែលធ្វើដំណើររវាងមុំហ៍ និង សុខោទ័យ។ នៅទសវត្សឆ្នាំ១២៧០ ព្រះអង្គបានចូលទៅធ្វើខ្ញុំរាជការនៃស្ដេចសុខោទ័យ រាមកំហែង (រ. ១២៧៨-១២៩៨) នៅរោងដំរី[កំណត់ 3] ហើយបានឡើងតំណែងក្លាយជាមេកងអង្គរក្សរាជវាំង។ នៅឆ្នាំ១២៨០ ទ្រង់បានលួចរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចសុខោទ័យ ម្នាងសយដាវ (ថៃ: แม่นางสร้อยดาว, ព.ប.ប.ស.ថ: Mae-nang Soidao) និងបានភៀសព្រះកាយចេញពីសុខោទ័យមកជាមួយរាជបរិពារម្ភៃសាមសិបនាក់។[6][7]
ត្រឡប់មកមុំហ៍វិញ ព្រះហ្វារ្យូបានរៀបផែនការដើម្បីដណ្ដើមតំណែងចៅហ្វាយខេត្តនៅទីនោះ។ តាមរយៈពង្សាវតារភូមា ព្រះហ្វារ្យូបានធ្វើជាព្រះរាជទានព្រះភគិនីដ៏ស្រស់សោភាទ្រង់ នីអ៊ូយ៉ាញ ឱ្យរើសទីស្រង់ព្រះគង្គានៅក្នុងទន្លេត្រង់កន្លែងដែលអាឡេម៉្មាអាចមើលឃើញព្រះនាង។ អាឡេម៉្មាបានសុំព្រះនាងរៀបអភិសេក។ នៅក្នុងពិធីរៀបអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយខេត្ត រួចមកក៏បានក្លាយជាម្ចាស់នៃមុំហ៍។[8] ឆ្នាំបះបោរគឺឆ្នាំ ១២៨១ តាមរយៈកំណត់ត្រារបស់មន ប៉ុន្តែត្រូវនឹងឆ្នាំ១២៨៦ បើតាមរយៈកំណត់ត្រាភូមា។[1]:២០៥-២០៦[9] យ៉ាងណាមិញ ចក្រភពបាកាន កំពុងកាន់កាប់ស្របពេលជាមួយការលុកលុយរបស់ពួកម៉ុងហ្គោល គឺជាដំណាក់កាលឈរជើងចុងក្រោយរបស់ចក្រភពនេះ ដែលជាចក្រភពលែងមានឥទ្ធិពលតទៅទៀតហើយ។
នៅឆ្នាំ១២៨៧ ពួកម៉ុងហ្គោលឈ្លានពានបានលួចប្លន់បំផ្លិចបំផ្លាញបាកាន ហើយអំណាចកណ្ដាលរបស់ចក្រភពនេះបានធ្លាក់ស្រុតចុះទូទាំងព្រះនគរ។ ពួកចៅហ្វាយខេត្តភាគច្រើនជាពិសេសពួកចៅហ្វាយខេត្តនៅតំបន់ឆ្ងាយៗក្នុងចក្រភព កំពុងបានគ្រប់គ្រងទឹកដីហាក់បីដូចជាក្សត្រមានអធិបតេយ្យរួចជាស្រេចទៅហើយ ពួកគេបានរើបំរះខ្លួនដោយបើកចំហ។ ព្រះហ្វារ្យូត្រៀមកិច្ចកលក្នុងការបះបោរតាំងពីឆ្នាំ១២៨១ (រឺ ១២៨៦) ដើម្បីដណ្ដើមយកមុំហ៍ដោយសំលាប់ចៅហ្វាយខេត្តដែលបានតែងតាំងដោយរាជការបាកាន។ ព្រះហ្វារ្យូបានបង្កើតសម្ពន្ធភាពជាមួយតារ៉ាប្យ៉ា ចៅហ្វាយស្រុកខេត្តបាគូ ដោយរៀបអភិសេកនឹងបុត្រីគ្នាទៅវិញទៅមក។[8] កងពលភាគខាងត្បូងរបស់ពួកគេទាំងអស់គ្នាបានបង្ក្រាបកងពលភាគខាងជើងដែលដឹកនាំដោយរាជសិង្យន ដែលលោកក្រោយមកក្លាយជាសហស្ថាបនិកម្នាក់នៃនគរម្យិនហ្សែន និងបានចាត់វិធានការសញ្ជ័យភូមាភាគខាងក្រោមទាំងមូល។ បន្ទាប់មកទៀតមេបះបោរទាំងពីរមានជំលោះនឹងគ្នា ហើយនៅក្នុងការប្រយុទ្ធប្រទាញប្រទង់គ្នាមួយ តារ៉ាប្យ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវគេប្រហារជីវិតចោល។[6]
ព្រះហ្វារ្យូបានប្រកាសខ្លួនជាព្រះមហាក្សត្រនៅថ្ងៃ ៤ មេសា ១២៨៧ តាមរយៈកំណត់ត្រាមន (រឺ ១៨ មករា ១២៨៨ ក្នុងកំណត់ត្រាភូមាខ្លះ)។[កំណត់ 4]
ព្រះហ្វារ្យូជាកូនកាត់ឝានបានខិតខំធ្វើឱ្យខ្លួនព្រះអង្គមានគុណតំលៃជាអ្នកស្នងរាជ្យបន្តពីស្ដេចមនអង្គមុនៗដែលបានសោយរាជ្យនៅភូមាក្រោម មុនពេលនគរត្រូវបានលេបត្របាក់ដោយចក្រភពបាកាន។ ព្រះអង្គបានប្រកាសព្រះនាមព្រះនគរព្រះអង្គថា រាមញ្ញទេឝ (ស្រុកពួករាមញ្ញ (មន)) ដែលមានមុំហ៍ជារាជធានី។ ទោះបីជាយ៉ាងណា ទ្រង់ទើបតែបានកំរាបកងទ័ពពួកភាគខាងជើងរួចទេ ហើយអធិរាជាណាចក្របាកានបានបិទបញ្ចប់វត្តមានរបស់ខ្លួន ព្រះបាទហ្វារ្យូ ទ្រង់នៅតែព្រួយព្រះទ័យចំពោះការលុកលុយពីភាគខាងជើងពេញមួយរជ្ជកាលរបស់ទ្រង់។
ក្នុងកិច្ចរៀបចំ ព្រះអង្គបានរៀបចំផ្លូវក្រោយរបស់នគរព្រះអង្គឱ្យមានសុខសន្តិភាពដោយបញ្ជូនសួយសារអាករជាធម្មតាមួយទៅកាន់ព្រះវររាជបិតាក្មេករបស់ព្រះអង្គ ព្រះបាទរាមកំហែង ព្រះរាជានៃសុខោទ័យ។ នៅឆ្នាំ១២៩៣ ទ្រង់បានទទួលពីសុខោទ័យមកវិញ ទាំងការទទួលស្គាល់ទ្រង់ជាក្សត្រ និង ការព្រះរាជទានដំរីសមួយក្បាលផងដែរ។ ពិតមែនហើយ ព្រះរាជដំណឹងនៃការចុះចូលបានធ្វើឱ្យមានការឆ្លើយតបមកវិញពីបងប្អូនឝានបីនាក់នៃម្យិនហ្សែន ដែលពួកគេបានបញ្ជូនកងទ័ព ៨០០០ នាក់ទៅទន្ទ្រានមុំហ៍នៅចុងឆ្នាំ១២៩៣។[10] ដោយសារតែមានមូលដ្ឋានទ័ពមាំមួន ព្រះហ្វារ្យូបានរុញច្រានកងកំលាំងលុកលុយឈ្លានពានទៅវិញដោយជោគជ័យនៅដើមឆ្នាំ១២៩៤ ហើយក៏មិនមានការវាយប្រហារដែលបន្សល់ក្នុងរជ្ជកាលទ្រង់តទៅទៀតឡើយ។[6][11] ទោះបីជាមាននាមជានគរចំណុះនៃសុខោទ័យក៏ពិតមែន ក៏ព្រះហ្វារ្យូនៅតែមានការព្រួយព្រះរាជហឫទ័យចំពោះឧបាយកលរបស់សុខោទ័យលើទឹកដីឆ្នេរតនាវស្រីជាដដែល។ ដើម្បីពង្រឹងរាជបល្លង្ករបស់ទ្រង់ នៅឆ្នាំ១២៩៨ ទ្រង់បានស្វែងរក និងទទួលបានការទទួលស្គាល់ពីពួកម៉ុងហ្គោល ហើយក្លាយជាសាមន្តរដ្ឋចំណុះចិនដោយផ្ទាល់ ស្របនឹងសុខោទ័យក៏ជាសាមន្តរដ្ឋរបស់ម៉ុងហ្គោលផងដែរ។[6][8]
ថ្ងៃសៅរ៍មួយ ក្នុងខែមករា ១៣០៧ ព្រះហ្វារ្យូ ត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់ បុត្ររបស់តារ៉ាប្យ៉ា។ ក្សត្រដែលត្រូវបានសោយរាជ្យបន្តពីទ្រង់គឺព្រះភាតារបស់ទ្រង់ ឃុនល។[8]
តាមរយៈសិល្ប៍វិធីរបស់ទ្រង់ខាងការទូត និង ព្រះកិត្តិនាមរបស់ទ្រង់ជាអ្នកចំបាំងអង់អាចក្លាហាន ព្រះមហាក្សត្រអង្គនេះបានឆ្លាក់ចេញនូវនគរឯកភាពមួយយ៉ាងជោគជ័យនៅភូមាក្រោមដែលបន្តទៅមុខបានពីរសតវត្សកន្លះតទៅទៀត។ ថ្វីត្បិតយ៉ាងនេះ ក៏ទ្រង់នៅតែត្រូវបានមើលឃើញថាជាអ្នកជ្រែករាជ្យជាតិឝានដោយអាណាប្រជានុរាស្ត្ររបស់ទ្រង់ដដែល ពួកគេបែរជាមានសេចក្ដីត្រេកអរទៅវិញនៅពេលទ្រង់ត្រូវបានគេធ្វើគត់។[6] ព្រះហ្វារ្យូចេះធម្មសាស្ត្រយ៉ាងប៉ិនប្រសប់ (ក៏ត្រូវបានគេស្គាល់ថាជាក្រមហ្វារ្យូ) ដែលជាក្បួនច្បាប់គង់វង្សដំបូងគេបង្អស់នៅភូមា។[12] ព្រះបាទហ្វារ្យូបានរិះរកវិធីដើម្បីធ្វើឱ្យក្បួនច្បាប់របស់បាកានកាន់តែរីកចំរើន ដែលជាច្បាប់ចងក្រងដោយព្រះឝិនធម្មវិល្ស ហើយបានបង្កើតរាជគណៈកម្មាការដើម្បីចងក្រងអភិប្រាយច្បាប់ពេញលេញថ្មីបន្ថែមទៀត។ គណៈកម្មាការបានធ្វើឱ្យក្រមហ្វារ្យូ ក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់ទំនៀមរបស់ភូមា។[6][8] សាស្ត្រាចារ្យរ៉ូប៊ែរ្ត៍-ឡាំងហ្គាំតបានអធិប្បាយថាអយុធ្យាធ្លាប់ជានគរអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានអភិវឌ្ឍក្រមច្បាប់រដ្ឋប្បវេណី ហើយនេះក៏ជាលទ្ធផលចេញពីស្នាដៃបន្តបន្ទាប់គ្នា ហៅថា ធម្មសាស្ត្រ ដែលបានតាក់តែងឡើងដោយពួកមនពុទ្ធសាសនិក ជាក្បួនច្បាប់មួយក្នុងចំណោមក្បួនច្បាប់មានឥទ្ធិពលបំផុត ដែលនៅក្នុងនោះត្រូវបានគេសន្និដ្ឋានថាកើតចេញពីព្រះតំរិះផ្ដួចផ្ដើមរបស់ព្រះបាទវ៉ាហ្ការូ រឺ ហ្វារ្យូ (សៀម:ចៅផ្វារួ)។[3][កំណត់ 5] ក្បួនច្បាប់នេះបានបន្តក្លាយជាឯកសារសរសេររហូតដល់ការបង្កើតក្រមព្រហ្មទណ្ឌសៀមនៅឆ្នាំ១៩០៨។[13]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.