វាំងននដែក
From Wikipedia, the free encyclopedia
វាំងននដែក (Iron Curtain) គឺជាតំណាងនៃ "មនោគមវិជ្ជា" និង ខ្សែបន្ទាត់ព្រំដែនពិតមួយគូសចែកទ្វីបអឺរ៉ុបទៅជាតំបន់ពីរផ្សេងគ្នា ចាប់តាំងពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ពេលបញ្ចប់សង្គ្រាមត្រជាក់ (១៩៤៥-១៩៩១) ។ ភាគីទាំងសងខាងនៃវាំងននដែក បានខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិ និង សម្ព័ន្ធមិត្តយោធាតែរៀងៗខ្លួន។ អង្គការសេដ្ឋកិច្ច "កូមេកុង" ជាមួយកតិកាសញ្ញាវ៉ាសូវី ស្ថិតនៅខាងកើតនៃវាំងននដែក ដែលមានសហភាពសូវៀតជាសមាជិកដ៏សំខាន់ និង អង្គការណាតូ ជាមួយសហគមន៍អឺរ៉ុប ស្ថិតនៅខាងលិចនៃវាំងននដែក ដែលមានសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដ៏រឹងមាំ។
វាំងននដែក បានបង្ហាញស្រមោលនៃការកាពារព្រំដែនរវាងប្រទេសនៃអឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត ជាក់ស្ដែងជញ្ជាំងប៊ែរឡាំងគឺជាសក្ខីភាពមួយគួរឲ្យកត់សម្គាល់ ដែលបានដើរតួជានិមិត្តរូបដ៏យូរអង្វែងនៃវាំងននដែកទាំងស្រុង។
ពាក្យ "វាំងននដែក" ត្រូវបានប្រើលើកដំបូងដោយរដ្ឋមន្ត្រីឃោសនាការអាល្លឺម៉ង់ លោក "ហ្សូសែហ្វ ហ្គូអេបេល" នៅក្នុងសេចក្ដីថ្លែងការមួយ ដែលគាត់បានចុះផ្សាយនៅក្នុងសារព័ត៌មានអាល្លឺម៉ង់ Das Reich នៅខែកុម្ភៈ ឆ្នាំ១៩៤៥ ប៉ុន្តែវាត្រូវបានធ្វើឲ្យមានប្រជាប្រិយភាពដោយសារសន្ទរកថា "Sinews of Peace" ("Iron Curtain Speech") របស់លោក "វីនស្តុន ឆឺឈីល" ដែលបានថ្លែងនាថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៤៦។