រូបវិទ្យា
From Wikipedia, the free encyclopedia
រូបវិទ្យា មានន័យដោយត្រង់ថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុនិងចលនារបស់វា។ រូបវិទ្យាជាវិទ្យាសាស្ត្រសិក្សាទាក់ទងនឹង កំលាំង ថាមពល ម៉ាស់ និង បន្ទុកអគ្គិសនី ជាដើម។ និយាយអោយទូលំទូលាយជាងនេះទៀត រូបវិទ្យាជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនយើងនិងកត្តាដែលបង្កវា។
រូបវិទ្យាជាមុខវិជ្ជាសិក្សាដ៏ចំនាស់ជាងគេ បើយើងគិតពីតារាវិទ្យា ដែលជាផ្នែកមួយរបស់រូបវិទ្យាដែរនោះ។ រូបវិទ្យាមិនអាចចែកនិយមន័យអោយបានច្បាស់ពីមុខវិទ្យាវិទ្យាសាស្ត្រផ្សេងទៀតដូចជា ទស្សនវិជ្ជា គីមីវិទ្យា គណិតវិទ្យា និង ជីវវិទ្យា បានទេ រហូតដល់ស.វទី១៦ ដែលជាពេលដែលរូបវិទ្យាក្លាយជាវិទ្យាសាស្ត្រទំនើប និងចែកផ្ដាច់ពីមុខវិជ្ជាទាំងអម្បាលមាននោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែមានការលំបាកក្នុងការកំនត់ព្រំដែនរវាងមុខវិជ្ជាទាំងនោះអោយបានច្បាស់លាស់ដាច់ខាត។
រូបវិទ្យាត្រូវបានគេចាត់ទុកជាមុខវិជា្ជសំខាន់។ រូបវិទ្យាថ្នាក់ខ្ពស់ត្រូវបានបែកខ្នែងចូលក្នុងផ្នែកបច្ចេកវិទ្យា និងជួនកាលទៀតច្រលូកច្រលំចូលជាមួយគណិតវិទ្យានិងទស្សនវិជ្ជា។ តួយ៉ាង ការយល់ដឹងថ្នាក់ខ្ពស់អំពីអេឡិចត្រូម៉ាញ៉េទិច នាំអោយគេអាចបង្កើតនិងប្រើប្រាស់ឧបករណ៍អគ្គីសនី(ទូរទស្សន៍ កុំព្យូទ័រ បរិក្ខារអគ្គីសនីតាមផ្ទះ -ល-) ,ហើយ មេកានិចថ្នាក់ខ្ពស់នាំទៅដល់ការអភិវឌ្ឍន៍គណិតវិទ្យាវិភាគ គីមីកង់ទិច និងការប្រើប្រាស់ឧបករណ៍ដូចជា មីក្រូទស្សន៍អេឡិចត្រុង ក្នុង មីក្រូជីវវិទ្យា។
សព្វថ្ងៃ រូបវិទ្យាជាមុខវិជ្ជាបែកមែកសាខាទូលំទូលាយ និងចែកចេញជាច្រើនផ្នែកតូចៗ។ លើសពីនេះទៅទៀត គេអាចចែកវាជា២សាខាគំនិតគឺ រូបវិទ្យាទ្រឹស្ដី (ទាក់ទិននឹងការបង្កើតទ្រឹស្ដីថ្មី) និង រូបវិទ្យាពិសោធ (ទាក់ទិននិងការពិសោធន៍ទ្រឹស្ដីថ្មីនិងចាស់)។ ទោះបីជារបកគំឃើញសំខាន់ៗមួយចំនួនធំត្រូវបានគេរកឃើញក្នុង៤សតវត្សរ៍ចុងក្រោយនេះក៏ដោយ ចំងល់ពីធម្មជាតិជាច្រើនទៀតនៅតែមិនទាន់មានចំលើយជាហេតុធ្វើអោយរូបវិទ្យានៅតែជាមុខវិជ្ជាមានភាពរស់រវើក។