From Wikipedia, the free encyclopedia
ប្រទេសបេឡារុស (អាចសរសេរបានថា បេឡារុស្ស, ជាភាសាបេឡារុស និងភាសារុស្ស៊ី៖ Беларусь) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបេឡារុស គឺជាប្រទេសមួយស្ថិតនៅភូមិភាគអឺរ៉ុបខាងកើត។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងកើតនិងឥសាន្ត ប្រទេសអ៊ុយក្រែននៅភាគខាងត្បូង ប្រទេសប៉ូឡូញនៅភាគខាងលិច ហើយនិងប្រទេសលីទុយអានីនិងឡេតូនីនៅភាគពាយព្យ។ ប្រទេសបេឡារុសមានក្រឡាផ្ទៃសរុប ២០៧,៦០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៩.៤ លាននាក់ដែលធ្វើឱ្យបេឡារុសក្លាយជាប្រទេសធំបំផុតទីដប់បីនិងមានប្រជាជនច្រើនបំផុតទីម្ភៃនៅទ្វីបអឺរ៉ុប។ ប្រទេសនេះត្រូវបានបែងចែកជាតំបន់រដ្ឋបាលចំនួន ៧ តំបន់។ មីនស្កឹគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
Рэспубліка Беларусь (ភាសាបេឡារុស) Республика Беларусь (ភាសារុស្ស៊ី) | |
---|---|
ភ្លេងជាតិ Дзяржаўны Гімн Рэспублікі Беларусь Dziaržaŭny Himn Respubliki Bielaruś (ភាសាខ្មែរ៖ "ចម្រៀងជាតិបេឡារុស") | |
ទីតាំងប្រទេសបេឡារុស (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | មីនស្កឹ 53°55′N 27°33′E |
ភាសាផ្លូវការ | ភាសាបេឡារុស និង ភាសារុស្ស៊ីa |
ភាសាភាគតិចដែលបានទទួលស្គាល់ |
|
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[1] |
|
សាសនា (ឆ្នាំ ២០១១)[2] |
|
រដ្ឋាភិបាល | សាធារណរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីនិយម អាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | អាឡិចសាន់ដឺ លូកាសិនកូ (កំពុងមានជម្លោះ)[3][4] |
- នាយករដ្ឋមន្ត្រី | រ៉ូម៉ាំង ហ្កូលូវឆិនកូ[5] |
នីតិបញ្ញត្តិ | រដ្ឋសភា |
ក្រុមប្រឹក្សានៃសាធារណរដ្ឋ | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ ពីរុស្ស៊ី | |
- ប្រកាសបង្កើតឡើង | ២៥ មីនា ១៩១៨ |
- ទទួលឯករាជ្យពីសហភាពសូវៀត | ១០ ធ្នូ ១៩៩១ |
- ទទួលស្គាល់ | ២៦ ធ្នូ ១៩៩១ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ១៥ មីនា ១៩៩៤ |
- កំណែប្រែចុងក្រោយបង្អស់ | ១៧ តុលា ២០០៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២០៧,៥៩៥ គ.ម២ (ទី៨៤) |
- ផ្ទៃទឹក (%) | ១.៤% |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៩,៤០៨,៤០០[6] (ទី៩៣) |
- ជំរឿន (ឆ្នាំ ២០១៩) | ៩,៤១៣,៤៤៦ |
- ដង់ស៊ីតេ | ៤៥.៨ នាក់/គ.ម២ (ទី១៤២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១៨៥.៨៨៩ ពាន់លានដុល្លារ[7] (ទី៦៩) |
- ក្នុងម្នាក់ | ១៩,៧៥៨ ដុល្លារ[7] (ទី៦៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៥៧.៧០៨ ពាន់លានដុល្លារ[7] (ទី៧៥) |
- ក្នុងម្នាក់ | ៦,១៣៣ ដុល្លារ[7] (ទី៨៤) |
ជីនី (២០១៨) | 25.2[8] ទាប |
HDI (២០១៩) | 0.823[9] ខ្ពស់ណាស់ · ទី ៥៣ |
រូបិយវត្ថុ | រូបបេឡារុស (BYN) |
ល្វែងម៉ោង | UTC+៣ (MSK[10]) |
ទម្រង់កាលបរិច្ឆេទ | dd.mm.yyyy |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៣៧៥ |
ដែនកម្រិតខ្ពស់ |
|
គេហទំព័រ belarus.by | |
|
មុនសតវត្សទី២០ ទឹកដីបេឡារុសសព្វថ្ងៃត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនិងចក្រភពខុសៗគ្នារួមមាន៖ រូសកៀវ ក្សត្របុរីប៉ូឡូស្កឹ មហាពញារដ្ឋលីទុយអានី សហធនរដ្ឋប៉ូឡូញ–លីទុយអានី ហើយនិងចក្រភពរុស្ស៊ី។ បន្ទាប់ពីបដិវត្តន៍រុស្ស៊ីនៅក្នុងឆ្នាំ១៩១៧ មានរដ្ឋមួយចំនួនបានចាប់ផ្តើមប្រជែងគ្នានៅក្នុងសង្គ្រាមស៊ីវិលដើម្បីដណ្តើមឥទ្ធិពលនិងទឹកដីហើយទីបំផុត សសស បេឡារុសក៏ត្រូវបង្កើតឡើង ហើយបានបញ្ចូលជាផ្នែកនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩២២។ បន្ទាប់ពីសង្គ្រាមប៉ូឡូញ–សូវៀតបានបញ្ចប់ ទឹកដីបេឡារុសជិតពាក់កណ្តាលត្រូវបានកាត់ទៅឱ្យប្រទេសប៉ូឡូញ។ ទឹកដីបេឡសរុសសព្វថ្ងៃបានលេចចេញជារូបរាងឡើងដំបូងនៅអំឡុងឆ្នាំ១៩៣៩ បន្ទាប់ពីសូវៀតបានចូលឈ្លានពានប្រទេសប៉ូឡូញនាអំឡុងសង្គ្រាមលោកលើកទី២។[12][13][14] ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រតិបត្តិការយោធាជាច្រើនត្រូវបានប្រព្រឹត្តិទៅនៅលើទឹកដីបេឡារុសដែលជាហេតុបណ្តាលឱ្យបេឡារុសទទួលរងការខូតខាតនិងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយក្នុងនោះមានជនស៊ីវិលបេឡារុសប្រមាណ ១ ភាគ ៤ ត្រូវបាត់បង់ជីវិតហើយធនធានសេដ្ឋកិច្ចខ្លួនជាងពាក់កណ្តាលត្រូវរលាយរលុត។[15] សាធារណរដ្ឋមួយនេះត្រូវបានរដ្ឋាភិបាលសូវៀតជួយអភិវឌ្ឍឡើងវិញបន្ទាប់ពីមហាសង្គ្រាមដ៏ប្រល័យបានបញ្ចប់។ នៅឆ្នាំ១៩៤៥ សសស បេឡារុសបានក្លាយជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិរួមជាមួយសហភាពសូវៀត។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩០ សភានៃសាធារណរដ្ឋបានប្រកាសពីអធិបតេយ្យភាពរបស់ប្រទេសបេឡារុសហើយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩១ បេឡារុសក៏បានប្រកាសឯករាជ្យខណៈដែលសូវៀតកំពុងតែជួបវិបត្តិផ្ទៃក្នុងដ៏ធ្ងន់។[16] បន្ទាប់ពីបានអនុម័តរដ្ឋធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ១៩៩៤ លោកអាឡិចសាន់ដឺ លូកាសិនកូក៏ជាប់ឆ្នោតក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេសបេឡារុសហើយលោកបានកាន់តំណែងនេះចាប់តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន។[17] គេបានចាត់ទុករដ្ឋាភិបាលលូកាសិនកូថាជារដ្ឋាភិបាលផ្តាច់ការហើយមិនតែប៉ុណ្ណោះ ក្រុមសិទ្ធិមនុស្សក៏បានអះអាងដែរថាសិទ្ធិមនុស្សនៅក្នុងប្រទេសបេឡារុសគឺមានកម្រិតទាបបំផុត។[18][19] បេឡារុសគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលនូវអនុវត្តការកាត់ទោសប្រហារជីវិត។ លោកលូកាសិនកូគឺនូវតែប្រកាន់ខ្ជាប់នូវគោលនយោបាយមួយចំនួនខ្លះៗពីសម័យសូវៀតមានដូចជា កម្មសិទ្ធិរបស់រដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ច...ជាដើម។ នៅក្នុងឆ្នាំ២០០០ ប្រទេសបេឡារុសនិងប្រទេសរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរហើយជាលទ្ធផល រដ្ឋសហភាពក៏បានបង្កើតឡើង។
ប្រទេសបេឡារុសគឺជាប្រទេសកំពុងអភិវឌ្ឍហើយជាប្រទេសដែលជាប់លំដាប់ថ្នាក់កំពូលមួយនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសបេឡារុសគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ និងជាសមាជិកនៃសហគមន៍នៃរដ្ឋឯករាជ្យ អង្គការសន្ធិសញ្ញាសន្តិសុខរួម សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងចលនាមិនចូលបក្សសម្ព័ន្ធ។ ប្រទេសនេះបានបញ្ជាក់ថាខ្លួនគ្មានបំណងចូលរួមជាសមាជិកសហភាពអឺរ៉ុបនោះឡើយតែបានរក្សាទំនាក់ទំនងទ្វេភាគីជាមួយ ហើយធ្លាប់បានចូលរួមនៅក្នុងគម្រោងអឺរ៉ុបចំនួនពីរ៖ ភាពជាដៃគូទិសបូព៌ា និងកិច្ចផ្តួចផ្តើមទីក្រុងបាគូ។
ឈ្មោះថា បេឡារុស គឺមានលក្ខណៈស្រដៀងនឹងពាក្យ បេឡាយ៉ា រុស ពោលគឺរុស'ស។[20] គេបានលើកឡើងនូវអំណះអំណាងមួយចំនួនចំពោះប្រភពដើមនៃឈ្មោះថា រុស'ស។ ទ្រឹស្តីសាសនាពន្ធុសាស្ត្របានបង្ហាញថា ឈ្មោះរុស'សគឺជាឈ្មោះសម្តៅលើទឹកដីរូសតេនីបុរាណដែលកាលនុះត្រូវជាផ្នែកមួយនៃមហាពញារដ្ឋលីទុយអានីហើយមានប្រជាជនភាគច្រើនជាជនជាតិស្លាវ កាន់សាសនាគ្រិស្ត។ ទឹកដីរុស'សគឺផ្ទុយពីរុស'ខ្មៅដែលជាទឹកដីកាន់កាប់ដោយពួកបាល់ត៍ដែលគ្មានជំនឿលើសាសនាអ្វីនោះទេ។[21] ទ្រឹស្តីមួយទៀតបានពន្យល់ថាឈ្មោះនោះគឺសម្តៅទៅលើជនជាតិស្លាវនៅក្នុងតំបន់ដែលតែងស្លៀកបំពាក់ពណ៌ស។[20][22] ទ្រឹស្តីទីបីបានប្រាប់ថា ប្រជាជនដែលរស់នៅលើទឹកដីរុសបុរាណដែលមិនធ្លាប់បានកាន់កាប់ដោយពួកតាតារ ត្រូវបានគេច្រើនសម្តៅថារុស'ស។[20] ទ្រឹស្តីទីបួនបានបង្ហាញថា ពណ៌សគឺមានទំនាក់ទំនងជិតដិតជាមួយទិសខាងលិចហើយទឹកដីបេឡារុសគឺជាទឹកដីផ្នែកខាងលិចនៃចក្រភពរូសកៀវនៅរវាងសតវត្សទី៩–១៣។[23]
ពាក្យថា បេឡារុស្ស៊ីយ៉ា គឺតែងនិយមប្រើប្រាស់ដោយជនជាតិរុស្ស៊ីតាំងពីសម័យចក្រភពរុស្ស៊ីរហូតមកដល់អំឡុងឆ្នាំ១៩៩១។ ឈ្មោះផ្លូវការរបស់ប្រទេសនេះគឺ សាធារណរដ្ឋបេឡារុស (ភាសាបេឡសរុស៖ Рэспубліка Беларусь, ភាសារុស្ស៊ី៖ Республика Беларусь)។[24][25] នៅឯប្រទេសរុស្ស៊ីវិញ ពាក្យថាបេឡារុស្ស៊ីយ៉ាគឺនូវតែមានអ្នកប្រើប្រាស់ជារឿយៗ។[26]
នៅរវាងឆ្នាំ៥០០០ ដល់ឆ្នាំ២០០០ មុនគ.ស វប្បធម៌បន្ទាត់កុម្ភភ័ណបានលេចចេញជារូបរាងឡើងនៅលើទ្វីបអឺរ៉ុប។ ក្រៅពីនេះ សំណល់និងមរតកនៃវប្បធម៌ឌីណេព័រ–ដូណេតត្រូវបានគេរកឃើញថាមានវត្តមាននៅលើទឹកដីបេឡារុសនិងផ្នែកខ្លះទៀតនៃប្រទេសអ៊ុយក្រែន។[27] ទឹកដីរបស់ប្រទេសបេឡារុសសព្វថ្ងៃគឺត្រូវបានក្រុមកុលសម្ព័ន្ធបាលទិកចូលមកតាំងទីលំនៅនៅអំឡុងសតវត្សទី៣។ នៅជុំវិញសតវត្សទី៥ តំបន់មួយនេះក៏ត្រូវបានកាន់កាប់ដោយពួកស្លាវ។ ជាលទ្ធផល វប្បធម៌ស្លាវបានហូរចូលមកក្នុងតំបន់នេះដូច្នេះប្រទេសបេឡារុសសព្វថ្ងៃគឺត្រូវជាប្រទេសស្លាវ។[28]
នៅសតវត្សទី៩ ទឹកដីបេឡារុសបានក្លាយជាផ្នែកមួយនៃអាណាចក្ររូសកៀវដែលជារដ្ឋស្លាវខាងកើតដ៏មានអំណាចមួយក្រោមរាជវង្សរូរីគ។ បន្ទាប់ពីព្រះអង្គយ៉ារ៉ូស្លាវទី១ បានសោយទិវង្គត មហារដ្ឋមួយនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីឯករាជ្យតូចៗ។[29] ក្សត្របុរីសំខាន់ៗជាច្រើនត្រូវបានទទួលរងនូវការឈ្លានពាននិងបំផ្លិចបំផ្លាញដោយពួកម៉ុងកូលនៅអំឡុងសតវត្សទី១៣ ប៉ុន្តែទឹកដីបេឡារុសបានចៀសផុតពីការឈ្លានពានទាំងនោះហើយមិនយូរប៉ុន្មានក៏ព្រមចុះចូលជាផ្នែកនៃមហាពញារដ្ឋលីទុយអានី។[30] យោងតាមទិន្នន័យប្រវត្តិសាស្ត្រក្នុងតំបន់បានបង្ហាញថា បេឡារុសបានចងសម្ព័ន្ធភាពនិងព្រមឯកភាពនឹងគោលនយោបាយការបរទេសរបស់ប៉ូឡូតស្កឹនិងលីទុយអានីអស់រយៈពេលជាច្រើនទស្សវត្ត។[31] បន្ទាប់ពីដឹងឮថាពួកម៉ុងកូលនូវតែបន្តប្រតិបត្តិការពង្រីកទឹកដីឆ្ពោះមកទិសខាងលិច ក្សត្របុរីមីនស្កឹបានសូមជ្រកកោនក្រោមអាណាព្យាបាលភាពរបស់លីទុយអានីហើយនៅឆ្នាំ១២៤២ មីនស្កឹក៏បានក្លាយជាផ្នែកនៃមហាពញារដ្ឋលីទុយអានីតែម្តង។
ការចុះចូលជាមួយមហាពញារដ្ឋលីទុយអានីបានបង្កឱ្យមានការបង្រួបបង្រួមសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាតិនៃទឹកដីបេឡារុសឡើងវិញ។[32] ក្នុងចំណោមក្សត្របុរីទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លីទុយអានី ក្នុងនោះមានក្សត្របុរីចំនួន ៩ ដែលមានប្រជាជនជាជនជាតិបេឡារុស។[33] នាសម័យនោះ មហាពញារដ្ឋលីទុយអានីបានចូលរួមក្នុងយុទ្ធនាការយោធាមួយចំនួនដូចជាការប្រយុទ្ធតតាំងនឹងអស្សឫទ្ធិតួតូនិចនៅក្នុងឆ្នាំ១៤១០ និងការទទួលជ័យជម្នះនៅក្នុងសង្គ្រាមមួយចំនួនដែលអនុញ្ញាតឱ្យពញារដ្ឋនោះចូលកាន់កាប់តំបន់ព្រំដែនទិសពាយព្យនៃអឺរ៉ុបខាងកើត។[34]
ក្នុងពេលដំណើរគ្នានេះដែរ មហាពញារដ្ឋម៉ូស្គូក៏ចាប់និម្មិតឡើងហើយនៅឆ្នាំ១៤៨៦ នៅក្រោមរជ្ជកាលរបស់ព្រះបាទអ៊ីវ៉ានទី៣ ម៉ូស្គូបានផ្តើមយុទ្ធនាការយោធាដ៏ធំមួយដោយមានគោលដៅចង់ដណ្តើមយកអតីតទឹកដីនៃរូសកៀវមកវិញ ជាពិសេសគឺទឹកដីបេឡារុសនិងអ៊ុយក្រែន។[35]
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៣៨៦ មហាពញារដ្ឋលីទុយអានីនិងរាជាណាចក្រប៉ូឡូញបានបង្រួមចូលគ្នាជាសហភាពបុគ្គលតាមរយៈការរៀបអភិសេយរវាងមេដឹកនាំរដ្ឋទាំងពីរ។[36] ទីបំផុតនៅឆ្នាំ១៥៦៩ រដ្ឋទាំងពីរក៏យល់ព្រមចុះហត្ថលេខាលើសហភាពលូព្លីនដែលបង្កើតបានជាសហធនរដ្ឋប៉ូឡូញ–លីទុយអានី។[37][38]
នៅក្នុងវប្បធម៌និងជីវិតសង្គមក្នុងរដ្ឋសហភាពនេះ ភាសាប៉ូឡូញគឺជាភាសាដែលគេប្រើប្រាស់ច្រើនជាងគេរីឯសាសនាកាតូលិកវិញគឺជាសាសនាដ៏និយមជាងគេ។ នៅឆ្នាំ១៦៩៦ ភាសារូសតេនីត្រូវបានជំនួសដោយភាសាប៉ូឡូញជាភាសាផ្លូវការ។[39] តែទោះជាយ៉ាងណាក្តី ប្រជាជនរូសតេនីនូវតែបន្តនិយាយភាសារបស់ខ្លួននិងនូវតែគោរពព្រះសហគមន៍កាតូលិកក្រិកបេឡារុស។ ពីដំបូង ច្បាប់លក្ខន្តិកៈត្រូវបានប្រកាសចេញជាភាសារូសតេនីហើយយូរទៅក៏ផ្លាស់ប្តូរចេញជាភាសាប៉ូឡូញវិញ។ អំឡុងឆ្នាំ១៨៦០ ច្បាប់លក្ខន្តិកៈទាំងនោះត្រូវបានលុបបំបាត់ចោលដោយស្តេចត្សាររុស្ស៊ីដែលជាលទ្ធផលនៃព្រឹត្តិការណ៍បះបោរខែវិច្ឆិកា។
សហភាពរវាងប៉ូឡូញនិងលីទុយអានីបានបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ១៧៩៥ បន្ទាប់ពីទឹកដីរបស់រដ្ឋសហភាពមួយនេះត្រូវបានបំបែកបែងចែកគ្នាដោយចក្រភពរុស្ស៊ី ព្រុស និងអូទ្រីស។[40] ទឹកដីបេឡារុសបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ីនៅអំឡុងរជ្ជកាលព្រះអធិរាជានីកាតឺរីនទី២[41] ដោយវាបានក្លាយជាតំបន់រដ្ឋបាលមួយរបស់រុស្ស៊ីរហូតដល់សម័យសង្គ្រាមលោកលើកទី១ គឺនៅពេលដែលអាល្លឺម៉ង់បានចូលឈ្លានពាន។[42]
នៅក្រោមរជ្ជកាលព្រះចៅនីកូឡាសទី១ និងព្រះចៅអាឡិចសាន់ដឺទី៣, វប្បធម៌ជាតិបេឡារុសត្រូវបានហាមឃាត់លែងមិនឱ្យអនុវត្តនិងអភិរក្សទៀតឡើយ។ ប៉ូឡូញវូបនីយកម្មពីមុនត្រូវបានលុបបំបាត់ចោល[43]ហើយត្រូវជំនួសមកវិញនូវរុស្ស៊ីវូបនីយកម្មវិញ[44]ដូចជា ការប្រែពីកាន់សាសនាកាតូលិកមកអូស្សូដក់វិញជាដើម...។ ភាសាបេឡារុសត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅតាមសាលារៀននិងស្ថាប័នអប់រំផ្សេងៗហើយនិស្សិតនិងយុវវ័យបេឡារុសត្រូវបានបង្គាប់ឱ្យនិយាយនិងប្រើប្រាស់ភាសារុស្ស៊ីជានិច្ច។[45]
ដោយសារតែសម្ពាធសេដ្ឋកិច្ចនិងវប្បធម៌នេះហើយបានជាមានការបះបោរមួយផ្ទុះឡើងនៅអំឡុងឆ្នាំ១៨៦៣។ បន្ទាប់ពីការបះបោរបានប្រព្រឹត្តិទៅដោយបរាជ័យ រាជរដ្ឋាភិបាលរុស្ស៊ីបានណែនាំនូវតួអក្សរស៊ីលីរីកមកប្រជាជនបេឡារុសនៅឆ្នាំ១៨៦៤ ហើយឯកសារមួយណាដែលសរសេរចេញជាភាសាបេឡារុសនឹងមិនត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលរុស្ស៊ីឡើយរហូតដល់ឆ្នាំ១៩០៥។[46]
នៅអំឡុងពេលចរចាក្នុងសន្ធិសញ្ញាប្រេស្ត-លីតូវស្ក ប្រទេសបេឡារុសបានប្រកាសឯករាជ្យខណៈដែលកំពុងនូវក្រោមការត្រួតត្រារបស់អាល្លឺម៉ង់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩១៨ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតបេឡារុស។[47][48] បន្ទាប់ពីប្រកាសបង្កើតរួច សង្គ្រាមប៉ូឡូញ–សូវៀតក៏បានផ្ទុះឡើងភ្លាមៗហើយជាលទ្ធផល ទឹកដីបេឡារុសត្រូវបានបែងចែកជាពីរផ្នែកដោយមួយផ្នែកស្ថិតនៅក្រោមប៉ូឡូញនិងមួយផ្នែកទៀតស្ថិតនៅក្រោមសហភាពសូវៀត។[49]
សាធារណរដ្ឋប្រជាមានិតបេឡារុសគឺជារដ្ឋឯករាជ្យដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់បេឡារុស។ វាមានអត្ថិភាពពីឆ្នាំ១៩១៨ រហូតដល់ឆ្នាំ១៩១៩។ ទោះជាជាមានការខិតខំប្រឹងប្រែងយ៉ាងណា វត្តមាននៃប្រទេសបេឡារុសគឺនូវមិនទាន់មាននៅឡើយទេព្រោះថាទឹកដីរបស់ខ្លួនត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់កងទ័ពរាជាធិរាជអាល្លឺម៉ង់និងកងទ័ពរាជាធិរាជរុស្ស៊ីមុននិងនៅអំឡុងសង្គ្រាមលោកលើកទី១ ហើយក្រោយចប់សង្គ្រាម ទឹកដីរបស់ពួកគេក៏បានធ្លាក់ក្រោមការត្រួតត្រារបស់កងទ័ពក្រហមបុលសេវិកវិញ។[50]
នៅឆ្នាំ១៩១៩ ទឹកដីបេឡារុសមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ីបានលេចឡើងចេញជា សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស (សសសប)។ ក្រោយបន្តិចមក វាក៏ត្រូវបានរួមបញ្ចូលជាមួយទឹកដីលីទុយអានីដោយបង្កើតបាន សាធារណរដ្ឋសង្គមនិយមសូវៀតលីទុយអានីនិងបេឡារុស។ ប៉ុន្តែរដ្ឋរណបមួយនេះត្រូវបានបំបែកចែកគ្នារវាងប្រទេសប៉ូឡូញនិងសហភាពសូវៀតនៅក្នុងឆ្នាំ១៩២១ ហើយ សសសប ក៏ត្រូវបានបង្កើតឡើងវិញរួចវាបានក្លាយជារដ្ឋសមាជិកស្ថាបនិកនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩២២។[47][51] នៅអំឡុងទសវត្សរ៍ឆ្នាំ១៩២០ និងឆ្នាំ១៩៣០ គោលនយោបាយសេដ្ឋកិច្ចនិងកសិកម្មសូវៀតបានបង្កឱ្យមានគ្រោះទុរ្ភិក្សនិងវិបត្តិនយោបាយនៅស្ទើរទូទាំងសហភាព។[52]
ងាកមកទឹកដីផ្នែកខាងលិចដែលស្ថិតនៅក្រោមប្រទេសប៉ូឡូញវិញ,[53][54][55] ក្រោយពីសង្គ្រាមជាមួយសូវៀតបានបញ្ចប់ ជម្លោះរវាងរដ្ឋាភិបាលប៉ូឡូញនិងសមាគមជនជាតិភាគតិចបានផ្ទុះឡើងហើយក្នុងនោះក៏មានជនជាតិបេឡារុសផងដែរ។[56][57] ប៉ូឡូញវូបនីយកម្មដែលកំពុងតែប្រព្រឹត្តិទៅគឺត្រូវបានផ្តួចផ្តើមឡើងដោយចលនាប្រជាធិតេយ្យជាតិប៉ូឡូញដោយចលនាមួយនេះបានហាមឃាត់នូវការអនុវត្តនិងការអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិអ៊ុយក្រែននិងបេឡារុស។[58] អង្គការនយោបាយបេឡារុសមួយឈ្មោះថា សហភាពកម្មករនិងកសិករបេឡារុសត្រូវបានរំលាយចោលនៅក្នុងឆ្នាំ១៩២៧ បន្ទាប់ពីទទួលបានការគំរាមកំហែងធ្ងន់ធ្ងរពីរដ្ឋាភិបាលប៉ូឡូញហើយបើនរណាហ៊ានប្រឆាំងនោះនឹងត្រូវទទួលបានការគាបសង្កត់គ្រប់បែបយ៉ាង។[56][57] ដោយសារតែជនជាតិបេឡារុសរស់នៅលើទឹកដីប៉ូឡូញមានចំនួនតិចដូច្នេះ កុបកម្មបះបោរបេឡារុសគឺមិនសូវជាបញ្ហាធំសម្រាប់រដ្ឋាភិបាលប៉ូឡូញនោះទេ។ រដ្ឋាភិបាលប៉ូឡូញច្រើនតែផ្តោតទៅលើការបង្ក្រាបកុបកម្មរបស់ជនជាតិភាគតិចអ៊ុយក្រែនដែលមានចំនួនលើសលប់ពីជនជាតិបេឡារុសឆ្ងាយហើយម្យ៉ាងវិញទៀតគឺជនជាតិអ៊ុយក្រែនរាងសកម្មខាងផ្នែកនយោបាយជាងប្រជាជនបេឡារុស។[56][57] បន្ទាប់ពីមរណភាពរបស់លោកហ្សូសែហ្វ ភីលស៊ូតស្គី (ប្រធានាធិបតីប៉ូឡូញ) នៅឆ្នាំ១៩៣៥ រលកនៃការគាបសង្កត់ថ្មីត្រូវបានបញ្ចេញមកលើជនជាតិភាគតិតដូចជា៖ ការបិទព្រះវិហារអូស្សូដក់និងសាលារៀន[56][57] លែងឱ្យប្រើប្រាស់ភាសាជាតិ[59] ហើយមេដឹកនាំចលនានិងអង្គការគ្រប់ប្រភេទរបស់បេឡារុសត្រូវបានចាប់ដាក់ពន្ធនាគារ។ល។[60]
នៅឆ្នាំ១៩៣៩ អាល្លឺម៉ង់ណាស៊ីនិងសហភាពសូវៀតបានព្រួតគ្នាវាយចូលឈ្លានពាននិងត្រួតត្រាប្រទេសប៉ូឡូញហើយឆាកសង្គ្រាមនៅអឺរ៉ុបក៏បានផ្ទុះឡើង។ សូវៀតបានកាត់យកទឹកដីប៉ូឡូញខាងលិចស្ទើរទាំងអស់ដោយមានរួមទាំងទឹកដីបេឡារុសផងដែរ ហើយជាលទ្ធផល សសសប ក៏បានបង្រួបបង្រួមគ្នាឡើងសារជាថ្មី។[12][13][14][61] ក្រុមប្រឹក្សាប្រជាជនបេឡារុសត្រូវបានតាងឡើងជារដ្ឋបាលក្នុងតំបន់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៣៩។ នៅឆ្នាំ១៩៤២ អាល្លឺម៉ង់ក៏សម្រេចចិត្តចូលឈ្លានពានសហភាពសូវៀតដោយគេបានសម្តៅលើប្រតិបត្តិការឈ្លានពាននេះថា ប្រតិបត្តិការបាបារ៉ូសា។
យោងតាមស្ថិតិ បេឡារុសគឺជារដ្ឋមួយក្នុងចំណោមសាធារណរដ្ឋសូវៀតទាំងអស់ដែលបានទទួលរងនូវផលប៉ះពាល់ច្រើនជាងគេនៅក្នុងសង្គ្រាមលោកលើកទី២ ហើយបានធ្លាក់ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់រហូតដល់ឆ្នាំ១៩៤៤។ នៅខណៈពេលកំពុងត្រួតត្រា អាល្លឺម៉ង់បានបំផ្លិចបំផ្លាញទីក្រុងចំនួន ២០៩ ក្នុងចំណោមទីក្រុងសរុបចំនួន ២៩០, ៨៥% នៃឧស្សាហកម្មបេឡារុសត្រូវបានបាត់បង់ និងរួមជាមួយអគារជាងមួយលានខ្នង។[15] ផែនការជេនណេរ៉ូលផ្លង់អូស្តរបស់អាល្លឺម៉ង់បានបង្កឱ្យមានសកម្មភាពប្រល័យពូជសាសន៍នៅតាមតំបន់អឺរ៉ុបកណ្តាលនិងខាងលិច ពិសេសគឺរដ្ឋបេឡារុសនោះឯង។[62] ទឹកដីបេឡារុសខាងលិចបានក្លាយជាផ្នែកនៃរ៉ៃស៍ស្កូមីស្សារីអាតអូស្តឡង់នៅក្នុងឆ្នាំ១៩៤១ ប៉ុន្តែនៅឆ្នាំ១៩៤៣ អាជ្ញាធរអាល្លឺម៉ង់ក្នុងស្រុកបានសម្រេចបង្កើតរដ្ឋរណបមួយឈ្មោះថារ៉ាដាកណ្តាលបេឡារុស។[63]
សង្គ្រាមរវាងអាល្លឺម៉ង់នឹងសូវៀត (១៩៤១–៤៤) បានផ្តល់វិបត្តិនិងបញ្ហាជាច្រើនដល់ប្រជាជាតិបេឡារុស។ ប្រជាជនបេឡារុសជាង ១,៦ លាននាក់ និងទាហានបេឡារុសប្រមាណ ៦២០,០០០ នាក់ត្រូវបានបាត់បង់ជីវិត[64]ហើយបើគិតជាភាគរយគឺស្មើនឹង ២៥% នៃចំនួនប្រជាជនសរុប។[65] ប្រជាជនបេឡារុសដែលមានដើមកំណើតជ្វីហ្វត្រូវបានទាហានអាល្លឺម៉ង់ចាប់ធ្វើទារុណកម្មនិងបង្អត់ចំណីអាហារនៅក្នុងជំរុំឃុំឃាំងហើយនេះគឺជាមូលហេតុចម្បងមួយដែលបង្ហាញពីវត្តមានតិចតួចនៃជនជាតិជ្វីហ្វនៅលើទឹកដីប្រទេសបេឡារុសសព្វថ្ងៃ។[15][66][67] ចំនួនប្រជាជនសរុបនៅបេឡារុសមិនបានទទួលកំណើនអ្វីឡើយក្រោយពីសង្គ្រាមបានបញ្ចប់ លុះដល់ឆ្នាំ១៩៧១ ទើបកំណើនបានកើនឡើងវិញ។[66]
នៅក្រោយសង្គ្រាម បេឡារុសបានក្លាយជារដ្ឋសមាជិកស្ថាបនិកទាំង ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយដូចនេះទើបបេឡារុសមានសិទ្ធិបោះឆ្នោតលើអ្វីៗនៅលើឆាកអង្គការសហប្រជាជាតិ។ ព្រំដែនរវាងប្រទេសប៉ូឡូញនិងបេឡារុសត្រូវបានរៀបចំសារជាថ្មីដោយផ្អែកលើខ្សែបន្ទាត់កាហ្សុនដែលបានស្នើកាលពីឆ្នាំ១៩១៩។[42]
មេដឹកនាំសូវៀតលោកហ្សូសែហ្វ ស្តាលីនបានអនុវត្តសូវៀតវូបនីយកម្មដើម្បីផ្តាច់បេឡារុសចេញពីឥទ្ធិពលលោកខាងលិច។[66] គោលនយោបាយនេះបានប្រព្រឹត្តិទៅតាមរយៈការបញ្ជូនអ្នកនយោបាយរុស្ស៊ីពីគ្រប់ផ្នែកនៃសហភាពសូវៀតទៅកាន់កាប់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលបេឡារុស។ បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ លោកនីគីតា គ្រូឆេវបានឡើងកាន់តំណែងជាមេដឹកនាំបន្តដោយលោកបានអនុវត្តនូវគោលនយោបាយរបស់ស្តាលីនដដែរ។[66]
អ្នកនយោបាយកុម្មុយនីស្តសូវៀតបេឡារុសម្នាក់ឈ្មោះអានឌ្រី ក្រូម៉ៃកាបានចូលបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសសូវៀត (១៩៥៧–៨៥) និងជាប្រធាននៃគណៈប្រធានសូវៀតកំពូល (១៩៨៥–៨៨) ដោយលោកជាអ្នកនយោបាយសញ្ជាតិបេឡារុសដ៏សំខាន់បំផុតនាសម័យនោះនិងជាអ្នកទទួលខុសត្រូវលើគោលនយោបាយការបរទេសសូវៀតស្ទើរទាំងស្រុង។[68] នៅឆ្នាំ១៩៨៦ បរិយាកាសនៃរដ្ឋបេឡារុសបានទទួលនូវការធ្លាក់វិទ្យុសកម្មនុយក្លេអ៊ែរច្រើនបំផុត (៧០%) ពីបន្ទុះរោងចក្រថាមពលនៅឈើណូប៊ីលដែលមានចម្ងាយ ១៦ គីឡូម៉ែត្រពីទឹកដីអ៊ុយក្រែន។[69][70]
នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ សេរីភាវូបនីយកម្មនយោបាយបាននាំឱ្យឥទ្ធិពលជាតិនិយមងើបឡើងវិញ ដោយមានរណសិរ្សប្រជាជនបេឡារុសជាកម្លាំងគាំទ្រឯករាជ្យដ៏សំខាន់មួយ។[71][72]
នៅខែមីនា ឆ្នាំ១៩៩០ ការបោះឆ្នោតដើម្បីអាសនៈនៅក្នុងសភាកំពូលសូវៀតនៃ សសស បេឡារុសត្រូវបានប្រព្រឹត្តិធ្វើឡើង។ ទោះបីជារណសិរ្សប្រជាជនបេឡារុសបានដណ្តើមអាសនៈបានតែ ១០% ក៏ដោយតែប្រជាជនភាគច្រើនបានចូលរួមគាំទ្រដល់ចលនាមួយនេះ ជាពិសេសគឺសមាជិកដែលបានជ្រើសតាំងនៅក្នុងសភា។[73] រដ្ឋបេឡារុសបានប្រកាសពីអធិបតេយ្យភាពរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៣ តាមរយៈការចេញប្រកាសនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពរដ្ឋនៃសាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស។[74]
ដោយមានការគាំទ្រពីបក្សកុម្មុយនិស្ត ឈ្មោះផ្លូវការរបស់ប្រទេសនេះត្រូវបានប្តូរមក សាធារណរដ្ឋបេឡារុស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩១។[73] នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ ប្រធាននៃសភាកំពូលសូវៀតបេឡារុសលោកស្តានីស្លាវ ស៊ូសកេវិចបានជួបជាមួយនឹងមេដឹកនាំរុស្ស៊ីលោកបូរីស យែលស៊ីននិងមេដឹកនាំអ៊ុយក្រែនលោកឡេអូនីត ក្រាវឈូកដណ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរំលាយសហភាពសូវៀតចោលជាផ្លូវការនិងការបង្កើតសហគមន៍នៃរដ្ឋឯករាជ្យឡើង។[73]
រដ្ឋធម្មនុញ្ញជាតិមួយត្រូវបានអនុម័តនៅខែមីនា ឆ្នាំ១៩៩៤ ដោយមុខងារនាយករដ្ឋមន្ត្រីពីមុនត្រូវបានប្រគល់មកឱ្យប្រធានាធិបតីបេឡារុស ការបោះឆ្នោតប្រធានាធិបតីបានប្រព្រឹត្តិទៅចំនួនពីរលើក (២៤ មិថុនា ១៩៩៤ និង ១០ កក្កដា ១៩៩៤)[75] ហើយជាលទ្ធផល លោកអាឡិចសាន់ដឺ លូកាសិនកូក៏បានជាប់ឆ្នោតក្លាយជាមេដឹកនាំនៃប្រជាជាតិថ្មីមួយនេះដោយលោកបានទទួលសម្លេងឆ្នោត ៤៥% ក្នុងដំណើរបោះឆ្នោតលើកទីមួយរួចទទួលបាន ៨០%[73] ក្នុងដំណើរបោះឆ្នោតលើកទីពីរ។ លូកាសិនកូបានជាប់ឆ្នោតម្តងហើយម្តងទៀតជាបន្តបន្ទាប់គ្នានៅក្នុងការបោះឆ្នោតឆ្នាំ២០០១, ២០០៦, ២០១០ និងឆ្នាំ២០១៥។ ជាយូរណាស់មកហើយ រដ្ឋាភិបាលលោកខាងលិចមួយចំនួន[76]រួមជាមួយអង្គការលើកលែងទោសអន្តរជាតិ[19] និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស[77]បានរិះគន់រដ្ឋាភិបាលលោកលូកាសិនកូយ៉ាងខ្លាំងដោយចោតប្រកាន់ថាជារដ្ឋាភិបាលផ្តាច់ការ។
ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីបានទទួលឥទ្ធិពលពីប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំមកទីបំផុតលោកលូកាសិនកូក៏បានសម្រេចចិត្តជំរុញនិងគាំទ្រនូវអត្តសញ្ញាណជាតិបេឡារុស។ ជាលើកដំបូង លោកលូកាសិនកូបានថ្លែងសុន្ទរកថាជាភាសាបេឡារុស (ជាជាងភាសារុស្ស៊ីដែលប្រជាជនបេឡារុសមួយចំនួនធំបាននិយាយប្រើប្រាស់ដូចភាសាចម្បងរបស់ពួកគេអញ្ចឹង)។ ក្នុងសុន្ទរកថានោះផងដែរ លោកលូកាសិនកូបានមានប្រសាសន៍ថា "យើងមិនមែនជាប្រជាជនរុស្ស៊ីទេ—តែយើងជាជនជាតិបេឡារុស" ហើយបន្ទាប់មកលោកបានលើកទឹកចិត្តប្រជាជនទាំងឡាយឱ្យប្រើប្រាស់ភាសាបេឡារុសឱ្យកាន់តែច្រើន។ ជម្លោះពាណិជ្ជកម្ម វិវាទព្រំដែន និងឥរិយាបថថ្មីរបស់ពួកមន្ត្រីដែលចាប់ផ្តើមស្តាប់និងយល់ព្រមនឹងសំលេងប្រឆាំងគឺសុទ្ធតែជាផ្នែកមួយនៃទំនាក់ទំនងដែលកំពុងធ្លាក់ចុះដុនដាបជាមួយរុស្ស៊ីនាពេលនោះ។[78]
នៅឆ្នាំ២០១៩ លោកលូកាសិនកូបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីននៅឯទីក្រុងសូឈី ប្រទេសរុស្ស៊ីហើយបានប្រកាសថាប្រទេសទាំងពីរ"អាចបង្រួបបង្រួមនៅថ្ងៃស្អែកដោយគ្មានបញ្ហា"។[79] វាគឺជាគំនិតមួយដែលពូទីនតែងតែគាំទ្រកន្លងមក អ្នកសង្កេតការណ៍បានចាត់ទុកផែនការនេះថាជាបំណងប្រាថ្នារបស់ពូទីនដោយវាអាចជួយឱ្យលោកបន្តកាន់អំណាចលើសពីឆ្នាំ២០២៤ ទៅទៀត។[80] ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រនយោបាយមួយរូបឈ្មោះមីខាអ៊ីល វីណូក្រាដូវបានពន្យល់ថា"លូកាសិនកូនឹងសម្តែងជាអ្នកមាំមួនក្លាហាននៅមុខសាធារណជនខ្លួនតែបែរជាព្យាយាមធ្វើខ្លួនខ្សោយនៅមុខពូទីន" លោកអាតយូម ស្ត្រៃម៉ាន់ដែលមកពីមជ្ឈមណ្ឌលម៉ូស្គូកាណេជីបានលើកឡើងថា"ម៉ូស្គូអាចទំនងជាបរាជ័យនៅក្នុងការរកមូលដ្ឋានរបស់ខ្លួននៅក្នុងចំណោមប្រជាជនបេឡារុស"។[81]
បាតុកម្មដ៏ធំមួយបានផ្ទុះឡើងនៅពាសពេញផ្ទៃប្រទេសបន្ទាប់ពីការចេញនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីបេឡារុសឆ្នាំ២០២០[82] ដោយគេឃើញថាលោកលូកាសិនកូនឹងកាន់អំណាចមួយអាណត្តិបន្តទៀត។[83] មេដឹកនាំរុស្ស៊ីនិងសហភាពអឺរ៉ុបបានព្រមានថាអាចនឹងមានការចូលធ្វើអន្តរាគមន៍ពីសំណាក់អន្តរជាតិនៅក្នុងកិច្ចការផ្ទៃក្នុងរបស់បេឡារុស។[84][85][86] រដ្ឋាភិបាលលីទុយអានីបានយល់ព្រមផ្តល់នូវទីកន្លែងជ្រកកោនដល់បេក្ខជនបក្សប្រឆាំងបេឡារុសសំខាន់ៗដូចលោកស្រីស្វីតឡាណា ទីកាណូវស្កាយ៉ា និងសមាជិកក្រុមប្រឆាំងដទៃទៀត។[87][88][89] ប្រទេសប៉ូឡូញក៏បានគាំទ្រក្រុមបក្សប្រឆាំងទាំងនោះផងដែរ។[90][91] ក្រោយពីការបោះឆ្នោត លូកាសិនកូមិនត្រូវបានសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកទទួលស្គាល់ថាជាប្រធានាធិបតីស្របច្បាប់របស់បេឡារុសតទៅទៀតឡើយ។[92][93] មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបនិងអាមេរិកបានរួមគ្នាដាក់ទណ្ឌកម្មនយោបាយលើមន្ត្រីជាន់ខ្ពស់បេឡារុសមួយចំនួនដោយចោតប្រកាន់មន្ត្រីទាំងនោះថាបានលួចបន្លំសន្លឹកឆ្នោតនិងគាបសង្កត់មកលើបាតុករ។[94]
ប្រទេសបេឡារុសគឺស្ថិតនៅរយៈទទឹង ជ ៥១° និង ៥៧° និងរយៈបណ្តោយ ក ២៣° និង ៣៣°។ ទឹកដីបេឡារុសពីជើងទៅត្បូងគឺមានចម្ងាយ ៥៦០ គម រីឯពីលិចទៅកើតគឺមានចម្ងាយ ៦៥០ គម។[95] ប្រទេសនេះមិនមានព្រំដែនជាប់នឹងសមុទ្រអ្វីនោះទេហើយសណ្ឋានដីគឺមានលក្ខណៈជាខ្ពង់រាបដែលសម្បូរទៅដោយដីភក់ច្រើន។[96] ផ្ទៃដីបេឡារុសប្រមាណ ៤០% គឺគ្របដណ្តប់ទៅដោយព្រៃឈើ។[97][98] ប្រទេសបេឡារុសគឺស្ថិតនៅក្នុងតំបន់អេកូឡូស៊ីចំនួន ២ គឺ៖ ព្រៃចម្រុះសាម៉ាទិចនិងព្រៃចម្រុះអឺរ៉ុបកណ្តាល។[99]
បឹងធំតូចចំនួន ១១,០០០ និងអូរជាច្រើនត្រូវបានរកឃើញក្នុងប្រទេសបេឡារុស។[96] ទន្លេធំៗចំនួនបីបានហូរឆ្លងកាត់ប្រទេសនេះមាន៖ ទន្លេណេម៉ាន់ ព្រីបយ៉ាត់ និងទន្លេឌីណេព័រ។ ទន្លេណាម៉ាន់គឺហូរទៅកាន់ទិសខាងលិចឆ្ពោះទៅសមុទ្របាល់ទិករីឯទន្លេព្រីបយ៉ាត់គឺហូរសម្តៅទៅឌីណេព័រហើយទន្លេឌីណេព័របន្តហូរឆ្ពោះទៅទិសខាងត្បូងចូលទៅក្នុងសមុទ្រខ្មៅ។[100]
ចំណុចខ្ពស់បំផុតក្នុងប្រទេសនេះគឺភ្នំឌីស៊ែរជីនស្គី (៣៤៥ ម៉ែត្រ) រីឯចំណុចទាបបំផុតគឺស្ថិតនៅលើទន្លេណេម៉ាន់ (៩០ ម៉ែត្រ)។[96] កម្ពស់មធ្យមរបស់បេឡារុសគឺ ១៦០ ម៉ែត្រលើនីវ៉ូទឹក។[101] អាកាសធាតុក្នុងប្រទេសនេះមានលក្ខណៈជាអាកាសធាតុត្រជាក់មធ្យមនិងត្រជាក់ខ្លាំងដោយនៅខែមករាមានសីតុណ្ហភាពអប្បបរមាចាប់ពី -៤°C នៅតំបន់និរតីទៅ -៨°C នៅតំបន់ពាយព្យ។ ប្រទេសនេះក៏មានរដូវក្តៅសើមផងដែរដោយមានសីតុណ្ហភាពជាមធ្យម ១៨°C។[102] ប្រទេសបេឡារុសទទួលទឹកភ្លៀងជាមធ្យមពី ៥៥០ ទៅ ៧០០ មីល្លីម៉ែត្រ (mm) ជារៀងរាល់ឆ្នាំ។[102]
ធនធានធម្មជាតិនៅក្នុងប្រទេសនេះមានដូចជា៖ រុក្ខជាតិពុក ចំនួនបរិមាណតិចតួចនៃប្រេងនិងឧស្ម័នធម្មជាតិ ថ្មក្រានីត ថ្មកំបោរ ដីស ដីខ្សាច់ ដីក្រួស និងដីឥដ្ឋ។ល។[96] ឥទ្ធិពលវិទ្យុសកម្មប្រហែល ៧០% ពីបទ្ទវហេតុនុយក្លេអ៊ែរទីក្រុងឈើណូប៊ីលនៅប្រទេសអ៊ុយក្រែនបានរសាត់ចូលមកក្នុងប្រទេសបេឡារុសដែលជាហេតុនាំឱ្យផ្ទៃដីបេឡារុសមួយភាគប្រាំ (ដីស្រែចម្ការនិងព្រៃឈើនៅតំបន់ភាគអាគ្នេយ៍) ទទួលរងផលប៉ះពាល់ខ្លាំង។[103] អង្គការសហប្រជាជាតិនិងទីភ្ញាក់ងារផ្សេងៗទៀតបានចាត់វិធានការកាត់បន្ថយកម្រិតវិទ្យុសកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ជាពិសេសគឺតាមរយៈការប្រើប្រាស់ធាតុសេស្យូមនិងការដាំដុះគ្រាប់កាណូឡាដើម្បីកាត់បន្ថយកម្រិតសេស្យូម-១៣៧ នៅក្នុងផ្ទៃដី។[104][105]
បេឡារុសមានព្រំដែនជាប់នឹងប្រទេសឡេតូនីនៅភាគខាងជើង ប្រទេសលីទុយអានីនៅភាគពាយព្យ ប្រទេសប៉ូឡូញនៅភាគខាងលិច ប្រទេសរុស្ស៊ីនៅភាគខាងជើងនិងកើត និងប្រទេសអ៊ុយក្រែននៅភាគខាងត្បូង។ សន្ធិសញ្ញាឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ បានកំណត់ព្រំដែនបេឡារុសជាមួយនឹងប្រទេសឡេតូនីនិងលីទុយអានី ហើយបន្ទាប់មក បេឡារុសបានធ្វើសច្ចាប័នលើសន្ធិសញ្ញាឆ្នាំ១៩៩៧ ដោយបង្កើតបានព្រំដែនបេឡារុស–អ៊ុយក្រែននៅឆ្នាំ២០០៩។[106] បេឡារុសនិងលីទុយអានីបានធ្វើសច្ចាប័នជាលើកចុងក្រោយលើឯកសារកំណត់ព្រំដែននៅខែកុម្ភៈ ឆ្នាំ២០០៧។[107]
បេឡារុសគឺជាសាធារណរដ្ឋប្រធានាធិបតីនិយមដែលដឹកនាំដោយប្រធានាធិបតីនិងរដ្ឋសភា។ ប្រធានាធិបតីនីមួយៗអាចបម្រើការបានរយៈពេលប្រាំឆ្នាំក្នុងមួយអាណត្តិ។ នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៤ ប្រធានាធិបតីអាចបម្រើការបានតែពីរឆ្នាំប៉ុណ្ណោះប៉ុន្តែកំណែប្រែរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៤ បានលុបចោលនូវការកំណត់អាណត្តិនោះ។[108] លោកអាឡិចសាន់ដឺ លូកាសិនកូបានបម្រើការជាប្រធានាធិបតីបេឡារុសចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។ នៅឆ្នាំ ១៩៩៦ លោកលូកាសិនកូបានអំពាវនាវឱ្យមានការបោះឆ្នោតចម្រូងចម្រាសមួយដើម្បីពន្យាររយៈពេលនៃអាណត្តិប្រធានាធិបតីពី ៥ ឆ្នាំទៅ ៧ ឆ្នាំហើយជាលទ្ធផលការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តិទៅនៅក្នុងឆ្នាំ១៩៩៩ ត្រូវបានរុញច្រានមកនៅឆ្នាំ២០០១ ទៅវិញ។ ប្រជាមតិក្នុងការពន្យាអាណត្តិនោះត្រូវបានប្រធានការិយាល័យបោះឆ្នោតលោកវិចទ័រ ហាន់ឆាប្រកាសថាមានការក្លែងបន្លំដ៏"អស្ចារ្យ" ដោយឮដូច្នេះ មន្ត្រីរដ្ឋាភិបាលបានដកលោកចេញពីតំណែងភ្លាមៗ។[109] រដ្ឋសភាជាតិគឺជាសភាពីរថ្នាក់ដែលមានសមាជិកសភាតំណាងរាស្ត្រចំនួន ១១០ រូប (សភាជាន់ទាប) និងសមាជិកក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋចំនួន ៦៤ រូប (សភាជាន់ខ្ពស់)។[110]
សភាតំណាងរាស្រ្តមានអំណាចក្នុងការតែងតាំងនាយករដ្ឋមន្រ្តី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អំពាវនាវឱ្យមានការបោះឆ្នោតទុកចិត្តលើនាយករដ្ឋមន្រ្តី និងផ្តល់យោបល់លើគោលនយោបាយការបរទេសនិងក្នុងស្រុក។[111] ក្រុមប្រឹក្សានៃសាធារណរដ្ឋគឺមានអំណាចក្នុងការជ្រើសរើសមន្រ្តីរដ្ឋាភិបាលផ្សេងៗ ធ្វើការប្តឹងប្តលប្រធានាធិបតី និងទទួលយកឬបដិសេធវិក័យប័ត្រដែលអនុម័តដោយសភាតំណាងរាស្រ្ត។ អង្គជំនុំជម្រះនីមួយៗមានសមត្ថភាពក្នុងការបដិសេធនូវច្បាប់ណាមួយដែលបានអនុម័តដោយមន្រ្តីមូលដ្ឋានប្រសិនបើវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។[112]
ទីស្តីការគណៈរដ្ឋមន្ត្រីគឺជារដ្ឋាភិបាលនៃប្រទេសបេឡារុសដែលដឹកនាំដោយនាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីចំនួន ៥ រូប។[113] សមាជិកគណៈរដ្ឋមន្ត្រីគឺត្រូវតែងតាំងដោយប្រធានាធិបតីហើយពួកគេមិនចាំបាច់ជាសមាជិកសភានោះឡើយ។ ស្ថាប័នតុលាការមានតុលាការកំពូលនិងតុលាការសំខាន់ៗមួយចំនួនដូចតុលាការធម្មនុញ្ញជាដើមដែលមានតួនាទីដោះស្រាយបញ្ហាទាក់ទងនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ធុរកិច្ចផ្សេងៗ។ ចៅក្រមនៃតុលាការជាតិគឺត្រូវបានតែងតាំងដោយប្រធានាធិបតីនិងត្រូវទទួលយល់ព្រមពីក្រុមប្រឹក្សានៃសាធារណរដ្ឋ។ តុលាការដែលទទួលខុសត្រូវលើករណីព្រហ្មទណ្ឌគឺតុលាការកំពូល។ រដ្ឋធម្មនុញ្ញបេឡារុសបានហាមឃាត់មិនឱ្យមានវត្តមានតុលាការក្រៅប្រព័ន្ធពិសេសនោះទេ។[112]
ប្រព័ន្ធផ្សព្វផ្សាយខ្លះៗនិងរួមទាំងអ្នកនយោបាយមួយចំនួនបានចាត់ទុកប្រទេសបេឡារុសថាជា"ប្រទេសផ្តាច់ការចុងក្រោយបង្អស់នៃទ្វីបអឺរ៉ុប"[114][115][116][117] ចំណែកឯលូកាសិនកូវិញបានអះអាងនិងចាត់ទុករដ្ឋាភិបាលលោកថាជារដ្ឋាភិបាលប្រជាធិបតេយ្យដែលមាន"របៀបដឹកនាំបែបផ្តាច់ការ"។[108] ក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសបេឡារុសចេញពីថ្នាក់រដ្ឋសង្កតការណ៍របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៧ មកម្លេះបន្ទាប់ពីយល់ឃើញថាការបោះឆ្នោតឆ្នាំ១៩៩៦ មានភាពមិនប្រក្រតី។[118][119] ដើម្បីក្លាយជាសមាជិកពេញលេញ ក្រុមប្រឹក្សាអឺរ៉ុបបានតម្រូវឱ្យរដ្ឋាភិបាលបេឡារុសចូលគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។[120]
នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០០៤ គ្មានគណបក្សប្រឆាំងនិងគណបក្សគាំទ្រលូកាសិនកូណាដណ្តើមបានអាសនៈសម្បីតែមួយ។ អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្ដិការអឺរ៉ុប (OSCE) បានសម្រេចថាការបោះឆ្នោតនោះមិនមានភាពយុត្តិធម៌នោះទេពីព្រោះបេក្ខជនខាងបក្សប្រឆាំងត្រូវបានរដ្ឋាភិបាលបដិសេដមិនឱ្យចូលរួមហើយដំណើរនៃការបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីតែគាំទ្រអ្នកកាន់អំណាចប៉ុណ្ណោះ។[121]
នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៦ លូកាសិនកូត្រូវបានតវ៉ាប្រឆាំងដោយលោកអាឡិចសាន់ដឺ មីលីនកេវិចដែលជាអ្នកតំណាងក្រុមសម្ព័ន្ធនៃបក្សប្រឆាំង និងលោកអាឡិចសាន់ដឺ កាស៊ូលីននៃបក្សសង្គមប្រជាធិបតេយ្យ។ លោកកាស៊ូលីនត្រូវបានកងកម្លាំងនគរបាលវាយដំនិងចាប់ខ្លួននៅអំឡុងព្រឹត្តិការណ៍បាតុកម្មនៅជុំវិញសភាប្រជាជនបេឡារុសរួម។ លោកលូកាសិនកូក៏បានជាប់ឆ្នោតនាឆ្នាំនោះដែរដោយទទួលបានសម្លេងគាំទ្រប្រមាណ ៨០%, សហព័ន្ធរុស្ស៊ីនិងបណ្តាប្រទេស ស.រ.ឯ បានចាត់ទុកការបោះឆ្នោតនោះជាការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌[122] ខណៈដែល OSCE និងអង្គការមួយចំនួនទៀតបានគិតផ្ទុយទៅវិញដោយរួមគ្នាហៅការបោះឆ្នោតនោះថាអយុត្តិធម៌និងមិនស្មើភាព។[123]
លោកលូកាសិនកូបានទទួលសម្លេងគាំទ្រប្រមាណ ៨០% ម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលជាហេតុនាំឱ្យលោកបន្តកាន់អំណាចក្នុងនាមជាប្រធានាធិបតី។ បេក្ខជនខាងបក្សប្រឆាំងគឺលោកអានឌ្រី សាននីកូវបានទទួលសម្លេងគាំទ្របានតែ ៣% ប៉ុណ្ណោះខណៈដែលអ្នកសង្កេតការណ៍ឯករាជ្យនិងអ្នកតំណាងប្រទេសផ្សេងៗបាននិយាយរិះគុណការបោះឆ្នោតនេះថាមានការបន្លំសន្លឹកឆ្នោតធ្ងន់ធ្ងរ។ ជាការឆ្លើយតបទៅនឹងលទ្ធផល ប្រជាជនបេឡារុសរាប់ពាន់នាក់បាននាំគ្នាចេញទៅធ្វើបាតុកម្មនៅឯទីក្រុងមីនស្កឹ។ បាតុករនិងបេក្ខជនបក្សប្រឆាំងជាច្រើនរូបត្រូវបានកម្លាំងកងជីវពលរដ្ឋបង្ក្រាបនិងចាប់ដាក់ពន្ធនាគារហើយខ្លះត្រូវបានចាប់ដាក់ឃុំឃាំងនៅតាមគេហដ្ឋានរៀងៗខ្លួន។[124][125][126]
សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុសគឺជារដ្ឋមួយក្នុងចំណោមសាធារណរដ្ឋសូវៀតចំនួនពីរ (រួមជាមួយអ៊ុយក្រែន) ដែលបានចុះចូលជាសមាជិកអង្គការសហប្រជាជាតិដំបូងនៅក្នុងឆ្នាំ១៩៤៥។[127] ចាប់តាំងពីពេលបែកបាក់ពីសហភាពសូវៀតមក បេឡារុសនិងប្រទេសរុស្ស៊ីបានរក្សាទំនាក់ទំនងជាដៃគូពាណិជ្ជកម្មនិងជាសម្ព័ន្ធមិត្តការទូតដ៏ជិតស្និទ្ធ។ បេឡារុសច្រើនពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ការនាំចូលវត្ថុធាតុដើមនិងសម្រាប់ទីផ្សារនាំចេញរបស់ខ្លួន។[128]
សម្ព័ន្ធភាពរុស្ស៊ីនិងបេឡារុសគឺជាសម្ព័ន្ធភាពកំពូលមួយដែលបានបង្កើតឡើងនៅរវាងឆ្នាំ១៩៩៦–៩៩ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនដែលអំពាវនាវឱ្យមានសហភាពរូបិយវត្ថុ សិទ្ធិស្មើភាពគ្នា សញ្ជាតិតែមួយ គោលនយោបាយការបរទេសនិងការការពារជាតិរួម។ ទោះយ៉ាងណា អនាគតនៃសម្ព័ន្ធភាពនេះត្រូវបានគេកើតការសង្ស័យថានឹងអាចដួលរលំដោយសារតែការពន្យារពេលម្តងហើយម្តងទៀតនៃសហភាពរូបិយវត្ថុពីខាងបេឡារុស កង្វះកាលបរិច្ឆេទនៃការធ្វើប្រជាមតិសម្រាប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងជម្លោះស្តីពីពាណិជ្ជកម្មប្រេងកាត។[128][129] បេឡារុសក៏ជាសមាជិកស្ថាបនិកនៃសហគមន៍នៃរដ្ឋឯករាជ្យ (ស.រ.ឯ) មួយដែរ។[130] បេឡារុសគឺនូវតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (ទោះជាជម្លោះរវាងមេដឹកនាំបេឡារុសនិងមេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបខ្លះកំពុងតែកើនឡើងក្តៅគគុកក្តី)[131] មានដូចជា ឡេតូនី លីទុយអានី និងប៉ូឡូញ។ល។[132] សហភាពអឺរ៉ុបបានលើកការហាមឃាត់នៃការធ្វើដំណើរលើរដ្ឋាភិបាលលោកលូកាសិនកូចេញវិញដើម្បីឱ្យលោកលូកាសិនកូអាចចូលរួមក្នុងកិច្ចប្រជុំការទូតឬក្នុងកិច្ចពិភាក្សាផ្សេងៗរវាងរដ្ឋាភិបាលលោកនិងបក្សពួកប្រឆាំង។[133]
ទំនាក់ទំនងទ្វេភាគីរបស់បេឡារុសជាមួយសហរដ្ឋអាមេរិកសព្វថ្ងៃគឺមានភាពតានតឹងណាស់។ ចាប់តាំងពីឆ្នាំ២០០៧ មក សហរដ្ឋអាមេរិកគឺមិនដែលមានឯកអគ្គរដ្ឋទូតនៅទីក្រុងមីនស្កឹទេហើយបេឡារុសវិញក៏មិនដែលមានឯកអគ្គរដ្ឋទូតនៅទីក្រុងវ៉ាស៊ីនតោនដែរចាប់តាំងពីឆ្នាំ២០០៨ មក។[134][135] នៅក្នុងឆ្នាំ២០០៤ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ប្រជាធិបតេយ្យបេឡារុសដែលនឹងផ្តល់មូលនិធិទៅកាន់អង្គការក្រៅរដ្ឋាភិបាលដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបេឡារុសហើយហាមឃាត់ប្រាក់កម្ចីទៅឱ្យរដ្ឋាភិបាលបេឡារុសលើកលែងតែក្នុងករណីមនុស្សធម៌។[136] ទំនាក់ទំនងចិន–បេឡារុសបានទទួលការលូតលាស់ចាប់តាំងពីឆ្នាំ២០០៥ មកម្លេះ[137]ពោលគឺនៅពេលដែលលោកលូកាសិនកូបានទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន។[138] ប្រទេសបេឡារុសក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសស៊ីរីផងដែរ[139]ដោយបានចាត់ទុកស៊ីរីជាដៃគូដ៏សំខាន់មួយនៅតំបន់បជ្ឈឹមបូព៌ា។[140] ក្រៅពីសមាជិក ស.រ.ឯ ប្រទេសនេះក៏ជាសមាជិកនៃអង្គការសំខាន់ៗមួយចំនួនផងដែរដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (អឺរ៉ាស៊ី) អង្គការសន្ធិសញ្ញាសន្តិសុខរួម[132] ចលនាមិនចូលបក្សសម្ព័ន្ធ (ចាប់តាំងពីឆ្នាំ១៩៩៨)[141] និងអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប។ល។ ប្រទេសបេឡារុសត្រូវបានបញ្ចូលក្នុងគោលនយោបាយសង្កាត់អឺរ៉ុប (European Neighbourhood Policy–ENP) របស់សហភាពអឺរ៉ុបដោយគោលដៅនៃគោលនយោបាយនេះគឺបង្រួមប្រជាជាតិអឺរ៉ុបទាំងឡាយឱ្យកាន់តែជិតស្និទ្ធលើវិស័យសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយ។[142]
បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯកវីចទ័រ ក្រេនីនគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិខណៈដែលលោកអាឡិចសាន់ដឺ លូកាសិនកូ (ប្រធានាធិបតី) មានងារជាអង្គមេបញ្ជាការ។[112] កងកម្លាំងជាតិបេឡារុសត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ បន្ទាប់ពីផ្តាច់ខ្លួនចេញពីកងកម្លាំងប្រដាប់អាវុធសូវៀត។ នៅឆ្នាំ១៩៩៧ កងកម្លាំងនេះបានឆ្លងកាត់កំណែទម្រង់រចនាសម្ព័ន្ធជាច្រើនដោយមានទាហានសរុបចំនួន ៣០,០០០ នាក់។[143]
សមាជិកបម្រើសេវាយោធាភាគច្រើនជាមនុស្សដែលកេណ្ឌ (មិនស្ម័គ្រចិត្ត) អ្នកដែលមានការអប់រំថ្នាក់ខ្ពស់អាចបម្រើការបានរយៈពេល ១២ ខែ (ពេញ ១ ឆ្នាំ) ចំណែកអ្នកដែលមានការអប់រំថ្នាក់ទាបត្រូវចូលបម្រើការរយៈពេល ១៨ ខែ។[144] ដោយសារតែចំនួនប្រជាជនធ្លាក់ចុះទើបបានបង្កឱ្យមានការកេណ្ឌយុទ្ធជនមិនគ្រប់គ្រាន់ ដូច្នេះ សារៈសំខាន់នៃទាហានជាប់កិច្ចសន្យាបានកើនឡើងដោយមានកម្លាំងចំនួន ១២,០០០ នាក់នៅក្នុងឆ្នាំ២០០១។[145] នៅឆ្នាំ២០០៥ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបេឡារុសប្រមាណ ១.៤% ត្រូវបានចំណាយទៅលើផ្នែកយោធា។[146]
ប្រទេសបេឡារុសមិនដែលបង្ហាញពីបំណងចង់ចូលអង្គការណាតូនោះទេប៉ុន្តែធ្លាប់បានចូលរួមក្នុងកម្មវិធីភាពជាដៃគូឯកត្តលក្ខណៈចាប់តាំងពីឆ្នាំ១៩៩៧។[147] បេឡារុសបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការដំបូងជាមួយអង្គការណាតូបន្ទាប់ពីបានចុះហត្ថលេខាលើឯកសារដើម្បីចូលរួមក្នុងភាពជាដៃគូសម្រាប់កម្មវិធីសន្តិភាពក្នុងឆ្នាំ១៩៩៥។[148] បេឡារុសអាចចូលជាសមាជិកណាតូបានលុះត្រាតែខ្លួនត្រូវចុះចេញពីអង្គការសន្ធិសញ្ញាសន្តិសុខរួមជាមុនសិន។ ភាពតានតឹងរវាងណាតូនិងប្រទេសបេឡារុសបានឈានចូលដល់កម្រិតកំពូលនៅអំឡុងឆ្នាំ២០០៦ ដែលជាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាឆ្នាំនោះ។[149]
ចំណាត់ថ្នាក់សន្ទស្សន៍ប្រជាធិបតេយ្យរបស់ប្រទេសបេឡារុសគឺទាបបំផុតនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុបនិងត្រូវបានអង្គការ Free House សម្តៅលើថា"គ្មានសេរីភាព"។ មិនត្រឹមតែប៉ុណ្ណោះ សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចក៏បានដាក់ប្រទេសបេឡារុសនៅក្នុងចំណាត់ថ្នាក់"គាបសង្កត់"ផងដែរហើយម្យ៉ាងវិញទៀត បេឡារុសត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសេរីភាពសារព័ត៌មានទាបបំផុតប្រចាំទ្វីបអឺរ៉ុបនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៣–១៤ បោះផ្សាយដោយ Reporters Without Borders ដោយឈរនៅលេខរៀងទី ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០។[150] រដ្ឋាភិបាលបេឡារុសតែងតែត្រូវទទួលរងការរិះគន់ជារឿយៗចំពោះការរំលោភសិទ្ធិមនុស្សនិងការធ្វើទុក្ខបុកម្នេញលើអង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មានឯករាជ្យ ជនជាតិភាគតិច និងអ្នកនយោបាយប្រឆាំង។ល។[19][77] បេឡារុសគឺជាប្រទេសអឺរ៉ុបតែមួយប៉ុណ្ណោះដែលនូវប្រកាន់ខ្ជាប់ច្បាប់កាត់ទោសប្រហារជីវិតដោយបានអនុវត្តទោសប្រហារជីវិតចុងក្រោយគេបង្អស់នៅក្នុងឆ្នាំ២០១១។[151]
ប្រព័ន្ធតុលាការនៅប្រទេសនេះគឺនូវមានកង្វះឯករាជ្យភាពហើយច្រើនទាក់ទងទៅនឹងរឿងនយោបាយ។[152] អំពើពុករលួយមានដូចជាការសូកប៉ាន់ជាដើមដែលច្រើនប្រព្រឹត្តិធ្វើឡើងនៅអំឡុងពេលដំណើរការដេញថ្លៃ ការការពារអ្នកស៊ើបអង្កេតជាតិ និងកង្វះមន្ត្រីស៊ើបការណ៍នៅក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់ប្រទេស។[153]
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រកាសថាអ្នកជំនាញរបស់ខ្លួនបានទទួលរបាយការណ៍ចំនួន ៤៥០ ករណីនៃការធ្វើទារុណកម្មនិងការធ្វើទុក្ខទោសដល់មនុស្សដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលការបោះឆ្នោតប្រធានាធិបតី។ ក្នុងរបាយការណ៍របស់អ្នកជំនាញទាំងនោះក៏មានករណីហិង្សាច្រើនគួរសមដែលត្រូវបានប្រព្រឹត្តិមកលើស្ត្រីនិងកុមាររួមទាំងការរំលោភបំពានផ្លូវភេទនិងការរំលោភសេពសន្ថវៈផងដែរ។[154]
ប្រទេសបេឡារុសត្រូវបានបែងចែកទៅជា ៦ តំបន់ (ភាសាបេឡារុស៖ вобласць) ហើយតំបន់នីមួយៗគឺមានឈ្មោះតាមទីក្រុងនានាដែលបម្រើការជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់នោះមានដូចជា៖ ប្រេស្ត កូមែល ហ្គ្រតណូ ម៉ូហ្គីលេវ មីនស្កឹ (ឬអាចសរសេរបានថា"មីនស្ក៍") និងវីទិបស្ក៍។[155] តំបន់នីមួយៗមានអាជ្ញាធរនីតិប្បញ្ញត្តិថ្នាក់ខេត្តដែលហៅថា"ក្រុមប្រឹក្សាតំបន់" (ភាសាបេឡារុស៖ абласны Савет Дэпутатаў) ហើយសមាជិកក្រុមប្រឹក្សាម្នាក់ៗត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរស់នៅតាមតំបន់នីមួយៗនិងរួមទាំងអាជ្ញាធរប្រតិបត្តិខេត្តហៅថា"រដ្ឋបាលតំបន់" (ភាសាបេឡារុស៖ абласны выканаўчы камітэт), ប្រធាននៃរដ្ឋបាលតំបន់គឺត្រូវជ្រើសតាំងដោយប្រធានាធិបតីផ្ទាល់។[156] ក្នុងតំបន់នីមួយៗត្រូវបានបែងចែកទៅជា"ភូមិភាគ" (ស្រុក) តូចៗជាច្រើនទៀត (ភាសាបេឡារុស៖ раён)។[155] ភូមិភាគនីមួយៗគឺមានអាជ្ញាធរនីតិប្បញ្ញត្តិរៀងៗខ្លួនឬត្រូវបានហៅថា"ក្រុមប្រឹក្សាភូមិភាគ" (ភាសាបេឡារុស៖ раённы Савет Дэпутатаў), សមាជិកម្នាក់ៗគឺត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរស់នៅតាមភូមិភាគចំណែកឯអាជ្ញាធរប្រតិបត្តិឬរដ្ឋបាលភូមិភាគត្រូវបានតែងតាំងដោយអំណាចប្រតិបត្តិជាន់ខ្ពស់។ តំបន់ទាំងប្រាំមួយមានភូមិភាគសរុបចំនួន ១១៨។[97] ទីក្រុងមីនស្កឹត្រូវបានគេបែងចែកបន្តទៅជា ៩ សង្កាត់និងជាតំបន់ដ៏ពិសេសមួយក្នុងនាមជារដ្ឋធានីនៃប្រទេស។[157] ទីក្រុងនេះត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការប្រតិបត្តិហើយគេបានផ្តល់សិទ្ធិឱ្យដឹកនាំដោយផ្ទាល់។[158]
ប្រទេសបេឡារុសមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាង ១៨០ នៅទូទាំងពិភពលោក។ ដៃគូពាណិជ្ជកម្មចម្បងរបស់បេឡារុសគឺប្រទេសរុស្ស៊ីដោយការនាំចេញនិងការនាំចូលភាគច្រើនគឺប្រព្រឹត្តិទៅរវាងប្រទេសទាំងពីរនេះខណៈពេលដែលសហភាពអឺរ៉ុបទទួលបានការនាំចេញ ២៥% និងការនាំចូល ២០%។
នៅឆ្នាំ២០១៩ ចំណែកនៃផលិតកម្មនៅក្នុងផលិតផលក្នុងស្រុកសរុបមាន ៣១% ដោយជាងពីរភាគបីនៃចំនួននេះគឺស្ថិតនៅក្នុងផលិតកម្មឧស្សាហកម្ម។ ក្នុងចំណោមប្រជាជនធ្វើការទាំងអស់ មាន ៣៧.៤% ជាអ្នកធ្វើការក្នុងវិស័យឧស្សាហកម្ម។[159] អត្រាកំណើនគឺទាបជាងសេដ្ឋកិច្ចទាំងមូលប្រហែល ២.២% ក្នុងឆ្នាំ២០២១។ បន្ទាប់បានបែកបាក់ពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ បេឡារុសគឺធ្លាប់ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានការអភិវឌ្ឍឧស្សាហកម្មខ្ពស់បំផុតនៅលើពិភពលោកដោយគិតជាភាគរយនៃ ផសស ហើយក៏ត្រូវជារដ្ឋសមាជិក ស.រ.ឯ ដែលមានបំផុតផងដែរ។[160] នៅក្នុងឆ្នាំ២០១៥ ប្រជាជនបេឡារុសប្រមាណ ៣៩.៣% គឺធ្វើការនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋខណៈដែល ៥៧.២% ធ្វើការឱ្យក្រុមហ៊ុនឯកជន (ក្នុងនេះ រដ្ឋាភិបាលមានភាគហ៊ុន ២១.១%) និង ៣.៥% ធ្វើការនៅក្នុងក្រុមហ៊ុនបរទេស។[161] ប្រទេសនេះគឺច្រើនពឹងផ្អែកលើប្រទេសរុស្ស៊ីក្នុងការនាំចូលផលិតផលមួយចំនួនដូចជាប្រេងកាត។[162][163] ផលិតផលកសិកម្មសំខាន់ៗរួមមាន៖ ដំឡូង និងអនុផលគោក្របីមានសាច់ជាដើម។[164] នៅឆ្នាំ១៩៩៤ ផលិតផលនាំចេញសំខាន់ៗរបស់បេឡារុសរួមមាន គ្រឿងម៉ាស៊ីនធុនធ្ងន់ (ពិសេសគឺត្រាក់ទ័រ) ផលិតផលកសិកម្ម និងផលិតផលថាមពល។[165] និយាយជារួម នៅខាងផ្នែកសេដ្ឋកិច្ចប្រទេសនេះច្រើនទាក់ទងជាមួយ ស.រ.ឯ សហគមន៍សេដ្ឋកិច្ចអឺរ៉ុបអាស៊ី និងសម្ព័ន្ធមិត្តរុស្ស៊ី។ល។[166]
នៅដើមទស្សវត្តឆ្នាំ១៩៩០ ផលិតកម្មឧស្សាហកម្មបានថយចុះដោយសារតែការធ្លាក់ចុះការនាំចូលការ ការវិនិយោគ និងតម្រូវការផលិតផលបេឡារុសពីដៃគូពាណិជ្ជកម្មរបស់ខ្លួន។[167] ផសស បានចាប់ផ្តើមមានកំណើនឡើងវិញនៅក្នុងឆ្នាំ១៩៩៦[168] ដែលធ្វើឱ្យបេឡារុសក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅក្នុងចំណោមអតីតសាធារណរដ្ឋសូវៀតទាំងអស់។[169] នៅឆ្នាំ២០០៦ ផសស បានកើនឡើងដល់ ៨៣.១ ពាន់លានដុល្លារក្នុងយុគភាពនៃអំណាចទិញ (PPP) ឬប្រហែល ៨,១០០ ដុល្លារក្នុងមនុស្សម្នាក់ៗ។[164] នៅឆ្នាំ២០០៥ ផសស បានកើនឡើង ៩.៩% ខណៈដែលអត្រាអតិផរណាជាមធ្យមស្មើនឹង ៩.៥%។[164]
ចាប់តាំងពីសហភាពសូវៀតបានដួលរលំមក ប្រទេសបេឡារុសដែលស្ថិតនៅក្រោមការដឹកនាំរបស់លូកាសិនកូបានរក្សាការគ្រប់គ្រងរបស់រដ្ឋាភិបាលលើឧស្សាហកម្មសំខាន់ៗនិងបានត្រួតត្រាឯកជនភាវូបនីយកម្មខ្នាតធំ។ រឿងស្រដៀងៗគ្នាត្រូវបានគេមើលឃើញកើតមាននៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយចំនួនទៀតផងដែរ។[170]
ដោយសារតែការបរាជ័យក្នុងការការពារសិទ្ធិការងារនិងរួមទាំងការអនុម័តច្បាប់ហាមឃាត់ការគ្មានការងារធ្វើឬការធ្វើការងារនៅក្រៅវិស័យគ្រប់គ្រងដោយរដ្ឋ[171] ប្រទេសបេឡារុសបានបាត់បង់ឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់][សហភាពអឺរ៉ុប]]នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ដែលជាហេតុនាំឱ្យបេឡារុសតម្លើងអត្រាពន្ធលើប្រទេសដែលខ្លួនពេញចិត្តជាងគេ។[172] បេឡារុសបានដាក់ពាក្យចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ១៩៩៣។[173]
កម្លាំងពលកម្មរបស់ប្រទេសមានចំនួនជាង ៤ លាននាក់ដែលក្នុងនោះស្ត្រីមានការងារធ្វើច្រើនជាងបុរសបន្តិច។[161] នៅឆ្នាំ២០០៥ ប្រជាជនជិតមួយភាគបួនត្រូវបានជួលឱ្យធ្វើការនៅក្នុងរោងចក្រឧស្សាហកម្ម។ អត្រាចំនួនអ្នកធ្វើការនៅក្នុងវិស័យកសិកម្ម ផលិតកម្ម ជំនួញទំនិញ និងការអប់រំគឺមានកម្រិតខ្ពស់នៅក្នុងប្រទេសនេះ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលបានឱ្យដឹងថា អត្រាអ្នកឥតការងារធ្វើមានប្រមាណ ១,៥% ត្រឹមក្នុងឆ្នាំ២០០៥។ អ្នកគ្មានការងារធ្វើចំនួន ៦៧៩,០០០ នាក់ដែលពីរភាគបីជាស្ត្រី។ អត្រាគ្មានការងារធ្វើបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០០៣ មកហើយអត្រាការងារសរុបគឺមានកម្រិតខ្ពស់បំផុតចាប់តាំងពីស្ថិតិត្រូវបានចងក្រងដំបូងនៅក្នុងឆ្នាំ១៩៩៥។[161]
រូបិយប័ណ្ណប្រទេសបេឡារុសគឺរូបបេឡារុស។ រូបិយប័ណ្ណនេះត្រូវបានគេណែនាំឱ្យប្រើប្រាស់នៅខែឧសភា ឆ្នាំ១៩៩២ ដើម្បីជំនួសលុយរូបរបស់សូវៀត។ កាក់ដំបូងនៃសាធារណរដ្ឋបេឡារុសត្រូវបានចេញឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៦។[174] ប្រាក់រូបត្រូវបានណែនាំឡើងវិញជាមួយតម្លៃថ្មីក្នុងឆ្នាំ២០០០ ហើយត្រូវបានប្រើប្រាស់ជាសកម្មចាប់តាំងពីពេលនោះមក។[175] ក្នុងនាមជាសមាជិកសហភាពជាមួយរុស្ស៊ី រដ្ឋទាំងពីរធ្លាប់បានពិភាក្សាគ្នាអំពីការប្រើប្រាស់រូបិយវត្ថុតែមួយដូចគ្នានឹងប្រាក់អឺរ៉ូដែរ។ ទាំងនេះបាននាំឱ្យមានសំណើស្នើឱ្យជំនួសលុយរូបបេឡារុសជាមួយលុយរូបរបស់រុស្ស៊ីវិញ (RUB) ដោយចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៨។ ធនាគារជាតិបេឡារុសបានទម្លាក់ចោលផែនការប្តូរប្រាក់រូបបេឡារុសទៅជាប្រាក់រូបរបស់រុស្ស៊ីនៅអំឡុងខែសីហានៃឆ្នាំ២០០៧។[176]
រូបិយប័ណ្ណថ្មីត្រូវបានណែនាំនៅខែកក្កដា ឆ្នាំ២០១៦ ជំនួសលុយបេឡារុសចាស់ក្នុងអត្រា ១:១០,០០០ (១០,០០០ រូបចាស់ = ១ រូបថ្មី)។[177] ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រូបិយប័ណ្ណចាស់និងថ្មីកំពុងចរាចរស្របគ្នានិងស៊េរីក្រដាសប្រាក់និងកាក់ឆ្នាំ២០០០ អាចប្តូរបានសម្រាប់លុយស៊េរីឆ្នាំ២០០៩ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។[177] ទង្វើបែបនេះអាចចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាខ្ពស់ដែលខ្លួនកំពុងជួបប្រទះ។[178][179]
ប្រព័ន្ធធនាគារបេឡារុសមានពីរកម្រិតគឺ៖ ធនាគារកណ្តាល (ធនាគារជាតិនៃសាធារណរដ្ឋបេឡារុស) និងធនាគារពាណិជ្ជចំនួន ២៥។[180] នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ តម្លៃប្រាក់បេឡារុសបានធ្លាក់ចុះ ៥៦% បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ តំហយតម្លៃនៅលើទីផ្សារងងឹតគឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងហើយការដួលរលំផ្នែកហិរញ្ញវត្ថុហាក់ដូចជាខិតជិតមកដល់ខណៈដែលប្រជាពលរដ្ឋនីមួយៗបានប្រញាប់ប្រញាល់ចេញដូរប្រាក់រូបរបស់ខ្លួនទៅជាប្រាក់ដុល្លារ អឺរ៉ូ ឬទំនិញប្រើប្រាស់និងផលិតផលកំប៉ុងផ្សេងៗ។[181] នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ បេឡារុសបានស្នើសុំកញ្ចប់ជំនួយសេដ្ឋកិច្ចពីមូលនិធិរូបិយវត្ថុអន្តរជាតិ។[182][183]
យោងទៅតាមជំរឿនប្រជាជនឆ្នាំ២០១៩ ប្រទេសបេឡារុសមានប្រជាជនចំនួន ៩,៤១ លាននាក់[184] ដោយក្នុងនោះមានជនជាតិបេឡារុសប្រមាណ ៨៤,៩%។[184] ក្រុមជនជាតិភាគតិចនៅក្នុងប្រទេសនេះរួមមាន៖ រុស្ស៊ី (៧.៥%), ប៉ូឡូញ (៣.១%) និងអ៊ុយក្រែន (១.៧%)។ បេឡារុសមានដង់ស៊ីតេប្រជាជនប្រហែល ៥០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េដោយ ៧០% នៃប្រជាជនសរុបរស់នៅតំបន់ទីប្រជុំជន។[185] ទីក្រុងមីនស្កឹគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតហើយមានប្រជាជនរស់នៅចំនួន ១,៩៣៧,៩០០ នាក់បើគិតត្រឹមឆ្នាំ២០១៥។[186] ទីក្រុងធំៗបន្ទាប់មានដូចជា៖ កូមែល (៤៨១,០០០), ម៉ូគីលេវ (៣៦៥,១០០), វីទិបស្ក៍ (៣៤២,៤០០), រ្ហូដណា (៣១៤,៨០០) និងប្រេសត៍ (២៩៨,៣០០)។[187]
បេឡារុសមានអត្រាកំណើនប្រជាជនអវិជ្ជមាននិងអត្រាកំណើនធម្មជាតិអវិជ្ជមានដូចនឹងបណ្តាប្រទេសអឺរ៉ុបខាងកើតដទៃទៀតដែរដោយនៅក្នុងឆ្នាំ២០០៧ ចំនួនប្រជាជនបេឡារុសបានធ្លាក់ចុះប្រមាណ ០,៤១% ហើយអត្រាលទ្ធភាពមានកូនរបស់ប្រទេសនេះគឺស្មើនឹង ១,២២[188] ដែលជាចំនួនទាបជាងអត្រាលទ្ធភាពកូនជំនួសទៅទៀត។ អត្រាធ្វើចំណាកស្រុកអសទិសភាពបេឡារុសគឺស្មើនឹង +០.៣៨ ក្នុងមនុស្សចំនួន ១,០០០ នាក់ នេះបានបង្ហាញថាបេឡារុសមានជនអន្តោប្រវេសន៍ចូលស្រុកច្រើនជាងអ្នកធ្វើចំណាកស្រុកបន្តិច។ គិតត្រឹមឆ្នាំ២០១៥ ប្រជាជនបេឡារុសដែលមានអាយុពី ១៤ ទៅ ៦៤ ឆ្នាំមានចំនួនស្មើនឹង ៦៩,៩% នៃប្រជាជនសរុប, អ្នកអាយុក្រោម ១៤ ឆ្នាំមាន ១៥.៥% និងអ្នកដែលមានអាយុ ៦៥ ឆ្នាំឬលើសពីនេះមាន ១៤.៦%។[189] ភាពរំពឹងនៃអាយុក្នុងប្រទេសនេះគឺ ៧២.១៥ ឆ្នាំ (៦៦.៥៣ ឆ្នាំចំពោះបុរស និង ៧៨.១ ឆ្នាំចំពោះស្ត្រី)។[188] ប្រជាជនបេឡារុសជាង ៩៩% ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅគឺសុទ្ធតែចេះអាននិងសរសេរអក្សរ។[188]
យោងតាមជំរឿនឆ្នាំ២០១១ បានបង្ហាញថា៖ ៥៨.៩% នៃប្រជាជនបេឡារុសទាំងអស់បានប្រកាន់ខ្ជាប់នូវជំនឿសាសនាអ្វីមួយ។ នៅក្នុងចំណោមនោះ អ្នកកាន់គ្រិស្តសាសនានិកាយអូស្សូដក់ខាងកើត មានប្រមាណ ៨២%។[2] និកាយរ៉ូម៉ាំងកាតូលិកត្រូវបានអនុវត្តភាគច្រើននៅក្នុងតំបន់ភាគខាងលិច ហើយប្រទេសនេះក៏មានវត្តមាននៃប្រភេទនិកាយប្រូតេស្តង់ខុសៗពីគ្នាផងដែរ។[190][191] ប្រជាជនភាគតិចបានអនុវត្តលទ្ធិកាតូលិកក្រិក លទ្ធិយូដា ឥស្លាមសាសនា និងនិកាយប៉ាកានីសសម័យជាដើម។ សរុបមក ប្រជាជនប្រមាណ ៤៨.៣% នៃប្រជាជនសរុបគឺប្រកាន់គ្រិស្តសាសនាអូស្សូដក់, ៤១.១% មិនមានជំនឿសាសនា, ៧.១% ជាអ្នកកាន់និកាយកាតូលិក និង ៣.៣% ជាអ្នកកាន់សាសនាក្រៅផ្សេងទៀត។[2]
ប្រជាជនកាតូលិកនៃប្រទេសបេឡារុសច្រើនប្រមូលផ្តុំគ្នារស់នៅក្នុងទឹកដីភាគខាងលិចនៃប្រទេស ជាពិសេសនៅជុំវិញទីក្រុងហ្រូដណា ហើយពួកគេនីមួយៗអាចជាជនជាតិបេឡារុស ឬជនជាតិភាគតិចប៉ូឡូញ និងលីទុយអានីជាដើម។[192]
បេឡារុសធ្លាប់ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ជនជាតិយូដានៅទ្វីបអឺរ៉ុបដោយវាបានដើរតួជាជម្រកដល់ជនជាតិជ្វីហ្វប្រមាណ ១០% នៅទូទាំងពិភពលោកកាលនុះ។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ ចំនួនជនជាតិយូដាឬជ្វីហ្វត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលបណ្តាលមកពីមូលហេតុចម្បងៗដូចជា ការសម្លាប់រង្គាល ការនិរទេស និងការធ្វើចំណាកស្រុកដោយបង្ខំ។ សព្វថ្ងៃនេះ បេឡារុសមានជនជាតិជ្វីហ្វក្រោមមួយភាគរយប៉ុណ្ណោះ។[193] ជនជាតិភាគតិចតាតារតំបន់បាល់ទិកដែលមានចំនួនជាង ១៥,០០០ នាក់គឺជាក្រុមប្រកាន់សាសនាឥស្លាម។ យោងតាមមាត្រា ១៦ នៃរដ្ឋធម្មនុញ្ញបេឡារុសបានបញ្ជាក់ថា ប្រទេសបេឡារុសគឺមិនមានសាសនាផ្លូវការនោះទេ។ ខណៈពេលដែលសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានកត់ត្រានៅក្នុងក្រមមាត្រាជាមួយគ្នា រីឯអង្គការសាសនាណាដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់រដ្ឋាភិបាល ឬសណ្តាប់ធ្នាប់សង្គមអាចត្រូវបានហាមឃាត់។[155]
ភាសាពីរផ្លូវការរបស់ប្រទេសបេឡារុសគឺ ភាសារុស្ស៊ី និងភាសាបេឡារុស[194] ដោយភាសារុស្សីជាភាសាសាមញ្ញបំផុតដែលច្រើនប្រើនៅតាមគេហដ្ឋាន ៧០% ខណៈភាសាបេឡារុសវិញដែលត្រូវជាភាសាផ្លូវការទីមួយ ត្រូវបានគេអនុវត្តនិយាយនៅតាមគេហដ្ឋានតែ ២៣% ប៉ុណ្ណោះ។[195] ជនជាតិភាគតិចបេឡារុសក៏អាចនិយាយភាសាប៉ូឡូញ អ៊ុយក្រែន និងយីឌីសខាងកើតបានដែរ។[196] ភាសាបេឡារុស ថ្វីត្បិតតែមិនត្រូវបានប្រើប្រាស់ទូលំទូលាយដូចភាសារុស្សីក្តីប៉ុន្តែវាជាភាសាកំណើតរបស់ប្រជាជនប្រមាណ ៥៣.២% ចំណែកឯភាសារុស្សីមានត្រឹមតែ ៤១.៥% ប៉ុណ្ណោះ។[195]
ចាប់តាំងពីទទួលឯករាជ្យមក រដ្ឋាភិបាលបេឡារុសតែងតែឧបត្ថម្ភពិធីបុណ្យវប្បធម៌ប្រចាំឆ្នាំមានដូចជា បុណ្យស្លាវានស្គីបាហ្សារនៅទីក្រុងវីទិបស្កិ៍ជាដើម[197] ដែលក្នុងពិធីបុណ្យនេះគេតែងតែបង្ហាញសិល្បៈសម្តែងមានការចូលរួមពី សិល្បករ អ្នកនិពន្ធ តន្ត្រីករ និងតារាសម្ដែងជនជាតិបេឡារុសជាច្រើន។ ថ្ងៃឈប់សម្រាករបស់រដ្ឋមានដូចជា៖ ទិវាឯករាជ្យជាតិ និងទិវាជ័យជំនះ។ល។ ទិវាទាំងនោះបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករ ហើយជារឿយៗរួមបញ្ចូលសកម្មភាពសម្តែងដូចជា ការបាញ់កាំជ្រួច និងក្បួនដង្ហែរយោធាជាដើម ជាពិសេសគឺនៅទីក្រុងវីទិបស្កិ៍ និងរដ្ឋធានីមីនស្កឹ។[198]
ម្ហូបអាហាររបស់បេឡារុសច្រើនផ្សំឡើងពីបន្លែ សាច់ (ជាពិសេសសាច់ជ្រូក) និងនំប៉័ង។ អាហារជាធម្មតាត្រូវបានចម្អិនឱ្យយូរ ឬចំហុយ។ ជាធម្មតា ជនជាតិបេឡារុសតែងទទួលទានអាហារពេលព្រឹកស្រាលៗ និងអាហារចម្អែតក្រពះពីរពេលក្រោយៗ។ ស្រូវសាលី និងនំបុ័ងរ៉ៃ ត្រូវបានគេនិយមបរិភោគនៅក្នុងប្រទេសបេឡារុស ប៉ុន្តែអាហារផលិតពីស្រូវរ៉ៃគឺគេនិយមបំផុតព្រោះតែលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់មិនសូវជាមានអំណោយផលសម្រាប់ការដាំដុះស្រូវសាលី។ ដើម្បីបង្ហាញបដិសណ្ឋារកិច្ច ម្ចាស់ផ្ទះតែងតែប្រគល់ថ្វាយនំប៉័ង និងអំបិលទុកជាការស្វាគមន៍ភ្ញៀវ អ្នកមកលេង។[199]
បាល់ទាត់គឺជាកីឡាដ៏ពេញនិយមជាងគេនៅប្រទេសបេឡារុស។ ក្រុមជម្រើសជាតិបេឡារុសមិនដែលបានចូលរួមនៅក្នុងពានរង្វាន់ធំៗនោះទេ ប៉ុន្តែសម្រាប់ក្លិបបាល់ទាត់បេតបូរីសូវរបស់ប្រទេសនេះវិញធ្លាប់បានចូលរួមប្រកួតនៅក្នុងពានរង្វាន់ឆាមពានលីគដែលជាកម្មវិធីប្រកួតកីឡាបាល់ទាត់រវាងក្លិបធំៗមកពីគ្រប់ជ្រុងជ្រោយនៃទ្វីបអឺរ៉ុប។ កីឡានិយមប្រជាប្រិយបន្ទាប់ពីបាល់ទាត់គឺកីឡាហុកគីទឹកកក។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.