នយោបាយនៅកម្ពុជា
From Wikipedia, the free encyclopedia
នយោបាយប្រទេសកម្ពុជា ឯកឧត្តមទួនសុច ប្រធានគណបក្ស គណបក្សកូនខ្មែរអង្គរប្រជាធិបតេ្យ ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល។ នៅឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធវៀតណាមបានវាយចូលទឹកដីកម្ពុជា រួចបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយបន្ទាប់មក ក៏បានបន្តឈរជើងក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនីស្តនៅជុំវិញពិភពលោកចាប់ពីឆ្នាំ១៩៩០ ទីបំផុតវៀតណាមក៏បានសម្រេចដកកងកម្លាំងរបស់ខ្លួនចេញពីដែនដីកម្ពុជា។[1] រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីភាគីជម្លោះបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ រដ្ឋធម្មនុញ្ញនេះបានប្រកាសអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជាហើយមានអំណាចធំៗបីគឺ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចនីតិប្បញ្ញត្តិ។ ក៏ប៉ុន្តែ តាំងពីបានប្រកាសរដ្ឋធម្មនុញ្ញមក កម្ពុជាគឺមិនដែលមានបក្សប្រឆាំងណាដែលមានសក្តានុភាពអាចយកឈ្នះលើបក្សកាន់អំណាចនោះឡើយ ដោយហេតុនេះហើយទើបសម្តេចហ៊ុន សែនអាចបន្តកាន់អំណាចជានាយករដ្ឋមន្រ្តីគិតចាប់តាំងពីឆ្នាំ១៩៨៥ មក។ គណបក្សសម្តេចគឺ គណបក្សប្រជាជនកម្ពុជាដែលដណ្តើមអាសនៈបានទាំង ១២៥ នៅក្នុងស្ថាប័នរដ្ឋសភាក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិកម្ពុជាចោល ដែលពេលនោះត្រូវជាបក្សប្រឆាំងធំបំផុតនឹងបក្សប្រជាជន។ តមកទៀត រដ្ឋធម្មនុញ្ញក៏បានប្រកាសដែរថាប្រទេសកម្ពុជាគឺជា "រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត និងរដ្ឋមិនចូលបក្សសម្ព័ន្ធ"។[2]
អំណាចនីតិប្រតិបត្តិត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលក្នុងនាមនិងដោយឯកច្ឆ័ន្ធពីសំណាក់ព្រះមហាក្សត្រ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីត្រូវបានជួយ ឬគាំទ្រដោយសមាជិកនៃក្រុមប្រឹក្សានោះមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីផ្សេងៗ។ អំណាចនីតិប្បញ្ញត្តិត្រូវបានផ្ទេរទៅនីតិបញ្ញត្តិទ្វេភាគី ដោយក្នុងនោះមានរដ្ឋសភាដែលមានសិទ្ធិអំណាចបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ហើយព្រឹទ្ធសភាវិញមានសិទ្ធិអំណាចពិនិត្យមើលឡើងវិញ។ នៅពេលអនុម័តច្បាប់តាមរយៈស្ថាប័នសភាទាំងពីរ សេចក្តីព្រាងច្បាប់នោះនឹងត្រូវដាក់ជូនព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខា និងប្រកាសឱ្យប្រើ។ អំណាចតុលាការមានភារកិច្ចការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋនិងដោះស្រាយជម្លោះវិវាទដោយមិនលម្អៀង។ តុលាការកំពូលគឺជាតុលាការខ្ពស់បំផុតនៅក្នុងប្រទេស ហើយមានអំណាចវិនិច្ឆ័យលើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ស្ថាប័នដាច់ដោយឡែកមួយទៀតហៅថា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងដើម្បីផ្តល់ការបកស្រាយអំពីរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។[3]
គណបក្សប្រជាជនកម្ពុជាបានគ្របដណ្តប់លើទិដ្ឋភាពនយោបាយកម្ពុជាចាប់តាំងពីជម្លោះប្រដាប់អាវុធនៃឆ្នាំ១៩៩៧ នៅឯទីក្រុងភ្នំពេញបានបញ្ចប់មកម្លេះ។ គណបក្សផ្សេងៗដែលជាគូប្រជែងនឹងបក្សប្រជាជនកម្ពុជាមាន គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយម និងអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលនៅឆ្នាំ២០១៧។ អ្នកវិទ្យាសាស្រ្តនយោបាយឈ្មោះស្ទីវិន ឡេវីតស្គី និងលូកាន-វេ បានពណ៌នាពីប្រទេសកម្ពុជាថាជា"របបផ្តាច់ការប្រកួតប្រជែង" ដែលជាប្រភេទរបបចម្រុះ មានលក្ខណៈជាប្រជាធិបតេយ្យផងនិងបែបផ្តាច់ការផង។[4]