សេនាប្រមុខកម្ពុជា និងជាប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ From Wikipedia, the free encyclopedia
សេនាប្រមុខលន់ នល់ (១៣ វិច្ឆិកា ១៩១៣ – ១៧ វិច្ឆិកា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរមួយរូប និងជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចំនួនពីរលើក(១៩៦៦–៦៧, ១៩៦៩–៧១) និងជារដ្ឋមន្ត្រីការពារជាតិជាច្រើនសាដែរ។ គាត់បានដឹកនាំរដ្ឋប្រហារយោធាទម្លាក់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ហើយប្រកាស់តាំងខ្លួនជាប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយអាមេរិកហើយបានកាន់អំណាចរហូតដល់ឆ្នាំ១៩៧៥។ គាត់ក៏ជាស្ថាបនិកនិងមេដឹកនាំនៃគណបក្សសង្គមសាធារណរដ្ឋ ដែលជាគណបក្សមានអត្ថិភាពតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយគាត់ក៏ធ្លាប់កាន់តំណែងជាមេបញ្ជាការកងយោធពលជាតិខ្មែរផងដែរ។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ១៦ថ្ងៃមុនពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ លោកក៏បានរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិកដោយដំបូងលោកបានទៅរដ្ឋហាវ៉ៃហើយក្រោយមកក៏បានទៅរស់នៅរដ្ឋកាលីហ្វញ៉ារហូតដល់ថ្ងៃមរណៈរបស់លោក។
លន់ នល់ | |
---|---|
ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ | |
ក្នុងការិយាល័យ ១០ មីនា ១៩៧២ – ១ មករា ១៩៧៥ | |
នាយករដ្ឋមន្ត្រី | ស៊ីសុវត្ថិ សិរីមតៈ សឺង ង៉ុកថាញ់ ហង្ស ធុនហាក់ អ៊ិន តាំ ឡុង បូរ៉េត |
មុន | ចេង ហេង |
បន្ទាប់ | សូខាំ កូយ (បណ្តោះអាសន្ន) |
នាយករដ្ឋមន្រ្តីកម្ពុជាទី៣១ | |
ក្នុងការិយាល័យ ១៤ សីហា ១៩៦៩ – ១១ មីនា ១៩៧១ | |
ប្រធានាធិបតី | នរោត្តម សីហនុ ឆេង ហេង (បណ្តោះអាសន្ន) |
រង | ស៊ីសុវត្ថិ សិរិមតៈ |
មុន | ប៉ែន នុត |
បន្ទាប់ | ស៊ីសុវត្ថិ សិរិមតៈ |
ក្នុងការិយាល័យ ២៥ តុលា ១៩៦៦ – ១ ឧសភា ១៩៦៧ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | នរោត្តម កន្តុល |
បន្ទាប់ | សឺន សាន |
រដ្ឋមន្រ្តីក្រសួងការពារជាតិ | |
ក្នុងការិយាល័យ ១៩៦៨–១៩៧១[1] | |
ក្នុងការិយាល័យ ១៩៥៩–១៩៦៦[1] | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ស្រុកកំពង់លាវ, ខេត្តព្រៃវែង, កម្ពុជា | វិច្ឆិកា 13, 1913
ស្លាប់ | ទំព័រគំរូ:Dda មជ្ឈមណ្ឌលវេជ្ជសាស្រ្ត ហ្សង់. ជូត ហ្វូលឺតុន, កាលីហ្វញ៉ា, សហរដ្ឋ |
កន្លែងបញ្ចុះសព | Loma Vista Memorial Park Fullerton, California, U.S. |
គណបក្សនយោបាយ | គណបក្សសង្គមសាធារណរដ្ឋ (១៩៧២–១៩៧៥) គណបក្សឯករាជ្យ (១៩៧០–១៩៧២) សង្គមរាស្រ្តនិយម (១៩៥៥–១៩៧០) គណបក្សកំណែទម្រង់ខ្មែរ (១៩៤៧–១៩៥៥) |
ពន្ធភាព | សុវណ្ណា លុន[2] |
កូន | ៩នាក់ |
ហត្ថលេខា | |
សេវាយោធា | |
ភក្ដីភាព | ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ |
សាខា/សេវាកម្ម | កងទ័ពជើងគោកកម្ពុជា កងទ័ពជាតិខ្មែរ |
ឆ្នាំកាន់តំណែង | ១៩៥២–១៩៧៥ |
ឋានៈ | សេនាប្រមុខ |
ពាក្យបញ្ជា | អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធជាតិខ្មែរ |
សមរភូមិ/សង្គ្រាម | សង្គ្រាមឥណ្ឌូចិនលើកទី១ |
លោកបានកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ក្នុងខេត្តព្រៃវែងទៅក្នុងគ្រួសារខ្មែរកាត់ចិន។[3] ឪពុករបស់លោកឈ្មោះ លន់ ហ៊ិនគឺជាកូនរបស់គ្រួសារកម្ពុជាក្រោមមកពីខេត្តតេនីន[4]គាត់ធ្លាប់បានគេតាងជាអភិបាលស្រុកក្នុងខេត្តសៀមរាបនិងខេត្តកំពង់ធំ, បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោលប្លន់មួយនៅក្នុងខេត្តព្រៃវែង។[5] ជីតាខាងម្តាយរបស់លោកលន់ នល់គឺជាជនអន្តោប្រវេសន៍មកពីខេត្តហ្វូជៀន, ប្រទេសចិន[6]ហើយធ្លាប់បានកាន់តំណែងជាអភិបាលខេត្តព្រៃវែង។[4] លន់ នល់ បានទទួលការអប់រំនៅឯវិទ្យាល័យសាសឺលូប-ឡូបានៅទីក្រុងសៃហ្កនមុនពេលចូលសិក្សានៅសាលាយោធាកម្ពុជា។
លន់ នល់បានរកឃើញការងារដែលជាប់ទាក់ទងជាមួយនឹងសេវាកម្មស៊ីវិលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៧។ លោកក៏បានក្លាយជាចៅក្រមហើយក្រោយមកក៏ក្លាយជាអ្នកអនុវត្តច្បាប់បារាំងដ៏ចំណាប់ម្នាក់ ដែលមានតួនាទីប្រឆាំងនឹងសកម្មភាពបះបោរមកលើរដ្ឋាភិបាលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៩។[5] ដល់ឆ្នាំ១៩៤៦, លោកបានឡើងកាន់តំណែងជាអភិបាលខេត្តក្រចេះ, ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអម្ចាស់នរោត្ដម សីហនុ។ ដល់ចុងទស្សវត្តឆ្នាំ១៩៤០, លោកក៏បានបង្កើតក្រុមនយោបាយមួយដែលប្រកាន់យកនយោបាយឆ្វេងនិយម, រាជាធិបតេយ្យ, និងឯករាជ្យនិយមហើយក្រុមនេះក៏បានចាប់ដើរតួយ៉ាងសំខាន់នៅក្នុងនយោបាយប្រទេសកម្ពុជានាពេលនោះផងដែរ។ លោកបានចូលបម្រើខាងយោធាក្នុងឆ្នាំ១៩៥២ ហើយក៏បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាប្រយុទ្ធប្រឆាំងនឹងក្រុមវៀតមិញ។
ក្រោយពីកម្ពុជាបានដណ្តើមបានឯករាជ្យពីបារាំង, គណបក្សខ្មែររួបរួមជាតិរបស់លន់ នល់(រួមជាមួយនឹងគណបក្សស្លាបឆ្វេងតូចៗដែលដឹកនាំដោយលោកសម សារីនិងដាប ឈួន)បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយនៃសង្គមរាស្រ្តនិយមដែលជាអង្គការនយោបាយមួយបង្កើតឡើងដោយសីហនុដើម្បីចូលរួមក្នុងការបោះឆ្នោត ឆ្នាំ១៩៥៥។[7] សង្គមក៏បានឈ្នះការបោះឆ្នោតនេះ ហើយសីហនុក៏បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា។
លោកលន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ១៩៥៥ និងជាអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ១៩៦០ ហើយព្រមទាំងមានតួនាទីជារដ្ឋមន្រ្តីក្រសួងការពារជាតិទៀតផង។ នៅពេលនោះ, លន់ នល់គឺជាមនុស្សដ៏គួរឱ្យទុកចិត្តម្នាក់របស់សីហនុដោយក្រុមកម្លាំងរបស់លោកលន់ នល់បានដើរតួយ៉ាងសំខាន់ក្នុងការបង្ក្រាបចលនាកុម្មុយនិស្តសម្ងាត់ក្នុងប្រទេសកម្ពុជា។ លោកត្រូវបានចាត់តែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៦៣។ ខណៈពេលដែលសីហនុកំពុងគម្លាតប្រទេសមាតុភូមិរបស់ព្រះអង្គឱ្យនៅកាន់តែឆ្ងាយពីសង្គ្រាមវៀតណាម, ព្រះអង្គបានប្រកាន់យកគោលនយោបាយការបរទេសមួយគឺ"អព្យាក្រឹតភាពដាច់ខាត", ប៉ុន្តែគោលនយោបាយមួយនេះបានធ្វើឱ្យកម្ពុជាចូលរួមទាក់ទងជាមួយចិនរឹតតែខ្លាំងនិងបណ្តោយឱ្យវៀតណាមខាងជើងចូលមកធ្វើសកម្មភាពយោធានៅតាមព្រំដែននៃប្រទេសកម្ពុជាទៅវិញ, លន់ នល់នៅតែបន្តភាពរស់រាយរាក់ទាក់របស់លោកទៅកាន់សហរដ្ឋអាមេរិកហើយបានបង្ហាញថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្តាច់ទំនាក់ទំនងជំនួយការពីសហរដ្ឋអាមេរិកក្រោយឆ្នាំ១៩៦៣។[8]
ការបោះឆ្នោតសភាឆ្នាំ១៩៦៦បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយនៃតុល្យភាពអំណាចឆ្ពោះទៅកាន់លន់ នល់និងធាតុស្តាំនិយមនៃរបបសង្គមរាស្រ្តនិយម ដោយអ្នកឈរឈ្មោះបោះឆ្នោតខាងអភិរក្សនិយមនិងស្តាំនិយមត្រូវគេបោះឆ្នោតឱ្យយ៉ាងច្រើន។[9] លោកលន់ នល់ត្រូវបានក្លាយជានាយករដ្ឋមន្រ្តី និងឆ្នាំបន្ទាប់, អំពើកុបកម្មមួយដែលធ្វើឡើងដោយពួកឆ្វេងនិយមដែលគេហៅថាការបះបោរសាមឡតបានកើតឡើងនៅក្នុងខេត្តបាត់ដំបង។
លោកលន់ នល់បានទទួករងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ១៩៦៧ ហើយក៏បានលាឈប់ពីការងារនយោបាយជាបណ្តោះអាសន្នសិន។ លោកបានវិលត្រលប់មកធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញនៅឆ្នាំ១៩៦៨ ហើយនៅឆ្នាំ១៩៦៩លោកក៏បានក្លាយជានាយករដ្ឋមន្រ្តីជាលើកទីពីរ និងបានតែងតាំងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈជាអ្នកតំណាងរបស់លោកថែមទៀតផង។
សីហនុបានអះអាងថារដ្ឋប្រហារឆ្នាំ១៩៧០ប្រឆាំងនឹងព្រះអង្គនេះគឺជាលទ្ធផលនៃការចងសម្ព័ន្ធមិត្តជាមួយសត្រូវស្លាប់រស់របស់ទ្រង់គឺលោកសឺង ង៉ុកថាញ់ (និរទេសទៅក្រៅ), ស៊ីសុវត្ថិសិរិមតៈ, និងក្រុម សេ.អ៊ី.អា. (ស៊ីអាយអេ) (CIA)។[10] ទោះបីជាមានការចង្អុលបង្ហាញថាលោកប្រមុខរដ្ឋលន់ នល់បានចូលទៅជិតអាមេរិកក្នុងអំឡុងឆ្នាំ១៩៦៩ ដើម្បីស្ទង់មើលលទ្ធភាពនៃការគាំទ្រខាងយោធាពីសហរដ្ឋអាមេរិកសម្រាប់រដ្ឋប្រហារប្រឆាំងនឹងសីហនុក៏ដោយ,[11] វាគ្មានភ័ស្តុតាងជាក់លាក់អ្វីដែលសំអាងថា CIA បានជាប់ពាក់ព័ន្ធក្នុងរឿងនេះនោះទេ,[12][13][14] ក៏ប៉ុន្តែវាអាចទៅរួចដែលថាភ្ញាក់ងារស៊ើបការសម្ងាត់ខាងយោធាប្រកត់ជាមានការទទួលខុសត្រូវអ្វីមួយក្នុងរឿងខាងលើនេះ។[15] ខណៈពេលកំពុងរៀបចំចលនាដើម្បីសម្រេចនូវរដ្ឋប្រហារនេះ, លន់ នល់ដំបូងមានគោលបំណងពង្រីកជំហររបស់លោកដើម្បីប្រឆាំងនឹងពួកវៀតណាមខាងជើងដោយរារាំងកងទ័ពរបស់ពួកគេ(រួមជាមួយពួកវៀតកុងផង)ពីការធ្វើប្រតិបត្តិការនៅតាមព្រំដែនប្រទេសកម្ពុជា, ហើយលោកបានដាក់សម្ពាធលើព្រះអង្គសីហនុដើម្បីសម្រេចនូវផែនការមួយនេះថែមទៀតផង។[16] ប៉ុន្តែទោះបីជាយ៉ាងណា, ចលនានេះបានវិវត្តយ៉ាងលឿនហួសពីអ្វីដែលបានគ្រងទុក, និងដោយមានការគាំទ្រពីស៊ីសុវត្ថិសិរិមតៈ – ដែលទ្រង់ចង់ឃើញសីហនុត្រូវទម្លាក់ពីតំណែងជាប្រមុខរដ្ឋ – លន់ នល់ក៏ក្លាយទៅជាអ្នករៀបគម្រោងដើម្បីដកសីហនុចេញពីតំណែង។
នៅខែមីនា ឆ្នាំ១៩៧០, មានបាតុកម្មប្រឆាំងនឹងយួនជាច្រើនបានកើតឡើងនៅទីក្រុងភ្នំពេញខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅជាតិមាតុភូមិ។ នៅថ្ងៃទី១២ ខែមីនា, លោកលន់ នល់និងសិរិមតៈបានបិទកំពង់ផែនៃក្រុងព្រះសីហនុ ដែលជាកន្លែងនាំចូលអាវុធទៅឱ្យពួកវៀតកុងនិងទាហានវៀតណាមខាងជើងនៅតាមព្រំដែនកម្ពុជាហើយលោកថែមទាំងបានចេញនូវឱសានវាទមួយថា៖ កងពលទាហានវៀតកុងទាំងអស់ត្រូវតែដកថយចេញពីទឹកដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង បើមិនអញ្ជឹងប្រកត់ជាត្រូវប្រឈមជាមួយនឹងកម្លាំងយោធាកម្ពុជាជាមិនខាន។[17]
លោកលន់ នល់បានបដិសេដមិនចង់ទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនោះទេ; ប៉ុន្តែដើម្បីឱ្យសម្រេចនូវការដកហូតសឹទ្ធអំណាចសីហនុ, សិរិមតៈបានចាក់សម្លេងព្រះអង្គសីហនុដែលបានថតពីសន្និសីទមួយនៅប៉ារីស, ដែលនៅក្នុងនោះសីហនុបានស្តីបន្ទោសឱ្យពួកគេចំពោះភាពវឹកវរដែលកំពុងកើតឡើងនៅពេញផ្ទៃប្រទេសហើយបានគំរាមប្រហារជីវិតពួកគេទាំងពីរពេលដែលព្រះអង្គត្រលប់ចូលស្រុកវិញថែមទៀតផង។[18] លោកលន់ នល់ដែលជានាយករដ្ឋមន្រ្តីកម្ពុជានៅពេលនោះនៅតែមិនប្រាកដប្រជាថាតើនឹងធ្វើឱ្យមានការបោះឆ្នោតដកសីហនុក្នុងរដ្ឋសភាឫយ៉ាងណា។ នៅយប់ ថ្ងៃទី១៧ ខែមីនា, ស៊ីសុវត្ថិសិរិមតៈ, ដែលអមដោយមេទាហានចំនួនបីនាក់បានទៅដល់គេហដ្ឋានរបស់នាយករដ្ឋមន្រ្តីហើយក៏បង្ខំដោយយកកាំភ្លើងភ្ជុងលោកលន់ នល់ឱ្យចុះហត្ថលេខាលើឯកសារសំខាន់មួយ។[19]
ការបោះឆ្នោតនៅក្នុងរដ្ឋសភាក៏បានធ្វើឡើងនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី១៨ ខែមីនាដែលនៅក្នុងនោះព្រះអង្គសីហនុត្រូវបានគេបោះឆ្នោតចេញពីតំណែង។ ឧត្តមសេនីយ៍លន់ នល់ក៏បានទទួលតំណែងជាប្រមុខរដ្ឋដោយបណ្តោះអាសន្នសិន។ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា, មានការធ្វើបាតុកម្មគាំទ្រសីហនុដ៏ធំមួយបានកើតឡើងនៅតាមទីរួមខេត្តជាច្រើនប៉ុន្តែត្រូវបានបង្ក្រាបទៅវិញដោយទាហានលន់ នល់ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់។[20] សាធារណរដ្ឋខ្មែរដែលទើបតែបង្កើតថ្មីបានប្រកាស់កាត់ទុសប្រហារជីវិតព្រះអង្គសីហនុនៅពេលឭថាទ្រង់បានទៅបង្កើតរដ្ឋាភិបាលនិរទេស(ក្រៅស្រុក)មួយ, គឺរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា(GRUNK), ដែលបានចូលដៃជាមួយពួកកុម្មុយនិស្តខ្មែរក្រហម។ នៅក្នុងអំឡុងពេលនោះដែរ, យុទ្ធនាការកម្ពុជាខែមេសា ឆ្នាំ១៩៧០បានអនុម័តឡើងដែលអនុញ្ញាតឱ្យពលកម្លាំងអាមេរិកនិងវៀតណាមខាងត្បូងចូលទឹកដីកម្ពុជាដើម្បីស្វែងរកកម្ចាត់កងទ័ពវៀតណាមខាងជើងនិងវៀតកុង។
សាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥)ថ្មីនេះបានលះបង់នូវគោលនយោបាយអព្យាក្រឹតភាពរបស់សីហនុចោល, ជាពិសេសជាមួយនឹងពួកយួន។ របបថ្មីនេះត្រូវបានគេចាត់ទុកថាជារបបពោរពេញទៅដោយភាពអន្តរាយទាំងផ្នែកយោធានិងនយោបាយ។ សុខភាពរបស់លន់ នល់បានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗបន្ទាប់ពីលោកបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែកុម្ភៈ ឆ្នាំ១៩៧១។ របៀបគ្រប់គ្រងជាតិរបស់លោកកាន់តែមានលក្ខណៈខុសប្រក្រតីនិងបែបផ្តាច់ការ: នៅខែមេសា ឆ្នាំ១៩៧១, លោកបានតែងតាងខ្លួនឯងជាសេនាប្រមុខ(ជាតំណែងមិនដែលធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្តនយោបាយប្រទេសកម្ពុជា)ហើយនៅខែតុលាលោកបានព្យួររដ្ឋសភាចោល(បញ្ឈប់លែងឱ្យដំណើរការជាបណ្តោះអាសន្ន)ដោយបាននិយាយថា"លោកលែងលេងល្បែងបែបប្រជាធិបតេយ្យនិងសេរីនិយមទៀតហើយ"ដោយសារតែប្រទេសកំពុងតែស្ថិតនៅក្នុងសម័យសង្គ្រាម។[21] ដោយមានការគាំទ្រពីប្អូនប្រុសរបស់លោក, គឺលោកឧត្តមសេនីយ៍លន់ ណុន, លោកលន់ នល់អាចកាត់បន្ថយនូវឥទ្ធិពលរបស់សិរិមតៈ, លោកអ៊ិន តាំនិងគ្នីគ្នាដៃគូរដ្ឋប្រហារផ្សេងៗទៀតបានពីរបបថ្មីនេះ។ លោកថែមទាំងបានទទូចទាមទារចង់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាតិខ្មែរ (បារាំង: Forces Armées Nationales Khmères – FANK)ដោយខ្លួនលោកផ្ទាល់ទៀតផង។
យូរៗទៅ, របបលន់ នល់ក៏ត្រូវពឹងផ្អែកលើជំនួយពីអាមេរិកទាំងស្រុងរហូតដល់ពេលចុងបញ្ចប់គឺនៅពេលដែលអាមេរិកបានឈប់ផ្តល់ជំនួយទាំងខាងនយោបាយនិងយោធាដែលជាលទ្ធផលសាធារណរដ្ឋខ្មែរត្រូវរងជាទម្ងន់រហូតទាន់តែត្រូវផ្តួលរលំដោយពួកខ្មែរក្រហម។[22] មិនយូរប៉ុន្មាន, សាធារណរដ្ឋខ្មែរបានបាត់បង់ដែនដីបន្តិចម្តងៗទៅពួកខ្មែរក្រហមហើយកងកម្លាំងប្រដាប់អាវុធជាតិខ្មែរត្រូវបាត់បង់រាល់គ្រាប់រំសេវទាំងប៉ុន្មានដែលអាមេរិកបានឱ្យទៅក្នុងសង្គ្រាមជាមួយខ្មែរក្រហម។ សុខភាពលោកលន់ នល់បានកាន់តែទ្រត់ទ្រោមឡើងៗរហូតដល់ថ្នាក់លោកទៅពឹងលើគ្រូទាយគ្រូបាអាចារ្យនិងដំបូន្មានរបស់ព្រះពុទ្ធដើម្បីរម្ងាប់កំហឹងនិងភាពតានតឹងក្នុងចិត្តរបស់លោក: នៅគ្រាមួយពេលដែលខ្មែរក្រហមកំពុងតែវាយលុកចូលទីក្រុងភ្នំពេញ, គេបានឃើញលោកលន់ នល់កំពុងពង្រាយដីខ្សាច់ឱ្យចេញជារាងរង្វង់(ប្រហែលទៅតាមជំនឿព្រះពុទ្ធសាសនា)ដើម្បីការពារទីក្រុងពីពួកកុម្មុយនិស្តខ្មែរក្រហម។ ទីបំផុតនៅថ្ងៃទី១ ខែមេសា, លោកបានដាក់ពាក្យលាលែងពីតំណែងហើយក៏បាននិរទេសខ្លួនទៅក្រៅប្រទេស, ដោយដឹងថាខ្លួនលោកជាបុគ្គលទីមួយនៅក្នុងចំណោមមនុស្សដែលខ្មែរក្រហមប៉ិនប៉ងរកសម្លាប់។
អទិភាពដំបូងរបស់ពួកខ្មែរក្រហមបន្ទាប់ពីបានសម្រេចនូវការគ្រប់គ្រងលើប្រទេសកម្ពុជាទាំងមូលហើយគឺពួកគេត្រូវប្រហារជីវិតរាល់មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ក្នុងរបបសាធារណរដ្ឋចោលទាំងអស់ដោយគ្មានពន្យាឫប្រណីនរណាទេ[22], ជាវាសនាដែលលន់ នល់រត់គេចខ្លួនរួច។
លោកបានភៀសខ្លួនទៅប្រទេសឥណ្ឌូនេស៊ីសិន, មុនពេលធ្វើដំណើរបន្តទៅសហរដ្ឋអាមេរិក, ដោយដំបូងលោកបានស្នាក់នៅរដ្ឋហាវ៉ៃមុនពេលផ្លាស់ប្តូរលំនៅដ្ឋានទៅរស់នៅក្នុងរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ១៩៧៩។ លោកបានរស់នៅជាមួយប្រពន្ធចុងរបស់លោកឈ្មោះថាសុវណ្ណា លុនជាមួយនឹងកូនរបស់គាត់រហូតដល់ថ្ងៃមរណភាពគាត់គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥, ដោយសារបញ្ហាបេះដូង។[23]
ទោះបីជាលោកលន់ នល់បានទម្លាក់ព្រះអង្គសីហនុចេញពីតំណែងមែន, ប៉ុន្តែលោកជាអ្នកមានជំនឿខ្លាំងលើប្រពៃណីប្រទេសកម្ពុជា: ក្រោយពីព្រះអង្គសីហនុត្រូវបានលោកដកហូតសឹទ្ធអំណាច, លន់ នល់បានទៅសំពះក្រាបថ្វាយបង្គំសម្តេចម៉ែដើម្បីសុំការអភ័យទោសពីទ្រង់។[24] លន់ នល់បាននិយាយពីមនោគមវិជ្ជារបស់លោកថាជាការបូកបញ្ចូលគ្នារវាងជាតិនិយមនិងវចនាធិប្បាយនិយមហើយចេញជា"ជាតិខ្មែរនិយម-ថ្មី"។ លោកបានបង្ហាញនូវមហិច្ឆិតារបស់លោកនៃការបង្រួបបង្រួមជនជាតិខ្មែរពីដើមឱ្យរស់នៅរួមគ្នាវិញដូចជាជនជាតិខ្មែរក្រោមនៃដែនដីសណ្តរទន្លេមេគង្គជាមួយនឹងជនជាតិខ្មែរសុរិន្ទនៃប្រទេសថៃហើយគ្រងទុកថារដ្ឋថ្មីរបស់លោក(បើអាចបង្រួបបង្រួមរួចនោះ)នឹងមានជនជាតិខ្មែររហូតទៅដល់"៣០លាននាក់"ក្នុងឆ្នាំ២០២០។[25] លោកបានស្នើសុំអ្នកដែលគាំទ្រលោកឱ្យប្រកាន់ខ្ជាប់នូវប្រពៃណីខ្មែរដែលលោកបានសំដៅទោថាយុទ្ធសិល្ប៍មន-ខ្មែរ, លោកក៏បានស្នើសុំឱ្យពួកគេហៅលោកថា"ខ្មែរស្រអែម"ដែលជារហសនាមមួយដែលលោកចាត់ទុកថាជាសញ្ញានៃជាតិខ្មែរ"ពិតប្រាកដ"។[26]
ប្អូនប្រុសរបស់លោកឈ្មោះលន់ និលត្រូវបានសម្លាប់ដោយអ្នកគាំទ្រសីហនុនៅក្នុងរដ្ឋប្រហារកម្ពុជានៃឆ្នាំ១៩៧០។ ប្អូនប្រុសម្នាក់ទៀតរបស់លោកឈ្មោះលន់ ណុនគឺជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃនិងជាឯកអង្គរដ្ឋទូតឱ្យសាធារណរដ្ឋខ្មែរ, ហើយត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមបន្ទាប់ពីពួកគេបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ។
កូនប្រុសរបស់លន់ នល់គឺលោកលន់ រឹទ្ធបានបង្កើតគណបក្សខ្មែរសាធារណរដ្ឋក្នុងឆ្នាំ២០០៦។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.