From Wikipedia, the free encyclopedia
លោក ឡុង បូរ៉េត គឺជាអ្នកនយោបាយខ្មែរមួយរូប ដែលបម្រើការជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកម្ពុជា ពីថ្ងៃទី ២៦ធ្នូ១៩៧៣ ដល់ថ្ងៃ ១៧មេសា១៩៧៥។ ត្រូវបានគេគោរពយ៉ាងខ្ពស់ចំពោះភាពស្មោះត្រង់របស់គាត់ គាត់បានព្យាយាមក្នុងការចរចារមិនបានសម្រេចមួយជាមួយពួកខ្មែរ ក្រហម ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា។ ក្រោយមកគាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងប្រហារជិវិត។លោក ឡុង បូរ៉េត បានកើតនៅ ឃុំ ច្បារអំពៅ ស្រុកកៀនស្វាយ ខេត្រកណ្តាល ជា កូនរបស់លោក ឡុង មាស និងនាង នាង អៀងពុធ។ គាត់បានចូល រៀននៅវិទ្យាល័យដ៏មានកិត្យានុភាពនៅប្រទេសកម្ពុជា គឺវិទ្យាល័យស៊ីសុវត្ថិពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥២ ហើយបានបន្តរទៅរៀននៅប្រទេស បារាំងពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៥៥។ ក្រោយពេលត្រឡប់មកវិញ គាត់បានចូលបម្រើការងារនៅរតនាគារជាតិ។
អាជីពជាអ្នកនយោបាយ
នៅឆ្នាំ ១៩៥៨ គាត់បានជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំខេត្រស្ទឹងត្រែង ហើយក៏ជាអ្នកតំណាងរាស្រ្តក្មេងជាងគេនៅជំនាន់នោះដែរ។ គាត់បានបម្រើការងារមួយរយៈខ្លីនៅឆ្នាំ ១៩៥៨ ជា អនុរដ្ឋលេខាធិការផ្នែកសកម្មភាពពលកម្មនិងសង្គម ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តសារជាថ្មីនៅឆ្នាំ ១៩៦២។ នៅកំឡុងពេលនោះដែរ គាត់ត្រូវបានគេស្គាល់ក្នុងនាមជាអ្នកនិពន្ធសៀវភៅប្រលោមលោក ស្នេហាមួយចំនួន ដែលភាគច្រើនបានចេញផ្សាយតាមកាសែត។ គាត់ត្រូវបានផ្តល់តំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ប៉ុន្តែគាត់ត្រូវបានគេបង្ខំឲ្យចុះចេញពីតំណែងវិញនៅឆ្នាំ ១៩៦៣ ដោយសារតែគាត់បានប្រឆាំងជាចំហរចំពោះការសម្រេចព្រះទ័យ របស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ដែលចង់ធ្វើជាតូបនីយកម្មលើធានាគារ និងជំនូញបរទេស។ គាត់នៅតែរក្សាកៅអីតំណាងរាស្ត្ររបស់គាត់នៅក្នុងការបោះឆ្នោត ឆ្នាំ ១៩៦៦។ គាត់បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពត៌មានពីឆ្នាំ ១៩៧១ ដល់ ១៩៧២ និងរដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៣។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ
នៅថ្ងៃទី ០៩ធ្នូ១៩៧៣ គាត់បានបន្តតំណែងពីលោក អ៊ីន តាំ ជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋខ្មែរ។ នៅថ្ងៃទី ០២មេសា ១៩៧៤ គាត់បានក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៤នៃ ក្រុមប្រឹក្សាប្រតិបត្តិមួយដែលរូមមាន ប្រធានាធិបតី លន់ ណុល ទ្រង់ ស៊ីសុវត្ថិ សិរីមតៈ និងឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស។
នៅថ្ងៃទី ០៨ មេសា ១៩៧៥ គាត់បានព្យាយាមមិនបានសម្រេច ក្នុងការចរចារដើម្បីសន្តិភាព មួយ ជាមួយតំណាងពួកខ្មែរក្រហម នៅក្រុងបាងកក។
ការចាប់ខ្លួន និងការប្រហារជិវិត
លោក ឡុង បូរ៉េត នៅតែទៅធ្វើការទាល់តែថ្ងៃដែលខ្មែរក្រហមវាយបែកក្រុងភ្នំពេញ (១៧មេសា១៩៧៥)។ ឯកអគ្គរដ្ឋទូតអាមេរិច ចន ហ្គាន់ធរ ឌៀន (John Gunther Dean) បានរំលឹកថា មិនដូចមន្រ្តីរដ្ឋាភិបាលដទៃទៀតដែលភៀសខ្លូនទៅអាមេរិច លោក ឡុង ប៉ូរេត សម្រេចចិត្តមិនទៅ បើទោះជាដឹងថាលោកមានឈ្មោះនៅក្នុងបញ្ជីមរណៈដែលប្រកាសពី ក្រុង ប៉េកាំង ដោយទ្រង់នរោត្តម សីហនុ យ៉ាងណាក្តី។
«ឡុង បូរ៉េត បដិសេធមិនព្រមឲ្យគេជម្លៀសគាត់ចេញឡើយ។ គាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាព មានឥទ្ធិពល ហើយនៅក្មេងជាង លន់ ណុល ឬទ្រង់សិរីមតៈ ទៅទៀត។ ខ្ញុំបានទៅជួបគាត់ដោយផ្ទាល់នៅថ្ងៃទី ១២មេសា គឺនៅព្រឹកព្រលឹមដែលយើងកំពុងតែជម្លៀសចេញ។ ខ្ញុំបានប្រាប់គាត់ឲ្យនាំកូននិងប្រពន្ធគាត់ចេញពី ក្រុង ភ្នំពេញ ក៏ព្រោះតែខ្ញុំបារម្ភនឹងសុវត្ថិភាពរបស់គាត់។ គាត់បានអរគុណខ្ញុំ ហើយបានប្រាប់ខ្ញុំថា គាត់គិតថានឹងមិនមានគ្រោះថ្នាក់អ្វីចំពោះរូបគាត់ទេ។
ឧត្តមសេនីយ៍ សាក់ ស៊ុតសាខាន់ បានរំលឹកថា «នៅ ព្រឹកថ្ងៃទី ១៧មេសា ឡុង បូរ៉េត បានសម្រេចចិត្តនាំគ្រួសាររបស់គាត់ចេញពី ក្រុងភ្នំពេញ។ ទាំងឧត្តមសេនីយ៍ ស៊ុតសាខាន់ និងអ្នកកាសែត ចុន ស្វែន (Jon Swain) បានរាយការណ៍ថា គ្រួសាររបស់ ឡុង បូរ៉េត មិនអាចឡើងឧទ្ធម្ភាចក្រជើងចុងក្រោយដែលចាកចេញពី ក្រុងភ្នំពេញ បាននោះទេ។»
ឯកអគ្គរដ្ឋទូត ឌៀន បានអះអាងថា « ឡុង បូរ៉េត ព្យាយាមឡើងឧទ្ធម្ភាចក្រជាមួយប្រពន្ធនិងកូនគាត់ ប៉ុន្តែពួកយោធាខ្មែរ(?) បានបាញ់ស្រោចយ៉ាងសាហាវមកលើឧទ្ធម្ភាចក្រ។»
គាត់ត្រូវបានគេឃើញជាលើកចុងក្រោយដោយ ចុន ស្វេន, ស៊ីដនី ស្សេនប៊ក (Sydney Schanberg) និង ឌិត ប្រន នៅក្រៅស្ថានទូតបារាំង។ ចុន ស្វេន បានរាយការណ៍ថា « ឡាន ស៊ីត្រូនពណ៌ខ្មៅមួយបានឈប់ ហើយបន្ទាប់មក លោក ឡុង បូរ៉េត បានចុះពីលើឡាននោះ ភ្នែករបស់គាត់ហើមហើយក្រហម ទឹកមុខគាត់បង្ហាញថាគាត់គ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះ។ នៅពេលដែលយើងសួរគាត់ថាគាត់យ៉ាងម៉េចហើយ គាត់ខ្សឹបមកវិញដែលទាំងយើងមិនអាចស្តាប់យល់។ គំនិតគាត់មិនដឹងជាហោះហើរដល់ណានោះទេ។ វង្វេង ហើយដើរឈ្ពាន់ជើងគ្នា គាត់ចុះចូលឲ្យពួកខ្មែរក្រហមបញ្ចូលគាត់ឲ្យដើរជាជួរជាមួយអ្នក ទោសជាច្រើនខ្មែរ។ ខ្ញុំពិតជាកោតសរសើរចំពោះសេចក្តីក្លាហានរបស់គាត់ណាស់។»
ស្សេនប៊ក បានផ្តល់ការពណ៌នាយ៉ាងពិស្តារមួយថា «ឡុង បូរ៉េត ជិះក្នុងឡានដែលបើកដោយប្រពន្ធរបស់គាត់… គាត់មើលទៅ។ ភ្នែករបស់គាត់ទាំង២ហើយ។ គាត់សម្លឹងមើលទៅដី។ គាត់… ដឹងថាអ្វីដែលនៅរង់ចាំគាត់។ ខ្ញុំគិតថា ខ្ញុំគួរតែចាកចេញប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែនិយាយជាមួយគាត់ ប្រន ក៏យល់ស្របដែរ។ ខ្ញុំបានកាន់ដៃគាត់ ហើយប្រាប់គាត់ថា គាត់ពិតជាក្លាហានចំពោះប្រទេសជាតិរបស់គាត់ ហើយខ្ញុំពិតជាកើតសរសើរគាត់នៅចំនុចនេះ។ ប្រន ក៏បានកាន់ដៃគាត់ដែរ… ឡុង បូរ៉េត ព្យាយាមឆ្លើយតបប៉ុន្តែមិនអាច។ ចុងក្រោយគាត់បានខ្សឹបមកយើងថា «អរគុណ» បន្ទាប់មកយើងបានបង្ខំចិត្តចាកចេញពីគាត់។»
បន្តិចក្រោយមក កុយ ធួន មេបញ្ជារការរងទ័ពស្រួចរបស់ខ្មែរក្រហម បានរៀបចំ «គណកម្មការកំចាត់ខ្មាំង» នៅសណ្ឋាគារមនោរម្យ។ ភារកិច្ចតំបូងរបស់ក្រុមនេះគឺ ការប្រហារជិវិតជាបន្ទាប់នៃ លន់ ណុន និងមេដឹកនាំកំពូលដទៃទៀតរបស់រដ្ឋាភិបាល។ ឡុង បូរ៉េត ត្រូវបានប្រហារជិវិតនៅក្នុងបុរីកីឡា (Cercle Sportif) នៅ ក្រុងភ្នំពេញ។ វិទ្យុខ្មែរក្រហម បានរាយការណ៍នៅពេលក្រោយមកថា គាត់ត្រូវបានប្រហារជិវិតដោយកាត់ក្បាល ប៉ុន្តែរបាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា គាត់ និង ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ត្រូវបានប្រហារជិវិតដោយក្រុមបាញ់កាំភ្លើង។
ការបរិច្ឆេតសំខាន់ៗ
ថ្ងៃទី ០៩ ធ្នូ ១៩៧៣ ឡុង បូរ៉េត ក្លាយជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋខ្មែរ រហូតដល់ថ្ងៃទី ១៧ មេសា ១៩៧៥។
ថ្ងៃទី ០១ មេសា ១៩៧៤ ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដែលរំលាយមួយថ្ងៃមុនត្រូវបានជំនួសដោយ ក្រុមប្រឹក្សាប្រតិបត្តិមួយ ដែលមានសមាជិក៤នាក់គឺ លន់ ណុល ឡុង បូរ៉េត ទ្រង់ស៊ីសុវត្ថិ សិរីមតៈ និង ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស (Sosthene Fernandez)។
ថ្ងៃទី ១៧ មិថុនា ១៩៧៤ ឡុង បូរ៉េត បានបង្កើតគណៈរដ្ឋមន្រ្តីថ្មីមួយក្រុមដែលមានសមាជិក១៦នាក់។
ថ្ងៃទី ១១ មិនា ១៩៧៥ ប្រធានាធិបតី លន់ ណុល បានបញ្ជារឲ្យ នាយករដ្ឋមន្រ្តី ឡុង បូរ៉េត បង្កើតក្រុមគណៈរដ្ឋមន្រ្តីថ្មីមួយទៀត ហើយបានលុបបំបាត់តំណែង អគ្គមេបញ្ជារការ នៅក្នុងជួរកងទ័ព។
ថ្ងៃទី ០៨ មេសា ១៩៧៥ នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ព្យាយាមមិនបានសម្រេចក្នុងការចរចារដើម្បីសន្តិភាព មួយ ជាមួយតំណាងពួកខ្មែរក្រហម នៅក្រុង បាងកក។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.