From Wikipedia, the free encyclopedia
ចក្រភពអូទ្រីស (ភាសាអាល្លឺម៉ង់៖ Kaiserthum Oesterreich, បច្ចុប្បន្នសរសេរបានថា៖ Kaiserthum Österreich) គឺជារដ្ឋមហាអំណាចពហុជាតិមួយដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅតំបន់អឺរ៉ុបកណ្តាលចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨៦៧។ រដ្ឋចក្រភពមួយនេះត្រូវបានប្រកាសបង្កើតដោយរាជវង្សហាបស៍ប៊ឺក។ ចក្រភពអូទ្រីសគឺជារដ្ឋចក្រភពដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស។ រួមជាមួយនឹងរាជាណាចក្រព្រុស ចក្រភពអូទ្រីសគឺជារដ្ឋមហាអំណាចធំទីពីរដែលស្ថិតនៅក្នុងសហព័ន្ធអាល្លឺម៉ង់។ យោងតាមការសិក្សាភូមិសាស្រ្ត វាគឺជាចក្រភពដែលមានទឹកដីធំបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពបារាំងទីមួយ(៦២១,៥៣៨ គីឡូម៉ែត្រការេ)។
ចក្រភពអូទ្រីស Kaiserthum Österreich (ភាសាអាល្លឺម៉ង់)
| |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨០៤–១៨៦៧ | |||||||||||||
ភ្លេងជាតិGott erhalte Franz den Kaiser "សូមព្រះជាម្ចាស់ជួយព្រះចៅអធិរាជហ្រ្វង់" | |||||||||||||
ទឹកដីចក្រភពអូទ្រីសនៅក្នុងឆ្នាំ១៨១៥ | |||||||||||||
វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (ទសវត្សឆ្នាំ១៨៥០) | |||||||||||||
ធានី | វីយែន | ||||||||||||
ភាសាទូទៅ | ភាសាអាល្លឺម៉ង់ ភាសាហុងគ្រី ភាសាឆេក ភាសាស្លូវ៉ាគី ភាសាប៉ូឡូញ ភាសារូស៊ីន ភាសាស្លូវេនី ភាសាក្រូអាត ភាសាស៊ែរប៊ី ភាសារ៉ូមានី ភាសាលុមបាត ភាសាវេនីស៊ី ភាសាឡាឌីន ភាសាអ៊ីតាលី ភាសាអ៊ុយក្រែន ភាសាយីឌីស | ||||||||||||
សាសនា | រ៉ូម៉ាំងកាតូលិក (ផ្លូវការ) | ||||||||||||
រដ្ឋាភិបាល |
| ||||||||||||
អធិរាជ | |||||||||||||
▪ ១៨០៤–១៨៣៥ | ហ្រ្វង់ទី១ | ||||||||||||
▪ ១៨៣៥–១៨៤៨ | ហ៊្វែឌីណង់ទី១ | ||||||||||||
▪ ១៨៤៨–១៨៦៧ | ហ្វ្រង់ ហ្សូសែហ្វទី១ | ||||||||||||
ប្រធានរដ្ឋមន្ត្រី | |||||||||||||
▪ ១៨២១–១៨៤៨ | ក្លេមីនស៍ វន មេទឹរនិច (ដំបូង) | ||||||||||||
▪ ១៨៦៧ | ហ្វ្រ៊ីឌ្រិច ហ៊្វែឌីណង់ វន ប៊ូស (ក្រោយ) | ||||||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សារាជាធិរាជ | ||||||||||||
សភាអភិជន | |||||||||||||
• សភាជាន់ទាប | សភាតំណាងរាស្រ្ត | ||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សទី១៩ | ||||||||||||
▪ ប្រកាសបង្កើតឡើង | ១១ សីហា ១៨០៤ | ||||||||||||
▪ ការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋ | ៦ សីហា ១៨០៦ | ||||||||||||
▪ កិច្ចប្រជុំសមាជក្រុងវីយែន | ៨ មិថុនា ១៨១៥ | ||||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ២០ តុលា ១៨៦០ | ||||||||||||
▪ សង្គ្រាមអូទ្រីស-ព្រុស | ១៤ មិថុនា ១៨៦៦ | ||||||||||||
▪ កិច្ចព្រមព្រៀងឆ្នាំ១៨៦៧ | ៣០ មីនា ១៨៦៧ | ||||||||||||
ក្រឡាផ្ទៃ | |||||||||||||
១៨០៤ | ៦៩៨.៧០០ គ.ម២ (២៦៩.៧៧០ ម៉ាយ ក.) | ||||||||||||
ប្រជាជន | |||||||||||||
▪ ១៨០៤ | ២១,២០០,០០០ | ||||||||||||
រូបិយវត្ថុ |
| ||||||||||||
|
រាជាណាចក្រហុងគ្រីដែលស្ថិតនៅក្រោមរាជវង្សហាបស៍ប៊ឺកគឺត្រូវបានគ្រប់គ្រងដោយស្ថាប័នផ្ទាល់ខ្លួនដាច់ដោយឡែកពីចក្រភពអូទ្រីសទាំងមូល។ បន្ទាប់ពីអូទ្រីសបានចាញ់សង្គ្រាមអូទ្រីស-ព្រុសនៅឆ្នាំ១៨៦៦ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើងហើយរាជាណាចក្រហុងគ្រីនិងចក្រភពអូទ្រីសត្រូវបានបញ្ចូលរួមគ្នាបង្កើតបានជាចក្រភពអូទ្រីស-ហុងគ្រី។
ការប្លាស់ប្តូររូបរាងទឹកដីចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានប្រព្រឹត្តិធ្វើឡើងនៅឯកិច្ចប្រជុំសមាជក្នុងទីក្រុងរ៉ាស្តាត (១៧៩៧-១៧៩៩) និងក្រុងរីជិនប៊ឺក (១៨០១-១៨០៣)។ នៅខែមីនា ឆ្នាំ១៨០៣ កិច្ចបញ្ឈប់រាជាធិរាជ (ភាសាអាល្លឺម៉ង់៖ Reichsdeputationshauptschluss) បានប្រកាសឡើងថារដ្ឋសាសនា (រដ្ឋសាសនាគឺជាពាក្យសម្តៅលើរដ្ឋមួយចំនួនធំដែលស្ថិតក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ) គឺត្រូវបានកាត់បន្ថយពីចំនួន ៨១ មកត្រឹម ៣ ចំណែកឯបុរីរាជាធិរាជសេរីវិញគឺត្រូវបានបន្ថយពី ៥១ រដ្ឋមកនៅត្រឹម ៦ វិញ។ វិធានការមួយនេះគឺបង្កើតឡើងដើម្បីជំនួសរដ្ឋធម្មនុញ្ញចាស់នៃចក្រភពរ៉ូម៉ាំងពិសិដ្ឋប៉ុន្តែតាមការពិតគឺចង់ផ្តួលរលំចក្រភពនេះចោលតែម្តង។ ដោយទទួលយកការផ្លាស់ប្តូរដ៏ធំនេះយកទៅពិចារណា ព្រះចៅអធិរាជរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្រ្វង់ទី២ បានបង្កើតគោរមងារថ្មីគឺអធិរាជអូទ្រីសសម្រាប់ព្រះអង្គផ្ទាល់និងសម្រាប់អ្នកស្នងបន្ត។
នៅឆ្នាំ១៨០៤ អធិរាជចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺព្រះអង្គម្ចាស់ហ្រ្វង់ទី២ ដោយទ្រង់ក៏ជាអ្នកនាំមុខនៃរាជវង្សហាបស៍ប៊ឺក បានប្រកាសបង្កើតចក្រភពអូទ្រីសឡើង។ ទ្រង់បានបង្កើតរចនាសម្ព័ន្ធដឹកនាំជាផ្លូវការមួយសម្រាប់ព្រះរាជាណាចក្រហាបស៍ប៊ឺកថ្មីដែលរបៀបដឹកនាំគឺមានលក្ខណៈជារាជាធិបតេយ្យចម្រុះដែលត្រូវបានគេអនុវត្តឡើងប្រហែលជាង ៣០០ ឆ្នាំមកហើយ។ ទ្រង់ធ្វើបែបនេះព្រោះទ្រង់ដឹងមុនថាចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺនឹងអាចដួលរលំក្នុងរយៈពេលឆាប់ៗនេះហើយម៉្យាងទៀត ទ្រង់មិនចង់ឱ្យណាប៉ូឡេអុងទី១ ដណ្តើមធ្វើជាអធិរាជថ្មីនោះទេ — ដោយក្នុងពេលថ្មីៗនោះ ណាប៉ូឡេអុងទើបតែទទួលគោរមងារជាអធិរាជនៃប្រទេសបារាំងដែលធ្វើឱ្យមហាអំណាចអឺរ៉ុបមួយចំនួនកើតការព្រួយបារម្ភ — នៅទីបំផុតព្រះចៅហ្រ្វង់ទី១ ក៏បានបោះបង់ងារជាអធិរាជរ៉ូម៉ាំង-អាល្លឺម៉ង់ចោលនៅក្នុងឆ្នាំ១៨០៦។ ដើម្បីការពាររាជវង្សអធិរាជរបស់ព្រះអង្គ ព្រះចៅហ្វ្រង់បានសម្រេចទទួលងារជាអធិរាជអូទ្រីស។ ការងាររចនាសម្ព័ន្ធនិងទឹកដីចម្រុះ (ទឹកដីរបស់ចក្រភពហាបស៍ប៊ឺកគឺសម្បូរទៅដោយជាតិសាសន៍ខុសៗគ្នា) របស់ចក្រភពថ្មីនេះគឺមានស្ថានភាពស្រដៀងនឹងចក្រភពហាបស៍ប៊ឺកមុនឆ្នាំ១៨០៤ ដដែរ។
ទាំងនេះត្រូវបានបញ្ជាក់ឱ្យឃើញដោយរាជាណាចក្រហុងគ្រីដោយពេលនោះប្រទេសហុងគ្រីគឺជារដ្ឋដែលមិនធ្លាប់ក្លាយជាសមាជិកពេញលេញនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋនោះទេហើយត្រូវគេចាត់ទុកជាអាណាចក្រដាច់ដោយឡែកពីអូទ្រីសទៀតផង (ទោះជាទឹកដីពួកគេស្ថិតនៅក្នុងចក្រភពអូទ្រីសក្តី) — ស្ថានភាពដែលហុងគ្រីកំពុងស្ថិតនៅនេះគឺត្រូវបានបញ្ជាក់នៅក្នុងមាត្រា X ដែលបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញហុងគ្រីនៃឆ្នាំ១៧៩០ ក្នុងអំឡុងពេលដែលរាជាធិបតេយ្យចម្រុះបានចាប់ផ្តើមដំណើរការឡើងហើយគេបានចាត់ទុកប្រទេសហុងគ្រីនាពេលនោះជា Regnum Independens។ កិច្ចការងារប្រទេសជាតិហុងគ្រីគឺត្រូវបានគ្រប់គ្រងដោយស្ថាប័នខ្លួនផ្ទាល់ដូចពីមុនដដែរ។ នេះមានន័យថាហុងគ្រីមានស្ថាប័នឯករាជ្យមែនប៉ុន្តែស្ថាប័នពួកគេគឺមិនអាចជះឥទ្ធិពលអ្វីដល់កិច្ចការរដ្ឋាភិបាលឡើយ។[2][3][4]
ចក្រភពរ៉ូម៉ាំងពិសិដ្ឋបានដួលរលំនិងត្រូវរំលាយចោលជាផ្លូវការដោយចក្រភពបារាំងបន្ទាប់ពីបារាំងបានវាយចូលចក្រភពនេះនៅអំឡុងខែកញ្ញា ឆ្នាំ១៨០៥។ នៅថ្ងែទី២០ ខែតុលា ឆ្នាំ១៨០៥ កងទ័ពបារាំងរបស់អធិរាជណាប៉ូឡេអុងបានយកឈ្នះលើទ័ពអូទ្រីសដែលដឹកនាំដោយឧត្តមសេនីយ៍កាល់ ម៉ាក វន ឡៃបេរិចនៅក្បែរទីក្រុងអូម (Ulm), កងទ័ពអូទ្រីសប្រមាណ ២០,០០០ នាក់ជាមួយនឹងកាំភ្លើងធំមួយចំនួនត្រូវចាប់ខ្លួននិងរិបអូសដោយកងទ័ពបារាំង។ ណាប៉ូឡេអុងបានទទួលជ័យជម្នះដ៏ធំមួយនៅក្នុងសមរភូមិអូស្ទ័រលីត (Austerlitz) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៥។ ព្រះចៅអធិរាជហ្រ្វង់ក៏ត្រូវបង្ខំចិត្តចូលធ្វើកិច្ចចរចាសន្តិភាពជាមួយបារាំងចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ។ នៅក្នុងកិច្ចចរចានេះ ហ្រ្វង់បានស្នើរបារាំងពីយុទ្ធសន្តិភាពដែលចេញធរមានចាប់ពីថ្ងៃទី៦ ខែធ្នូនោះតទៅ។
ជ័យជម្នះរបស់បារាំងបានជំរុញឱ្យមេដឹកនាំនៅតាមរដ្ឋរាជាធិរាជមួយចំនួនចងសម្ព័ន្ធភាពជាមួយបារាំងដើម្បីការពារឯករាជ្យភាពរបស់អាណាចក្ររបស់ពួកគេពីការឈ្លានពានរបស់បារាំង។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨០៥, ចៅព្រះពញាម៉ាស៊ីមីលានទី៤ នៃនគរបាវ៉ារៀបានប្រកាសខ្លួនទ្រង់ថាជាព្រះមហាក្សត្រថ្មីនៃបាវ៉ារៀ បន្ទាប់មកចៅព្រះពញាហ្រ្វេឌឺរិចទី៣ ក៏បានធ្វើតាមដោយប្រកាសខ្លួនជាព្រះមហាក្សត្រនៃវ៉ើថិនប៊ឺក។ សាល ហ្រ្វេឌឺរិចដែលជាអង្គក្សត្រនគរបាដិន ទ្រង់បានទទួលងារជា មហាពញាក្សត្រនៃបាដិននៅថ្ងៃទី១២ ខែធ្នូ។ រដ្ឋខាងលើនីមួយៗបានក្លាយជាសម្ព័ន្ធមិត្តនឹងប្រទេសបារាំង។ សន្ធិសញ្ញាប្រេសប៊ឺករវាងបារាំងនិងអូទ្រីសត្រូវបានចុះនៅថ្ងៃទី២៦ ខែធ្នូ ដោយអូទ្រីសត្រូវប្រគល់ទឹកដីនិងកម្មសិទ្ធិរបស់ខ្លួននៅអាល្លឺម៉ង់មួយចំនួនធំទៅឱ្យសម្ព័ន្ធមិត្តរបស់បារាំង។
អធិរាជហ្រ្វង់ទី២ បានយល់ឃើញថាសន្ធិសញ្ញាប្រេសប៊ឺកនេះគឺជាភាពដ៏គួរឱ្យអាម៉ាសមួយដោយការចុះសន្ធិសញ្ញាមួយនេះគឺមានន័យថាចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលមានអាយុកាលជាង ១,០០០ ឆ្នាំនឹងត្រូវដួលរលំហើយរដ្ឋទាំងប៉ុន្មាននៅក្នុងចក្រភពនេះត្រូវ ព្រះចៅណាប៉ូឡេអុងរៀបចំរចនាឡើងវិញដោយបូកបញ្ចូលរដ្ឋទាំងនោះចូលគ្នាឱ្យក្លាយជារដ្ឋថ្មីៗមួយចំនួនដែលមានលក្ខណៈជាបុរេទឹកដីប្រទេសអាល្លឺម៉ង់សព្វថ្ងៃ។ នេះគឺជាមូលហេតុចម្បងដែលបានកាត់បន្ថយឥទ្ធិពលនិងអំណាចរបស់ចក្រភពអូទ្រីសមកលើរដ្ឋអាល្លឺម៉ង់។ ដូចជាបានរៀបរាប់ខាងលើហើយគឺរដ្ឋបាវ៉ារៀ វ៉ើថិនប៊ឺក និងបាដិនគឺសុទ្ធតែជារដ្ឋធ្លាប់ជិតស្និតជាមួយអូទ្រីសប៉ុន្តែការរីកចម្រើននៃឥទ្ធិពលនិងអំណាចរបស់បារាំងបានធ្វើឱ្យរដ្ឋទាំងបីសម្រេចចិត្តដកខ្លួនបន្តិចម្តងៗឆ្ងាយពីអូទ្រីសរួចមកចងសម្ព័ន្ធភាពជាមួយបារាំង។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៨០៦ សហព័ន្ធរ៉ាំងត្រូវបានបង្កើតឡើងដោយមានរដ្ឋអធិបតេយ្យចំនួន ១៦ ជាសមាជិកក្នុងសហព័ន្ធដោយស្ថិតនៅក្រោមឥទ្ធិពលបារាំង សហព័ន្ធថ្មីនេះគឺត្រូវគេចាត់ទុកថាជារដ្ឋស្នងពីចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ ហ្រ្វង់ត្រូវបង្ខំទទួលស្គាល់នូវអធិបតេយ្យភាពនៃសហព័ន្ធថ្មីនេះហើយថែមទាំងបានប្រកាសពីការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋចោលជាផ្លូវការទៀតផងដោយទ្រង់មិនចង់ឱ្យណាប៉ូឡេអុងក្លាយជាអធិរាជថ្មីនៃចក្រភពរបស់ព្រះអង្គឡើយ។ សកម្មភាពទាំងនេះគឺមិនបានទទួសស្គាល់ដោយស្តេចហ្ស៊កនៃចក្រភពអង់គ្លេសឡើយដោយព្រះអង្គមានងារជាអេឡិចទ័រនៃហានណូវ័រហើយនឹងត្រូវបាត់បង់ទឹកដីហានណូវ័រនិងតំណែងទ្រង់ទៅបារាំងដោយសារតែសន្ធិសញ្ញាប្រេសប៊ឺក។ អំណះអំណាងរបស់ហ្ស៊កក៏ត្រូវបានដោះស្រាយដោយប្តូររដ្ឋហានណូវ័រទៅជារាជាណាចក្រហើយរាជាណាចក្រថ្មីនេះគឺត្រូវកាន់កាប់ដោយក្សត្រស្នងរបស់ហ្ស៊កគឺម្ចាស់ក្សត្រីវ៉ិចតូរីយ៉ា។
លោកក្លេមីនស៍ វន មេទឹរនិចបានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសនៅក្នុងឆ្នាំ១៨០៩។ ពីមុនមក លោកធ្លាប់បានកាន់តំណែងជាអធិការបតីពីឆ្នាំ១៨២១ រហូតដល់ឆ្នាំ១៨៤៨។ គេបានសម្តៅទៅចន្លោះឆ្នាំ១៨១៥-១៨៤៨ ក្នុងប្រវត្តិសាស្រ្តអូទ្រីសថា"យុគសម័យមេទឹរនិច"។[5] ក្នុងអំឡុងពេលកាន់អំណាច, លោកមេទឹរនិចបានគ្រប់គ្រងលើគោលនយោបាយការបរទេសរបស់រាជវង្សហាបស៍ប៊ឺកហើយកិច្ចការរបស់លោកនីមួយៗបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យនយោបាយទូទាំងទ្វីបអឺរ៉ុប។ មេទឹរនិចត្រូវបានគេស្គាល់ភាគច្រើនដោយសារតែទស្សនៈអភិរក្សនិយមនិងវិធីសាស្រ្តរបស់លោកក្នុងការដោះស្រាយបញ្ហានយោបាយ គោលនយោបាយរបស់លោកមេទឹរនិចគឺប្រឆាំងនឹងបដិវត្តន៍និងលទ្ធិសេរីនិយម។[6] តាមគំនិតរបស់លោក លទ្ធិសេរីនិយមនេះហើយគឺជាទម្រង់មូលដ្ឋានដែលអាចនាំឱ្យមានបដិវត្តន៍ផ្ទុះឡើង។[7] លោកមេទឹរនិចក៏បានយល់ដែរថាមានតែរាជាធិបតេយ្យផ្តាច់ការប៉ុណ្ណោះទេដែលជារដ្ឋាភិបាលត្រឹមត្រូវសម្រាប់ចក្រភពអូទ្រីស។[8] គំនិតរបស់មេទឹរនិចខាងលើនេះបានផ្តល់ឥទ្ធិពលខ្លាំងដល់គោលនយោបាយប្រឆាំងនឹងបដិវត្តន៍របស់លោកដើម្បីបន្តរក្សាអត្ថិភាពរាជវង្សហាបស៍ប៊ឺកនៅឆាកនយោបាយអឺរ៉ុប។ លោកមេទឹរនិចគឺជាអ្នកការទូតម្នាក់ដែលអនុវត្តតុល្យភាពអំណាច។[9] គោលនយោបាយការបរទេសរបស់លោកគឺមានបំណងចង់រក្សាលំនឹងនយោបាយអន្តរជាតិដើម្បីការពារអំណាចនិងឥទ្ធិពលរបស់រាជវង្សហាបស៍ប៊ឺកនៅក្នុងកិច្ចការងារអន្តរជាតិ។ បន្ទាប់ពីសង្គ្រាមណាប៉ូឡេអូនិចបានបញ្ចប់ លោកមេទឹរនិចគឺជាប្រធានស្ថាបនិកនៃកិច្ចប្រជុំសមាជក្រុងវីយែនឆ្នាំ១៨១៥។ ចក្រភពអូទ្រីសគឺជារដ្ឋដែលទទួលបានផលប្រយោជន៍ច្រើនជាងគេនៅក្នុងកិច្ចប្រជុំសមាជនេះដោយខ្លួនបានចងសម្ព័ន្ធភាពជាមួយនឹងអង់គ្លេស ព្រុស និងរុស្ស៊ីរួចបានបង្កើតចេញជាសម្ព័ន្ធមិត្តចត្វាគុណ។ មិនត្រឹមតែប៉ុណ្ណោះអូទ្រីសក៏ទទួលបានទឹកដីថ្មីពីកិច្ចប្រជុំសមាជក្រុងវីយែនដែរ ឥទ្ធិពលរបស់អូទ្រីសបានលាតសន្ធឹងទៅតំបន់ភាគខាងជើងតាមសហព័ន្ធអាល្លឺម៉ង់ចូលទៅក្នុងតំបន់ក្បែររដ្ឋអ៊ីតាលី។ ដោយសារតែសមាជក្រុងវីយែននេះហើយដែលបានធ្វើឱ្យអូទ្រីសក្លាយជារដ្ឋផ្តាច់មុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ថ្មី។ ក្រោយពីការប្រជុំសមាជ មេដឹកនាំមហាអំណាចធំៗទូទាំងអឺរ៉ុបបានយល់ស្របនឹងគ្នាក្នុងការធ្វើកិច្ចប្រជុំនៅពេលខាងមុខទៀតស្តីពីដំណោះស្រាយនៃជម្លោះឬបញ្ហាបដិវត្តន៍នាពេលអនាគត។ ដោយសារតែលោកមេទឹរនិចមានតួនាទីនិងទំនួលខុសត្រូវខ្ពង់ជាងគេនៅក្នុងកិច្ចប្រជុំសមាជនោះដូច្នេះហើយបានជាអ្នកខ្លះតែងហៅវាថា"កិច្ចប្រជុំមេទឹរនិច" ឬ "ប្រព័ន្ធមេទឹរនិច"។ ក្រោមការដឹកនាំរបស់លោកមេទឹរនិចដែលជារដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស សមាជប្រជុំក្រោយៗគឺនឹងត្រូវបានធ្វើឡើងដើម្បីដោះស្រាយកិច្ចការបរទេសក្នុងអឺរ៉ុប។ សមាជទាំងអស់នោះរួមមានដូចជា សមាជអិច-ឡា-ឆាបែល (១៨១៨) សមាជឆាលបាត (១៨១៩) ត្រូប៉ាវ (១៨២០) ឡៃបាក (១៨២១) និង វេរ៉ូណា (១៨២២)។ គោលដៅចម្បងនៃកិច្ចប្រជុំទាំងអស់នេះគឺចង់រក្សាលំនឹងនយោបាយរបស់ប្រទេសមហាអំណាចអឺរ៉ុប និងទប់ស្កាត់បង្ក្រាបការប៉ងធ្វើបដិវត្តន៍ទម្លាក់មហាអំណាចទាំងនោះ។ គោលដៅមួយទៀតនៃកិច្ចប្រជុំនេះគឺចង់ដោះស្រាយនូវបញ្ហានិងជម្លោះដោយមិនចាំបាច់ប្រើអំពើហិង្សាឬកម្លាំងយោធា។ ដោយការជួបប្រជុំនិងការចងសម្ព័ន្ធភាពជាមួយសំណាក់មហាអំណាចអឺរ៉ុបដែលមេដឹកនាំមហាអំណាចនីមួយៗសុទ្ធតែមានចំណាប់អារម្មណ៍ដូចគ្នាក្នុងការរក្សាទិសដៅនៃនយោបាយអភិរក្សនិយម ទាំងនេះបានធ្វើឱ្យមេទឹរនិចមានលទ្ធភាពពង្រីកឥទ្ធិពលអូទ្រីសចូលទៅក្នុងឆាកនយោបាយអឺរ៉ុបបានដោយងាយ។ ម៉្យាងវិញទៀត មេទឹរនិចបានផ្សព្វផ្សាយពីក្តីបារម្ភរបស់លោកអំពី'បដិវត្តិន៍'ទៅមហាអំណាចអឺរ៉ុបទាំងអស់ ដូច្នេះហើយបានជាលោកអាចសម្រេចនូវសន្តិសុខពេញលេញនិងអធិកភាពទៅឱ្យរាជវង្សហាបស៍ប៊ឺក។
នៅអំឡុងសម័យមេទឹរនិចនេះ សកម្មភាពបះបោររបស់ពួកជាតិនិយមនៅទិសនិរតី (សព្វថ្ងៃនៅភាគខាងជើងប្រទេសអ៊ីតាលី) ត្រូវបានបង្ក្រាបដោយប្រើកម្លាំងយោធា។ នៅក្នុងប្រទេស លោកមេទឹរនិចបានអនុវត្តិគោលនយោបាយស្រដៀងនឹងខាងលើនេះដើម្បីបំបាត់ពួកបដិវត្តិនិងអ្នកសេរីនិយម។ គាត់បានអនុវត្តច្បាប់ឆាលបាតនៃឆ្នាំ១៨១៩ ដែលប្រើការត្រួតពិនិត្យនិងឃ្លាំមើលយ៉ាងតឹងរឹងនៅក្នុងវិស័យអប់រំ និយាយថ្លែងប្រកាសជាសាធារណៈអំពីភាពអស្ចារ្យនៃការដឹកនាំរបស់រាជវង្សហាបស៍ប៊ឺកដើម្បីដាក់សម្ពាធលើគំនិតបដិវត្តន៍និងជាតិនិយម។ មេទឹរនិចថែមទាំងប្រើវិធីសាស្រ្តស៊ើបការណ៍សម្ងាត់ទៀតផងដើម្បីកម្ចាត់ភាពវឹកវរនិងអនាធិបតេយ្យភាព។
លោកមេទឹរនិចបានប្រតិបត្តិការងារលោកដោយសេរីទាក់ទងនឹងគោលនយោបាយការបរទេសក្រោមរជ្ជកាលអធិរាជហ្វ្រង់ទី២ ប៉ុន្តែព្រះចៅហ្រ្វង់បានចូលទិវង្គតនៅក្នុងឆ្នាំ១៨៣៥ ហើយឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចការនយោបាយក៏ចាប់ផ្តើមអន់ថយនៅក្នុងចក្រភពអូទ្រីស។ រជ្ជទាយាទរបស់ហ្វ្រង់គឺជាបុត្រារបស់ទ្រង់ព្រះនាមហ៊្វែឌីណង់ទី១ ប៉ុន្តែគួរឱ្យអភ័ព្វ ព្រះចៅហ៊្វែឌីណង់បានទទួលរងនូវពិការភាពខាងបញ្ញា ពោលគឺអសមត្ថភាពខាងបញ្ញា។ ការឡើងគ្រងរាជរបស់ហ៊្វែឌីណង់បានបន្តអំណាចគ្រួសាររាជវង្សហាបស៍ប៊ឺកមែនប៉ុន្តែព្រះអធិរាជហ៊្វែឌីណង់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសជាតិទេ។ ភាពជាអ្នកដឹកនាំនៃចក្រភពអូទ្រីសត្រូវបានផ្ទេរទៅក្រុមប្រឹក្សារដ្ឋដែលមានដូចជាលោកមេទឹរនិច ប្អូនប្រុសព្រះអធិរាជហ្រ្វង់ព្រះនាមព្រះអង្គម្ចាស់ល្វី និងលោកហ្វ្រង់ អានតុន កូឡូរ៉ាត៍ដែលក្រោយមកលោកបានក្លាយជាប្រធានរដ្ឋមន្រ្តីដំបូងនៃចក្រភពអូទ្រីស។ បដិវត្តន៍ឆ្នាំ១៨៤៨ ក្នុងចក្រភពអូទ្រីសបានបង្ខំឱ្យលោកមេទឹរនិចលាលែងចេញពីតំណែងនិងកិច្ចការនយោបាយ។ មេទឹរនិចត្រូវបានគេចងចាំជានិច្ចដោយសារតែភាពជោគជ័យរបស់លោកក្នុងការរក្សាស្ថានការប្រទេសឱ្យមានលំនឹងនិងដោយបានពង្រីកឥទ្ធិពលរាជវង្សហាបស៍ប៊ឺកទៅក្នុងកិច្ចការងារអន្តរជាតិ។ ក្រោយៗមក គ្មានមន្រ្តីក្រសួងការបរទេសណាបានដើរតាមគោលនយោបាយរបស់មេទឹរនិចទេហើយអូទ្រីសក៏លែងសូវមានឥទ្ធិពលអ្វីនៅក្នុងកិច្ចការងារអឺរ៉ុបទៀតដែរ។
អ្នកប្រវត្តិវិទូជាច្រើនតែងចងចាំសម័យមេទឹរនិចថាជាពេលវេលាដែលស្ងាត់ស្ងៀមមួយពោលគឺអូទ្រីសមិនដែលជួបជម្លោះសង្គ្រាមនិងព្រមទាំងគ្មានកំណែទម្រង់ផ្ទៃក្នុងមូលវិវដ្តអ្វីថែមទៀតផង។[10] មានអ្នកខ្លះទៀតគេគិតថាសម័យនោះគឺជាសម័យដែលសេដ្ឋកិច្ចអូទ្រីសកំពុងលូតលាស់រីកចម្រើននិងព្រមទាំងជាវេលាដែលសម្បូរទៅដោយវិបុលភាពផងដែរ។[10] ចំនួនប្រជាជនអូទ្រីសបានកើនឡើងរហូតដល់ទៅ ៣៥,៧ លាននាក់ឯណោះគិតត្រឹមឆ្នាំ១៨៤៨។ នគររូបនីយកម្មបានកើនឡើងខ្ពស់ដោយគេស្ទង់មើលឃើញថាចំនួនប្រជាជនក្នុងទីក្រុងវីយែនបានកើនឡើងដល់ទៅ ៤០០,០០០ នាក់។ នៅអំឡុងសម័យមេទឹរនិចនេះផងដែរ ចក្រភពអូទ្រីសបានរក្សានូវស្ថេរភាពសេដ្ឋកិច្ចហើយថវិកាជាតិក៏បានកើនឡើងទោះជាធ្លាប់ទទួលរងនូវឱនភាពដ៏ធំមួយបន្ទាប់ពីបញ្ចប់សង្គ្រាមណាប៉ូឡេអូនីកក៏ដោយ។[11]
ចាប់ពីខែមីនា ឆ្នាំ១៨៤៨ ដល់ខែវិច្ឆិកា ឆ្នាំ១៨៤៩ ចក្រភពអូទ្រីសត្រូវបានគំរាមកំហែងដោយបដិវត្តន៍មួយចំនួនដែលភាគច្រើនគឺជាងការបះបោរដោយក្រុមជាតិនិយម។ ក្រៅពីនេះ អ្នកប្រកាន់ខ្សែគំនិតសេរីនិយមនិងព្រមទាំងសង្គមនិយមក៏បាននាំគ្នាប្រឆាំងនឹងគោលនយោបាយអភិរក្សនិយមរបស់ចក្រភពអូទ្រីសដែលបានអនុវត្តជាយូរអង្វែងមកនេះ។ ទោះបីជាផែនការបដិវត្តភាគច្រើនត្រូវបានទទួលបរាជ័យក៏ដោយប៉ុន្តែបដិវត្តទាំងអស់នោះក៏បានផ្តល់ឱ្យមានការផ្លាស់ប្តូរខ្លះៗដែរ។ កំណែទម្រង់ធំៗក្រោយពីការធ្វើបដិវត្តទាំងនោះមានដូចជាការលុបបំបាត់ប្រព័ន្ធសេវកជន (វណ្ណៈតំណាងឱ្យកសិករកម្មករនៅក្នុងរបបសក្តិភូមិ) ការលុបចោលនៃការត្រួតពិនិត្តតឹងរឹងនិងកិច្ចសន្យាដែលធ្វើឡើងដោយព្រះចៅហ៊្វែឌីណង់ទី១ ថានឹងអនុម័តច្បាប់រដ្ឋធម្មនុញ្ញនៅទូទាំងប្រទេស។
បន្ទាប់ពីអង្គក្សត្រហ្វីលិចនៃស្វាសេនប៊ឺកបានចូលទិវង្គតក្នុងឆ្នាំ១៨៥២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃម្នាក់ឈ្មោះបារ៉ន អាឡិចសាន់ដឺ វន បាកបានតម្រូវគោលនយោបាយថ្មីយ៉ាងទូលំទូលាយក្នុងរដ្ឋអូទ្រីសនិងហុងគ្រី។ បាកបានធ្វើមជ្ឈការអាជ្ញាធររដ្ឋបាលសម្រាប់ចក្រភពអូទ្រីស ប៉ុន្តែលោកក៏បានគាំទ្រនូវគោលនយោបាយប្រតិកិរិយាដែរដោយបានកាត់បន្ថយសេរីភាពសារព័ត៌មាននៅក្នុងប្រទេសជាដើម។ លោកក្រោយមកបានក្លាយជានិមិត្តសញ្ញានៃនយោបាយផ្តាច់ការ (ឬ Klerikalabsolutist)។ វេលាឬសម័យនេះនៅក្នុងប្រវត្តិសាស្ត្រអូទ្រីសត្រូវបានគេស្គាល់ថាជាយុគសម័យផ្តាច់ការបែបថ្មីឬរបបផ្តាច់ការបាក។
ក្នុងសម័យនេះ នៅក្នុងពន្ធនាគារគឺសម្បូរទៅដោយបុគ្គលដែលទាក់ទងនឹងនយោបាយជាច្រើននាក់ដូចជា អ្នកសារព័ត៌មាននិងអ្នកនិពន្ធជនជាតិឆេកម្នាក់ឈ្មោះការែល ហាវលីឆេក បូរ៉ូវស្គី ដោយលោកត្រូវរដ្ឋាភិបាលនិរទេសដោយបង្ខំទៅក្រុងប៊្រីកសិននៅប្រទេសអ៊ីតាលី។ ការធ្វើនិរទេសនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោកជាទម្ងន់ហើយក្រោយមកលោកក៏ត្រូវបានទទួលអនិច្ចកម្ម។ មរណភាពរបស់បូរ៉ូវស្គីបានផ្តល់កេរ្តិ៍ឈ្មោះដ៏អាក្រក់ទៅឱ្យលោកបាកដោយប្រជាជនឆេក មិនយូរប៉ុន្មានចលនាជាតិនិយមនៅទឹកដីឆេកក៏បានផ្ទុះឡើង។
ទោះជាយ៉ាងណា ទស្សនៈមនោគមវិជ្ជាបន្ធូរបន្ថយរបស់លោក (ក្រៅពីគំនិតផ្តាច់ការបែបថ្មី) បាននាំឱ្យសេរីភាពនៃសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់នៅក្នុងទសវត្សឆ្នាំ១៨៥០។ របៀបរបបកាតព្វកិច្ចផ្ទៃក្នុងប្រទេសចាស់ត្រូវបានលុបបំបាត់ចោលហើយជំនួសវិញដោយរបៀបថ្មី ហើយកម្មករកសិករត្រូវបានរំដោះចេញពីបំណុលសក្តិភូមិរបស់ពួកគេ។[12]
ដោយមានឋានៈជាប្រទេសនាំមុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ អូទ្រីសបានស្ម័គ្រចិត្តចូលប្រយុទ្ធក្នុងសង្គ្រាមស្លែសវីកលើកទី១ (១៨៤៨–១៨៥០)។
រដ្ឋសាឌីនាបានចងសម្ព័ន្ធភាពជាមួយនឹងបារាំងដើម្បីវាយត្រួតត្រារាជាណាចក្រលុំបាតឌី-វីនេស៊ាដែលជារដ្ឋដ៏សំខាន់មួយរបស់ចក្រភពអូទ្រីស។ អូទ្រីសក៏ទទួលបរាជ័យនៅក្នុងជម្លោះសង្គ្រាមនេះក្នុងឆ្នាំ១៨៥៩ ហើយបានប្រគល់រដ្ឋលុំបាតទៅឱ្យអ៊ីតាលីបន្ទាប់ពីចុះសន្ធិសញ្ញាវីឡាហ្វ្រង់កា និងសន្ធិសញ្ញាហ្ស៊ូរិច។[13]
រដ្ឋធម្មនុញ្ញនៃឆ្នាំ១៨៦១ បាននាំឱ្យកើតមាននូវសភាអភិជន (Herrenhaus) និងសភាតំណាងរាស្រ្ត (Abgeordnetenhaus) ប៉ុន្តែទាំងអស់នេះមិនបានធ្វើឱ្យព្រះអធិរាជនិងគ្រួសាររាជវង្សទ្រង់ពេញព្រះទ័យនោះទេ។
បន្ទាប់ពីបញ្ចប់សង្គ្រាមលើកទីពីរជាមួយនឹងដាណឺម៉ាកក្នុងឆ្នាំ១៨៦៤ តំបន់ហូលស្តែនក៏បានក្លាយជាទឹកដីអូទ្រីសរីឯតំបន់ស្លែសវីកនិងឡាអុនប៊ឺកបានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ព្រុស ប៉ុន្តែទោះបីជាយ៉ាងណា បញ្ហាផ្ទៃក្នុងរបស់អូទ្រីសគឺនូវតែបន្តមានដដែរ។[14] មន្រ្តីសភាជាន់ខ្ពស់បានជំនួសទៅក្នុងសភាតំណាងរាស្ត្រក្នុងខេត្តចំនួន ១៧ ឯប្រជាជននៅលើទឹកដីហុងគ្រីគឺចង់បានស្វ័យភាពផ្ទាល់ខ្លួន ចំណែកឯប្រជាជននៅតំបន់វីនេស៊ាវិញគឺចង់ផ្តាច់ខ្លួនចេញពីអូទ្រីសហើយចូលជាផ្នែកនៃប្រទេសអ៊ីតាលីវិញ។
បន្ទាប់ពីអូទ្រីសបានចាញ់សង្គ្រាមអូទ្រីស-ព្រុសនៃឆ្នាំ១៨៦៦ សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានរំលាយចោល។ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើង។ ការសម្រេចនៃកិច្ចព្រមព្រៀងនេះគឺមានន័យថា រាជាណាចក្រហុងគ្រីនិងចក្រភពអូទ្រីសដែលធ្លាប់ជាអង្គភាពពីរដាច់ពីគ្នានឹងបញ្ចូលរួមគ្នាដើម្បីបង្កើតជារបបរាជានិយមក្បាលពីរពោលគឺចក្រភពអូទ្រីស-ហុងគ្រី។
សង្គ្រាមណាប៉ូឡេអូនីកបានចូលមកជ្រៀតជ្រែកលើគោលនយោបាយការបរទេសអូទ្រីសទាំងមូលពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៥។ គេបានចាត់ទុកកងកម្លាំងទ័ពអូទ្រីសនៅក្នុងសង្គ្រាមនេះជាកម្លាំងទ័ពដ៏ខ្លាំងក្លាជាងគេបំផុតដែលបារាំងត្រូវប្រឈមជាមួយ។ បន្ទាប់ពីព្រុសបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៧៩៥ មក អូទ្រីសត្រូវបានក្លាយជាប្រទេសតែមួយគត់ដែលត្រូវទទួលរ៉ាប់រងទៅលើសង្គ្រាមជាមួយបារាំងណាប៉ូឡេអូនីកអស់រយៈពេលជាងដប់ឆ្នាំ។ ទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចអូទ្រីសចុះខ្សោយខ្លាំងដែលបណ្តាលឱ្យប្រជាជនជាច្រើនបាននាំគ្នាចេញប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដោយហេតុនេះទើបព្រះចៅហ្រ្វង់ទី២ បានបដិសេដមិនយល់ស្របរាល់គំនិតនិងផែនការទាំងឡាយណាដែលប្រឆាំងនឹងបារាំង។ តែព្រះអង្គបានលួចចុះកិច្ចព្រមព្រៀងផ្នែកយោធាជាសម្ងាត់ជាមួយនឹងចក្រភពរុស្ស៊ីនៅក្នុងខែវិច្ឆិកា ឆ្នាំ១៨០៤ ក្នុងបំណងចង់សងសឹកនឹងបារាំងវិញបើមានឱកាស។ កិច្ចព្រមព្រៀងសម្ងាត់មួយនេះគឺបានបង្កើតឡើងដើម្បីធានានូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងករណីបើមានសង្គ្រាមថ្មីប្រឆាំងនឹងបារាំងកើតឡើង។[15]
ចក្រភពអូទ្រីសបានប្រកាសបដិសេដមិនចូលរួមក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីឡើយដែលជាហេតុបានធ្វើឱ្យអង់គ្លេសមានភាពស្ទាក់ស្ទើរខ្លាំង។ នៅទីបំផុត អង់គ្លេសក៏អាចបញ្ចុះបញ្ចូលអូទ្រីសឱ្យចូលរួមក្នុងសង្គ្រាមបានបន្ទាប់ពីខ្លួនបានផ្តល់ការឧបត្ថមជាថវិកាដ៏ធំជូនចក្រភពអូទ្រីសក៏ប៉ុន្តែអូទ្រីសត្រូវដកខ្លួនចេញពីសង្គ្រាមវិញបន្ទាប់ពីទទួលបរាជ័យនៅក្នុងសមរភូមិអូស្ទ័រលីត។ ទោះបីជាថវិកាជាតិរបស់អូទ្រីសត្រូវបានចំណាយភាគច្រើនទៅលើសង្គ្រាមហើយទំនាក់ទំនងអន្តរជាតិត្រូវបានកាត់បន្ថយមែនក្តី ប៉ុន្តែសន្ធិសញ្ញាប្រេសប៊ឺកបានផ្តល់ពេលវេលាច្រើនសម្រាប់ឱ្យអូទ្រីសពង្រឹងកម្លាំងទ័ពនិងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លើសពីនេះទៅទៀត សម្ដេចព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមចូហាន ហ្វីលីព វន ស្តាឌីអនគឺមានមហិច្ឆតាខ្ពស់ដោយព្រះអង្គមិនដែលចង់លះបង់នូវគោលគំនិតបន្តសង្គ្រាមជាមួយបារាំងនោះទេ។
ព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមសាលបានបម្រើការជាប្រធាននៃក្រុមប្រឹក្សាផ្នែកសង្គ្រាមនិងជាមេបញ្ជាការកងទ័ពអូទ្រីស, ទ្រង់បានរៀបចំកំណែទម្រង់ទ័ពជាថ្មីដើម្បីត្រៀមសម្រាប់សង្គ្រាមបន្ទាប់។ រដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីសគឺព្រះអង្គចូហាន ហ្វីលីព វន ស្តាឌីអនគឺតែងតែប្រឆាំងនិងស្អប់ខ្ពើមអធិរាជណាប៉ូលេអុងជានិច្ចព្រោះថាពេលណាប៉ូលេអុងបានឡើងកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ព្រះអង្គទាំងប៉ុន្មាននៅឯប្រទេសបារាំងត្រូវបានណាប៉ូលេអុងបញ្ជាទ័ពឱ្យរឹបអូសយកទាំងអស់។ មិនតែប៉ុណ្ណោះ ព្រះមហេសីទីបីរបស់ព្រះចៅហ្រ្វង់ទី២ ព្រះនាមម៉ារីអា លូដូវីកាបានយល់ស្របជាមួយព្រះអង្គចូហានក្នុងការផ្តួចផ្តើមសង្គ្រាមថ្មី។ លោកក្លេមីន វន មេទឹរនិចដែលកំពុងស្នាក់នៅទីក្រុងប៉ារីសបានអំពាវនាវឱ្យថ្នាក់ដឹកនាំអូទ្រីសចូលពិចារណាឱ្យអស់ពីចិត្តមុននឹងសម្រេចប្រកាសសង្គ្រាមជាមួយបារាំង។ ភាពបរាជ័យរបស់កងទ័ពបារាំងនៅឯសមរភូមិបៃលិន (Bailén) ក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៨០៨ គឺជាថ្ងៃដែលអូទ្រីសសម្រេចប្រកាសសង្គ្រាមមកលើបារាំងម្តងទៀត។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨០៩ កងកម្លាំងយោធាអូទ្រីសប្រហែល ១៧០,០០០ នាក់បានវាយចូលទៅក្នុងរដ្ឋរណបរបស់បារាំងគឺបាវ៉ារៀ។[16]
ទោះបីជាបានទទួលបរាជ័យជាច្រើនលើកច្រើនសារនិងព្រមទាំងបានបាត់បង់ទឹកដីដោយសារសង្គ្រាមមែន ប៉ុន្តែអូទ្រីសបានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះលើណាប៉ូលេអុងនៅក្នុងសង្គ្រាមឆ្នាំ១៨១៣-១៤។ អូទ្រីសបានចូលរួមក្នុងការឈ្លានពានបារាំងជាលើកទីពីរដើម្បីទម្លាក់ណាប៉ូលេអុងចេញពីអំណាចហើយក៏បានរំដោះអ៊ីតាលីខាងត្បូងចេញពីការត្រួតត្រារបស់មូរ៉ាត។
រយៈពេលចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអូនីកបានបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់លោកមេទឹរនិចមកលើគោលនយោបាយការបរទេសក្នុងចក្រភពអូទ្រីស។ ដំបូងឡើយលោកមេទឹរនិចបានគាំទ្រសម្ព័ន្ធភាពរវាងអូទ្រីសនឹងបារាំងដោយបានរៀបចំអភិសេករវាងអធិរាជណាប៉ូឡេអុងនិងបុត្រីរបស់ហ្រ្វង់គឺព្រះនាងម៉ារី-ល្វីក៏ប៉ុន្តែនៅក្នុងជម្លោះឆ្នាំ១៨១២ លោកមេទឹរនិចបានយល់ឃើញថារបបណាប៉ូលេអុងគឺកំពុងផ្តល់ភាពអន្តរាយដល់អឺរ៉ុបនិងមិនងាយនឹងដួលរលំស្រួលៗនោះទេហើយក្រោយមកលោកក៏បាននាំអូទ្រីសឱ្យប្រកាសសង្គ្រាមទៅលើបារាំង។ ជាទូទៅ ឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចប្រជុំសមាជវីយែនគឺគួរឱ្យចាប់អារម្មណ៍មែនទែនសម្រាប់ប្រវត្តិវិទូហើយក្រោយពីកិច្ចប្រជុំនេះលោកមិនត្រឹមតែក្លាយជារដ្ឋមន្រ្តីនៃរដ្ឋបុរសតែមួយនៅអឺរ៉ុបនោះទេប៉ុន្តែលោកក៏បានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់មួយទៀតផងដែរនៅក្នុងចំណោមេដឹកនាំចក្រភពអូទ្រីសទាំងអស់រហូតដល់ឆ្នាំ១៨៤៨ ដែលជាឆ្នាំនៃបដិវត្តន៍ — និងជាឆ្នាំដែលលទ្ធិសេរីនិយមកំពុងកើនប្រជាប្រិយភាពដែលធ្វើឱ្យឥទ្ធិពលរបស់លោកក្នុងឆាកនយោបាយអូទ្រីសត្រូវអន់ថយ។ ក្រោយពីកិច្ចប្រជុំសមាជវីយែន អូទ្រីសបានក្លាយជាកំពូលមហាអំណាចម្តងទៀតនៅអឺរ៉ុប។[17] ការលាលែងពីតំណែងរបស់លោកនៅក្នុងឆ្នាំ១៨៤៨ — ត្រូវបានបង្ខំដោយពួកមជ្ឈន្តិកជនក្នុងតុលាការកំពូលនិងក្រុមអ្នកបដិវត្តនៅតាមទីសាធារណៈ — អាចជាមូលហេតុចម្បងដែលបណ្តាលឱ្យមានផលប៉ះពាល់ជាទម្ងន់ដល់រដ្ឋាភិបាលរាជានិយមអូទ្រីស។
ភាសាអាល្លឺម៉ង់គឺជាភាសាដែលគេយកមកនិយាយនិងសម្រាប់បង្ហាត់បង្រៀននៅក្នុងវិស័យអប់រំ។[18]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.