កូរ៉េខាងត្បូង
From Wikipedia, the free encyclopedia
ប្រទេសកូរ៉េខាងត្បូង ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីបូព៌ា ត្រង់ភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ដោយមានព្រំដែនគោកជាប់ប្រទេសកូរ៉េខាងជើង។[ស 2] កូរ៉េខាងត្បូងមានព្រំដែនទឹកជាប់សមុទ្រលឿងនៅភាគខាងលិច រីឯព្រំដែនខាងកើតជាប់នឹងសមុទ្រជប៉ុន។[8] ប្រទេសនេះមានប្រជាជនសរុបចំនួន ៥១ លាននាក់ ហើយក្នុងនោះមានប្រជាជនប្រហែល ២៥ លាននាក់ (ជិតពាក់កណ្តាលប្រជាជនសរុប) រស់នៅក្នុងតំបន់រដ្ឋធានីសេអ៊ូល។ ទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន អ៊ីនឆុន ប៊ូសាន និងដែហ្គូ។
대한민국 (ភាសាកូរ៉េ) | |
---|---|
ទីតាំងប្រទេសកូរ៉េខាងត្បូង (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | សេអ៊ូល 37°33′N 126°58′E |
ភាសាផ្លូវការ | ភាសាកូរ៉េ ភាសាសញ្ញាកូរ៉េ[1] |
អក្សរផ្លូវការ | ហាន់ហ្គឹល |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[2] |
|
សាសនា (ឆ្នាំ ២០១៥)[3] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញនិយមប្រធានាធិបតី |
- ប្រធានាធិបតី | យូន សកយ៉ល |
- នាយករដ្ឋមន្ត្រី | ហាន់ ដុកស៊ូ |
- ប្រធានរដ្ឋសភា | គីម ជីនព្យ៉ូ |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
- អាណាចក្រដំបូង | ប្រ. សតវត្សទី៧ មុន គ.ស. |
- សាមកុកកូរ៉េ | ៥៧ មុន គ.ស. |
- នគរផារ៉េ និងស៊ីលឡា | ៦៦៨ |
- រាជវង្សកូរ្យ៉ូ | ៩១៨ |
- រាជវង្សចូសន់ | ១៧ កក្កដា ១៣៩២ |
១២ តុលា ១៨៩៧ | |
- កម្មសិទ្ធិជប៉ុន | ២២ សីហា ១៩១០ |
- ប្រកាសឯករាជ្យ | ១ មីនា ១៩១៩ |
- រដ្ឋាភិបាលបណ្តោះអាសន្ន | ១១ មេសា ១៩១៩ |
២ កញ្ញា ១៩៤៥ | |
- រដ្ឋបាលអាមេរិកនៃភូមិភាគខាងត្បូងកូរ៉េត្រង់ខ្សែស្របទី៣៨ | ៨ កញ្ញា ១៩៤៥ |
- ប្រកាសជាសាធារណរដ្ឋ | ១៥ សីហា ១៩៤៨ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២៥ កុម្ភៈ ១៩៨៨ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១០០,៤១០ គ.ម២ (ទី១០៧) |
- ផ្ទៃទឹក (%) | ០.៣ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៥១,៩៦៦,៩៤៨[4] (ទី២៨) |
- ដង់ស៊ីតេ | ៥០៧ នាក់/គ.ម២ (ទី១៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២.៩២៤ ទ្រីលានដុល្លារ[5] (ទី១៤) |
- ក្នុងម្នាក់ | ៥៦,៧០៨ ដុល្លារ[5] (ទី២៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១.៧០៩ ទ្រីលានដុល្លារ[5] (ទី១២) |
- ក្នុងម្នាក់ | ៣៣,១៤៧ ដុល្លារ[5] (ទី៣៣) |
ជីនី (២០២១) | ៣៣.៣[6] មធ្យម |
HDI (២០២១) | ០.៩២៥[7] ខ្ពស់ណាស់ · ទី១៩ |
រូបិយវត្ថុ | វ៉ុន (₩) (KRW) |
ល្វែងម៉ោង | UTC+៩ (ម៉ោងស្តង់ដាកូរ៉េ) |
ទម្រង់កាលបរិច្ឆេទ |
|
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨២ |
កូដ ISO 3166 | KR |
ដែនកម្រិតខ្ពស់ | .kr • .한국 |
មនុស្សបានចាប់ផ្តើមចូលមកតាំងទីលំនៅក្នុងឧបទ្វីបកូរ៉េដំបូងនៅយុគសម័យប៉ាឡេអូលីទិកក្រោម។ ព្រះនគរកូរ៉េដំបូងត្រូវបានកត់ត្រានៅក្នុងកំណត់ត្រាចិននៅដើមសតវត្សទី៧ មុន គ.ស.។ បន្ទាប់ពីការបង្រួបបង្រួមនគរទាំងបីនៅចុងសតវត្សទី៧ រួច ប្រទេសកូរ៉េត្រូវបានគ្រប់គ្រងដោយរាជវង្សកូរ្យ៉ូ (គ.ស. ៩១៨–១៣៩២) និងរាជវង្សចូសន់ (គ.ស. ១៣៩២–១៨៩៧)។ ចក្រភពកូរ៉េ (១៨៩៧–១៩១០) ត្រូវបានកាត់បញ្ចូលទៅក្នុងចក្រភពជប៉ុននៅឆ្នាំ១៩១០[9] ហើយការត្រួតត្រារបស់ជប៉ុនបានបន្តរហូតដល់ចប់សង្គ្រាមលោកលើកទី២។ ក្រោយមក ប្រទេសកូរ៉េក៏ត្រូវបានបែងចែកទៅជាពីរផ្នែកផ្សេងគ្នាគឺ តំបន់ភាគខាងជើងកាន់កាប់ដោយសហភាពសូវៀត និងភាគខាងត្បូងកាន់កាប់ដោយសហរដ្ឋអាមេរិក។ ការចរចាបង្រួបបង្រួមប្រទេសបានប្រព្រឹត្តិធ្វើឡើង ប៉ុន្តែមិនបានផលអ្វីឡើយ និងជាលទ្ធផល ទឹកដីខាងត្បូងក៏បានក្លាយជាសាធារណរដ្ឋកូរ៉េនៅខែសីហាឆ្នាំ១៩៤៨[10][11] ខណៈទឹកដីខាងជើងបានក្លាយជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅឆ្នាំដដែរ។
ក្នុងឆ្នាំ១៩៥០ កូរ៉េខាងជើងបានបើកការឈ្លានពាន និងបង្កឱ្យផ្ទុះសង្គ្រាមកូរ៉េឡើង ដោយវាបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៥៣ បន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីកងបញ្ជាការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងកងទ័ពស្ម័គ្រចិត្តប្រជាជនចិន រួមជាមួយជំនួយខ្លះៗពីសហភាពសូវៀត។ សង្គ្រាមនោះបានសម្លាប់ជីវិតមនុស្សអស់ ៣ លាននាក់ និងនាំឱ្យសេដ្ឋកិច្ចកូរ៉េទាំងមូលវិនាសខ្ទិចខ្ទាំ។ ក្រោយសង្គ្រាមបានបញ្ចប់ លោករី ស៊ឹងម៉ាន់បានបន្តដឹកនាំសាធារណរដ្ឋកូរ៉េទីមួយរហូតដល់ឆ្នាំ១៩៦០ នៅពេលដែលលោកត្រូវប្រឈមនឹងបដិវត្តន៍ទាមទារឱ្យចុះចេញពីតំណែង។ ជាលទ្ធផល សាធារណរដ្ឋទីពីរបានប្រកាសឡើង ប៉ុន្តែរដ្ឋាភិបាលថ្មីមិនបានបំពេញតាមតម្រូវការ និងគោលបំណងនៃបដិវត្តន៍មុនឡើយ។ សាធារណរដ្ឋទីពីរត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦១ ដែលដឹកនាំដោយលោកផាក ចងហ៊ី ហើយសាធារណរដ្ឋទីបីក៏បានប្រកាសឡើងនៅក្នុងឆ្នាំ១៩៦៣។ សេដ្ឋកិច្ចដ៏ផុយស្រួយរបស់កូរ៉េខាងត្បូងបានចាប់ផ្តើមកើនឡើងក្រោមការដឹកនាំរបស់ផាក ដោយផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមសម្រាប់បុគ្គលម្នាក់ៗបានស្ទុះឡើងលឿនបំផុតដែលស្ទើរមិនធ្លាប់មានពីមុនមក។ ទោះមានកង្វះធនធានធម្មជាតិក្ដី កូរ៉េខាងត្បូងនូវតែអាចអភិវឌ្ឍទៅមុខបានយ៉ាងឆាប់រហ័សរហូតក្លាយខ្លួនជាខ្លាអាស៊ីមួយក្បាលក្នុងចំណោមខ្លាអាស៊ីទាំងបួន ដែលភាគច្រើនផ្អែកលើពាណិជ្ជកម្មអន្តរជាតិ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច។ សាធារណរដ្ឋទីបួនត្រូវបានបង្កើតឡើងក្រោយកំណែទម្រង់ឆ្នាំ១៩៧២ ហើយជាលទ្ធផល ផាកបានក្ដោបក្ដាប់អំណាចនយោបាយបែបផ្ដាច់ការ។ សម័យនេះគឺពោរពេញទៅដោយការរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាល និងការបង្ក្រាបបក្សប្រឆាំងផ្សេងៗ។ ផាកត្រូវបានគេធ្វើឃាតនៅក្នុងឆ្នាំ១៩៧៩ ប៉ុន្តែរបបផ្តាច់ការនូវតែបន្តទៅក្នុងសាធារណរដ្ឋទីប្រាំ ដែលដឹកនាំដោយលោកឈុន ឌូហ័ន។ ចលនាប្រជាធិបតេយ្យខែមិថុនា ឆ្នាំ១៩៨៧ បានបិទបញ្ចប់របបផ្តាច់ការជាងប៉ុន្មានទសវត្សរ៍ និងបង្កើតចេញជាសាធារណរដ្ឋទីប្រាំមួយបច្ចុប្បន្ន។ កូរ៉េខាងត្បូងសព្វថ្ងៃត្រូវបានគេចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យជឿនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីបូព៌ា និងទ្វីបអាស៊ីទាំងមូល។
យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧ កូរ៉េខាងត្បូងគឺជាសាធារណរដ្ឋនិយមប្រធានាធិបតីដែលប្រកាន់យកប្រព័ន្ធឯកនីតិបញ្ញត្តិពោលគឺ រដ្ឋសភា។ សព្វថ្ងៃ កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាជា មហាអំណាចតំបន់ និងប្រទេសអភិវឌ្ឍមួយដោយមានផលិតផលក្នុងស្រុកសរុបជាមធ្យមធំបំផុតទីដប់ពីរ និងផលិតផលក្នុងស្រុកសរុប (យអទ) ធំបំផុតទីដប់បួន។ ម្យ៉ាងទៀត កូរ៉េខាងត្បូងក៏មានល្បឿនអ៊ីនធឺណិតលឿនបំផុតមួយនៅលើពិភពលោក និងមានបណ្ដាញផ្លូវដែកដ៏ទំនើបបំផុតមួយផងដែរ។ កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសនាំចេញច្រើនជាងគេទីប្រាំ និងជាប្រទេសនាំចូលច្រើនជាងគេទីប្រាំបីនៅលើពិភពលោក។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះត្រូវបានគេឱ្យចំណាត់ថ្នាក់ជាយោធាខ្លាំងបំផុតមួយលើពិភពលោក ដោយមានចំនួនកងទ័ពឈរជើងច្រើនបំផុតលំដាប់ទីពីរ។ នៅក្នុងសតវត្សទី២១ នេះ កូរ៉េខាងត្បូងមានភាពល្បីល្បាញជាខ្លាំងខាងវប្បធម៌ប៉ុបដែលមានឥទ្ធិពលពាសពេញពិភពលោក ជាពិសេសនៅក្នុងវិស័យតន្ត្រីខេ-ប៉ុប (K-POP) ល្ខោនស៊េរីទូរទស្សន៍ និងភាពយន្តជាដើម។ កូរ៉េខាងត្បូងជាប្រទេសសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ក្រុមប្រទេសទាំងម្ភៃ ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក និងក្លិបដឺប៉ារីស។