ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
From Wikipedia, the free encyclopedia
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំមកលើប្រទេសអ៊ុយក្រែនដែលត្រូវជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤ មក។ ប្រតិបត្តិការឈ្លានពានមួយនេះបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនធំបំផុតប្រចាំទ្វីបអឺរ៉ុបចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក។ ប្រជាជនអ៊ុយក្រែនប្រហែល ៨ លាននាក់ត្រូវបង្ខំផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសរបស់ពួកគេ ហើយជាង ៨.១ លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស បើគិតត្រឹមខែមីនា ឆ្នាំ២០២៣។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | |||||||
ស្ថានភាពយោធានៅលើទឹកដីអ៊ុយក្រែនគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ២០២៤ ទឹកដីអ៊ុយក្រែន ទឹកដីក្រោមរុស្ស៊ី | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
វ៉្លាឌីមៀរ ពូទីន | វ៉ូឡូឌីមៀរ ហ្សេឡេនស្គី | ||||||
កម្លាំង | |||||||
ស.ប. ដូណេតស្ក៍៖
ស.ប. លូហានស្ក៍៖
|
|||||||
សហេតុភាព និង ការខាងបង់ | |||||||
ទិន្នន័យមានប្រភព និងបម្រែបម្រួលខុសៗគ្នាច្រើន សូមមើល §សហេតុភាពសម្រាប់ព័ត៌មានបន្ថែម |
ក្នុងរយៈពេលជាច្រើនខែមុនពេលឈ្លានពាន ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នានៅជុំវិញព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែមន្ត្រីរុស្ស៊ីបានចេញបដិសេធ និងច្រានចោលរាល់នូវផែនការវាយប្រហារដែលត្រូវបានគេចោទប្រកាន់។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសផ្តើម "ប្រតិបត្តិការយោធាពិសេស" ដើម្បីគាំទ្ររដ្ឋបំបែកខ្លួននៅអ៊ុយក្រែនពោលគឺ សាធារណរដ្ឋដូណេតស្ក៍ និងលូហ្កានស្ក៍នៃតំបន់ដុនបាស។ ពូទីនបាននិយាយថា គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីធ្វើ"វិយោធកម្ម" និង"វិណាស៊ីកម្ម"នៅក្នុងប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានប្រកាន់ខ្ជាប់នូវមហិច្ឆតារុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានអះអាងមិនពិតថា អ៊ុយក្រែនត្រូវបានកំពុងគ្រប់គ្រងដោយក្រុមនិយមណាស៊ីដែលកំពុងតែធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្ស៊ី។ ប៉ុន្មាននាទីក្រោយពីការប្រកាសផ្តើមប្រតិបត្តិការពិសេសនោះ ការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកក៏បានចាប់ផ្តើមពីទិសខាងជើង ចេញពីប្រទេសបេឡារុសតម្រង់ឆ្ពោះទៅរដ្ឋធានីគៀវ និងតាមទិសផ្សេងៗទៀតរួមមាន៖ ទិសឦសានឆ្ពោះទៅទីក្រុងខាគីវ ទិសខាងត្បូងផ្តើមចេញពីតំបន់គ្រីមៀ និងទិសអាគ្នេយ៍ចេញពីតំបន់ដុនបាស។ ជាការឆ្លើយតបទៅរុស្ស៊ីវិញ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងបានបញ្ជាឱ្យមានការចល័តទ័ពទ្រង់ទ្រាយធំដើម្បីការពារប្រទេសរបស់ខ្លួន។
ទាហានរុស្ស៊ីបានដកថយចេញពីសមរភូមិភាគខាងជើងនៅអំឡុងខែមេសា។ ចំណែកនៅឯជួរប្រយុទ្ធខាងត្បូង និងអាគ្នេយ៍វិញ រុស្ស៊ីបានវាយដណ្ដើមយកបានទីក្រុងខឺសុនក្នុងខែមីនា និងទីក្រុងម៉ារីអ៊ូប៉ូលនៅខែឧសភា។ នៅថ្ងៃទី១៨ ខែមេសា រុស្ស៊ីបានប្រកាសផ្តើមសមរភូមិដុនបាសសារជាថ្មីឡើងវិញ។ កងកម្លាំងរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងស៊ីវិលដែលសុទ្ធសឹងតែមានទីតាំងនៅឆ្ងាយពីជួរប្រយុទ្ធ រួមទាំងបណ្តាញថាមពលរបស់អ៊ុយក្រែនពេញមួយសិសិររដូវ។ នៅចុងឆ្នាំ២០២២ អ៊ុយក្រែនបានប្រកាសវាយបកទៅវិញតាមជួរប្រយុទ្ធខាងត្បូង និងខាងកើត។ មិនយូរប៉ុន្មាន រុស្ស៊ីក៏បានប្រកាសកាត់ផ្ដាច់តំបន់ដែលខ្លួនកំពុងកាន់កាប់ចំនួនបួនមកបញ្ចូលជាទឹកដីរុស្ស៊ីដោយខុសច្បាប់។[13][14] នៅក្នុងខែវិច្ឆិកា អ៊ុយក្រែនបានវាយយកទីក្រុងខឺសុនបានមកវិញ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ីបានត្រៀមទាហានជិត ២០០,០០០ នាក់បន្ថែមទៀតសម្រាប់យុទ្ធនាការវាយប្រហារជាថ្មីសម្ដៅទៅរកទីក្រុងបាក់មុត។[15]
សកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានទទួលរងនូវការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។[16] មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើដំណោះស្រាយ ES-១១/១ ដោយថ្កោលទោសលើការឈ្លានពាន និងបានទាមទារឱ្យរុស្ស៊ីដកទ័ពទាំងប៉ុន្មានរបស់ខ្លួនដែលមានវត្តមាននៅលើទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសរុស្ស៊ីចេញពីអង្គការរបស់ខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងរួមទាំងបេឡារុស ហើយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ និងយោធាដល់ប្រទេសអ៊ុយក្រែន។ បាតុកម្មប្រឆាំងរុស្ស៊ីបានកើតឡើងនៅជុំវិញពិភពលោក រីឯនៅក្នុងប្រទេសរុស្ស៊ីវិញ បាតុករប្រឆាំងនឹងសង្គ្រាមគឺនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ហើយសារព័ត៌មានផ្សេងៗត្រូវបានអាជ្ញាធរពិរុទ្ធមើលយ៉ាងតឹងរឹង។ ជាលទ្ធផលនៃការឈ្លានពាននេះ ក្រុមហ៊ុនបរទេសជាង ១,០០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងបេឡារុស។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការចាប់ពង្រត់កុមារ និងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងការឈ្លានពាន[17][18] ហើយនៅខែមីនា ឆ្នាំ២០២៣ ICC បានចេញដីកាចាប់ខ្លួនលោកពូទីន។[19]