From Wikipedia, the free encyclopedia
អាន ដ្យឿង វឿង (យួន:An Dương Vương; 安陽王) គឺជាងាររបស់ថាច់ ផាន់ (Thục Phán រឺ 蜀泮), ដែលជាអ្នកគ្រប់គ្រងលើនគរឪវៀតបុរាណពី២៥៧ដល់២០៧ម.គ.បន្ទាប់ពីឈ្នះរដ្ឋវ៉ាន់ឡាង ហើយក៏បង្រួបបង្រួមកុលសម្ព័ន្ធពីរគឺ ឪវៀត និងឡាក់វៀត ។ ព្រះអង្គត្រូវបានគេនិយាយ ជាប្រពៃណីថាមានព្រះជន្មប្រហែលជា១០០ព្រះវស្សា ។
អត្ថបទនេះ ពឹងផ្អែកយ៉ាងធំ រឺ ទាំងមូលលើប្រភពតែមួយ ។ សូមជួយ ដោយណែនាំនូវ អំណះអំណាងសមរម្យដើម្បីឲមានប្រភពបន្ថែម ។ (ខែកុម្ភៈ២០១០) |
ប្រវត្តិសាស្ត្រ នៃ វៀតណាម | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រវៀតណាម ដាយវៀតស៊ុគីទាន់ធូ ("大越史記全書") និង ខាំឌិញវៀតស៊ូថុងហ្កៀមកឿងម៉ាច់ ("欽定越史通鑑綱目") ថាច់ ផាន់ គឺជាព្រះអង្គម្ចាស់នៃរដ្ឋស្ឈូចិន (蜀, ដែលប្រើប្រាស់តួអក្សរចិនដដែលជាត្រកូលរបស់ទ្រង់ ថាច់) [ត្រូវការអំណះអំណាង] ដែលបានបញ្ជូនដោយបិតាទ្រង់ដំបូង ដើម្បីរុករកអ្វីដែលឥឡូវជាខេត្តគ័ងស៊ី និងយូនណានចិនខាងត្បូងហើយទីពីរ ដើម្បីបំលាស់ទីប្រជារាស្ត្ររបស់ពួកទ្រង់ ទៅកាន់វៀតណាមខាងជើងសម័យបច្ចុប្បន្ន កំឡុងពេលការលុកលុយរបស់រាជវង្សឈិង ។
ក៏ប៉ុន្តែ ពួកអ្នកប្រាជ្ញវៀតណាមសម័យទំនើបនេះខ្លះអះអាងថា ថាច់ ផាន់ គឺជាឈ្មោះជនជាតិដើមអាស៊ីខាងត្បូង ដែលមានន័យថា ទេព្ដាស្នា ហើយនិងទ្រង់គឺជាជនជាតិដើមវៀតណាម ។[ត្រូវការអំណះអំណាង]
ជនជាតិវៀតណាមសម័យថ្មីនេះខ្លះមានជំនឿថា ថាច់ ផាន់ បានមកដល់ដែនដី ឪវៀត (甌越) (ចុងបំផុតវៀតណាមខាងជើងនាសម័យបច្ចុប្បនេះ គ័ងតុងភាគខាងលិច និងខេត្តគ័ងស៊ីខាងត្បូងដែលមានរាជធានីនៅអ្វីដែលបច្ចុប្បនេះគឺជាខេត្តកាវបាង) ។[1] បន្ទាប់ពីប្រមូលផ្ដុំកងទ័ពមួយកង ទ្រង់បានកម្ចាត់ស្ដេច ហុង វឿង (雄王) ទី១៨ ព្រះរាជាចុងក្រោយនៃរាជវង្សហុងបាង នៅប្រហែលឆ្នាំ២៥៧ម.គ. ។ ព្រះអង្គបានប្រកាសខ្លួនថាជា អាន ដ្យឿង វឿ (安陽王, "ស្ដេច អាន ដ្យឿង") ។ ទ្រង់ក្រោយមកទៀតបានដាក់ឈ្មោះរដ្ឋថ្មីពីវ៉ាន់ឡាង ទៅ ឪឡាក់ (甌貉/甌雒/甌駱) និងស្ថាបនារាជធានីថ្មីនៅ ផុងខេ (Phong Khê) នៅឯកូនក្រុងភូថូ (Phú Thọ) នាសម័យបច្ចុប្បន្ននៅវៀតណាមខាងជើង ដែលទ្រង់ខិតខំសាងកូឡូវថាញ់ (បន្ទាយប្រាការកូឡូវ រឺ Cổ Loa Thành) បន្ទាយរាងគូទខ្យងនៅប្រហែល១០ម៉ាយល៍ភាគខាងជើងរាជធានីថ្មីនេះ ។
មិនមានកំណត់ត្រារឺការសរសេរច្រើនអំពីរបៀប ដែលពួកឪឡាក់គ្រប់គ្រងអភិបាលនិងរៀបចំទេ ។ យ៉ាងណាក៏ដោយ ពឹងផ្អែកលើកំណត់ត្រារឿងព្រេងនិទាន ព្រះអង្គត្រូវគេសន្និដ្ឋានលក្ខណៈសម្បត្តិ ដែលប្រកបដោយប្រាជ្ញាឆ្លាតវៃមោះមុត ចំណេះដឹង និងគួរឲកត់សំគាល់ ។ ពិតមែនហើយ ទ្រង់គឺជាមេទ័ពដ៏ប៉ិនប្រសប់ ដែលស្គាល់ពីរបៀបទាញយកផលប្រយោជន៍នូវការច្របូកច្របល់ និងចលាចលនៅប្រទេសចិន កំឡុងសម័យកាលនោះមិនត្រឹមតែដណ្ដើមបានទឹកដីមួយចំណែកសំរាប់ព្រះអង្គទេ ក៏ប៉ុន្តែក៏ធ្វើឲមានសុវត្ថិភាពទ្រព្យសម្បត្តិ និងភាពគង់វង្សរបស់រដ្ឋព្រះអង្គដែរ ។ ប្រហែលជាពេលដូចគ្នានោះដែរ រដ្ឋផ្សេងៗកំពុងធ្វើសឹកនឹងគ្នាដើម្បីគ្រប់គ្រងប្រទេសចិន ។ នៅទីបញ្ចប់ រដ្ឋឈិង បានបង្កើនអំណាចនិងបង្រួបបង្រួមចិនក្រោមព្រះចៅអធិរាជ ឈិន ស៊ឺ ហ៊័ង ។ ពេលនោះ ព្រះចៅអធិរាជ ឈិន ស៊ឺ ហ៊័ង បានចេញរាជបញ្ជាឲមានការសាងសង់នូវមហាកំផែង ហើយព្រះចៅអាន ដ្យឿង វឿង បានចាប់ផ្ដើមការសាងសង់បន្ទាយរាងគូទខ្យងដែលហៅថាកូឡៅថាញ់ (Cổ Loa Thành) ដើម្បីការពារតទល់នឹងការឈ្លានពាន ។
បន្ទាប់ពី ថាច់ ផាន់ បានយកជ័យជំនះលើស្ដេច ហុង វឿងចុងក្រោយហើយក៏បានឡើងសោយរាជ្យពេលនោះ អាន ដ្យឿង វឿង បានដាក់ឈ្មោះប្រទេសសារជាថ្មីពីវ៉ាន់ឡាង មកជាឪឡាក់វិញនិងស្ថាបនាបន្ទាយប្រាការកូឡូវ (古螺) ជារាជធានីថ្មី ។ ទ្រង់បានប្រមើលមើលឃើញនូវភាពសំខាន់ នៃកូឡូវទាំងយុទ្ធសាស្ត្រនិងភូមិសាស្ត្រ ។ ទាំងពីរចំនុចនេះ កូឡូវព័ទ្ធជុំវិញដោយព្រៃភ្នំក្រំថ្មយ៉ាងក្រាស់ ។ ក៏មានទន្លេមួយហូរនៅក្បែរនោះដែរ ។ គ្មានអ្នកណាដឹងទេថា តើហេតុអ្វីបានជា អាន ដ្យឿង វឿង ពេញចិត្តនឹងសណ្ឋានរាងដូចសំបកគូទខ្យងនៃកូឡូវថាញ់ទេ ក៏ប៉ុន្តែតាមរឿងនិទានថា ការសាងសង់ពិតជាស្វិតស្វាញនិងលំបាកមែនទែនដើម្បីបង្ហើយសំណង់នេះ ។ រាល់ពេលវាហៀបជិតនឹងរួចហើយ វាក៏រលំមកជាគំនរនៅពេលយប់ដោយព្រលឹងវិញ្ញាណបិសាច ។
ព្រះចៅ អាន ដ្យឿង វឿង បានដុតធូប បួងសួងផ្សង ធ្វើជាដង្វាយ ហើយសំបូងសង្រូងដល់ពួកទេព្ដាដើម្បីឲមកជួយទ្រង់ ។ យប់មួយនោះ នៅក្នុងសុបិន្ត បុរសដ៏ចាស់គួរឲគោរពម្នាក់ដែលមានសក់សវែងមកកាន់ក្បែរព្រះអង្គ ហើយប្រាប់ទ្រង់ថាមានតែមនុស្សម្នាក់ទេ ដែលជាអ្នកជួយទ្រង់សាងបន្ទាយប្រាការរបស់ព្រះអង្គបានគឺអណ្ដើកមាស ដែលបានរស់នៅកន្លែងមួយនៅក្បែរកូឡូវ ។
ពីរបីថ្ងៃក្រោយមក ពេលដែលកំពុងគង់លើទូកនៅក្នុងទន្លេ ហើយក៏បានព្រះតំរិះអំពីអត្ថន័យនៃសុបិន្តរបស់ទ្រង់ អណ្ដើកមាសយក្សមួយក៏បានផុសឡើងភ្លាមៗមួយរំពេចពីផ្ទៃទឹក ។ អណ្ដើកមាសយក្សបានប្រាប់ព្រះចៅ អាន ដ្យឿង វឿង ថាទ្រង់នៅខ្វះក្រញ៉ាំរបស់វាមួយទេដើម្បីបង្ហើយគ្រោងការរបស់ទ្រង់ ។ ដោយដកក្រញ៉ាំរបស់វាមួយនិងបោះវាទៅឲព្រះចៅ អាន ដ្យឿង វឿងហើយ អណ្ដើកនោះក៏បាត់ខ្លួនទៅវិញទៅ ។
ព្រះចៅ អាន ដ្យឿង វឿង មានកាវ ឡូ (Cao Lỗ) វិស្វករអាវុធរបស់ទ្រង់ បានសាងធ្នូមួយរួមជាមួយក្រញ៉ាំនេះ ដែលអាចបាញ់បានរាប់ពាន់ព្រួញនៅពេលតែម្ដង ។ ត្រូវមែនណាស់បន្ទាប់ពីទទួលបានក្រញ៉ាំនេះ ព្រះចៅ អាន ដ្យឿង វឿងបានមើលឃើញនៅជោគជាតារបស់ទ្រង់បានផ្លាស់ប្ដូរ ។ រាជធានីរបស់ព្រះអង្គបានចាប់ផ្ដើមចេញរូបរាងឡើង ។ នគររបស់ព្រះអង្គបានរុងរឿងថ្កើងថ្កានហើយភ្លាមៗ ក៏មានការប៉ុនប៉ងចង់បានពីរដ្ឋជិតខាងដែរ ។ ក្នុងចំណោមរដ្ឋទាំងនោះ អ្នកដែលចង់បានទឹកដីរបស់ព្រះអង្គគេនោះគឺ ចាវ ថួ (ទ្រៀវ ដា ជាភាសាវៀតណាម) មេទ័ពឈិង ដែលជាអ្នកមិនយល់ព្រមចុះចាញ់ទៅនឹងរាជវង្សហានដែលបានបង្កើតឡើងថ្មី ។ កំឡុងរយៈពេលដប់ឆ្នាំ ប្រហែលឆ្នាំ២១៧ដល់២០៧ម.គ. ទ្រៀវ ដាបានប៉ុនប៉ងការឈ្លានពានជាច្រើនដងដើម្បីសញ្ជ័យយកឪឡាក់ ក៏ប៉ុន្តែត្រូវបរាជ័យរាល់ដងដោយសារតែភាពប៉ិនប្រសប់ខាងកងទ័ព និងយុទ្ធសាស្ត្រការពាររបស់ព្រះចៅ អាន ដ្យឿង វឿង ។
ទ្រៀវ ដា (趙佗) ដោយត្រូវវាយជាច្រើនលើក ក៏បានបង្កើតឡើងនូវផែនការមួយថ្មី ។ លោកបានចរចារសន្ធិសញ្ញាសន្តិភាពជាមួយឪឡាក់ (甌雒/甌駱) ។ លោកបានសម្រេចចិត្តរកកន្លែងដាក់កម្លាំង និងយុទ្ធសាស្ត្រនៃសត្រូវរបស់លោក ។ លោកថែមទាំងស្នើសុំឲមានការរៀបអភិសេកជាមួយបុត្រីរបស់ អាន ដ្យឿង វឿង ព្រះនាង មី ចៅ (媚珠)និងបុត្រារបស់លោក ត្រុង ធុយ (仲始, Zhong Shi) ។ ក្នុងពេលនោះ ទ្រៀវ ដា បានដឹងតាមរយៈព្រះសណិសារ មី ចៅ ថា ព្រះចៅ អាន ដ្យឿង វឿង មានស្នាទិព្វដែលធ្វើឲទ្រង់មិនដែលចេះចាញ់ទាល់តែសោះ ។ ទ្រៀវ ដាក្រោយមកបានប្រាប់ទៅកាន់បុត្រារបស់លោក ត្រុង ធុយ លបទៅក្នុងព្រះរាជវាំងរបស់ព្រះបិតាក្មេកហើយលួចស្នាទិព្វនេះ ដោយប្ដូរវាជាមួយនឹងអាក្លែងក្លាយជំនួសវិញ ។ ទ្រៀវ ដា ដោយមានស្នាទិព្វក្នុងដៃ លោកក៏បានផ្ដើមការវាយប្រហារថ្មីលើគូសត្រូវ និងអាន ដ្យឿង វឿងដែលជាដន្លងនឹងគ្នារបស់លោក ។
ពេលនេះ បន្ទាយកូឡូវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ ទ្រៀវ ដា ។ ព្រះចៅ អាន ដ្យឿង វឿង បានដណ្ដើមយកមកវិញ មី ចៅ ជាបុត្រីតែមួយគត់របស់ទ្រង់ហើយបានគេចខ្លួនពីឆាកប្រយុទ្ធ ។ ព្រះអង្គបានជិះសេះទៅទន្លេហើយបានពើបប្រទះ នឹងអណ្ដើកមាសយក្សដែលវាបានប្រាប់ព្រះចៅ អាន ដ្យឿង វឿង ថា “អ្នកដែលទទួលខុសត្រូវចំពោះការបរាជ័យរបស់ទ្រង់ កំពុងតែជិះនៅពីក្រោយក្បែរព្រះអង្គ!”
ដោយសេចក្ដីខឹងក្រេវក្រោធចំពោះការក្បត់របស់បុត្រីទ្រង់ ស្ដេចបានសម្លាប់បុត្រីរបស់ព្រះអង្គ (ក្នុងឈុតឆាកប្រជាប្រិយនៃរឿងនិទានទ្រង់បានកាត់ព្រះសិរិសារព្រះនាង) ។ ក្រោយមកទៀតទ្រង់ក៏បានលោតចូលទន្លេជាមួយនឹងអណ្ដើកមាសយក្សនោះទៅ ។
ត្រុង ធុយ កំពុងតែរកប្រពន្ធសំលាញ់របស់គេ ហើយបន្តិចក្រោយមក ក៏បានមកដល់កន្លែងកើតហេតុ ។ សាកសពប្រពន្ធជាទីស្រលាញ់របស់លោកកំពុងតែដេកក្នុងថ្លុកឈាម ហើយបិតាក្មេកក៏រកមើលមិនឃើញនៅកន្លែងណាមួយសោះ ។ ដោយស្ម័គ្រស្មោះចិត្តជាមួយនិងភាពស្មោះត្រង់ឥតងាករេជាប្ដីប្រពន្ធ លោកក៏បានទាញដាវហើយសំលាប់ខ្លួនឯងតាមប្រពន្ធ ដើម្បីបាននៅជាមួយប្រពន្ធរបស់លោកជារៀងរហូតនៅជាតិក្រោយ ។
ដោយបានកម្ចាត់ព្រះចៅ អាន ដ្យឿង វឿងហើយ ទ្រៀវ ដា បានបញ្ចូលបន្ថែមនូវទឹកដីដែលសញ្ជ័យបានថ្មីៗ ដើម្បីខ្លួនលោកហើយនិងបានបង្កើតរដ្ឋណានយៀក ដោយបានប្រកាសខ្លួនថាជាព្រះចៅអធិរាជនៃរាជវង្សទ្រៀវ (២០៧-១១១ម.គ.) ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.