គឺជាជម្លោះប្រដាប់អាវុធតៗគ្នារវាងក្រុមបក្សពួកកុម្មុយនីស្តផ្សេងៗនៅលើដែនដីឥណ្ឌូចិនដីគោកក From Wikipedia, the free encyclopedia
សង្គ្រាមឥណ្ឌូចិនលើកទី៣ គឺជាជម្លោះប្រដាប់អាវុធតៗគ្នារវាងក្រុមបក្សពួកកុម្មុយនីស្តផ្សេងៗនៅលើដែនដីឥណ្ឌូចិនដីគោកក្រោយពីសហរដ្ឋអាមេរិកបានដកទ័ពចេញនៅក្នុងឆ្នាំ១៩៧៣ ហើយនិងការយកឈ្នះរបស់កងកម្លាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង ឡាវ និងកម្ពុជាក្នុងឆ្នាំ១៩៧៥។[3] ការដកទ័ពរបស់អាមេរិកនេះបានលុបបំបាត់ចោលភ្លាមៗនូវមារសត្រូវដ៏សំខាន់មួយនិងទូទៅរបស់ក្រុមកុម្មុយនីស្តនានានៅឥណ្ឌូចិន។[4] ការបង្វែរគោលលទ្ធិនយោបាយនិងយុទ្ធសាស្ត្ររវាងសូវៀតនិងចិនគឺជាហេតុនាំឱ្យរដ្ឋមហាអំណាចកុម្មុយនីស្តទាំងពីរនេះបែកបាក់គ្នាកាលពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០។ នាពេលនោះ របបកុម្មុយនីស្តក្នុងស្រុកនៅប្រទេសកម្ពុជា វៀតណាម និងឡាវគឺមានភាពជិតស្និទជាខ្លាំងជាមួយរដ្ឋមហាអំណាចទាំងពីរខាងលើនេះ។ ភាពប្រទូសរ៉ាយដែលកើតមានជាបន្តបន្ទាប់ត្រូវបានបញ្ឆេះដោយការស្អប់ខ្ពើមគ្នាដែលមានអាយុកាលរាប់សតវត្សរវាងវៀតណាមនិងកម្ពុជា ហើយជាពិសេសរវាងវៀតណាមនិងចិន។[5]
| ||||||||||||||||||||||
នៅក្នុងឆ្នាំ១៩៧៥ ការប៉ះទង្គិចយោធារវាងកុម្មុយនីស្តវៀតណាមនិងរបបខ្មែរក្រហមក៏ចាប់មានឡើងដែលជាលទ្ធផលកម្ពុជាត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមអស់រយៈពេលជាងមួយទស្សវត្ត។ វៀតណាមមានគោលបំណងបំផ្លាញពួកខ្មែរក្រហមចោលទាំងស្រុងដែលជាហេតុនាំឱ្យពួកគេបន្តទៅបង្កើតជម្លោះជាមួយនឹងភាគីប្រទេសថៃដែលនៅពេលនោះ ថៃបានអនុញ្ញាតឱ្យក្រុមខ្មែរក្រហមជ្រកកោននៅតាមព្រំដែននិងនៅតាមទឹកដីរបស់ខ្លួន។[6][7]
ចិនមិនបានអើពើទៅនឹងនូវសកម្មភាពរបស់វៀតណាមនៅក្នុងការបង្រ្កាបចលនាប្រឆាំងកុម្មុយនីស្តនៅឡាវនោះទេ ក៏ប៉ុន្តែបានជំទាស់ជាដាច់ខាតនូវការចូលឈ្លានពានប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី យួនកុម្មុយនិស្តនូវតែវាយឈ្លានពានចូលប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨។ ជាលទ្ធផល កងកម្លាំងប្រដាប់អាវុធចិនក៏ចាប់ផ្តើមធ្វើប្រតិបត្តិការវាយលុកមកលើខេត្តភាគខាងជើងនៃប្រទេសវៀតណាមដើម្បីបញ្ឈប់រារាំងឥទ្ធិពលរបស់វៀតណាមនិងសូវៀតកុំឱ្យរីករាលដាលតទៅទៀត។[8][9]
ដើម្បីទទួលបានការគ្រប់គ្រងពេញលេញមកលើប្រទេសកម្ពុជាទាំងមូល កងទ័ពប្រជាជនវៀតណាមចាំបាច់ត្រូវកម្ចាត់ចោលរាល់មេដឹកនាំនិងអង្គភាពខ្មែរក្រហមដែលនៅសេសសល់ ពោលគឺអ្នកដែលរត់ដកថយទៅបណ្ដោយព្រំដែនកម្ពុជា–ថៃ។[10] ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃក៏កាន់តែរីកធ្ងន់ធ្ងរឡើងៗ នៅពេលដែលអធិបតេយ្យភាពទឹកដីរបស់ថៃត្រូវបានរំលោភបំពានជាច្រើនលើកច្រើនសារ។ នេះគឺជាហេតុដែលបណ្តាលឱ្យកើតមានការប្រយុទ្ធនិងការប្រឈមមុខគ្នាដោយផ្ទាល់រវាងកងទ័ពវៀតណាមនិងថៃ។ ប្រទេសថៃក៏បានបង្កើនកម្លាំងទ័ពខ្លួន ទិញគ្រឿងសព្វាវុធទំនើបៗ និងបង្កើតរណសិរ្សការទូតប្រឆាំងនឹងវៀតណាមនិងចិន។[4] បន្ទាប់ពីសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៨៩ ក.ប.វ ក៏បានដកខ្លួនចេញពីទឹកដីកម្ពុជា។ នៅទីបំផុត ការប្រឈមប្រយុទ្ធគ្នានៅតំបន់ឥណ្ឌូចិនក៏បានបញ្ចប់បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវបានចុះ។
បន្ទាប់ពីលោកស្តាលីនបានទទួលមរណភាពក្នុងឆ្នាំ១៩៥៣[11] លោកនីគីតា គ្រូឆេវក៏បានក្លាយជាមេដឹកនាំសហភាពសូវៀតបន្ត។ ការបរិហារនិងការធ្វើវិសុទ្ធកម្មរបស់លោកមកលើស្តាលីន ការចេញនូវគោលនយោបាយកុម្មុយនិស្តមជ្ឈន្តិកនិងគោលនយោបាយការបរទេសរួមគ្នាជាមួយនឹងលោកខាងលិចបានធ្វើឱ្យមេថ្នាក់ដឹកនាំចិនខឹងយ៉ាងខ្លាំងជាមួយនឹងសូវៀត។ ម៉ៅ សេទុងបានដើរតាមមាគ៌ាស្តាលីនដ៏តឹងរឹងជាយូរណាស់មកហើយ ដែលទទូចដល់ការគោរពបុគ្គលិកលក្ខណៈថាជាកម្លាំងបង្រួបបង្រួមជាតិ។ ការមិនយល់ព្រមលើជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងគោលនយោបាយសេដ្ឋកិច្ចមូលដ្ឋានរបស់ចិនបានធ្វើឱ្យសហភាពសូវៀតនិងចិនប្រឆាំងគ្នាកាន់តែខ្លាំងឡើងៗ ដោយប្រទេសទាំងពីរចង់ពង្រីកឥទ្ធិពលកុម្មុយនិស្តខ្លួនទៅទូទាំងពិភពលោក។ បន្ទាប់ពីចលនាឯករាជ្យសកលបានចាប់ផ្តើមកើនកាន់ខ្លាំងឡើងៗក្នុងទស្សវត្តឆ្នាំ១៩៦០ ហើយប្រទេសមួយចំនួនបានធ្លាក់ចូលទៅក្នុងសង្គ្រាមហឹង្សា រដ្ឋមហាអំណាចកុម្មុយនិស្តទាំងពីរនេះ (ចិន–សូវៀត) បានប្រជែងគ្នាដើម្បីឆ្លៀតឱកាសគ្រប់គ្រងលើនយោបាយនៃប្រជាជាតិផ្សេងៗ ឬក្រុមដែលកំពុងប្រយុទ្ធគ្នានៅក្នុងសង្គ្រាមស៊ីវិលនៅតាមប្រទេសដែលទើបនឹងបានទទួលឯករាជ្យ។[12]
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានសម្រេចចូលជាសម្ព័ន្ធមិត្តជាមួយសហភាពសូវៀត។ នៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ វៀតណាមបានបញ្ឆេះនិងគាំទ្រកុបកម្មកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ ដោយបានអះអាងថាវាគឺជារឿងធម្មតានៃបដិវត្តន៍កុម្មុយនិស្ត ហើយក៏បន្ថែមទៀតថា "ឥណ្ឌូចិនគឺជាអង្គភាពយុទ្ធសាស្ត្រតែមួយ សមរភូមិតែមួយ" ហើយវាគឺជាតួនាទីស្នូលរបស់កងទ័ពប្រជាជនវៀតណាមក្នុងការធ្វើឱ្យសម្រេចបាន។[13] ឥទ្ធិពលរបស់ពួកបរទេស (អន្តរជាតិនិយម) មកលើតំបន់ឥណ្ឌូចិនក៏ត្រូវបានឱបរោធន៍ ដោយសារតែតថភាពប្រវត្តិសាស្រ្តនៅក្នុងតំបន់មួយនេះដូចជា "ការប្រឆាំងគ្នាមកចេះចប់មិនចេះហើយរវាងចិននិងយួនហើយម្ខាងទៀតគឺរវាងខ្មែរនិងយួន"។[14] ពួកកុម្មុយនិស្តវៀតណាមក៏បានជ្រៀតជ្រែកចូលទៅក្នុងសង្គ្រាមស៊ីវិលរវាងកងយោធពលខេមរភូមិន្ទឡាវ និងចលនាកុម្មុយនិស្តប៉ាថេតឡាវរហូតទាន់តែបង្កើតបាននូវរដ្ឋកុម្មុយនិស្តថ្មីគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវហើយនិង"សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ" ដែលបានចុះនៅខែកក្កដា ឆ្នាំ១៩៧៧។ កងទ័ពវៀតណាមដែលឈរជើងជាអចិន្រ្តៃយន៍នៅឡាវបានធានានិងរក្សាផ្លូវផ្គត់ផ្គង់និងតំបន់យុទ្ធសាស្រ្ត (ផ្លូវលំហូជីមិញ)។[13] ចាប់ពីឆ្នាំ១៩៥៨ មក កងយោធារបស់វៀតណាមខាងជើងនិងខាងត្បូងក៏បានចាប់ផ្ដើមប្រយុទ្ធគ្នារហូតទាន់តែរីករាលដាលចូលទៅក្នុងតំបន់ព្រៃនៅភាគខាងកើតនៃប្រទេសកម្ពុជាហើយផ្លូវលំហូជីមិញក៏បានបន្តពីទីនោះទៅ។ ចលនាកុម្មុយនិស្តខ្មែរក៏ចាប់ផ្តើមធ្វើប្រតិបត្តិការនៅតំបន់នោះក្នុងអំឡុងទស្សវត្តឆ្នាំ១៩៦០។ ទោះបីជាមានការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមកុម្មុយនិស្តវៀតណាមក្តី តែពួកកុម្មុយនិស្តខ្មែរមិនបានប្រកាន់ខ្ជាប់នូវគោលលទ្ធិសង្គមនិយមទំនើបៗនោះទេ ហើយទីបំផុតក៏បានចងសម្ព័ន្ធមិត្តជាមួយចិន។[15][16]
បន្ទាប់ពីការដួលរលំនៃទីក្រុងសៃហ្គននិងភ្នំពេញនៅខែមេសានិងឧសភា ឆ្នាំ១៩៧៥ និងការកាន់កាប់ដោយក្រុមកុម្មុយនិស្តនៅឡាវរយៈពេល ៥ ខែក្រោយមក តំបន់ឥណ្ឌូចិនគឺត្រូវបានត្រួតត្រាដោយរបបកុម្មុយនិស្តទាំងស្រុង។ ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនរវាងកម្ពុជានិងវៀតណាមក៏បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមបានឈ្លានពានលុកលុយភូមិមួយចំនួននៅក្នុងទឹកដីវៀតណាមនិងសម្លាប់ជនស៊ីវិលរាប់រយនាក់។ ការវាយបកមកវិញរបស់វៀតណាមគឺត្រូវប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំ១៩៧៨, កងកម្លាំងវៀតណាមបានមកដល់ទីក្រុងភ្នំពេញនៅខែមករា ឆ្នាំ១៩៧៩ ហើយទៅដល់ព្រំដែនប្រទេសថៃនៅនិទាឃរដូវនៃឆ្នាំ១៩៧៩។[17][3]
បន្ទាប់ពីបានកាន់កាប់ទឹកដីមួយភាគធំនៃប្រទេសកម្ពុជា, ប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិភាគច្រើនបានឡើងប្រឆាំងនឹងយុទ្ធនាការរបស់វៀតណាម ចំណែកឯពួកខ្មែរក្រហមដែលនៅសេសសល់ក៏បានតាំងទីជម្រកជាអចិន្ត្រៃយ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាជិកមិនចូលបក្សចំនួន ៧ បានរៀបចំសេចក្តីសម្រេចចិត្តសម្រាប់បទឈប់បាញ់និងការដកទ័ពរបស់វៀតណាម ប៉ុន្តែត្រូវបានបរាជ័យដោយសារតែមានការបដិសេដពីសហភាពសូវៀតនិងឆេកូស្លូវ៉ាគី។ ថៃបានបណ្តោយឱ្យមានវត្តមានក្រុមខ្មែរក្រហមនៅលើទឹកដីរបស់ខ្លួនដោយសារតែពួកគេបានជួយទប់ទល់នឹងកងកម្លាំងវៀតណាមនិងទ័ពព្រៃក្នុងស្រុកប្រទេសថៃ (ពួកកុម្មុយនិស្តថៃ)។ ក្នុងរយៈពេលមួយទស្សវត្តបន្តបន្ទាប់ ខ្មែរក្រហមបានទទួលការគាំទ្រយ៉ាងច្រើនពីសត្រូវរបស់វៀតណាមនិងជាក្រុមដែលគេយកមកប្រើប្រាស់នៅក្នុងនយោបាយដោយប្រទេសថៃ ចិន អាស៊ាន និងសហរដ្ឋអាមេរិកជាដើម។[18][19]
កងកម្លាំងខ្មែរក្រហមបានធ្វើប្រតិបត្តិការពីខាងក្នុងទឹកដីថៃដោយវាយប្រហារមកលើរដ្ឋាភិបាលគាំទ្រហាណូយគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ស្រដៀងគ្នានេះដែរ កងកម្លាំងវៀតណាមបានវាយលុកវិញមកលើមូលដ្ឋានទ័ពខ្មែរក្រហមជាញឹកញាប់នៅខាងក្នុងទឹកដីថៃ។ មិនយូរប៉ុន្មាន កងទ័ពថៃនិងវៀតណាមក៏បានប៉ះទង្គិចនឹងគ្នាជាច្រើនលើកច្រើនសារក្នុងអំឡុងទសវត្សនោះ។[20]
ជាការឆ្លើយតបទៅនឹងការចូលកាន់កាប់ប្រទេសកម្ពុជាដោយវៀតណាម ចិនបានបើកការវាយប្រហារមកលើខេត្តភាគខាងជើងនៃប្រទេសវៀតណាមដោយបានកាន់កាប់ក្រុងមួយចំនួននៅក្បែរព្រំដែន។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៧៩ ចិនបានប្រកាសថាបេសកកម្មរបស់ពួកគេបានទទួលជោគជ័យហើយរួចក៏ដកកងកម្លាំងយោធាខ្លួនចេញពីប្រទេសវៀតណាម។ នៅក្នុងការវាយប្រហារគ្នាដោយរយៈពេលខ្លីនេះ ប្រទេសទាំងពីរបានអះអាងថាខ្លួនជាអ្នកទទួលជ័យជម្នះ។ ប៉ុន្តែការកាន់កាប់របស់វៀតណាមមកលើកម្ពុជាក្នុងរយៈពេលពេញមួយទស្សវត្តនេះគឺជាមូលហេតុមួយដែលបង្ហាញថាយុទ្ធនាការរបស់ចិនបានទទួលបរាជ័យជាយុទ្ធសាស្រ្ត។ ប៉ុន្តែម្ខាងទៀត ជម្លោះនោះក៏បានបង្ហាញថា ចិនបានទទួលជោគជ័យក្នុងការទប់ស្កាត់ការគាំទ្រពីសូវៀតដល់សម្ព័ន្ធមិត្តវៀតណាមរបស់ខ្លួនដែរ។[21][22]
កងកម្លាំងប្រទេសទាំងពីរនូវតែបន្តច្បាំងគ្នានៅតាមព្រំដែននិងនៅលើសមុទ្ររហូតដល់អំឡុងឆ្នាំ១៩៩០។ ការប្រយុទ្ធចម្បាំងគ្នានេះគឺមិនមានភាគីណាអាចយកឈ្នះលើភាគីណាមួយនោះទេ។ នៅចុងទស្សវត្តឆ្នាំ១៩៨០ បក្សកុម្មុយនីស្តវៀតណាមបានចាប់ផ្តើមអនុវត្តគោលនយោបាយ"ដូយមូយ" (Doi Moi) (កំណែទម្រង់) និងពិចារណាឡើងវិញនូវគោលនយោបាយចិនជាពិសេស។ ទំនាក់ទំនងអរិភាពដែលអូសបន្លាយពេលយូរជាមួយនឹងប្រទេសចិនត្រូវបានគេទទួលស្គាល់ថាជាការធ្វើឱ្យអន្តរាយដល់កំណែទម្រង់សេដ្ឋកិច្ច សន្តិសុខជាតិ និងអត្ថិភាពរបស់របបប្រទេសទាំងពីរ។ សម្បទាននយោបាយមួយចំនួនបានបើកផ្លូវឱ្យដំណើរការជាធម្មតាវិញនៅឆ្នាំ១៩៩១។[23]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.