From Wikipedia, the free encyclopedia
សង្គ្រាមលោកលើកទី២ (ភាសាអង់គ្លេស៖ World War II ឬ Second World War) គឺជាសង្គ្រាមសកលដែលបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥។ ប្រទេសភាគច្រើននៅលើពិភពលោកត្រូវបានធ្លាក់ចូលក្នុងសង្គ្រាមនេះ (រួមទាំងប្រទេសមហាអំណាចផងដែរ) ដោយរួមគ្នាបង្កើតបានសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ វាត្រូវជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោកដោយមានមនុស្សជាង ១០០ លាននាក់បានចូលរួមដោយផ្ទាល់មកពីប្រទេសជាង ៣០ និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណពី ៥០–៨៥ លាននាក់ និងជាជម្លោះយោធាដ៏សាហាវបំផុតនៅក្នុងប្រវត្តិមនុស្សជាតិ។ ក្នុងនោះ មនុស្សចំនួនរាប់សិបលាននាក់បានក្ស័យជីវិតដោយសារការប្រល័យពូជសាសន៍ ស្លាប់ដោយសារការអត់ឃ្លាន ការសម្លាប់រង្គាល និងជំងឺរាតត្បាតជាដើម។ យន្ដហោះបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមនេះដូចជា ការទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រនិងវឌ្ឍកម្មនៃអាវុធនុយក្លេអ៊ែរ។
សង្គ្រាមលោកលើកទី២ World War II | |||||||
---|---|---|---|---|---|---|---|
| |||||||
| |||||||
ភាគីសង្គ្រាម | |||||||
សម្ព័ន្ធមិត្ត | អ័ក្ស | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
មេដឹកនាំប្រទេសសម្ព័ន្ធមិត្តសំខាន់ៗ
|
មេដឹកនាំប្រទេសអ័ក្សសំខាន់ៗ
| ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|
ជាទូទៅ គេបានចាត់ទុកថាសង្គ្រាមលោកលើកទី២ បានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ បន្ទាប់ពីអាល្លឺម៉ង់បានឈ្លានពានប្រទេសប៉ូឡូញនិងការប្រកាសសង្គ្រាមរបស់អង់គ្លេសនិងបារាំងមកលើអាល្លឺម៉ង់នៅថ្ងៃទី៣។ នៅរវាងឆ្នាំ១៩៣៩ និងឆ្នាំ១៩៤១ ទ្វីបអឺរ៉ុបស្ទើរទាំងអស់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់ហើយមិនត្រឹមតែប៉ុណ្ណោះ អាល្លឺម៉ង់បានថែមទាំងចងសម្ព័ន្ធភាពជាមួយអ៊ីតាលី ជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀតផង។ នៅក្រោមកត្តិកសញ្ញាទ្វេភាគីនៃឆ្នាំ១៩៣៩ អាល្លឺម៉ង់និងសហភាពសូវៀតបានវាយយកនិងបែងចែកទឹកដីប្រទេសជិតខាងរបស់ពួកគេមានដូចជា៖ ប្រទេសប៉ូឡូញ ហ្វាំងឡង់ រ៉ូម៉ានី និងរដ្ឋបាលទិក។ ប្រទេសបារាំងបានដួលរលំនៅពាក់កណ្តាលឆ្នាំ១៩៤០ ដែលបន្សល់ឱ្យចក្រភពអង់គ្លេសតែមួយបន្តទប់ទល់នឹងការឈ្លានពានរបស់អាល្លឺម៉ង់។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់បានដឹកនាំកម្លាំងអ័ក្សចូលឈ្លានពានសហភាពសូវៀត, ប្រវត្តិវិទូជាច្រើនបានចាត់ទុកវាថាជាការឈ្លានពានដ៏ធំបង្អស់នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម។
ប្រទេសជប៉ុនដែលមានបំណងចង់ត្រួតត្រាលើទ្វីបអាស៊ីនិងប៉ាស៊ីហ្វិក បានចូលឈ្លានពានប្រទេសចិននៅក្នុងឆ្នាំ១៩៣៧។ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានធ្វើការវាយលុកលើទឹកដីអង់គ្លេសនិងអាមេរិកនៅតាមតំបន់អាស៊ីអាគ្នេយ៍និងនៅសមុទ្រប៉ាស៊ីហ្វិកហើយក្នុងនោះរួមមានការវាយប្រហារលើភើលហារប៊័រផងដែរ។ ដោយឃើញបែបនេះ អាមេរិកក៏សម្រេចចិត្តប្រកាសសង្គ្រាមមកលើជប៉ុនហើយមិនយូរប៉ុន្មាន មហាអំណាច់អ័ក្សនៅអឺរ៉ុបក៏បានប្រកាសសង្គ្រាមមកលើអាមេរិកវិញ។ ក្រោយបន្តិចមក ជប៉ុនបានចូលត្រួតត្រាលើតំបន់កោះប៉ាស៊ីហ្វិកខាងលិចបានដោយជោគជ័យហើយបានបន្តពង្រីកអំណាចគ្រប់គ្រងរបស់ខ្លួនឆ្ពោះទៅទិសខាងកើតប៉ុន្តែវាត្រូវបានបញ្ឈប់នៅក្នុងឆ្នាំ១៩៤២ បន្ទាប់ពីជប៉ុនបានទទួលបរាជ័យនៅក្នុងសមរភូមិមីតវេ។ ចំណែកឯអាល្លឺម៉ង់និងអ៊ីតាលីវិញបានទទួលរងនូវសេចក្តីអាម៉ាស់ដ៏ធំនៅពេលដែលពួកគេបានចាញ់សង្គ្រាមនៅទ្វីបអាហ្វ្រិកនិងនៅទីក្រុងស្តាលីនក្រាដ (សហភាពសូវៀត)។ នៅឆ្នាំ១៩៤៣ មហាអំណាចអ័ក្សបានទទួលរងនូវការបរាជ័យឥតឈប់ឥតឈរនៅតាមជួរប្រយុទ្ធខាងកើតបូករួមទាំងការឈ្លានពានរបស់ក្រុមសម្ព័ន្ធមិត្តមកលើតំបន់ស៊ីស៊ីលីនិងទឹកដីអ៊ីតាលីដីគោក និងការវាយបកមកវិញរបស់ក្រុមសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក។ នៅឆ្នាំ១៩៤៤ ក្រុមសម្ព័ន្ធមិត្តបានវាយចូលប្រទេសបារាំង (ស្ថិតនៅក្រោមការកាន់កាប់របស់អាល្លឺម៉ង់) ខណៈដែលសូវៀតបានដណ្តើមទឹកដីរបស់ខ្លួនបានមកវិញនិងត្រៀមវាយលុកបន្តចូលក្នុងប្រទេសអាល្លឺម៉ង់។ នៅរវាងឆ្នាំ១៩៤៤ និងឆ្នាំ១៩៤៥ ជប៉ុនបានទទួលរងការបរាជ័យខ្លះៗនៅអាស៊ីដីគោកហើយទឹកដីដែលខ្លួនដណ្តើមបានទាំងប៉ុន្មាននៅតំបន់ប៉ាស៊ីហ្វិកត្រូវបានក្រុមសម្ព័ន្ធមិត្តចូលកាន់កាប់បន្តិចម្តងៗ។
សង្គ្រាមនៅអឺរ៉ុបត្រូវបានបញ្ចប់បន្ទាប់ពីក្រុមសម្ព័ន្ធមិត្តបានវាយចូលទឹកដីអាល្លឺម៉ង់និងត្រួតត្រារដ្ឋធានីប៊ែរឡាំង អត្តឃាតកម្មរបស់ហ៊ីត្លែរ និងការទទួលចុះចាញ់របស់អាល្លឺម៉ង់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។ បន្ទាប់ពីព្រឹត្តិការណ៍សេចក្តីប្រកាសទីក្រុងផតស៍ដាមដោយក្រុមសម្ព័ន្ធមិត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៥ និងការមិនព្រមទទួលចុះចាញ់របស់ជប៉ុន អាមេរិកបានសម្រេចទម្លាក់គ្រាប់បែកបរិមាណូដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមកលើទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ និងទីក្រុងណាកាសាគីនៅថ្ងៃទី៩ ខែសីហា។ ដោយហេតុនេះ ជប៉ុនក៏បានសុំទទួលចុះចាញ់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ (ដោយចុះហត្ថលេខាលើឯកសារសុំចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥) ហើយសង្គ្រាមនៅទ្វីបអាស៊ីក៏បានបញ្ចប់។ ខណៈដែលជប៉ុននិងអាល្លឺម៉ង់កំពុងស្ថិតនៅក្រោមការត្រួតត្រារបស់សម្ព័ន្ធមិត្ត តុលាការឧក្រិដ្ឋកម្មសង្គ្រាមក៏ត្រូវបង្កើតឡើងនិងអនុវត្តលើមេដឹកនាំអាល្លឺម៉ង់និងជប៉ុន។
សង្គ្រាមលោកលើកទី២ បានផ្លាស់ប្តូរតម្រឹមនយោបាយនិងរចនាសម្ព័ន្ធសង្គមនៅលើពិភពលោក។ អង្គការសហប្រជាជាតិ (អសប) ត្រូវបានបង្កើតឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងទប់ស្កាត់រាល់ជម្លោះនាពេលអនាគតហើយប្រទេសមហាអំណាចដែលទទួលបានជ័យជំនះដូចជា ចិន បារាំង សហភាពសូវៀត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខពិភពលោក។ សហភាពសូវៀតនិងសហរដ្ឋអាមេរិកបានលេចឡើងក្លាយជាគូប្រជែងមហាអំណាចថ្មីដែលបានវិវដ្តទៅជាជម្លោះជិតកន្លះមួយសតវត្សហៅថាសង្គ្រាមត្រជាក់។ សង្គ្រាមបានធ្វើឱ្យប្រទេសអឺរ៉ុបទទួលរងនូវការអន់ថយខាងឥទ្ធិពលនិងអំណាចដែលជាហេតុនាំឱ្យពួកគេបាត់បង់ទឹកដីអាណានិគមនៅទ្វីបអាស៊ីនិងអាហ្វ្រិក។ បណ្តាប្រទេសភាគច្រើនដែលឧស្សាហកម្មរបស់ខ្លួនត្រូវរងនូវការបំផ្លិចបំផ្លាញបានចាត់អភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឱ្យរីកចម្រើនឡើងវិញ។ ការធ្វើសមាហរណកម្មនយោបាយជាពិសេសនៅទ្វីបអឺរ៉ុបបានចាប់ផ្តើមជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជម្លោះនាពេលអនាគត កម្ចាត់អមិត្តភាពមុនពេលមានសង្គ្រាមធំផ្ទុះឡើង និងការបង្កើតអត្តសញ្ញាណតែមួយ (ការបង្កើតឡើងនូវសហភាពអឺរ៉ុប)។
ជាទូទៅគេថាសង្គ្រាមនៅអឺរ៉ុបបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩[1][2] គឺនៅពេលដែលអាល្លឺម៉ង់បានវាយចូលឈ្លានពានប្រទេសប៉ូឡូញហើយចក្រភពអង់គ្លេសនិងបារាំងក៏បានប្រកាសសង្គ្រាមមកលើអាល្លឺម៉ង់ពីរថ្ងៃក្រោយមក។ សង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិកបានផ្ទុះឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៣៧ (ពោលគឺស្របនឹងសង្គ្រាមចិន-ជប៉ុនលើកទី២)[3][4] ចំណែកឯការឈ្លានពានរបស់ជប៉ុននៅម៉ាន់ជូរីបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៣១ មកម្លេះ។[5][6][7]
សម្រាប់អ្នកខ្លះវិញគេបានចាត់ទុកថា ដើមឡើយសង្គ្រាមគឺកើតឡើងនៅតាមទ្វីបនិងតំបន់ខុសៗគ្នាហើយមិនពាក់ពាន់អ្វីនឹងគ្នាឡើយរហូតទាន់តែដល់ឆ្នាំ១៩៤១ ទើបជម្លោះទាំងអស់បានក្លាយជាជម្លោះសកលលោករួមតែមួយ។ សម្រាប់អត្ថបទនេះគឺយើងប្រើប្រាស់វេលាបរិច្ឆេទទៅតាមអនុសញ្ញិក។ សម្រាប់អ្នកខ្លះទៀត គេបានចាត់ទុកថាការឈ្លានពានរបស់អ៊ីតាលីលើប្រទេសអេត្យូពីនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៣៥ គឺជាចំណុចចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២។[8] ប្រវត្តិវិទូអង់គ្លេសលោកអានតូនី ប៊ីវ័របានមានទស្សនៈថា សង្គ្រាមលោកលើកទី២ បានចាប់ផ្តើមនៅក្នុងសមរភូមិកាលគីនកូលដែលជាជម្លោះកើតឡើងនៅខែឧសភា ដល់ខែកញ្ញា ឆ្នាំ១៩៣៩ រវាងកងទ័ពជប៉ុននិងកងកម្លាំងសូវៀតហើយម៉ុងកូល។[9]
កាលបរិច្ឆេទពិតប្រាកដនៃការបញ្ចប់នៃសង្រ្គាមលោកលើកទី២ ក៏មិនត្រូវបានឯកភាពគ្នាជាសកលដែរ។ ជាទូទៅគេបានចាត់ទុកយុទ្ធសន្តិភាពនៃថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥ (ទិវាជ-ជ) ជាកាលបរិច្ឆេទបញ្ចប់សង្គ្រាម។[10] សន្ធិសញ្ញាសន្តិភាពរវាងជប៉ុននិងសម្ព័ន្ធមិត្តគឺត្រូវបានចុះនៅក្នុងឆ្នាំ១៩៥១ ឯណោះ។ សន្ធិសញ្ញាសន្តិភាពផ្លូវការរវាងជប៉ុននិងសហភាពសូវៀតគឺមិនដែលត្រូវបានចុះនោះទេ។[11]
សង្គ្រាមលោកលើកទី១ បានផ្លាស់ប្តូរភូមិសាស្ត្រនយោបាយអឺរ៉ុបជាខ្លាំង (ដោយការបរាជ័យរបស់មហាអំណាចកណ្តាលមានដូចជាចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ប៊ុលការី និងចក្រភពអូតូម៉ង់ និងបូករួមទាំងបដិវត្តន៍បុលសេវិកនៅប្រទេសរុស្ស៊ី ដែលជាលទ្ធផលបាននាំឱ្យសហភាពសូវៀតលេចចេញឡើង)។ ទន្ទឹមនឹងនេះ, សម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ មានដូចជា បារាំង បែលស៊ិក អ៊ីតាលី រ៉ូម៉ានី និងក្រិកបានដណ្តើមបានទឹកដីថ្មីហើយរដ្ឋប្រជាជាតិថ្មីក៏ត្រូវបានបង្កើតចេញពីការដួលរលំនៃចក្រភពអូទ្រីស-ហុងគ្រី អូតូម៉ង់ និងចក្រភពរុស្ស៊ី។
ដើម្បីទប់ស្កាត់សង្គ្រាមលោកកុំឱ្យកើតមានឡើងនាពេលអនាគត ក្រុមសម្ព័ន្ធមិត្តបានបង្កើតអង្គការសង្គមប្រជាជាតិឡើងនៅអំឡុងសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩១៩។ គោលដៅចម្បងរបស់អង្គការនេះគឺទប់ស្កាត់ជម្លោះប្រដាប់អាវុធតាមរយៈសន្តិសុខសមូហភាព ការដកហូតអាវុធយោធានិងកម្លាំងជើងទឹកពីរដ្ឋអរិភាព និងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈការចរចានិងមជ្ឈត្តវិនិច្ឆ័យដោយសន្តិវិធី។
គំនិតសន្តិនិយមបានផុសឡើងនៅជុំវិញពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់[12]ប៉ុន្តែនៅឯភាគអឺរ៉ុបវិញ គំនិតជាតិនិយមបានកំពុងតែរីករាលដាលនៅតាមរដ្ឋមួយចំនួន។ ជាពិសេសគឺនៅប្រទេសអាល្លឺម៉ង់ដែលគំនិតជាតិនិយមបានកំពុងតែកើនឡើងជាលំដាប់ ទាំងនេះគឺបណ្តាលមកពីការបាត់បង់ទឹកដីសំខាន់ៗ និងទឹកដីអាណានិគម និងការខាតបង់ផ្នែកហិរញ្ញវត្ថុដែលបន្សល់ទុកពីសន្និសញ្ញាវិមានវែសៃ។ ក្រោមសន្ធិសញ្ញានេះ អាល្លឺម៉ង់បានបាត់បង់ទឹកដីប្រមាណ ១៣% នៃទឹកដីសរុបបូករួមទាំងទឹកដីក្រៅស្រុក (អាណានិគម) ការកាត់ទឹកដីនិងការចូលឈ្លានពានរដ្ឋដទៃត្រូវបានហាមឃាត់ជាដាច់ខាត ហើយទំហំនិងកម្លាំងយោធាត្រូវបានកំណត់។[13]
ចក្រភពអាល្លឺម៉ង់ត្រូវបានរំលាយជាលទ្ធផលនៃបដិវត្តន៍អាល្លឺម៉ង់ក្នុងឆ្នាំ១៩១៩ ហើយត្រូវជំនួសមកវិញដោយរដ្ឋាភិបាលប្រជាធិបតេយ្យហៅថាសាធារណរដ្ឋវ៉ៃម៉ា។ នៅក្នុងសម័យចន្លោះសង្គ្រាម គេឃើញមានជម្លោះជាច្រើនកើតមានរវាងអ្នកគាំទ្ររបបសាធារណរដ្ឋថ្មីនិងពួកអ្នកស្តាំនិយមឆ្វេងនិយម។ ប្រទេសអ៊ីតាលីដែលជាសម្ព័ន្ធមិត្តកាលពីសង្គ្រាមលោកលើកទី១ បានទទួលនូវទឹកដីថ្មីបន្តិចបន្តួចក្រោយសង្គ្រាមប៉ុន្តែអ្នកជាតិនិយមអ៊ីតាលីបានខឹងសម្បារយ៉ាងខ្លាំងនឹងអង់គ្លេសហើយបារាំងដែលមិនបានបំពេញកិច្ចសន្យាធានាការចូលរួមរបស់អ៊ីតាលីក្នុងសង្គ្រាមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ ចាប់ពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩២៥ មេដឹកនាំចលនាហ្វាស៊ីសមួយឈ្មោះបេនីតូ មូសូលីនីបានឡើងកាន់កាប់អំណាចនៅប្រទេសអ៊ីតាលីដែលមានលក្ខណៈជារបបផ្តាច់ការ ជាតិនិយម និងសហករណ៍វណ្ណៈ។ របបមួយនេះបានលុបបំបាត់លទ្ធិប្រជាធិបតេយ្យតំណាង ដាក់សម្ពាធសង្កត់លើអ្នកសង្គមនិយម ឆ្វេងនិយម និងសេរីនិយម ហើយបានអនុម័តគោលនយោបាយវាតទីនិយមដោយមានគោលបំណងចង់ឱ្យអ៊ីតាលីក្លាយជាមហាអំណាចពិភពលោក និងបង្កើតចេញជា"ចក្រភពរ៉ូម៉ាំងថ្មី។[14]
អាដុល ហ៊ីត្លែរបានប៉ងធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩២៣ តែបរាជ័យហើយនៅឆ្នាំ១៩៣៣ លោកប៉ូល វន ហ៊ីនដេនប៊ឺកនិងសភារ៉ៃស្តាតបានតែងតាំងហ៊ីត្លែរជាអធិការបតីថ្មីនៃប្រទេសអាល្លឺម៉ង់។ ពេលបានអំណាច ហ៊ីត្លែរបានលុបបំបាត់ចោលប្រព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់ហើយបានប្រកាន់យកសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលមានលក្ខណៈជាតិសាសន៍តែមួយជ្រុលហួសហេតុហើយក្រោយបន្តិចមក លោកបានផ្តើមយុទ្ធនាការសព្វាវុធការឡើងវិញ។[15] ទន្ទឹមនឹងនេះដែរដើម្បីធានានូវសម្ព័ន្ធភាពជាមួយអ៊ីតាលី បារាំងបានបណ្តោយឱ្យអ៊ីតាលីលូកដៃចូលឈ្លានពានប្រទេសអេត្យូពី។ ស្ថានភាពនយោបាយកាន់តែមានសភាពធ្ងន់ឡើងៗនៅដើមឆ្នាំ១៩៣៥ នៅពេលដែលដែនដីអាងទឹកសារ៍បានក្លាយជាកម្មសិទ្ធិរបស់អាល្លឺម៉ង់វិញហើយបន្ទាប់មកហ៊ីត្លែរបានបដិសេដលែងទទួលស្គាល់សន្ធិសញ្ញាវែសៃ ពន្លឿនយុទ្ធនាការសព្វាវុធនិងការធ្វើសមាហរណកម្មយោធា។[16]
ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលីបានជួបប្រជុំគ្នានៅក្នុងសន្និសីទស្ត្រេសានៅអំឡុងខែមេសា ឆ្នាំ១៩៣៥ ក្នុងបំណងទប់ស្កាត់អាល្លឺម៉ង់ដោយវាត្រូវជាជំហានសំខាន់មួយឆ្ពោះទៅរកសកលភាវូបនីយកម្មយោធា។ ប៉ុន្តែនៅអំឡុងខែមិថុនានៃឆ្នាំដដែរនោះ អង់គ្លេសបានធ្វើកិច្ចព្រមព្រៀងកម្លាំងជើងទឹកឯករាជ្យជាមួយអាល្លឺម៉ង់ដោយបន្ថូរបន្ថយការរឹតត្បឹតពីមុនលើអាល្លឺម៉ង់។ សហភាពសូវៀតដែលបារម្ភខ្លាចអាល្លឺម៉ង់ឈ្លានពានទឹកដីអឺរ៉ុបខាងកើត បានធ្វើកំណែនសន្ធិសញ្ញាជំនួយជនុបត្ថម្ភជាមួយបារាំងនៅឆ្នាំ១៩៣៥។[17] ចំណែកឯសហរដ្ឋអាមេរិកវិញទោះបីជាខ្លួនរាងព្រួយបារម្ភចំពោះសភាពការណ៍នៅអឺរ៉ុបនិងអាស៊ីក្តីប៉ុន្តែខ្លួននូវតែអនុម័តច្បាប់អព្យាក្រឹតភាពនៅខែសីហានៃឆ្នាំដដែរនោះ។[18]
ហ៊ីត្លែរបានបំពាននូវសន្ធិសញ្ញាវែសៃនិងឡូកាណូនៅខែមីនា ឆ្នាំ១៩៣៦ ដោយបានបញ្ជូនទ័ពទៅតំបន់រ៉ាំង។ នៅខែតុលា ឆ្នាំ១៩៣៦ អ៊ីតាលីនិងអាល្លឺម៉ង់បានចងសម្ព័ន្ធភាពនឹងគ្នា។[19] មួយខែក្រោយមក អាល្លឺម៉ង់និងជប៉ុនបានរួមគ្នាចុះហត្ថលេខាលើកតិកាសញ្ញាប្រឆាំងអង្គការកុម្មុយនិស្តអន្តរជាតិដោយមានអ៊ីតាលីចូលរួមនៅឆ្នាំបន្ទាប់។[20]
គណបក្សគួមីនតាងនៅប្រទេសចិនបានបើកយុទ្ធនាការបង្រួបបង្រួមជាតិមួយតាមរយៈការប្រឆាំងនឹងស្តេចត្រាញ់នៅតាមតំបន់នីមួយៗនៃប្រទេសចិនហើយក៏បានបង្រួបបង្រួមប្រទេសជាតិខ្លួននៅពាក់កណ្តាលទស្សវត្តឆ្នាំ១៩២០ ប៉ុន្តែមិនយូរប៉ុន្មាន បក្សគួមីនតាងក៏បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលប្រយុទ្ធតតាំងជាមួយអតីតសម្ព័ន្ធមិត្តរបស់ខ្លួនគឺបក្សកុម្មុយនិស្តចិន[21]និងស្តេចត្រាញ់ថ្មីៗមួយចំនួនទៀត។ នៅឆ្នាំ១៩៣១ ចក្រភពជប៉ុនដែលមានអំណាចយោធាដ៏ខ្លាំងអស្ចារ្យ[22]បានបង្កើតព្រឹត្តិការណ៍ម៉ាន់ជូរីឡើងទុកជាលេសចូលឈ្លានពានប្រទេសចិន (តំបន់ម៉ាន់ជូរី) រួចក៏បង្កើតចេញជារដ្ឋអាយ៉ងមួយហៅថាម៉ាន់ជូគួរ។[23]
ចិនបានអំពាវនាវទៅដល់សង្គមប្រជាជាតិឱ្យបញ្ឈប់ការឈ្លានពានរបស់ជប៉ុននៅម៉ាន់ជូរី។ ប្រទេសជប៉ុនបានសម្រេចដកខ្លួនចេញពីសង្គមប្រជាជាតិភ្លាមៗបន្ទាប់ពីត្រូវបានថ្កោលទោសចំពោះការលុកលុយរបស់ខ្លួនចូលក្នុងតំបន់ម៉ាន់ជូរី។ បន្ទាប់មកប្រទេសទាំងពីរបានប្រយុទ្ធប្រឆាំងគ្នាចុះឡើងៗរហូតទាន់តែមានការចុះហត្ថលេខាលើយុទ្ធវិស្រមតាំងគូក្នុងឆ្នាំ១៩៣៣។[24] បន្ទាប់ពីដឹងឮថាជប៉ុនបានផ្តើមការវាយលុកម្តងទៀតនៅឆ្នាំ១៩៣៦ គណបក្សគួមីនតាងនិងបក្សកុម្មុយនិស្តចិនបានបង្ខំចិត្តឈប់ប្រយុទ្ធប្រឆាំងគ្នារួចមកចងសម្ព័ន្ធភាពនឹងគ្នាដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនវិញ។[25]
សង្គ្រាមអ៊ីតាលី-អេត្យូពីលើកទី២ គឺជាសង្គ្រាមដ៏ខ្លីមួយដែលចាប់ផ្តើមក្នុងខែតុលា ឆ្នាំ១៩៣៥ និងបញ្ចប់ទៅវិញនៅខែឧសភា ឆ្នាំ១៩៣៦។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលកងកម្លាំងនៃរាជាណាចក្រអ៊ីតាលីបានចូលឈ្លានពានចក្រភពអេត្យូពីតាមទឹកដីសូម៉ាលីឡង់និងអេរីត្រេ។[26] ជាលទ្ធផល ប្រទេសអេត្យូពីត្រូវស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីតាលីរួចត្រូវបានដាក់បញ្ចូលទៅក្នុងទឹកដីអាណានិគមអាហ្វ្រិកខាងកើតអ៊ីតាលី។ ការចូលត្រួតត្រារបស់អ៊ីតាលីក្នុងអេត្យូពីគឺជាសកម្មភាពបញ្ជាក់ថាអង្គការសង្គមប្រជាជាតិមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាពពិភពលោកឡើយ។[27] ដោយឃើញបែបនេះ ចក្រភពអង់គ្លេសនិងបារាំងបានគាំទ្រការដាក់ទណ្ឌកម្មលើប្រទេសអ៊ីតាលីចំពោះសកម្មភាពលុកលុយនោះប៉ុន្តែការដាក់ទណ្ឌកម្មនេះមិនត្រូវបានអនុវត្តពេញលេញទេហើយទីបំផុតបានទទួលបរាជ័យក្នុងការបញ្ឈប់ការឈ្លានពានរបស់អ៊ីតាលី។[28] ក្រោយការឈ្លានពាន អ៊ីតាលីបានសម្រេចចិត្តយល់ព្រមគាំទ្រអាល្លឺម៉ង់ក្នុងការកាត់ទឹកដីប្រទេសអូទ្រីស។[29]
នៅពេលដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសអេស្ប៉ាញ ភ្លាមៗនោះហ៊ីត្លែរនិងមូសូលីនីបានចូលលូកដៃចូលក្នុងសង្គ្រាមភ្លែតដោយអ្នកទាំងពីរបានសម្រេចគាំទ្របក្សពួកជាតិនិយមដែលដឹកនាំដោយលោកហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ។ អ៊ីតាលីបានគាំទ្របក្សជាតិនិយមអេស្ប៉ាញច្រើនជាងកម្រិតគាំទ្ររបស់ណាស៊ីអាល្លឺម៉ង់៖ មូសូលីនីបានបញ្ជូនកងកម្លាំងជើងគោកចំនួន ៧០,០០០ នាក់ ទាហានអាកាសចំនួន ៦,០០០ នាក់ និងយន្តហោះចម្បាំងប្រមាណ ៧២០ គ្រឿងទៅប្រទេសអេស្ប៉ាញ។[30] នៅម្ខាងទៀត សហភាពសូវៀតបានគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋអេស្ប៉ាញនាពេលនោះ។ កងទ័ពស្ម័គ្រចិត្តបរទេសប្រមាណជាង ៣០,០០០ នាក់ (ដែលគេតែងស្គាល់ថាកងពលតូចអន្តរជាតិ) បានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងជាតិនិយម។ អាល្លឺម៉ង់និងសហភាពសូវៀតបានប្រើប្រាស់សង្រ្គាមប្រូកស៊ី (សង្គ្រាមតំណាង) នេះជាឱកាសដើម្បីសាកល្បងយុទ្ធសាស្ត្រចម្បាំងនិងគ្រឿងសព្វាវុធដ៏ទំនើបបំផុតរបស់ពួកគេ។ បក្សពួកជាតិនិយមបានទទួលជ័យជម្នះក្នុងសង្គ្រាមស៊ីវិលនៅក្នុងខែមេសា ឆ្នាំ១៩៣៩ ហើយលោកហ្វ្រង់កូក៏បានឡើងកាន់តំណែងជាមេដឹកនាំប្រទេសអេស្ប៉ាញប៉ុន្តែលោកបានសម្រេចជ្រើសយកផ្លូវអព្យាក្រឹតនៅក្នុងសង្គ្រាមលោកលើកទី២ តែនូវមានចិត្តគាំទ្រក្រុមមហាអំណាចអ័ក្ស។[31] សកម្មភាពគាំទ្រដ៏ធំបំផុតរបស់អេស្ប៉ាញចំពោះអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ គឺការបញ្ជូនទ័ពស្ម័គ្រចិត្តជាជំនួយទៅជួរប្រយុទ្ធខាងកើត។[31]
នៅខែកក្កដា ឆ្នាំ១៩៣៧ ជប៉ុនបានកាន់កាប់អតីតរាជធានីនៃសម័យរាជវង្សឆេងគឺទីក្រុងប៉េកាំងបន្ទាប់ពីពួកគេបានបង្កើតព្រឹត្តិការណ៍ស្ពានម៉ាកូប៉ូឡូឡើងក្នុងគោលបំណងផ្តើមសង្គ្រាមកាន់កាប់ប្រទេសចិនទាំងមូល។[32] ឃើញដូច្នេះ សូវៀតបានផ្តើមចុះហត្ថលេខាលើកិច្ចព្រមពៀងមិនឈ្លានពានជាមួយចិនភ្លាមដើម្បីផ្តល់ជំនួយសម្ភារៈជួយចិនប្រយុទ្ធប្រឆាំងនឹងជប៉ុន ចំណែកឯកិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់ត្រូវបានកាត់ផ្តាច់ចោល។ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ជប៉ុនបានធ្វើការវាយលុកនៅតៃយានដោយប៉ះទង្គិចជាមួយកងទ័ពគួមីនតាងនៅស៊ីនគូ[33]ហើយបានប្រយុទ្ធជាមួយកម្លាំងកុម្មុយនិស្តចិននៅឯពីងស៊ីងក្វាន។[34][35] ឧត្តមសេនីយយសចាង កាយចៀកបានបញ្ជូនកម្លាំងទ័ពដ៏ខ្លាំងពូកែបំផុតរបស់លោកទៅការពារទីក្រុងស៊ាងហៃប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមគ្នាអស់រយៈពេលជាងបីខែ។ កងកម្លាំងជប៉ុនបានបន្តរុញច្រានកងទ័ពចិនតទៅទៀតដោយបានកាន់កាប់រដ្ឋធានីណានជិងក្នុងខែធ្នូ ឆ្នាំ១៩៣៧។ បន្ទាប់ពីក្រុងណានជិងត្រូវធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុន ប្រជារាស្ត្រចិនរាប់ពាន់រាប់សិបនាក់និងទាហានចិនដែលចាប់បានត្រូវកងទ័ពជប៉ុនសម្លាប់ចោលស្ទើរទាំងអស់។[36][37]
នៅខែមីនា ឆ្នាំ១៩៣៨ កងកម្លាំងជាតិនិយមចិនបានទទួលជ័យជម្នះដំបូងបង្អស់នៅក្នុងសមរភូមិតៃអឺចុងនៅទីក្រុងសានដុងប៉ុន្តែពីរខែក្រោយមក ទីក្រុងស៊ូចូវក៏ត្រូវធ្លាក់ក្រោមជប៉ុន។[38] នៅខែមិថុនា ឆ្នាំ១៩៣៨ កងកម្លាំងចិនបានពន្យារដំណើរឈ្លានពានរបស់ជប៉ុនដោយបានពន្លិចទន្លេលឿង សមយុទ្ធមួយនេះនឹងផ្តល់ពេលឱ្យចិនត្រៀមកងកម្លាំងការពាររបស់ខ្លួននៅទីក្រុងអ៊ូហានប៉ុន្តែទោះជាយ៉ាងណា ទីក្រុងនេះត្រូវបានជប៉ុនចូលកាន់កាប់នៅអំឡុងខែតុលា។[39] ជ័យជម្នះធំៗខាងផ្នែកយោធារបស់ជប៉ុនមិនបានធ្វើឱ្យរដ្ឋាភិបាលចិនសុំទទួលចុះចាញ់ដូចអ្វីដែលខ្លួនបានគិតនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលចិនបានផ្លាស់រដ្ឋធានីមកចុងគីងរួចបន្តសង្គ្រាមប្រឆាំងតទៅទៀត។[40][41]
ចាប់ពីពាក់កណ្តាលរហូតដល់ចុងទស្សវត្តឆ្នាំ១៩៣០ មានការផ្ទុះជម្លោះព្រំដែនមួយរវាងកងកម្លាំងជប៉ុននៅតំបន់ម៉ាន់ជូគួរនឹងសហភាពសូវៀតហើយប្រទេសម៉ុងកូល។ កងទ័ពជប៉ុនមានគោលលទ្ធិមួយនៅពេលនោះហៅថាហុគូស៊ិន-រុន (ជាលទ្ធិនយោបាយរបស់ជប៉ុនក្នុងការពង្រីកឥទ្ធិពលនិងអំណាចទៅភាគខាងជើង)។ ប៉ុន្តែគោលលទ្ធិមួយនេះមិនអាចប្រព្រឹត្តិទៅបានឡើយដោយសារតែការបរាជ័យរបស់ជប៉ុននៅកាលគីនកូលក្នុងឆ្នាំ១៩៣៩ សង្គ្រាមជាប់ជាមួយចិន[42] និងការចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់។ ជប៉ុននិងសូវៀតបានចុះហត្ថលេខាលើកិច្ចព្រមពៀងអព្យាក្រឹតភាពនៅខែកញ្ញា ឆ្នាំ១៩៤១ រួចជប៉ុនបានងាកមកអនុវត្តគោលលទ្ធិណានស៊ីន-រុនវិញដែលអនុញ្ញាតឱ្យជប៉ុនផ្តោតលើការពង្រីកអំណាចនិងទឹកដីទៅភាគខាងត្បូង។[43][44]
ស្ថានភាពនៅអឺរ៉ុបកំពុងតែមានភាពតានតឹងឡើងដោយសារតែនយោបាយឈ្លានពាននិងវាតទីរបស់អាល្លឺម៉ង់និងអ៊ីតាលី។ នៅខែមីនា ឆ្នាំ១៩៣៨ អាល្លឺម៉ង់បានកាត់ទឹកដីប្រទេសអូទ្រីសបញ្ចូលជារបស់ខ្លួនដោយមិនទទួលការគំរាមឬអើពើពីមហាអំណាចណាមួយឡើយ។[45] ដោយឃើញបែបនេះ ហ៊ីត្លែរកាន់តែបានចិត្តហើយបានអះអាងថាទឹកដីស៊ូដែតឡង់ជាកម្មសិទ្ធិរបស់ខ្លួន (ទឹកដីមួយផ្នែកនៃឆេកូស្លូវ៉ាគីដែលសម្បូរទៅដោយជនជាតិអាល្លឺម៉ង់)។ មិនយូរប៉ុន្មាន បារាំងហើយអង់គ្លេសក៏ងាកមករកដំណោះស្រាយតាមរយៈគោលនយោបាយសន្តិភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកឆេមប៊ឺលេនដោយបានប្រគល់ទឹកដីមួយផ្នែកនោះទៅឱ្យអាល្លឺម៉ង់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងមុយនិចទោះបីជាវាត្រូវបានបដិសេដដោយរដ្ឋាភិបាលឆេកូស្លូវ៉ាគីយ៉ាងណាក៏ដោយ។ អង់គ្លេសនិងបារាំងបានដាក់សំណើមួយមកឱ្យអាល្លឺម៉ង់ថាខ្លួនលែងមានសិទ្ធិកាត់បញ្ចូលទឹកដីប្រទេសណាមួយចូលជាផ្នែកនៃទឹកដីរបស់ខ្លួនទៀតហើយ។[46] មិនយូរប៉ុន្មានក្រោយពីកិច្ចព្រមព្រៀងមុយនិចបានបញ្ចប់ អាល្លឺម៉ង់និងអ៊ីតាលីបានបង្ខំឱ្យឆេកូស្លូវ៉ាគីប្រគល់ទឹកដីមួយផ្នែកទៅឱ្យប្រទេសហុងគ្រីខណៈដែលប៉ូឡូញបានកាត់យកទឹកដីតំបន់ហ្សាអូលស៊ី។[47]
ប្រជាជាតិអាល្លឺម៉ង់គឺពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងទីក្រុងមុយនិចតែហ៊ីត្លែរវិញមានចិត្តខឹងនឹងអង់គ្លេសយ៉ាងខ្លាំងដែលបានចូលមកជ្រៀតជ្រែករារាំងអាល្លឺម៉ង់មិនឱ្យកាត់យកទឹកដីឆេកូស្លូវ៉ាគីទាំងមូល។ នៅក្នុងសុន្ទរកថាបន្ទាប់ ហ៊ីត្លែរបាននិយាយរិះគុណអង់គ្លេសថាជា"អ្នកចង់បញ្ឆេះសង្គ្រាម"ហើយនៅខែមករា ឆ្នាំ១៩៣៩ លោកបានបញ្ជាឱ្យមានការអភិវឌ្ឍន៍វិស័យកម្លាំងជើងទឹកអាល្លឺម៉ង់ដោយសម្ងាត់ក្នុងគោលបំណងចង់ប្រកួតប្រជែងជាមួយកម្លាំងជើងទឹកអង់គ្លេស។ នៅខែមីនា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានចូលឈ្លានពានទឹកដីឆេកូស្លូវ៉ាគីដែលនៅសេសសល់រួចបំបែកទៅជារដ្ឋរណប។[48] អាល្លឺម៉ង់បានបញ្ជូនឱសានវាទទៅលីទុយអានីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣៩, ដោយគ្មានជម្រើស លីទុយអានីបានប្រគល់អតីតទឹកដីចក្រភពអាល្លឺម៉ង់គឺតំបន់ក្លៃប៉េដាមកឱ្យអាល្លឺម៉ង់វិញ។[49]
បន្ទាប់ពីដឹងឮថាកងទ័ពអាល្លឺម៉ង់បានចូលឈ្លានពានបុរីសេរីដានស្គ៍ អង់គ្លេសនិងបារាំងបានចេញមុខធានាឯករាជ្យភាពដល់ប៉ូឡូញភ្លាមហើយនៅពេលដែលអ៊ីតាលីបានវាយលុកឈ្លានពានប្រទេសអាល់បានី កិច្ចធានាឯករាជ្យភាពរបស់អង់គ្លេសនិងបារាំងក៏ត្រូវបានបន្លាយដល់រាជាណាចក្ររ៉ូម៉ានីនិងក្រិក។[50] បន្តិចក្រោយពីកិច្ចសន្យាប៉ូឡូញ-អង់គ្លេសបានបង្កើតឡើង អាល្លឺម៉ង់និងអ៊ីតាលីបានសម្រេចចងសម្ព័ន្ធភាពនឹងគ្នាដែលគេហៅវាថាកតិកាសញ្ញាដែកថែប។[51] ហ៊ីត្លែរបានចោទប្រកាន់អង់គ្លេសនិងប៉ូឡូញថាមានបំណង"ឡោមព័ទ្ធឯករាជ្យភាពរបស់អាល្លឺម៉ង់"ហើយជាលទ្ធផល ហ៊ីត្លែរក៏បានលះបង់ឈប់ទទួលស្គាល់កិច្ចព្រមព្រៀងកម្លាំងជើងទឹកអង់គ្លេស-អាល្លឺម៉ង់ និងកិច្ចព្រមព្រៀងមិនឈ្លានពានប៉ូឡូញ–អាល្លឺម៉ង់។[52]
ស្ថានភាពនៅអឺរ៉ុបគឺកាន់តែមានលក្ខណៈតានតឹងជាងមុនទៅទៀតនៅពេលដែលអាល្លឺម៉ង់បានត្រៀមតម្រៀបទ័ពវាយចូលព្រំដែនប្រទេសប៉ូឡូញ។ នៅថ្ងៃទី២៣ ខែសីហា កិច្ចចរចាស្តីពីសម្ព័ន្ធភាពយោធាត្រីភាគីរវាងអង់គ្លេស បារាំង និងសូវៀតបានប្រព្រឹត្តិធ្វើឡើងប៉ុន្តែពុំទាន់បានផលអ្វីទេ[53]ខណៈដែលអាល្លឺម៉ង់បានចុះលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយសូវៀត។[54] សន្ធិសញ្ញាមួយនេះអាចនឹងបន្សាបលទ្ធភាពនៃការប្រឆាំងរបស់សូវៀតលើការឈ្លានពានប្រទេសប៉ូឡូញដោយអាល្លឺម៉ង់ហើយសម្រាប់អាល្លឺម៉ង់វិញ វាគឺជារនាំងការពារមិនឱ្យអាល្លឺម៉ង់ប្រឈមនឹងសត្រូវពីពីរភូមិភាគ (កើតនិងលិច) ដូចកាលនៅក្នុងសង្គ្រាមលោកលើកទី១។ ក្រោយពីចុះលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយសូវៀតរួច ហ៊ីត្លែរបានបញ្ជាឱ្យផ្តើមការវាយលុកលើប្រទេសប៉ូឡូញប៉ុន្តែបន្ទាប់ពីដឹងឮថាអង់គ្លេសបានបញ្ចប់កាតិកសញ្ញាជំនួយជនុបត្ថម្ភជាមួយប៉ូឡូញហើយមូសូលីនីបានប្រកាសពីអព្យាក្រឹតភាពអ៊ីតាលីក្នុងការឈ្លានពាននេះ ហ៊ីត្លែរក៏បញ្ជាឱ្យពន្យារការវាយលុកវិញ។[55]
ដើម្បីចៀសវាងការផ្ទុះសង្គ្រាមឡើង អង់គ្លេសបានសំណូមពរឱ្យអាល្លឺម៉ង់ចូលដោះស្រាយបញ្ហាតាមមធ្យោបាយចរចាវិញ អាល្លឺម៉ង់ក៏យល់ព្រមហើយបានធ្វើសេចក្តីទាមទារទៅប៉ូឡូញប៉ុន្តែតាមការពិតហ៊ីត្លែរគឺមានបំណងចង់បន្សោយទំនាក់ទំនងជាមួយប៉ូឡូញតែប៉ុណ្ណោះ។[56] នៅថ្ងៃទី២៩ ខែសីហា ហ៊ីត្លែរបានទាមទារឱ្យរដ្ឋអំណាចប៉ូឡូញចុះមកទីក្រុងប៊ែរឡាំងជាបន្ទាន់ដើម្បីធ្វើការចរចាពីកិច្ចប្រគល់ទីក្រុងដានស្គ៍និងអនុញ្ញាតឱ្យមានប្រជាសិទ្ធិនៅលើទឹកដីខ្សែបន្ទាត់ប៉ូឡូញដើម្បីឱ្យជនជាតិអាល្លឺម៉ង់ភាគតិចនៅតំបន់នេះចូលរួមបោះឆ្នោតលើការបំបែកទឹកដី។[56] រដ្ឋអំណាចប៉ូឡូញបានបដិសេដទៅនឹងការទាមទាររបស់អាល្លឺម៉ង់ហើយក៏ត្រឡប់មកមាតុភូមិខ្លួនវិញរួចនៅយប់ថ្ងៃទី៣០–៣១ ខែសីហាមានកិច្ចប្រជុំប្រកបដោយភាពរំជើបរំជួលមួយដោយមានវត្តមានពីឯកអង្គរដ្ឋទូតអង់គ្លេសលោកនេវីល ហែនឌ័រសុន, ក្រោយកិច្ចប្រជុំបានបញ្ចប់ លោករីបិនត្រូបបានប្រកាសថាសេចក្តីទាមទាររបស់អាល្លឺម៉ង់គឺត្រូវបានបរទេសបដិសេដមិនទទួលយកនោះឡើយ។[57]
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានវាយចូលប្រទេសប៉ូឡូញបន្ទាប់ពីបង្កើតព្រឹត្តិការណ៍ព្រំដែនក្លែងក្លាយដើម្បីទុកយកជាលេសក្នុងការចូលឈ្លានពាន។[58] ការវាយលុកដំបូងបង្អស់របស់អាល្លឺម៉ង់ក្នុងសង្គ្រាមគឺបានប្រព្រឹត្តិទៅនៅតំបន់វេស្ទ័រផ្លាត៍។[59] ក្រោយពីដឹងឮអំពីការឈ្លានពានលើប្រទេសប៉ូឡូញ អង់គ្លេសបានបញ្ជូនឱសានវាទទៅអាល្លឺម៉ង់ទាមទារឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប៉ុន្តែឱសានវាទនោះត្រូវបានអាល្លឺម៉ង់រុញច្រានចោលហើយនៅថ្ងៃទី៣ ខែកញ្ញា បារាំង អង់គ្លេស និងសម្ព័ន្ធមិត្ត (មានដូចជា អូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងកាណាដា) បានប្រកាសសង្គ្រាមមកលើអាល្លឺម៉ង់។ ក្រុមសម្ព័ន្ធមិត្តមិនបានផ្តល់ការគាំទ្រយោធាផ្ទាល់ទៅកាន់ប្រទេសប៉ូឡូញនោះទេ សកម្មភាពក្រៅពីនេះមានតែការស៊ើបអង្កេតរបស់កងទាហានបារាំងនៅតំបន់សារ៍ឡង់ប៉ុណ្ណោះ។[60] សម្ព័ន្ធមិត្តខាងលិចបានផ្តើមការបិទផ្លូវសមុទ្រនៅជុំវិញប្រទេសអាល្លឺម៉ង់ក្នុងគោលបំណងពន្លាញសេដ្ឋកិច្ចអាល្លឺម៉ង់បូករួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់នៅក្នុងសង្គ្រាម។[61] អាល្លឺម៉ង់បានឆ្លើយតបទៅនឹងសកម្មភាពរបស់សម្ព័ន្ធមិត្តដោយបញ្ជូននាវាមុជទឹកចេញទៅប្រមាញ់រាល់នាវាពាណិជ្ជកម្មនិងនាវាចម្បាំងរបស់សម្ព័ន្ធមិត្ត គេបានសម្តៅលើសង្គ្រាមផ្លូវសមុទ្រនេះថាសមរភូមិអាត្លង់ទិក។[62]
នៅថ្ងៃទី៨ ខែកញ្ញា កងទ័ពអាល្លឺម៉ង់បានធ្វើដំណើរមកចូលជាយក្រុងវ៉ាសូរី។ កងទ័ពប៉ូឡូញបានខិតខំប្រឹងប្រែងទប់កម្លាំងអាល្លឺម៉ង់មិនឱ្យបន្តវាយចូលទីក្រុងបានរយៈពេលបីបួនថ្ងៃប៉ុន្តែជាចុងក្រោយ ទីក្រុងវ៉ាសូរីត្រូវបានឡោមព័ទ្ធដោយកម្លាំងវែរម៉ាកត៍។ កងទ័ពប៉ូឡូញដែលនៅសេសសល់បានវាយផ្តាច់កម្លាំងឡោមព័ទ្ធអាល្លឺម៉ង់រួចសម្រុកចូលទីក្រុងវ៉ាសូរីជាថ្មី។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៩ បន្ទាប់ពីបានចុះហត្ថលេខាលើបទឈប់បាញ់ជាមួយជប៉ុន សហភាពសូវៀតបានប្រមូលទ័ពវាយចូលទឹកដីខាងកើតប្រទេសប៉ូឡូញ[63]ក្រោមលេសថាអត្ថិភាពរដ្ឋប៉ូឡូញគឺលែងមានជាពហុលក្ខណៈ។[64] នៅថ្ងៃទី២៧ ខែកញ្ញា កងយោធភូមិទីក្រុងវ៉ាសូរីបានសុំទទួលចុះចាញ់ចំពោះកម្លាំងអាល្លឺម៉ង់ហើយនៅថ្ងៃទី៦ ខែតុលា អង្គភាពយោធាប៉ូឡូញដ៏ធំចុងក្រោយបង្អស់បានប្រកាសសុំទទួលចុះចាញ់។ ទោះបរាជ័យផ្នែកយោធាមែនប៉ុន្តែប្រជាជាតិប៉ូឡូញមិនងាយប្រគល់ខ្លួនឱ្យអាល្លឺម៉ង់ស្រួលៗនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនិរទេសប៉ូឡូញត្រូវបានបង្កើតឡើងហើយបរិធានរដ្ឋសម្ងាត់បានមានវត្តមាននៅក្នុងប្រទេសប៉ូឡូញដែលកាន់កាប់ដោយអាល្លឺម៉ង់។[65] កងទ័ពប៉ូឡូញខ្លះបាននាំគ្នារត់ចូលប្រទេសរ៉ូម៉ានីនិងរដ្ឋបាលទិកមួយចំនួនទៀតហើយពួកគេបានក្លាយជាទ័ពស្ម័គ្រចិត្តនៅលើរដ្ឋប្រទេសទាំងនោះប្រឆាំងនឹងការឈ្លានពានរបស់មហាអំណាចអ័ក្ស។[66]
អាល្លឺម៉ង់បានកាត់បញ្ចូលទឹកដីផ្នែកខាងលិចប្រទេសប៉ូឡូញជារបស់ខ្លួននិងបន្តកាន់កាប់ទឹកដីផ្នែកកណ្តាលខណៈដែលសហភាពសូវៀតបានកាត់យកទឹកដីផ្នែកខាងកើត, ទឹកដីប៉ូឡូញដែលនៅសល់បន្តិចបន្តួចត្រូវបានផ្ទេរទៅឱ្យប្រទេសលីទុយអានីនិងស្លូវ៉ាគី។ នៅថ្ងៃទី៦ ខែតុលា ហ៊ីត្លែរបានចេញសំណើសន្តិភាពជាសាធារណៈទៅអង់គ្លេសនិងបារាំងប៉ុន្តែក្នុងសំណើនោះគេបានថ្លែងថា អនាគតនៃប្រទេសប៉ូឡូញគឺនឹងត្រូវកំណត់ផ្តាច់មុខដោយអាល្លឺម៉ង់និងសហភាពសូវៀត។ សំណើនោះត្រូវបានបដិសេដដោយក្រុមសម្ព័ន្ធមិត្ត[57]ហើយបន្ទាប់មក ហ៊ីត្លែរបានបញ្ជាឱ្យផ្តើមការវាយប្រហារលើប្រទេសបារាំង[67]ប៉ុន្តែដោយសារអាកាសធាតុមិនអំណោយផល អាល្លឺម៉ង់ត្រូវពន្យារពេលវាយប្រហាររហូតដល់និទាឃរដូវនៃឆ្នាំ១៩៤០។[68][69][70]
សហភាពសូវៀតបានបង្ខំឱ្យប្រទេសបាលទិក (មានដូចជា លីទុយអានី ឡេតូនី និងអេស្តូនីដែលស្ថិតនៅក្នុង"ឥទ្ធិពលសហភាពសូវៀត"ក្រោមកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប) ឱ្យចុះហត្ថលេខាលើ"កតិកាសញ្ញាជំនួយជនុបត្ថម្ភ"ដែលនឹងកំណត់ទីតាំងឈរជើងរបស់កងទ័ពសូវៀតនៅក្នុងប្រទេសទាំងនោះ។ មិនយូរប៉ុន្មាន កងយោធាសូវៀតក៏ត្រូវផ្លាស់ទីទៅក្នុងប្រទេសទាំងបី។[71][72][73] ប្រទេសហ្វាំងឡង់បានបដិសេដមិនព្រមចុះលើកតិកាសញ្ញាជាមួយសូវៀតទេនិងថែមទាំងបដិសេដមិនព្រមប្រគល់ទឹកដីខ្លួនទៅឱ្យសូវៀតផងដែរ។ សហភាពសូវៀតបានវាយចូលប្រទេសហ្វាំងឡង់នៅខែវិច្ឆិកា ឆ្នាំ១៩៣៩[74] ហើយជាលទ្ធផល សូវៀតត្រូវបានបណ្តេញចេញពីអង្គការសង្គមប្រជាជាតិ។[75] ទោះជាសូវៀតមានចំនួនកម្លាំងទ័ពច្រើននិងអាវុធទំនើបៗច្រើនជាងហ្វាំងឡង់ក្តីប៉ុន្តែជ័យជម្នះយោធារបស់សូវៀតនៅក្នុងសង្គ្រាមគឺមានចំនួនតិចតួចណាស់។ សង្គ្រាមហ្វាំងឡង់-សូវៀតបានបញ្ចប់នៅខែមីនា ឆ្នាំ១៩៤០ ដោយទទួលសម្បទានបន្តិចបន្តួចប៉ុណ្ណោះពីហ្វាំងឡង់។[76]
នៅខែមិថុនា ឆ្នាំ១៩៤០ សហភាពសូវៀតបានកាត់ប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី[72] និងតំបន់មួយផ្នែកនៃប្រទេសរ៉ូម៉ានីបញ្ចូលជាទឹកដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចណាស៊ី–សូវៀត[77][78]បានឈានចូលសភាពជាប់គាំង[79][80]ហើយរដ្ឋទាំងពីរក៏ចាប់ផ្តើមត្រៀមខ្លួនធ្វើសង្គ្រាម។[81]
នៅខែមេសា ឆ្នាំ១៩៤០ អាល្លឺម៉ង់បានចូលឈ្លានពានប្រទេសដាណឺម៉ាកនិងន័រវែសក្នុងគោលបំណងការពារការនាំចេញនៃរ៉ែដែកពីប្រទេសស៊ុយអែតដែលក្រុមសម្ព័ន្ធមិត្តកំពុងព្យាយាមកាត់ផ្តាច់។[82] ដាណឺម៉ាកបានសុំទទួលចុះចាញ់ពីរបីម៉ោងក្រោយការឈ្លានពានខណៈន័រវែសត្រូវបានអាល្លឺម៉ង់កាន់កាប់ក្នុងរយៈពេលពីរខែទោះជាទទួលបានជំនួយពីសម្ព័ន្ធមិត្តក្តី។[83] អង់គ្លេសបានកើតការមិនពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានបរាជ័យនៅក្នុងយុទ្ធនាការការពារប្រទេសន័រវែសហើយជាលទ្ធផល លោកវីនស្តុន ឆឺឈីលត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃសហរាជាណាចក្រនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤០។[84]
នៅថ្ងៃដដែរនោះ អាល្លឺម៉ង់បានបើកការវាយប្រហារលើប្រទេសបារាំង។ ដើម្បីចៀសវាងខ្សែការពារម៉ាជីណូតនៅតាមព្រំដែនបារាំង-អាល្លឺម៉ង់ កងកម្លាំងអាល្លឺម៉ង់បានវាយសម្រុកចូលប្រទេសអព្យាក្រឹតមានដូចជា បែលស៊ិក ហុល្លង់ និងលុចសំបួររួចឆ្លងចូលបារាំង។[85] កម្លាំងអាល្លឺម៉ង់បានធ្វើសមយុទ្ធសង្ខាងបានយ៉ាងជោគជ័យនៅតំបន់អារដេន[86]ដែលកន្លងមកក្រុមសម្ព័ន្ធមិត្តបានគិតថាជាតំបន់ដែលមិនងាយឆ្លងកាត់បានព្រោះតែវត្តមានព្រៃឈើក្រាស់ៗនិងបណ្តុំភ្នំច្រើន។[87][88] បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រព្លីតស៍គ្រីក (សង្គ្រាមភ្លេកបន្ទោរ) ប្រកបដោយជោគជ័យ កងកម្លាំងវែរម៉ាកត៍បានឆ្ពោះបន្តទៅចក្រសមុទ្រអង់គ្លេស-បារាំងរួចបានកាត់ផ្តាច់កងកម្លាំងសម្ព័ន្ធមិត្តនៅបែលស៊ិក ហើយបានឡោមព័ទ្ធកងទ័ពសម្ព័ន្ធមិត្តមួយក្រុមនៅឯព្រំដែនបារាំង–បែលស៊ិក ក្បែរទីក្រុងលីល។ អង់គ្លេសបានជម្លៀសទ័ពសម្ព័ន្ធមិត្តមួយចំនួនចេញពីអឺរ៉ុបដីគោកបានដោយជោគជ័យនៅអំឡុងដើមខែមិថុនាតែខ្លួនត្រូវលះបង់ចោលនូវគ្រឿងបរិក្ខារប្រយុទ្ធជាច្រើននៅក្នុងដំណើរនេះ។[89]
នៅថ្ងៃទី១០ ខែមិថុនា អ៊ីតាលីបានប្រកាសសង្គ្រាមលើបារាំងនិងអង់គ្លេសរួចបានចូលឈ្លានពានប្រទេសបារាំង។[90] កងកម្លាំងអាល្លឺម៉ង់បានវាយតម្រង់មកទិសខាងត្បូងហើយបានត្រួតត្រាលើទីក្រុងប៉ារីសនៅថ្ងៃទី១៤ ខែធ្នូ។ ប្រាំបីថ្ងៃក្រោយមក បារាំងបានសម្រេចចុះហត្ថលេខាលើយុទ្ធសន្តិភាពជាមួយអាល្លឺម៉ង់ហើយជាលទ្ធផល ទឹកដីបារាំងនៅអឺរ៉ុបត្រូវបានចែកជាបីផ្នែកដោយមួយផ្នែកស្ថិតនៅក្រោមអាល្លឺម៉ង់ មួយផ្នែកទៀតស្ថិតនៅក្រោមអ៊ីតាលី[91] ហើយមួយផ្នែកចុងក្រោយគឺជារដ្ឋចំណុះដែលគេតែងស្គាល់ថាបារាំងវិចឈី (ស្ថានភាពនយោបាយរបស់រដ្ឋនេះបានចែងថាអព្យាក្រឹតមែនប៉ុន្តែជាទូទៅតែងផ្តល់ការគាំទ្រដល់អាល្លឺម៉ង់)។ បារាំងបានសម្រេចរក្សាកងនាវារបស់ខ្លួនប៉ុន្តែអង់គ្លេសបានធ្វើការវាយប្រហារលើកងនាវាទាំងនោះនៅថ្ងៃទី៣ ខែកក្កដាដោយខ្លាចថាអាល្លឺម៉ង់នឹងរឹបអូសយកនាវាទាំងនោះនាពេលអនាគត។[92]
នៅដើមខែកក្កដា អាល្លឺម៉ង់បានចាប់បើកការវាយប្រហារលើអង់គ្លេសតាមរយៈផ្លូវអាកាសដោយការទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចកំពង់ផែនៅលើទឹកដីអង់គ្លេស[93] គេបានសម្តៅលើព្រឹត្តិការណ៍នេះថា សមរភូមិប្រឺតាញ។[94] អង់គ្លេសបានបដិសេដនឹងសំណើសន្តិភាពរបស់ហ៊ីត្លែរ[95]ហើយជាលទ្ធផល អាល្លឺម៉ង់បានផ្តើមការវាយប្រហារលើអាកាសយានដ្ឋាននៃកងកម្លាំងជើងអាកាសនៃសហរាជាណាចក្រនៅអំឡុងខែសីហាប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមិនសូវទទួលបានផលអ្វីពីការវាយប្រហារទាំងអស់នេះ អាល្លឺម៉ង់ក៏សម្រេចពន្យារផែនការឈ្លានពានប្រទេសអង់គ្លេស។ ការវាយប្រហារខ្នាតតូចមកលើអង់គ្លេសនូវតែបន្តដោយគេឃើញមានការទម្លាក់គ្រាប់បែកមកលើរាជធានីឡុងដ៍និងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អង់គ្លេស។ អាល្លឺម៉ង់ធ្វើបែបនេះគឺក្នុងគោលបំណងចង់បំភ័យបំបាក់ស្មារតីប្រយុទ្ធចម្បាំងរបស់ប្រជាជាតិអង់គ្លេស[93]ប៉ុន្តែទោះជាយ៉ាងណា អង់គ្លេសនូវតែបន្តខិតខំប្រឹងប្រែងការពារនិងប្រឆាំងនឹងអាល្លឺម៉ង់វិញហើយយុទ្ធនាការផ្លូវអាកាសអាល្លឺម៉ង់ត្រូវបានបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ១៩៤១។[96]
ក្រោយពីបានដៃគ្រប់គ្រងលើកំពង់ផែនិងនាវារបស់បារាំង ឥទ្ធិពលនៃកម្លាំងជើងទឹកអាល្លឺម៉ង់បានកើនឡើងលើសអង់គ្លេសទៅទៀត។ មិនតែប៉ុណ្ណោះ នៅឯមហាសមុទ្រអាត្លង់ទិក អាល្លឺម៉ង់បានប្រើប្រាស់នាវាមុជទឹកបាញ់ពន្លេចនាវានិងទូកសម្ព័ន្ធមិត្តអស់រាប់រយគ្រឿង។[97] នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៤១ មហានាវាចម្បាំងមួយគ្រឿងរបស់អាល្លឺម៉ង់ឈ្មោះប៊ីស៍ម៉ាក់ត្រូវបានបាញ់ពន្លេចដោយកម្លាំងជើងទឹកអង់គ្លេស។[98]
នៅខែវិច្ឆិកា ឆ្នាំ១៩៣៩ សហរដ្ឋអាមេរិកបានចាត់វិធានការផ្តល់ជំនួយដល់ចិននិងសម្ព័ន្ធមិត្តលោកខាងលិចនិងបានធ្វើវិសោធនកម្មច្បាប់អព្យាក្រឹតភាពដើម្បីផ្តល់ជំនួយជាសាច់ប្រាក់និងអាវុធដល់សម្ព័ន្ធមិត្ត។[99] បន្ទាប់ពីអាល្លឺម៉ង់បានកាន់កាប់ទីក្រុងប៉ារីសនៅឆ្នាំ១៩៤០ ទំហំនៃកងកម្លាំងជើងទឹកអាមេរិកបានកំពុងតែកើនឡើងជាលំដាប់។ នៅខែកញ្ញា អាមេរិកបានធ្វើសេចក្តីព្រមព្រៀងដោះដូរយកមូលដ្ឋានយោធាអង់គ្លេសហើយជាថ្នូរ ខ្លួននឹងផ្តល់នាវាចម្បាំងមួយចំនួនឱ្យអង់គ្លេស។[100] នៅឆ្នាំ១៩៤១ ប្រជាជនអាមេរិកាំងភាគច្រើនបាននាំគ្នាប្រឆាំងនឹងការចូលរួមធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមលោកមួយនេះ។[101] ក្នុងខែធ្នូ ឆ្នាំ១៩៤០ ប្រធានាធិបតីអាមេរិកលោករ៉ូសឺវេលត៍បានចោតប្រកាន់ហ៊ីត្លែរថាមានផែនការគ្រប់គ្រងពិភពលោកនិងបានច្រានចោលរាល់កិច្ចចរចាទាំងប៉ុន្មានជាមួយអាល្លឺម៉ង់ថាគ្មានប្រយោជន៍ហើយអំពាវនាវឱ្យសហរដ្ឋអាមេរិកក្លាយជា"ឃ្លាំងអាវុធនៃលទ្ធិប្រជាធិបតេយ្យ" និងជំរុញកម្មវិធីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេសនិងសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាម។[95] ក្នុងពេលដំណើរគ្នានេះដែរ អាមេរិកបានរៀបចំផែនការតតាំងប្រឆាំងនឹងអាល្លឺម៉ង់។[102]
នៅចុងខែកញ្ញា ឆ្នាំ១៩៤០ កតិកាសញ្ញាត្រីភាគីរវាងអាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលីត្រូវបានចុះដែលបង្កើតបានជាសម្ព័ន្ធភាពមហាអំណាចអ័ក្ស។ កតិកាសញ្ញាមួយនេះបានកំណត់ថា បើប្រទេសណាហ៊ានធ្វើការវាយលុកលើប្រជាជាតិអ័ក្សមួយ មហាអំណាចអ័ក្សទាំងបីនឹងត្រូវប្រកាសសង្គ្រាមមកលើប្រទេសមួយនោះ។[103] នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤០ ប្រទេសហុងគ្រី ស្លូវ៉ាគី និងរ៉ូម៉ានីបានសម្រេចចូលរួមក្នុងសម្ព័ន្ធភាពមហាអំណាចអ័ក្ស។[104]
នៅដើមខែមិថុនា ឆ្នាំ១៩៤០ កងកម្លាំងជើងអាកាសអ៊ីតាលី (Regia Aeronautica) បានបើកការវាយប្រហារនិងធ្វើការឡោមព័ទ្ធជុំវិញកោះម៉ាល់តា ដែលជាទឹកដីក្រៅស្រុករបស់អង់គ្លេសស្ថិតនៅសមុទ្រមេឌីទែរ៉ានេ។ ចាប់ពីចុងនិទាឃរដូវរហូតដល់ដើមសរទរដូវ អ៊ីតាលីបានចូលកាន់កាប់ទឹកដីសូម៉ាលីឡង់របស់អង់គ្លេសនិងថែមទាំងធ្វើការវាយលុកចូលទឹកដីអេស៊ីប–អង់គ្លេសទៀតផង។ នៅខែតុលា អ៊ីតាលីបានធ្វើការឈ្លានពានប្រទេសក្រិកប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីបានបាត់បង់កងកម្លាំងខ្លួនជាច្រើននៅក្នុងសង្គ្រាម។ យុទ្ធនាការនេះបានបញ្ចប់ត្រឹមរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះដោយមានបម្លាស់ប្តូរទឹកដីយ៉ាងតិចតួចបំផុតរវាងក្រិកនិងអ៊ីតាលី។[105] ដោយឃើញដូច្នេះ អាល្លឺម៉ង់ក៏បានត្រៀមខ្លួនលូកដៃចូលក្នុងតំបន់បាល់កង់ដណ្តើមជួយអ៊ីតាលីដោយមានទិសដៅត្រួតត្រាតំបន់នោះមុនអង់គ្លេសនិងសម្ព័ន្ធមិត្ត។[106]
នៅខែធ្នូ ឆ្នាំ១៩៤០ អង់គ្លេសបានបើកការវាយប្រឆាំងវិញនឹងកងកម្លាំងអ៊ីតាលីនៅតំបន់អេស៊ីបនិងនៅអាហ្វ្រិកខាងកើត។[107] សកម្មភាពវាយតបប្រឆាំងរបស់អង់គ្លេសបានទទួលលទ្ធផលជោគជ័យខ្ពស់ គិតត្រឹមខែកុម្ភៈ ឆ្នាំ១៩៤១ អ៊ីតាលីបានបាត់បង់ការត្រួតត្រារបស់ខ្លួននៅទឹកដីភាគខាងលិចលីប៊ីហើយទ័ពខ្លួនមួយក្រុមធំត្រូវបានសម្ព័ន្ធមិត្តចាប់ជាឈ្លើយសឹក។ ចំណែកឯផ្លូវទឹកនិងសមុទ្រវិញ អ៊ីតាលីបានបាត់បង់នាវាចម្បាំងជាច្រើនទៅកងកម្លាំងជើងទឹកអង់គ្លេស។[108]
ការបរាជ័យរបស់អ៊ីតាលីបាននាំឱ្យអាល្លឺម៉ង់បញ្ជូនកងកម្លាំងបេសនកម្មយោធាទៅកាន់តំបន់អាហ្វ្រិកខាងជើងហើយដល់ចុងខែមីនា កងកម្លាំងអាល្លឺម៉ង់បានរុញច្រានកម្លាំងសម្ព័ន្ធមិត្តចេញពីវាលរហោឋានអាហ្វ្រិកខាងជើង។[109] នៅក្រោមតែមួយខែប៉ុណ្ណោះ កងកម្លាំងអ័ក្សបានធ្វើដំណើរមកដល់អេស៊ីបខាងលិចនិងបានធ្វើការឡោមព័ទ្ធកំពង់ផែតូព្រូក។[110]
នៅចុងខែមីនា ឆ្នាំ១៩៤១ ប៊ុលការីនិងយូហ្គោស្លាវីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី (ពោលគឺចូលជាមួយមហាអំណាចអ័ក្ស) ប៉ុន្តែរដ្ឋាភិបាលយូហ្គោស្លាវត្រូវបានអ្នកជាតិនិយមផ្តួលរលំពីរថ្ងៃក្រោយការចុះហត្ថលេខា។ ដូច្នេះហើយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១ អាល្លឺម៉ង់បានធ្វើការឈ្លានពានចូលទៅក្នុងប្រទេសយូហ្គោស្លាវីរួចបន្តចូលក្រិក ប៉ុន្មានខែក្រោយមក ប្រទេសទាំងពីរបានសុំទទួលចុះចាញ់អាល្លឺម៉ង់។[111] ដោយឃើញថាប្រជាជាតិខ្លួនត្រូវបានផ្តួលរលំក្នុងរយៈពេលតិចជាងមួយខែ អ្នកនយោបាយនិងបក្សពួកយូហ្គោស្លាវជាច្រើនបានកើតការខឹងសម្បារយ៉ាងខ្លាំងហើយបាននាំគ្នាចាប់កាន់អាវុធប្រឆាំងនឹងការត្រួតត្រារបស់អាល្លឺម៉ង់រហូតដល់ថ្ងៃចប់សង្គ្រាមលោក។[111]
នៅអំឡុងខែឧសភា នៅតំបន់បស្ចឹមបូព៌ាមានកុបកម្មមួយផ្ទុះឡើងនៅប្រទេសអ៊ីរ៉ាក់ដែលគាំទ្រដោយអាល្លឺម៉ង់ប៉ុន្តែវាត្រូវបានបង្ក្រាបវិញដោយកម្លាំងសម្ព័ន្ធមិត្ត។[112] នៅចន្លោះខែមិថុនាដល់កក្កដា កម្លាំងសម្ព័ន្ធមិត្តបានធ្វើការលុកលុយចូលទឹកដីស៊ីរីនិងលីបង់ដែលស្ថិតនៅក្រោមការត្រួតត្រារបស់បារាំងវីចឈី។[113]
នៅដើមសង្គ្រាម ស្ថានភាពនៅអឺរ៉ុបនិងអាស៊ីគឺនូវមានស្ថេរភាពនៅឡើយហើយវាក៏ជាពេលដែលសូវៀត ជប៉ុន និងអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ភ្លើងសង្គ្រាមនាពេលឆាប់ៗនេះផងដែរ។ សូវៀតបានកើតការព្រួយបារម្ភនឹងទំនាក់ទំនងខ្លួននឹងអាល្លឺម៉ង់ រីឯជប៉ុនវិញគឺមានគម្រោងចូលគ្រប់គ្រងទឹកដីអាណានិគមលោកខាងលិចនៅអាស៊ីអាគ្នេយ៍ ដូច្នេះ មហាអំណាចទាំងពីរក៏បានចុះហត្ថលេខាលើកតិកាសញ្ញាអព្យាក្រឹតភាពជប៉ុន–សូវៀតក្នុងខែមេសា ឆ្នាំ១៩៤១។[114] ចំណែកឯអាល្លឺម៉ង់ម្ខាងទៀតបានកំពុងប្រមូលទ័ពបញ្ជូនទៅតាមព្រំដែនសូវៀតត្រៀមការលុកលុយ។[115]
ហ៊ីត្លែរជឿថាហេតុដែលអង់គ្លេសមិនព្រមបញ្ចប់សង្គ្រាមនេះគឺព្រោះតែអង់គ្លេសមានក្តីសង្ឃឹមថាសហរដ្ឋអាមេរិកហើយសហភាពសូវៀតនឹងសម្រេចចិត្តចូលរួមក្នុងសង្គ្រាមប្រឆាំងអាល្លឺម៉ង់ក្នុងរយៈពេលឆាប់ៗនេះ។[116] ដូច្នេះ ហ៊ីត្លែរបានខិតខំពង្រឹងមិត្តភាពនិងទំនាក់ទំនងរវាងអាល្លឺម៉ង់និងសូវៀតប៉ុន្តែបើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនត្រូវបរាជ័យនុះ អាល្លឺម៉ង់នឹងត្រៀមទ័ពវាយប្រហារនិងត្រួតត្រាសូវៀតជារដ្ឋចំណុះ។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ កិច្ចចរចាមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីកំណត់ថា'តើសូវៀតព្រមចូលរួមក្នុងកតិកាសញ្ញាត្រីភាគីឬអត់?'។ សូវៀតបានបង្ហាញចំណាប់អារម្មណ៍ខ្លះៗប៉ុន្តែខ្លួនបានដាក់លក្ខខណ្ឌមួយថា បើអាល្លឺម៉ង់ចង់ឱ្យសូវៀតចុះចូលជាមួយខ្លួននោះលុះត្រាតែសូវៀតបានក្លាយជាម្ចាស់កម្មសឹទ្ធិនៃទឹកដីប្រទេសហ្វាំងឡង់ ប៊ុលការី តួកគី ហើយនិងជប៉ុនជាមុនសិន។ បន្ទាប់ពីឮពីលក្ខខណ្ឌរបស់សូវៀតភ្លាម អាល្លឺម៉ង់បានសម្រេចចិត្តភ្លែតថាខ្លួនមិនអាចទទួលយកលក្ខខណ្ឌរបស់សូវៀតបានទេ។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៤០ លោកហ៊ីត្លែរបានចេញសេចក្តីបង្គាប់ឱ្យមន្ត្រីយោធាខ្លួនត្រៀមទ័ពសម្រាប់ធ្វើការឈ្លានពានសហភាពសូវៀត។[117]
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ ប្រទេសអាល្លឺម៉ង់ដែលទទួលបានការគាំទ្រពីអ៊ីតាលីនិងរ៉ូម៉ានីបានបើកសមរភូមិចូលឈ្លានពានសហភាពសូវៀត ពួកគេបានដាក់ឈ្មោះការឈ្លានពាននេះថាប្រតិបត្តិការបាបារ៉ូសា។ មិនយូរប៉ុន្មាន ប្រទេសហ្វាំងឡង់និងហុងគ្រីក៏បានសម្រេចចិត្តចូលលុកលុយសហភាពសូវៀតជាមួយមហាអំណាចអ័ក្ស។[118] គោលដៅរបស់ហ៊ីត្លែរនៅក្នុងប្រតិបត្តិការនេះគឺចង់លុបឈ្មោះសហភាពសូវៀតចេញពីបញ្ជីមហាអំណាចយោធា លុបបំបាត់លទ្ធិកុម្មុយនិស្ត អនុវត្តលទ្ធិលីប៊ិនស្រោម (ប្រែមកថា"កន្លែងរស់នៅ")[119] ដោយការលុបអត្តសញ្ញាណប្រជាជនក្នុងស្រុក និងគ្រប់គ្រងលើធនធានក្នុងទឹកដីថ្មីដែលជាតម្រូវការចម្បងដើម្បីកម្ចាត់គូប្រជែងដែលនៅសេសសល់របស់អាល្លឺម៉ង់។[120]
នៅមុនសង្គ្រាម កងទ័ពក្រហមសូវៀតបានត្រៀមខ្លួនសម្រាប់យុទ្ធសាស្ត្រប្រយុទ្ធវាយអាល្លឺម៉ង់[121]ប៉ុន្តែប្រតិបត្តិការបាបារ៉ូសាបានបង្ខំឱ្យមេបញ្ជាការកំពូលសូវៀតផ្លាស់ប្តូរពីយុទ្ធសាស្ត្រប្រយុទ្ធមកយុទ្ធសាស្ត្រការពារវិញ។ នៅអំឡុងនិទាឃរដូវ កងកម្លាំងអ័ក្សបានចូលត្រួតត្រាទឹកដីសូវៀតបានមួយភាគធំដែលជាហេតុបង្កឱ្យពួកគេខាតបង់ច្រើនទាំងកម្លាំងនិងសម្ភារៈប្រយុទ្ធ។ នៅពាក់កណ្តាលខែសីហា ឧត្តមមេបញ្ជាការអាល្លឺម៉ង់បានសម្រេចចិត្តបញ្ជាឱ្យក្រុមកងទ័ពកណ្តាលផ្អាកការវាយលុកបន្តព្រោះតែពួកគេកំពុងខ្វះខាតកម្លាំងហើយបានបង្វែរកងកម្លាំងក្រុមរថក្រោះទីពីរទៅជួយកងទ័ពដែលកំពុងធ្វើការរុញច្រានទៅទឹកដីភាគកណ្តាលនៃរដ្ឋអ៊ុយក្រែននិងទីក្រុងលេនីនក្រាដ។[122] ការប្រយុទ្ធនៅគៀវបានផ្តល់លទ្ធផលជោគជ័យឱ្យខាងអាល្លឺម៉ង់ដោយក្នុងនោះ កងកម្លាំងអាល្លឺម៉ង់បានឡោមព័ទ្ធនិងកម្ចាត់ចោលនូវក្រុមកងទ័ពសូវៀតចំនួនបួន, លើសពីនេះទៅទៀតនោះ វាបានបើកផ្លូវឱ្យអាល្លឺម៉ង់សម្រុកចូលទៅកាន់តំបន់គ្រីមៀនិងតំបន់ឧស្សាហកម្មអ៊ុយក្រែនខាងកើត។[123]
នៅខែកក្កដា សហភាពសូវៀតនិងសហរាជាណាចក្របានរួមគ្នាបង្កើតសម្ព័ន្ធភាពយោធាប្រឆាំងនឹងអាល្លឺម៉ង់[124] ហើយនៅខែសីហា អង់គ្លេសនិងអាមេរិកបានចេញនូវធម្មនុញ្ញអាត្លង់ទិកដែលបានគូសបញ្ជាក់ពីគោលដៅរបស់អង់គ្លេសនិងអាមេរិកសម្រាប់ពិភពលោកនៅក្រោយសង្គ្រាម។[125] នៅចុងខែសីហា អង់គ្លេសនិងសូវៀតបានចូលឈ្លានពានប្រទេសអ៊ីរ៉ង់ដើម្បីកាន់កាប់ខ្សែបន្ទាត់ពែរ្ស (ផ្លូវផ្គត់ផ្គង់ឬផ្លូវជំនួយរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២) តំបន់ឧស្សាហកម្មប្រេង និងការពារមិនឱ្យកម្លាំងអ័ក្សបន្តវាយចូលទៅកាន់តំបន់ប្រេងបាគូនិងប្រទេសឥណ្ឌាតាមរយៈប្រទេសអ៊ីរ៉ង់។[126]
ត្រឹមខែតុលា អាល្លឺម៉ង់បានសម្រេចគោលដៅកាន់កាប់តំបន់បាលទិកនិងអ៊ុយក្រែនដោយនៅសល់តែទីក្រុងលេនីនក្រាដ[127]និងស្តេវ៉ាស្តូប៉ូល[128]នោះទេដែលមិនទាន់បានកាន់កាប់។ ការវាយលុកលើរដ្ឋធានីម៉ូស្គូបានធ្វើឡើងសារជាថ្មីក្រោយពីបានប្រយុទ្ធតតាំងគ្នាអស់រយៈពេលជាងពីរខែក្នុងអាកាសធាតុដ៏ត្រជាក់។ កងទ័ពអាល្លឺម៉ង់បានធ្វើដំណើរជិតដល់ជាយក្រុងម៉ូស្គូទៅហើយប៉ុន្តែដោយសារតែពួកគេនឿយហត់ពេក[129]ទើបការបន្តវាយប្រហារត្រូវបានផ្អាក។[130] អាល្លឺម៉ង់បានក្តោបកាន់កាប់ទឹកដីសូវៀតខាងកើតបានមួយភាគធំមែនប៉ុន្តែគោលដៅចម្បងក្នុងយុទ្ធនាការរបស់ពួកគេកំពុងតែទទួលបរាជ័យព្រោះថាទីក្រុងសំខាន់ៗចំនួនពីរគឺកំពុងស្ថិតនៅក្នុងដៃសូវៀតនៅឡើយ ម្យ៉ាងវិញទៀតកិច្ចខិតខំប្រឹងប្រែងរបស់សូវៀតនៅក្នុងសង្គ្រាមគឺមិនទាន់អស់នោះទេ ហើយកម្លាំងយោធាសូវៀតគឺនូវមានសក្តានុភាពនូវឡើយ។[131]
គិតត្រឹមដើមខែធ្នូ កងទ័ពបម្រុងដែលទើបតែមកដល់ថ្មីរបស់សូវៀត[132]បានធ្វើឱ្យចំនួនកម្លាំងទ័ពសរុបពួកគេមានសមភាពនឹងចំនួនកម្លាំងអ័ក្ស។[133] ទាំងនេះបូករួមនឹងទិន្នន័យស៊ើបការណ៍សម្ងាត់បានធ្វើឱ្យសូវៀតចាត់ចំនួនទ័ពគ្រប់គ្រាន់នៅតំបន់ភាគខាងកើតដើម្បីរារាំងការឈ្លានពានណាមួយដោយកងទ័ពក្វានតុងរបស់ជប៉ុន[134] ម្យ៉ាងទៀតវាអនុញ្ញាតឱ្យសូវៀតផ្តើមការវាយបកដ៏ធំមួយនៅថ្ងៃទី៥ ខែធ្នូនៅតាមបណ្តោយជួរប្រយុទ្ធទាំងគ្រប់ជ្រុងនិងបានរុញច្រានកងទ័ពអាល្លឺម៉ង់ពី ១០០–២៥០ គីឡូម៉ែត្រចេញពីទឹកដីខ្លួន។[135]
ទំនាក់ទំនងរវាងជប៉ុននិងអាមេរិកបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងបន្ទាប់ពីជប៉ុនបានបង្កើតឧប្បត្តិហេតុក្លែងក្លាយមួយនៅក្នុងឆ្នាំ១៩៣១ ដើម្បីជាលេសចូលឈ្លានពានប្រទេសចិនបូករួមទាំងការបាញ់ពន្លិចនាវាចម្បាំងធុនតូចមួយគ្រឿងរបស់អាមេរិកដោយជប៉ុនក្នុងឆ្នាំ១៩៣៧ និងព្រឹត្តិការណ៍សម្លាប់រង្គាលនៅទីក្រុងណានជិងនៅចន្លោះឆ្នាំ១៩៣៧–៣៨។ នៅក្នុងឆ្នាំ១៩៣៩ សហរដ្ឋអាមេរិកបានប្រកាសប្រាប់ជប៉ុនថាខ្លួននឹងមិនបន្តធ្វើវឌ្ឍកម្មសន្ធិសញ្ញាពាណិជ្ជកម្មតទៀតឡើយហើយសាធារណជនអាមេរិកាំងក៏បាននាំគ្នាងើបប្រឆាំងនឹងវិសាលភាពឥទ្ធិពលនិងទឹកដីរបស់ជប៉ុនជាបណ្តើរៗដែលជាហេតុនាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក ការបង្កើតច្បាប់កំណត់ផលិតផលនាំចេញទៅប្រទេសជប៉ុន (រដ្ឋាភិបាលអាមេរិកបានហាមឃាត់ការនាំចេញនូវសារធាតុគីមី រ៉ែ និងគ្រឿងយោធាក្នុងគោលបំណង់ពង្រឹងសម្ពាធសេដ្ឋកិច្ចចំពោះជប៉ុន)។[95][136][137] នៅក្នុងឆ្នាំ១៩៣៩ ជប៉ុនបានបើកការវាយប្រហារដំបូងរបស់ខ្លួនមកលើទីក្រុងដ៏សំខាន់មួយរបស់ចិនឈ្មោះឆាងសាប៉ុន្តែបានទទួលបរាជ័យនៅអំឡុងខែកញ្ញា។[138] ត្រឹមឆ្នាំ១៩៤០ សង្គ្រាមរវាងចិននិងជប៉ុនបានឈានចូលដល់ស្ថានភាពជាប់គាំង (ពោលគឺគ្មានអ្នកឈ្នះគ្មានអ្នកចាញ់)។ ដើម្បីបង្កើនសម្ពាធបន្ថែមលើប្រទេសចិន ជប៉ុនបានកាត់ផ្តាច់ផ្លូវជំនួញនិងផ្លូវផ្គត់ផ្គង់ហើយដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយលោកខាងលិចនាពេលខាងមុខនេះ ជប៉ុនបានលើកទ័ពចូលឈ្លានពានឥណ្ឌូចិនហើយបានកាន់កាប់តំបន់ភាគខាងជើងនៃឧបទ្វីបនេះក្នុងខែកញ្ញា ឆ្នាំ១៩៤០។[139]
កងកម្លាំងជាតិនិយមចិនបានបើកការវាយលុកដ៏ធំមួយប្រឆាំងនឹងជប៉ុននៅដើមឆ្នាំ១៩៤០។ នៅខែសីហា កម្លាំងកុម្មុយនិស្តចិនបានបើកការវាយលុកប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុននៅក្នុងទឹកដីភាគកណ្តាល។ ជាការសងសឹកវិញ ជប៉ុនបានចាត់វិធានការជ្រុលនិយមមួយនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ដោយប្រើវិធីសាស្ត្រឃោរឃៅគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយធនធានមនុស្សនិងសម្ភារៈនៅក្នុងតំបន់នោះ។[140] វិសមានចិត្តរវាងកងកម្លាំងកុម្មុយនិស្តនិងកងកម្លាំងជាតិនិយមចិនបានឈានមកដល់ការប៉ះទង្គិចប្រដាប់អាវុធនៅអំឡុងខែមករា ឆ្នាំ១៩៤១ ហើយកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរក៏បានបញ្ចប់។[141] នៅខែកញ្ញា ជប៉ុនបានព្យាយាមចូលត្រួតត្រាទីក្រុងឆាងសាម្តងទៀតដោយបានប៉ះទង្គិចគ្នាជាមួយកងទ័ពជាតិនិយមចិន។[142]
ជ័យជម្នះជាប់ៗគ្នារបស់អាល្លឺម៉ង់នៅឯភាគអឺរ៉ុបបានជម្រុញឱ្យជប៉ុនបង្កើនសម្ពាធបន្ថែមលើរដ្ឋាភិបាលលោកខាងលិចនៅភូមិភាគអាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលហុល្លង់បានយល់ព្រមផ្តល់របបផ្គត់ផ្គង់ជារ៉ែប្រេងកាតទៅឱ្យជប៉ុនតាមរយៈទឹកអាណានិគមឥណ្ឌីខាងកើតហុល្លង់ ប៉ុន្តែកិច្ចចរចាដោយសន្តិវិធីរវាងរដ្ឋទាំងពីរបានឈានចូលដល់ទីបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៤១។[143] នៅខែកក្កដា ឆ្នាំ១៩៤១ ជប៉ុនបានបញ្ជូនទ័ពមកភាគខាងត្បូងនៃអនុតំបន់អាស៊ីអាគ្នេយ៍ដែលគេបានចាត់ទុកថាជាសកម្មភាពគំរាមកំហែលលើកម្មសិទ្ធិទឹកដីអាណានិគមរបស់អង់គ្លេសនិងហុល្លង់នៅក្នុងតំបន់។ សហរដ្ឋអាមេរិក អង់គ្លេស និងរដ្ឋាភិបាលលោកខាងលិចដទៃទៀតបានឆ្លើយតបនឹងទង្វើមួយនេះដោយបញ្ឈប់ដំណើរការពាណិជ្ជកម្មជាមួយជប៉ុនមានដូចជាហាមឃាត់ការនាំចេញនូវរ៉ែប្រេងកាតជាដើម។[144][145] ក្នុងពេលជាមួយគ្នានេះដែរ ជប៉ុនបានរៀបចំផែនការចូលឈ្លានពានទឹកដីចុងបូព៌ារបស់សូវៀតខណៈដែលសូវៀតកំពុងជាប់ប្រយុទ្ធជាមួយអាល្លឺម៉ង់នៅឯទិសបស្ចឹមប៉ុន្តែជប៉ុនបានលះបង់ផែនការនេះចោលបន្ទាប់ពីដឹងឮថារដ្ឋលោកខាងលិចបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើខ្លួន។[146]
ចាប់តាំងពីឆ្នាំ១៩៤១ មក អាមេរិកនិងជប៉ុនបានធ្វើកិច្ចចរចាជាមួយគ្នាជាច្រើនលើកច្រើនសារក្នុងគោលបំណងចង់ស្រោចស្រង់ទំនាក់ទំនងដ៏តានតឹងរបស់ពួកគេនិងបញ្ចប់សង្គ្រាមនៅឯប្រទេសចិន។ នៅក្នុងកិច្ចចរចាទាំងនោះ ជប៉ុនបានដាក់សំណើជាច្រើនដែលអាមេរិកបានចាត់ទុកថាមិនមានលក្ខណៈសមស្រប។[147] នៅក្នុងដំណើរជាមួយគ្នានេះ អាមេរិក អង់គ្លេស និងហុល្លង់បានផ្តើមការពិភាក្សាគ្នាជាសម្ងាត់អំពីការរួបរួមគ្នាការពារទឹកដីរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ក្នុងករណីដែលជប៉ុនផ្តើមការវាយប្រហារ។[148] ប្រធានាធិបតីអាមេរិកលោករ៉ូសឺវេលត៍បានពង្រឹងវិស័យយោធានៅប្រទេសហ្វីលីពីន (ក្រោមអាណាព្យាបាលភាពអាមេរិក) ហើយបានព្រមានជប៉ុនថាអាមេរិកនឹងចេញធ្វើសកម្មភាពប្រសិនបើជប៉ុនហ៊ានបើកការវាយប្រហារលើ"ប្រទេសជិតខាង"ណាមួយ។[148]
កង្វះនៃវឌ្ឍភាពឥទ្ធិពលនិងទឹកដីរួមជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយអាមេរិក–អង់គ្លេស–ហុល្លង់ បានជម្រុញឱ្យជប៉ុនត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងលោកខាងលិច។ នៅថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកហ៊ីដេគិ តូចូបានស្នើសំណើសន្តិភាពជាងលើកចុងក្រោយទៅប្រទេសលោកខាងលិច។ នៅក្នុងសំណើនេះ ជប៉ុនបានអំពាវនាវឱ្យអាមេរិកឈប់ផ្តល់ជំនួយដល់ប្រទេសចិននិងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីលើជប៉ុន។ ជាថ្នូរ ជប៉ុនបានសន្យាថានឹងមិនធ្វើការឈ្លានពានចូលតំបន់អាស៊ីអាគ្នេយ៍ទេហើយនឹងដកទ័ពរបស់ខ្លួនទាំងប៉ុន្មានចេញពីតំបន់ភាគខាងត្បូងនៃឥណ្ឌូចិនទាំងអស់។[147] អាមេរិកបានចេញសំណើប្រឆាំងវិញនៅថ្ងៃទី២៦ ខែវិច្ឆិកាដែលតម្រូវឱ្យជប៉ុនដងទ័ពរបស់ខ្លួនចេញពីទឹកដីប្រទេសចិនដោយគ្មានលក្ខខណ្ឌ និងកំណត់កិច្ចព្រមព្រៀងមិនឈ្លានពានជាមួយមហាអំណាចប៉ាស៊ីហ្វិកទាំងអស់។[149] នេះមានន័យថា ជប៉ុនត្រូវបង្ខំចិត្តជ្រើសយកជម្រើសពីរ៖ ទីមួយគឺត្រូវបង្ខំខ្លួនលះបង់យុទ្ធនាការទាំងប៉ុន្មាននៅប្រទេសចិន និងទីពីរគឺត្រូវចូលឈ្លានពានទឹកដីឥណ្ឌីខាងកើតហុល្លង់ដើម្បីកាន់កាប់ធនធានធម្មជាតិដែលខ្លួនត្រូវការសម្រាប់បន្តសង្គ្រាម។[150][151] យោធាជប៉ុនបានបដិសេដនឹងសំណើរបស់អាមេរិកហើយមន្ត្រីជប៉ុនជាច្រើនរូបបានគិតថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកគឺជាសញ្ញាប្រកាសសង្គ្រាម។[152]
ផែនការរបស់ជប៉ុននៅក្នុងសង្គ្រាមថ្មីនេះគឺ ចូលឈ្លានពាននិងកាន់កាប់ទឹកដីអាណានិគមអឺរ៉ុបទាំងប៉ុន្មាននៅទ្វីបអាស៊ីក្នុងរយៈពេលដ៏ខ្លីបំផុតដើម្បីបង្កើតចេញជាមូលដ្ឋានការពារដ៏ធំមួយ។ ពេលនោះជប៉ុននឹងអាចទាញយកធនធានផ្សេងៗនៅអាស៊ីអាគ្នេយ៍ដោយសេរីខណៈដែលខ្លួនប្រើប្រាស់យុទ្ធសាស្ត្រការពារក្នុងគោលបំណងបំផ្លាញកម្លាំងសម្ព័ន្ធមិត្តបន្តិចម្តងៗ។[153][154] ដើម្បីទប់ស្កាត់ការចូលធ្វើអន្តរាគមន៍ពីអាមេរិកនៅពេលដែលខ្លួនកំពុងពង្រីកឥទ្ធិពលនិងទឹកដីនៅអាស៊ី ជប៉ុនបានចេញផែនការបន្ថែមមួយទៀតដោយដំបូង ជប៉ុននឹងធ្វើការវាយកម្ទេចកងនាវាចរអាមេរិកប៉ាស៊ីហ្វិកនិងវត្តមានយោធាអាមេរិកនៅលើទឹកដីប្រទេសហ្វីលីពីន។[155] នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៤១ (៨ វិច្ឆិកានៅតំបន់ម៉ោងអាស៊ី) ជប៉ុនបានបើកការវាយប្រហារលើទឹកដីអង់គ្លេសនិងអាមេរិកនៅតាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកកណ្តាល។[156] ការវាយប្រហារទាំងនោះគឺធ្វើមកលើកំពង់ផែភើលហារប៊័រ ប្រទេសហ្វីលីពីន កោះក្វាម កោះវេក តំបន់ម៉ាឡាកា ប្រទេសថៃ និងទីក្រុងហុងកុង។[157]
ការឈ្លានពានរបស់ជប៉ុនមកលើប្រទេសថៃបានបង្ខំឱ្យរដ្ឋាភិបាលថៃសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយជប៉ុន ចំណែកឯការវាយប្រហារផ្សេងៗទៀតបាននាំឱ្យអាមេរិក អង់គ្លេស ចិន អូស្ត្រាលី និងរដ្ឋមួយចំនួនទៀតសម្រេចប្រកាសសង្គ្រាមផ្លូវការប្រឆាំងនឹងជប៉ុន លើកលែងតែសហភាពសូវៀតដែលជារដ្ឋសម្ព័ន្ធមិត្តមួយដែលបន្តអព្យាក្រឹតភាពជាមួយជប៉ុន។[158] អាល្លឺម៉ង់និងរដ្ឋមហាអំណាចអ័ក្សផ្សេងៗទៀតបានសម្រេចប្រកាសសង្គ្រាមលើអាមេរិកដើម្បីគាំទ្រជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។[159][118][160]
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៤២ មហាអំណាចទាំងបួន[161] (សហភាពសូវៀត ចិន អង់គ្លេស អាមេរិក) ជាមួយនឹងរដ្ឋាភិបាលតូចៗឬនិរទេសចំនួន ២២ ទៀតបានចេញសេចក្តីប្រកាសពីសហប្រជាជាតិ (ជាហេតុបណ្តាលឱ្យធម្មនុញ្ញអាត្លង់ទិកបង្កើតឡើង)[162] ដោយក្នុងនោះ រដ្ឋាភិបាលនីមួយៗនឹងមិនអាចចុះសន្ធិសញ្ញាសន្តិភាពដាច់ដោយឡែកជាមួយមហាអំណាចអ័ក្សបានឡើយ។[163]
នៅក្នុងឆ្នាំ១៩៤២ មន្ត្រីសម្ព័ន្ធមិត្តបាននាំគ្នាពិភាក្សារកមហាយុទ្ធសាស្ត្រ (យុទ្ធសាស្ត្ររួមដើម្បីឈ្នះសង្គ្រាម)។ ពួកគេទាំងអស់គ្នាបានយល់ស្របថាការយកឈ្នះលើអាល្លឺម៉ង់គឺជាគោលដៅចម្បងមួយ។ មន្ត្រីអាមេរិកបានចាប់អារម្មណ៍លើយុទ្ធសាស្ត្រវាយប្រហារឆៅៗនិងបែបទ្រង់ទ្រាយធំមកលើអាល្លឺម៉ង់តាមរយៈប្រទេសបារាំង។ មន្ត្រីសូវៀតបានទាមទារឱ្យរៀបចំជួរប្រយុទ្ធទីពីរ (ខាងកើត)។ ចំណែកឯមន្ត្រីអង់គ្លេសវិញបានប្រកែកថា ប្រតិបត្តិការនេះគួរតែប្រព្រឹត្តិទៅពីគ្រប់ទិសទីដើម្បីបញ្ចុះបន្ថយចំនួនកម្លាំងអាល្លឺម៉ង់ដែលនឹងធ្វើឱ្យទ័ពអាល្លឺម៉ង់នៅសេសសល់លែងមានស្មារតីប្រយុទ្ធចម្បាំង និងធ្វើឱ្យកម្លាំងប្រឆាំងកើនឡើងក្នុងពេលតែមួយ។ ការវាយរុញច្រានអាល្លឺម៉ង់នឹងប្រព្រឹត្តិទៅដោយប្រើប្រាស់រថយន្តក្រោះច្រើនជាជាងចំនួនទ័ព។[164] ទីបំផុត អង់គ្លេសក៏បានបញ្ចុះបញ្ចូលអាមេរិកបានដោយជោគជ័យថា ការទម្លាក់កងកម្លាំងនៅបារាំងគឺមិនអាចធ្វើទៅរួចនោះទេនៅក្នុងឆ្នាំ១៩៤២ ដូច្នេះសម្ព័ន្ធមិត្តទាំងអស់គួរតែផ្តោតលើការរុញច្រានកម្លាំងអ័ក្សចេញពីតំបន់អាហ្វ្រិកខាងជើងវិញ។[165]
នៅក្នុងសន្និសីទកាសាប្លង់កានៅដើមឆ្នាំ១៩៤៣ សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ដែលបានចេញប្រកាសនៅក្នុងឆ្នាំ១៩៤២ និងបានទាមទារឱ្យមានការទទួលចុះចាញ់ដោយឥតលក្ខខណ្ឌពីសត្រូវរបស់ពួកគេ។ អង់គ្លេសនិងអាមេរិកបានយល់ព្រមបន្តយុទ្ធនាការនៅតំបន់មេឌីទែរ៉ានេដោយមានគោលដៅចូលកាន់កាប់តំបន់ស៊ីស៊ីលីរួចសមុទ្រមេឌីទែរ៉ានេទាំងមូល។[166] ដំបូងអង់គ្លេសគឺមានបំណងរុញប្រតិបត្តិការយោធាទៅតំបន់បាល់កង់ដើម្បីទាញតួកគីឱ្យចូលរួមក្នុងសង្គ្រាមប៉ុន្តែនៅខែឧសភា ឆ្នាំ១៩៤៣ មន្ត្រីអាមេរិកបានបង្វែរផែនការរបស់អង់គ្លេសពីការផ្តោតលើតំបន់មេឌីទែរ៉ានេទាំងស្រុងមករកឈ្លានពានអ៊ីតាលីដីគោកនិងបារាំងនៅឆ្នាំ១៩៤៤។[167]
នៅចុងខែមេសា ឆ្នាំ១៩៤២ ជប៉ុននិងសម្ព័ន្ធមិត្តខ្លួនគឺប្រទេសថៃបានវាយចូលឈ្លានពាននិងត្រួតត្រារដ្ឋនិងតំបន់ជាច្រើនមានដូចជា៖ រដ្ឋភូមា ម៉ាឡាកា ឥណ្ឌីខាងលិចហុល្លង់ (ឥណ្ឌូនេស៊ី) សិង្ហបុរី និងតំបន់រ៉ាបាល់ជាដើម។ ជាលទ្ធផល ក្រុមសម្ព័ន្ធមិត្តបានបាត់បង់កម្លាំងជាច្រើននៅផ្នែកអាស៊ីហើយកម្លាំងភាគច្រើនត្រូវបានជប៉ុនចាប់យកធ្វើឈ្លើយសង្គ្រាម។[168] នៅឯតំបន់ប្រជុំកោះហ្វីលីពីនវិញ វាត្រូវបានការពារយ៉ាងស្អឹតរមួតដោយកងយោធាអាមេរិកនិងហ្វីលីពីនប៉ុន្តែទោះជាយ៉ាងណា ទឹកដីហ្វីលីពីនទាំងមូលបានធ្លាក់ក្រោមការកាន់កាប់របស់ជប៉ុននៅខែឧសភា ឆ្នាំ១៩៤២ ដែលនាំឱ្យរដ្ឋាភិបាលហ្វីលីពីនត្រូវបង្ខំនិរទេសខ្លួនទៅក្រៅប្រទេស។[169] នៅថ្ងៃទី១៦ ខែមេសាក្នុងរដ្ឋភូមា ទាហានអង់គ្លេសចំនួន ៧,០០០ នាក់ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងជប៉ុននៅអំឡុងសមរភូមិយេណាងឆាងប៉ុន្តែចុងក្រោយ កងទ័ពអង់គ្លេសទាំងនោះត្រូវបានជួយសង្គ្រោះវិញដោយកងកម្លាំងចិន។[170] ជប៉ុនក៏ទទួលបានជោគជ័យខាងផ្លូវសមុទ្រដែរដោយខ្លួនបានត្រួតត្រាលើសមុទ្រចិនខាងត្បូង សមុទ្រជ្វា និងមួយផ្នែកនៃមហាសមុទ្រឥណ្ឌា[171] ហើយថែមទាំងបានចូលទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពជើងទឹករបស់សម្ព័ន្ធមិត្តនៅទីក្រុងដារវីន (អូស្ត្រាលី) ទៀតផង។ សម្ព័ន្ធមិត្តបានទទួលជ័យជម្នះតែមួយគត់លើជប៉ុននៅពេលនោះគឺនៅឯទីក្រុងឆាងសា ប្រទេសចិនក្នុងខែមករា ឆ្នាំ១៩៤៥។[172] ជ័យជម្នះដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះបានធ្វើឱ្យជប៉ុនមានមោទនភាពខ្លួនយ៉ាងខ្លាំង។[173]
នៅដើមខែឧសភា ឆ្នាំ១៩៤២ ជប៉ុនបានផ្តើមប្រតិបត្តិការវាយដណ្តើមយកកំពង់ផែម័រស៍ប៊ីក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងនិងខ្សែជំនួយរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ ផែនការរបស់ជប៉ុនក្នុងការដណ្តើមយកកំពង់ផែនោះក៏បានទទួលបរាជ័យនៅពេលដែលសម្ព័ន្ធមិត្តបានបញ្ជូនកងនាវាដឹកយន្តហោះចម្បាំងអាមេរិកពីរគ្រឿងទៅប្រយុទ្ធជាមួយកងកម្លាំងជើងទឹកជប៉ុននៅឯសមុទ្រផ្កាថ្ម។[174] បន្ទាប់ពីអាមេរិកបានទម្លាក់គ្រាប់បែកប្រកបដោយជោគជ័យលើទីក្រុងតូក្យូ ជប៉ុនក៏បានរៀបចំផែនការចូលកាន់កាប់កោះមីតវេរួចបោកបញ្ឆោតកងនាវាអាមេរិកឱ្យចូលប្រយុទ្ធជាមួយខ្លួននៅក្នុងតំបន់នោះដោយមានគោលដៅកម្ទេចបំបាត់នាវាចម្បាំងអាមេរិកចោលហើយបន្ទាប់មក ជប៉ុននឹងបញ្ជូនកម្លាំងខ្លះទៅកាន់កាប់កោះអាឡេអ៊ូស៊ាននៅក្បែររដ្ឋអាឡាស្កា។[175] នៅពាក់កណ្តាលខែឧសភា ជប៉ុនបានផ្តើមយុទ្ធនាការហ្សឺជាំង‐ជាំងស៊ីដោយមានបំណងចង់សងសឹកលើទាហានចិនដែលបានជួយទាហានអាកាសអាមេរិកសម្រេចប្រតិបត្តិការទម្លាក់គ្រាប់បែកនៅទីក្រុងតូក្យូ។ ក្នុងយុទ្ធនាការនេះ ជប៉ុនបានវាយកម្ទេចមូលដ្ឋានទ័ពអាកាសនិងវត្តមានកងទ័ពសម្ព័ន្ធមិត្តទាំងឡាយនៅក្នុងតំបន់។[176][177] នៅដើមខែមិថុនា ជប៉ុនបានផ្តើមអនុវត្តប្រតិបត្តិការដែលខ្លួនបានគ្រោងទុកប៉ុន្តែអាមេរិកបានបំបែកកូដកងទ័ពជើងទឹកជប៉ុនតាំងពីចុងខែឧសភាមកម្លេះ ពោលគឺអាមេរិកបានដឹងពីផែនការរបស់កងកម្លាំងជើងទឹកជប៉ុនរួចទៅហើយ ជាលទ្ធផល អាមេរិកក៏បានទទួលជ័យជម្នះនៅក្នុងសមរភូមិមីដវ៉េបានយ៉ាងងាយស្រួល។[178]
មោទនភាពខ្លួនរបស់ជប៉ុនបានថយចុះភ្លាមៗដែលជាលទ្ធផលនៃការបរាជ័យក្នុងសមរភូមិមីដវ៉េ។ ក្រោយពីសមរភូមិមីដវ៉េបានបញ្ចប់ ជប៉ុនក៏បានងាកមកផ្តោតលើការដណ្តើមកាន់កាប់កំពង់ផែម័រស៍ប៊ីដោយប្រើប្រាស់យុទ្ធនាការផ្លូវគោកវិញឆ្លងតាមរយៈទឹកដីប៉ាពួ។[179] អាមេរិកបានរៀបចំគ្រោងការវាយប្រហារមកលើទីតាំងរបស់ជប៉ុននៅឯភាគខាងត្បូងកោះសូឡូម៉ុង វាគឺជាជំហានដំបូងក្នុងការឈានទៅរកការកាន់កាប់តំបន់រ៉ាបាល់ដែលត្រូវជាមូលដ្ឋានដ៏សំខាន់មួយរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍។[180]
ផែនការទាំងពីរបានចាប់ផ្តើមដំណើរការឡើងនៅខែកក្កដាប៉ុន្តែត្រឹមពាក់កណ្តាលខែកញ្ញា សមរភូមិក្វាដាលកាណាលបានផ្តល់អទិភាពដល់ជប៉ុនហើយកងទ័ពរបស់ខ្លួននៅនូវែលគីនេត្រូវបានបញ្ជាឱ្យដកចេញពីតំបន់កំពង់ផែម័រស៍ប៊ីទៅកាន់តំបន់ភាគខាងជើងនៃកោះវិញ ទ័ពជប៉ុនត្រូវប្រឈមមុខជាមួយកងកម្លាំងអាមេរិកនិងអូស្ត្រាលីនៅក្នុងសមរភូមិប៊ូណា–កូណា។[181] មិនយូរប៉ុន្មាន តំបន់ក្វាដាលកាណាលបានក្លាយជាចំណុចបង្គោលសម្រាប់ភាគីទាំងពីរ ហើយនៅដើមឆ្នាំ១៩៤៣ ជប៉ុនបានទទួលបរាជ័យហើយក៏ដកទ័ពដែលនៅសេសសល់របស់ពួកគេចេញពីកោះនោះ។[182] នៅឯភូមាវិញ កងកម្លាំងអង់គ្លេសបានអនុវត្តប្រតិបត្តិការយោធាចំនួនពីរ។ ទីមួយគឺការវាយលុកចូលតំបន់អរ៉ាកង់នៅចុងឆ្នាំ១៩៤២ ប៉ុន្តែត្រូវទទួលបរាជ័យជាធំដែលបង្ខំឱ្យកម្លាំងអង់គ្លេសដកថយចូលឥណ្ឌាវិញនៅខែឧសភា ឆ្នាំ១៩៤៣។[183] ទីពីរគឺការបញ្ជូនទ័ពអនិយ័តទៅពីក្រោយជួរប្រយុទ្ធរបស់ជប៉ុននៅអំឡុងខែកុម្ភៈដោយទទួលបានលទ្ធផលចម្រុះ។[184]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.