From Wikipedia, the free encyclopedia
មូរតិ (អង់គ្លេស: Murti ភាសាសំស្ក្រឹត: मूर्ति ) គឺ ទេវរូបរបស់ទេវតានៅព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា.៚[1]
មូរតិ (ទេវរូប) | ||
សាសនា | ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា និកាយត័នត្រៈ សក្តិនិកាយ | |
ប្រភេទ | ទេវរូប | |
ភាសាអង់គ្លេស | Murti | |
ពួកអ្នកកាន់លទ្ធិព្រហ្មញ្ញ រមែងគោរពបូជាទេវតាដូចពោលហើយ នឹងប្រព្រឹត្តប្រតិបត្តិតាមពាក្យប្រដៅក្នុងគម្ពីរត្រៃវេទ (ដែលយើងហៅត្រៃភេទ ) នឹងវេទាង្គដ៏ជាគម្ពីរដើមរបស់គេបែបយ៉ាងគម្ពីរព្រះត្រៃបិដករបស់ពួកយើង សឹងសំដែងអំពីកិច្ចសម្រាប់បួងសួងទេវតា នឹងពិធីការបូជាយញ្ញព្រមទាំងមន្តសម្រាប់សែន ឯគម្ពីរត្រៃវេទនោះមាន៣គម្ពីរគឺ ៖
ពួកអ្នកកាន់លទ្ធិនេះ មានសេចក្ដីឃើញថា លោកធាតុនឹងវត្ថុធាតុទាំងពួងបណ្ដាដែលមាននៅក្នុងពិភពនេះ ព្រះជាម្ចាស់ទ្រង់សាង ទ្រង់បង្កើតឡើងទាំងអស់ បណ្ដាធាតុទាំងពួងមានទឹកដីភ្លើងខ្យល់អាកាសជាដើម សុទ្ធតែមានទេពប្រចាំនៅទាំងអស់ ដូច្នេះកាលគេត្រូវការអ្វី ក៏ក្រាបសំពះបួងសួងបន់ស្រន់ព្រះជាម្ចាស់ នឹងទេវតានោះៗ សុំឲ្យប្រសិទ្ធីប្រទានពរឲ្យខ្លួន ដោយមកសំគាល់ឃើញថាអ្នកនឹងបានសុខ ព្រោះព្រះជាម្ចាស់ប្រទានឲ្យ នឹងបានទុក្ខ ព្រោះព្រះជាម្ចាស់ដាក់ទំនាយ គឺទាយឲ្យវិនាសហិនហោចទៅ អ្វីៗទាំងអស់ ស្រេចនឹងព្រះជាម្ចាស់ប្រទានឲ្យ ព្រះជាម្ចាស់មានអំណាចអាចនឹងបណ្ដាលរបស់ទាំងពួង ឲ្យប្រព្រឹត្តទៅតាមព្រះហឫទ័យបំណងបានគ្រប់យ៉ាងដូច្នេះ កាលណាបើអ្នកណាមួយប្រាថ្នាអ្វី គប្បីបំពេញកិច្ចក្នុងលទ្ធិនោះតាមដែលគេកំណត់ទុកដោយសារុបមាន៣យ៉ាងគឺ :
ធ្វើទុក្ករកិច្ចទរមានរាងកាយ ហៅថាបំពេញតបៈ១ តាំងពិធីបួងសួងបូជាហៅថា បូជាអគ្រនីឬបូជាយញ្ញ១ ធ្វើពិធីជំរះលាងបាបក្នុងគង្គា ហៅថាសិវរាត្រី១ ។
ឯពិធីបំពេញនោះគឺ ប្រព្រឹត្តទរមានរាងកាយយ៉ាងតឹងរឹង ឲ្យបាននូវសេចក្ដីលំបាកទៀបស្លាប់ខ្លះ ដល់នូវសេចក្ដីស្លាប់ខ្លះដូចយ៉ាងប្រព្រឹត្តដើរនឹងឈរជាវត្ត មិនដេក មិនអង្គុយ, រដូវក្ដៅត្រូវអាំងភ្លើង៥គម្នរ គឺដុតភ្លើងឡើងជុំវិញខ្លួន៤គម្នរ លើក្បាល១ គម្នរទៀត គឺកំដៅព្រះអាទិត្យ, រដូវភ្លៀងត្រូវឈរហាលភ្លៀង, រដូវល្ងាត្រូវប្រើសំពត់ទទឹក, នឹងប្រព្រឹត្តស៊ីតែផ្លែឈើចិញ្ចឹមជីវិត តាងបាយតាងនំ ដោយចូលចិត្តថា តេជៈដែលប្រព្រឹត្តតបៈដូច្នោះ បណ្ដាលឲ្យក្ដៅដល់ព្រះជាម្ចាស់ៗទតមកឃើញអំណាចកំលាំងព្យាយាម នឹងសេចក្ដីភក្ដីដ៏មុតមាំមិនរញ់រាដូច្នោះហើយ រមែងទ្រង់មេត្តាប្រោសប្រទានពរឲ្យតាមប្រាថ្នា, នឹងចូលចិត្តថាជាបុណ្យកុសលយ៉ាងក្រៃពែក, ប្រសិនជាស្លាប់ទៅក្នុងវេលានោះ រមែងបានទៅកើតក្នុងថានសួគ៌ មិនតោងចុតិប្រែប្រួលទៅកើតជាអ្វីទៀត ។ អ្នកណាប្រព្រឹត្តមិនគប្បីនឹងព្រះជាម្ចាស់ៗ រមែងដាក់បណ្ដាស្សាឲ្យវិនាសទៅ ឬដាក់ទណ្ឌកម្មឲ្យទទួលទោសមានកំណត់ បើជាទោសធ្ងន់ត្រូវទៅសោយទុក្ខឯនរកដោយខ្លួនឯងផង ។
តាមក្នុងដំណាលថា ព្រះអគ្រនីនោះជាបុត្រី តវស្រ្តិគឺវិសពក៍មន៍ ខ្លះថាជាបុត្រអាកាសនឹងផែនដី លក្ខណរូបឆោមសក់សំបុរមាស ខ្លួនក្រហមមុខ២ អណ្ដាត៧ ដៃ៧ ជើង៣, រូបឆោមជាកំលោះជានិច្ចមិនចេះចាស់ ព្រោះកើតឡើងថ្មីរាល់ថ្ងៃទ្រង់ធនូជាអាវុធ រថទ្រង់ទិមសេះក្រហម, ជាអ្នកទ្រង់នូវគម្ពីរសាស្រ្តទាំងពួង ស្ថិតនៅឯថានសួគ៌នឹងផែនដីក្នុងទឹក មានកិច្ចជាទូត ទៅមកក្នុងរវាងថានសួគ៌នឹងថានមនុស្ស ។ ព្រះអគ្រនីនេះ គេរាប់ចូលក្នុងពួកព្រះអាទិត្យ ព្រោះជាអ្នកមានតេជៈដូចគ្នា ពួកទេវតា អ្នកដែលមានរស្មី ព្រោះព្រះអគ្រនីប្រទានឲ្យ ។ ពួកអ្នកកាន់សាសនាព្រាហ្មណរមែងរាប់អាន ព្រះអគ្រនីនេះជាសំខាន់១យ៉ាង រហូតដល់ទៅតែងតាំងរបៀបពិធីបូជាទុកយ៉ាងមាំមួន ដូចមានតទៅនេះ ។
ក្នុងគម្ពីរគោបថព្រាហ្មណ៍ម សំដែងអំពីពិធីបូជាភ្លើងតាមបទអថ៌វវេទ, ក្នុងគម្ពីរតលវការព្រាហ្មណ៍ម សំដែងអំពីយញ្ញវិធីតាមបទសាមវេទ ចំណែកចេញជា៤យ៉ាងគឺ :
១ ប្រដៅព្រះវេទដល់សិស្សទាំងឡាយ ហៅថាបូជាព្រះវេទ
២ សែនដោយគ្រឿងសំណែនទាំងឡាយ មាននំ ជាដើម ហៅថាបូជាបិតា
៣ ដុតរបស់ក្នុងគម្នរភ្លើងថ្វាយទេវតា ហៅថា បូជាទេវតា
៤ ឲ្យអាហារជាទាន ហៅថា បូជាសត្វទាំងឡាយ ។
ក្នុងពិធីបូជាទាំង៤ខនេះ ខទី១- ២- នឹងទី៤ សូម្បីសំដែងដោយសង្ខេបតែប៉ុណ្ណេះ អ្នកមើលអ្នកស្ដាប់ក៏ល្មមចូលចិត្តបាន មានអត្ថដ៏គួរសមនឹងអធិប្បាយតែក្នុងខទី៣ ហេតុនោះក្នុងទីនេះនឹងអភិប្រាយចំពោះតែខនោះដោយល្មមសមគួរ ។ ពួកអ្នកកាន់សាសនាព្រាហ្មណ៍យល់ថា ភ្លើងមានទេវតាដែលហៅថាព្រះអគ្រនី (គឺព្រះអគ្គី ) នៅប្រចាំ ជាអ្នកមានឫទ្ធីតេជៈដ៏វិសេសមួយយ៉ាង ទើបនាំគ្នាបូជាដើម្បីឲ្យបានឫទ្ធីតេជៈដូច្នោះ ។ តាមរឿងដើមថា ជនជាតិកោឡារីរាប់អានសាសនានាគដល់មកក្នុងរជ្ជកាលព្រះចៅបុរុរាជ អាសិរពិសចឹកព្រះអង្គសុគតទៅ ព្រះរាជបុត្រក្រោធនឹងអាសិរពិសណាស់ ត្រាស់ឲ្យយកភ្លើងទៅដុតសម្លាប់អាសិរពិសវិនាសទៅជាច្រើន អំពីនោះមកក៏ទ្រង់លើកលែងរាប់អានសាសនានាគ បែមករាប់អានព្រះភ្លើងនេះវិញ ។ ពួកអរិយបាននាំលទ្ធិបូជាភ្លើងនេះមកកាន់ប្រទេសកាបុល គឺកប្បុរជាដំបូង សព្វថ្ងៃនេះមានជនជាតិឥរណ៍នៅរាប់អានពិធីនេះនៅឡើយ ។
ឯរបៀបការបូជានោះ ត្រូវជីករណ្ដៅធំនៅក្នុងរវាងផ្លូវ៤ដំបន់ ហើយបង្កាត់ភ្លើងក្នុងរណ្ដៅនោះឲ្យឆេះសន្ធោឡើងមុននឹងបូជា ព្រាហ្មណតោងស្វាធ្យាយមន្តបួងសួងប្រកាសទេវតា តាមបែបដែលសំដែងទុកក្នុងគម្ពីរព្រះវេទផ្នែកមន្តនោះ ស្រេចហើយនាំយករបស់ផ្សេងៗ ដែលជាគ្រឿងសង្វោយទេវតាទៅបង់ចុះក្នុងរណ្ដៅភ្លើងនោះ នឹងយកសត្វឬមនុស្សទៅសម្លាប់នៅទីនោះយកឈាមបូជា, អ្នកខ្លះមានសទ្ធាជ្រះថ្លាខ្លាំងអារសាច់ខ្លួនឯងបូជាក៏មាន, អ្នកខ្លះសម្លាប់ប្រពន្ធកូន ឬខ្លួនឯងបូជាតែម្ដងក៏មាន របៀបនេះសមគួរដល់បុគ្គលគ្រប់ជាន់ នឹងគប្បីធ្វើបាន ។ នៅមានរបៀបមួយយ៉ាងទៀតប្លែកអំពីនេះបន្តិច ជាកិច្ចដែលក្សត្រយ៍នឹងគប្បីបំពេញ មានប្រាកដក្នុងគម្ពីររបស់ព្រាហ្មណនឹងក្នុងគម្ពីរខាងព្រះពុទ្ធសាសនាថា ទំនៀមព្រះមហាក្សត្រយ៍អំពីបូរាណ អ្នកប្រាថ្នានឹងប្រកាសឥស្សរភាពនៃខ្លួនជាចក្រពត្តិ ត្រូវធ្វើពិធីបូជាយញ្ញ ដែលហៅក្នុងចក្រវត្តិវត្តថាអស្វមេធ១
កាលព្រះពុទ្ធអង្គឧប៍តិឡើងក្នុងលោក ទ្រង់កែខនេះទៅជាសស្សមេធ ប្រែថាឆ្លាសក្នុងការធ្វើស្រែស្រូវ បានសេចក្ដីថាអ្នកជាមហាក្សត្រយ៍ ត្រូវឲ្យឆ្លាសក្នុងការបណ្ដុះបណ្ដាលរាស្រ្ត ឲ្យចេះធ្វើស្រែស្រូវឲ្យបានផលបរិបូណ៌ឡើង ជាសម្បត្តិសម្រាប់ព្រះនគរ ។ ប្រែថាឆ្លាសក្នុងការសម្លាប់សេះ ។ ដំបូងត្រូវលែងសេះសព្រះទីនាំង១ ឲ្យដើរចូលទៅជាន់ដែនប្រទេសតូចធំជិតខាងទាំងប៉ុន្មាន ដែលមិនទាន់ចុះចូលជាស្រុកចំណុះ នឹងឲ្យសេនាទាហាន១កងទ័ពលើកតាមសេះនោះទៅផង កាលលើកទៅ បើមានប្រទេសណាមួយរឹងទទឹងមិនព្រមចុះចូលជាស្រុកចំណុះ ឬចាប់សេះសនោះទុក កងទ័ពដែលលើកតាមទៅត្រូវចាត់ការវាយឲ្យបាក់បបហើយលើកបង្ហួសទៅ បើប្រទេសណាខ្លាចអំណាចព្រមចំណុះអំពីដំបូងដៃ មិនបាច់តោងធ្វើដូច្នោះស្រេចហើយលើកទ័ពត្រឡប់ព្រះនគរ នាំយកទាំងក្សត្រយ៍ម្ចាស់ប្រទេសនោះៗមកផង ដល់ព្រះនគរហើយយកសេះសនោះទៅសម្លាប់បូជាយញ្ញ ដូចពោលហើយថ្វាយជាពលីដល់ទេវតា ទាំងជាគ្រឿងប្រកាសឲ្យលោកជ្រាបថាព្រះមហាក្សត្រយ៍អង្គនោះ ជាចក្រពត្តិរាជ បានផ្សាយព្រះតេជានុភាពរហូតប្រថពីតលហើយ ។ របៀបនេះក្សត្រយ៍ទាំងហ្លាយ ដែលមានព្រះតេជានុភាពធំៗមានព្រះចៅយុធិស្ឋិរ ព្រះចៅមហាវិជិតជាដើម បានទ្រង់ធ្វើមកហើយក្នុងអតីតកាល ។
ពិធីសិវរាត្រីនេះ តាមប្រវេណីគេធ្លាប់ធ្វើក្នុងស្ទឹងព្រះគង្គាដ៏ មាននៅក្នុងប្រទេសឥណ្ឌៀឯណោះ ហេតុម្ដេចបានជាគេកំណត់ធ្វើតែក្នុងទីនោះ មានរឿងរ៉ាវមកដូចម្ដេច ក្នុងទីនេះឃើញសមគួរនឹងនាំយកប្រវត្តិព្រះគង្គាមកសំដែងទុកក្នុងរវាងនេះ ឲ្យជ្រាបមូលហេតុជាមុនសិន ហើយនឹងសំដែងពិធីសិវរាត្រីជាខាងក្រោយដូច្នេះ ។
គង្គាសព្ទនេះក្នុងភាសាមគធក្ដី ក្នុងភាសាសំស្រ្កឹតក្ដី លោកថា ជាឈ្មោះនៃទឹក ពួកយើងក៏ធ្លាប់ចូលចិត្តបានតែប៉ុណ្ណោះ តែក្នុងគតិព្រហ្មញ្ញចូលចិត្តហួសពីនោះទៅទៀតថា ព្រះគង្គាជាធីតារបស់ព្រះបាទហិមវត៍ គឺភ្នំហិមពាន្ត នឹងនាងមេនការួមជនកជននីគ្នា នឹងព្រះឧមាមហេសីព្រះឥសូរ ដើមឡើយនៅឯថានសួគ៌ទាំងពីរ ។ លុះមកដល់រជ្ជកាលព្រះបាទទសគរក្សត្រយ៍សូរ្យវង្ស គ្របគ្រងនគរស្រីអយុធ្យា មុនព្រះរាមឡើងទៅជាច្រើនដំណក្សត្រយ៍ មានឱរសប្រាំមួយម៉ឺនអង្គ ។ គ្រាមួយនោះទ្រង់ធ្វើពិធីអស្វមេធនៅទីចន្លោះភ្នំហិមពាន្ត នឹងភ្នំវិនធ្យ ព្រះឥន្រ្ទឃើញធ្វើពិធីមាំទាំដូច្នោះ គិតក្រែងព្រះបាទសគរនឹងមានអំណាចលើសលប់ទៅ ទើបដំណែងអង្គជារក្សសោ (គឺអារក្សទឹក ) ទៅលួចសេះដែលសម្រាប់សម្លាប់បូជានោះ ទៅព្រះចៅសគរទើបឲ្យឱរសទាំងប្រាំមួយម៉ឺនស្វែងរកសេះនោះ លើផែនដីសព្វកន្លែង ហើយមិនឃើញព្យាយាមជីកផែនដីជម្រៅប្រាំមួយម៉ឺនយោជន៍ ទើបប្រទះសេះនឹងព្រះកបិល ដែលព្រះនារាយណ៍បែងភាគមកនៅជិតសេះនោះ សាគរកុមារទាំងឡាយសំដៅទៅនឹងប្រហារព្រះកបិល ក៏សំដែងឫទ្ធិកើតជាភ្លើងឆេះស្លាប់តាំង៦០.០០០អង្គ ។ ន័យថាលុះតែបានទឹកព្រះគង្គាមកស្រោចស្រង់អង្គារ (ឆ្អឹង ) ទើបនឹងជ្រះអស់បាបនឹងឡើងទៅកើតឯថានសួគ៌បាន ព្រះចៅសគរមិនឃើញមានឧបាយដូចម្ដេច ដែលនឹងឲ្យទឹកគង្គាមកដល់អង្គារឱរសបាន ក៏ទ្រង់ស្ងៀមប៉ុណ្ណោះទៅ ។
អំណិសលង់មកជាអង្វែងឆ្នាំ ក្នុងរជ្ជកាលព្រះចៅភគីរថក្នុងវង្សនោះ ស្ដេចចេញទ្រង់ភ្នួសជាឫសី បានបំពេញវត្តយ៉ាងតឹងរឹងមាំមួន ទាល់តែព្រះព្រហ្មកើតមេត្តាចុះមកប្រទានពរ ព្រះរាជឫសីភគីររថទូលសុំពរ ឲ្យបានព្រះគង្គាហូរចុះមកលាងជំរះអង្គារសាគរកុមារ ព្រះព្រហ្មក៏អំណោយតាមប្រាថ្នា តែត្រាស់ថាឲ្យទូលសុំអំណាចព្រះឥសូរជួយទទួលព្រះគង្គាផង ព្រោះថាបើនឹងលែងឲ្យហូរចុះមកឃ្ឌូងឃ្ឌាងតែម្ដង លោកនឹងដល់នូវវិនាសលិចលង់ស្លាប់អស់ ។ព្រះឫសីតោងបែទៅតាំងព្យាយាមធ្វើពិធីសុំកំលាំងព្រះឥសូរមកជួយតទៅ ទាល់តែព្រះឥសូរទ្រង់មេត្តាប្រោសតាមបំណង ។ ខណព្រះគង្គាហូរចុះចាកថានសូគ៌ ព្រះឥសូរក៏ទ្រង់ទទួលដោយព្រះសិរ (ដោយហេតុនេះ ព្រះឥសូរទើបមាននាមថាគង្គាធរ អ្នកទទួលព្រះគង្គា អំពីនោះមក ) ព្រះគង្គាក្រោធខ្លាំងណាស់ ដែលត្រូវបន្ថយថានន្តរចុះចាកថានសួគ៌ មកកាន់មនុស្សលោក ត្រូវព្រះឥសូរទរមានឲ្យហូរវិលវល់នៅក្នុងរវាងព្រះកេសា លំដាប់នោះព្រះមុនីភគីរថទើបទូលសុំឲ្យលែងព្រះគង្គា ព្រះឥសូរក៏លែងឲ្យហូរបាញ់បែកជា៧ជ្រលង ព្រះឫសីភគីរថក៏បររថនាំផ្លូវព្រះគង្គាឲ្យហូរទៅឯអង្គារកុមារសាគរ ព្រះគង្គាក៏ហូរតាមស្នាមរថទៅ ដល់ទៅទី១ដែលជាទីតាំងមណ្ឌលពិធីរបស់ព្រះជហនុសិទ្ធាចារ្យ ព្រះយោគីភគ៌រថបររថកាត់ទីនោះទៅព្រះគង្គាហូរតាមទៅ ក៏លិចទីពិធីនោះអស់ព្រះជហនុក្រោធ ក៏ហាមាត់បៀមព្រះគង្គាទុកក្នុងមាត់ទាំងអស់ ហូរទៅទៀតមិនបាន ទាល់តែពួកទេពនិករប្រជុំគ្នាមកអង្វរសុំ ព្រះជហនុទើបលែងឲ្យហូរតទៅ គឺឲ្យហូរចេញតាមរន្ធត្រចៀក ហើយហូរតាមស្នាមរថទៅដូចអំពីដើមដរាបដល់អង្គារកុមារសាគរ ។ កាលព្រះគង្គាហូរស្រោចស្រប់អង្គារជំរះមន្ទិលហើយ វិញ្ញាណរបស់កុមារសាគរក៏បានឡើងទៅកើតឯថានសួគ៌ទាំង៦០.០០០ ព្រោះហេតុនេះព្រះគង្គាទើបបានមកនៅក្នុងមនុស្សលោក ដរាបដល់សព្វថ្ងៃនេះ ។ កាលព្រះគង្គាចុះមកនៅក្នុងមនុស្សលោកនេះហើយ ឫសីជីព្រាហ្មណទាំងឡាយមានសេចក្ដីសោមនស្សសាទរពន់ប្រមាណ អ្នកដែលបានងូតទឹកនោះហើយ ក៏ជ្រះស្រឡះអស់បាបអំពីខ្លួន សូម្បីតែទេវតាដែលចុតិមកកើតក្នុងមនុស្សលោក ព្រោះបាបកម្មឯណានីមួយកាលបានងូតព្រះគង្គាហើយ ក៏បានត្រឡប់ឡើងទៅកើតឯថានសួគ៌វិញ ។ ព្រះគង្គាដែលចុះមកនៅក្នុងលោកនេះ គឺដើមទឹកហូរចេញអំពីភ្នំហិមាល័យហូរចាក់មកខាងត្បូង តែបែកជាស្ទឹងពីរ ស្ទឹងខាងលិចឈ្មោះយមុនា ស្ទឹងខាងកើតឈ្មោះគង្គារ ស្ទឹងគង្គារហូរកាត់មកត្រង់នគរសង្កស្ស នគរកន្យាកុញ្ញ រៀងមកដល់នគរមគធរវាងក្រុងរាជគ្រឹះហ នឹងក្រុងបាតលីបុត្រអំពីដើម តាមដងស្ទឹងនោះមានឈ្មោះហៅផ្សេងៗ គឺត្រង់កន្លែងដែលព្រះគង្គារចុះអំពីថានសួគ៌ ហៅគង្គោតរី ត្រង់កន្លែងដែលព្រះឫសីភគីររថបររថ នាំព្រះគង្គាទៅឯអង្គារសាគរកុមារហៅ ភាគីរថី ។ សព្វថ្ងៃនេះត្រង់គង្គោតរី ដែលជាទីសក្ខិសិទ្ធិ៍មានទេវស្ថាន១ តូចដំកល់រូបព្រះគង្គា នឹងរូបរាជឫសីភគីរថទុកជាសំគាល់ នៅតំបន់នេះគេចំណែកទីកំពង់សំរាប់ងូតលាងបាបជា៣អន្លើ ហៅថាកំពង់ព្រះព្រហ្ម១ កំពង់ព្រះវិស្ណុ១ កំពង់ព្រះឥសូរ១ កំពង់ទាំង៣នេះមានគុណផ្សេងគ្នា អ្នកងូតប្រាថ្នាចង់ងូតកំពង់ណា ក៏ចុះងូតក្នុងកំពង់នោះទៅ ។ ត្រង់ជ្រោយតំបន់ស្រុកអល្លាហបាទមានកំពង់១ ហៅថាប្រយាគ ជាទីសក្តិសិទ្ធិ៍បំផុត មានប្រជុំជនទៅងូតជំរះបាប រាប់ចំនួនដោយសែនៗ ដោយសេចក្ដីជឿជាក់ក្នុងអានុភាពនៃព្រះគង្គា ។ បើបានទៅងូតជំរះកាយក្នុងវេលាទេសកាលក្នុងកំពង់អំបាលនេះ នឹងជ្រះអស់បាបកម្មអំពីសន្ដាន មានអ្នកខ្លះព្យាយាមដើរប្រទក្សិណស្ទឹងព្រះគង្គាអស់វេលា២- ៣ឆ្នាំ ទើបចុះងូតក៏មាន ពួកឥណ្ឌៀត្រូវការណាស់វេលាទៀបនឹងស្លាប់ សូមឲ្យបានទៅស្លាប់ឬបានទៅដុតរំលាយសពនៅឆ្នេរព្រះគង្គា ស្រេចហើយរើសឆ្អឹងបណ្ដែតចោលក្នុងព្រះគង្គាទៅ ដោយអានុភាពនៃព្រះគង្គាជំរះបាប អ្នកនោះឯងនឹងបានឡើងទៅកើតឯថានសួគ៌ ប្រសិនបើស្លាប់នៅទីឆ្ងាយ ពួកញាតិយកឆ្អឹងទៅគ្រវែងចោលក្នុងព្រះគង្គា ក៏បានឡើងទៅកើតឯថានសួគ៌ដែរ ។ អ្នកដែលនៅឆ្ងាយបើបានឱកាសទៅងូត ច្រើនតែដងទឹកនោះយកមកផ្ញើញាតិមិត្រអ្នកដែលមិនបានទៅ អ្នកដែលជ្រះថ្លាខ្លាំងគ្រាន់តែបញ្ចេញឧទានថា << គង្គា គង្គា >> ប៉ុណ្ណោះសូម្បីនៅចម្ងាយទាំង៣០យោជន៍ ដោយអានុភាពនៃព្រះគង្គាក៏អាចជួយឲ្យរួចចាកបាបដែលខ្លួនធ្វើមកទាំង៣ជាតិហើយបាន ។
ដោយហេតុជឿជាក់ក្នុងអានុភាពនៃព្រះគង្គាដូច្នេះ ពួកព្រាហ្មណទើបបញ្ញត្តិពិធីសិវរាត្រីឡើង គឺជាពិធីដែលគេកំណត់ឲ្យធ្វើក្នុងវេលារាត្រី ក្នុង១ឆ្នាំធ្វើម្ដង នេះពោលតាមដែលធ្លាប់ដឹងមកដោយច្រើន ។ ពិធីនេះដែលគេធ្វើក្នុងបច្ចុប្បន្នពួកព្រាហ្មណនៅនគរពារាណសី វេលាយប់នាំគ្នាទៅឯវត្តព្រាហ្មណ ឬហៅថាទេវស្ថាន ធ្វើកិច្ចសូត្រមន្តភាវនានមស្សការទេវរូប នឹងសិវលិង្គ តាមប្រវេណីរបស់គេរហូតរាត្រីកាល លុះទៀបភ្លឺទើបនាំគ្នាកាន់យកនូវក្អមស្ពាន់ម្នាក់១ ទៅកាន់ស្ទឹងគង្គា អង្គុយចុះដងមកសូត្រសែក ខ្ពុរមាត់លុបមុខហើយទើបលោតចុះក្នុងទឹក មុជឲ្យលិចក្បាលអស់វារ៣ដង ហើយវ្វេះយកដីមកដុសខ្លួននឹងបរិកម្មថា គង្គាគង្គា ដូច្នេះរអ៊ូទៅ សក់ដែលជ្រុះក្នុងវេលានោះត្រូវរើសបណ្ដែតទឹកទៅ ប៉ុណ្ណេះឈ្មោះថាបានជំរះលាងបាបអស់អំពីសន្ដានម្ដង ស្រេចការងូតទឹកហើយ យកក្អមដងទឹកត្រឡប់ទៅកាន់ទេវស្ថានវិញ ជំរះស្រោចស្រង់សិវលិង្គហើយយកក្អមទៅត្រងទឹកដែលហូរទៅតាមទរនៃបល្លង្កយោនី យកមកស្រោចក្បាលខ្លះ ផឹកខ្លះតាមសមគួរ ឈ្មោះថាបាននូវសេចក្ដីត្រជាក់ត្រជុំជាសិរីសួស្ដី នឹងជ្រះអស់ចង្រៃឧបទ្រពទាំងពួង ។
នៅមានរបៀប១យ៉ាងទៀត ដែលពួកព្រាហ្មណធ្វើនៅក្រុងបាងកក (សៀម) ប្លែកអំពីដែលពោលហើយខ្លះដូច្នេះ នៅថ្ងៃពេញបូណ៌មី ខែមាឃ ពួកព្រាហ្មណយកសិវលិង្គមកដំកល់ក្នុងទីមួយដ៏សមគួរ ទើបដាំសសរ៤ដើមជា៤មុម ជុំវិញសិវលិង្គ យកខ្សែចងខ្វែងប្រទាក់អំពីសសរទាំង៤ហើយយកឆ្នាំងទឹក១ទៅចងព្យួរត្រង់រវាងកណ្ដាល ឲ្យត្រង់ពីលើសិវលិង្គ ទើបចោះបាតឆ្នាំងទម្លុះឲ្យទឹកសេចស្រក់ចុះលើសិវលិង្គ ហើយយកឆ្នាំង១ទៅត្រងនៅចំពួយបល្លង្កយោនី បើទឹកនោះលេចអស់ទៅត្រូវថែមឡើង ទាល់តែអស់វេលារាត្រីនោះ ដល់វេលាទៀបភ្លឺទើបនាំគ្នាដណ្ដាំបាយលាយដោយទឹកដោះ សប្បិ ទឹកឃ្មុំ ស្ករ នឹងគ្រឿងទេសដែលរាប់ថាជាអាហារយ៉ាងប្រណីតរបស់គេ បរិភោគហើយនាំគ្នាទៅងូតទឹកព្រែក ព្រោះនៅឆ្ងាយអំពីព្រះគង្គា កក់សក់ជំរះកាយហើយយកទឹកដែលស្រង់សិវលិង្គមកស្រោចជំរះមន្ទិលថែមទៀត សក់ដែលជ្រុះក្នុងវេលានោះគេរើសបណ្ដែតទឹកទៅ ប៉ុណ្ណេះជាសូរេចពិធីសិវរាត្រី ។
ពួកអ្នកកាន់សាសនាព្រាហ្មណគោរពរាប់អានព្រះព្រហ្ម ព្រះសិវ ព្រះនារាយណ៍ជាសរណទីពឹង នឹងប្រព្រឹត្តតាមពាក្យប្រដៅក្នុងគម្ពីរត្រៃវេទ ។ បើនឹងចំណែកផលប្រយោជន៍ដែលប្រតិបត្តិក្នុងលទ្ធិនេះគួរញែកជា២ប្រភេទ គឺ១ផលក្នុងលោកនេះ ២ផលក្នុងលោកឯមុខ ។ ប្រភេទទី១ដោយច្រើនបាននឹងពួកឃរាវាស អ្នកប្រាថ្នាគុណវិសេសឯណានីមួយ ក៏ប្រព្រឹត្តវត្តបំពេញតបៈកម្មថ្វាយព្រះជាម្ចាស់ រមែងបានទទួលផលទៅជាអ្នកវិសេសមានឫទ្ធានុភាពផ្សេងៗក្នុងផ្លូវសឹកសង្រ្គាមជាដើម ។ ប្រភេទទី២បានពួកអ្នកឃើញទុក្ខក្នុងឃរាវាសវិស័យ ចេញបួសជាតាបសឫសីអាស្រ័យនៅក្នុងដែនដងព្រៃ បរិភោគមូលផលាផលជាអាហារ ប្រព្រឹត្តក្នុងផ្លូវបព្វជិត បង្អោនជីវិតថ្វាយព្រះជាម្ចាស់ដើម្បីបានលុះភូមិជាន់ខ្ពស់ក្នុងលទ្ធិនោះ គឺ១រាជឫសី ២មុនី ៣មហាឫសី ៤ព្រហ្មឫសី ព្រហ្មឫសីជាកំពូលនៃភូមិធម៌ក្នុងលទ្ធិនេះ អ្នកដែលនឹងបានលុះភូមិនេះបានតោងសង្កត់ចិត្តឲ្យស្ងប់ចាកសេចក្ដីស្អប់ សេចក្ដីស្រឡាញ់ជាដើមឲ្យមែនៗ កាលបានសំរេចភូមិឫសីអំបាលនេះហើយ វេលាស្លាប់ទៅមានអំណាចទៅកើតក្នុងព្រហ្មលោកប៉ុណ្ណោះ ជាយ៉ាងខ្ពស់បំផុត(មិនដល់ព្រះនិព្វាន ) តែមើលទៅប្រហែលជាគេសំគាល់ថា ទីនោះជានិព្វានរបស់គេហើយ នេះរាប់ថាជាកំពូលនៃផលទាំងពួង ។
បើយើងពិនិត្យមើលទៅ ក្នុងលទ្ធិនេះឃើញថានៅច្រឡូកច្រឡំទៅដោយរាគាទិកិលេសច្រើនណាស់ ដូចជាក្នុងរឿងមហាភារតនឹងរឿងរាមាយណជាដើមសំដែងថា ឫសីទាំងឡាយសុទ្ធតែជាអ្នកមានប្រពន្ធកូនទាំងអស់ ព្រោះគេកាន់ថាបុរសណាគ្មានកូនប្រុសដ៏កើតអំពីលោហិតរបស់ខ្លួន បុរសនោះកាលស្លាប់ទៅរមែងធ្លាក់ទៅសោយទុក្ខក្នុងរណ្ដៅនរក១ ឈ្មោះ << បុត >> បើមានកូនប្រុសកូននោះនឹងការពារមិនឲ្យធ្លាក់នរកនោះបាន សព្ទថា បុត ទើបបានជាឈ្មោះសម្រាប់ហៅកូនប្រុសដរាបដល់សព្វថ្ងៃនេះ ប្រែថាអ្នកការពារអាពុកឲ្យរួចចាករណ្ដៅនរកឈ្មោះបុត ។ មិនតែប៉ុណ្ណោះឫសីទាំងឡាយនោះ ជាទីរាប់អានរបស់ជនទាំងពួង ថាជាអ្នកឲ្យនូវសេចក្ដីសួស្ដីមង្គលបានផង បើកូនក្រមុំអ្នកណានឹងរៀបអាពាហ៍ពិពាហ៍ នឹងប្រុសឯណានីមួយ មាតាបិតាតោងសុំសួស្ដីមង្គលអំពីឫសី ដែលជាទីរាប់អានរបស់ខ្លួនជាមុនសិន ហើយទើបរៀបការជាខាងក្រោយ ប្ដីប្រពន្ធគូនោះក៏នឹងបានសេចក្ដីចំរើនរុងរឿងថ្កើងកេរ្ត៍ឈ្មោះ តាំងពីក្រមុំកំលោះរហូតយាវជីវំ ។ ប្រវេណីនេះ តាមក្នុងសេចក្ដីកត់ហេតុរបស់សម្ដេចព្រះចមក្លៅ រជ្ជកាលទី៤នៃប្រទេសស្យាម បានស្ដេចទៅប្រពាតប្រទេសឥណ្ឌៀក្នុងកាល ព.ស. ២៤១៤ ក៏ថានៅមានការដែលនឹងធ្វើពិធីបូជាយញ្ញ បំពេញតបៈ ប្រព្រឹត្តវត្តទរមានរាងកាយថ្វាយព្រះជាម្ចាស់ទាំងប៉ុន្មាន ក៏នៅក្នុងប្រាថ្នាផលសុទ្ធតែកាមគុណ ទោះបីដូច្នោះ ក៏នៅរាប់អានថាជាព្រាហ្មណជាន់ខ្ពស់ មានញាណនឹងតបៈ គឺសេចក្ដីត្រាស់ដឹងនឹងតេជៈផ្សេងៗគ្នា សូម្បីក្នុងសេចក្ដីដែលថាអ្នកនឹងបានលុះភូមិព្រហ្មឫសីតោងសង្កត់ចិត្តឲ្យស្ងប់មែនៗ បើដោយគិតទៅពួកយើងបុថុជ្ជនសព្វថ្ងៃមានកិលេស៣កង គឺរាគ ទោស មោហជាធម្មតា ពួកព្រហ្មឫសី ក៏មិនរលោះទៅជាងយើងប៉ុន្មាន ដូចយ៉ាងព្រះគោតមឫសីមាននាងអហលាជាភរិយា មានព្រះសតានន្ទមុនីជាបុត្រនេះរាគ ។ ព្រះវិស្វាមិត្រព្រហ្មឫសីញុះឲ្យព្រះរាមសម្លាប់នាងតារកា ឬហៅថាកាកនាសូរ នេះទោស ។ ព្រះវសិដ្ឋព្រហ្មឫសីចេញអំពីនគរមិថិលាជាមួយនឹងព្រះបាទទសរថ នឹងទៅនគរស្រីអយុធ្យា ប្រទះនឹងរាមបរសុ គឺរាមាសូរក្នុងរវាងផ្លូវខ្លាចក្រែងត្រូវនឹងពូថៅរបស់រាមបរសុ តោងនិយាយថ្អូញថ្អែរប្រាប់ពួកព្រាហ្មណ៍ជាមួយគ្នានេះមោហ ។ ដូច្នេះការបំពេញតបៈអស់វេលារាប់ម៉ឺនឆ្នាំ តើនឹងជាគ្រឿងបន្ទោកិលេសអ្វីបានខ្លះ កាលចិត្តត្រូវកិលេសទាំង៣នេះ ឯណានីមួយគ្របសង្កត់ហើយ ឈានវិសេសដែលសម្រាប់ធ្វើបាដិហារ្យ តើនឹងកើតឡើងដោយផ្លូវណា ។ កុំថាឡើយតែពួកឫសី សូម្បីព្រះជាម្ចាស់ឯង គឺព្រះព្រហ្ម ព្រះសិវ ព្រះវិស្ណុ ដែលរាប់ថាជាសរណវត្ថុជាន់ខ្ពស់បំផុត ក៏សុទ្ធតែនៅមានប្រពន្ធកូននៅមានរាគ ទោស មោហ ពេញបរិបូណ៌មិនប្លែកអ្វីនឹងយើងដែលបុថុជ្ជនធម្មតា ដូច្នេះឃើញគួរសមយ៉ាងណាដែលនឹងជ្រកក្បាលទៅយកលោកជាសរណទីពឹង សម្រាប់ក្នុងសម័យដែលស្រុកទេសនៅទន់ទាបដោយចំណេះវិជ្ជា ហើយទាំងគ្មានលទ្ធិសាសនាដទៃៗ ជាគ្រឿងប្រកបនឹងជ្រើសរើស ក៏ឃើញថាគួរទទួលកាន់សាសនាបែបនេះ ជាបណ្ដោះអាសន្នទៅសិន កាលស្រុកទេសចំរើនដោយចំណេះវិជ្ជា ទាំងមានសាសនាឯទៀតៗកើតឡើង ជាគ្រឿងប្រៀបធៀបគ្នាហើយ ក៏គួរជានាំយកមកប្រៀបធៀប ហើយកាន់យកយ៉ាងឯណានីមួយដែលមានសារៈជាង ដែលនឹងក្ដាប់ទុកមិនក្រឡេកមើលមុខណាសោះ បើពានលើត្រូវក៏ជាការគាប់ប្រសើរ បើពានលើខុសរមែងជាការចាញ់ប្រៀបមនុស្សផងគ្នា ដូច្នេះអ្នកនឹងកាន់សាសនាណាត្រូវតែពិនិត្យកុំខាន ទើបសម្រេចប្រយោជន៍សមបំណងដោយពិត ។
លើកទី២
បន្ទាប់នឹងសាសនាព្រាហ្មណនោះ ព្រះពុទ្ធសាសនាលទ្ធិថេរវាទ ឬលទ្ធិអាចរិយវាទផ្សាយមកក្នុងប្រទេសកម្ពុជានេះមុន មានអ្នកខ្លះយល់ថា លទ្ធិអាចរិយវាទផ្សាយមកមុន ដែលថាដូច្នេះប្រហែលជាអាងបូរាណវត្ថុ ក្នុងលទ្ធិនេះមានរូបលោកេស្វរជាដើម សឹងមាននៅក្នុងកំឡុងក្រុងមហិន្រ្ទបុរី ដែលសាងឡើងក្នុងរវាងព.ស.១៣០០ ដល់១៥០០នោះឯង ។ តែដោយមតិរបស់ខ្ញុំយល់ថាលទ្ធិថេរវាទផ្សាយមកមុន ក្នុងពេលដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណនោះឯង ដែលពោលដូច្នេះដោយអាស្រ័យការស្វះស្វែងស្រាវជ្រាវរកទៅ ឃើញមានមូលល្មមជឿយកជាពិតបានគឺ :
១ ក្នុងសម័យក្រោយពុទ្ធកាលមិនយូរប៉ុន្មាន ដរាបមកដល់ព.ស. ៥០០ មានជនជាតិខេមរនាំគ្នាចុះមកពីដែនមជ្ឈឹមប្រទេស មកតាំងភូមិលំនៅនៅក្នុងស្រុកដែលហៅថាទ្វារាវតី ហៅក្នុងកាលឥឡូវនេះថានគរបថម នៅជាខាងជើងក្រុងបាងកកមិនឆ្ងាយប៉ុន្មាន ក្នុងមនុស្សអំបាលនោះអ្នកខ្លះកាន់សាសនាព្រាហ្មណ អ្នកខ្លះកាន់ព្រះពុទ្ធសាសនា អ្នកណាកាន់សាសនាអ្វី ក៏នាំសាសនានោះយកមកប្រព្រឹត្តនឹងប្រដៅអ្នកដទៃតទៅ ព្រោះក្នុងពេលនោះព្រះពុទ្ធសាសនាបានផ្សាយសុះសាយទូទៅក្នុងដែនឥណ្ឌៀហើយ ។
២ ក្នុងកាលព.ស.២៣៦ ព្រះសោណថេរនឹងព្រះឧត្ដរថេរ នាំព្រះពុទ្ធសាសនាមកប្រតិស្ឋានក្នុងប្រទេសមន ដែលមានអាណាខេត្តជាប់គ្នានឹងប្រទេសកម្ពុជា បានប្រដៅប្រជាជនជាតិមនឲ្យកើតជ្រះថ្លាថ្វាយខ្លួនជាឧបាសកឧបាសិកា នឹងបព្វជ្ជាឧបសម្បទា មានចំនួនច្រើនឡើងដោយលំដាប់ ហើយក៏ផ្សាយចេញទៅក្នុងប្រទេសជិតខាង ប្រទេសកម្ពុជាក៏បានទទួលរាប់អានព្រះពុទ្ធសាសនាដែលផ្សាយអំពីប្រទេសនោះក្នុងសម័យនោះដែរ ឬនឹងថាព្រះថេរទាំងពីរមកប្រកាសសាសនាក្នុងទីនេះតែម្ដងក៏គួរច្រើន ព្រោះមានរបស់ដែលជាភស្តុតាងច្រើនជាងប្រទេសមន ។
៣ ប្រាកដក្នុងរឿងប្រវត្តិខ្មែរ ដែលក្រុមព្រះដាំរង់រាជានភាព ទ្រង់រៀបរៀងទុកក្នុងសៀវភៅព្រះរាជពង្សាវតារ (ស្យាម) ច្បាប់ព្រះរាជហត្ថលេខា ទំព័រ៣៧ដែលបោះពុម្ពកាលព.ស. ២៤៥៧ថា << ភូមិប្រទេសខ្មែរអំពីដើម តាំងនៅទីទាបខាងត្បូង តាំងអំពីស្រុកខ្មែរសព្វថ្ងៃនេះ ឡើងទៅតាមឆ្នេរសមុទ្រដរាបដល់ទន្លេវិស្ណុ (គឺម៉ែណាំថៅព្រះយ៉ាសព្វថ្ងៃនេះ ) រហូតទៅទល់នឹងប្រទេសមន១
សម័យនោះគ្មានសៀមនៅក្នុងរវាងកណ្ដាលដូច្នេះទេ ។ ខនេះគួរជឿយកជាពិតបាន ដោយភាសាអ្នកស្រុកដើមក្នុងទីអំបាលនេះ និយាយភាសាខ្មែរ សូម្បីស្វថ្ងៃនេះពួកមលៃយូ ក៏នៅប្រើភាសាខ្មែរបង្គាប់ដំរីទូទៅ ក៏ក្នុងផ្ទៃទីអំបាលនេះ មានបូរាណវត្ថុដែលខ្មែរសាងទុកនៅជាតឹកតាងច្រើន តែរបស់ទាំងនេះមានន័យគួរឲ្យសង្កេត គឺត្រើយខាងកើតនៃទន្លេវិស្ណុ ច្រើនសាងជាទេវស្ថានក្នុងសាសនាព្រាហ្មណ ត្រើយខាងលិចច្រើនសាងជាវត្ត នឹងព្រះចេតីយក្នុងព្រះពុទ្ធសាសនាលទ្ធិថេរវាទ តែដូច្នេះតាំងអំពីចុងដែនមលៃយូរហូតទៅ ទល់នឹងប្រទេសមន ។
៤ ក្នុងវេលានេះប្រទះឃើញបូរាណវត្ថុផ្សេងៗ ជារបស់ក្នុងព្រះពុទ្ធសាសនា នឹងជារបស់ក្នុងសាសនាព្រាហ្មណដែលស្គាល់បានថា សាងឡើងក្នុងសម័យនោះៗ មាននៅក្នុងតំបន់នោះៗគឺនៅស្រុកនគរបថម មានព្រះបថមចេតីយ៍ជារបស់បូរាណ ធ្វើដោយឥដ្ឋរូបសណ្ឋានដើមដូចគ្នានឹងព្រះចេតីយ៍សញ្ជីរបស់ព្រះបាទធម្មាសោក ចេតីយ៍នេះក្នុងសៀវភៅឈ្មោះបថមចេតីយ៍ ដែលចៅព្រះយ៉ាទិពាករវង្ស រៀបរៀងនឹងបោះពុម្ពកាលព.ស. ២៤៦៩ ក៏ថាខ្មែរបានកសាងឡើងម្ដង ។ នៅទីនោះគេបានជីកទៅប្រទះឃើញសិលារូបកងចក្រ គឺធម្មចក្រ នឹងពាក្យចារិកព្រះធម៌ជាភាសាមកធ, ព្រះទែនពុទ្ធអាសន, ស្នាមព្រះពុទ្ធបាទ, របស់អំបាលនេះគេសាងឡើងសម្រាប់បូជាតាំងអំពីសម័យមុនមានព្រះពុទ្ធរូប សមតាមពណ៌ដ៏មាននៃការស៊ើបសាសនារបស់អ្នកប្រាជ្ញបូរាណគតិ ក្នុងប្រទេសឥណ្ឌៀថា ក្នុងសម័យរជ្ជកាលព្រះបាទធម្មាសោករាជមិនទាន់មានប្រវេណីសាងព្រះពុទ្ធរូបនៅឡើយ មានសាងតែព្រះស្តូបចេតីយ៍ នឹងរបស់ជំនួសព្រះពុទ្ធរូបមានកងចក្រជាដើម ព្រះពុទ្ធរូបជារបស់ទើបសាងឡើងក្នុងជាន់ក្រោយ ដូចមានពោលក្នុងបរិច្ឆេទទី១០ ។ មួយទៀតបូរាណវត្ថុបែបដែលឃើញនៅព្រះបថមចេតីយ៍ មិនចំពោះមានតែនៅទីនោះមួយកន្លែងប៉ុណ្ណោះ មានផ្សាយមកក្នុងត្រើយខាងកើតទៀតជាច្រើនអន្លើ សៀមគេបានស្រាវជ្រាវរកទៅឃើញមានរាយមកក្នុងមណ្ឌលរាជបុរី មឿង សុពណ្ណបុរី នឹងមឿងលពបុរី ដែលជាទីក្រុងចាស់របស់ខ្មែរ មឿងនគររាជនឹងនគរភ្នំ ដែលជាអាណាខេត្តរបស់ខ្មែរក្នុងបូរាណសម័យ ។ នៅស្រុកនគរភ្នំសឹងតាំងនៅតាមឆ្នេរទន្លេខោង មានព្រះចេតីយ៍១អង្គហៅថា ព្រះធាតុភ្នំ ១
ពាក្យថា ព្រះធាតុភ្នំនេះក៏ជាពាក្យខ្មែរទៅហើយ ។ ជារបស់ខ្មែរសាងក្នុងសម័យជាន់ដើមបំផុត មុនសាងក្រុងមហិន្រ្ទបុរីជាច្រើនរយឆ្នាំ មានស្នារដៃមិនសូវល្អផ្ចិតផ្ចង់ មិនដូចស្នារដៃយកក្នុងសម័យសាងក្រុងមហិន្រ្ទបុរី ។
៥ តាមព្រះមតិព្រះបាទសម្ដេចព្រះមហាមកុដ (ព្រះចមក្លៅ ) នឹងក្រុមព្រះដាំរុងរាជានុភាពដែលរាប់ថាជាអ្នកប្រាជ្ញបូណគតិក្នុងទ្វីបនេះ ក៏ទ្រង់យល់ថាព្រះពុទ្ធសាសនាលទ្ធិថេរវាទបានផ្សាយមកក្នុងប្រទេសនេះតាំងអំពីសម័យព.ស. ២៣៦ ដល់៥០០ជាប្រាកដ ។ ព្រះបាទសម្ដេចព្រះចមក្លៅបានឲ្យចារិកទុកនៅព្រះបថមចេតីយ៍ថា មឿងនេះជាមឿងដែលបានទទួលព្រះពុទ្ធសាសនាមកប្រតិស្ឋាន តាំងអំពីសម័យព្រះបាទធម្មាសោក រាជបញ្ជូនព្រះថេរមកប្រកាសដូច្នេះ ។
ដោយហេតុអំបាលនេះ ទើបសន្និដ្ឋានថាក្នុងរវាងព.ស. ២៣៦ដល់៥០០ ព្រះពុទ្ធសាសនាលទ្ធិថេរវាទបានផ្សាយមកក្នុងប្រទេសកម្ពុជានេះហើយជាប្រាកដ ។ មិនតែក្នុងសម័យនេះ សូម្បីក្នុងសម័យក្រោយមក គឺពីព.ស. ៥០០ដល់១២០០ ក៏មានដំណឹងថាព្រះពុទ្ធសាសនាលទ្ធិនេះ មាននៅក្នុងប្រទេសកម្ពុជាដែរ គឺ :
១ កាលមានប្រវេណីសាងព្រះពុទ្ធរូបឡើងក្នុងប្រទេសឥណ្ឌៀ ពួកឥណ្ឌៀក៏នាំបែបនោះមកសាងទុកក្នុងប្រទេសសុវណ្ណភូមិនេះទៀត ពួកខ្មែរក៏បានទទួលរាប់អានប្រវេណីថ្មីនេះដែរ ខនេះយើងអាចសង្កេតដឹងបានដោយលក្ខណព្រះពុទ្ធរូបបូរាណ ដែលសាងឡើងជាដំបូងក្នុងប្រទេសនេះ យ៉ាងព្រះពុទ្ធរូបគ្រាសំដែងព្រះធម្មចក្រ គង់សំយុងព្រះបាទដូចយ៉ាងអង្គុយកៅអីជាដើម ជារបស់សាងមុនបង្អស់តាមបែបប្រទេសមគធ ដែលមានសាងឡើងក្នុងសម័យគុប្ដរាជវង្ស ប្រមាណព.ស. ៩០០ ក៏មកឃើញមាននៅក្នុងតំបន់ស្រុកអំបាលនេះ នៅវត្តព្រះបថមចេតីយ៍ក៏មានមួយអង្គដែរ ២
មានរូបថតនៅក្នុងសៀវភៅដំណាលពុទ្ធចេតីយ៍ ទំព័រ១៨០ ដែលខ្ញុំប្រែមកអំពីសៀវភៅសៀម ។ ។
២ ប្រាកដក្នុងរឿងចាមទេវីវង្ស ដែលព្រះពោធិរង្សីថេរ តែងជាភាសាមគធចំនួន៥ខ្សែ ថាក្នុងកាលព្រះមហាក្សត្រិយ៍ខ្មែរតាំងរាជធានីនៅស្រុកលវោ ទ្រង់ចាត់ព្រះរាជធីតាព្រះនាមចាមទេវីឲ្យទៅគ្រប់គ្រងស្រុក ហរិភុញ្ជៃយ ឬហៅថា ឡានណា ឥឡូវនេះនៅក្នុងអាណាខេត្តរបស់សៀមភាគខាងលើ ក្នុងកាលព.ស. ១២០០ គ្រាដែលព្រះនាងទៅបានទាំងនាំព្រះពុទ្ធសាសនាលទ្ធិថេរវាទទៅផ្សាយក្នុងប្រទេសនោះផង គឺព្រះនាងនិមន្តព្រះពុទ្ធរូប១អង្គទៅ សព្វថ្ងៃនេះនៅក្នុងវត្តមហាធាតុ មឿងលំភួន អ្នកស្រុកហៅថា << ព្រះលវោ >> តាមហេតុដែលនិមន្តទៅពីស្រុកលវោ វេលាព្រះនាងទៅគង់នៅទីនោះហើយ មានសាងវត្តព្រះស្តូបចេតីយ៍ ព្រះពុទ្ធរូបជាច្រើន ដូចមានប្រាកដក្នុងរឿងនោះស្រាប់ ។
៣ សិលាចារិកនៅស្រុកលវោ ជារបស់ដែលព្រះមហាក្សត្រិយ៍ខ្មែរចារិកទុក តែក្នុងពុទ្ធសករាជប៉ុន្មានមិនប្រាកដ ដោយប្រមាណមើលប្រហែលជាក្នុងរវាងព.ស. ១២០០ ដល់១៥០០ រួមសម័យជាមួយគ្នា នឹងព្រះនាមចាមទេវី វេលានេះសៀមនាំយកសិលាចារិកផែននោះ ទៅដំកល់ទុកនៅហោព្រះសមុតវជិរញាណ ក្រុងបាងកក ដាក់លេខ៩ជាសំគាល់សេចក្ដីក្នុងសិលាចារិកនោះនិយាយសរុបថា << គ្រានោះប្រទេសកម្ពុជា មានព្រះសង្ឃសមណវង្ស ទាំងនិកាយស្ថវីរទាំងនិកាយមហាយាន , ដូច្នេះ ។
ដោយគ្រឿងអាងទាំងនេះ ទើបនាំឲ្យខ្ញុំយល់ថា ព្រះពុទ្ធសាសនាលទ្ធិថេរវាទ ផ្សាយមកក្នុងប្រទេសកម្ពុជា មុនលទ្ធិអាចរិយវាទ តែកាលស្រាវជ្រាវរកបូរាណវត្ថុមកជាគ្រឿងប្រកបនេះឃើញ មានតែពីត្រឹមពាក់កណ្ដាលប្រទេសកម្ពុជាទៅខាងលើ ពាក់កណ្ដាលមកខាងក្រោម នោពុំទាន់បានប្រទះឃើញៗតែរបស់ក្នុងលទ្ធិអាចរិយវាទច្រើន ដូច្នេះគួរសន្និដ្ឋានថាលទ្ធិថេរវាទដែលផ្សាយមកក្នុងវេលានោះ ប្រហែលជាមិនបានផ្សាយទូទៅទាំងប្រទេស ផ្សាយមកតែក្នុងភាគខាងលើដោយច្រើន ព្រោះរាជធានីនោះតាំងនៅក្នុងស្រុកលើឯណោះ ។
ខ្ញុំបានពោលហើយក្នុងបរិច្ឆេទទី៣ថា ក្នុងរវាងព.ស. ៩០០ ដល់ ៩៤០លទ្ធិអារិយវាទបានផ្សាយចេញអំពីមជ្ឈឹមប្រទេសទៅក្នុងបច្ចន្តប្រទេសប៉ែកខាងកើត ដោយមានដំណឹងខាងឥណ្ឌៀថាក្នុងរជ្ជកាលព្រះចៅស្កន្ធគុប្ដ (ម. ខន្ធគុត្ត ) ដែលគ្រប់គ្រងឥណ្ឌៀខាងលើ ជាក្សត្រយ៍មានព្រះតេជានុភាពខ្លាំង ទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនា លទ្ធិអាចរិយវាទឲ្យរុងរឿងឡើង ហើយទ្រង់អារាធនាព្រះសង្ឃគណនេះ ឲ្យចេញទៅប្រកាសសាសនាក្នុងតាងប្រទេសទាំងឡាយ ។ ពួកដែលមកប្រទេសប៉ែកខាងកើត ចុះភេត្រាឆ្លងសមុទ្រឥណ្ឌៀមកឡើងនៅនគរស្រីវិជ័យខ្លះ ខ្លះរហូតមកឡើងនគរចម្ប៉ានឹងនគរកម្ពុជា ។ មួយពួកទៀតចេញអំពីប្រទេសគន្ធារទៅប្រទេសប៉ែរ្ស ឬដើរកាត់កណ្ដាលទ្វីបអាស៊ីទៅរហូតដល់ប្រទេសចិន ។ តែរឿងព្រះពុទ្ធសាសនាផ្សាយទៅប្រទេសចិន មានពោលក្នុងទីដទៃថា ក្នុងរជ្ជកាលព្រះចៅ ជិនស៊ីហង់តេ រវាងព.ស. ២៩៧ដល់៣៣៣ ចិនបានទទួលរាប់អានព្រះពុទ្ធសាសនាម្ដងហើយ ដោយពួកសមណជាតិតាតនាំទៅប្រកាសផ្សាយ ។
ចំណែកប្រទេសកម្ពុជាយើង បានទទួលរាប់អានពីកាលណា ជាខគួរឲ្យគិតមើល បើតាមដំណឹងខាងលើនេះក៏គួរជាថា ប្រទេសកម្ពុជាបានទទួលរាប់អានលទ្ធិអារិយវាទ តាំងពីរវាងព.ស. ៩០០ដល់៩៤០ នោះហើយបើគិតធៀបតាមព្រះរាជពង្សាវតារខ្មែរ ត្រូវនឹងរជ្ជកាលព្រះបាទកោណ្ឌញ្ញរាជ ដោយអនុមានមើល ក៏គួរជឿយកជាពិតបាន ព្រោះព្រះរាជាអង្គនេះចុះមកអំពីប្រទេសឥណ្ឌៀ កាលនៅឯប្រទេសដើមក៏គង់ជាធ្លាប់រាប់អានមកហើយ លុះលោកមកបានជាធំក្នុងប្រទេសនេះក៏គង់ជាទ្រង់ស្វះស្វែង រកយកមកបង្កើតឲ្យមានឡើងក្នុងប្រទេសរបស់ព្រះអង្គ ឬទទួលរាប់អានរបស់ដែលផ្សាយមកឯងក្នុងវេលានោះក៏ថាបាន ។ តាមសិលាចារិកនៅស្រុកស្រីលវោដែលពោលហើយក្នុងលើកទី២ ប្រមាណមើលប្រហែលជាក្នុងរវាង១២០០ដល់១៥០០ ថាមានលទ្ធិមហាយាននៅក្នុងប្រទេសនេះហើយ ខនេះគួរជឿយកជាពិតបាន ព្រោះមានវត្ថុជាតឹកតាងនៅក្នុងទីនោះមែន តែបើនឹងដេញដោលរកថា មានមកពីពុទ្ធសករាជប៉ុន្មាន គង់គ្មានអ្នកណាតបបាន ។ លុះមកដល់រជ្ជកាលព្រះបាទសម្ដេចព្រះជយវរម័ន មហារាជទី២ ព.ស១៣៤៥ ដរាបដល់រជ្ជកាលព្រះបាទសម្ដេចព្រះជយវរម័ន មហារាជទី៧ ព.ស ១៧០០ ប្លាយ ទើបឃើញថាលទ្ធិនេះចំរើនរុងរឿងជាយ៉ាងខ្លាំង ដោយមានបូរាណវត្ថុផ្សេងៗធ្វើអំពីថ្មនឹងសម្រឹទ្ធ ដែលជារបស់ក្នុងលទ្ធិនេះនៅមានដល់សព្វថ្ងៃនេះ គឺប្រាសាទបាយ័ន (ពីដើមជាអារាមស្ថានក្នុងលទ្ធិមហាយាន វេលាក្រោយព្រះបាទយសោវរម័ន ទ្រង់កែទៅជាទេវស្ថាន ) ប្រាសាទបាលេលៃយ ប្រាសាទពិធូរ៣នេះនៅក្នុងកំផែងក្រុងមហិន្រ្ទបុរី ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខាន់៦នេះនៅក្រៅកំផែងក្រុង, ប្រាសាទបន្ទាយនាង នៅខណ្ឌមង្គលបុរី ខែត្របាត់ដំបង អំបាលនេះជាដើម សុទ្ធតែជាអារាមស្ថានក្នុងលទ្ធិនេះ នៅមានរូបផ្សេងៗទៀត គឺរូបព្រះអាទិពុទ្ធ ឬព្រះអមិតាភ រូបព្រះភៃសជ្យគរុ ព្រះក្រិងព្រះបាដិហារ្យ ព្រះបីកាយ ព្រះពោធិសត្វលោកេស្វរ ព្រះបញ្ញាបារមិតា ។ល។ មាននៅក្នុងប្រាសាទដែលចេញឈ្មោះមកហើយខ្លះ មាននៅក្នុងទីដទៃខ្លះ គាថានមស្សការព្រះអាទិពុទ្ធ ព្រះលោកេស្វរ ព្រះបញ្ញាបារមិតាជាភាសាសំស្ក្រឹត មាននៅប្រាសាទបន្ទាយនាង ។ ចំណែកឯក្នុងស្រុកចាស់របស់ខ្មែរអំពីដើមមានស្រុកស្រីលវោជាដើម ក៏មានរបស់ទាំងនេះដែរ ។ ឯក្បួនខ្នាតរបស់លទ្ធិនេះសាបសូណ្យទៅស្ទើរតែគ្មានសល់ សព្វថ្ងៃនេះឃើញមានគម្ពីរ១ឈ្មោះបញ្ចគតិ ដែលព្រះអស្វឃោសតែងនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា ។
សូមឲ្យជ្រាបថា ក្នុងរវាងពេលដែលលទ្ធិមហាយានមកប្រតិស្ឋានប្រមាណ៦០០ប្លាយឆ្នាំនោះ ប្រទេសយើងចំរើនរុងរឿងជាបំផុត ព្រះមហាក្សត្រិយ៍សុទ្ធតែទ្រង់នូវព្រះតេជានុភាព ឯព្រះពុទ្ធសាសនាលទ្ធិមហាយាននោះ ក៏រុងរឿងណាស់ ដូចមានបូរាណវត្ថុដែលពោលមកហើយជាតាងស្រាប់ទាំងសាសនាព្រាហ្មណ ក៏ត្រឡប់រុងរឿងណាស់ដែរ ប្រហែលគ្នានឹងលទ្ធិមហាយានឬជាង តែបើសង្កេតមើលរបស់ដំណែលដែលសាងនៅក្នុងខែត្រផ្សេងៗ ក្រៅអំពីក្រុងទៅ ឃើញថាសាសនាព្រាហ្មណរុងរឿងជាង ព្រោះឃើញមានវត្ថុក្នុងលទ្ធិនេះរាយទូទៅក្នុងអាណាចក្រកម្ពុជាទាំងមូល ឯរបស់ក្នុងលទ្ធិមហាយានឃើញមាននៅក្រុងមហិន្រ្ទបុរីនោះច្រើន ក្រៅពីនោះឃើញមាននៅក្នុងទីរួមខែត្រកំពង់ធំខ្លះ ទីរួមខែត្របាត់ដំបងខ្លះ នឹងស្រុកស្រីលវោខ្លះប៉ុណ្ណោះ ។ ព្រះមហាក្សត្រិយ៍ក្ដី រាស្រ្តទាំងពួងក្ដី អង្គខ្លះនឹងអ្នកខ្លះរាប់អានសាសនាព្រាហ្មណ អង្គខ្លះនឹងអ្នកខ្លះរាប់អានព្រះពុទ្ធសាសនាលទ្ធិអាចរិយវាទ អង្គខ្លះនឹងអ្នកខ្លះរាប់អានទាំងពីរយ៉ាងជាមួយគ្នា ខនេះសូមឲ្យអ្នកសិក្សាបូរាណគតិពិនិត្យមើលបូរាណវត្ថុ ដែលសាងក្នុងសម័យនោះនឹងអាចដឹងបាន ។ ន័យមួយទៀតសម្រាប់សេចក្ដីយល់របស់ខ្ញុំថា ក្នុងពេលនោះសូម្បីលទ្ធិថេរវាទក៏មានក្នុងប្រទេសកម្ពុជានេះដែរ តែប្រហែលជាស្ដួចស្ដើងបន្តិចព្រោះមិនសូវមានមនុស្សជ្រះថ្លារាប់អាន ដោយឃើញមានអារាមស្ថានដ៏ជាដំណែលក្នុងលទ្ធិនេះ មានវត្តគោកធ្លកជាដើមដ៏មានសន្លឹកសីមាថ្មជាសំគាល់ សឹងមាននៅក្នុងក្រុងមហិន្រ្ទបុរី នឹងសិលាចារិកនៅស្រុកស្រីលវោ ក៏ថាមានទាំងលទ្ធិស្ថវីរទាំងលទ្ធិមហាយាននឹងរឿងចាមទេវីវង្សថា ព្រះនាងជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានសាងព្រះអារាម នឹងព្រះស្តូបចេតិយ៍នៅស្រុកហិរភុញ្ជៃយ កាលត្រួតមើលបូរាណវត្តក្នុងទីនោះហើយ ឃើញមានសុទ្ធតែរបស់ក្នុងលទ្ធិថេរវាទ របស់ក្នុងលទ្ធិអាចរិយវាទគ្មានសោះ អំបាលនេះជាដើមជាគ្រឿងអាង ទើបនាំឲ្យសន្និដ្ឋានទៅដូច្នោះ ហើយលទ្ធិនេះដំណសមវង្សមកអំពីព្រះសោណថេរ នឹងព្រះឧត្ដរថេរដែលប្រកាសសាសនាក្នុងដែនសុវណ្ណភូមិនេះឯង មិនមែនផ្សាយមកអំពីប្រទេសដទៃក្រៅនេះ ។
កាលកន្លងទៅប្រមាណជាព.ស. ១៧៥០ ព្រះពុទ្ធសាសនាលទ្ធិមហាយានក្នុងប្រទេសកម្ពុជា ក៏រៀវរោយថយចុះទាល់តែផុតវង្ស លទ្ធិហីនយានត្រឡប់រុងរឿងជាជំនួសឡើងវិញ ។ គួរឲ្យពិចារណាមើលថា ខ្មែរយើងធ្លាប់រាប់អានលទ្ធិមហាយានមកយូរហើយ ក៏ហេតុម្ដេចទើបលើកលែងរាប់អានតាមផ្លូវដែលបានពិនិត្យទៅហើយឃើញថា :
១ ដោយខ្មែរយើងបានព្រះត្រៃបិដកបែបលង្កា ដែលជារបស់ត្រឹមត្រូវបំផុតមករៀនសូត្រ ។
២ ដោយមានពួកបព្វជិតខ្មែរ ចេញទៅស៊ើបព្រះពុទ្ធសាសនាក្នុងលង្កាទ្វីប កាលឃើញរបៀបគេល្អ ក៏សិក្សាហើយនាំមកផ្សាយក្នុងប្រទេសរបស់ខ្លួន ឬមានទាំងព្រះសង្ឃលង្កាឯង មកនៅក្នុងប្រទេសនេះក៏ថាបាន ។
អធិប្បាយក្នុងខអំបាលនេះទៅទៀត តាមដំណើរដើមថាក្នុងរជ្ជកាលព្រះបាទអនុរុទ្ធ ព្រះចៅរាជាធិរាជភូមា គ្រប់គ្រងរាជសម្បត្តិនៅក្រុងអរិមទ្ទបុរី ក្នុងកាល ព.ស. ១៦០០ជាធម្មិរាជ ទ្រង់ទំនុកបំរុងព្រះពុទ្ធសាសនាលទ្ធិថេរវាទ ឲ្យរុងរឿងឡើងក្នុងប្រទេស តែក្នុងដែនសុវណ្ណភូមិគ្មានប្រទេសណាមានព្រះត្រៃបិដកចប់បរិបូណ៌ ហេតុនោះព្រះបាទអនុរុទ្ធទើបត្រាស់បញ្ជូនសមណទូតឲ្យទៅសុំចំឡងព្រះត្រៃបិដកឯលង្កាទ្វីប ខណដែលចំឡងស្រេចហើយដាក់សំពៅនាំមកព្រះនគរវិញ មានដំណឹងតាមក្នុងព្រះរាជពង្សាវតារខ្មែរយើងថា សំពៅដែលនាំព្រះត្រៃបិដកនឹងព្រះពុទ្ធរូបកែវមារកតនោះ ត្រូវខ្យល់ព្យុះបក់មកជាប់នៅក្នុងអាណាខែត្រកម្ពុជា ក្រម្ការខែត្ររើសបាននាំយកទៅថ្វាយព្រះមហាក្សត្រិយ៍ សឹងវេលានោះគង់នៅក្រុងមហិន្រ្ទបុរីតែក្នុងរជ្ជកាលណាមិនអាចដឹងបានប្រាកដ ក្នុងព្រះរាជពង្សាវតារថា ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យកោរព្យរាជ តែដាក់សករាជខុសគ្នាឆ្ងាយ បើដោយអនុមានមើលប្រហែលជាក្នុងរជ្ជកាលព្រះបាទសូរ្យវរម័នទី២ ព្រោះពុទ្ធសករាជនៅក្នុងរវាងជិតគ្នាត្រាស់ឲ្យហែរហមនាំយកទៅប្រតិស្ឋាន ទុកនៅប្រាសាទនគរតូច ហើយឧទ្ទិស្សនគរតូចនោះថ្វាយជាវត្តក្នុងព្រះពុទ្ធសាសនាទៅវិញ ទើបនាំគ្នាហៅថានគរវត្តជាប់តាំងអំពីនោះមក គ្រានោះត្រាស់ឲ្យចារចំឡងព្រះត្រៃបិដកអំពីច្បាប់អក្សរភូមានោះ ដាក់មកជាអក្សរខ្មែរ ឲ្យចារិកទុកនៅក្របសាស្រ្តាខ្មែរគ្រប់គម្ពីរថា << កម្ពុជក្សរន្វាត >> អក្សរខ្មែរនៅប្រាសាទនគរវត្ត >> ជាគ្រឿងសំគាល់សឹងមាននៅដល់សព្វថ្ងៃនេះ ប្រទេសកម្ពុជារាប់ថា មានព្រះត្រៃបិដកចប់គ្រប់បរិបូណ៌ពីត្រឹមនោះមក វេលាក្រោយសេចក្ដីនោះជ្រាបដល់ព្រះបាទអនុរុទ្ធៗ ទ្រង់ឲ្យមកសុំព្រះត្រៃបិដកច្បាប់អក្សរភូមានោះទៅវិញ ទុកតែព្រះកែវមារកតថ្វាយព្រះមហាក្សត្រយ៍ខ្មែរ ដោយទ្រង់អំណរគុណដែលបានរើសព្រះត្រៃបិដកទុក ។ ព្រះកែវមារកតដំបូងចេញពីឥណ្ឌៀទៅលង្កា ចេញអំពីលង្កាមកស្ថិតនៅក្នុងប្រទេសកម្ពុជា វេលាក្រោយបានទៅលាវ របូតពីលាវបានទៅសៀមនៅដល់សព្វថ្ងៃនេះ ។ កាលខ្មែរយើងបានព្រះត្រៃបិដកមកជាសម្បត្តិដ៏ប្រសើរ ក្នុងព្រះនគរដូច្នោះហើយ ប្រជាជនទាំងឡាយមានភិក្ខុសង្ឃជាដើម កើតជ្រះថ្លានាំគ្នាសិក្សារៀនសូត្រព្រះត្រៃបិដកបែបថ្មីនោះ ។ តាមសេចក្ដីក្នុងសិលាចារិកមួយកន្លែងនោះថា ព្រះនាងជ័យរាជទេវីអគ្គមហេសីសម្ដេចព្រះជយវរម័នទី៧ ចេះព្រះត្រៃបិដកបានទ្រង់ប្រដៅគម្ពីរពុទ្ធសាសនានៅវត្តនាគេន្រ្ទ១ វត្តតិលកោត្ដរ១ វត្តនរេន្រ្ទាស្រម១ តែជាគម្ពីរខាងលទ្ធិមហាយាន ឬខាងលទ្ធិមហាយានក្នុងទីនោះមិនបានចង្អុលឲ្យច្បាស់ តាមផ្លូវសន្និដ្ឋានគួរជាខាងលទ្ធិហីនយាន ព្រោះក្នុងពេលនោះលទ្ធិមហាយានរៀវរោយចុះហើយគ្មានអ្នកណាសាងវត្តវ៉ាឡើយ ដោយហេតុនេះលទ្ធិមហាយានទើបសាបសូណ្យទៅ ។
ក្រោយនោះមកទៀត ក្នុងកាលព.ស. ១៦៩៦ ព្រះចៅបរក្កមពាហុ ទ្រង់កំចាត់ពួកទមិឡចេញអំពីលង្កាទ្វីបបានត្រឡប់វាយបានទាំងស្រុកទមិឡមកផង ស្រេចព្រះរាជសង្គ្រាមហើយ ទ្រង់អារាធនាព្រះសង្ឃ មានព្រះមហាកស្សបត្ថេរជាប្រធាន ធ្វើសង្គាយនាធម្មវិន័យ រាប់ជាសង្គាយនាគ្រាទី៧ នឹងទ្រង់ទំនុកបំរុងដោយផ្លូវដទៃៗទៀតជាច្រើន អំពីនោះមកក៏មានកិត្តិសព្ទនោះល្បីយខ្ចរខ្ចាយមកក្នុងប្រទេសសុវណ្ណភូមិ គ្រានោះមានភិក្ខុក្នុងប្រទេសភូមា មន លាវ ខ្មែរ ចេញទៅស៊ើបសាសនានៅលង្កា កាលទៅឃើញវត្តប្រណិបត្តិរបស់ព្រះសង្ឃលង្កាតាមបែបដែលជំរះថ្មី ក៏កើតសេចក្ដីជ្រះថ្លាសុំសិក្សារៀនសូត្រ តែគ្រានោះព្រះសង្ឃលង្កាកើតសេចក្ដីរង្កៀសថា សមណវង្សក្នុងនានាប្រទេសបែកញែកគ្នាមកយូរណាស់ហើយ មិនទុកចិត្តក្នុងវិហារធម៌របស់ព្រះសង្ឃតាងប្រទេស ទើបណែនាំឲ្យឧបសម្បទាឡើងជាថ្មី ទើបព្រមឲ្យរួមឧបោសថសង្ឃកម្ម ពួកភិក្ខុតាងប្រទេសក៏ព្រមធ្វើតាមវិធីញត្តិឡើងជាថ្មីរាប់ថា មានតាំងអំពីនោះជាដើមមក ភិក្ខុអំបាលនោះនៅសិក្សាលទ្ធិធម្មវិន័យយ៉ាងលង្កាតាមសមគួរហើយ ក៏ត្រឡប់មកកាន់ស្រុកទេសរបស់ខ្លួនវិញ ជួនកាលបបួលទាំងព្រះសង្ឃលង្កាមកជាមួយផងក៏មាន ដូចមានប្រាកដក្នុងសិលាកល្យាណីនោះស្រាប់ កាលមកដល់ស្រុកទេសរបស់ខ្លួនហើយ អ្នកស្រុកឃើញកិរិយាប្រព្រឹត្តត្រឹមត្រូវល្អជាងព្រះសង្ឃដើមក្នុងប្រទេសក៏កើតជ្រះថ្លា នាំយកកូនចៅទៅទុកឲ្យនៅរៀនសូត្រក្នុងសំណាក់ព្រះសង្ឃលង្កាវង្សច្រើនឡើងៗដោយលំដាប់ ។ ពោលចំពោះព្រះសង្ឃខ្មែរដែលបានចេញទៅសិក្សាធម្មវិន័យឯលង្កាប៉ុន្មានលើក ប៉ុន្មានដង ឈ្មោះអ្វីខ្លះនោះមិនអាចដឹងបានសព្វគ្រប់ ដឹងបានតែ១រឿងដែលមានពោលក្នុងសិលាកល្យាណីថា ព្រះតាមិល្ទថេរជារាជបុត្រស្ដេចខ្មែរទៅរៀនសូត្រនៅលង្កាទាល់តែបានពហូសូត្រ ហើយត្រឡប់មកស្រុកវិញជាមួយនឹងភិក្ខុជាតិមន ឈ្មោះឆបដថេរ ។ ចំណែកឯព្រះសង្ឃលង្កាមកនៅក្នុងប្រទេសកម្ពុជា មានពោលក្នុងព្រះរាជពង្សាវតារកម្ពុជាថា ព្រះមហាក្សត្រិយ៍ខ្មែរ ឲ្យទៅនិមន្តព្រះសង្ឃលង្កាមក៧អង្គ ហើយទ្រង់តាំងឲ្យមានសមណជាត្រទូងរ័តន៍ (រាជាគណ ) ទាំង៧អង្គគឺជាសម្ដេចព្រះសុគន្ធាធិបតី១ ព្រះមង្គលទេព្វាចារ្យ១ ព្រះធម្មលិក្ខិត១ ព្រះពោធិវង្ស១ ព្រះវនរ័តន៍១ ព្រះមហាព្រហ្មមុនី១ ព្រះមហាពិមលធម្ម១ ព្រះថេរទាំង៧អង្គនេះនៅក្នុងប្រទេសកម្ពុជារហូតទៅ មិនឮថាត្រឡប់ទៅលង្កាវិញទេ ។ ព្រះថេរអំបាលនេះមកក្នុងរជ្ជកាលណា មិនអាចដឹងបានជាប្រាកដ តែក្នុងព្រះរាជពង្សាវតារថា មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា តាមផ្លូវពិចារណាឃើញថា មិនមែនមកក្នុងរជ្ជកាលនោះ ព្រោះក្នុងរជ្ជកាលនោះកំពុងរាប់អានលទ្ធិមហាយានពេញបន្ទុក លទ្ធិមហាយានកំពុងរុងរឿង ម្ដេចក៏ទៅនិមន្តពួកហីនយានិកនិកាយមកធ្វើអ្វី១ទៀត ក្នុងសម័យនោះមិនទាន់មានប្រវេណីតាំងសមណសក្តិព្រះសង្ឃផង បើថាមកក្នុងសម័យនេះទើបត្រូវ ។ ក្នុងងារអំបាលនេះងារថាព្រះវនរ័តន៍នេះ កើតឡើងក្នុងប្រទេសលង្កាជាដំបូង កាលព្រះសង្ឃលង្កាវង្សផ្សាយមកក្នុងប្រទេសកម្ពុជា នឹងក្នុងប្រទេសសៀម ខ្មែរសៀមក៏តាំងងារនេះឡើងតាមយ៉ាងលង្កា ក្នុងរជ្ជកាលព្រះបាទភូវនេកពាហុ ទ្រង់ព្រះរាជទាននាមព្រះសង្ឃ មន១អង្គជាព្រះសិរិវនរតនសាមិ ដូចមានក្នុងសិលាកល្យាណី ។
ផ្លូវដែលនឹងស្រាវរកទៅទៀតឲ្យឃើញថា ព្រះសង្ឃលង្កាវង្ស ផ្សាយមកក្នុងប្រទេសនេះមែន គឺព្រះសង្ឃលង្ការង្គៀសព្រះសង្ឃនានា ប្រទេសដូចដែលពោលហើយ ក្នុងវិធីញតិ្តកាលព្រះសង្ឃលង្កាវង្សផ្សាយមកក្នុងប្រទេសនេះ មិនបានរួមឧបោថសង្ឃកម្ម នឹងព្រះសង្ឃស្រុកអាយនេះកើតជាព្រះសង្ឃ២ពួក គឺនិកាយដើម១ និកាយលង្កាវង្ស១ តែជានិកាយហីនយានដូចគ្នា សូម្បីក្នុងប្រទេសភូមា មន លាវ សៀម ក៏ជា២និកាយដូច្នេះ ហេតុនេះប្រហែលជាមានពិធីញត្តិព្រះសង្ឃនិកាយដើម និងបញ្ចុះសីមាវត្តចាស់ៗខ្លះឡើងទៀត ដោយវត្តបូរាណក្នុងក្រុងចាស់ៗច្រើនតែមានសន្លឹកសីមា២ជាន់ ។ រឿងសីមា២ជាន់នេះតាមព្រះមតិរបស់សម្ដេចព្រះមហាសមណក្រម ព្រះយ៉ាវជិរញាណ នឹងក្រមព្រះដាំរុងរាជានុភាពថា កាលដើមគង់បញ្ចុះសីមាមួយៗដូចគ្នាទាំងអស់ លុះពួកលង្កាវង្សចូលមកតាំងរង្គៀសទាំងខ្លួន ទាំងការងាររបស់និកាយដើម ទើបព្រះមហាក្សត្រិយ៍ទ្រង់អរាធនាព្រះសង្ឃលង្កាវង្ស ឲ្យធ្វើសីមាបណ្ដាវត្តហ្លួងថែមម្ដងទៀត ដើម្បីឲ្យធ្វើសង្ឃកម្មបានទាំងនិកាយដើម ទាំងនិកាយលង្កាវង្ស វត្តណាដែលធ្វើសីមាថែមទៀត ហើយវត្តនោះតោងមានសីមាគូជាសំគាល់ ហេតុនោះវត្តដែលមានសីមាគូ ឃើញសុទ្ធតែវត្តស្ដេច ចំណែកឯវត្តរាស្រ្តឃើញមានសន្លឹកសីមារៀងមួយៗដូចសព្វដង ។ អំណិសយូរមកក៏រួមគ្នាជានិកាយតែមួយទៅវិញ ដោយសេចក្ដីសាមគ្គីគ្នា ។
ចំណែកឯសៀមតាំងអំពីដើមមក នៅក្នុងអំណាចប្រទេសកម្ពុជាជាច្រើនរយឆ្នាំ រវាងដែលនៅក្នុងអាណាព្យាបាលខ្មែរនោះ ខ្មែរកាន់សាសនាព្រាហ្មណ សៀមក៏កាន់សាសនាព្រាហ្មណតាមខ្មែរកាន់ព្រះពុទ្ធសាសនាលទ្ធិមហាយាន សៀមក៏កាន់ព្រះពុទ្ធសាសនាលទ្ធិមហាយានតាម ខ្មែរកាន់ព្រះពុទ្ធសាសនាលទ្ធិហីនយាន សៀមក៏កាន់ព្រះពុទ្ធសាសនាលទ្ធិហីនយានតាម លុះមកដល់ព.ស. ១៨០០ សៀមតាំងខ្លួនជាឯករាជឡើងបានក្នុងប្រទេសកម្ពុជា គឺតាំងនៅស្រុកសុខោទៃយ សូម្បីតាំងខ្លួនបានដូច្នោះ សៀមក៏នៅនិយមរាប់អានក្នុងសេចក្ដីអារ្យធម៌របស់ខ្មែរ ព្រោះខ្មែរជាអារ្យជាតិមកយូរហើយ គឺលទ្ធិទំនៀមទម្លាប់ក្ដី ប្រវេណីក្ដី សាសនាក្ដី សៀមយកដម្រាប់តាមខ្មែរទាំងអស់ រហូតដល់ទៅអក្សរនឹងភាសាក៏នៅប្រើរបស់ខ្មែរ ដូចមានសិលាចារិកនៅក្រុងសុខោទៃយជាសាក្សីស្រាប់ លុះដល់ព.ស. ១៨២៩ ស្ដេចសៀមឈ្មោះឃុនរាមកំហែង គិតធ្វើបែបអក្សរសៀមឡើងជាដំបូង បែបអក្សរនោះក៏ប្រឌិតយកជើងអក្សរខ្មែរ ទៅធ្វើជាតួអក្សរសៀមនោះឯងដោយច្រើន កាលកើតអក្សរសៀមហើយ សៀមក៏មិនសូវប្រើអក្សររបស់ខ្លួនក្នុងគម្ពីរធម៌អាថ៌ក្ដី ក្បួនខ្នាតអ្វីៗក្ដី ជាភាសាមគធក្ដី ជាសម្រាយក្ដី ឃើញប្រើតែអក្សរខ្មែរដោយច្រើន រហូតមកដល់វេលាដែលតាំងក្រុងទេពសព្វថ្ងៃនេះ ។
កាលសៀមតាំងឥស្សរភាពបានហើយ ក៏លើកកងទ័បមកញាំញីប្រទេសកម្ពុជាជាច្រើនដងព្រោះកាលផុតរាជវង្សវរម័នមកហើយ ប្រទេសកម្ពុជាថយអំណាចចុះ ដូចយ៉ាងក្នុងកាលព.ស. ១៨៩៥ ក្នុងរជ្ជកាលព្រះបរមលម្ពង្សរាជាទី១០ ក្នុងបរមនាថរាជវង្ស នឹងក្នុងរជ្ជកាលព្រះធម្មាសោករាជ ព.ស.១៩១៥ សិងសោយរាជ្យនៅក្នុងក្រុងមហិន្រ្ទបុរីនៅឡើយ កងទ័បសៀមបានមកញាំញីជញ្ជូនយកទ្រព្យសម្បត្តិអំពីប្រទេសកម្ពុជាទៅជាអនេក ដូចយ៉ាងគម្ពីរព្រះត្រៃបិដក តម្រាប់តម្រាផ្សេងៗ គ្រឿងរាជ្យ គ្រឿងអាវុធយុទ្ធភណ្ឌ នឹងកៀរកោយយកមនុស្សប្រុសស្រីទៅជាឈ្លើយច្រើនពន់ប្រមាណ យកបានទាំងអាណាខែត្ររបស់ខ្មែរ ទៅជាងពាក់កណ្ដាល កាលខ្មែរថយមកតាំងក្រុងនៅបន្ទាយល្វែកហើយ ក៏តាមមកកំទេចទៀតជាច្រើនលើក ហេតុនោះប្រទេសកម្ពុជាទើបធ្លាក់ទៅជាប្រទេសទន់ទាប ព្រះត្រៃបិដកក៏មានមិនគ្រប់ ព្រោះសៀមជញ្ជូនយកទៅជាសម្បត្តិរបស់គេអស់ ទោះបីម្ល៉ឹង ការព្រះសាសនាក្នុងសម័យនេះ រាប់ថាជាទី២រងប្រទេសសៀមចុះមកប្រទេសក្រៅអំពីនេះជាទី៣ ទី៤ រងខ្មែរទៅទៀត ។
រួមបែបលក្ខណព្រះពុទ្ធរូប នឹងពោធិសត្តរូប
ក្នុងលទ្ធិមហាយាន
តាមដែលបានពិនិត្យទៅឃើញថា ពួកមហាយានិកនិកាយក្នុងប្រទេសគន្ធារជាដើម បានសាងបែបព្រះពុទ្ធរូបនឹងពោធិសត្តរូបទុក ក្នុងសម័យព្រេងនាយជាច្រើនបែប មានលក្ខណាការផ្សេងគ្នាដូច្នេះ ។
១គ្រាភូមិស្បស៌មុទ្រ ធ្វើជាព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន ព្រះហស្តឆ្វេងដាក់ផ្ងាលើព្រះជង្ឃ (ជង្គង់ ) ខាងឆ្វេង, ព្រះហស្តស្ដាំដាក់ផ្កាប់លើព្រះជង្ឃខាងស្ដាំ ចុងព្រះអង្គុលីចង្អុលចុះទៅផែនដី។ ធ្វើដំណាលកាលព្រះអង្គគង់នៅលើរតនបល្ល័ង្កក្រោមដើមពោធិព្រឹក្ស ទ្រង់ផ្ចាញ់មារាធិរាជ ដែលមកប្រវញ្ចន៍ច្បាំងដណ្ដើមយករតនបល្ល័ង្កថាជារបស់ខ្លួន កាលនឹងពិសោត្យរកតឹកតាងថា អ្នកណាជាម្ចាស់ដោយពិត ទើបទ្រង់ផ្សងចង្អុលទៅផែនដី ដើម្បីយកនាងទេពធរណីដែលរក្សាផែនដី ជាសាក្សីក្នុងរឿងនេះ ។
២គ្រាធ្យានមុទ្រ ធ្វើជាព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន ព្រះហស្តទាំងពីរដាក់ផ្ងាដម្រួតគ្នាលើព្រះភ្នែនពីខាងមុខ ជាកិរិយាសមាធិ ។ ធ្វើដំណាលកាលព្រះមហាសត្តធ្វើសមាធិចំរើនអនាបានសតិកម្មដ្ឋាន បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ នៅក្រោមដើមពោធិព្រឹក្ស ។
៣គ្រាអភយមុទ្រ ធ្វើជាព្រះពុទ្ធរូបឈរក៏មាន គង់ពត់ព្រះភ្នែនក៏មាន បើជាព្រះរូបឈរ ធ្វើព្រះហស្តខាងឆ្វេងសំយោកចុះក្រោម ព្រះហស្តស្ដាំលើករាស្មើព្រះឧរា, បើជាព្រះរូបគង់ពត់ព្រះភ្នែន ព្រះហស្តឆ្វេងដាក់ផ្ងាលើព្រះភ្នែន ព្រះហស្តស្ដាំរាដូចមុន តាមគតិឥណ្ឌៀ សូម្បីរាព្រះហស្តទាំងពីរក៏ហៅថាអភយមុទ្រដែរ ។ ធ្វើដំណាលកាលព្រះសាស្ដាបានត្រាស់ឡើងហើយ ស្ដេចចារិកទៅក្នុងលោកដើម្បីប្រោសសត្វ សូម្បីលោកនេះប្រកបដោយភ័យអន្តរាយច្រើន ក៏ព្រះអង្គឥតភ្លឹកឬសត្វលោកណាមួយគិតប្រទុស្តរាយព្រះអង្គៗ ក៏មិនប្រកាន់យកទោសភ័យល់អ្នកនោះ ។
៤គ្រាចក្រមុទ្រ ធ្វើជាព្រះពុទ្ធរូបគង់ពត់ព្រះភ្នែនក៏មាន គង់សំយុងព្រះបាទដូចអង្គុយកៅអីក៏មាន ព្រះហស្តស្ដាំលើកស្មើព្រះឧរា ហើយជីបម្រាមព្រះហស្តពីរជាវង់មូលដូចរូបកង់ចក្រ ព្រះហស្តឆ្វេងដាក់ផ្ងាលើព្រះភ្នែនក៏មាន ចាប់ជាយចីវរក៏មានៈម្យ៉ាងទៀត ធ្វើព្រះហស្តទាំងពីរជាកិរិយាចាប់កង់ចក្របង្វិល ជួនកាលគេធ្វើរូបគ្រឿងប្រកប ជារូបកង់ចក្ររូបម្រឹគនៅព្រៃ ឥសិមតនមិគទាយវ័ន នឹងរូបភិក្ខុបញ្ចវគ្គីយ៍ ។ ធ្វើដំណាលកាលព្រះបរមសាស្ដា ទ្រង់សំដែងព្រះធម្មចក្រ ដ៏ជាបថមទេសនា ប្រោសបញ្ចវគ្គីយ៍នៅព្រៃឥសិបតនមិគទាយវ័ននាដំបន់នគរពារាណសី ។
៥គ្រាវរមុទ្រ ធ្វើជាព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន ក៏មានឈរក៏មាន បើជារូបគង់ពត់ព្រះភ្នែនធ្វើព្រះហស្ដស្ដាំលាតផ្ងាគងលើព្រះជង្ឃខាងស្ដាំ តែហុចចេញទៅមុខបន្តិច ជាកិរិយាទទួលត្រងព្រះហស្ដឆ្វេងច្រត់ផ្កាប់លើព្រះជង្ឃឆ្វេង បើជារូបឈរ ធ្វើព្រះហស្ដស្ដាំហុចផ្ងាចេញទៅមុខ ជាកិរិយាទទួលត្រងដូចមុន ព្រះហស្ដឆ្វេងសំយោកស្ងៀមតាមធម្មតា ។ ធ្វើដំណាលកាលព្រះសាស្ដាលាតព្រះហស្ដផ្ងា ឲ្យទានបតីច្រួចទឹកទក្សិណោទក ដាក់លើបាតព្រះហស្ដតាមទំនៀមស្រុកទេស ក្នុងកាលដែលគេថ្វាយវត្ថុឯណានីមួយ ដូចយ៉ាងកាលព្រះបាទពិម្ពិសារថ្វាយសួនវេឡុវនជាពុទ្ធវិហារជាដើម កាលទ្រង់ទទួលដោយអាការយ៉ាងនេះហើយ ក៏ទ្រង់អនុមោទនាប្រទានពរតាមសមគួរ ។
៦គ្រាវិតក៌មុទ្រ ធ្វើជាព្រះពុទ្ធរូបឈរ ព្រះហស្ដទាំងពីរឱបព្រះឧរា ជាកិរិយារំពឹង ។ ធ្វើដំណាលកាលព្រះសាស្ដាគង់នៅវេឡុវនវិហារទ្រង់ព្រះឈួនធ្ងន់ ទាល់តែព្រះឥន្រ្ទមកបំរើព្រះវល័ញ្ជ ក្រោយនោះទ្រង់ចំរើនព្រះឥទ្ធិបាទធម៌ទាំង៤ទៅព្រះរោគក៏រម្ងាប់បង់ ។ (នាមព្រះពុទ្ធរូបបែបចាស់ដែលពួកឥណ្ឌៀលើសាងឡើង ឃើញមានប្រើពាក្យថា មុទ្រ ប្រកបខាងចុងនាមតែត្រឹម៦គ្រាប៉ុណ្ណោះ ពាក្យនេះជាភាសាសំស្រ្កឹតប្រែថា ម្រាមដៃ ដោយអធិប្បាយថាមានម្រាមដៃជាគ្រឿងសំគាល់ត្រូវនឹងពាក្យមគធថា មុទ្ទសញ្ញា វេលាប្រកបចូលនឹងសព្ទដទៃ គាប្បីប្រែអនុរូបទៅតាមសព្ទនោះផង ដូចយ៉ាងពាក្យថា ភូមិស្បស៌មុទ្រ ប្រែថាមានម្រាមដៃចង្អុលទៅផែនដី ដូច្នេះជាតួយ៉ាង ។
៧គ្រាលេលា ឬហៅគ្រាយាងយាស ធ្វើជាព្រះពុទ្ធរូបឈានព្រះបាទយាង គឺឈានព្រះបាទខាងស្ដាំមុន បង្ហើបកែងព្រះបាទខាងឆ្វេងបន្តិច ព្រះហស្ដធ្វើជាកិរិយាបង្ឃោយ ជួនកាលគេធ្វើជាលើកព្រះហស្ដស្ដាំបែបរា បង្ហោយតែព្រះហស្ដឆ្វេង ។ ធ្វើដំណាលកាលព្រះសាស្ដាស្ដេចយាងទៅក្រុងកបិលពស្តុជាដំបូង ដោយនិមន្តនកិច្ចនៃព្រះពុទ្ធបិតា ដែលត្រាស់ប្រើកាឡុទាយីអាមាត្យឲ្យមកនិមន្ត ។
៨គ្រាឱបបាត្រ ធ្វើជាព្រះពុទ្ធរូបឈរ ព្រះហស្តទាំងពីរទ្រង់ឱបបាត្រតាមបែបឥណ្ឌៀ ធ្វើជាគង់ពត់ព្រះភ្នែនឱបបាត្រក៏មាន ។ ធ្វើដំណាលកាលព្រះសាស្ដាស្ដេចយាងទៅក្រុងកបិលពស្តុជាដំបូង ដោយព្រះពុទ្ធបិតាត្រាស់ប្រើកាឡុទាយីអាមាត្យឲ្យមកនិមន្ត កាលស្ដេចដល់ក្រុងកបិលពស្តុហើយ ក៏ទ្រង់ឱបបាត្រគោចរបិណ្ឌបាតតាមដំណាក់ ព្រះរាជវង្សានុវង្សរៀងៗទៅ ដរាបដល់ដំណាក់ព្រះពុទ្ធបិតាៗទតឃើញត្រាស់ឃាត់ថា កុំធ្វើដូច្នេះ, ខុសរាជប្រវេណី, ព្រះរាជវង្សរបស់យើងមិនដែលមានអ្នកណា១ធ្វើយ៉ាងនេះ ព្រះសាស្ដាត្រាស់តបថាមហារាជកុំឃាត់ តថាគតធ្វើតាមអរិយវង្សទេ ។
៩គ្រាមហាប្រាដិហារ្យ ឬយមកប្រាដិហារ្យតាមដែលគេធ្វើមានច្រើនយ៉ាង យ៉ាងទី១ ធ្វើជាព្រះពុទ្ធរូបច្រើនអង្គ ជារូបអង្គុយខ្លះ ឈរខ្លះ ផ្ទំខ្លះ ចង្រ្កមខ្លះ ក្នុងផែនជាមួយគ្នា ជួនកាលមានទាំងរូបតិរត្ថីយ៍ជាគ្រឿងប្រកបផង យ៉ាងទី២ធ្វើជាព្រះពុទ្ធរូបគង់លើផ្កាឈូកទន្ទឹមគ្នា៣អង្គ ធ្វើព្រះហស្ដយ៉ាងគ្រាចក្រមុទ្រ, យ៉ាងទី៣ធ្វើជាព្រះពុទ្ធរូបឈរក៏មាន អង្គុយក៏មាន តែធ្វើព្រះហស្ដច្រើនបែបដូចរូបព្រះនារាយណ៍បែងភាគ ទាល់តែអ្នកខ្លះហៅព្រះបែងភាគយ៉ាងក្រោយ នេះនៅមានសាលារចនាក្រុងភ្នំពេញ ។ ធ្វើដំណាលកាលព្រះសាស្ដាទ្រង់ធ្វើប្រាដិហារ្យផ្ចាញ់តិរត្ថីយ៍នៅនគរសាវត្ថី ។
១០គ្រាបរិនិព្វាន ធ្វើជាព្រះពុទ្ធរូបផ្ទំជាអនុដ្ឋានសេយ្យាសន៍ ព្រះសិរកើយលើព្រះហស្តខាងស្ដាំ ព្រះហស្តឆ្វេងសណ្ដូកតាមព្រះកាយ ជួនកាលគេធ្វើជាព្រះរូបរុំសំពត់ស្នបតាមក្នុងរឿងបថមសម្ពោធិកថា គ្រឿងប្រកបធ្វើជារូបព្រះស្តូបនៅខាងក្រោយព្រះបរមសព ឬជួនកាលគេធ្វើទាំងរូបព្រះភិក្ខុសង្ឃ នឹងរូបទេវតាផង ។ ធ្វើដំណាលកាលព្រះបរមគ្រូរំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន នាសួនសាលវនោទ្យាន ទៀបនគរកុសិនារា ។
ព្រះពុទ្ធរូប១០គ្រានេះ ពួកឥណ្ឌៀលើបានប្រឌិតសាងឡើងជាដំបូងមុនប្រទេសដទៃៗទាំងអស់ ។
១១ព្រះត្រៃកាយ ធ្វើជាព្រះពុទ្ធរូប៣អង្គ គង់ទន្ទឹមគ្នា តែអង្គកណ្ដាលធ្វើទ្រើសបន្តិច ព្រះពុទ្ធរូបបែបនេះពួកមហាយានិកនិកាយសាងឡើងដោយចូលចិត្តថា ព្រះពុទ្ធមានព្រះកាយ៣ដូចមានអធិប្បាយហើយក្នុងបរិច្ឆេទទី៣ ។
១២ព្រះភៃសជ្យគុរុ ធ្វើជាព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន ព្រះហស្តស្ដាំលាតផ្ងា លើព្រះជង្ឃ ព្រះហស្តឆ្វេងកាន់គិលានភេសជ្ជ គឺថ្នាំរក្សារោគឯណានីមួយ មានផ្លែសម៉ជាដើមដែលគេសាងព្រះពុទ្ធរូបបែបនេះឡើង ដោយមានគតិជឿក្លាយទៅថាព្រះពុទ្ធជាពេទ្យដ៏វិសេស១ ចំណែកខាងពួកទក្ខិណនិកាយគ្មានសាងសោះ ។
នៅមានព្រះពុទ្ធរូប១បែបទៀតធ្វើអំពីសម្រិទ្ធ អង្គតូចៗប្រមាណប៉ុនមេដៃ ខាងក្នុងអង្គព្រះមានគ្រាប់ អង្រួនទៅឮក្រិងៗ គេទើបហៅថា << ព្រះក្រិង >> ឬ << ព្រះក្រិក >> ចំពោះមានសាងតែក្នុងប្រទេសកម្ពុជា គឺសាងក្នុងរជ្ជកាលព្រះបទុមសូរ្យវង្ស តែសម្ដេចក្រុមព្រះយ៉ាដាំរុងរាជានុភាពថា ឃើញមាននៅប្រទេសចិនខ្លះដែរ តែមិនដឹងជាអ្នកណាយកបែបអ្នកណាទៅសាងព្រះនេះគេរាប់អានទៅក្នុងផ្លូវពូកែសក្តិសិទ្ធិ៍ ។
ប៉ែកព្រះនៅក្នុងថានសួគ៌
១៣ព្រះអាទិពុទ្ធ ធ្វើជាព្រះពុទ្ធរូបទ្រង់គ្រឿងបែបស្ដេចចក្រពត្តិ ដែលអ្នកខ្លះហៅថា < ព្រះទ្រង់គ្រឿង >>សម្រាប់ប្រទេសកម្ពុជាយើងឃើញមានសាងតាំងអំពីរវាងព.ស. ១០០០មក ដោយឃើញមាននៅក្រុងមហិន្រ្ទបុរី នឹងស្រុកស្រីលវោជាដើម ដែលជាស្រុកដំណែលចាស់របស់ខ្មែរ តែសម័យក្រោយមកកាលកើតមានរឿងមហាជម្ពូបតី ផ្សាយមកដល់ប្រទេសកម្ពុជា ខ្មែរយើងក៏នាំគ្នាចូលចិត្តថាជាព្រះពុទ្ធរូបគ្រាផ្ចាញ់មហាជម្ពូបតិទៅវិញ ។
ព្រះធ្យានីពុទ្ធ៥អង្គ
១៤ ព្រះវៃរោចន ធ្វើដូចគ្រាចក្រមុទ្រ
១៥ ព្រះអក្សោភ្យ គ្រាភូមិស្បស៌មុទ្រ
១៦ ព្រះរត្នសម្ភវ គ្រាវរមុទ្រ
១៧ ព្រះអមិតាភ គ្រាធ្យានមុទ្រ
នៅមានព្រះពុទ្ធរូប១បែបទៀត ធ្វើជាព្រះសមាធិមាននាគប្រក់ ហើយមានរូបព្រះលោកេស្វរ នឹងរូបនាងប្រជ្ញាបារមិតាឈរអមសងខាង នេះក៏ជាព្រះអមិតាភដែរ ។
១៨ ព្រះអមោឃសិទ្ធ ធ្វើដូចគ្រាអភយមុទ្រ ។
ព្រះធ្យានីពោធិសត្វ៥អង្គ
១៩ ព្រះសមន្តភទ្រ ធ្វើជារូបពោធិសត្វ កាន់ចិន្ដាមណី
២០ ព្រះវជ្របាណី ធ្វើជារូបពោធិសត្វ កាន់វជិរ
២១ ព្រះរត្នបាណី កាន់ចិន្ដាមណី ឬផ្កាឈូក
២២ ព្រះលោកេស្វរ ធ្វើជារូបពោធិសត្វ កាន់ផ្កាឈូក
២៣ ព្រះវិស្វបាណី ធ្វើជារូបពោធិសត្វ កាន់វជិរ២ ។
ក៏ឯវត្ថុដែលព្រះពោធិសត្វអំបាលនេះតែងកាន់ មិនមែនមានតែប៉ុណ្ណេះ បើធ្វើជារូបមានព្រះហស្ត៤ ឬព្រះហស្តច្រើនជាងនេះ ក៏តោងមានរបស់ផ្សេងៗទៀតកាន់ ដូចយ៉ាងរូបព្រះលោកេស្វរព្រះហស្ត៤ ព្រះហស្តលើពីរ ១កាន់ផ្គាំ ១ទៀតកាន់ក្រាំង ព្រះហស្តក្រោមពីរ១កាន់ផ្កាឈូក ១ទៀតកាន់កន្ទីទឹក ។ នៅមានគ្រឿងសំគាល់ម្យ៉ាងទៀតជាសំខាន់ ដែលត្រូវចាំទុក គឺរូបព្រះពោធិសត្វអំបាលនេះសុទ្ធតែមានព្រះពុទ្ធរូបតូចៗ នៅត្រង់ឧណ្ហិស (ជើងសក់ពីខាងមុខ )ជាសំគាល់ឬជួនកាលគេធ្វើនៅទីដទៃទៀតក៏មាន បើគ្មានព្រះពុទ្ធរូបទេគាប្បីចូលចិត្តថា មិនមែនរូបព្រះពោធិសត្វអំបាលនេះ ។
២៤ នាងប្រជ្ញាបារមិតា ធ្វើជារូបស្រ្តីទ្រង់គ្រឿង កាន់ក្រាំងនៅដៃ ដោយច្រើនចំណាំតែធ្វើជារូបគូគ្នា នឹងរូបព្រះលោកេស្វរ ។
មនុស្សពោធិសត្វ
គឺព្រះពោធិសត្វនៅក្នុងមនុស្សលោក
២៥ អារ្យមៃត្រេយ ធ្វើជារូបប្រុសទ្រង់គ្រឿង ព្រះហស្ត២ក៏មាន ព្រះហស្ត៤ក៏មាន ហើយមានរូបព្រះស្តូបនៅត្រង់ឧណ្ហិសជាសំគាល់ ។ រូបមនុស្សពោធិសត្វឃើញគេសាងតែរូបព្រះអរិយមេត្រេយ១អង្គប៉ុណ្ណេះ ។ រូបព្រះអារ្យមៃត្រេយ ព្រះហស្ត៨មាននៅសាលាព្រះរាជបណ្ណាល័យកម្ពុជា១អង្គធ្វើដោយសម្រិទ្ធិ ជារបស់ខ្មែរបូរាណ អ្នកប្រាថ្នាចង់ឃើញចូរទៅមើលនៅទីនោះចុះ ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.