សហរាជាណាចក្រ
From Wikipedia, the free encyclopedia
សហរាជាណាចក្រ ឬ រាជាណាចក្ររួម (ភាសាអង់គ្លេស៖ United Kingdom, ហៅកាត់ថា"UK")[14] ដោយមានឈ្មោះផ្លូវការថា សហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង (The United Kingdom of Great Britain and Northern Ireland) ហើយជាទូទៅ ខ្មែរយើងច្រើនហៅថា "ចក្រភពអង់គ្លេស" គឺជារដ្ឋអធិបតេយ្យមួយដែលមានទីតាំងស្ថិតនៅឆ្នេរប៉ែកពាយ័ព្យនៃទ្វីបអឺរ៉ុប។ ប្រទេសនេះបានគ្របដណ្តប់លើកោះ"ក្រង់ប្រឺតាញ" ផ្នែកភាគឥសាន្តនៅលើកោះ"អៀរឡង់" និងរួមជាមួយនឹងកោះតូចៗជាច្រើនទៀត។[15] អៀរឡង់ខាងជើង ដែលជាផ្នែកមួយនៃរាជាណាចក្ររួម មានព្រំប្រទល់ជាមួយនឹងសាធារណរដ្ឋអៀរឡង់។ សហរាជាណាចក្រត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាត្លង់ទិក ដោយទិសខាងកើតជាប់នឹងសមុទ្រខាងជើង ខាងត្បូងជាប់នឹងច្រកសមុទ្រអង់គ្លេស និងទិសនីរតីជាប់នឹងសមុទ្រសែលទិក។ សមុទ្រអៀរឡង់គឺជាសមុទ្រស្ថិតនៅចន្លោះកណ្តាលនៃកោះអៀរឡង់ និងក្រង់ប្រឺតាញ។ សហរាជាណាចក្រមានផ្ទៃដីសរុបចំនួន ២៤០,០០០ គ.ម២ និងមានប្រជាជនចំនួន ៦៧ លាននាក់បើគិតត្រឹមឆ្នាំ២០២០។
United Kingdom of Great Britain and Northern Ireland | |
---|---|
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | ឡុងដ៍ 51°30′N 0°7′W |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាអង់គ្លេស |
ភាសាតំបន់ និងភាសាភាគតិច[note 2] |
|
ក្រុមជនជាតិ (ឆ្នាំ ២០១១) |
|
សាសនា |
|
ប្រទេសសមាជិក |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រដ្ឋឯកភូតប្រកាន់ប្រព័ន្ធសភា |
- ព្រះមហាក្សត្រ | ឆាលស៍ទី៣ |
- នាយករដ្ឋមន្រ្តី | គៀរ ស្តារមឺ |
នីតិបញ្ញត្តិ | រដ្ឋសភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្រ្ត |
និមិត្តកម្ម | |
- សេចក្តីសម្រេចច្បាប់វេលស៍ | ១៥៣៥ និង ១៥៤២ |
- សហភាពរាជបល្ល័ង្ក | ២៤ មីនា ១៦០៣ |
- សេចក្តីសម្រេចសហភាពនៃអង់គ្លេសនិងស្កុតឡិន | ១ ឧសភា ១៧០៧ |
- សេចក្តីសម្រេចសហភាពនៃក្រង់ប្រឺតាញនិងអៀរឡង់ | ១ មករា ១៨០១ |
- សេចក្តីសម្រេចរដ្ឋធម្មនុញ្ញរដ្ឋសេរីអៀរឡង់ | ៥ ធ្នូ ១៩២២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៤២,៤៩៥ គ.ម២ [8] (ទី៧៨) |
- ផ្ទៃទឹក (%) | ១.៣៤ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៦៧,០៨១,០០០[9] (ទី២១) |
- ជំរឿន (ឆ្នាំ ២០១១) | ៦៣,១៨២,១៧៨[10] (ទី២២) |
- ដង់ស៊ីតេ | ២៧០.៧ នាក់/គ.ម២ (ទី៥០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.២៧៦ ទ្រីលានដុល្លារ[11] (ទី១០) |
- ក្នុងម្នាក់ | ៤៨,៦៩៣ ដុល្លារ[11] (ទី២៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.១០៨ ទ្រីលានដុល្លារ[11] (ទី៥) |
- ក្នុងម្នាក់ | ៤៦,២០០ ដុល្លារ[11] (ទី២២) |
ជីនី (២០១៩) | ៣៦.៦[12] មធ្យម · ទី៣៣ |
HDI (២០១៩) | ០.៩៣២[13] ខ្ពស់ណាស់ · ទី១៣ |
រូបិយវត្ថុ | ផោនស្ទឺលីង[note 4] (GBP) |
ល្វែងម៉ោង | UTC (ម៉ោងមធ្យមហ្រ្គីនវីច, WET) |
- រដូវក្តៅ (DST) | UTC+១ (ម៉ោងរដូវក្តៅប្រឺតាញ, WEST) |
[note 5] | |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy yyyy-mm-dd (គ.ស) |
បណ្ដាញចែកចាយអគ្គិសនី | 230 V–50 Hz |
ទិសបើកបរ | ឆ្វេង[note 6] |
កូដហៅទូរស័ព្ទ | +៤៤[note 7] |
ដែនកម្រិតខ្ពស់ | .uk[note 8] |
រាជាណាចក្ររួមជាប្រទេសដែលប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត។[note 9][16][17] ព្រះរាជាបច្ចុប្បន្នគឺព្រះអង្គម្ចាស់ឆាលស៍ទី៣ ហើយទ្រង់បានសោយរាជ្យតាំងពីឆ្នាំ ២០២២ ។ រាជធានីនិងទីក្រុងធំបំផុតរបស់សហរាជាណាចក្រគឺទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកហើយមានប្រជាជនរស់នៅចំនួន ១៤ លាននាក់។[18][19] សហរាជាណាចក្រផ្តុំឡើងដោយប្រទេសចំនួន បួនមាន៖ អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡិន និងវេលស៍។[20] ក្រៅពីអង់គ្លេស ប្រទេសទាំងបីទៀតគឺមានប្រតិភូរដ្ឋាភិបាល[21] ដែលមានអំណាចផ្សេងៗគ្នា។[22][23]
សហរាជាណាចក្របានលេចចេញឡើងពីប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃការកាត់យកទឹកដីជិតខាង និងការចងសហភាពជាមួយរដ្ឋជិតខាង។ សន្ធិសញ្ញាសហភាពរវាងព្រះរាជាណាចក្រអង់គ្លេស (ដែលរួមបញ្ចូលប្រទេសវេលស៍ដោយទឹកដីវាត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់អង់គ្លេសនៅក្នុងឆ្នាំ១៥៤២) និងព្រះរាជាណាចក្រស្កុតឡិននៅឆ្នាំ១៧០៧ បានបង្កើតឱ្យមានព្រះរាជាណាចក្រក្រង់ប្រឺតាញឡើង។ ការចងសហភាពជាមួយព្រះរាជាណាចក្រអៀរឡង់នៅឆ្នាំ១៨០១ បានធ្វើឱ្យប្រទេសនេះបន្តវិវត្តទៅជាសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់។ ទឹកដីអៀរឡង់មួយភាគធំត្រូវបានកាត់ផ្តាច់ចេញពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩២២ ដោយបន្សល់ទុកនូវសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើងរហូតដល់បច្ចុប្បន្ន។
កោះមួយចំនួនដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរដូចជា កោះម៉ាន់ គែនស៊ី និងជែស៊ី គឺមិនស្ថិតនៅក្រោមសហរាជាណាចក្រផ្ទាល់នោះទេដោយកោះទាំងបីត្រូវជារដ្ឋអនិស្សរភាពដែលធានាការការពារនិងទទួលខុសត្រូវដោយរាជរដ្ឋាភិបាលនៃសហរាជាណាចក្រ។[24] ប្រទេសនេះសព្វថ្ងៃមានទឹកដីក្រៅស្រុកចំនួន ១៦[25] ដោយគេបានចាត់ទុកទឹកដីទាំងនោះជាសំណល់ទឹកដីចុងក្រោយរបស់ចក្រភពអង់គ្លេសដែលពីមុនធ្លាប់គ្រប់គ្រងនិងកាន់កាប់ទឹកដីជិតមួយភាគបួននៃផ្ទៃដីសរុបរបស់ពិភពលោក និងមួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោក ហើយក៏ជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ ឥទ្ធិពលរបស់អង់គ្លេសអាចត្រូវបានគេសង្កេតឃើញមានដក់ជាប់នៅក្នុងភាសា វប្បធម៌ ប្រព័ន្ធច្បាប់ និងនយោបាយនៃអតីតទឹកដីអាណានិគមជាច្រើន។[26][27]
យោងតាមផលិតផលក្នុងស្រុកសរុបជាមធ្យម សហរាជាណាចក្រគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំ ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបួនបើគិតតាមយុគភាពនៃអំណាចទិញ (យអទ)។ សហរាជាណាចក្រមានប្រាក់ចំណូលសេដ្ឋកិច្ចខ្ពស់ហើយក៏មានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ផងដែរដោយជាប់ចំណាត់ថ្នាក់ទី ១៣ នៅលើពិភពលោក។ វាជាប្រទេសឧស្សហកម្មដំបូងបំផុតហើយជាមហាអំណាចខ្លាំងជាងគេនៅក្នុងអំឡុងសតវត្សទី១៩ និងទី២០។[28][29] សព្វថ្ងៃ សហរាជាណាចក្រនូវតែរក្សាខ្លួនជាប្រទេសមហាអំណាច ជឿនលឿនខ្លាំងខាងសេដ្ឋកិច្ច វប្បធម៌ យោធា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយនៅលើឆាកអន្តរជាតិ។[30][31] រាជាណាចក្ររួមត្រូវបានគេទទួលស្គាល់ថាជារដ្ឋមានអាវុធនុយក្លេអ៊ែរ ហើយជាប់ចំណាត់ថ្នាក់លេខបួនខាងការចំណាយលើយោធា។[32] សហរាជាណាចក្រគឺជាប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីសម័យប្រជុំលើកទី១ នៅក្នុងឆ្នាំ១៩៤៦ មកម្លេះ។
សហរាជាណាចក្រគឺជាសមាជិកនាំមុខនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រាំពីរ ក្រុមម្ភៃ អង្គការណាតូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ និងអង្គការពាណិជ្ជកម្មពិភពលោក។ល។ សហរាជាណាចក្រជាអតីតសមាជិកសហភាពអឺរ៉ុបអស់រយៈពេល ៤៧ ឆ្នាំ ដោយបានចូលនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៣ ហើយចេញវិញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
ប្រវត្តិសាស្ត្រ
នាថ្ងៃទី០១ ខែឧសភា ឆ្នាំ១៧០៧ រាជាណាចក្រសហភាពអង់គ្លេស "Kingdom of Great Britain" ត្រូវបានបង្កើតឡើងដោយការឯកភាពនយោបាយ រវាងរាជាណាចក្រអង់គ្លេស (មានបញ្ចូលទាំងប្រទេសវ៉ែលផងដែរ) "Kingdom of England" និង រាជាណាចក្រស្កុតឡែន "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជាលទ្ធផលនៃសន្ធិសញ្ញារួបរួម (Treaty of Union) ដែលបានយល់ព្រមនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៧០៧ ហើយបន្ទាប់មកសន្ធិសញ្ញានេះ ត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋសភាអង់គ្លេស និង រដ្ឋសភាស្កុតឡែន ដែលដាក់ចេញនូវព្រឹត្តិការណ៍រួបរួមឆ្នាំ១៧០៧។ ជិតមួយសតវត្សក្រោយមកទៀត រាជាណាចក្រអៀរឡង់ (Kingdom of Ireland) ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេសចន្លោះឆ្នាំ១៥៤១ និង ១៦៩១ បានរួមជាមួយរាជាណាចក្រសហភាពអង់គ្លេស បង្កើតជា សហរាជាណាចក្រនៃសហភាពអង់គ្លេស និង អៀរឡង់ (អង់គ្លេស: United Kingdom of Great Britain and Ireland) ដែលជាព្រឹត្តិការណ៍រួបរួមឆ្នាំ១៨០០។ ទោះជា អង់គ្លេស និង ស្កុតឡែន បានបែងចែករដ្ឋគ្នារហូតដល់ឆ្នាំ១៧០៧ ក៏ដោយ ពួកគេមានសហភាពរួមគ្នាមួយ តាំងតែពីការមានរាជបល្ល័ង្ករួមគ្នាមួយនៅឆ្នាំ១៦០៣ នៅពេលដែលព្រះមហាក្សត្រ ជេមស៍ទី៦ (James VI) របស់ស្កុតឡែន បានទទួលមរតកពីរាជាណាចក្រអង់គ្លេស និងអៀរឡង់ ហើយបានផ្លាស់ព្រះរាជវាំងរបស់ទ្រង់ពីទីក្រុង "អេឌីនប័រ" ទៅ ទីក្រុង "ឡុងដ៍" ។
នៅសតវត្សដំបូងរបស់ខ្លួន សហរាជាណាចក្រ បានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍគំនិតបែបបស្ចិមលោក នៃប្រព័ន្ធសភានិយម ដែលបានរួមវិភាគទានយ៉ាងសំខាន់ចំពោះ វិស័យអក្សរសាស្ត្រ សិល្បៈ និង វិទ្យាសាស្ត្រ ។ សហរាជាណាចក្រ ជាអ្នកដឹកនាំបដិវត្តន៍ឧស្សាហកម្ម ដែលបានប្រែក្លាយប្រទេសឲ្យរីកចម្រើន និង បង្កើតនូវ "ចក្រភពអង់គ្លេស" ឡើង។ ក្នុងសម័យកាលនោះ សហរាជាណាចក្រ ក៏ដូចជាមហាអំណាចផ្សេងទៀតដែរមានជាប់ទាក់ទងទៅនឹងការស្វែងរកទឹកដីអាណានិគម។
ក្រោយពីជ័យជម្នះលើ "ណាប៉ូលេអុង" ក្នុងសង្គ្រាមណាប៉ូលេអុង សហរាជាណាចក្របានក្លាយទៅជាមហាអំណាចនាវាចរធំបំផុត នៃសតវត្សទី១៩ ហើយនៅតែរក្សាបានឧត្ដមភាពខ្លាំងក្លារហូតដល់ពាក់កណ្ដាលសតវត្សទី២០។ ចក្រភពអង់គ្លេស បានរីកធំដល់កម្រិតកំពូលរបស់ខ្លួននៅឆ្នាំ១៩២១ ដោយបានទាញយកផលចំណេញពី "សង្គមប្រជាជាតិ" (League of Nation) តាមរយៈការបង្កើត "ម៉ែនដែត" លើទឹកដីអាណានិគមចក្រភពអាល្លឺម៉ង់ និង អូតូម៉ង់ នៅក្រោយសង្គ្រាមលោកលើកទី១។
ភាពតានតឹងដែលរ៉ាំរ៉ៃអូសបន្លាយជាយូរមកហើយនៅអៀរឡង់ បានធ្វើឲ្យមានការបែងចែកកោះនេះនៅឆ្នាំ១៩២០ ដែលបានបង្កើតឡើងនូវរដ្ឋឯករាជ្យសម្រាប់ "រដ្ឋអៀរឡង់សេរី" នៅឆ្នាំ១៩២០ ហើយអៀរឡង់ខាងជើងនៅតែជាផ្នែកមួយនៃសហរាជាណាចក្រ។ ជាលទ្ធផល នាឆ្នាំ១៩២៧ ឈ្មោះផ្លូវការនៃសហរាជាណាចក្រ ត្រូវបានប្ដូរមកដូចសព្វថ្ងៃគឺ៖ "សហរាជាណាចក្រនៃសហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ។
ក្នុងកំលុងទសវត្សឆ្នាំ១៩២០ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិដ៏ធំទី១របស់ពិភពលោក ឈ្មោះ BBC ត្រូវបានបង្កើតឡើង។ សហរាជាណាចក្រ ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ដែលបានប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ និង បានជួយរៀបចំគម្រោងក្រោយសង្គ្រាមលោក។ សង្គ្រាមលោកលើកទី២ បានធ្វើឲ្យខូចខាតដល់វិស័យហិរញ្ញវត្ថុរាជាណាចក្រជាដំណំ។ ផែនការម៉ារសាល់ និង ប្រាក់កម្ចីយ៉ាងច្រើនពីសហរដ្ឋអាមេរិក និង កាណាដា បានជួយឲ្យសហរាជាណាចក្រ ស្ដារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់។
នាប៉ុន្មានឆ្នាំក្រោយសង្គ្រាម គេឃើញមានការបង្កើត "រដ្ឋសុខុមាលភាព" (Welfare Sate) ដោយរួមមានក្នុងចំណោមសេវាសុខភាពសាធារណៈដ៏ទូលំទូលាយ និង ដំបូងបង្អស់នៅលើពិភពលោក នៅខណៈដែល ការទាមទារឲ្យស្ដារសេដ្ឋកិច្ចឡើងវិញ ដែលផ្ដល់ដល់ប្រជាជនមកពីគ្រប់ទិសទីនៃប្រជាជាតិកុំមុនវាល ធ្វើឲ្យមានជនភៀសខ្លួនពហុជាតិសាសន៍ចូលមករាជាណាចក្ររួម។ បើទោះជា ក្រោយសង្គ្រាមលោកលើកទី២ បានកម្រិតតួនាទីនយោបាយសហរាជាណាចក្រ ដែលត្រូវបានបញ្ជាក់ដោយ "វិបត្តិព្រែកជីកស៊ុយអេ " ក៏ដោយ តាមរយៈការសាយភាយជាអន្តរជាតិនៃភាសាអង់គ្លេស មានន័យថា សហរាជាណាចក្របានបន្តឥទ្ធិពលនៃ អក្សរសាស្ត្រ និង វប្បធម៌របស់ខ្លួន ខណៈចាប់ពីទសវត្សឆ្នាំ១៩៦០មក វប្បធម៌ដ៏មានប្រជាប្រិយរបស់ខ្លួន ក៏បានសាយភាយទៅបរទេសផងដែរ។
សហរាជាណាចក្រ គឺជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង១២ ដែលបានបង្កើតសហភាពអឺរ៉ុប តាមរយៈសន្ធិសញ្ញាម៉ាទ្រិក នាឆ្នាំ១៩៩២។ ដំបូងឡើយ សហរាជាណាចក្រ គឺជាសមាជិកនាំមុខមួយនៃ "សហគមន៍សេដ្ឋកិច្ចអឺរ៉ុប" (EEC) ចាប់ពីឆ្នាំ១៩៧៣មក។
នៅចុងសតវត្សទី២០ គេឃើញមានបំលាស់ប្ដូរយ៉ាងសំខាន់ចំពោះការគ្រប់គ្រងនៃសហរាជាណាចក្រ ដោយមានការបង្កើតនូវការផ្ទេរការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ ឲ្យទៅអៀរឡង់ខាងជើង ស្កុតឡែន និង វ៉ែល។
រដ្ឋាភិបាល និង នយោបាយ
សហរាជាណាចក្រ គឺប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រី អេលីហ្សាបែតទី២ ជាព្រះប្រមុខរដ្ឋនៃសហរាជាណាចក្រ ក៏ដូចជាអាណាចក្រកុំមុនវាល១៤ផ្សេងទៀត។ ស្ថាប័នរាជបល្ល័ង្កសហរាជាណាចក្រ មានអំណាចលើក្សត្របុរីចំណុះនៃ Isle of Man, Bailiwicks of Jersey, និង Guernsey ដែលពុំមែនជាផ្នែកនៃសហរាជាណាចក្រទេ ថ្វីបើរាជរដ្ឋាភិបាលនៃសហរាជាណាចក្រ គ្រប់គ្រងលើកិច្ចការការបរទេស និង ការពារជាតិ ហើយរដ្ឋសភាសហរាជាណាចក្រ មានអំណាចអនុម័តជំនួសពួកគេក៏ដោយ។
ទំនាក់ទំនងការបរទេស និង យោធា
សហរាជាណាចក្រ គឺជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ជាសមាជិក G8, អង្គការណាតូ និង សហភាពអឺរ៉ុប។ សហរាជាណាចក្រ មានទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក។ ក្រៅពីសហរដ្ឋអាមេរិក និង អឺរ៉ុប សម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរាជាណាចក្ររួមមាន ប្រជាជាតិកុំមុនវាល និង បណ្ដាប្រទេសនិយាយភាសាអង់គ្លេសដទៃទៀត។
សេដ្ឋកិច្ច
សេដ្ឋកិច្ចនៃសហរាជាណាចក្រ គឺត្រូវបានបូកបញ្ចូលទាំង សេដ្ឋកិច្ចរបស់ អង់គ្លេស ស្កុតឡែន វ៉ែល និង អៀរឡង់ខាងជើង។ ដោយផ្អែកតាមអត្រាប្ដូរប្រាក់នៅលើទីផ្សារ បច្ចុប្បន្នសហរាជាណាចក្រ គឺជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៥ លើពិភពលោក និង ទី២ នៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។
បដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមនៅសហរាជាណាចក្រ ជាមួយការប្រមូលផ្ដុំជាចម្បងទៅលើឧស្សាហកម្មធុនធ្ងន់ដូចជា ផលិតផលសំណង់នាវា ធ្យូងថ្ម ដែកថែប និង វាយនភណ្ឌ។ ចក្រភពអង់គ្លេស បានបើកទីផ្សារនៅក្រៅប្រទេស សម្រាប់ផលិតផលអង់គ្លេស ដែលអនុញ្ញាតឲ្យសហរាជាណាចក្រ ធ្វើការគ្រប់គ្រងលើទីផ្សារអន្តរជាតិ នាសតវត្សទី១៩។ ទោះជាយ៉ាងណាក៏ដោយ សហរាជាណាចក្រក៏ដូចជាប្រទេសឧស្សាហកម្មដទៃទៀតដែរ បានជួបនឹងឱនភាពសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមលោកទាំងពីរ។ សហរាជាណាចក្រ បានបាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែង និង ឱនភាពឧស្សាហកម្មជាខ្លាំងពេញសតវត្សទី២០។ វិស័យផលិតកម្ម នៅតែជាកត្តាដ៏សំខាន់នៃសេដ្ឋកិច្ចសហរាជាណាចក្រ ប៉ុន្តែមានតែ ១ ភាគ ៦ នៃផលិតផលនាំចេញសរុបនាឆ្នាំ២០០៣ប៉ុណ្ណោះ។
មើលផងដែរ
- ប្រវត្តិសាស្រ្តនៃសហរាជាណាចក្រ
កំណត់សម្គាល់
- There is no authorised version of the national anthem as the words are a matter of tradition; only the first verse is usually sung.[1] No law was passed making "God Save the Queen" the official anthem. In the English tradition, such laws are not necessary; proclamation and usage are sufficient to make it the national anthem. "God Save the Queen" also serves as the Royal anthem for certain Commonwealth realms. The words Queen, she, her, used at present (in the reign of Elizabeth II), are replaced by King, he, him, his when the monarch is male.
- Scots, Ulster Scots, Welsh, Cornish, Scottish Gaelic and Irish are classed as regional or minority languages under the Council of Europe's European Charter for Regional or Minority Languages. [2] These include defined obligations to promote those languages.[3][4][5] See also Languages of the United Kingdom. Welsh has limited de jure official status in Wales, as well as in the provision of national government services provided for Wales.
- "This category could include Polish responses from the country specific question for Scotland which would have been outputted to ‘Other White’ and then included under ‘White’ for UK ‘White Africans’ may also have been recorded under ‘Other White’ and then included under ‘White’ for UK."
- Some of the devolved countries, Crown dependencies and British Overseas Territories issue their own sterling banknotes or currencies, or use another nation's currency. See List of British currencies for more information
- Also in observed by the Crown dependencies, and in the two British Overseas Territories of Gibraltar and Saint Helena, Ascension and Tristan da Cunha (though in the latter, without daylight saving time). For further information see Time in the United Kingdom#British territories
- Except two overseas territories: Gibraltar and the British Indian Ocean Territory.
- Excludes most overseas territories
- The .gb domain is also reserved for the UK, but has been little used.
- The United Kingdom does not have a codified constitution but an unwritten one formed of Acts of Parliament, court judgments, traditions, and conventions. What is the UK Constitution?, The Constitution Unit of UCL, https://www.ucl.ac.uk/constitution-unit/what-uk-constitution/what-uk-constitution, បានយកមក 6 February 2020
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.