From Wikipedia, the free encyclopedia
ថ្វីបើជាកំឡុងរយៈពេលខ្លី តែក៏ធ្វើឲ្យវប្បធម៌ហាននៅតែបន្ដនិងអភិវឌ្ឍន៍ជារហូតមក មិនទាន់ដល់កាលរលំរលាយដោយសារជនជាតិភាគតិច។ ដូច្នេះ ការគង់នៅរបស់រាជវង្សខាងត្បូង បើគិតក្នុងប្រវត្ដិសាស្ដ្រចិន កំឡុងពេលនេះជាកំឡុងពេលសំខាន់ខ្លាំងណាស់ ដោយសារជាបេះដូងនៃការនៅគង់វង្សឬរលំរលាយនៃអរិយធម៌ចិនក្នុងដែនដីនេះ។
ក្រោយពីរាជវង្សជិនខាងកើត (ភាគខាងត្បូង) និងយុគសម័យ ១៦ នគរ (ភាគខាងជើង) ត្រូវបានបញ្ចប់ សភាពប្រទេសជាតិបែងចែកចេញជាខាងជើងខាងត្បូងប្រឈមមុខដាក់គ្នា ដោយរាជវង្សខាងជើង (គ.ស ៣៨៦-៥៨១) បន្ដពីយុគសម័យ ១៦ នគរ គ្រប់គ្រងដោយរាជវង្សប៉ើយវុយឬវុយខាងជើង ដែលក្រោយមកបែងចែកចេញជានគរវុយខាងកើត និងនគរវុយខាងលិច។ នគរវុយខាងកើតត្រូវលេបត្របាក់ដោយនគរប៉ើយឈី។ ចំណែកប៉ើយចូវ ចូលមកជំនួសនគរវុយខាងលិច។ ក្រោយមកប៉ើយចូវបង្រួមប៉ើយឈីចូលជាមួយគ្នាម្ដងទៀត។ ចំណែករាជវង្សខាងត្បូង (គ.ស ៤២០-៥៨៩) បន្ដពីរាជវង្សជិនខាងកើត មានការផ្លាស់ផែនដីដោយរាជវង្សសុង ឈី សៀង ឆឺន តាមលំដាប់។
ក្រោយពីការដួលរលំនៃរាជវង្សជិនខាងលិច(២៦៥-៣១៦) ភាគខាងជើងរបស់ចិនត្រូវធ្លាក់នៅក្នុងសភាពជ្រួលច្របល់និងសង្គ្រាមជនជាតិភាគតិចនៃយុគ ១៦ នគរ។ រហូតដល់ឆ្នាំគ.ស ៣៨៦ មេដឹកនំាកុលសម្ព័ន្ធថួប៉ាសៀនប៉ើយបានស្ថាបនានគរប៉ើយវុយ និងតាំងរាជធានីនៅក្រុងភិងឆឺង (បច្ចុប្បន្នគឺក្រុងតាថុងក្នុងខេត្ដសានស៊ី) ។ ក្រោយមកបន្ដបោសសម្អាតក្រុមអំណាចឯករាជ្យដែលនៅសេសសល់ បញ្ចប់ចលាចលដែលកើតពីសង្គ្រាមដណ្ដើមអំណាចដែលកើតឡើងនាភាគខាងជើងបានសម្រេចក្នុងឆ្នាំគ.ស ៤៣៩ ស្រុកទេសមានសន្ដិភាពនិងរីកចម្រើនបានមួយរយៈ។
រហូតមកដល់រជ្ជកាលស្ដេចសៀវវ៉ើនទី ឡើងគ្រងរាជ្យ (ឆ្នាំគ.ស ៤៧១-៤៩៩) បានធ្វើបដិវត្ដន៍ការគ្រប់គ្រង ដែលជម្រុញឲ្យកើតចរន្ដនៃការរលាយបញ្ចូលគ្នានៃវប្បធម៌ដ៏ធំមួយ ក្រោមគោលនយោបាយ “ហានរូបនីយកម្ម” មានជាអាទិ ការប្រើភាសាហានក្នុងរាជសំណាក់ ឲ្យជនជាតិសៀនប៉ើយងាកមកស្លៀកសម្លៀកបំពាក់របស់ជនជាតិហាន ឬប្ដូរត្រកូលតាមបែបហាន* ជាដើម ដើម្បីជម្រុញឲ្យមានកិច្ចសហប្រតិបត្ដិការរវាងជនជាតិភាគតិចនិងជនជាតិហាន។ ក្រៅពីនេះ នៅមានវិធីចងសម្ព័ន្ធមេត្រីខ្សែលោហិតដោយការរៀបការរវាងជនជាតិហាននិងសៀនប៉ើយ ខណៈដែរផ្នែកនយោបាយក៏បន្ថែមបរិមាណជនជាតិហានដែលចូលមកបម្រើជាមន្ដ្រីការកាន់តែច្រើនឡើង រួមទាំងងាកមកប្រើប្រព័ន្ធគ្រប់គ្រងប្រទេសតាមរបៀបរបស់ជនជាតិហាន និងក្នុងឆ្នាំគ.ស ៤៩៣ សៀវវ៉ើនទីទ្រង់ប្ដូររាជជានីមកភូមិភាគកណ្ដាលក្រុង-លួយ៉ាង។ ការបដិវត្ដន៍បែបដកឬសនេះបានធ្វើឲ្យសេដ្ឋកិច្ចនិងសង្គមរបស់ដែនដីភាគខាងជើងឈានទៅមុខយ៉ាងលឿន តែក្នុងពេលជាមួយគ្នាក៏បានបង្កការមិនពេញចិត្ដក្នុងក្រុមអភិជននិងអ្នកមានអំណាចយោធារបស់ជនជាតិភាគតិចដែរ។
* ដើមឡើយសែ (ត្រកូល) របស់ជនជាតិភាគតិចនាភាគខាងជើងមានចាប់ពី ២-៣ តួអក្សរ ពេលប្ដូរមកប្រើត្រកូលតាមបែបជនជាតិហាន នៅសល់តែមួយអក្សរ មានជាអាទិ ថួប៉ា ប្ដូរទៅជា ត្រកូលយួន ទូគូឬកុកកូវ ប្ដូរទៅជា ត្រកូលលិវ ពូលិវគូ ប្ដូរទៅជា ត្រកូលលូ ឈិវមូលិង ប្ដូរទៅជា ត្រកូលមូ ជាដើម។
ចប់រជ្ជកាលស្ដេចសៀវវ៉ើនទី នគរប៉ើយវុយចាប់ផ្ដើមឈានចូលក្នុងសម័យធ្លាក់ចុះអំណាច។ ក្សត្រដែលគ្រងរាជ្យបន្ដ មិនចាប់អារម្មណ៍ការបដិវត្ដន៍របបគ្រប់គ្រង តែបែរជាសើរើប្រព័ន្ធសិទ្ធិប្រយោជន៍របស់ជនជាតិសៀនប៉ើយ បង្កទំនាស់ក្នុងសង្គម។ ពេលដល់រជ្ជកាលស្ដេចសៀវមិងទី (ឆ្នាំគ.ស ៥២៣) កើតក្បត់ ៦ ស្រុកឡើង។ នគរប៉ើយវុយឈានចូលដំណាក់កាលចលាចល ដែលនាំមកនូវសង្គ្រាមផ្ទៃក្នុងនាពេលក្រោយមកទៀត។ ក្រុមអ្នកមានអំណាចផ្នែកយោធារកលេសលើកទ័ពវាយយករាជធានីរំលំរាជ្យបល្ល័ង្កនិងតែងតាំងហង់តេអាយ៉ងតាមចិត្ដខ្លួន។
ពេលដល់ឆ្នាំគ.ស ៥៣៤ សៀវអ៊ូទី ដោយសារទ្រង់មានទំនាស់ជាមួយកៅហួន ដែលក្ដោបអំណាចក្នុងរាជសំណាក់ បានភាសខ្លួនចេញពីរាជធានី ដើម្បីពឹងអ៊ីវ៉ើនថៃ នៅក្រុងឆាងអាន។ ចំណែកកៅហួនក៏តែងតាំងសៀវជិនទីក្សត្រអង្គថ្មីឡើងគ្រងរាជ្យបន្ដ ដោយប្ដូររាជធានីទៅស្រុកយេ ឬស្រុកអាន់យ៉ាងខេត្ដហឺណានបច្ចុប្បន្ន បុរាណវិទូចិនហៅថា នគរវុយខាងកើត (ឆ្នាំគ.ស ៥៣៤-៥៥០)។ ចំណែកសៀវអ៊ូទីក្រោយពីទៅសុំជំនួយពីអ៊ីវ៉ើនថៃបានមិនយូរប៉ុន្មានក៏ត្រូវប្រហារជីវិត។ ក្រោយមកក្នុងឆ្នាំគ.ស ៥៣៥ អ៊ីវ៉ើនថៃក៏តែងតាំងវ៉ើនហួងទីឡើងជាក្សត្រជំនួស ដោយមានមជ្ឈមណ្ឌលការគ្រប់គ្រងនៅក្រុងឆាងអាន ប្រវត្ដិវិទូចិនហៅ នគរវុយខាងលិច (ឆ្នាំគ.ស ៥៣៥-៥៥៧)។
ក្រោយមកមិនយូរប៉ុន្មាន ក្រោយពេលកៅហួនស្លាប់ បុត្រាឈ្មោះកៅយ៉ាង ទម្លាក់ហង់តេអាយ៉ង ស្ថាបនានគរប៉ើយឈី។ ចំណែកនគរវុយខាងលិចក៏មានស្ថានភាពដូចគ្នា អ៊ីវ៉ើនច្វៀ បុត្រារបស់អ៊ីវ៉ើនថៃ ស្ថាបនានគរប៉ើយចូវ។
នគរប៉ើយឈី (ឆ្នាំគ.ស ៥៥០-៥៧៧) ដែលមានដើមកំណើតមកពីនគរវុយខាងកើត ដើមឡើយនគរមានភាពរឹងមាំ តែដោយសារស្ដេចជំនាន់ក្រោយសុទ្ធតែកាចសាហាវ និងមិនចេះទុកចិត្ដគ្នា បង្កជាហេតុកាប់សម្លាប់ទាយាទត្រកូលយួន ដែលជាខ្សែស្រឡាយមកពីរាជវង្សប៉ើយវុយនិងបណ្ដាមន្ដ្រីជនជាតិហានអស់ជាច្រើន ធ្វើឲ្យរាជវង្សប៉ើយឈីបាត់បង់ធម៌ក្នុងខ្លួននិងបាត់បង់ការគាំទ្រពីជនជាតិសៀនប៉ើយរបស់ខ្លួននិងបណ្ដាមន្ដ្រីជនជាតិហាន ដែលជាហេតុនៃការដួលរលំក្នុងឆ្នាំគ.ស ៥៧៧ នគរប៉ើយឈីក៏ត្រូវនគរប៉ើយចូវផ្ដួលរំលំ។
នគរប៉ើយចូវ (ឆ្នាំគ.ស ៥៥៧-៥៨១) ដែលចាប់កំណើតឡើងក្នុងកំឡុងពេលជាមួយគ្នានឹងនគរប៉ើយឈី ដោយជំនួសនគរវុយខាងលិច ក្នុងដំណាក់កាលដំបូងមានកម្លាំងខ្សោយជាងនគរប៉ើយឈី តែដោយសារស្ដេចចូវអ៊ូទី (គ្រងរាជ្យឆ្នាំគ.ស ៥៦១-៥៧៩) ពូកែគ្រប់គ្រងនគរ ធ្វើឲ្យប៉ើយចូវកាន់តែរឹងមាំទ្វេឡើង ដោយក្នុងកំឡុងពេលខាងលើនេះ មានការកែសម្រួលប្រព័ន្ធគ្រប់គ្រងកម្លាំងយោធា ដោយប្រើយុទ្ធសាស្រ្តបញ្ចូលពលច្បាំងជាមួយកងកម្លាំងផលិត រហូតអាចផ្ដួលនគរឈី បង្រួបបង្រួមផែនដីភាគខាងជើងចូលគ្នាក្នុងឆ្នាំគ.ស ៥៧៧។
ក្រោយមកក្នុងឆ្នាំគ.ស ៥៧៨ ចូវអ៊ូទីស្លាប់។ ចាប់ពីពេលនោះមក កម្លាំងទាហានរបស់ប៉ើយចូវចាប់ផ្ដើមរត់មកចូលក្រោមការគ្រប់គ្រងរបស់យ៉ាងចៀនដែលជាឪពុកក្មេកនិងញាតិវង្សដោយសន្សឹមៗ ។ លុះដល់ឆ្នាំគ.ស ៥៨១ យ៉ាងចៀនបង្ខំចូវជិងទីឲ្យដាក់រាជ្យ ស្ថាបនារាជវង្សស៊ុយ។ ក្រោយមកបានបរទ័ពចុះទៅភូមិភាគខាងត្បូង បញ្ចប់ស្ថានភាពការបែងចែកប្រទេសចិនជាខាងជើងខាងត្បូងបានសម្រេច។
ឆ្នាំគ.ស ៤២០ រាជវង្សជិនខាងកើតដួលរលំ។ ភាគខាងត្បូងរបស់ចិនបានកើតឡើងជារាជវង្សគ្រប់គ្រងដែនដីភាគខាងត្បូងរបស់ចិនចំនួន ៤ រាជវង្សតាមលំដាប់ ដូចជា សុង ឈី លៀង និងឆឺន ដែលមានរយៈពេលនៃការគ្រប់គ្រងរយៈពេលខ្លី សរុប ៩៥ ឆ្នាំប៉ុណ្ណោះ។ រាជវង្សខ្លះគ្រប់គ្រងបានខ្លីបំផុត មានពេលត្រឹម ២៣ ឆ្នាំប៉ុណ្ណោះ ចាត់ទុកជាកំឡុងពេលដែលចិនមានអត្រាការប្ដូរអំណាចគ្រប់គ្រងផែនដីញឹកញាប់បំផុត។
រាជវង្សសុង (ឆ្នាំគ.ស ៤២០-៤៧៩)
លិវអ៊ី អ្នកស្ថាបនារាជវង្សសុង ដែលបានអភិវឌ្ឍន៍ខ្លួនឯងបានរឹងមាំឡើងក្នុងកំឡុងចុងសម័យរាជវង្សជិនខាងកើត ដោយលិវអ៊ីបានទទួលជ័យជម្នះតាមរយៈការដណ្ដើមអំណាចនៃ ៤ ត្រកូលធំៗ នៃរាជវង្សជិនខាងកើត ដូច្នេះ ក្នុងឆ្នាំគ.ស ៤២០ លិវអ៊ីដកអំណាចស្ដេចរាជវង្សជិន ស្ថាបនាខ្លួនឯងឡើងជាស្ដេច ដោយប្រើឈ្មោះរាជវង្សសុង ដើម្បីញែកការហៅឈ្មោះចេញពីរាជវង្សសុងនាសម័យក្រោយ ដូច្នេះក្នុងយុគនេះ ប្រវត្ដិវិទូចិនហៅរាជវង្សនេះថា រាជវង្សលិវសុង។
ដោយសារលិវអ៊ីចាប់កំណើតក្នុងត្រកូលក្រខ្សត់ ថែមទាំងបានទទួលមេរៀនពីការដួលរលំរបស់រាជវង្សជិនខាងកើត ដែលមានមូលហេតុសំខាន់ពីការប្រយុទ្ធគ្នាឯងរបស់ក្រុមត្រកូលធំៗ គ្នាឯង ដូច្នេះ ក្រោយពីលិវអ៊ីឡើងគ្រងរាជបល្ល័ង ក៏ពុំបានផ្ដល់ភាពសំខាន់លើបណ្ដាត្រកូលធំៗ ឡើយ ដោយងាកមកជ្រើសរើសកម្លាំងមនុស្សពីក្រុមអ្នកស្រទាប់ក្រោម និងអំណាចផ្នែកយោធាក៏ប្រគល់ឲ្យបណ្ដាខ្សែញាតិវង្សនិងកូនក្មួយរបស់ខ្លួន ដើម្បីជៀសវាងការជាប់ពាក់ព័ន្ធការដណ្ដើមអំណាចពីក្រុមត្រកូលអ្នកធំ ដូចកំហុសរបស់រាជវង្សជិនខាងកើតទៀត តែដោយសារក្នុងបណ្ដាខ្សែញាតិវង្សក៏មានការដណ្ដើមអំណាចផ្ទៃក្នុងដែរ ចុងក្រោយម្នាក់ៗ បានងាកមកប្រហារគ្នាយ៉ាងឃោរឃៅ ដែលលិវអ៊ីខ្លួនឯងក៏ស្មានមិនដល់។
មុនឆ្នាំគ.ស ៤២២ លិវអ៊ីស្លាប់ សុងសៅទី និងសុងវ៉ើនទី ឡើងគ្រងរាជ្យតាមលំដាប់។ លិវអ៊ីឡុងឬសុងវ៉ើនទី គ្រងរាជ្យបល្ល័ង្កជាង ៣០ ឆ្នាំ ជាយុគដែលរាជវង្សសុងមានការចម្រើនរុងរឿងខ្ពស់បំផុតមួយរយៈពេល។ ក្នុងពេលនោះ វប្បធម៌និងសេដ្ឋកិច្ចរបស់ប្រទេសស្ថិតក្នុងដំណើរឈានឡើង។ ចន្លោះឆ្នាំគ.ស ៤៣០-៤៥១ រាជវង្សសុងនិងនគរប៉ើយវុយពីភាគខាងជើង កើតសង្គ្រាមជើងត្បូង។ ចុងក្រោយពុំមានអ្នកឈ្នះ ភាគីនីមួយៗ រងការខូចខាតធ្ងន់ធ្ងរដូចគ្នា ជាហេតុធ្វើឲ្យរាជវង្សទាំងពីរចុះខ្សោយ ពុំមានកម្លាំងធ្វើសង្គ្រាមជាទ្រង់ទ្រាយធំទៀត ចាប់ពីពេលនោះមក ភាគីនីមួយៗ ក៏ឈរជើងរៀងៗ ខ្លួន។
ឆ្នាំគ.ស ៤៥៤ ពេលសុងវ៉ើនទីស្លាប់ សៀវអ៊ូទី-មិងទី ឡើងគ្រងរាជតាមលំដាប់។ ទាំងពីរអង្គត្រូវបានចាត់ទុកជាស្ដេចកាចសាហាវដែលមានឈ្មោះល្បីក្នុងប្រវត្ដិសាស្ដ្រចិន ហើយស្ដេចសោយរាជ្យក្រោយៗ មកសុទ្ធតែសាហាវ មិនទុក្ខចិត្ដគ្នា ធ្វើឲ្យកើតមានការកាប់សម្លាប់គ្នាក្នុងខ្សែញាតិវង្សយ៉ាងសាហាវ ទើបប្រទេសជាតិកើតចលាចល។ ក្នុងពេលនោះ មេទ័ពស្លាបស្ដាំ សៀវតៅឆឺង ប្រហារហ្វឺយទី លើករាជបល្ល័ង្កឲ្យស៊ុនទីដែលមានព្រះជន្មត្រឹម ១១ វស្សា ឆ្លៀតឱកាសចូលគ្រប់គ្រងអំណាច។ ក្រោយមកក្នុងឆ្នាំគ.ស ៤៧៩ ផ្ដួលរំលំរាជវង្សសុង ស្ថាបនារាជវង្សឈី តម្លើងខ្លួនឯងជា ឈីកៅទី។
រាជវង្សឈី (ឆ្នាំគ.ស ៤៧៩-៥០២)
រាជវង្សឈី ជារាជវង្សដែលមានអាយុខ្លីបំផុតក្នុងចំណោមបួនរាជវង្ស មានរយៈពេលនៃការគ្រប់គ្រងត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ។ ឈីកៅទីឬសៀវតៅឆឺង បានទទួលមេរៀនពីការដួលរលំរបស់រាជវង្សសុង ទើបដំណើរនយោបាយដឹងនាំធូស្រាលជាង កែសម្រួលឲ្យមានការសន្សំសំចៃ។ សៀវតៅឆឺងគ្រងរាជបល្ល័ង្កបាន ៤ ឆ្នាំ មុនពេលស្លាប់ បានបង្ហាញផ្លូវគ្រប់គ្រងដល់បុត្រាឈ្មោះ អ៊ូទី កុំឲ្យកាប់សម្លាប់បងប្អូនឯង។ អ៊ូទីគោរពនិងស្ដាប់តាមបង្គាប់នេះបានយ៉ាងល្អ ធ្វើឲ្យប្រទេសជាតិមានសន្ដិភាពមួយរយៈ។ ក្រោយពេលអ៊ូទីស្លាប់ រាជវង្សឈីក៏ត្រឡប់មកដើរតាមគន្លងរបស់រាជវង្សសុងដែលរលំរលាយ។ បណ្ដាញាតិវង្សចាប់អាវុធឡើងកាប់សម្លាប់គ្នាឯង។ អ្នកដែលឡើងធំរុំព័ទ្ធទៅដោយភាពភ័យខ្លាច។ បណ្ដាមន្ដ្រីថ្នាក់ធំក្នុងរាជសំណាក់ត្រូវបានប្រហារជីវិតស្ទើរទាំងអស់។ នយោបាយផ្ទៃក្នុងជ្រួលច្របល់យ៉ាងខ្លាំង។ ក្នុងឆ្នាំគ.ស ៥០១ សៀវអៀន មេទ័ពស្រុកយ៉ុងចូវលើកទ័ពវាយយករាជធានីចៀនខាំង ចូលបញ្ឈប់ការកាប់សម្លាប់គ្នាឯងក្នុងរាជវង្សឈី។
រាជវង្សលៀង (ឆ្នាំគ.ស ៥០២-៥៥៧)
សៀវអៀន ស្ថាបនារាជវង្សលៀង ក្នុងឆ្នាំគ.ស ៥០២ តែងតាំងខ្លួនឡើងជាលៀងអ៊ីទី គ្រងរាជ្យបន្ដមកទៀតបាន ៤៨ ឆ្នាំ។ ទ្រង់គោរពព្រះពុទ្ធសាសនានិងមានជីវិតពោរពេញដោយសមត្ថភាព។ ផ្នែកសិល្បៈវប្បធម៌មានការបោះជំហានឡើងមួយកម្រិត តែផ្នែកយោធាបែរជាទន់ខ្សោយ ពេលដល់ចុងរជ្ជកាលរបបការគ្រប់គ្រងដួលរលំ មន្ដ្រីឡើងកាន់អំណាចវិញ។
រហូតដល់ឆ្នាំគ.ស ៥៤៨ មេទ័ពឈ្មោះហូវជិងនៃនគរវុយខាងកើតភាសខ្លួននយោបាយចូលមកពឹងបារមីរាជវង្សលៀង តែក្រោមសំណើរផ្លាស់ប្ដូរធ្វើឲ្យវង្វេងនឹងសេចក្ដីប្រាថ្នា។ រាជសំណាក់លៀងចង់ឃាត់ខ្លួនហូវជិងដើម្បីបញ្ជូនត្រឡប់ទៅនគរវុយខាងកើត ជម្រុញឲ្យហូវជិងងើបឡើងបង្កើតចលនាក្បត់ ដោយរួមដៃជាមួយបុត្រាស្ដេចអ៊ីទីឈ្មោះ សៀវចឺងតឺ ចាំធ្វើរនុកក្នុង រហូតអាចវាយចូលរាជធានីចៀនខាំង ឡោមព័ទ្ធរាជធានីបាន។ ចុងក្រោយលៀងអ៊ូទីត្រូវជាប់ក្នុងក្រុងរហូតអត់បាយស្លាប់ក្នុងក្រុង។ ក្រោយមកហូវជិងកម្ចាត់សៀវចឺងតឺ តែងតាំងហង់តេអាយ៉ងឡើងគ្រងរាជ្យបន្ដ។ ហូវជិងលើកទ័ពចេញប្លន់នគរជិតខាង។
រហូតដល់ឆ្នាំគ.ស ៥៥១ សៀវអ៊ី បុត្រាអង្គទីមួយរបស់អ៊ីទី បញ្ជូនវ៉ាំងសឺននិងឆឺនប៉ាសៀន បរទ័ពចូលប្រយុទ្ធតទល់នឹងហូវជិងរហូតបានឈ្នះ។ ក្នុងពេលគេចខ្លួនហូវជិងត្រូវគេលួចធ្វើឃាត។ សៀវអ៊ីឡើងគ្រងរាជ្យបល្ល័ង្កបន្ដ (ឆ្នាំគ.ស ៥៥២-៥៥៤) តែដោយសារផ្ទៃក្នុងរាជសំណាក់កើតជម្លោះនយោបាយ ជាហេតុធ្វើឲ្យកើតចលាចល។ នគរវុយខាងលិចឆ្លៀងឱកាសនេះវាយយកក្រុងចៀងលិងប្រហារសៀអ៊ី តែងតាំងស្ដេចអាយ៉ងរបស់ខ្លួនឡើង ទើបឆឺនប៉ាសៀននៅក្រុងចៀងខាំងប្រហារវ៉ាំងសឺង។ ក្រោយមកតាំងខ្លួនជាធំ ស្ថាបនារាជវង្សឆឺន រាជវង្សលៀងចូលដល់កាលអវសាន។
រាជវង្សឆឺន (ឆ្នាំគ.ស ៥៥៧-៥៨៩)
ឆឺនប៉ាសៀន តាំងខ្លួនជាហង់តេទ្រង់ព្រះនាមថាឆឺនអ៊ីទី។ ក្នុងកំឡុងពេលខាងលើ ផែនដីភាគខាងត្បូងរបស់ចិនដែលត្រូវធ្លាក់ក្នុងចលាចលអស់រយៈពេលយ៉ាងយូរ សភាពសេដ្ឋកិច្ចចុះខ្សោយយ៉ាងខ្លាំង គ្រឹះសេដ្ឋកិច្ចដែលអន់ខ្សោយ រមែងពុំអាចនៅបានយូរអង្វែងប៉ុន្មាន។ រជ្ជកាលបន្ទាប់នៅវិលវល់នឹងការកម្ចាត់អំណាចគូប្រជែង ថែមទាំងមានការទប់ទល់ពីកម្លាំងមកពីភាគខាងជើង។ ថ្វីបើបានពង្រឹកមូលដ្ឋានការគ្រប់គ្រងប្រទេសបានមួយកម្រិត តែចុងក្រោយដោយសារកម្លាំងទ័ពទន់ខ្សោយ ដូច្នេះអាណាខេត្ដក្រោមការគ្រប់គ្រងរបស់រាជវង្សគ្របដណ្ដប់ត្រឹមតំបន់ភាគខាងត្បូងនៃទន្លេឆាងចៀងឬយ៉ង់សេតែប៉ុណ្ណោះ។
ពេលដល់ឆ្នាំគ.ស ៥៨៣ ឆឺនស្វៀនទីស្លាប់ បុត្រាឆឺនស៊ូប៉ៅ ឡើងគ្រងរាជ្យបន្ដ។ ពេលនោះ ភូមិភាគខាងជើងរបស់ចិនមានរាជវង្សស៊ុយ ដែលចេញមកបង្រួបបង្រួមផែនដីភាគខាងជើងរបស់ចិនទាំងអស់។ ក្រោយមកនៅសល់តែគោលដៅការរួបរួមផែនដីភាគខាងត្បូងដើម្បីបង្រួបបង្រួមជាតិទាំងមូល។ ឆ្នាំគ.ស ៥៨៩ ស៊ុយវ៉ើនទី យ៉ាងចៀន បោសសម្អាតរាជវង្សឆឺនដែលនៅសេសសល់ បញ្ចប់ការបាក់បែកនៃផែនដីដែលស៊ីអស់រយៈពេលជាង ៣០០ ឆ្នាំ។
ចំណុចខុសគ្នាដែលសំខាន់រវាងរាជវង្សដែលគ្រប់គ្រងដែនដីភាគខាងជើងរបស់ចិនក្នុងសម័យនោះគឺ ក្រុមអ្នកគ្រប់គ្រងរបស់រាជវង្សខាងជើងសុទ្ធតែមកពីក្រុមជនជាតិភាគតិច ពុំមែនជាជនជាតិហាន ខណៈដែលរាជវង្សភាគខាងត្បូងបន្ដអំណាចគ្រប់គ្រងពីរាជវង្សជិនខាងកើត កើតពីការស្ថាបនារាជវង្សរបស់ជនជាតិហានបន្ដបន្ទាប់គ្នា។ ថ្វីបើជាពេលវេលាខ្លីៗ តែបានធ្វើឲ្យវប្បធម៌ហាននៅគង់វង្ស បានបន្ដនិងអភិវឌ្ឍន៍បន្ដមកទៀត មិនដល់ថ្នាក់រលំរលាយដោយសារជនជាតិភាគតិចឡើយ។ ដូច្នេះ ការនៅសេសសល់របស់រាជវង្សភាគខាងត្បូង ដោយន័យក្នុងប្រវត្ដិសាស្រ្តរបស់ចិនចាត់ទុកជារឿងសំខាន់ខ្លាំងណាស់ ដោយសារតែវាជាបេះដូងនៃការនៅសេសសល់ឬរលំរលាយនៃអរិយធម៌ចិនក្នុងដែនដីនេះ។
ក្នុងកំឡុងយុគសម័យរាជវង្សជើងត្បូង ដោយសារមេដឹកនាំងាកមកគោរពនិងឧបត្ថម្ភផ្សព្វផ្សាយពុទ្ធសាសនា ធ្វើឲ្យមានការកសាងវត្ដអារាមនិងល្អាងភ្នំចារឹកព្រះធម៌និងព្រះពុទ្ធបដិមាជាច្រើនកើតឡើង ដែលមានកេរឈ្មោះគេស្គាល់គ្រប់គ្នា ដូចជា ល្អាងភ្នំម៉កៅឃូ នៅតុនហួង តំបន់ស្វ័យតអ៊ុយកួស៊ិនកៀង ល្អាងភ្នំយុនកាំង នៅតាធុងខេត្ដសានស៊ី ល្អាងភ្នំលុងម៉ឺន នៅលួយ៉ាង ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។ ក្រៅពីនេះ ផ្នែកអក្សរសិល្ប៍ក៏មានការរីកចម្រើនយ៉ាងខ្លាំងដែរ ស្នាដៃដែលនៅមានសេសសល់រហូតដល់បច្ចុប្បន្នក៏មានច្រើនដែរ។
ចាប់តាំងពីរាជវង្សជិនខាងកើតដួលរលំមក រាជវង្សជើងត្បូងបានក្លាយជាកំឡុងពេលដែលមានការបែងចែកការគ្រប់គ្រងនៅចិន។ ថ្វីបើថាការរីកចម្រើនផ្នែកសេដ្ឋកិច្ចមានការនៅនឹងមួយកន្លែង តែដោយសារការភាសខ្លួនចូលមកតាំងទីលំនៅនៅភូមិភាគកណ្ដាលរបស់ក្រុមជនជាតិខាងក្រៅ បានកើតចលនាការលាយផ្សំជនជាតិក្នុងក្រុមទំនាបទន្លេហួងហូឬទន្លេលឿងយ៉ាងធំមួយ និងដោយសារមូលហេតុនិងបច្ច័យនេះហើយ បានធ្វើឲ្យក្រុមមេដឹកនាំជនជាតិភាគខាងជើងត្រូវបានរលាយចូលក្នុងវប្បធម៌ជនជាតិហាន និងដោយសារប្រយោជន៍នេះហើយ ដែលបង្កើតមូលដ្ឋានឯកភាពនៃជនជាតិចិនក្នុងពេលក្រោយមកទៀត។ ដូច្នេះ អាចនិយាយបានថា ការបាក់បែកនៃរាជវង្សជើងត្បូង ក្លាយជាគុណប្រយោជន៍នៃការមានឯកភាពរបស់ជនជាតិចិននិងវប្បធម៌ចិនក្នុងពេលក្រោយមកទៀត។
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
អត្ថបទទាក់ទង
ប្រវត្តិលេខន៍ចិន | |||||||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.