![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/b0/Indochina_1979_map_de.svg/langkm-640px-Indochina_1979_map_de.svg.png&w=640&q=50)
សង្គ្រាមឥណ្ឌូចិនលើកទី៣
គឺជាជម្លោះប្រដាប់អាវុធតៗគ្នារវាងក្រុមបក្សពួកកុម្មុយនីស្តផ្សេងៗនៅលើដែនដីឥណ្ឌូចិនដីគោកក / From Wikipedia, the free encyclopedia
សង្គ្រាមឥណ្ឌូចិនលើកទី៣ គឺជាជម្លោះប្រដាប់អាវុធតៗគ្នារវាងក្រុមបក្សពួកកុម្មុយនីស្តផ្សេងៗនៅលើដែនដីឥណ្ឌូចិនដីគោកក្រោយពីសហរដ្ឋអាមេរិកបានដកទ័ពចេញនៅក្នុងឆ្នាំ១៩៧៣ ហើយនិងការយកឈ្នះរបស់កងកម្លាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង ឡាវ និងកម្ពុជាក្នុងឆ្នាំ១៩៧៥។[3] ការដកទ័ពរបស់អាមេរិកនេះបានលុបបំបាត់ចោលភ្លាមៗនូវមារសត្រូវដ៏សំខាន់មួយនិងទូទៅរបស់ក្រុមកុម្មុយនីស្តនានានៅឥណ្ឌូចិន។[4] ការបង្វែរគោលលទ្ធិនយោបាយនិងយុទ្ធសាស្ត្ររវាងសូវៀតនិងចិនគឺជាហេតុនាំឱ្យរដ្ឋមហាអំណាចកុម្មុយនីស្តទាំងពីរនេះបែកបាក់គ្នាកាលពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០។ នាពេលនោះ របបកុម្មុយនីស្តក្នុងស្រុកនៅប្រទេសកម្ពុជា វៀតណាម និងឡាវគឺមានភាពជិតស្និទជាខ្លាំងជាមួយរដ្ឋមហាអំណាចទាំងពីរខាងលើនេះ។ ភាពប្រទូសរ៉ាយដែលកើតមានជាបន្តបន្ទាប់ត្រូវបានបញ្ឆេះដោយការស្អប់ខ្ពើមគ្នាដែលមានអាយុកាលរាប់សតវត្សរវាងវៀតណាមនិងកម្ពុជា ហើយជាពិសេសរវាងវៀតណាមនិងចិន។[5]
| ||||||||||||||||||||||
នៅក្នុងឆ្នាំ១៩៧៥ ការប៉ះទង្គិចយោធារវាងកុម្មុយនីស្តវៀតណាមនិងរបបខ្មែរក្រហមក៏ចាប់មានឡើងដែលជាលទ្ធផលកម្ពុជាត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមអស់រយៈពេលជាងមួយទស្សវត្ត។ វៀតណាមមានគោលបំណងបំផ្លាញពួកខ្មែរក្រហមចោលទាំងស្រុងដែលជាហេតុនាំឱ្យពួកគេបន្តទៅបង្កើតជម្លោះជាមួយនឹងភាគីប្រទេសថៃដែលនៅពេលនោះ ថៃបានអនុញ្ញាតឱ្យក្រុមខ្មែរក្រហមជ្រកកោននៅតាមព្រំដែននិងនៅតាមទឹកដីរបស់ខ្លួន។[6][7]
ចិនមិនបានអើពើទៅនឹងនូវសកម្មភាពរបស់វៀតណាមនៅក្នុងការបង្រ្កាបចលនាប្រឆាំងកុម្មុយនីស្តនៅឡាវនោះទេ ក៏ប៉ុន្តែបានជំទាស់ជាដាច់ខាតនូវការចូលឈ្លានពានប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី យួនកុម្មុយនិស្តនូវតែវាយឈ្លានពានចូលប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨។ ជាលទ្ធផល កងកម្លាំងប្រដាប់អាវុធចិនក៏ចាប់ផ្តើមធ្វើប្រតិបត្តិការវាយលុកមកលើខេត្តភាគខាងជើងនៃប្រទេសវៀតណាមដើម្បីបញ្ឈប់រារាំងឥទ្ធិពលរបស់វៀតណាមនិងសូវៀតកុំឱ្យរីករាលដាលតទៅទៀត។[8][9]
ដើម្បីទទួលបានការគ្រប់គ្រងពេញលេញមកលើប្រទេសកម្ពុជាទាំងមូល កងទ័ពប្រជាជនវៀតណាមចាំបាច់ត្រូវកម្ចាត់ចោលរាល់មេដឹកនាំនិងអង្គភាពខ្មែរក្រហមដែលនៅសេសសល់ ពោលគឺអ្នកដែលរត់ដកថយទៅបណ្ដោយព្រំដែនកម្ពុជា–ថៃ។[10] ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃក៏កាន់តែរីកធ្ងន់ធ្ងរឡើងៗ នៅពេលដែលអធិបតេយ្យភាពទឹកដីរបស់ថៃត្រូវបានរំលោភបំពានជាច្រើនលើកច្រើនសារ។ នេះគឺជាហេតុដែលបណ្តាលឱ្យកើតមានការប្រយុទ្ធនិងការប្រឈមមុខគ្នាដោយផ្ទាល់រវាងកងទ័ពវៀតណាមនិងថៃ។ ប្រទេសថៃក៏បានបង្កើនកម្លាំងទ័ពខ្លួន ទិញគ្រឿងសព្វាវុធទំនើបៗ និងបង្កើតរណសិរ្សការទូតប្រឆាំងនឹងវៀតណាមនិងចិន។[4] បន្ទាប់ពីសន្និសីទសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៨៩ ក.ប.វ ក៏បានដកខ្លួនចេញពីទឹកដីកម្ពុជា។ នៅទីបំផុត ការប្រឈមប្រយុទ្ធគ្នានៅតំបន់ឥណ្ឌូចិនក៏បានបញ្ចប់បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ត្រូវបានចុះ។