រុស្ស៊ី
From Wikipedia, the free encyclopedia
ប្រទេសរុស្ស៊ី (ភាសារុស្ស៊ី៖ Россия, រ៉ូស្ស៊ីយ៉ា) ដោយមានឈ្មោះជាផ្លូវការថា សហព័ន្ធរុស្ស៊ី គឺជាប្រទេសមួយដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុប ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី ហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំដែនជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ វាជាប្រទេសដែល មានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ ហើយក៏ត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុបផងដែរ។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។
Российская Федерация | |
---|---|
ទឹកដីប្រទេសរុស្ស៊ី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូស្គូ 55°45′N 37°37′E |
ភាសាផ្លូវការ និង ភាសាជាតិ | ភាសារុស្ស៊ី[1] |
ភាសាទទួលស្គាល់ជាតិ | សូមមើល ភាសារបស់រុស្ស៊ី |
ក្រុមជនជាតិ (ឆ្នាំ ២០១០)[2] |
|
សាសនា (ឆ្នាំ ២០១២)[3] |
|
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតីនិយមក្រោមអំណាចផ្ដាច់ការ |
- ប្រធានាធិបតី | វ៉្លាឌីមៀរ ពូទីន |
- នាយករដ្ឋមន្ត្រី | មីខាអ៊ីល មីឈូសទីន |
- ប្រធានក្រុមប្រឹក្សាសហព័ន្ធ | វ៉ាលិនធីណា ម៉ាតវីយ៉េងកូ |
- ប្រធានសភាឌូម៉ា | វីច្ឆេស្លាវ វ៉ូឡូឌីន |
- ប្រធានតុលាការកំពូល | វីច្ឆេស្លាវ ឡេបេដេវ |
នីតិបញ្ញត្តិ | សភាសហព័ន្ធ |
ក្រុមប្រឹក្សាសហព័ន្ធ | |
- សភាជាន់ទាប | សភាឌូម៉ា |
និម្មិតកម្ម | |
- រាជវង្សរូរីគបាននិម្មិតឡើង | ៨៦២ |
- រូសកៀវ | ៨៧៩ |
- ពញារដ្ឋម៉ូស្គូ | ១២៨៣ |
- អាណាចក្រត្សាររុស្ស៊ី | ១៦ មករា ១៥៤៧ |
២ វិច្ឆិកា ១៧២១ | |
- របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល | ១៥ មីនា ១៩១៧ |
- សហព័ន្ធរុស្ស៊ី | ១២ ធ្នូ ១៩៩១ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ១២ ធ្នូ ១៩៩៣ |
- ការទទួលស្គាល់រដ្ឋបាលនយោបាយក្រោយបំផុត | ១៨ មីនា ២០១៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៧,១២៥,១៩១ គ.ម២ (ទី១) |
- ផ្ទៃទឹក (%) | ១៣[4] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ១៤៧,១៨២,១២៣ (ជំរឿនឆ្នាំ២០២១)[5] (រាប់ទាំងតំបន់គ្រីមៀ)[6] (ទី៩) |
- ដង់ស៊ីតេ | ៨.៤ នាក់/គ.ម២ (ទី១៨១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤.៦៥០ ទ្រីលានដុល្លារ[7] (ទី៦) |
- ក្នុងម្នាក់ | ៣១,៩៦៧ ដុល្លារ[7] (ទី៥៩) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២.១៣៣ ទ្រីលានដុល្លារ[7] (ទី៩) |
- ក្នុងម្នាក់ | ១៤,៦៦៥ ដុល្លារ[7] (ទី៦៥) |
ជីនី (២០២០) | ៣៦.០[8] មធ្យម · ទី៩៨ |
HDI (២០១៩) | ០.៨២៤[9] ខ្ពស់ណាស់ · ទី៥២ |
រូបិយវត្ថុ | រូប (₽) (RUB) |
ល្វែងម៉ោង | UTC+២ ទៅ +១២ |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៧ |
កូដ ISO 3166 | RU |
ដែនកម្រិតខ្ពស់ |
|
តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស.។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"បានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទៅទិសខាងកើត រួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីបានកកើតឡើងរួចក៏ក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា៖ ការបង្ហោះតារារណប និងការបញ្ចូនមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ល។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏បានចាត់អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។
រុស្ស៊ីត្រូវបានគេសម្តៅមកថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទីពីរនៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទីបួន។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី ១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទីប្រាំមួយបើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកចំនួនអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃជាប្រទេសឈានមុខគេក្នុងផលិតផលប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃហ្សេ ២០ ក្រុមប្រឹក្សាអឺរ៉ុប វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក អង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប ធនាគារវិនិយោគអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ អង្គការសន្ធិសញ្ញាសន្តិសុខរួម និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីផងដែរ។