![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c8/Rajadhirat-kamarwet-2.jpg/640px-Rajadhirat-kamarwet-2.jpg&w=640&q=50)
រាជាធិរាជ
From Wikipedia, the free encyclopedia
រាជាធិរាជ (ភូមា: ရာဇာဓိရာဇ် [jàza̰dəɹɪ̀ʔ] [យ៉ាហ្សាឌ្រិ]; ថៃ: ราชาธิราช, ព.ប.ប.ស.ថ: រ៉ាឆាធិរ៉ាត; ភាសាសំស្ក្រឹត: राजाधिराज "ស្ដេចលើស្ដេច"; ១៣៦៨–១៤២១) គឺជាព្រះមហាក្សត្រទីប្រាំបួននៃនគរហង្សាវត្តីពគោនៅភូមាចាប់ពីឆ្នាំ១៣៨៤ ដល់ ១៤២១។ ទ្រង់ត្រូវបានចាត់ទុកថាជាក្សត្រមួយអង្គក្នុងចំណោមក្សត្រមហស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រភូមា ព្រះអង្គបានបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីនៅភូមា (មីយ៉ាន់ម៉ា) ខាងត្បូង និងបានបង្ក្រាបការរំលោភបំពានធំៗពីសំណាក់នគរអវៈ (អ៊ិនវ៉ា) ដែលនៅភាគខាងជើងជានគរនិយាយភាសាភូមាក្នុងសម័យកាលសង្គ្រាមសែសិបឆ្នាំ (១៣៨៥-១៤២៤)។
រាជាធិរាជ ရာဇာဓိရာဇ် | |||||
---|---|---|---|---|---|
![]() | |||||
ក្សត្រនៃហង្សាវត្តី | |||||
រជ្ជកាល | ២ មករា ១៣៨៤ – រ. ខែកុម្ភៈ ១៤២១ | ||||
រាជាភិសេក | ៤ មករា ១៣៨៤ | ||||
អង្គមុន | ពញាឧ | ||||
អង្គក្រោយ | ពញាធម្មរាជា | ||||
ប្រសូត | ២៨ មករា ១៣៦៨ ថ្ងៃសុក្រ ៨ កើតនៃខែតាបូដ្វេ មី.ស. ៧២៩[1] ដុនវ៉ុន (ជិត មុំហ៍) | ||||
សុគត | រ. ខែកុម្ភៈ ១៤២១ (៥៣ វស្សា) រ. ខែតាបោង ស.មី. ៧៨២ ពគោ | ||||
ព្រះសុសាន | កាម៉ាថាម៉េនភែក ភាគខាងជើងពគោ | ||||
ជាយា | ពិយ៉ារាជទេវី តឹឡាមេឌ៏ សុធម្មមាយា រាជទេវីទី១ លោកាទេវី សិរីមាយាទេវីទី២ | ||||
រាជបច្ឆាញាតិ | ប៊ល៏ត្ឆាន់ធ៏ ពញាធម្មរាជា ពញារាមទី១ ពញាក្យន ឝិនចៅពុ | ||||
| |||||
វង្ស | ហ្វារ្យូ | ||||
បិតា | ពញាឧ | ||||
មាតា | ម្វេឌ៏ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
![](http://upload.wikimedia.org/wikipedia/commons/thumb/9/90/Map-of-southeast-asia_1400_CE.png/640px-Map-of-southeast-asia_1400_CE.png)
![]() |
អត្ថបទនេះមានអក្សរភូមា។ ប្រសិនបើមិនមានពុម្ពអក្សរត្រឹមត្រូវទេ នោះអ្នកអាចនឹងឃើញសញ្ញាសួរ ប្រអប់ជ្រុងៗ ឬសញ្ញាចំឡែកដទៃទៀត ជំនួសឲ្យអក្សរភូមា។ |
នៅពេលដែលរាជាធិរាជបានក្លាយជាអ្នកគ្រងរាជ្យនគរហង្សាវត្តីនៅឆ្នាំ១៣៨៤ ក្សត្រក្មេងវ័យព្រះជន្ម ១៦ ព្រះវស្សាអង្គនេះបានកាន់កាប់បានតែខេត្តពគោ (បាហ្គោ) ស្របពេលដែលតំបន់និយាយភាសាមនសំខាន់ពីរផ្សេងទៀតគឺ ដីសណ្ដឥរាវត្តី និង មុំហ៍ (មោត្តមៈ) ស្ថិតនៅក្នុងការបះបោរយ៉ាងបើកចំហ។ ដោយសារតែឆន្ទៈមោះមុត និងសមត្ថភាពដឹកនាំកងទ័ពរបស់ទ្រង់ ព្រះអង្គបានបង្ក្រាបរលកនៃការលុកលុយលើកទីមួយរបស់អវៈនៅទសវត្សឆ្នាំ១៣៨០ ហើយជិតដល់ឆ្នាំ១៣៩០ ទ្រង់ក៏អាចឯកភាពតំបន់មនទាំងបីបានសាជាថ្មីឡើងវិញ។ កំឡុងពាក់កណ្ដាលទីពីរនៃរយៈកាលសង្គ្រាមសែសិបឆ្នាំ ព្រះអង្គបានប្រឈមមុខនឹងព្រះបាទមិនហ្កោនទី១នៃនគរអវៈ និងបុត្រារបស់ទ្រង់ មិនយ៉ឺទ្ជ៏ហ្ស្វាក្នុងការប៉ះទង្គិចគ្នានៅភូមាក្រោម ភូមាលើ និងនៅរក្ខៈ។
រាជាធិរាជ គេបានចងចាំព្រះអង្គទុកថាជាតួអង្គដែលមានបុគ្គលិកលក្ខណៈពិបាកយល់: ទ្រង់ជាមេបញ្ជាការកងទ័ពដ៏អង់អាចក្លាហានមួយរូប ដែលបានបង្ក្រាបព្រះបាទមិនហ្កោនទី១នៅក្នុងការប្រយុទ្ធមួយទល់នឹងមួយ និងបានថែរក្សាគាំពារព្រះនគរនេះឱ្យនៅតែជានគរឯករាជ្យ ជាអ្នករដ្ឋបាលមួយរូបប្រកបដោយសមត្ថភាពរៀបចំចាត់ចែងព្រះនគរ ហើយក៏មានបុគ្គលិកលក្ខណៈជាមនុស្សសង្ស័យផ្ដេសផ្ដាសច្រើន ឥតធម៌មេត្តា ដែលបណ្ដាលឱ្យស្នេហាគ្រាដំបូងរបស់ព្រះអង្គ ព្រះនាងតឹឡាមេឌ៏សំរេចព្រះទ័យធ្វើអត្តឃាត ហើយទ្រង់ក៏ជាអ្នកចេញរាជបញ្ជាប្រហារជីវិតព្រះរាជបុត្ររបស់ទ្រង់ដែលជាមនុស្សគ្មានទោសពៃរ៍អ្វីទាល់តែសោះ គឺព្រះអង្គម្ចាស់ប៊ល៏ត្ឆាន់ធ៏។ ស្ដេចអង្គនេះបានសោយទិវង្គតដោយសារមានរបួសក្នុងការប្រមាញ់ដំរីព្រៃមួយក្បាលនៅឆ្នាំ ១៤២១ ក្នុងព្រះជន្ម ៥៣ វស្សា។ ព្រះអង្គបានបន្សល់ទុកនូវនគរឯករាជ្យដ៏ខ្លាំងក្លាមួយឱ្យបណ្ដាជនមនដែលជានគរនៅគង់វង្សរុងរឿងថ្កុំថ្កើងក្នុងកំឡុងរយៈកាល ១១៨ ឆ្នាំ។ បច្ឆាញាតិបីអង្គរបស់ព្រះអង្គបានក្លាយជាស្ដេចគ្រងរាជ្យនៃនគរហង្សាវត្តីជាបន្តបន្ទាប់។ បុត្រីព្រះអង្គឝ៊ិនចៅពុគឺជារាជានុសិទ្ធិដំបូងគេ និងថែមទាំងជារាជានុសិទ្ធិស្រីតែមួយគត់ ហើយក៏ជាក្សត្រមួយអង្គផងដែរក្នុងចំណោមក្សត្រគ្រងរាជ្យប្រកបដោយបញ្ញាញាណបំផុតក្នុងប្រវត្តិសាស្ត្រភូមា។
រឿងរ៉ាវក្នុងរជ្ជកាលរបស់ព្រះបាទរាជាធិរាជត្រូវបានគេកត់ត្រាទុកក្នុងវីរកថាបុរាណដែលមានទំរង់ជាភាសាមន ភូមា និង សៀម។ ការតស៊ូរបស់ព្រះរាជាធិរាជទល់នឹង ព្រះបាទមិនហ្កោនទី១ និង អង្គមិនយ៉ឺទ្ជ៏ហ្ស្វាត្រូវបានគេនិទានជារឿងព្រេងក្នុងវប្បធម៌ប្រជាប្រិយរបស់ភូមា។