From Wikipedia, the free encyclopedia
ប្រទេសប៉ាឡូ (ភាសាប៉ាឡូ៖ Belau) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប៉ាឡូ (Beluu er a Belau) គឺជាប្រទេសកោះមួយ ស្ថិតនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះប្រហែល ៣៤០ ហើយភ្ជាប់នឹងខ្សែសង្វាក់ភាគខាងលិចនៃកោះការ៉ូលីន និងផ្នែកខ្លះនៃសហព័ន្ធរដ្ឋមីក្រូណេស៊ី។ វាមានផ្ទៃដីសរុប ៤៦៦ គីឡូម៉ែត្រក្រឡា។ កោះដែលមានប្រជាជនច្រើនជាងគេគឺ កូរ៉រ។ ចំណែកឯរដ្ឋធានីវិញមានឈ្មោះថា ងេរូលមូដ ដែលមានទីតាំងស្ថិតនៅក្បែរកោះបាបែលដាអូប ក្នុងរដ្ឋមេលីកេអុក។ ប្រទេសប៉ាឡូមានព្រំដែនសមុទ្រជាប់ជាមួយដែនដែនទឹកអន្តរជាតិនៅភាគខាងជើង មីក្រូណេស៊ីនៅភាគខាងកើត ឥណ្ឌូណេស៊ីនៅខាងត្បូង និងហ្វីលីពីននៅទិសពាយព្យ។
Beluu er a Belau (ភាសាប៉ាឡូ) | |
---|---|
ទង់ជាតិ | |
ភ្លេងជាតិ Belau rekid "ប៉ាឡូយើង" | |
ទីតាំងប្រទេសប៉ាឡូ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ងេរូលមូដ 7°30′N 134°37′E |
ទីក្រុងធំបំផុត | កូរ៉រ 7°20′N 134°29′E |
ភាសាផ្លូវការ | ភាសាជាតិ: ភាសាប៉ាឡូ • ភាសាអង់គ្លេស កម្រិតរដ្ឋ: ភាសាជប៉ុន • ភាសាសូនសូរ៉ូលេ • ភាសាតូប៊ី |
ក្រុមជនជាតិ (ឆ្នាំ ២០១៥[1]) |
|
សាសនា (ឆ្នាំ ២០១៥)[2] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយមនៅក្រោមរបបប្រជាធិបតេយ្យមិនតំណាងបក្សពួក |
- ប្រធានាធិបតី | ស៊ូរ៉ង់ជែល វីបស៍ ជូញ័រ |
- អនុប្រធានាធិបតី | អ៊ូឌូច សានជេបូ ស៊ីញ័រ |
នីតិបញ្ញត្តិ | សមាជជាតិ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ | |
- ដែនដីភិបាល | ១៨ កក្កដា ១៩៤៧ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ២ មេសា ១៩៧៩ |
- និម្មិតកម្មនៃសាធារណរដ្ឋប៉ាឡូ | ១ មករា ១៩៨១ |
- អនុសញ្ញាសមាគមសេរី | ១ តុលា ១៩៩៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៤៥៩ គ.ម២ (ទី១៨០) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ១៧,៩០៧[3][4] (ទី២២២) |
- ជំរឿន (ឆ្នាំ ២០២២) | ១៨,២៣៣ |
- ដង់ស៊ីតេ | ៤៦.៧ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ៣០០ លានដុល្លារ[5] |
- ក្នុងម្នាក់ | ១៦,២៩៦ ដុល្លារ[5] (ទី៨១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ៣២២ លានដុល្លារ[5] |
- ក្នុងម្នាក់ | ១៧,៤៣៨ ដុល្លារ[5] |
HDI (២០១៩) | ០.៨២៦[6] ខ្ពស់ណាស់ · ទី៥០ |
រូបិយវត្ថុ | ដុល្លារអាមេរិក (USD) |
ល្វែងម៉ោង | UTC+៩ (PWT) |
ទម្រង់កាលបរិច្ឆេទ | DD-MM-YYYY |
បណ្ដាញចែកចាយអគ្គិសនី | 120 V–60 Hz |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៦៨០ |
កូដ ISO 3166 | PW |
ដែនកម្រិតខ្ពស់ | .pw |
គេហទំព័រ PalauGov.pw |
នៅចំងាយប្រហែល៨០០គ.មខាងកើតប្រទេសហ្វីលីពីន និងចំងាយប្រហែល៣២០០គ.មខាងត្បូងទីក្រុងតូក្យូ។ ប្រទេសនេះផ្ដាច់ខ្លួនពី ដែនដីបញ្ញើរបស់អង្គការសហប្រជាជាតិ (គ្រប់គ្រងដោយសហរដ្ឋអាមេរិក) នៅឆ្នាំ១៩៩៤។
ជនជាតិប៉ាឡាវដើមដំបូងទំនងជាមានប្រភពមកពីតំបន់ប៉ូលីនេស៊ីនិងអាស៊ី។
ការកំនត់កាលបរិច្ឆេទតាមអាយុកាលកាបូននិងរបកគំឃើញប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ បានទាញចំណាប់អារម្មណ៍ពិភពលោកមកលើកោះនេះ។ ផ្នូរទាំងឡាយដែលគេជីកនៅលើកោះនេះ បង្ហាញថាប៉ាឡាវជាប្រទេសដែលមានផ្នូរចាស់ជាងគេនៅអូសេអានី។ មានការខ្វែងគំនិតគ្នាពីពេលវេលាកំណកំណើតប្រទេសប៉ាឡាវ ដែលមួយថាប្រហែលជានៅឆ្នាំ២៥០០មុនគ.ស និងមួយទៀតថានៅឆ្នាំ១០០០មុនគ.ស។ ការសិក្សាថ្មីបំផុតបានបង្ហាញថាតួលេខទាំង២នេះមិនត្រឹមត្រូវទាំង២។ សាកសពមនុស្សមានមាឌល្អិតៗ ត្រូវបានរកឃើញនៅប្រទេសប៉ាឡាវ។
អស់រយៈពេលរាប់ពាន់ឆ្នាំ ជនជាតិប៉ាឡាវបានកសាងសង្គមយ៉ាងរឹងមាំមួយដែលយកស្ត្រីជាធំ ដែលគេជឿថាយកគំរូតាមជនជាតិជ្វា។ តាមប្រពៃណី ដី ប្រាក់កាស រួមទាំងងារត្រូវបានបន្តវេនតាមខ្សែខាងស្ត្រី។ ដីកុលសម្ព័ន្ធនៅតែអនុវត្តតាមវិធីនេះ ខណៈប្រព័ន្ធទំនើបងាកមកយកខាងបុរសជាធំវិញ។
នៅមុនសតវត្សរ៍ទី១៨ ប៉ាឡាវមិនសូវមានទំនាក់ទំនងជាមួយបរទេស ក្រៅពីជាមួយកោះយ៉ាប់និងប្រទេសជ្វាទេ។ ជនជាតិអឺរ៉ុបដែលមកដល់មុនគេគឺជនជាតិអង់គ្លេសឈ្មោះហិនរី វីលសុន ដែលជាកាពីតែននាវានាំសាររបស់ក្រុមហ៊ុនបូព៌ាឥណ្ឌា។ នាវារបស់គាត់បានទៅទើរនៅក្បែរកោះអ៊ូឡុងនៅឆ្នាំ១៧៨៣។ គឺវីលសុននេះឯងដែលបានដាក់ឈ្មោះកំរងកោះនេះថាកំរងកោះប៉ាឡាវ។
នៅចុងសតវត្សរ៍ទី១៩ ចក្រភពអង់គ្លេស អេស្ប៉ាញ និង ចក្រភពអាល្លឺម៉ង់ បានប្រកាសខ្លួនជាម្ចាស់កម្មសិទ្ធលើកំរងកោះនេះ។ នៅឆ្នាំ១៨៨៥ បញ្ហានេះត្រូវបានលើកឡើងទៅសម្ដេចប៉ាបឡេអូទី៨ អោយសំរេចចិត្ត។ សម្ដេចប៉ាបបានទទួលស្គាល់ការប្រកាសរបស់អេស្ប៉ាញ ប៉ុន្តែបានផ្ដល់សិទ្ធខាងសេដ្ឋកិច្ចអោយអង់គ្លេសនិងអាល្លឺម៉ង់។ ប៉ាឡាវបានក្លាយជាផ្នែកមួយរបស់អេស្ប៉ាញបូព៌ាឥណ្ឌី ជាមួយកំរងកោះម៉ារីយ៉ាណា កំរងកោះខារ៉ូលីន និងកំរងកោះម៉ាស្សលដែរ។ កំរងកោះទាំងនេះស្ថិតក្រោមរដ្ឋបាលហ្វីលីពីន។
បន្ទាប់ពីចាញ់សង្គ្រាមអេស្ប៉ាញ-អាមេរិក នៅឆ្នាំ១៨៩៨ និងបាត់បង់សិទ្ធគ្រប់គ្រងកំរងកោះហ្វីលីពីន អេស្ប៉ាញបានលក់កំរងកោះប៉ាឡាវទៅចក្រភពអាល្លឺម៉ង់ តាមរយៈសន្ធិសញ្ញាអាល្លឺម៉ង់-អេស្ប៉ាញឆ្នាំ១៨៩៩។
ក្រោយមក ប៉ាឡាវស្ថិតក្រោមរដ្ឋបាលញូហ្គីនេអាល្លឺម៉ង់ ហើយរយៈកាលនៃការរីកចំរើនសេដ្ឋកិច្ចបានចាប់ផ្ដើម។ វិស្វករអាល្លឺម៉ង់បានចាប់ផ្ដើមជីករ៉ែបុកស៊ីតនិងផូស្វាត និងផលិតខូប្រា (ដូងហាល) និងសាគូ នៅលើកំរងកោះនេះ។ ប៉ុន្តែអាល្លឺម៉ង់មិនបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនិងផ្ដល់ការអប់រំដល់ជនជាតិម្ចាស់ស្រុកទេ។ ការគ្រប់គ្រងរបស់អាល្លឺម៉ង់មានរយៈពេលខ្លីត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។
ក្រោមផ្លាកសម្ព័ន្ធមិត្តអង់គ្លេស-ជប៉ុន ចក្រភពជប៉ុនបានប្រកាសសង្គ្រាមជាមួយចក្រភពអាល្លឺម៉ង់នៅឆ្នាំ១៩១៤ និងបានចូលឈ្លានពានដែនដីនៅមហាសុមុទ្រប៉ាស៊ីហ្វិករបស់អាល្លឺម៉ង់។ បន្ទាប់ពីសង្គ្រាម ប៉ាឡាវត្រូវបានប្រគល់ទៅអោយជប៉ុន តាមការសំរេចចិត្តរបស់សន្ធិសិទសន្តិភាពក្រុងប៉ារីស។
ជប៉ុនបានបញ្ចូលកំរងកោះនេះទៅជាផ្នែកមួយរបស់ចក្រភពខ្លួន ដោយបានបង្កើតរដ្ឋាភិប៉ាលណាន់យ៉ូចូ(南洋庁)ដោយយកកោះខូរ៉ជារដ្ឋធានី។ ការគ្រប់គ្រងតាមរបៀបស៊ីវិលបានចាប់អនុវត្តពីឆ្នាំ១៩២២។ ជប៉ុនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងចលនាអត្តោប្រវេសន៍ប្រជាជនពីជប៉ុន អូគីណាវ៉ា និងកូរ៉េ។ ជនជាតិដើមប៉ាឡាវបានក្លាយជាជនជាតិភាគតិចនៅលើដែនដីខ្លួនឯងមួយរំពេច។ អ្នករស់នៅប៉ាឡាវ៣ភាគ៤ជាជនជាតិជប៉ុន(ស្ថិតិឆ្នាំ១៩៤៣ក្នុងចំនោមប្រជាជនសរុប(មិនរាប់កងទ័ពចូល) ៣៣៩៦០នាក់ មានជនជាតិជប៉ុន២៥០២៦នាក់ កូរ៉េ២៤៦០នាក់ ប៉ាឡាវ៦៤៧៤នាក់ និងបុព្វជិតសាសនាជនជាតិអេស្ប៉ាញនិងអាល្លឺម៉ង់១៨នាក់)។ ជប៉ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាដើម។ នៅទសវត្សរ៍ឆ្នាំ១៩២០ ខូរ៉ផ្លាស់មុខមាត់ជាទីក្រុងទំនើបនាសម័យនោះ។ ព្រមជាមួយនោះជប៉ុនក៏បានប្រើប្រាស់ភាសាជប៉ុនក្នុងការបង្ហាត់បង្រៀន(បញ្ចូលមនោគមវិជ្ជា?)ដល់ប្រជាជនប៉ាឡាវផងដែរ។ ជប៉ុនបានបន្ដអាជីវកម្មរ៉ែពីអាល្លឺម៉ង់ និងបង្កើតរោងចក្រធ្វើត្រីបូនីតូកំប៉ុងនិងរោងចក្រកែច្នៃខូប្រា។
វត្តមានជប៉ុនបានធ្វើអោយប៉ាឡាវក្លាយជាគោលដៅវាយប្រហារយ៉ាងសំខាន់ពីសំណាក់កងទ័ពសម្ព័ន្ធមិត្តនៅសម័យសង្គ្រាមលោកលើកទី២។ សមរភូមិប៉េលេល្យូនៅឆ្នាំ១៩៤៤ ជាឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពអាមេរិកនិងជប៉ុន។ ជ័យជំនេះបានទៅលើកងទ័ពសម្ព័ន្ធមិត្ត ប៉ុន្តែទាំងសងខាងបាត់បង់កងទ័ពច្រើនដូចគ្នា។ ជនជាតិជប៉ុនដែលនៅរស់ត្រូវបានសងទៅជប៉ុនវិញក្រោយពីសង្គ្រាមចប់។
នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានសំរេចអោយអាមេរិកគ្រប់គ្រងរដ្ឋបាលប៉ាឡាវក្នុងនាមជាដែនដីបញ្ញើនៃកំរងកោះប៉ាស៊ីហ្វិក។ នៅឆ្នាំ១៩៧៩ ប្រជាជនប៉ាឡាវបានបោះឆ្នោតប្រឆាំងមិនចូលក្នុងសហព័ន្ធរដ្ឋមីក្រូនេស៊ី ដោយសារភាពខុសគ្នាខាងភាសានិងវប្បធម៌។ បន្ទាប់ពីសម័យអន្តរកាលយ៉ាងយូរ (រួមទាំងមរណភាពដោយអំពើហឹង្សា របស់ប្រធានាធិបតី២រូប គឺលោក ហារឹអុ រេមេលីក នៅឆ្នាំ១៩៨៥ និងលោក ឡាហ្សារុស សាលី នៅឆ្នាំ១៩៨៨) បាឡាវបានបោះឆ្នោតនៅឆ្នាំ១៩៩៤ ជ្រើសយកឯករាជ្យភាពនិងភ្ជាប់ខ្លួនជាមួយអាមេរិក។
នយោបាយប៉ាឡាវអនុវត្តលទ្ធិពហុបក្ស។ ប្រទេសនេះជាសាធារណរដ្ឋប្រជាធិបតេយ្យអាស្រ័យសភានិងប្រធានាធិបតី។ ប្រធានាធិបតីប៉ាឡាវជាប្រមុខរដ្ឋផងនិងជាប្រមុខរដ្ឋាភិបាលផង។ អំនាចនីតិប្រតិបត្តិជារបស់រដ្ឋាភិបាល ខណៈអំនាចនីតិបញ្ញតិ្តជារបស់រដ្ឋាភិបាលផងនិងជារបស់សភាជាតិប៉ាឡាវផង។ អំនាចតុលាការស្ថិតនៅឯករាជ្យពីអំនាចទាំង២នេះ។ ប៉ាឡាវបង្កើតរដ្ឋធម្មនុញ្ញផ្ទាល់ខ្លួននៅឆ្នាំ១៩៨១។
ប្រធានាធិបតីមានអាណត្តិ៤ឆ្នាំ។ សភាជាតិមាន២ (សភាជាន់ទាបមានតំណាងរាស្ត្រ១៦រូប និងសភាជាន់ខ្ពស់មានតំណាងរាស្ត្រ៩រូប) មានអាណត្តិ៤ឆ្នាំដែរ។ នយោបាយបច្ចុប្បន្នជួបប្រទះនឹងបញ្ហាអាមេរិកបញ្ចប់ជំនួយហិរញ្ញវត្ថុនៅឆ្នាំ២០០៩។
ប៉ាឡាវភ្ជាប់ទំនាក់ទំនងផ្នែករដ្ឋាភិបាល សេដ្ឋកិច្ចនិងសន្តិសុខ យ៉ាងសេរីនិងដោយស្ម័គ្រចិត្តជាមួយសហរដ្ឋអាមេរិក។ ប៉ាឡាវមិនមានយោធាផ្ទាល់ខ្លួនទេ ហេតុនេះសន្តិសុខជាតិត្រូវពឹងផ្អែកទាំងស្រុងទៅលើការការពារពីអាមេរិក។ តាមកិច្ចព្រមព្រៀង យោធាអាមេរិកមានសិទ្ធចូលប្រទេសនេះក្នុងរយៈពេល៥០ឆ្នាំ(គិតចាប់ពីឆ្នាំ១៩៩៤)។ តួនាទីកងទ័ពជើងទឹកអាមេរិកគឺតិចណាស់។ មានតែក្រុមវិស្វករសាងសង់ជើងទឹកមួយក្ដាប់តូចប៉ុណ្ណោះមានសកម្មភាព។ ប៉ុន្តែកងរក្សាសន្តិសុខសមុទ្ររបស់អាមេរិកពិតជាមានសារៈសំខាន់ណាស់ក្នុងការល្បាតផ្ទៃទឹក។
ក្នុងនាមជាប្រជាជាតិឯករាជ្យ ប៉ាឡាវបានធ្វើទំនាក់ទំនងអន្តរជាតិដោយខ្លួនឯង។ បន្ទាប់ពីឯករាជ្យជាតិ ប៉ាឡាវបានចងទំនាក់ទំនងការទូតជាមួយប្រទេសមួយចំនួន រួមទាំងបណ្ដាប្រទេសជិតខាង នៅប៉ាស៊ីហ្វិក។ ប៉ាឡាវចូលជាសមាជិកអ.ស.បនៅថ្ងៃទី១៥ ធ្នូ ១៩៩៤ និងចូលជាសមាជិកអង្គការអន្តរជាតិជាច្រើនទៀត។ នៅខែសីហា ២០០៦ ប៉ាឡាវបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលរបស់ប្រទេសនៅប៉ាស៊ីហ្វិកនិងតៃវ៉ាន់។
ប៉ាឡាវផ្សំឡើងដោយកោះតូចធំប្រហែល២០០កោះ ដែលក្នុងនោះមានកោះតែមិនដល់១០ផងដែលមានមនុស្សរស់នៅ។ ប៉ាឡាវចែកចេញជា១៦រដ្ឋ ដូចខាងក្រោម៖
ឈ្មោះរដ្ឋ (ជាភាសាអង់គ្លេស) |
ឈ្មោះរដ្ឋ (ជាភាសាខ្មែរ) |
ផ្ទៃដី (គ.ម២) | ចំនួនប្រជាជន (ជំរឿនឆ្នាំ២០០៥) |
---|---|---|---|
Aimeliik | អៃមេលីក | ៥២ | ២៧០ |
Airai | អៃរ៉ៃ | ៤៤ | ២៧២៣ |
Angaur | អាំងហ្គួរ | ៨ | ៣២០ |
Hatohobei | ហាតុហុបេ | ៣ | ៤៤ |
Kayangel | ខាយ៉ាំងហ្គែល | ៣ | ១៨៨ |
Koror | ខូរ៉ | ១៨ | ១២៦៧៦ |
Melekeok | មេលេខ្យុក | ២៨ | ៣៩១ |
Ngaraard | ង៉ារ៉ាដ | ៣៦ | ៥៩១ |
Ngarchelong | ង៉ារចេឡុង | ១០ | ៤៨៨ |
Ngardmau | ង៉ាដម៉ាវ | ៤៧ | ១៦៦ |
Ngaremlengui | ង៉ារឹមឡេងហ្គួយ | ៦៥ | ៣១៧ |
Ngatpang | ង៉ាត់ប៉ាង | ៤៧ | ៤៦៤ |
Ngchesar | ចេសារ | ៤១ | ២៥៤ |
Ngiwal | ងីវ៉ល | ២៦ | ២២៣ |
Peleliu | ប៉េលេល្យូ | ១៣ | ៧០២ |
Sonsorol | សុនសូរ៉ូល | ៤ | ១០០ |
កោះដែលមានប្រជាជនច្រើនជាងគេគឺកោះអាំងហ្គួរ កោះបាបែលដាអុប កោះខូរ៉ និងកោះប៉េឡេល្យូ។ ប្រជាជន២ភាគ៣រស់នៅខូរ៉។ កាយ៉ាងហ្គែលជាអាតុល (កងល្បាប់ផ្កាថ្ម) ស្ថិតនៅខាងជើងកោះទាំងនេះ។ ក្រុមកោះរ៉ក់ (មានប្រហែល២០០កូនកោះ) ដែលនៅខាងលិចកោះសំខាន់ៗ គ្មានមនុស្សរស់នៅទេ។ រដ្ឋហាតុហូបេនិងរដ្ឋសុនសូរ៉ូល ជាបណ្ដុំកោះ៦នៅចំងាយ៦០០គ.មភាគនិរតីនៃកោះសំខាន់ៗ។
ប៉ាឡាវមានអាកាសធាតុត្រូពិចពេញមួយឆ្នាំ។ សីតុណ្ហភាពមធ្យមប្រចាំឆ្នាំប្រហែល២៨ °C។ ភ្លៀងអាចធ្លាក់ពេញមួយឆ្នាំ ជាពិសេសនៅចន្លោះខែកក្កដាទៅខែតុលា។ សំណើមមធ្យមប្រចាំឆ្នាំខ្ពស់ដល់ទៅ៨២% ហើយកំពស់ទឹកភ្លៀងមានដល់ទៅ៣៨០០មម។ ព្យុះទីហ្វុងមិនសូវមានទេ ដោយសារប៉ាឡាវស្ថិតនៅក្រៅតំបន់ខ្យល់ព្យុះនេះ។
បរិស្ថានធម្មជាតិប៉ាឡាវមិនទាន់មានការបំផ្លិចបំផ្លាញច្រើនទេ។ ប៉ុន្តែនៅតែមានបញ្ហាគួរបារម្ភមួយចំនួនដែរដូចជាការនេសាទខុសច្បាប់ដោយប្រើគ្រាប់បែក ការគ្រប់គ្រងកាកសំនល់រឺងមិនសមរម្យនៅខូរ៉ និងការបាខ្សាច់និងផ្កាថ្មពីក្នុងឡាហ្គូន (បឹងក្នុងសមុទ្រ)។ ដូចបណ្ដាប្រទេសកោះនៅប៉ាស៊ីហ្វិកដទៃដែរ កំនើនកំពស់ទឹកសមុទ្រជាការគំរាមគំហែងបរិស្ថានដ៏ធ្ងន់ធ្ងរបំផុត។ ទឹកសមុទ្រដែលគ្របលើតំបន់រាក់ៗមានឥទ្ធិពលទៅលើការកសិកម្មដាំដុះនៅតាមឆ្នេរព្រមទាំងភាពសុទ្ធរបស់ទឹកសាបសំរាប់ផ្គត់ផ្គង់នៅទូទាំងប្រទេសដែរ។ ប៉ាឡាវមានបញ្ហាក្នុងការផ្គត់ផ្គង់ទឹកសាបនិងទំហំដីកសិកម្មតូចប្រៀបធៀបនឹងចំនួនប្រជាជន។ ប្រទេសនេះឧស្សាហ៍ជួបនឹងរញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះត្រូពិចផងដែរ។ ការគ្រប់គ្រងទឺកស្អុយនិងកាកសំនល់ពុលចេញពីជីគីមីនិងថ្នាំសំលាប់សត្វល្អិតក៏ជាកង្វល់មួយដែរ។
នៅថ្ងៃទី២៥ កញ្ញា ២០០៩ ប៉ាឡាវបានប្រកាសបង្កើតតំបន់អភិរក្សត្រីឆ្លាមទី១នៅលើពិភពលោក។ ប៉ាឡាវបានហាមប្រាមការនេសាទត្រីឆ្លាមជាលក្ខណៈអាជីវកម្ម។ តំបន់អភិរក្សនេះនឹងជួយការពារផ្ទៃសមុទ្រប្រហែល៦សែនគ.ម២ (ប្រហែលផ្ទៃដីប្រទេសបារាំង)។ ប៉ាឡាវក៏អំពាវនាយអោយសហគមន៍អន្តរជាតិធ្វើការហាមប្រាមការនេសាទត្រីឆ្លាមផងដែរ។
ក្រពើទឹកប្រៃ មានឃើញច្រើននៅប៉ាឡាវ។ វាច្រើនរស់នៅតាមព្រៃកោងកាងនិងផ្នែកខ្លះនៃក្រុមកោះរ៉ក់។ ក្រពើទឹកប្រៃជាសត្វមានគ្រោះថ្នាក់ខ្លាំងចំពោះមនុស្ស ប៉ុន្តែគេទើបតែឃើញមានករណីវាយប្រហារមកលើមនុស្សតែម្ដងប៉ុណ្ណោះគឺនៅទសវត្សរ៍ឆ្នាំ៦០។ ក្រពើដែលធំជាងគេនៅប៉ាឡាវមានប្រវែងធំដល់ទៅ៤,៥ម ប៉ុន្តែត្រូវគេចាត់ទុកជាទំហំមធ្យមបើប្រៀបធៀបជាមួយប្រភេទក្រពើដទៃ (ក្រពើនៅអូស្ត្រាលីដែលមានប្រវែងលើស៦ម មិនមែនជារឿងចំលែកទេ)។
សេដ្ឋកិច្ចប៉ាឡាវពឹងផ្អែកជាចំបងទៅលើវិស័យទេសចរណ៍ កសិកម្មមួយចំអែតក្រពះ និងការនេសាទ។ សកម្មភាពទេសចរណ៍សំខាន់ៗមានការជ្រមុជទឹកសមុទ្រនិងការជ្រមុជទៅបាតសមុទ្រ។ រដ្ឋាភិបាលជានិយោជកដ៏សំខាន់លើកំលាំងពលកម្ម ដោយពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអាមេរិក។ ចំនួនទេសចរណ៍ដែលចូលមកលេងមានប្រហែល៥ម៉ឺននាក់នៅឆ្នាំរដ្ឋបាល២០០០/២០០១។ ប្រាក់ចំណូលសំរាប់ប្រជាជនម្នាក់ ស្មើនឹង២ដងធៀបនឹងហ្វីលីពីន និងច្រើនដាច់ធៀបនឹងមីក្រូនេស៊ី។ ការពង្រីកចរចរណ៍តាមផ្លូវអាកាសនៅប៉ាស៊ីហ្វិក រួមទាំងកំនើនវិបុលភាពរបស់បណ្ដាប្រទេសនៅអាស៊ីខាងកើត និងការបោះវិនិយោគពីបរទេសលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ បានជួយទ្រទ្រង់និងផ្ដល់ក្ដីសង្ឃឹមរយៈពេលវែងដល់វិស័យទេសចរណ៍ដ៏សំខាន់នេះ។
សេដ្ឋកិច្ចប៉ាឡាវមានតួលេខក្រហម(រកស៊ីខាត)។ នៅឆ្នាំ២០០០ ប៉ាឡាវនាំចេញប្រហែលបានតែ១៨លានដុល្លា ប៉ុន្តែនាំចូលដល់ទៅ៩៦លានដុល្លា។ ផលិតផលនាំចេញសំខាន់ៗមានត្រីធូណា ខូប្រា និងសិប្បកម្ម។ ផលិតផលនាំចូលសំខាន់ៗមាន គ្រឿងយន្ត(២៤,២%) វត្ថុធាតុដើម(១៩,០%) ម្ហូបអាហារ(១៥,២%) អេឡិចត្រូនិច(១៣,៣%) ឥន្ធនៈ(១០,៤%)។ ប្រទេសដើមនាំចូលសំខាន់ៗមាន អាមេរិក(៣៩,៣%) ហ្គ័ម(១៤,០%) ជប៉ុន(១០,២%) សិង្ហបុរី(៧,៧%) កូរ៉េខាងត្បួង(៦,៤%)។
នៅខែកក្កដាឆ្នាំ២០០៤ ក្រុមហ៊ុនអាកាសចរណ៍ប៉ាឡាវមីក្រូនេស៊ី បានចាប់បំរើសេវាពីប៉ាឡាវទៅ កោះយ៉ាប់ ហ្គ័ម មីក្រូនេស៊ី សៃប៉ាន អូស្ត្រាលី និង ហ្វីលីពីន។ ក្រុមហ៊ុននេះផ្ដល់សេវាក្នុងតំលៃទាបដើម្បីប្រកួតប្រជែងជាមួយ ក្រុមហ៊ុនអាកាសចរណ៍កុងទីណង់តាល់មីក្រូនេស៊ី។ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ចប់ប្រតិបត្តិការនៅខែធ្នូឆ្នាំដដែល ដោយសារតំលៃប្រេងឡើងថ្លៃ។ ក្រុមហ៊ុននេះមិនទាន់ចាប់ផ្ដើមប្រតិបត្តិការឡើងវិញឡើយ ប៉ុន្តែបានចងសម្ព័ន្ធភាពប្រើលេខកូដរួមជាមួយក្រុមហ៊ុនអាកាសចរណ៍អេស៊ានស្ពីរីត (ក្រុមហ៊ុនអាកាសចរណ៍ដែលរត់ផ្លូវអាកាសប៉ាឡាវ-ហ្វីលីពីន)។
ពន្ធអាករមានកំរិតមធ្យម។ អត្រាពន្ធលើចំណូលចែកជា៣ដំណាក់ (៩,៣% ១៥% ១៩,៦%) អត្រាពន្ធលើសហគ្រាស៤% និងអត្រាពន្ធលើចំណាយ៧,៥%។ គ្មានពន្ធលើអចលនវត្ថុទេ។
ប្រជាជនប៉ាឡាវមានប្រហែល ២១០០០នាក់ ដែលក្នុងនោះ៧០%ជាជនជាតិប៉ាឡាវដើម។ ជនជាតិទាំងនោះជាកូនចៅកាត់ចំរុះជនជាតិមេឡានេស៊ី មីក្រូនេស៊ី និងម៉ាឡេ។ ជនជាតិប៉ាឡាវជាច្រើនមានកាត់ខ្សែស្រឡាយអាស៊ីខ្លះដែរ ដែលជាលទ្ធផលបានពីអាពាហ៍ពិពាហ៍ឆ្លងសាសន៍រវាងជនចំនួលស្រុកនិងជនជាតិប៉ាឡាវនៅចន្លោះសតវត្សរ៍ទី១៩និងទី២០។ ជនជាតិប៉ាឡាវខ្សែជប៉ុនមានច្រើនជាងគេ បន្ទាប់មកខ្សែហ្វីលីពីន ខ្សែចិន និង ខ្សែកូរ៉េ។
ភាសាផ្លូវការនៅប៉ាឡាវគឺភាសាប៉ាឡាវនិងភាសាអង់គ្លេស លើកលែងតែនៅរដ្ឋ២ (រដ្ឋហាតុហូបេនិងរដ្ឋសុងសូរ៉ូល) ដែលនៅទីនោះភាសាតំបន់ក៏ចាត់ទុកជាភាសាផ្លូវការដែរ។ ភាសាជប៉ុនត្រូវបានប្រើក្នុងចំនោមជនជាតិប៉ាឡាវចំណាស់ៗ និងជាភាសាផ្លូវការនៅរដ្ឋអាំងហ្គួរ។ ភាសាតាហ្គាលោកមិនមែនជាភាសាផ្លូវការនៅប៉ាឡាវទេ ប៉ុន្តែក៏ជាភាសានិយាយធំទី៤នៅប៉ាឡាវដែរ។
៣ភាគ៤នៃប្រជាជនប៉ាឡាវកាន់សាសនាគ្រឹស្ដ (ភាគច្រើនកាន់និកាយរ៉ូម៉ាន់កាតូលិកនិងនិកាយប្រូតេស្ដង់) ប៉ុន្តែគេក៏ឃើញមានអ្នកកាន់សាសនាម៉ូដេកង៉េ (បន្សំរវាងសាសនាគ្រឹស្តនិងសាសនាប្រពៃណីរបស់ប៉ាឡាវនិងការទស្សន៍ទាយ) និងសាសនាប៉ាឡាវបុរាណច្រើនផងដែរ។ តាមការធ្វើជំរឿនឆ្នាំ២០០៥ ប្រជាជន៤៩,៤%កាន់សាសនាគ្រឹស្ដនិកាយរ៉ូម៉ាន់កាតូលិក ២១,៣%កាន់សាសនាគ្រឹស្តនិកាយប្រូតេស្តង់ ៨,៧%កាន់សាសនាម៉ូដេង៉េ និង ៥,៣%កាន់សាសនាគ្រឹស្តនិកាយអេដវិនទីស៧ថ្ងៃ។ មានសហគមន៍សាសនាជ្វីហ្វតូចមួយដែរនៅប៉ាឡាវ។
អាកាសយានដ្ឋានអន្តរជាតិប៉ាឡាវផ្ដល់ជើងហោះហើរប្រចាំទៅកាន់ហ្គ័មនិងម៉ានីល។ កំពង់ផែសំខាន់គឺកំពង់ផែម៉ាឡាខល ដែលជាញឹកញាប់បានទទួលការចតនាវាដឹកទំនិញ នាវាយោធា និងនាវាទេសចរណ៍ផងដែរ។ ប៉ាឡាវគ្មានផ្លូវដែកទេ ហើយពាក់កណ្ដាលនៃផ្លូវថ្នល់ទាំងអស់មិនមានចាក់កៅស៊ូឡើយ។ គេបើកបរប្រកាន់ស្ដាំ ហើយល្បឿនអតិបរមាគឺ ៤០គ.ម/ម៉ោង។ តាក់ស៊ីមានរត់តែនៅខូរ៉ទេ (មិនមែនជាតាក់ស៊ីម៉ែតទេ ហេតុនេះគេអាចតថ្លៃបាន)។ មានតែនៅខូរ៉ប៉ុណ្ណោះដែលមានសេវាឡានក្រុងរត់។ ការធ្វើដំណើររវាងកោះនានាពឹងផ្អែកជាសំខាន់ទៅលើទូកនិងកាណូតឯកជន និងសេវាផ្លូវអាកាសក្នុងស្រុក។
ថ្ងៃខែ | ជាភាសាអង់គ្លេស | ជាភាសាខ្មែរ |
---|---|---|
១ មករា | New Year's Day | បុណ្យចូលឆ្នាំ |
១៥ មិនា | Youth Day | បុណ្យយុវជន |
៥ ឧសភា | Senior Citizen Day | បុណ្យពលរដ្ឋចំណាស់ |
១ មិថុនា | President's Day | បុណ្យប្រធានាធិបតី |
៩ កក្កដា | Constitution Day | បុណ្យរដ្ឋធម្មនុញ្ញ |
ថ្ងៃច័ន្ទទីដំបូងគេ ខែកញ្ញា | Labor Day | បុណ្យពលកម្ម |
១ តុលា | Independence Day | បុណ្យឯករាជ្យជាតិ |
២៤ តុលា | United Nation's Day | បុណ្យអង្គការសហប្រជាជាតិ |
ថ្ងៃព្រហស្បតិ៍ចុងក្រោយ ខែវិច្ឆិកា | Thanksgiving Day | បុណ្យរំលឹកគុណ |
២៥ ធ្នូ | Christmas | បុណ្យគ្រីស្តម៉ាស់ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.