![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fe/Arctic_Ocean.png/640px-Arctic_Ocean.png&w=640&q=50)
មហាសមុទ្រអាកទិក
មហាសមុទ្រ / From Wikipedia, the free encyclopedia
មហាសមុទ្រអាកទិក (ជាភាសាអង់គ្លេស៖ Arctic Ocean, ភាសាបារាំង៖ Océan Arctique) មានទីតាំងស្ថិតនៅអឌ្ឍគោលខាងជើង និង ខាងចុងបំផុតនៅតំបន់អាកទិក នៃប៉ូលខាងជើង គឺជាមហាសមុទ្រដែលតូចជាងគេ និង រាក់ជាងគេបង្អស់ក្នុងចំណោមមហាសមុទ្រទាំង០៥។ អង្គការទឹកអន្តរជាតិ បានទទួលស្គាល់ថា វាជាមហាសមុទ្រមួយ បើទោះជាអ្នកសាគរសាស្ត្រមួយចំនួន បានសន្មតថាវាគឺជា "សមុទ្រមេឌីទែរ៉ានេអាកទិក" ឬ ហៅយ៉ាងសាមញ្ញថា "សមុទ្រអាកទិក" ដោយចាត់ថ្នាក់ថាជា "សមុទ្រមេឌីទែរ៉ានេ" នៃមហាសមុទ្រអាត្លង់ទិក។
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/fe/Arctic_Ocean.png/320px-Arctic_Ocean.png)
មហាសមុទ្រអាកទិក ត្រូវបានព័ន្ធស្ទើរតែជុំវិញដោយ "អឺរ៉ាស៊ី" និង "អាមេរិកខាងជើង" ។ មហាសមុទ្រអាកទិក ត្រូវបានគ្របដណ្ដប់មួយភាគធំដោយទឹកកកសមុទ្រពេញមួយឆ្នាំ។ សីតុណ្ហភាព និងកំហាប់អំបិលនៃមហាសមុទ្រអាកទិក ប្រែប្រួលទៅតាមរដូវកាល ដូចជាការកក និងរលាយនៃទឹកកក ហើយកំហាប់អំបិលរបស់វា មានកម្រិតទាបជាងកំហាប់អំបិលមធ្យមនៃមហាសមុទ្រទាំង០៥ ដោយសារតែ "រំហួត" មានកម្រិតទាប ទឹកសាបមានបរិមាណច្រើនហូរចាក់ពីទន្លេ និងប្រភពទឹកជាច្រើន ព្រមទាំងតំណភ្ជាប់ និងលំហូរចេញទៅផ្ទៃទឹកនៃមហាសមុទ្រខាងក្រៅ ដែលមានកំហាប់អំបិលខ្ពស់ជាងមានកម្រិត។ នារដូវក្ដៅ ទឹកកកត្រូវបានថយចុះប្រមាណ៥០%។ "មជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិ" (National Snow and Ice Data Center) បានប្រើប្រាស់ផ្កាយរណបដើម្បីទាញយកទិន្នន័យប្រចាំថ្ងៃ អំពីផ្ទៃទឹកកកនៃមហាសមុទ្រអាកទិក និងអត្រារលាយ ដើម្បីធ្វើការប្រៀបធៀបទៅនឹងអត្រាមធ្យម និង អត្រានៃឆ្នាំណាមួយ។