From Wikipedia, the free encyclopedia
តុងកឹង គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ដែលរួមបញ្ចូលជាមួយ អណ្ណាម និង កូសាំងស៊ីន(កម្ពុជាក្រោម) បង្កើតជាប្រទេសវៀតណាម ក្រោយការចាកចេញពីឥណ្ឌូចិនរបស់ពួកអាណានិគមបារាំង។ មានទំហំ ១៣០,៦០០គ.ម.ក្រឡា តុងកឹង គឺជាផ្នែកខាងជើងនៃវៀតណាមនាពេលឥឡូវនេះ។ តាំងពីក្នុងប្រវត្តិសាស្ត្របុរាណម្លេះ រដ្ឋធានីរបស់តុងកឹងគឺយួនបានចាត់ទុកថា ហាណូយ។ “តុងកឹង“មានព្រំប្រទល់ភាគខាងជើង ជាប់នឹងប្រទេសចិន ភាគខាងកើតជាប់នឹងឈូងសមុទ្ទតុងកឹង ភាគខាងត្បូងជាប់នឹងតំបន់ប្រវត្តិសាស្ត្រអណ្ណាម ហើយមួយផ្នែកទៀតនៃភាគខាងត្បូង ព្រមជាមួយភាគខាងលិចជាប់ជាមួយ លាវប្រទេសឡាវ។ ស្ថិតនៅលើដីសណ្តរនៃទន្លេក្រហម តុងកឹងគឺជាតំបន់មួយដែលសំបូរទៅដោយភោគផលស្រូវ។ ក្នុងភាសាឡាតាំង តុងកឹងត្រូវបានគេសរសេរខុសៗគ្នាៈ Tonkin ,Tongkin, Tonquin ឬ Tongking។ តាមពួកអ្នកស្រុក គេចូលចិត្តហៅតុងកឹងជាភាសាវៀតណាមថា“បាក់គី (Bắc Kỳ) មានន័យថា “ស្រុកភាគខាងជើង“, និងក្រោយៗមកគេហៅថា“មៀនបាក់(Miền Bắc)មានន័យថា តំបន់ភាគខាងជើង។ ពាក្យតុងកឺងនេះក្លាយមកពីពាក្យ“ដុង គីញ(Đong Kinh )ដែលមានន័យថា“ទីក្រុងភាគខាងកើត“។ បុព្វការីជនវៀតណាមហៅតុងកឹងថា “វ៉ាន់ ឡាង“ (Văn Lang)នៅអំឡុងពីឆ្នាំ២០០០ដល់ឆ្នាំ១០០មុនគ.ស.។ តំបន់តុងកឹងត្រូវបានដណ្តើមកាន់កាប់ដោយជនជាតិចិន នៅឆ្នាំ១១១មុនគ.ស ហើយចិនបានត្រួតត្រាទីនោះ រហូតដល់ពួកគេត្រូវបានបណ្តេញចេញនាឆ្នាំ ៩៣៩ នៃគ.ស ដែលនាពេលនោះ តុងកឹងបានទទួលឯករាជ្យ ។ ជនជាតិតុងកឹងបានវាតទីចុះមកភាគខាងត្បូង ហើយនៅឆ្នាំ១៤៧១ គេបានដណ្តើមកាន់កាប់ប្រទេសចម្ប៉ា។ នាឆ្នាំ១៥៥៨ ទឹកដីរបស់បុព្វការីជន“វ៉ាន ឡាង“ត្រូវបែងចែកជាពីរ ត្រួតត្រាដោយសន្តិវង្ស២ ដោយនៅពាក់កណ្តាលផ្នែកខាងជើងប្រទេស បានត្រួតត្រាដោយទីក្រុងតុងកឹង (ដែលជាទីក្រុងហាណូយនាសម័យទំនើបនេះ) ហេតុនេះហើយទើបពួកអឺរ៉ុបហៅតំបន់ភាគខាងជើងទាំងមូលថាតុងកឹងតែម្តងទៅ។ តំបន់ទាំង២បានឯកភាពគ្នាឡើងវិញនៅឆ្នាំ១៨០២ នៅក្រោមការត្រួតត្រាទាំងស្រុងរបស់រាជវាំងវ៉េ (តំបន់អណ្ណាម)ដោយគេចាត់ទុកថាតុងកឹងជាផ្នែកមួយនៃចក្រភពរបស់គេ ។ ដើម្បីបើកច្រកទន្លេក្រហមសំរាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន ប្រទេសបារាំង បានចាត់បញ្ជូនបេសកជនពិសេស ទៅតុងកឹងនៅឆ្នាំ១៨៧៣ និង១៨៨២ ដែលនៅក្នុងឆ្នាំ១៨៨២នោះ បានកើតមានសង្គ្រាមអាណានិគម ពេញបន្ទុកមួយ ហើយកាន់តែតានតឹងថែមទៀត ដោយសារមានអន្តរាគមន៍របស់ចិនប្រឆាំងនឹងបារាំង ដោយចិនបានប្រកាសទាមទារយកតំបន់តុងកឹងនេះដែរ។ នៅឆ្នាំ១៨៨៤ អាណ្ណាមទទួលយករបបអាណាព្យាបាលពីបារាំង និងយល់ព្រមចុះចាញ់បារាំង ហើយតុងកឹងក៏ត្រូវទទួលការត្រួតត្រាដោយផ្ទាល់ពីបារាំង ច្រើនជាងអណ្ណាម។ នៅឆ្នាំ១៨៨៧ តុងកឹងបានក្លាយទៅជាផ្នែកមួយ នៃសហព័ន្ធឥណ្ឌូចិនរបស់បារាំង។ នៅក្នុងសង្គ្រាមលោកលើកទី២ នាឆ្នាំ១៩៤០ ដល់ ១៩៤៥ តំបន់នេះបានត្រូវត្រួតត្រាដោយជប៉ុន។ បន្ទាប់ពីសង្គ្រាម ពួកជាតិនិយមជនជាតិតុងកឹង និងជនជាតិអណ្ណាម បានចូលរួមជាមួយគ្នាទាមទារឯករាជ្យសំរាប់រដ្ឋវៀតណាម ដែលក្នុងរយៈពេលនោះ តុងកឹងបានក្លាយជាចំនុចនៃសង្គ្រាមទ័ពព្រៃ រវាងបារាំងនិងវៀតមិញ ដែល ដឹកនាំដោយលោកហូជីមិញ៕
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.