ចេង ហេង
From Wikipedia, the free encyclopedia
ចេង ហេង ( កើតនៅថ្ងៃទី១០ មករា ១៩១០ ដល់ ១៥ មីនា ១៩៩៦) គឺជាអ្នក នយោបាយខ្មែរ ដែលដើរតួជាប្រមុខរដ្ឋពីឆ្នាំ ១៩៧០-១៩៧១ និងជាឥស្សរជននយោបាយដ៏លេចធ្លោមួយរូបក្នុង សម័យសាធារណៈរដ្ឋខ្មែរ (១៩៧០-១៩៧៥)។
លោក ចេង ហេង កើតនៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សានៅ វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅ សាលាភូមិន្ទរដ្ឋបាល (ERA)។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។ លោក អ៊ីង ហ៊ី ជាអ្នកប្រៀបប្រដៅរបស់លោក ប៉ែន សុវណ្ណ។ លោកមានកូនចំនួន ៧នាក់។
លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះនៅក្រោមការត្រួតត្រារបស់ទ័ពសៀមនៅឡើយ និង បន្ទាប់មកនៅ ខេត្តកំពត ព្រៃវែង និង កណ្តាល នៅខែមិថុនា ១៩៥៤។ នៅខែសីហា ១៩៥៥ គាត់ជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។
គាត់ជាម្ខាស់លើ កសិដ្ឋានដំណាំដូង នៅតំបន់រាម ក្នុងខេត្តកំពត។ ពីថ្ងៃ ១៩ មេសា ១៩៦០ ដល់ថ្ងៃ ១៧ វិច្ឆិកា ១៩៦១ គាត់ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ នៅឆ្នាំ ១៩៦២ គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្តនៅ មណ្ឌលតាខ្មៅ។ នៅឆ្នាំ ១៩៦៦ ជាប់ឆ្នោតជាប់តំណារាស្រ្ត មណ្ឌលភ្នំពេញ និងជាប់ឆ្នោត ជាប្រធាន សភាជាតិ នៅឆ្នាំ ១៩៦៩។
នៅថ្ងៃ ១៨ មីនា ១៩៧០ នៅពេលដែល សភាទាំងពីរ បោះឆ្នោតទម្លាក់ សម្តេច សីហនុ ពីតំណែងប្រមុខរដ្ឋ លោកមានឋានៈជាប្រមុខរដ្ឋស្តីទី។ នៅថ្ងៃ ១០ មីនា ១៩៧២ បន្ទាប់ពី បាតុកម្មនិស្សិតគគ្រឹកគគ្រេង គាត់បានប្រគល់តំណែងនេះទៅ លោកសេនាប្រមុខ លន់ នល់ ដែលពេលក្រោយមក ថ្ងៃទី ៤ មិថុនា ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតី សាធារណរដ្ឋខ្មែរ។ នៅថ្ងៃ ៥ កុម្ភៈ ១៩៧៥ សម្តេច សីហនុ និង ខ្មែរ ក្រហម បានផ្យាយបញ្ជីខ្មៅ វរជនសាធារណរដ្ឋខ្មែរ ៧នាក់ រួមមាន៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត។
នៅថ្ងៃ ១ មេសា ១៩៧៥ គាត់បានអមដំណើរលោក លន់ នល់ ភៀសខ្លួនមកប្រទេសអាមេរិក ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ ១៩៩២។ នៅឆ្នាំ ១៩៩៣ គាត់បានវិលត្រឡប់ចូលកម្ពុជាវិញ បានបង្កើត គណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅ សភាធម្មនុញ្ញ។ គណបក្សនេះ ទទួលបរាជ័យ គ្មានបានមួយអាសនៈទេ។ លោក ចេង ហេងបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ និង បានទទួលអនិច្ចកម្មនៅប្រទេសនេះ នៅឆ្នាំ ១៩៩៦។