បក្សកុម្មុយនីស្តវៀតណាម ឬអាចហៅ/សរសេរកាត់ថា ប.ក.វ. (ភាសាវៀតណាម៖ Đảng Cộng sản Việt Nam) គឺជាគណបក្សស្ថាបនិក និងស្របច្បាប់តែមួយគត់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣០ ដោយលោកហូ ជីមិញ បក្សកុម្មុយនីស្តវៀតណាមបានក្លាយជាគណបក្សកាន់អំណាចនៃវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ ហើយបន្ទាប់មកបានគ្រប់គ្រងលើប្រទេសវៀតណាមទាំងមូលក្រោយការដួលរលំនៃរដ្ឋាភិបាលវៀតណាមខាងត្បូងនៅក្នុងឆ្នាំ១៩៧៥។ ថ្វីត្បិតតែវាមានអត្ថិភាពស្របគ្នាជាមួយរណសិរ្សមាតុភូមិវៀតណាមក៏ដោយក្ដី បក្សនេះបានរក្សាអំណាចលើរដ្ឋាភិបាល និងមានអំណាចមជ្ឈការគ្រប់គ្រងលើកងកម្លាំងយោធា និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានា។ ឧត្តមភាពនៃបក្សកុម្មុយនីស្តវៀតណាមត្រូវបានកត់ត្រានៅក្នុងមាត្រា ៤ នៃរដ្ឋធម្មនុញ្ញប្រទេស។ សាធារណជនវៀតណាមជាទូទៅបានសម្ដៅទៅលើបក្សកុម្មុយនីស្តវៀតណាមថា "គណបក្ស" (Đảng) ឬ "គណបក្សយើង" (Đảng ta)។
បក្សកុម្មុយនីស្តវៀតណាម Đảng Cộng sản Việt Nam | |
---|---|
ស្ថាបនិក | ហូ ជីមិញ |
អគ្គលេខាធិការ | តូ ឡឹម |
លេខាធិការប្រតិបត្តិ | លឿង កឿង |
បង្កើត | ៣ កុម្ភៈ ១៩៣០ |
បញ្ចូលគ្នា |
|
ទីស្នាក់ការកណ្ដាល | ១A, វិថីហ៊ុងវឿង, បាដិញ, ហាណូយ |
សារព័តមាន | ញឹនស៊ឺន |
ស្លាបនិស្សិត | សហភាពជាតិនិស្សិតវៀតណាម |
ស្លាបយុវជន | សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ |
អង្គការនិគមជន | អង្គការយុវនិគមជនហូជីមិញ |
សមាជិកភាព (២០២១) | ៥,៣០០,០០០ |
មនោគមវិជ្ជា |
|
ទំនាក់ទំនងជាតិ | រណសិរ្សមាតុភូមិវៀតណាម |
ទំនាក់ទំនងអន្តរជាតិ | IMCWP |
រដ្ឋសភា | ៤៨៥ / ៤៩៩ |
គេហទំព័រ | |
en.dangcongsan.vn | |
ទង់គណបក្ស | |
នយោបាយនៅវៀតណាម គណបក្សនយោបាយ ការបោះឆ្នោត |
បក្សកុម្មុយនីស្តវៀតណាមត្រូវបានរៀបចំចាត់ចែងឡើងដោយផ្អែកលើគោលជំហរនៃមជ្ឈិមនិយមប្រជាធិបតេយ្យ ពោលជាគោលការណ៍មួយដែលបានបំផុសឡើងដោយអ្នកបដិវត្តន៍ម៉ាក្សនិយមជនជាតិរុស្ស៊ីម្នាក់ឈ្មោះ វ្ល៉ាឌីមៀរ លេនីន។ ស្ថាប័នខ្ពស់បំផុតនៃបក្សកុម្មុយនីស្តវៀតណាមគឺ សមាជជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្ស និងមានគោលដៅជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនៃបក្ស។ គណៈកម្មាធិការមជ្ឈិមបក្ស គឺជាស្ថាប័នកំពូលមួយដែលមានតួនាទីត្រួតមើលកិច្ចការងារគណបក្សនៅចន្លោះសម័យប្រជុំនៃសមាជបក្សនីមួយៗ។ ក្រោយសម័យប្រជុំសមាជបក្ស គណៈកម្មាធិការមជ្ឈិមនឹងត្រូវជ្រើសតាំងបុគ្គលចូលទៅក្នុងការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ហើយតែងតាំងលេខាទីមួយដែលជាតំណែងខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនឹងក្លាយជាស្ថាប័នកំពូលរ៉ាប់រងលើកិច្ចការងារបក្សវិញ។ ក៏ប៉ុន្តែ វាអាចអនុវត្តបានតែសេចក្ដីសម្រេចដោយផ្អែកលើគោលនយោបាយដែលត្រូវបានអនុម័តជាមុនមកដោយគណៈកម្មាធិការមជ្ឈិម ឬសមាជជាតិរបស់បក្សប៉ុណ្ណោះ។ គិតត្រឹមឆ្នាំ២០១៧ ការិយាល័យនយោបាយទី១២ មានសមាជិកចំនួន ១៩ រូប។ មេដឹកនាំបក្សបច្ចុប្បន្នគឺលោក ង្វៀន ហ៊្វូចុង ដែលលោកកំពុងតែកាន់តំណែងជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិម។
បក្សកុម្មុយនីស្តវៀតណាមគឺប្តេជ្ញាប្រកាន់ខ្ជាប់នូវលទ្ធិកុម្មុយនីស្ត ហើយតែងចូលរួមនៅក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្ត និងពលករអន្តរជាតិជារៀងរាល់ឆ្នាំ។ គណបក្សនេះត្រូវបានគេស្គាល់ផងដែរតាមរយៈមតិការពារ និងគាំទ្ររបស់ខ្លួនចំពោះ "សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម" ក៏ដូចជា គោលគំនិតហូជីមិញ ដែលជាទស្សនៈប្របាច់បញ្ចូលនូវលទ្ធិម៉ាក្ស–លេនីន ទស្សនៈវៀតណាម គំនិតខ្លះៗពីបដិវត្តន៍បារាំង និងជំនឿផ្ទាល់ខ្លួនរបស់លោកហូ ជីមិញ។ ប.ក.វ. ធ្លាប់បានអនុវត្តសេដ្ឋកិច្ចបញ្ជានៅវៀតណាមមុនពេលដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលគេនិយមស្គាល់ថា "ដូយមុឺយ" នៅក្នុងឆ្នាំ១៩៨៦។ គណបក្សនេះផងដែរធ្លាប់បានដើរតម្រឹមជាមួយសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់គេក្នុងអំឡុងសង្គ្រាមត្រជាក់។
ប្រវត្តិសាស្ត្រ
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.