វ្រះបាទឦឝានវម៌្មទី១ ឬ ឦឝានសេនា ឬឦសានវរ្ម័នទី១ (ចិនសម័យ: 伊奢那先代) (គ.ស ?-៦៣៥) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ជាព្រះមហាក្សត្រខ្មែរនៃរាជាណាចក្រកម្វុជនៅក្នុងសតវត្សទី៧ ដែលក្រោយមកទៀតក្លាយជាអធិរាជាណាចក្រកម្វុជទេឝ។ ព្រះអង្គជាបុត្រ និង អ្នកស្នងរាជ្យបន្តពីវ្រះបាទមហេន្ទ្រវម៌្ម។
អត្ថបទនេះរួមមានបញ្ជីឯកសារយោងមួយ ប៉ុន្តែ ប្រភពរបស់វានៅតែមិនច្បាស់ព្រោះតែវាមានអាគតដ្ឋានក្នុងបន្ទាត់មិនគ្រប់គ្រាន់ ។ សូមជួយបន្សើរ អត្ថបទនេះដោយការណែនាំអាគតដ្ឋានជាក់លាក់ត្រឹមត្រូវ នៅកន្លែងដែលសមរម្យ ។ (ខែឧសភា ២០១៣) |
ឦឝានវម៌្មទី១ | |
---|---|
វ្រះបាទ | |
រជ្ជកាល | ៦១០-៦៣៥ |
រាជ្យមុន | វ្រះបាទមហេន្ទ្រវម៌្ម |
រាជ្យបន្ត | វ្រះបាទភវវម៌្មទី២ |
ស្វាមី/មហេសី | ព្រះនាងសករមន្ជរិ |
បុត្រ | ព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ ម្ចាស់ក្សត្រីសុវណ៌ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | វ្រះបាទមហេន្ទ្រវម៌្ម |
ប្រសូត | ឝម្ភុបុរ |
សុគត | ៦៣៥ ឦឝានបុរ |
បន្ទាប់ពីវ្រះបាទមហេន្ទ្រវម៌្មសោយទិវង្គតទៅ វ្រះបាទឦឝានវម៌្មទ្រង់បានប្រែឈ្មោះរាជធានីឝម្ភុបុរទៅជាឦឝានបុរវិញ។ សម្បូរព្រៃគុហ៍ សំណង់ប្រាសាទប្រវត្តិសាស្ត្រត្រូវបានគេបញ្ជាក់ថាជាឦឝានបុរ រាជធានីនៃកម្វុជនាសតវត្សទី៧។[1] ប្រាសាទសំខាន់ៗនៅសម្បូរព្រៃគុហ៍ត្រូវបានគេនិយាយថាបានស្ថាបនាដោយវ្រះបាទឦឝានវម៌្មទី១។ សួយឝ៊ូ (វស្សប្បវត្តិនៃរាជវង្សសួយចិន) បានចងក្រងនៅឆ្នាំ៦៣៦នៃគ.ស ថ្លែងថានៅចំណាប់ផ្ដើមនៃសតវត្សទី៧ត្រូវបានគ្រប់គ្រងដោយ ក្សត្រមួយអង្គ យីឝឹណាឝៀនតាយ (伊奢那先代)។ សិលាចារឹកនៅប្រាសាទតូច ប្រាសាទបាយ៉ង់ វត្តចក្រឹត ក្ដីអង្គជំនីក និង សម្បូរណ៍ព្រៃគុហ៍ត្រូវបានគេសន្មតថានៅក្នុងរជ្ជកាលនៃព្រះបានឦឝានវម៌្មទី១។ សិលាចារឹកចុងក្រោយបង្អស់បានសន្មតថាព្រះអង្គដែលត្រូវចោះកាលបរិច្ឆេទដល់ឆ្នាំ៦២៧នៃគ.ស (ស័ក៥៤៩) ដែលសិលាចារឹកមានកាលបរិច្ឆេទតែមួយប៉ុណ្ណោះសន្មតថាត្រូវនឹងស្ដេចស្នងរាជ្យបន្តពីព្រះអង្គ គឺវ្រះបាទភវវម៌្មទី២ ក្នុងឆ្នាំ៦៣៩នៃគ.ស។[2] សិលាចារឹកជាច្រើនបានបញ្ជាក់ពីជោគជ័យរបស់ព្រះអង្គ។ នៅពេលដែលគេនិយាយពីព្រះអង្គ គេតែងនិយាយពីការធ្វើសឹកសង្គ្រាមពង្រីកទឹកដី។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ វិសាលភាពទឹកដីរីកធំទូលាយយ៉ាងខ្លាំង ដែលព្រំដែនខាងលិចទៅទល់នឹងជ្រលងខាងលើនៃទន្លេមេទឹក (ដែលពេលនោះគ្រប់គ្រងដោយរាជាណាចក្រទ្វារវតី) និងខាងជើងទៅដល់កណ្ដាលប្រទេសលាវបច្ចុប្បន្ន។
រាជធានី
យើងទទួលបានព័ត៌មានឣំពីរាជធានីឦឝានបុរតាមរយៈ កំណត់ហេតុនៃរាជវង្សសួយ ដូចមានជាឣាទិ៍ ទីក្រុងនេះមានប្រជាជនរស់នៅជាងពីរមឺុនគ្រួសារ ហើយនៅចំកណ្ដាលទីក្រុងមានឣាសនៈធំសម្រាប់ព្រះរាជសវនការរបស់ព្រះរាជា។ នៅសតវត្សទី៧ ឣ្នកធម្មយាត្រាចិនដ៏ល្បីល្បាញមួយរូបឈ្មោះ ស្ឈៀនហ្សាង (玄奘 ថាងចេង រឺ ថាងស្ឈៀនហ្សាងប្អូនធម៌របស់ស្ដេចលីស៊ឺមិង ដែលមានព្រះនាមសម្រាប់រាជ្យថាថាងថាយជុង) បាន ប្រើឈ្មោះរាជធានីឦឝានបុរ សម្រាប់សំគាល់ ប្រទេសកម្ពុជាទាំងមូលនាសម័យនោះ។ តំលៃផ្នែកនយោបាយនិងសាសនានៃរាជធានីឦឝានបុរស្ដែងឡើងតាមរយៈវិសាលភាពនៃសំណង់សាសនានិងការរៀបចំដែនដីនៅក្រោមរាជ្យ វ្រះបាទឦឝានវម៌្មទី១។ ក្នុងចំណោមប្រាង្គប្រាសាទទាំងឣស់ដែលមានចំនួនរាប់រយក្រុមប្រាសាទខាងត្បូង និងក្រុមខាងជើងមានសារៈសំខាន់ជាងគេ។
នយោបាយ
នៅខាងជើងភ្វូណាន ត្រង់កន្លែងមធ្យមនៃទន្លេមេគង្គជាចន្លោះខោន និងថាខែត្រក្នុងតំបន់ដីខ្ពស់ នោះមានស្រុកប្រទេសរាជមួយជាពួកកម្ពុជា នៅទីនោះហើយដែលកាលក្នុងកណ្ដាលគ្រិស្ដសករាជ ៦០០ឆ្នាំ មានព្រះអង្គម្ចាស់មួយអង្គជារាជវង្សពីស្រុកភ្វូណានសោយរាជ្យនៅនគរនោះគឺ ភវវម៌្មទី១ ដោយហេតុភាន់ប្រែអ្វីដែលយើងមិនបានដឹងជាក់នោះ ស្ដេចក៏តាំងព្រះអង្គជាឯករាជ្យឡើង ហើយដោយបានព្រះអង្គម្ចាស់ចិត្រសេនា ជាព្រះអនុជជួយផង ក៏តាំងលើកកងទ័ពទៅវាយនគរដែលស្ដេចធ្លាប់ឡើង យកបានខែត្រទាំងប៉ុន្មានក្នុងតំបន់ខាងជើង ហើយនគរនេះក៏ផ្លាស់ទីក្រុងទៅតាំងនៅតំបន់ខាងត្បូងវិញ គឺការកើតភាន់ប្រែដោយខ្មាំងសត្រូវលុកលុយជាដំបូងដែលខ្ញុំបានពោលរួចហើយ។ ក្នុងគ្រិស្តសករាជ ៧០០ឆ្នាំ ស្ដេចដែលកាន់កាប់ជាតំណអំពីស្ដេចបងប្អូនទាំងពីរអង្គក៏តាំងសម្រេចកិច្ចភ្ជាប់ប្រទេសកម្ពុជាក្រោមមកក្នុងអាណាខែត្របាន ប្រទេសកម្ពុជាក្រោមដែលកាលពីដើមជាទីកន្លែងដ៏មានឫទ្ធានុភាពរបស់ភ្វូណាន បានមកជាដែនរបស់ពួកកម្ពុជាវិញ មានស្ដេចមួយអង្គទ្រង់ព្រះនាមឦឝានវម៌្មទី១ បានសាងទីក្រុងមួយដែលគេស្គាល់បានសព្វថ្ងៃថា សម្បូរណ៍ព្រៃគុហ៍ ហើយស្ដេចមួយអង្គទៀត ទ្រង់ព្រះនាមជយវម៌្មទី១ ទំនងជាបានតាំងទីក្រុងនៅអង្គរបូរីសម័យទាំងមូលនេះ (តាំងពីដែលរលាយស្រុកភ្វូណានពីគ្រិស្តសករាជ ៥៥០ ទៅទល់នឹង ៨០០) រាប់បញ្ចូលជាសម័យដើមដំបូង ឬសម័យមុនអង្គរ ក្នុងពង្សាវតារស្រុកខ្មែរ។ ព្រះអង្គបានបន្តនយោបាយវាយប្រហារបង្រួបបង្រួមទឹកដីនគរភ្វូណានបញ្ចូលមកក្នុងនគរចេនឡា ឲ្យមានតែនគរកម្ពុជាតែមួយ។ មានសេចក្ដីសន្និដ្ឋានថា ភ្វូណានប្រហែលក្លាយជាចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង គ.ស ៦៣០ ព្រះអង្គវាយដណ្ដើមយកបានទីក្រុងអង្គរបូរី។ ដូច្នេះ នយោបាយបង្រួបបង្រួមជាតិដែលចាប់ផ្ដើមអនុវត្តក្នុងរជ្ជកាលវ្រះបាទភវវម៌្មទី១ ត្រូវបានសម្រេចចប់សព្វគ្រប់ជាស្ថាពរក្នុងរាជ្យរបស់ព្រះអង្គ។ ដោយសារមហិទ្ធិឫទ្ធិខ្លាំងពូកែពិតជាអ្នកចម្បាំង ទើបបានជាសិលាចារឹកខ្មែរនៅវត្តចក្រឹត និងស្វាយឆ្នូ អួតសរសើរថា «ព្រះអង្គមានឫទ្ធិស្មើនឹងព្រះឥន្ទ្រ មានតេជៈបារមីស្មើនឹងព្រះហរិ (ព្រះហរិ គឺព្រះវិស្ណុ ឬព្រះនរាយណ៍)» ។ល។ ក្នុងគ.ស ៦១៦ ប្រហែលជាក្នុងន័យរារាំងបរទេសកុំឲ្យលូកដៃចូលក្នុងរឿងខ្មែរ ទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិន ដោយមានទាំងនាំយកទៅថ្វាយនូវរបស់របរដ៏មានតម្លៃជាច្រើនផង។ ក្នុងគ.ស ៦២៣ និង៦២៨ ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិនពីរលើកទៀត។ ប្រហែលជាក្នុងន័យដដែលនេះដែរ ទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ក្សត្រីសុវណ៌ ជាមួយនិងចៅទួតរបស់ព្រះមហាក្សត្រនគរចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាងប្រសូត្របានរាជបុត្រមួយព្រះអង្គដែលក្នុងគ.ស ៦៥៣ បានឡើងសោយរាជ្យសម្បត្តិនៅនគរចាម្ប៉ា។ ព្រះនាមព្រះអង្គជាក្សត្រគឺ វិក្រាន្ត។ ព្រះអង្គមានសន្ដានចិត្តជ្រះថ្លានឹងសាសនា ដោយបានកសាង និងជួយឧបត្ថម្ភជាច្រើន។ វ្រះបាទឦឝានវម៌្មទី១ បានរើដូរព្រះរាជធានីពីវ្យាធបុរ មកគង់នៅឯសម្បូណ៌ព្រៃគុហ៍ ក្នុងខេត្តកំពង់ធំបច្ចុប្បន្ន។ ពីព្រោះព្រះអង្គយល់ថា ទីក្រុងថ្មីនេះ ដែលមានឈ្មោះថាឦឝានបុរ ស្ថិតនៅចំកណ្ដាលប្រទេស និងនគរចំណុះទាំងអស់។ សក្ខីភាពរបស់អ្នកដំណើរចិន បានបញ្ជាក់ឲ្យដឹងថា ព្រះរាជធានីឦឝានបុរ មានផ្ទះប្រមាណជាពីរម៉ឺនខ្នង។ ជាមួយគ្នានេះដែរ តាមរយៈប្រាសាទ និងសិលាចារឹកជំនាន់រាជ្យរបស់ព្រះអង្គដែលមានសេសសល់រហូតមកដល់សព្វថ្ងៃ គេអាចដឹងថា អរិយធម៌ខ្មែរនៅសម័យនោះ បានរីកចម្រើនលូនលឿន ថ្កុំថ្កើង ភ្លឺចិញ្ចែងចិញ្ចាច។ ក្នុងរជ្ជកាលវ្រះបាទឦឝានវម៌្ម ប្រាង្គប្រាសាទនានាច្រើនតែសង់អំពីឥដ្ឋ ដោយមានក្លោងទ្វារធ្វើអំពីថ្ម ហើយមានកំពូលខ្ពស់ទៅលើ។ ចំណែកអក្សរដែលគេសរសេរចារនៅលើសិលចារឹកវិញ បុព្វបុរសខ្មែរមិនមែនត្រឹមតែចារជាភាសាសំស្ក្រឹតទេ គេបានទាំងចារជាភាសាខ្មែរទៀត។ រីឯកសារប្រវត្តិសាស្ត្រចិនឈ្មោះសួយ (ជាឈ្មោះព្រះរាជវង្សស្ដេចចិនដែលបានសោយរាជ្យពីគ.ស ៥៨៩ ទៅដល់គ.ស ៦១៨) ដែលនិពន្ធចងក្រងដោយតំណាងប្រទេសចិននៅកម្ពុជា បានរៀបរាប់អំពីសវនការវ្រះបាទឦឝានវម៌្ម និងការរស់នៅរបស់ប្រជានុរាស្ត្រខ្មែរយ៉ាងច្បាស់លាស់ដែលយើងអាចចាត់ទុកជាសក្ខីភាពមួយយ៉ាងសំខាន់។ ឯកសារដដែលបានកត់ត្រាថា ប្រទេសខ្មែរតែងតែមានចម្បាំងជាញឹកញាប់ជាមួយនឹងនគរចាម្ប៉ា (ប្រទេសចាម ក៏ដូចជាប្រទេសខ្មែរដែរ មាននគរតូចធំជាច្រើន ដែលមានស្ដេចសោយរាជ្យខុសអំពីគ្នា)។ ជាពិសេស នគរចាមដែលស្ថិតនៅជាប់នឹងសមុទ្រ។ បន្ទាប់ពីព្រះបាទឦឝានវម៌្មទី១ចូលទិវង្កតក្នុងគ.ស ៦៣៥ ប្រទេសខ្មែរបានជួបប្រទះចលាចល រំជើបរំជួល និងអសន្តិសុខពាសពេញនគរ។
ព្រះមហាក្សត្រអង្គទី៣ នៃចេនឡាព្រះនាមថាឦឝានវម៌្មទី១ ទ្រង់មានអំណាចខ្លាំងក្លាណាស់ ទ្រង់បានបង្រ្កាបអាណាចក្រភ្វូណានរឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុងព.ស ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិសជាពិសេសទិសខាងលិចលាតសន្ទឹងទៅដល់ខេត្តចន្ទបុរី។
ក្រៅពីសម្ថតភាពផ្នែកសំណង់សាសនានគរភាវូបនីយកម្ម និងសិល្បៈសូនរូប វ្រះបាទឦឝានវម៌្មទី១ បានរៀបចំប្រព័ន្ធសេដ្ឋកិច្ចរឹងមាំមួយដែលពឹងផ្អែកជាសំខាន់ទៅលើទិន្នផលកសិកម្ម។ ព្រះអង្គសម្រួលនូវទស្សនៈ «នយោបាយ−សាសនា» ដែលមានប្រភពនៅប្រទេសឥណ្ឌាមកឣនុវត្តនៅក្នុងឣាណាចក្រខ្មែរក្នុងគោលបំណងពង្រឹងឣំណាចរាជានិយម។ រាជធានីឦឝានបុរពី រាជ្យព្រះបាទភវវម៌្មទី២ រហូតដល់រាជ្យ វ្រះបាទជយវម៌្មទី៧ ។
សាសនា
ឯកសារសិលាចារឹកទាំងនេះ បានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រ អ្នកដឹកនាំ និងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនា តែឲ្យតំលៃទៅលើព្រះហរិហរៈ។ ព្រះហរិហរៈ ជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុ និងពាក់កណ្ដាលទៀតជាព្រះឥសូរ។ ដូច្នេះ ព្រះបដិមាតែមួយតំណាងព្រះវិស្ណុផង ព្រះឥសូរផង។ ប៉ុន្តែព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្ត គ្មានការប្រកាន់ ឬប៉ះទង្គិចគ្នាឡើយ។ នៅតាមកន្លែងគោរពបូជា នៅតាមសាលា ឬនៅផ្ទះសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរ គេឃើញមានព្រះពុទ្ធបដិមា និងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហ៊ឹងលើអាសនៈជាមួយគ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យវ្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មមកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់វ្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា។ តម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។
ព្រះញាតិវង្សចុះពីព្រះអង្គ
ផ្អែកលើសិលាចារឹកព្រះបាទឦឝានវម៌្មទី១ មានបុត្រា ៣ ឣង្គព្រះនាមឝិវទត្តជាបុត្រាទីពីរដែលគ្រប់គ្រងនៅក្នុងតំបន់ឣរញ្ញប្រទេឝ (ប្រទេសថៃសព្វថ្ងៃ) និងព្រះបាទភវវម៌្មទី២ ជាបុត្រាទី១ ដែលបន្ដសោយរាជពីព្រះឣង្គនៅសម្បូរណ៍ព្រៃគុហ៍ ចំណែកឯបុត្រាទី៣ ព្រះនាមមិនបានវែកញែកស្គាល់តែគោរម្យងារ យុវរាជ (ម្កុដរាជកុមារ)។ ព្រះបាទជយវម៌្មទី១ត្រូវជាចៅព្រះបាទឦឝានវម៌្មទី១ ព្រះឣង្គបានផ្លាស់ប្ដូររាជធានីពីសម្បូរណ៍ព្រៃគុហ៍ទៅតំបន់ឣង្គរវិញបន្ទាប់ពីរាជ្យព្រះបាទភវវម៌្មទី២ដែលជាក្សត្រស្ថាបនិកក្រុមខាងជើងនៃប្រាសាទសម្បូរណ៍ព្រៃគុហ៍។ នៅក្នុងសម័យចេនឡា មានព្រះមហាក្សត្រ ៣ ព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញគឺ ព្រះបាទភវវម៌្មទី១ វ្រះបាទមហេន្ទ្រវម៌្ម និងព្រះបាទឦឝានវម៌្មទី១ ដែលបានសោយរាជ្យបន្តបន្ទាប់គ្នានៅរាជធានីមួយនេះ។ ប្រវត្តិសាស្ត្របុរាណនៃរាជវង្សថាង (ជីវថាងឝ៊ូ) រៀបរាប់អំពីចំណងមិត្តភាពរវាងអាណាចក្រខ្មែរ និងចាម ដែលបន្តតាំងពីរាជ្យព្រះបាទចិត្រសេនា-មហេន្ទ្រវម៌្ម រហូតដល់រាជ្យព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាបុត្រ។ សម្ព័ន្ធភាពនេះកាន់តែជិតស្និទថែមទៀតក្រោយពីអភិសេកបុត្រាស្ដេចចាម និងបុត្រីព្រះបាទឦឝានវម៌្មទី១ ព្រះនាមសុវណ៌ បន្ថែមលើទំនាក់ទំនងទៅវិញទៅមកផ្នែកវប្បធម៌។ រីឯសម្ព័ន្ធភាពជាមួយអធិរាជចិនក៏ប្រព្រឹត្តទៅមិនដាច់ដូចគ្នាដែរ។ ជាក់ស្ដែង បន្ទាប់ពីឡើងសោយរាជ្យភ្លាមព្រះអង្គបានបញ្ជូនរាជទូតទៅគាល់ព្រះចៅអធិរាជចិននៃរាជវង្សសួយ (៥៨១-៦១៨) ហើយដំណើរនេះបន្តរហូតមកដល់សម័យរាជវង្សថាង (៦១៨-៩០៧)។
ប្រាសាទ
ប្រាសាទសម្បូរណ៍ព្រៃគុហ៍ មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ២៥ គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុហ៍ជារាជធានីចាស់បុរាណ ឈ្មោះ ឦឝានបុរ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអដោយចម្លាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលវ្រះបាទឦឝានវម៌្មទី១ ក្នុងសតវត្សទី៧។ ក្រុមប្រាសាទសម្បូរណ៍ព្រៃគុហ៍ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម៉្លេះ ហើយត្រូវបានរៀបចំសាជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន ១៤០ ប្រាសាទ។ រមណីដ្ឋានសម្បូរណ៍ព្រៃគុហ៍ ចែកចេញជា៤ក្រុមធំៗគឺ៖
- ១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
- ២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្សទី៩។
- ៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង ៤ ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
- ៤.ក្រុមប្រាសាទក្រោរមាស: មានទីតាំងនៅខាងជើងចម្ងាយ ២ គ.ម ពីប្រាសាទសំបូរព្រៃគុហ៍ មានតួប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ព្រះរាជពង្សាវលី
- ព្រះអយ្យកា ព្រះនាម ព្រះបាទវីរវម៌្ម ជាអតីតព្រះមហាក្សត្រនៃអតីតទឹកដីចេនឡា។
- ព្រះបិតាព្រះនាម មហេន្ទ្រវម៌្ម, ព្រះបិតុលា ព្រះនាម ភវវម៌្មទី១
- ព្រះមាតុលា មិនស្គាល់ព្រះនាម មានស្វាមីជាព្រាហ្មណ៍ សោមសម៌ន
- ព្រះអគ្គមហេសី សករមន្ជរិ
- មានក្សត្រមួយអង្គព្រះនាម ហិរណ្យវម៌្ម ជាបុត្ររបស់ព្រះមាតុលា របស់ទ្រង់ ជាព្រះភាតាអយ្យកោមួយ
- បុត្រមានព្រះនាម ព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ និង ម្ចាស់ក្សត្រីសុវណ៌
- ព្រះនត្តា ដែលគេស្គាល់ព្រះនាមត្រូវជា ព្រះមហាក្សត្រនៃនគរចាម្បា ព្រះនាម វិក្រាន្តវម៌្មទី១
- ព្រះអគ្គមហេសី សករមន្ជរិ
ឯកសារយោង
តំណខាងក្រៅ
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.