ភ្នំព្រះរាជទ្រព្យ ភ្នំអដ្ឋរស្ស From Wikipedia, the free encyclopedia
ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ ភ្នំអដ្ឋរស្ស |
|
ទេសភាពភ្នំឧដុង្គ | |
ទីតាំងភ្នំឧដុង្គ | |
កូអដោនេ: 11°48′N 104°45′E | |
---|---|
ប្រទេស | កម្ពុជា |
ខេត្ត | កណ្តាល |
ស្រុក | ស្រុកពញាឮ |
ឃុំ | ឃុំផ្សារដែក និង ឃុំភ្នំបាត |
ភូមិ | ភូមិភ្នំជ័យឧត្តម ភូមិស្រះពោធិ៍ ភូមិពោធិ៍រ៉ាល់ ភូមិត្រពាំងស្លែង ភូមិស្រះពោធិ៍ |
ភ្នំឧដុង្តស្ថិតនៅក្បែររាជធានីឧដុង្គមានជ័យដែលជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយ ព្រះបាទនរោត្តម នៅឆ្នាំ ១៨៦៦ ដោយធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។ភ្នំឧដុង្តមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ភ្នំឧដុង្គជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ទីកន្លែងនេះមានការទាក់ទាញជាថ្មីបន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយដែលជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដ៏ធំនិងព្រះពុទ្ធបដិមាតូចៗជាង ៣០០០ អង្គនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើងដែលមើលទៅឃើញធំខ្ពស់និងមានភាពស្រស់បំព្រង។ភ្នំនេះមានកំពូល ០៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និង កំពូលភ្នំអរិយកាស្សប។ភ្នំឧដុង្តសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុង ភូមិភ្នំជ័យឧត្តម ភូមិស្រះពោធិ៍ ដែលភូមិទាំង២នេះស្ថិតនៅ ឃុំផ្សារដែក និង ភូមិពោធិ៍រ៉ាល់ ភូមិត្រពាំងស្លែង ភូមិស្រះពោធិ៍ ដែលភូមិទាំង៣នេះស្ថិតនៅ ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ទេសភាពនៅលើកំពូលភ្នំនៅពេលយើងឡើងដល់កំពូលនៃភ្នំហាក់បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ធជុំវិញហើយបើមើលទៅទិសខាងលិចឃើញភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅទិសខាងកើតឃើញដៃទនេ្លសាបនិងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅទិសខាងជើងឃើញភូមិវាំងចាស់និងផ្សារឧដុង្គនិងមើលទៅទិសខាងត្បូងឃើញផ្លូវជាតិលេខ ០៥ ទៅកាន់រាជធានីភ្នំពេញយ៉ាងវែងអន្លាយហាក់បីដូចខែ្សពួរមួយចង្វាយដែលគេរាយអញ្ចឹង។ភ្នំឧដុង្គមានទីកន្លែងសម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធសាសនិកកនែ្លងសម្រាប់អង្គុយលំហែមើលទេសភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំមានលក់ភេសជ្ជៈម្អូបចំណីអាហារសម្បូរបែបជាច្រើនប្រភេទនិងមានលក់របស់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ ជូនដល់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកគ្រប់ៗរូបដែលបានទៅទស្សនាកម្សាន្ត។ភ្នំឧដុង្គ ឬជា ភ្នំព្រះរាជ្យទ្រព្យ និងខ្លះទៀតហៅថា ភ្នំអដ្ឋរស្ស ជាអតីតរាជធានីរបស់ប្រទេសកម្ពុជាយើងនាសតវត្សរ៍ទី១៧។ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សនិងជាទីកនែ្លងដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យសាងសង់វត្តនិងព្រះវិហារ។ការដែលគេហៅ "ភ្នំព្រះរាជ្យទ្រព្យ" ដោយសារព្រះមហាក្សត្រជំនាន់នោះទ្រង់ឈ្វេងយល់ថាភ្នំនេះមិនខ្ពស់ពេកហើយស្ថិតនៅកែ្បរក្រុងឧដុង្គដែលជារាជវាំងស្រាប់ទៀតព្រះរាជាក៏ទ្រង់ចាត់ឲ្យកសាងព្រះចេតិយធំៗនិងមានចម្លាក់លម្អសម្រាប់បញ្ចុះព្រះបរមអដ្ឋិធាតុនិងព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សដោយចាប់សាងបូជនីយដ្ឋាននោះដោយកម្លាំងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គទើបសន្មតហៅថា" ភ្នំព្រះរាជទ្រព្យ " ។បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរខាងជើងដែលទើបធ្វើថ្មីនោះមានចំនួន ៥០៩កាំដំបូងនោះគេនឹងបានឃើញព្រះសក្យមុនីចេតិយដ៏ធំនិងស្រស់ស្អាតមានកម្ពស់ ៤០ ម៉ែត្រ។ព្រះសក្យមុនីចេតិយចាប់បញ្ចុះបឋមសិលានាថៃ្ងព្រហស្បតិ៍ ០៩ រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ធស័ករាជ ២៥៤០ ដែលត្រូវនឹងថៃ្ង ០៨ ខែសីហា ឆ្នាំ ១៩៩៦។
បើតាមឯកសារប្រជុំរឿងព្រេងខែ្មរភាគទី ០៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរបានបញ្ជាក់ថាទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២។ក្នុងពុទ្ធសករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី២សេ្តចគង់នៅព្រះរាជវាំងល្វាឯមទ្រង់បាននាំ សេនាបតី និងនាមឺនសព្វមុខមន្រ្តីចុះព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រុងលាយក្នុងខេត្តសំរោងទងទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាលនៅតាដុងយាយជ័យទ្រង់ក៏ទតឃើញទីទួលមួយនៅ តំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តីមានហោធិបតីជាដើមថា"យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាមេ្តច?"ឧកញ្ញ៉ាហោរាធិបតីមុំ គន់គូរពិនិត្យមើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា" ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស" ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយក៏ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធស័ករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីៗថា ក្រុងឧដុង្គមានជ័យ។
ស្ថិតនៅខាងឆេ្វងដៃកែ្បរព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះគឺឃើញមានចេតិយធំៗ ០២ នៅកែ្បរគ្នាក្នុងនោះចេតិយខាងជើងមានឆ្លាក់រូបដំរីលេចក្បាលធ្លោឡើងប៉ុនដំរីមែនទែនគេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពីគ្រិស្តស័ករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋាទី២ដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទស្រីសុរិយោពណ៌ជាព្រះវររាជបិតាមានលម្អដោយក្បាច់និងចម្លាក់ក្បាលដំរីព័ទ្ធជុំវិញចំនួន ៣២ ហើយក៏មានចារឹកអក្សរ ០១ ផ្ទាំងនៅខាងមុខផងដែរថា «ព.ស២១៦៦ មហាសករាជ១៥៤៥ ចុល្លសករាជ៩៨៥ ឆ្នាំកុរបញ្ចស័ក គ.ស១៦២៧ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាព្រះចៅក្រុងកម្ពុជាធបតីទ្រង់សាងព្រះចេតិយត្រ័យត្រឹង្សលើភ្នំព្រះរាជទ្រព្យខេត្តសំរោងទងធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៌ព្រះចៅក្រុងកម្ពុជាធិបតីព្រះវរាជបិតាប្រសូត្រឆ្នាំវកសំរិទ្ធិស័ក គ.ស១៥៤៩ សុវណ្ណគតនៅឆ្នាំមមែឯកស័ក» អក្សរចារឹកនោះនៅមានបន្តទៀតប៉ុន្តែដោយសារតែរងនូវការខូចខាតរលុបបាត់ខ្លះៗទៅហើយនោះទើបមិនអាចមើលដឹងថាមានខ្លឹមសារបែបណានិងសរសេរបង្ហាញបន្តទៀតបានឡើយ។ផ្ទាំងអក្សរចារឹកខាងលើនេះត្រូវបានព្រះបាទសម្ដេចព្រះសុីសុវត្ថិទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីក្រមការធ្វើឡើងនៅក្នុងឆ្នាំម្សាញ់ នព្វស័ក គ្រិស្ដស័ករាជ ១៩១៧ ដើម្បីឲ្យប្រជានុរាស្ត្រខ្មែរបានដឹងគ្រប់ជំនាន់។ចេតិយខាងត្បូងជាប់គ្នានោះកសាងឡើងក្នុងគ្រិស្តស័ករាជ ១៨៩១ ដោយព្រះបាទនរោត្តមដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទអង្គឌួងជាព្រះវររាជបិតាមានលម្អដោយក្បាច់និងអក្សរចារឹក ០១ ផ្ទាំងនៅខាងមុខនោះផងដែរថា «ព.ស២៤៣៤ មហាសរាជ១៣១៣ ចុល្លសករាជ១២៥៣ ឆ្នាំថោះត្រីស័ក គ.ស១៨៩១ ព្រះបាទសម្ដេចព្រះនរោត្តមព្រះចៅក្រុងកម្ពុជាធិបតី កសាងព្រះចេតិយនេះនៅលើកំពូលភ្នំព្រះរាជទ្រព្យដើម្បីបញ្ចុះព្រះបរមអដ្ឋិព្រះបាទ សម្ដេចព្រះហរីរក្សរាមាព្រះបាទអង្គឌួងព្រះចៅក្រុងកម្ពុជាធិបតីជាព្រះវររាជបិតា ប្រសូតនៅឆ្នាំរោងអដ្ឋស័ក សោយរាជ្យបាន១៤ឆ្នាំ និងទ្រង់សុវណ្ណគត ឆ្នាំវកទោស័កគ.ស១៧៩៦ព្រះជន្មាយុ៦៥ឆ្នាំ និងសម្ដេចព្រះរាជនីបរមបពិត្រ ប្រសូតនៅឆ្នាំកុរសព្វសក័ សុវណ្ណគតឆ្នាំមមែនព្វស័កគ.ស១៨៩៥ ក្នុងព្រះជន្មាយុ៨១ឆ្នាំ និងឆ្នាំម្សាញ់នព្វស័ក ថ្ងៃពុទ្ធ២រោជខែអស្សុជគ.ស១៩១៧ ព្រះបាទសម្ដេចព្រះសុីសុវត្ថិចោមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់បានចាត់ព្រះរាជពិធីបញ្ចុះព្របរមអដ្ឋិសម្ដេចព្រះវរាជនីជាព្រះវរាជមាតាប្រសូត្រនៅក្នុងឆ្នាំរោងទោស័កគ.ស១៨២០ » ។រីឯព្រះចេតិយធំ ០១ ទៀតស្ថិតនៅជួរជាមួយគ្នានោះដែរតែនៅឃ្លាតឆ្ងាយបន្តិចពីព្រះចេតិយទាំង ០២ ខាងលើនោះគឺព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះបាទសុីសុវត្ថិ មុនីវង្សមានលម្អដោយក្បាច់ចម្លាក់និងមានរំលេចដោយចម្លាក់ព្រហ្មមុខ ០៤ នៅលើកំពូលតំណាងឲ្យព្រហ្មវិហារធម៌និងសេចក្ដីរីកចម្រើនរុងរឿងហើយក៏មានចារឹកជាអក្សរនៅខាងមុខព្រះចេតិយនោះផងដែរ។ចេតិយធំៗទាំង ០៣ ស្ថិតលើកំពូលភ្នំឧដុង្គជ្រុងខាងជើងត្រូវបានគេហៅថា " ព្រះចេតិយត្រៃត្រិង្ស"។
នៅលើកូនភ្នំមួយប៉ែកអាគ្នេយ៍នៃភ្នំអដ្ឋរស្សដែលអាចទៅដល់ដោយចូលតាមវត្តធម្មកេរ្តិ៍មានព្រះចេតិយរបស់មួយគឺជាចេតិយរបស់ព្រះបាទព្រះចន្ទរាជាដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថជាច្រើរួមមានការកសាងក្រុងលង្វែកនិងបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួចជាដើម។នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទនិងវិហារមួយដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមផងដែរ។ចេតិយព្រះបាទចន្ទរាជាស្ថិតនៅមុខព្រះពុទ្ធចូលនិព្វានកសាងឡើងតាំងពីគ្រិស្តស័ករាជ ១៥៦៧ ដោយព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះបាទចន្ទរាជាជាព្រះវររាជបិតា។ចេតិយនេះបែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ។
ចុះតាមជណ្តើរថ្មទៅខាងត្បូងបានបន្តិចមានកនែ្លងមួយដែលអ្នកស្រុកប្រាប់ថាជាមាត់រូងប៉ុនែ្តពុំឃើញមានរូងឡើយកាលពីសម័យដើមគឺមានរូងធំមួយតែងត្រូវបានព្រះសង្ឃធុតុង្គនិមន្តចេញចូលតាមរូងនេះដោយគេនិយាយថារូងនោះចូលទៅដល់ភ្នំប្រសិទ្ធិឯណោះ។តែចំណេរក្រោយមកពុំដឹងមូលហេតុអ្វីទេក៏ស្រាប់តែមានការបិទមាត់រូងនោះសន្ធប់ចោលរហូតមកបន្តដំណើរទៅខាងត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រមមួយតូចមានតម្កល់ព្រះពុទ្ធរូបមួយអង្គហៅថា "លោកតាដំបងដែក" ដែលអ្នកស្រុកនៅទីនោះប្រាប់ថាគេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថាពូកែស័ក្តិសិទ្ធិណាស់។នៅលើភ្នំនេះមានព្រះវិហារព្រះពុទ្ធសាសនាដែលអ្នកស្រុកហៅថាព្រះវិហារអដ្ឋរស្សខ្ពស់ត្រដែតស្ថិតនៅប៉ែកខាងត្បូងដែលព្រះវិហារនេះបែរមុខទៅរកទិសខាងជើងខុសប្លែកពីព្រះវិហារនៅតាមទីវត្តអារាមទាំងអស់ដែលបែរមុខទៅទិសខាងកើត។ដោយសារព្រះពុទ្ធរូបមានកម្ពស់ដល់ទៅ ១៨ ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថា"វិហារអដ្ឋរស្ស" មានន័យសំដៅព្រះពុទ្ធរូបកម្ពស់ ១៨ ហត្ថជាភាសាបាលី គឺ ១៨ នេះឯង។ព្រះវិហារនេះបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំក្នុងអំឡុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសក្នុងទសវត្សរ៍ទី ៧០។បច្ចុប្បន្នព្រះវិហារនេះនៅសល់តែសសរធំៗ ០៨ រីឯដំបូលវិញត្រូវបានបំផ្លាញនៅក្នុងសម័យខ្មែរក្រហមឆ្នាំ ១៩៧៧។ទោះបីជាមានសង្គ្រាមបានបំផ្លិចបំផ្លាញយ៉ាងណា ក៏ដោយភ្នំឧដុង្គនៅមានសម្រស់ធម្មជាតិ ទេសភាពដ៏ស្រស់ត្រកាល និង ជំនោរខ្យល់បរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.