ប្រាសាទនាងខ្មៅជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពីថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ៥២គីឡូម៉ែត្រពីភាគខាងត្បូងក្រុងភ្នំពេញ ២៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។
បានជាហៅថាវត្ដប្រាសាទនាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចព្រះវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផង ឥដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់ ១០ម៉ែត្រ កំពូលស្រួចដូច ចេតិយខ្ពស់ត្រដែត។
រឿងព្រេងទាក់ទងដើមកំនើត នៃប្រាសាទនោះមានដំនាលថា៖
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់មានព្រះនាមព្រះបាទសុរិយោវង្ស គង់នៅភ្នំជីសូរ ជាស្ដេចមានមហិទ្ធិរិទ្ធិមានបុណ្យច្រើន ទ្រង់បានសាងប្រាសាទប្រាំ និង ទ្រង់អោយជីកស្រះបួននៅលើភ្នំនោះ គ្រប់ជ្រុងបា្រសាទ ទ្រង់មានបុត្រីមួយព្រះអង្គព្រះនាមនាងខ្មៅ។
ភ្នំជីសូរ ពីកំពូលចុះមកដល់ដី ជំរាលជើងភ្នំខាងក្រោម ប្រហែល៧០០ម៉ែត្រមានទន្លេ៤ គ្រប់ជ្រុងទាំង៤ គឺទន្លេអុំមួយ ទន្លេស្ងួតមួយ ទន្លេប្រទ្រុនមួយ និងទន្លេទ្រុនមួយ។ ទន្លេទាំង៤នោះជាកន្លែង សំរាប់ក្រសាលរបស់ស្ដេចអង្គនោះ។លុះព្រះបុត្រីមានវ័យវឌ្ឍនាការចំរើនឡើងបានព្រះជន្ម១៦ឆ្នាំ ព្រះនាងមានរូបឆោមលោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ។ថ្ងៃមួយព្រះនាងនឹកភ្នកចង់ទៅលេងទន្លេប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ។ ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបំរើអោយរៀបចំហែហម ព្រះរាជដំនើរព្រះនាងទៅក្រសាលក្នុងវេលាថ្ងៃរសៀល។
គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិត ស្រី ទើបនឹងសឹកពីសាមនេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀតចេះមន្ដអាគមវិជ្ជាការ។បណ្ឌិតនេះមានទីលំនៅៗភូមិមួយខាងលិចភ្នំជំសូរ ជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន។ ថ្ងៃនេះបណ្ឌិតស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ បានឃើញព្រះនាងខ្មៅចុះពីលើភ្នំ ជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្ដនឹងព្រះនាងក្រៃពេក។
- បណ្ឌិតនោះពិចារនាថា «ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ ដោយបានជួបនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្រ្ដកំសត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន៎! នាងនេះមិនមែនជាស្រីសាមញ្ញទេគឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មានឹងនាងនេះពុំសមសក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?»
- បណ្ឌិតចេះតែស្រលាញ់ខ្លាំងឡើងៗ គិតថា «នឹងចូលស្ដីដន្ដឹងតាមច្បាប់ ក៏ពុំសមនឹងប្រព្រិត្ដខុស ក៏មុខជាស្ដេច យកទោសដល់ស្លាប់»។
ទើបនឹកដល់មន្ដវិជ្ជាការ ដែលខ្លួនចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្ដវិជ្ជាការនោះ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯសូរសំលេង ស្លឹក ដែលបណ្ឌិតផ្លុំ នោះទៅចុចចំបេះដូងព្រះនាងនោះ
- ព្រះនាងក៏ភ័នភាំងស្មារតី លុះភ្ងារឡើងគិតថា «អាត្មាអញកូនស្ដេច ធ្លាប់ស្ដាប់ភ្លេងតូរ្យតន្រ្ដីសព្វថ្ងៃ ដែលពុំមានភ្លេងអ្វីធ្វើចិត្ដអញអោយស្លុតដូចសំលេងស្លឹកនេះសោះ»
ព្រះនាងសញ្ជឹងគិតយូរៗទៅ សំលេងនោះរិតតែពិរោះឡើងៗ
- ព្រះនាងអត់ទ្រាំមិនបានក៏លន់ព្រះអោស្នថា «យីអីហ្ន៎! សំលេងនេះជាសំលេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលអោយឃើញច្បាស់ តើអ្នកនោះដូចម្ដេច បានចេះផ្លុំពិរោះដល់ម្លឹង?»។
ព្រះនាងក៏ទៅរកមើលអោយឃើញដោយព្រះអង្គអែង។ លុះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះ ក៏រិតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង បានសាកសួរសន្ទនាគ្នាទៅវិញទៅមកតាមប្រពៃណីរបស់ប្រុសនិងស្រីដែលស្រលាញ់គ្នា។
- អ្នកទាំងពីរបាននិយាយនាត់នឹងគ្នាថា «ថ្ងៃក្រោយយើងនឹងមកជួបគ្នាទៀត» ហើយបែកគ្នារៀងខ្លួន។
ចំនែកព្រះនាងតាំងពីបែកបណ្ឌិតនោះទៅ មានទឹកព្រះភក្រ្ដប្លែកពីប្រក្រតី ចេះតែក្រៀមក្រមពុំរួសរាយរកពួកបរិវារពួកបរិវារមានសន្ទិះសង្ស័យ។ ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ព្រះរាជាក៏ទ្រង់អនុញ្ញាតអោយព្រះនាងទៅ ទ្រង់ចាត់មនុស្សបំរើហែហមជូនដំនើរព្រះនាងដូចថ្ងៃមុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា«អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចាការទៅនោះបន្ដិច»។ និយាយប្រាប់ហើយព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួប លុះបានជួបគ្នាហើយ ទាំងពីររូបក៏សំរេចសេចក្ដីប្រាថ្នារបស់ខ្លួន។ ពួកបរិវារសង្ស័យក៏ទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្ដីភិតភ័យ ក្លាចក្រែងស្ដេចយកទោសដល់ជីវិត
- ក៏ជំនុំពិគ្រោះគ្នាថា «យើងគួរតែក្រាបទូលស្ដេចកុំខាន»។
លុះត្រលប់ទៅវិញពួកបរិវារ ក៏ចូលទៅគាល់ទូលស្ដេចសព្វគ្រប់តាមដំនើរ។
- ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពេជ្ឈឃាតមកប្រាប់ថា «ត្រូវយកកូនអញទៅសំលាប់អោយឆាប់»។
- ព្រះអគ្គមហេសីជាមាតា ក្រាបទូលសុំទោសព្រះស្វាមីថា «សូមព្រះករុណាទ្រង់ព្រះមេត្ដាប្រោស ព្រះរាជទានទោសដល់កូនយើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំសំលាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះសូមទ្រង់អនុញ្ញាតអោយទាន»។
ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំ របស់ព្រះនាងជាព្រះមាតា ទើបទ្រង់បង្គាប់សេនាបតី អោយធ្វើប្រាសាទពីរ ចំងាយអពីព្រះដំនាក់ទៅបីយោជន៍។ ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយស្ដេចទ្រង់បង្គាប់អោយនាំព្រះនាងខ្មៅទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ។ តាំងពីថ្ងៃនេះទៅ ព្រះនាងកើតទុក្ខជាទំងន់ ណាមួយព្រះបិតាបំបរបង់ចោល អោយនៅម្នាក់អែង ណាមួយបែកពីសង្សារលែងបានមកជួបសោះដោយមិនបានជ្រាបទៅទីណា។
គ្រានោះមានភិក្ខុមួយព្រះអង្គឈ្មោះ កែវ លោកនិមន្ដពីស្រុក លោកទៅរៀនមន្ដវិជ្ជាការនៅអែស្រុកក្រៅ លោកបានរៀនចេះពូកែណាស់ លោកត្រលប់មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្ដតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក។ ដោយស្រះនោះជារបស់លោកគ្រូ កែវ ទើបមានឈ្មោះថាស្រះកែវៗរហូតដល់សព្វថ្ងៃ។
លោកគ្រូងអង្គនោះ គង់នៅយូរបន្ដិទៅ មានកិត្ដិសព្ទល្បីគ្រប់ស្រុកភូមិ។ ព្រះនាងបានលឺដំនឹងថា លោកគ្រូទើបនិមន្ដមកពីស្រុកក្រៅ ចេះមន្ដវិជ្ជាការល្បីល្បាញដូច្នោះ មានបំនងចង់ជួបនឹងលោក ដើម្បីចង់ដឹងអំពីទុក្ខរបស់ព្រះនាងថា «តើថ្ងៃណានឹងបានស្រាកស្រាន្ដស្បើយល្ហើយ ព្រះនាងក៏ប្រាប់អ្នកបំរើអោយរៀបព្រះទីនាំងដំរី ដើម្បីទៅថ្វាយបង្គំលោកគ្រូកែវ។ លុះធ្វើព្រះរាជដំនើរទៅដល់ទីកន្លែលោកគ្រូនាះហើយ ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បាន
ឃើញលក្ខណលោកគ្រូនោះសព្វគ្រប់ ក៏បែកចិត្ដចេញពីសង្សាចាស់ មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះមានរូបឆោមស្អាតជាងបណ្ឌិតស្រី ពេញលក្ខណប្រុសគួរអោយស្រលាញ់ ព្រះនាងដំនាលសេចក្ដីទុក្ខរបស់ទ្រង់ទូលលោកគ្រូសព្វគ្រប់ហើ ក៏សំដែងអាការៈស្និទស្នាលហាក់ដូចជាទុកចិត្ដគ្នាយូរមកហើយ។ អាការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ទ្រង់នោះ នាំអោយលោកគ្រូកែវអត់ទ្រាំពុំបាន ក៏មានចិត្ដទោទន់ទៅរកព្រះនាង ហើយមានពុទ្ធដិកាទន់ភ្លន់ទៅរក។ កាលបើព្រះនាងបានលឺពុទ្ធដិកាលោកផ្អែមល្អែមទន់ភ្លន់មករកដូច្នោះ ក៏នឹកសង្ឃឹមថា តទៅមុខអញនឹងមានអាង លែងកើតទុក្ខតាំងពីថ្ងៃនេះទៅហើយ។ ចាប់តាំងពីថ្ងៃនោះមក ព្រះនាងមានពណ៌សំបុរស្រស់បំព្រងដូចស្រីទេពអប្សរ។
ចំនែកអែលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ ដើម្បីដកចិត្ដអំពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ។ ពេលក្រោយមកព្រះនាងត្រលប់មកថ្វាយបង្គំ សុំលោកគ្រូស្រោចទឹក ដើម្បីអោយមានសេរីសួស្ដី។ ពេលទៅស្រោចទឹកនោះព្រះនាងរិតតែសំដែងការរាក់ទាក់ទៅរកលោកគ្រូកែវខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលលោកថា សូមអោយលោកម្ចាស់គង់នៅសប្បាយចុះ កាលបើលឺពាក្យនោះ លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខ ដោយសំដីព្រះនាង។ អាការរបស់លោក ជាអាការៈប្រាប់នាងអោយជ្រាបច្បាស់ថា លោកកើតទុក្ខពីព្រោះព្រះនាង។ ព្រះនាងក៏រិតតែមានសេចក្ដីស្រលាញ់ខ្លាំងឡើងទៀត ដល់ព្រះនាងត្រលប់ទៅដំនាក់វិញ កើតទុក្ខផ្ទុំពុំលក់ សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ចាត់បំរើអោយរៀបចំព្រះទីនាំងដំរី ទៅនិមន្ដលោកមកអែដំនាក់ព្រះនាង។ អែលោកគ្រូកែវកាលបើឃើញអ្នកបំរើទៅនិមន្ដ ក៏សប្បាយព្រះទ័យណាស់ បានរៀបចំធ្វើដំនើរនិមន្ដមកជាប្រញាប់។ ព្រះនាងក៏ទំនុកបំរុងបនិតភោជន សុទ្ធតែរបស់ប្លែកៗ។ លុះលោកនិមន្ដទៅដល់ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ។ លោកគ្រូកែវឆាន់ពុំបាន។ អាការៈដែលលោកឆាន់ពុំបាននោះ ជាអាការៈប្រាប់ព្រះនាងអោ
យជ្រាបរិតតែច្បាស់ ព្រះនាងក៏រិតតែកើតទុក្ខខ្លាំងឡើងវអត់ទ្រាំកេរ្ដិ៍ខ្មាសពុំបាន ក៏ចូលទៅទូលលោកថា សូមលោកម្ចាស់សឹកចាកសិក្ខាបទចុះ ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រដាប់ប្រដារសព្វគ្រប់។
លោកទទួលតាមសំដីព្រះនាងនិមន្ដ ហើយក៏សឹកចាកសិក្ខាបទ ជាឃរាវាសនៅរួមសុខទុក្ខជាមួយព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះរហូតមក។
ចំនេរកាលខាងក្រោយ មានពុទ្ធបរិសទ្ធជ្រះថ្លាស្ថាបនាវត្ដនៅទីនោះឡើង វត្ដនោះមានព្រះនាមថា វត្ដប្រាសាទនាងខ្មៅរហូតដល់សព្វថ្ងៃនេះ។
រឿងប្រាសាទនាងខ្មៅ អ្នកនិពន្ធចង់បង្ហាញប្រាប់អំពី «សេចក្ដីស្នេហា» របស់សត្វលោករមែងតែងតែពុះពោរដុតកញ្ជ្រោលរោលរាល ធ្វើអោយវង្វេងភាន់ភាំងស្មារតី លែងដឹងខុស លែងដឹងត្រូវបាន។ អ្នកនិពន្ធបានរៀបចំឆាករឿងដាក់តួអង្គនាងខ្មៅ ដ៏មានរូបឆោមលោមពណ៌ល្អល្អះក្រៃលែង ហើយមានវណ្ណៈដ៏ខ្ពង់ខ្ពស់ ជាបុត្រីព្រះរាជាផែដី ទៀតផង អោយទៅស្រលាញ់គ្នា ជាមួយបុរសកូនអ្នកស្រុកក្រីក្រតោកយ៉ាកម្នាក់ទៅវិញ។ ដោយកំលាំងនៃសេចក្ដីស្នេហាដ៏ខ្លាំងអស្ចារ្យនោះ នាងខ្មៅរហូតហ៊ាន ប្រព្រឹត្ដកន្លងប្រពៃណីជាមួយបុរសក្រីក្រនេះ ហើយដែលព្រះបិតានាង សំរេចដាក់ទោសប្រហារជីវិតបង់ ដោយគ្រាន់តែមាន «សេចក្ដីស្រលាញ់» ប៉ុណ្ណោះ ។
ពិតមែនហើយថា វាជាប្រពៃណី ទំនៀមទំលាប់របស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ទាមទារអោយមានក្រិតក្រមច្បាប់ល្អអាក្រក់ក្នុងសង្គម ដែលត្រង់នេះវាធ្វើអោយយើងមានការងឿងឆ្ងល់ណាស់ ម្ដេចក៏មានសេចក្ដីស្នេហាមិនបាន?..! (ស្រលាញ់មិនបាន) ម្ដេចក៏សេចក្ដីស្នេហា ត្រូវមានឋានៈ វណ្ណៈ ខ្ពស់ទាបផង?..! បើសេចក្ដីស្នេហានេះជាច្បាប់ធម្មជាតិ រវាងបុរស និងស្រ្ដីគ្រប់ៗគ្នាសោះនោះ។
ដោយមានការសុំអង្វរករពីព្រះមាតា នាងខ្មៅត្រូវបានលើកសំរាលទោសដោយគ្រាន់តែដាក់បំបរបង់ចេញពីព្រះរាជតំនាក់ប៉ុណ្ណោះ។ ក្នុងសាច់រឿងបន្ដមក យើងឃើញអ្នកនិពន្ធបានរៀបចំឈុតឆាកស្នេហាប្រឆាំង នឹងទំនៀមទំលាប់ប្រពៃនីមួយឆាកទៀតរបស់នាងខ្មៅ ដោយរៀបចំដាក់បញ្ចូល អោយតួនាងខ្មៅទៅស្រលាញ់ប្រតិព័ទ្ធទៅលើព្រះសង្ឃដ៏មានប្រជាប្រិយភាពប្រព្រិត្ដធម៌វិន័យមួយអង្គ ទោះជាបួសជាលោកសង្ឃ រៀនចេះធម៌ ចេះវិន័យ ដឹងខុស ដឹងត្រូវ យល់គុណ យល់ទោស អំពីរឿងកាមតណ្ហានេះហើយយ៉ាងណាក្ដី លោកសង្ឃអង្គនេះនៅតែឆ្កួតវង្វេង នៅតែឈ្លក់ នៅតែហាមចិត្ដរបស់ខ្លួនមិនបានក្នុង «រឿងស្នេហា» នេះ។
- មណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.