From Wikipedia, the free encyclopedia
ប្រទេសជប៉ុន (ភាសាជប៉ុន៖ 日本国 ឬ 日本) គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីបូព៌ា។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចសមុទ្រជប៉ុន សមុទ្រអុកហុតស្គ៍នៅភាគខាងជើង និងសមុទ្រចិនខាងត្បូងនៅភាគខាងត្បូង។ ជប៉ុនជាកម្រងកោះផ្សំឡើងពីកោះចំនួន ៦,៨៥២ ដែលស្មើនឹងផ្ទៃដីសរុប ៣៧៧,៩៧៥ គីឡូម៉ែត្រការ៉េ និងមានកោះធំៗចំនួនប្រាំគឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ ស្ស៊ីកុគឹ និងអូគីណាវ៉ា។ ទីក្រុងតូក្យូគឺជារាជធានីជាតិ និងត្រូវជាទីក្រុងធំបំផុតនៅក្នុងប្រទេស ចំណែកឯទីក្រុងធំៗបន្ទាប់រួមមាន៖ យ៉ូកូហាម៉ា អូសាកា ណាហ្គោយ៉ា សាប់ប៉ូរ៉ូ ហ្វុគូអូកា កូបេ និងក្យូតុជាដើម។
日本国 (ភាសាជប៉ុន) | |
---|---|
ទីតាំងប្រទេសជប៉ុន (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | តូក្យូ 35°41′N 139°46′E |
ភាសាជាតិ | ភាសាជប៉ុន |
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសភាតំណាងឯកភូត |
- អធិរាជ | ណារ៉ុហ៊ីតូ |
- នាយករដ្ឋមន្ត្រី | អ៊ីស្ស៊ីបា ស៊ីហ្គេរុ |
នីតិបញ្ញត្តិ | រដ្ឋសភា |
រាជមន្ត្រីសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
និម្មិតកម្ម | |
- រាជវង្សអធិរាជនិម្មិតឡើង | ១១ កុម្ភៈ ៦៦០ មុន គ.ស. |
- រដ្ឋធម្មនុញ្ញម៉ីជី | ២៩ វិច្ឆិកា ១៨៩០ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៣ ឧសភា ១៩៤៧ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៧៧,៩៤៤ គ.ម២ (ទី៦២) |
- ផ្ទៃទឹក (%) | ១.៤ (គិតត្រឹមឆ្នាំ២០១៥)[១] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ១២៥,៤៤០,០០០[២] (ទី១១) |
- ជំរឿន (ឆ្នាំ ២០២០) | ១២៦,២២៦,៥៦៨[៣] |
- ដង់ស៊ីតេ | ៣៣២ នាក់/គ.ម២ (ទី២៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៥.៥៨៦ ទ្រីលានដុល្លារ[៤] (ទី៤) |
- ក្នុងម្នាក់ | ៤៤,៥៨៥ ដុល្លារ (ទី២៧) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៥.៣៧៨ ទ្រីលានដុល្លារ[៤] (ទី៣) |
- ក្នុងម្នាក់ | ៤២,៩២៨ ដុល្លារ (ទី២៣) |
ជីនី (២០១៨) | ៣៣.៤[៥] មធ្យម · ទី៧៨ |
HDI (២០១៩) | ០.៩១៩[៦] ខ្ពស់ណាស់ · ទី១៩ |
រូបិយវត្ថុ | យេនជប៉ុន (¥) (JPY) |
ល្វែងម៉ោង | UTC+០៩:០០ (JST) |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៨១ |
ដែនកម្រិតខ្ពស់ | .jp |
ជប៉ុនមានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ី-ជប៉ុន និង សង្គ្រាមលោកលើកទី១។ សង្គ្រាមចិនជប៉ុនលើកទី២ នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ា និងណាហ្កាសាគី។ ចាប់ពីការប្រកាន់យករដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោតសំរាប់តាក់តែងច្បាប់។
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក (គិតតាមអត្រា GDP) ។ តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក ។
ឈ្មោះជប៉ុនសរសេរជាអក្សរខាន់ជិ «日本» បកប្រែត្រង់ថា «ព្រះអាទិត្យ+ដើមកំណើត» ដែលមានន័យថា «ដែនដីដែលព្រះអាទិត្យរះចេញ» ។
មនុស្សនាសម័យុគថ្មរំលីងបានមករស់នៅប្រទេសជប៉ុនដំបូងបំផុត កាលពីប្រមាណ១០០០០ឆ្នាំមុន។ យោងទៅតាមរឿងព្រេង អធិរាជដំបូងបំផុតរបស់ប្រទេសជប៉ុន គឺជីមមឹ(Jimmu, 神武)ដែលគ្រប់គ្រងប្រទេសនៅឆ្នាំ៦៦០មុនគ្រឹស្តសករាជ។ អធិរាជត្រូវបានគេចាត់ទុកជាអទិទេព ប៉ុន្តែចាប់ពីឆ្នាំ៨០០មក អ្នកគ្រប់គ្រងពិតប្រាកដគឺ គ្រួសារអភិជនហ្វឹជិវ៉ារ៉ា(Fujiwara, 藤原)។
នៅឆ្នាំ១១៨៥ ប្រទេសនេះមានការច្បាំងគ្នា។ ពានិជ្ជករអឺរ៉ុបបានមកដល់ប្រទេសនេះនៅសតវត្សទី១៦ ប៉ុន្តែនៅឆ្នាំ១៦៣៧ អ្នកគ្រប់គ្រងប្រទេសឈ្មោះសូហ្គឺន(Shogun)ជាមេបញ្ជាការកងទ័ព បានហាមស្ទើតែទាំងអស់នៃពាណិជ្ជកម្មបរទេស មិនឱ្យរកស៊ីនៅប្រទេសរបស់ខ្លួន។ ប្រទេសជប៉ុនបានរក្សាភាពឯកោរបស់ខ្លួនរហូតដល់ឆ្នាំ១៨៥៤ ជាពេលដែលមេបញ្ជាការកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកឈ្មោះម៉ាត់ធូ ភែរី( Matthew Perry) បង្ខំឱ្យជប៉ុនបើកកំពុងផែរបស់ខ្លួនម្តងទៀត។
សូហ្គឹនបានក្លាយជាអ្នកគ្រប់គ្រងអសម្ថភាព។ ដូច្នេះ នៅឆ្នាំ១៨៦៧ អធិរាជមឹត្ស៊ឹហ៊ិតុ (Mutsuhito (Meiji)) បានទម្លាក់អំណាចរបស់សូហ្គឹនហើយគ្រប់គ្រងប្រទេស ដោយខ្លួនឯងផ្ទាល់។ ជប៉ុនបានបង្កើតឧស្សាហកម្ម ហើយនិងកងទ័ពយ៉ាងឆាប់រហ័ស។ នៅក្នុងសង្គ្រាមចន្លោះពីឆ្នាំ១៨៩៤ដល់ឆ្នាំ១៩៣៧ ជប៉ុនបានចូលទៅគ្រប់គ្រងកូរេ តៃវាន់ ហើយនិងមួយភាគធំនៃប្រទេសចិន។
នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២បានផ្ទុះឡើងនៅអឺរ៉ុប។ ជប៉ុនបានចាប់ផ្តើមវាយប្រហារទៅលើអាណានិគមអឺរ៉ុបនៅអាស៊ី ត្រឹមតែរយះពេលប្រមាណ៥ខែប៉ុណ្ណោះ ជប៉ុនបានវាយយកបានអាស៊ីអាគ្នេយ៍មួយភាគធំ។ កងទ័ពរបស់ជប៉ុនក៏បានបំផ្ទុះមូលដ្ឋានទ័ពជើងទឹករបស់អាមេរិកដែលមានទីតាំងនៅភើលហាប៊ើ (Pearl Harbor) ក្នុងរដ្ឋហាវ៉ៃ (Hawaii) ពេលនោះបានធ្វើឱ្យអាមេរិកឈានជើងចូលក្នុងភ្លើងសង្គ្រាម។ ជប៉ុនបានចុះចាញ់សង្រ្គាម បន្ទាប់ពីអាមេរិកបានទំលាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima 広島) និងណាហ្កាសាគី (Nagasaki 長崎)។
កងទ័ពអាមេរិកនិងកងទ័ពសម្ព័នមិត្តដទៃទៀតបានកាន់កាប់ជប៉ុនរហូតដល់ឆ្នាំ១៩៥២។ ចាប់ពីពេលនោះមក ជប៉ុនបានយកការគ្រប់គ្រងប្រទេសតាមបែប លទ្ធិប្រជាធិប្បតេយ្យ ហើយបានក្លាយជាប្រទេសដែលមានឧស្សាហកម្មរីកចំរើនមួយនៅក្នុងពិភពលោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ជប៉ុននៅតែមានកិច្ចសន្យា មិនអាចអភិវឌ្ឈកងទ័ពរបស់ខ្លួនបានទេ។
ប្រទេសជប៉ុន គឺជាប្រទេសកោះស្ថិតនៅ អាស៊ីខាងកើត និង ស្ថិតនៅប៉ែកខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកដីនៃ ប្រទេសជប៉ុន កើតឡើងពីកោះសរុបសំនួន៦៨៥២កោះ ដែលនៅ ក្នុងនោះមានកោះធំៗសំខាន់ៗ ៤គឺ៖ កោះហុងស្ស៊ូ កោះហុកកៃដូ កោះឃ្យូស្ស៊ូ និងកោះស្ស៊ីកុគឹ។ ប្រទេសជប៉ុន ហ៊ុមព័ទ្ធដោយសមុទ្រដូចជា៖ សមុទ្រជប៉ុន សមុទ្រចិនខាងកើត សមុទ្រហ្វីលីពីន និង សមុទ្រអុកហុតស្គ៍។ ប្រទេសជប៉ុន គ្មានប្រទេសជាប់ព្រំដែនគោកទេ។ ប្រទេស នៅជិតខាងមាន សហព័ន្ធរុស្ស៊ី សហភាពប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាមានិត ចិន កោះតៃវ៉ាន់ និងសាធារណរដ្ឋហ្វីលីពីន។
ប្រទេសជប៉ុន មានរាងជាធ្នូ កើតឡើងពី កោះចំនួន ៦៨៥២ និងមានផ្ទៃក្រលាប្រមាណ ៣៧៨០០០គ.ម២។ ៧០% នៃផ្ទៃដីសរុបគឹជាភ្នំ និងផ្ទៃដីព្រៃ ៦៧%។ តំបន់ឈឺប៊ឹ (តំបន់កណ្តាល) ស្ថិតនៅភាគកណ្តាលនៃ កោះហុងស្សឺ ត្រូវបានគេស្គាល់ថាជា ដំបូលនៃប្រទេសជប៉ុន ព្រោះជាតំបន់ភ្នំខ្ពស់ៗ ដែលមានកំពស់ខ្ពស់ជាង ៣០០០ម។ ភ្នំខ្ពស់ជាងគេនៅ ប្រទេសជប៉ុន គឺ ភ្នំហ្វឹជី (៣៧៧៦ម) ស្ថិតនៅលើព្រំប្រទល់ ខេត្តយ៉ាម៉ាណាស្ស៊ី និង ខេត្តស្ស៊ីស្សឹអុកា។ ភ្នំខ្ពស់លំដាប់ទី ២ ឈ្មោះ ភ្នំឃីតាដាកិ (៣១៩២ម) ក្នុងខេត្តយ៉ាម៉ាណាស្ស៊ី។ ភ្នំខ្ពស់លំដាប់ទី ៣ ឈ្មោះ ភ្នំហុតាកាដាកិ (៣១៩០ម) នៅព្រំប្រទល់ ខេត្តណាហ្គាណុ និង ខេត្តហ្គីហ្វឹ។
ផ្អែកលើស្ថានភាពសណ្ឋានដី កំរងកោះជប៉ុនចែកចេញជា២ផ្នែកធំៗគឺ ជប៉ុនខាងកើតនិងខាងជើង និង ជប៉ុនខាងលិចនិងខាងត្បូង។ ព្រំដែនខ័ណ្ឌផ្នែកទាំង២នេះស្ថិតនៅកោះហុងស្សូភាគកណ្ដាល គឺ ខ្សែតិកតូនិកអ៊ីតុអ៊ីហ្គាវ៉ាស៊ីស្សឹអុកា។ កំរងកោះជប៉ុនស្ថិតនៅទីប្រសព្វនៃផ្លាកធំ៤មាន៖ ផ្លាកអឺរ៉ាស៊ី ផ្លាកសមុទ្រហ្វីលីពីន ផ្លាកប៉ាស៊ីហ្វិក និង ផ្លាកអាមេរិកខាងជើង។ វាជាផ្នែកមួយរបស់ខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដីប៉ាស៊ីហ្វិក។ ហេតុនេះហើយទើបប្រទេសនេះសំបូររញ្ជូយដី (១០%ទៅ២០%នៃរញ្ជូយដីពិភពលោកកើតឡើងនៅម្ដុំប្រទេសជប៉ុន)។ រញ្ជូយដីថ្នាក់ទី១និងទី២ មានកើតនៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ គុណភាពដីប្រទេសជប៉ុនមានជីវជាតិល្អ ព្រោះជាដីបានមកពីសកម្មភាពភ្នំភ្លើង។ ម្យ៉ាងវិញទៀត ប្រការដែលប្រទេសជប៉ុនសំបូរអុនសេន ក៏ជាអំណោយផលពីភ្នំភ្លើងផងដែរ។ ក្នុងនោះភ្នំភ្លើង វាជាភោគផលយ៉ាងប្រណិតក្នុងការអនុគ្រោះដល់ការធ្វើកសិកម្ម។
លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយមានភាពខុសគ្នាខ្លាំងនៃសីតុណ្ហភាពទៅតាមតំបន់នីមួយៗ។ យោងតាមសេចក្តីរាយការមួយពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧ បានអោយដឹងថា សីតុណ្ហភាព ក្តៅបំផុតនៅ ប្រទេស ជប៉ុន គឺ ៤០,៩ °C (អង្សារសេ) ។ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។
រដូវផ្ការីកមានរយៈពេល៣ខែគឺខែ មីនា មេសា និង ឧសភា។
បន្ទាប់ពី រដូរភ្លៀវបញ្ចប់ទៅ នៅពាក់កណ្តាល ខែកក្តដា ព្រះអាទិត្យបញ្ចេញកំដៅ កាន់តែក្តៅឡើងៗ សីតុណ្ហភាពខ្ពស់ជាង ៣០ ℃។ នៅភូមិភាគ (តំបន់) ខ្ជឺសឺ រដូរក្តៅមាន រយះពេលប្រហែល ២ខែ នៅទីក្រុង តូក្យូប្រហែល ៤៥ ថ្ងៃ ទីក្រុង ក្យូតុប្រហែល ៦៨ថ្ងៃ។
នៅចុងខែសីហា សីតុណ្ហភាពចាប់ថយចុះ។
នៅពាក់កណ្តាលខែវិច្ឆិកា ព្រិលធ្លាក់ដំបូងនៅ ប៉ែកខាង សមុទ្រជប៉ុន។ លក្ខណះនៃរដូវរងារនៅ ប្រទេសជប៉ុនគឺ៖ នៅប៉ែកខាង មហាសមុទ្រប៉ាស៊ីហ្វិក ខ្យល់មាន លក្ខណះស្ងួត ហើយត្រជាក់ ថ្ងៃដែលមានអាកាសធាតុល្អ មានច្រើន។ រីឯខាងប៉ែកសមុទ្រជប៉ុនវិញ ព្រិលធ្លាក់កាន់តែច្រើនឡើងៗ ។ នៅអាណាខេត្តតុយ៉ាមា តំបន់ដែលមាន ព្រិលច្រើន កកមានកំពស់ខ្ពស់ជាង ២ ម៉ែត្រ នៅពេលនោះការកាយ ទំលាក់ព្រិលដែលកកនៅលើ ដំបូលផ្ទះក៏ក្លាយជាការងារ ដ៏សំខាន់។ ពួកយុវជនក្មេងៗ នាំគ្នាប្រមូលផ្តុំគ្នា នៅទីក្រុង និងទីប្រជុំជននានា។យោងតាមប្រភពពីវិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖
ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | ប្រចាំឆ្នាំ |
---|---|---|---|---|---|---|---|---|---|---|---|---|---|
សីតុណ្ហភាពមធ្យមអតិបរមា (°C) | ៩ | ៩ | ១៣ | ១៨ | ២២ | ២៥ | ២៩ | ៣១ | ២៧ | ២១ | ១៦ | ១២ | ១៩,៣ |
សីតុណ្ហភាពមធ្យមអប្បបរមា (°C) | -១ | ០ | ៣ | ៩ | ១៣ | ១៨ | ២២ | ២៣ | ២០ | ១៣ | ៧ | ២ | ១០,៧ |
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៥១ | ៦៩ | ១០៨ | ១២៨ | ១៤៣ | ១៧២ | ១៤១ | ១៤៩ | ២១៦ | ១៩២ | ៩៦ | ៥៣ | ១៥១៨ |
ល្វែងម៉ោង នៅជប៉ុន គឺ UTC+៩ ។ ម៉ោងនៅជប៉ុន លឿនជាង ម៉ោងនៅប្រទេសកម្ពុជា ២ម៉ោង។
រដ្ឋាភិបាលជប៉ុនដឹកនាំប្រទេសដោយផ្អែកលើរដ្ឋធម្មនុញ្ញប្រទេសជប៉ុន។
ប្រទេស ជប៉ុន មានអាណាខេត្ត និងក្រុង ទាំងអស់ ចំនួន ៤៧។
ទំព័រគំរូ:អាណាខេត្ត និងក្រុងនៃប្រទេសជប៉ុន
ប្រទេស ជប៉ុន ចែកជា ៩ ភូមិភាគ(តំបន់) ៖
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ទំព័រគំរូ:ធនធានមនុស្ស
ក្រុមហ៊ុនអាកាសចរធំៗមាន ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL: Japan Airlines) និង ក្រុមហ៊ុនអាកាសចរណ៍ANA (All Nippon Airways) ។ JAL ចាប់ផ្តើមហោះហើរ ក្នុងនិងក្រៅប្រទេសនៅទសវត្ស៥០។ ANA ធ្វើការហោះហើរតែក្នុងប្រទេសរហូតដល់ទសវត្ស៨០ ដែលក្រោយមកបានបើកផ្លូវអន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុនអាកាសចរណ៍ ដទៃមាន ក្រុមហ៊ុនអាកាសចរណ៍ ស្កាយម៉ាក (Skymark) ក្រុមហ៊ុនអាកាសចរណ៍ ស្កាយណេតអាស៊ី (Skynet Asia) -ល-។
សេវ៉ាកម្មផ្លូវដែកសំរាប់ដឹកអ្នកដំណើរចាប់ដំណើរការពីឆ្នាំ ១៨៧២ ដោយប្រើក្បាលរថភ្លើងប្រើចំហាយទឹក ដែលតភ្ជាប់ស្ថានីយ៍ ស៊ីមបាស៊ី (តូក្យូ) និងទីក្រុងយ៉ូកូហាម៉ា។ នៅឆ្នាំ ១៩៦៤ រថភ្លើងល្បឿនលឿនឈ្មោះថា ស៊ិងកានសេន ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុនផ្លូវដែកជាតិ (សព្វថ្ងៃត្រូវបានឯកជនភាវូបនីយកម្មជាក្រុមហ៊ុនផ្លូវដែកជប៉ុនJR Japan Railway) ដើម្បីតភ្ជាប់ទីក្រុងធំៗ។ រហូតមកទល់ឆ្នាំ ១៩៧០ ទាំងផ្លូវដែកឯកជន និង រដ្ឋ រថភ្លើងស្ទើរទាំងអស់ត្រូវបានប្តូរទៅជា រថភ្លើងប្រើអគ្គីសនី។ បច្ចុប្បន្ន នៅទីក្រុងធំៗ បណ្តាញផ្លូវដែកថ្មីៗ ដូចជា បណ្តាញផ្លូវដែកក្រោមដី និង បណ្តាញផ្លួវដែករថភ្លើងផ្លូវមួយ (Monorail) ត្រូវបានស្ថាបនាជាបន្តបន្ទាប់។ ចាប់ពីខែសីហា ២០០៣ មក គ្រប់ខេត្តក្រុងទាំងអស់ រាប់បញ្ចូលទាំងកោះអូគីណាវ៉ា សុទ្ធតែមានរថភ្លើងរត់។ គិតត្រឹមឆ្នាំ ២០០៤ ប្រវែងផ្លូវដែកទាំងអស់គឺ ២៣ ៥៧៧ គ.ម។
បច្ចុប្បន្នជប៉ុនមានការបារម្ភអំពីការថយចុះចំនួនប្រជាជន។ ការធ្លាក់ចុះនៃអត្រាកំនើតនិងកំនើនជនចាស់ជរា ជាកង្វល់ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយ។
សាសនាធំៗនៅប្រទេសជប៉ុនគឺ សាសនាស៊ិនតូ សាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ត។
នៅប្រទេសជប៉ុន គេបង្កើតអោយមានសាលាមុនបឋមសិក្សាសំរាប់ក្មេងៗចាប់ពីអាយុ៣ឆ្នាំ។ ការអប់រំជាចំបាច់ចាប់ផ្ដើមនៅអាយុ៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយៈពេល៦ឆ្នាំ និងនៅអនុវិទ្យាល័យរយៈពេល៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំនងបន្តការសិក្សា ត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយៈពេល៣ឆ្នាំ មហាវិទ្យាល័យរយៈពេល៤ឆ្នាំ (២ឆ្នាំសំរាប់មហាវិទ្យាល័យវគ្គខ្លី) និងថ្នាក់ក្រោយឧត្តមរយៈពេល៥ឆ្នាំ។ បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិក្សាចែកចេញជា៣ចតុមាស (២ឆមាស សំរាប់មហាវិទ្យាល័យ) ដោយនៅចន្លោះរវាងចតុមាសនីមួយមាន វិស្សមកាលរដូវក្ដៅ (ជាទូទៅរយៈពេល៦សប្តាហ៍) វិស្សមកាលរដូវរងារ (ជាទូទៅរយៈពេល២សប្តាហ៍) និង វិស្សមកាលរដូវផ្ការីក (ជាទូទៅរយៈពេល៣សប្តាហ៍)។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រង គឺ រដ្ឋ សាធារណៈ(ខេត្តឬសង្គមស៊ីវិល) និង ឯកជន។
កាតព្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយៈពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយៈពេលនេះ (បូករួមទាំងសៀវភៅសិក្សា) ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្សត្រូវបង់ការចំនាយផ្សេងៗទៀតរួមមានសំភារៈសិក្សាបន្ថែមនិងដំនើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនឯង។ នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ច សិស្សានុសិស្សអាចជ្រើសរើសបន្តការសិក្សាទៅវិទ្យាល័យបើពួកគេចង់។
យោងតាមអង្គការសុខភាពពិភពលោក(WHO)អាយុសង្ឃឹមមធ្យមរបស់ប្រជាជនជប៉ុនវែងជាងគេនៅលើពិភពលោក។ អាយុសង្ឃឹមរបស់បុរសជាមធ្យម៧៨,៤ឆ្នាំស្ត្រីជាមធ្យម៨៥,៣ឆ្នាំ(ស្ថិតិឆ្នាំ២០០១)។
បេតិកភណ្ឌវប្បធម៌ ១១ និងបេតិកភណ្ឌធម្មជាតិ ៣ របស់ជប៉ុនត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ប្រជាជនជប៉ុនគ្រប់វ័យចូលចិត្តសកម្មភាពកីឡា មិនថាតែកាលចូលរួមក៏ដូចជាការទស្សនា។ នៅក្នុងប្រទេសជប៉ុនកីឡាត្រូវបានគេចាត់ទុកជាការកំសាន្តដើម្បីសុខភាព និងផ្តល់នូវសីលធម៌ល្អ។
មុនពេលមានការនាំចូលនូវកីឡាបស្ចិមប្រទេស ជប៉ុនមានកីឡាជាប្រពៃណីផ្ទាល់ខ្លួនឈ្មោះថា ប៊ុដូ (ទេពកោសល្យនៃការប្រយុទ្ធ) ដែលជាកីឡាពេញនិយមក្នុងចំនោមវណ្ណៈយុទ្ធជនតាំងពីសតវត្សទី១២មកម្ល៉េះ។ កីឡា ប៊ុដូ រួមមាន យូដូ តៃខ្វាន់ដូ ខេងដូ (កីឡាកាប់ដាវ) ឃ្យូដូ (កីឡាបាញ់ព្រួញ) ជាដើម។ បន្ទាប់ពីសករាជពន្លឺមេជិ (១៨៦៨) កីឡាបស្ចិមប្រទេសត្រូវបាននាំចូលមកប្រទេសជប៉ុន ដូចជាកីឡាវាយបាល់(បេសបល) ត្រូវបាននាំចូលដោយជនជាតិអាមេរិកនៅឆ្នាំ១៨៧២។ កីឡាបាល់អោប (រ៉ាហ្គប៊ី) កីឡាបាល់ទាត់ កីឡាជិះស្គីលើទឹកកក ត្រូវបាននាំចូលមកក្នុងទសវត្ស៧០។
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
តារាងខាងក្រោមបង្ហាញពី ថ្ងៃបុណ្យជាតិនៃ ប្រទេស ជប៉ុន។
ថ្ងៃបុណ្យឈប់សំរាកនៅ ប្រទេសជប៉ុន | |
---|---|
ការបរិច្ឆេទ | ឈ្មោះថ្ងៃបុណ្យ |
ថ្ងៃទី១ ខែមករា | ថ្ងៃបុណ្យចូលឆ្នាំ |
ថ្ងៃច័ន្ទលំដាប់ទី២នៃ ខែមករា | ពិធីបុណ្យពេញវ័យ |
ថ្ងៃទី១១ ខែកុម្ភះ | ទិវាបុណ្យបង្កើតប្រទេស |
ថ្ងៃ២១ ខែមិនា | Vernal Equinox Day |
ថ្ងៃ២៩ ខែមេសា | Showa Day |
ថ្ងៃ៣ ខែឧសភា | Constitution Day |
ថ្ងៃ៤ ខែឧសភា | Greenery Day |
ថ្ងៃ៥ ខែឧសភា | ទិវាកុមារ |
ថ្ងៃច័ន្ទលំដាប់ទី៣នៃ ខែកក្តដា | Marine Day |
ថ្ងៃច័ន្ទលំដាប់ទី៣នៃ ខែកញ្ញា | Respect-for-the-Aged Day |
ថ្ងៃទី២៣ ខែកញ្ញា | Autumnal Equinox Day |
ថ្ងៃច័ន្ទលំដាប់ទី២នៃ ខែតុលា | ថ្ងៃបុណ្យកីឡា |
ថ្ងៃទី៣ ខែវិចិ្ឆកា | ទិវាវប្បធម៍ |
ថ្ងៃទី២៣ ខែវិចិ្ឆកា | Labor Thanksgiving Day |
ថ្ងៃទី២៣ ខែធ្នូ | ថ្ងៃបុណ្យចំរើនព្រះជន្មព្រះចៅអធិរាជ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.