គុយបា
ប្រទេសកោះនៅតំបន់ការ៉ាអ៊ីប / From Wikipedia, the free encyclopedia
ប្រទេសគុយបា (ប្រកប៖ គូ–បា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋគុយបា (ភាសាអេស្ប៉ាញ៖ República de Cuba) គឺជាប្រទេសកោះមួយស្ថិតនៅលើសមុទ្រការ៉ាអ៊ីប ប៉ែកខាងកើតឧបទ្វីបយូកាតាន់ (ប្រទេសម៉ិកស៊ិក) ភាគខាងត្បូងសហរដ្ឋអាមេរិកនិងបាហាម៉ា ភាគខាងលិចកោះហៃទី និងភាគខាងជើងនៃប្រទេសសាម៉ាអ៊ិកនិងកោះកៃម៉ង់។ ទីក្រុងហាវ៉ាណាគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ហើយទីក្រុងធំៗបន្ទាប់មានសានឌីអាកូដេគុយបា និងកាម៉ាគ្វី។ល។ សាធារណរដ្ឋគុយបាមានទំហំផ្ទៃដីសរុប ១១០,៨៦០ គីឡូម៉ែត្រការ៉េ (បើមិនគិតទាំងផ្ទៃទឹកគឺមានចំនួនសរុប ១០៩,៨៨៤ គីឡូម៉ែត្រការ៉េ)។ កោះគុយបាគឺជាកោះធំបំផុតនៅសមុទ្រការ៉ាអ៊ីបដោយមានទំហំ ១០៥,០០៦ គីឡូម៉ែត្រការ៉េ និងជាកោះដែលមានប្រជាជនច្រើនជាងគេទីពីរផងដែរដោយនៅពីក្រោយតែកោះហ៊ីស្ប៉ានីអូឡាប៉ុណ្ណោះដែលមានប្រជាជនជាង ១១ លាននាក់។[12]
República de Cuba | |
---|---|
ផែនទីប្រទេសគុយបា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ហាវ៉ាណា 23°8′N 82°23′W |
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ |
ក្រុមជនជាតិ (ឆ្នាំ ២០១២)[3] |
|
សាសនា (ឆ្នាំ ២០២០)[4] |
|
រដ្ឋាភិបាល | រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស-លេនីន សាធារណរដ្ឋសង្គមនិយម អាស្រ័យសភាឯកភូត[5] |
- លេខាទីមួយនៃបក្ស និងប្រធានាធិបតី | មីហ្គែល ឌីយ៉ា-កានែល |
- អនុប្រធានាធិបតី | សាល់វ៉ាឌ័រ វ៉ាលដែស មេហ្សា |
- នាយករដ្ឋមន្ត្រី | ម៉ានូអែល ម៉ារេរូ គ្រុស៍ |
- ប្រធានរដ្ឋសភា | អេស្តេបង់ ឡាសូ ហឺណង់ដេស |
នីតិបញ្ញត្តិ | រដ្ឋសភានៃអំណាចប្រជាជន |
ឯករាជ្យភាព | |
- សង្គ្រាមដើម្បីឯករាជ្យ | ២៤ កុម្ភៈ ១៨៩៥ |
១០ ធ្នូ ១៨៩៨ | |
- ប្រកាសជាសាធារណរដ្ឋ (ទទួលឯករាជ្យពីសហរដ្ឋ) | ២០ ឧសភា ១៩០២ |
- បដិវត្តន៍គុយបា | ២៦ កក្កដា ១៩៥៣ – ១ មករា ១៩៥៩ |
- អនុម័តរដ្ឋធម្មនុញ្ញ | ១០ មេសា ២០១៩ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១០៩,៨៨៤ គ.ម២ (ទី១០៤) |
- ផ្ទៃទឹក (%) | ០ |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០២០) | ១១,១៨១,៥៩៥[6] (ទី៨៣) |
- ដង់ស៊ីតេ | ១០១.៨ នាក់/គ.ម២ (ទី៨០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ២៥៤.៨៦៥ ពាន់លានដុល្លារ[7] (ទី៦៣) |
- ក្នុងម្នាក់ | ២២,២៣៧ ដុល្លារ[7][8] (ទី៨៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ១០៥.៣៥៥ ពាន់លានដុល្លារ[9] (ទី៦៣) |
- ក្នុងម្នាក់ | ៩,២៩៦ ដុល្លារ[9] (ទី៨៩) |
ជីនី (២០០០) | ៣៨.០[10] មធ្យម |
HDI (២០១៩) | ០.៧៨៣[11] ខ្ពស់ · ទី៧២ |
រូបិយវត្ថុ | ប៉េសូ (CUP) |
ល្វែងម៉ោង | UTC−៥ (CST) |
- រដូវក្តៅ (DST) | UTC−៤ (CDT) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៥៣ |
ដែនកម្រិតខ្ពស់ | .cu |
ទឹកដីបច្ចុប្បន្ននៃប្រទេសគុយបាគឺជាទឹកដីរបស់ជនជាតិស៊ីបូនី តៃណូ (Ciboney Taíno) តាំងពីសហវត្សទី៤ មុនគ.ស. មកម្លេះ, នៅសតវត្សទី១៥ គុយបាក៏ត្រូវអេស្ប៉ាញដាក់អាណានិគមពីលើ។[13] ចាប់ពីសតវត្សទី១៥ មក គុយបាគឺត្រូវស្ថិតនៅក្រោមនឹមអាណានិគមអេស្ប៉ាញរហូតដល់សង្គ្រាមអាមេរិក-អេស្ប៉ាញក្នុងឆ្នាំ១៨៩៨។ ជាលទ្ធផល គុយបាត្រូវបានកាន់កាប់ដោយសហរដ្ឋអាមេរិកហើយអាមេរិកក៏បានក្លាយជាអាណាព្យាបាលថ្មីរបស់គុយបានៅក្នុងឆ្នាំ១៩០២។ ក្នុងនាមជាសាធារណរដ្ឋដ៏ផុយស្រួយមួយ, នៅឆ្នាំ១៩៤០ គុយបាក៏បានព្យាយាមពង្រឹងប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន ប៉ុន្តែដោយសារគំនិតមូលវិវត្តជ្រាតចូលក្នុងនយោបាយនិងជម្លោះក្នុងសង្គមបានបង្កឱ្យមានរដ្ឋប្រហារមួយហើយអំណាចក៏ត្រូវបានធ្លាក់មកក្រោមមេផ្តាច់ការម្នាក់ឈ្មោះហ្វលជេនស៊ីអូ បាទីស្តា។[14] កំណើននៃអំពើពុករលួយនិងការគាបសង្កត់បានបង្កឱ្យមានចលនាតស៊ូប្រឆាំងនឹងរបបផ្តាច់ការថ្មីនេះ លោកបាទីស្តាក៏ត្រូវបានទម្លាក់ចេញពីអំណាចនៅខែមករា ឆ្នាំ១៩៥៩ ដោយចលនា ២៦ កក្កដាហើយក្រោយមកចលនានេះក៏បានបង្កើតចេញជារបបកុម្មុយនីស្តនៅគុយបាដោយស្ថិតក្រោមការដឹកនាំរបស់លោកហ្វីដែល កាស្ត្រូ។[15][16][17] ចាប់ពីឆ្នាំ១៩៦៥ មក រដ្ឋនេះត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តគុយបា។ គុយបាគឺជាចំណុចមួយដែលបង្កឱ្យមានជម្លោះរវាងសហរដ្ឋអាមេរិកនឹងសហភាពសូវៀតក្នុងសង្គ្រាមត្រជាក់និងការជិតផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរក្នុងព្រឹត្តិការណ៍វិបត្តិមីស៊ីលគុយបានៃឆ្នាំ១៩៦២។ គុយបាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋម៉ាក្ស-លេនីននិយមទាំងប៉ុន្មានដែលតួនាទីរបស់បក្សកុម្មុយនីស្តត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អ្នកសង្កេតការណ៍មួយចំនួនបានចោទប្រកាន់រដ្ឋាភិបាលគុយបាពីបទរំលោភសិទ្ធិមនុស្សដែលមានដូចជាការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្តជាដើម។ល។[18]
តាមវប្បធម៌ គុយបាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាមេរិកឡាទីន។[19] គុយបាជាប្រទេសជាតិចម្រុះ៖ វប្បធម៌ ជនជាតិ និងទំនៀមទម្លាប់សុទ្ធតែមានប្រភពនិងលក្ខណៈខុសផ្លែកពីគ្នា។ ជនជាតិដែលរស់នៅលើទឹកដីគុយបាដំបូងគឺជនជាតិតៃណូនិងស៊ីបូនី បន្ទាប់មកគឺពួកអាណានិគមអេស្ប៉ាញដោយមានការនាំចូលនូវទាសករមកពីអាហ្រ្វិក ហើយនិងការភ្ជាប់ទំនាក់ទំនងជាមួយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់។
ប្រទេសគុយបាគឺជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ហ្សេ ៧៧ ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការបណ្តុំរដ្ឋអាហ្រ្វិក ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក អាអិលបេអា និងអង្គការរដ្ឋអាមេរិកាំង...។ល។ បច្ចុប្បន្ននេះ គុយបាគឺជាប្រទេសដែលមានគម្រោងសេដ្ឋកិច្ចតែមួយគត់ប៉ុណ្ណោះនៅលើពិភពលោកហើយសេដ្ឋកិច្ចប្រទេសគុយបាភាគច្រើនគឺពឹងផ្អែកលើឧស្សាហកម្មទេសចរណ៍ និងការនាំចេញនូវស្ករ តូបាកូ និងកាហ្វេជាដើម។ យោងទៅតាមលិបិក្រមអភិវឌ្ឍន៍មនុស្ស គុយបាមានការអភិវឌ្ឍន៍មនុស្សខ្ពស់ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបីនៅទ្វីបអាមេរិកប៉ុន្តែស្ថិតនៅលំដាប់ទី៧២ នៅលើពិភពលោកក្នុងឆ្នាំ២០១៩។[20] គុយបាក៏ជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរខាងផ្នែកសុខាភិបាលនិងការអប់រំ។[21][22]